បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៥ ទំ. ៨-១២
  • ចូរឲ្យពួកជំនុំសរសើរព្រះយេហូវ៉ាចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរឲ្យពួកជំនុំសរសើរព្រះយេហូវ៉ាចុះ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​ជំនុំ​នៃ​ព្រះ​ដែល​បាន​តែងតាំង​ដោយ​សកម្ម​ពល​ទ្រង់
  • «ពួក​ជំនុំ»ក្នុង​ន័យ​ផ្សេង​ទៀត
  • ពួក​ជំនុំ​ដែល​សរសើរ​ព្រះ​យេហូវ៉ា
  • ចូរឲ្យពួកជំនុំមានជំហរកាន់តែមាំមួនឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • របៀបដែលក្រុមជំនុំបានត្រូវរៀបចំឡើង
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • អ្នកជាបុគ្គលដែលមានតម្លៃក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូរចាត់ទុកតួនាទីរបស់អ្នកក្នុងក្រុមជំនុំថាជាអ្វីដ៏មានតម្លៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៥ ទំ. ៨-១២

ចូរ​ឲ្យ​ពួក​ជំនុំ​សរសើរ​ព្រះ​យេហូវ៉ា​ចុះ!

«ទូល​បង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ​នាម​ទ្រង់​ដល់​ពួក​បងប្អូន ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ពី​ទ្រង់​នៅ​កណ្ដាល​ពួក​ជំនុំ»។—ហេព្រើរ ២:១២

១, ២​. តើ​ការ​មូល​គ្នា​ជា​ក្រុមជំនុំ​មាន​ប្រយោជន៍​អ្វី? តើ​ក្រុមជំនុំ​មាន​តួ​នាទី​សំខាន់​អ្វី?

តាំង​ពី​ដើម​កំណើត​នៃ​ពិភពលោក​នេះ មនុស្ស​ចេះ​តែ​មូល​គ្នា​ជា​ក្រុម​គ្រួសារ​ដើម្បី​ឲ្យ​មាន​ភាព​សុខសាន្ត​និង​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា។ ប៉ុន្តែ​គម្ពីរ​ពន្យល់​អំពី​មនុស្ស​មួយ​ក្រុម​ទៀត​ដែល​រួម​បញ្ចូល​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក ហើយ​ពួក​គេ​ក៏​មាន​ភាព​សុខសាន្ត​និង​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​គ្នា​លើស​ពី​ធម្មតា​ដែរ។ ក្រុម​នោះ​គឺ​ជា​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក។ មិន​ថា​ក្រុម​គ្រួសារ​របស់​អ្នក​មាន​ភាព​ស្និទ្ធស្នាល​ឬ​មិន​មាន​ក៏​ដោយ អ្នក​អាច​ពេញ​ចិត្ត​ចំពោះ​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​បាន ហើយ​មាន​កតញ្ញុតា​ធម៌​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​បាន​រៀបចំ​ឲ្យ​មាន​ក្រុមជំនុំ។ បើ​អ្នក​កំពុង​រួម​ចំណែក​ក្នុង​ក្រុមជំនុំ​ណា​មួយ​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា អ្នក​ច្បាស់​ជា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ភាព​សុខសាន្ត​ដែល​បងប្អូន​ទាំង​នោះ​មាន​ពេល​រាប់​រក​គ្នា​ជា​ក្រុមជំនុំ។

២ ប៉ុន្តែ ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​មិន​មែន​ជា​ក្រុម​មនុស្ស​ដែល​ចេះ​តែ​ជួប​ដើម្បី​សំណេះសំណាល​គ្នា ដូច​ជា​សហគមន៍​ឬ​ក្លិប​មួយ​ដើម្បី​លេង​កីឡា​ឬ​លេង​ល្បែង​កម្សាន្ត​ណា​មួយ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​បាន​រៀបចំ​ឡើង​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា។ សៀវភៅ​ទំនុកដំកើង​បង្ហាញ​ថា យូរ​យារ​មក​ហើយ មនុស្ស​បាន​ជួបជុំ​គ្នា​ដើម្បី​សរសើរ​ទ្រង់។ នៅ​ទំនុកដំកើង ៣៥:១៨ យើង​អាន​ថា៖ «ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់​នៅ​ក្នុង​ពួក​ជំនុំ​ធំ ទូល​បង្គំ​នឹង​សរសើរ​ដល់​ទ្រង់​នៅ​កណ្ដាល​មហា​ជន»។ ស្រដៀង​គ្នា​ដែរ បទ​ទំនុក​ទី​១០៧:៣១, ៣២ ដាស់​តឿន​ថា៖ «ឱ​សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ​ដែល​ទ្រង់​ប្រោស​ដល់​មនុស្ស​ជាតិ។ គួរ​ឲ្យ​គេ​លើក​ដំកើង​ទ្រង់​នៅ​ក្នុង​ជំនុំ​នៃ​ជន​ទាំង​ឡាយ​[ចុះ]!»។

៣​. យោង​ទៅ​តាម​អ្វី​ដែល​ប៉ុល​សរសេរ​នោះ តើ​ពួក​ជំនុំ​មាន​តួ​នាទី​អ្វី?

៣ សាវ័ក​ប៉ុល​ជា​គ្រិស្ត​សា​សនិក​ម្នាក់​ដែល​បាន​ប្រាប់​អំពី​តួ​នាទី​សំខាន់​មួយ​ទៀត​នៃ​ក្រុមជំនុំ។ គាត់​ប្រៀបធៀប«ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»ទៅ​នឹង«ដំណាក់​នៃ​ព្រះ» ហើយ​ពន្យល់​ថា ពួក​ជំនុំ​នោះ«ជា​សសរ​ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត»។ (ធីម៉ូថេទី១ ៣:១៥) តើ​ប៉ុល​បាន​សរសេរ​អំពី​ពួក​ជំនុំ​មួយ​ណា? តើ​ពាក្យ«ពួក​ជំនុំ»ក្នុង​គម្ពីរ​សំដៅ​ទៅ​លើ​អ្វី? តើ«ពួក​ជំនុំ»នោះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ជីវិត​យើង​ឥឡូវ​នេះ​ហើយ​នៅ​អនាគត? ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ជា​មុន​សិន​នូវ​របៀប​ដែល​ពាក្យ«ពួក​ជំនុំ»បាន​ត្រូវ​ប្រើ​ក្នុង​គម្ពីរ។

៤​. ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ តើ​ពាក្យ«ពួក​ជំនុំ»ច្រើន​តែ​សំដៅ​ទៅ​លើ​អ្នក​ណា?

៤ ពាក្យ​ភាសា​ហេព្រើរ​ដែល​គេ​បកប្រែ​ជា​ញយៗ​ថា «ពួក​ជំនុំ»នោះ មក​ពី​ពាក្យ​ដែល​មាន​ន័យ​ថា «ហៅ​មក​រួម​គ្នា»ឬ‹ប្រមូល​មក›។ (ចោទិយកថា ៤:១០; ៩:១០) អ្នក​តែង​បទ​ទំនុកដំកើង​បាន​ប្រើ​ពាក្យ«ពួក​ជំនុំ»ពេល​គាត់​សរសេរ​អំពី​ទេវតា​ទាំង​ឡាយ​នៅ​ស្ថានសួគ៌ ហើយ​គាត់​ក៏​ប្រើ​ពាក្យ​ដដែល​ពេល​សំដៅ​ទៅ​លើ​មនុស្ស​អាក្រក់​មួយ​ពួក​ផង​ដែរ។ (ទំនុកដំកើង ២៦:៥; ៨៩:៥​-​៧) យ៉ាង​ណា​ក៏​ដោយ ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ ពាក្យ«ពួក​ជំនុំ»ច្រើន​តែ​សំដៅ​ទៅ​លើ​ប្រជាជន​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា កូន​ចៅ​របស់​លោក​យ៉ាកុប​នឹង«រួម​គ្នា​តែ​១»ដើម្បី​ក្លាយ​ជា​សាសន៍​មួយ​យ៉ាង​ធំ ហើយ​នោះ​បាន​កើត​ឡើង​មែន។ (លោកុប្បត្តិ ២៨:៣; ៣៥:១១; ៤៨:​៤) សាសន៍​អ៊ីស្រាអែល​បាន​ត្រូវ​ហៅ​មក​ឬ​ជ្រើស​យក​ជា«ពួក​ជំនុំ​ផង​ព្រះ​យេហូវ៉ា» ទុក​ជា«ពួក​ជំនុំ​នៃ​ព្រះ»ពិត។—ជនគណនា ២០:៤; នេហេមា ១៣:១; យ៉ូស្វេ ៨:៣៥; សាំយូអែលទី១ ១៧:៤៧; មីកា ២:៥

៥​. តើ​គេ​ច្រើន​តែ​បកប្រែ​ពាក្យ​ភាសា​ក្រិច​មួយ​ណា​ថា«ពួក​ជំនុំ»នោះ? តើ​ពាក្យ​ភាសា​ដើម​នោះ​អាច​សំដៅ​ទៅ​លើ​ក្រុម​មនុស្ស​បែប​ណា​ខ្លះ?

៥ ពាក្យ​ភាសា​ក្រិច​ដែល​គេ​បកប្រែ​ថា «ពួក​ជំនុំ»នោះ គឺ​ជា​ពាក្យ​អេគ្លីស៊ា ដែល​មក​ពី​ពាក្យ​ពីរ​ដែល​មាន​ន័យ​ចំៗ​ថា «ហៅ»និង«មក»។ ពាក្យ​ភាសា​ក្រិច​នោះ​មិន​គ្រាន់​តែ​សំដៅ​ទៅ​លើ​ក្រុម​សាសនា​ដែល​ជួបជុំ​គ្នា​ទេ តែ​អាច​សំដៅ​ទៅ​លើ​មនុស្ស​មួយ​ចំនួន​ណា​ក៏​បាន​ដែល​មូល​គ្នា​មាន​ការ ដូច​ក្រុម​ពួក​អ្នក​ដែល​លោក​ដេមេទ្រាស​បាន​ហៅ​មក«ប្រជុំ​គ្នា»នៅ​ទី​ក្រុង​អេភេសូរ​ដើម្បី​ប្រឆាំង​នឹង​ប៉ុល។ (កិច្ចការ ១៩:៣២, ៣៩, ៤១) ប៉ុន្តែ​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច​នោះ ធម្មតា​ពាក្យ«ពួក​ជំនុំ»សំដៅ​ទៅ​លើ​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​វិញ។ ក្នុង​គម្ពីរ​ខ្លះ គេ​បកប្រែ​ពាក្យ​ភាសា​ដើម​នោះ​ថា «វិហារ»ដែរ ប៉ុន្តែ​វចនានុក្រម​មួយ​អំពី​ពាក្យ​ក្នុង​គម្ពីរ​ពន្យល់​ថា ពាក្យ​ភាសា​ក្រិច​នោះ«មិន​ដែល . . . សំដៅ​ទៅ​លើ​អគារ​ដែល​ពួក​គ្រិស្ត​សា​សនិក​ប្រើ​សម្រាប់​ការ​ថ្វាយ​បង្គំ​ឡើយ»។ (The Imperial Bible-Dictionary) យ៉ាង​ណា​ក៏​ដោយ គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច​រ​បស់​ពួក​គ្រិស្ត​សា​សនិក​យើង​ឃើញ​គេ​ប្រើ​ពាក្យ«ពួក​ជំនុំ»នោះ យ៉ាង​ហោច​ណាស់​ក្នុង​ន័យ​បួន​យ៉ាង។

ពួក​ជំនុំ​នៃ​ព្រះ​ដែល​បាន​តែងតាំង​ដោយ​សកម្ម​ពល​ទ្រង់

៦​. តើ​ដាវីឌ​និង​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី​ក្នុង​ចំណោម​ពួក​ជំនុំ?

៦ សាវ័ក​ប៉ុល​បាន​ដក​ស្រង់​ពាក្យ​របស់​ដាវីឌ​ពី​បទ​ទំនុកដំកើង​ទី២២:​២២ ហើយ​គាត់​ប្រើ​ពាក្យ​នោះ​ហាក់​ដូច​ជា​ព្រះ​យេស៊ូ​កំពុង​និយាយ។ ប៉ុល​សរសេរ​ថា៖ «‹ទូល​បង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ​នាម​ទ្រង់​ដល់​ពួក​បងប្អូន ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ពី​ទ្រង់​នៅ​កណ្ដាល​ពួក​ជំនុំ›។ ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​[ព្រះ​យេស៊ូ]​បាន​ដូច​បងប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ​ដែល​មាន​ព្រះ​ទ័យ​មេត្ដាករុណា ហើយ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ»។ (ហេព្រើរ ២:១២, ១៧) ដាវីឌ​បាន​សរសើរ​ព្រះ​យេហូវ៉ា​នៅ​កណ្ដាល​ពួក​អ៊ីស្រាអែល​សម័យ​បុរាណ​ដែល​ជា​ពួក​ជំនុំ​នៅ​គ្រា​នោះ។ (ទំនុកដំកើង ៤០:៩) ប៉ុន្តែ ពេល​ប៉ុល​សរសេរ​ថា ព្រះ​យេស៊ូ​បាន​សរសើរ​ព្រះ​យេហូវ៉ា‹នៅ​កណ្ដាល​ពួក​ជំនុំ›នោះ តើ​គាត់​សំដៅ​ទៅ​លើ​ពួក​ជំនុំ​មួយ​ណា?

៧​. ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច​របស់​ពួក​គ្រិស្ត​សា​សនិក តើ​ពាក្យ«ពួក​ជំនុំ»ច្រើន​តែ​សំដៅ​ទៅ​លើ​អ្នក​ណា?

៧ អ្វី​ដែល​យើង​អាន​នៅ​សៀវភៅ​ហេព្រើរ ២:១២, ១៧ មាន​ន័យ​សំខាន់​ណាស់។ បទ​គម្ពីរ​នោះ​បង្ហាញ​ថា ព្រះ​យេស៊ូ​ជា​សមាជិក​ម្នាក់​នៃ​ពួក​ជំនុំ​នោះ ហើយ​ទ្រង់​ក៏​បាន​ប្រកាស​ប្រាប់​ពី​ព្រះ​នាម​ព្រះ​យេហូវ៉ា​ដល់​ពួក​បងប្អូន​ទ្រង់​នៅ​ក្នុង​ពួក​ជំនុំ​នោះ​ដែរ។ តើ​នរណា​ជា​ពួក​បងប្អូន​នោះ? ពួក​បងប្អូន​នោះ​ជា​ពួក​អ្នក​ដែល​រួម​គ្នា​ជា«ពូជ​លោក​អ័ប្រាហាំ» ដូច្នេះ​ជា​បងប្អូន​របស់​ព្រះ​គ្រិស្ត​ដែល​បាន​តែងតាំង​ដោយ​សកម្ម​ពល​ព្រះ​ដើម្បី«មាន​ចំណែក​ក្នុង​ការងារ​ស្ថានសួគ៌»។ (ហេព្រើរ ២:១៦​–​៣:១; ម៉ាថាយ ២៥:៤០) ត្រូវ​ហើយ ពាក្យ«ពួក​ជំនុំ»ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច​របស់​ពួក​គ្រិស្ត​សា​សនិក​ច្រើន​តែ​សំដៅ​ទៅ​លើ​ក្រុម​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រិស្ត​ដែល​បាន​តែងតាំង​ដោយ​សកម្ម​ពល​ព្រះ​ដើម្បី​គ្រប់គ្រង​ជា​មួយ​ទ្រង់​នៅ​ស្ថានសួគ៌។ អ្នក​ទាំង​នោះ​មាន​ចំនួន​១៤៤.០០០​នាក់ ហើយ​ពួក​គេ​ជា«ជំនុំ​ពួក​កូន​ច្បង​ដែល​[«មាន​ឈ្មោះ»]​កត់​ទុក​នៅ​ស្ថានសួគ៌»។—ហេព្រើរ ១២:២៣; ខ.ស.

៨​. តើ​ព្រះ​យេស៊ូ​បាន​ពន្យល់​ទុក​ជា​មុន​យ៉ាង​ណា អំពី​ការ​រៀបចំ​ឲ្យ​មាន​គ្រិស្ត​សា​សនិក​មួយ​ក្រុម​ដែល​ជា​ពួក​ជំនុំ?

៨ ព្រះ​យេស៊ូ​បាន​ពន្យល់​ទុក​ជា​មុន​ថា ទ្រង់​នឹង​រៀបចំ​ឲ្យ​មាន«ពួក​ជំនុំ»មួយ​ក្រុម។ ប្រហែល​ជា​មួយ​ឆ្នាំ​មុន​ព្រះ​យេស៊ូ​បាន​ទទួល​មរណភាព ទ្រង់​បាន​ប្រាប់​សាវ័ក​ម្នាក់​ថា៖ «អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ»។ (ម៉ាថាយ ១៦:១៨) ពេត្រុស​និង​ប៉ុល​បាន​យល់​យ៉ាង​ត្រឹម​ត្រូវ​ថា ព្រះ​យេស៊ូ​ប្រើ​ពាក្យ​ថ្មដា​នោះ​ដើម្បី​សំដៅ​ទៅ​លើ​ទ្រង់​ផ្ទាល់។ ក្រោយៗ​មក ពេត្រុស​បាន​ពន្យល់​អំពី​ពួក​អ្នក​ដែល​ប្រៀប​ដូច​ជា​ថ្ម​ក្នុង​ជញ្ជាំង​ផ្ទះ​ដែល​ត្រូវ​កសាង​នៅ​លើ​ព្រះ​គ្រិស្ត​ដែល​តំណាង​ដោយ​ថ្មដា។ ពេត្រុស​សរសេរ​ថា ពួក​អ្នក​ដែល​ប្រៀប​ដូច​ជា«ថ្ម​រស់»នោះ គឺ​ជា‹រាស្ត្រ​ដ៏​ជា​កេរ្ដិ៍​អាករ​នៃ​ព្រះ​ដើម្បី​ឲ្យ​សំដែង​ចេញ​ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ›ដែល​បាន​ហៅ​ពួក​គេ​មក។—ពេត្រុសទី១ ២:៤​-​៩; ទំនុកដំកើង ១១៨:២២; អេសាយ ៨:១៤; កូរិនថូសទី១ ១០:១​-​៤

៩​. តើ​ពួក​ជំនុំ​របស់​ព្រះ​បាន​ប្រមូល​មក​តាំង​ពី​ពេល​ណា?

៩ តើ«រាស្ត្រ​ដ៏​ជា​កេរ្ដិ៍​អាករ​នៃ​ព្រះ»នេះ បាន​ប្រមូល​មក​ជា​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​តាំង​ពី​ពេល​ណា? នេះ​បាន​ចាប់​ផ្ដើម​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. ពេល​ព្រះ​យេហូវ៉ា​ប្រទាន​សកម្ម​ពល​ទ្រង់​លើ​សិស្ស​ព្រះ​យេស៊ូ​ដែល​បាន​ជួបជុំ​គ្នា​នៅ​ទី​ក្រុង​យេរូសាឡិម។ នៅ​ថ្ងៃ​ដដែល​នោះ ក្រោយ​ពេត្រុស​បាន​ទទួល​សកម្ម​ពល​របស់​ព្រះ គាត់​បាន​ថ្លែង​សុន្ទរកថា​ដ៏​គួរ​ឲ្យ​អស្ចារ្យ។ ប្រជាជន​យូដា​មួយ​ចំនួន​និង​មនុស្ស​សាសន៍​ដទៃ​ដែល​បាន​ចូល​សាសនា​យូដា​បាន​ស្ដាប់​សុន្ទរកថា​នោះ។ ពួក​គេ​ជា​ច្រើន​ព្រួយ​ចិត្ត​ណាស់​ពេល​ឮ​អំពី​មរណភាព​របស់​ព្រះ​យេស៊ូ។ កំណត់​ហេតុ​ក្នុង​គម្ពីរ​បង្ហាញ​ឲ្យ​ដឹង​ថា បី​ពាន់​នាក់​បាន​ប្រែ​ចិត្ត​ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ក្រោយ​ពី​បាន​ស្ដាប់​សុន្ទរកថា​របស់​ពេត្រុស។ ពេល​ធ្វើ​ដូច្នេះ ពួក​គេ​បាន​រួម​ចំណែក​ជា​មួយ​ពួក​ជំនុំ​ថ្មី​របស់​ព្រះ​ដែល​កំពុង​ធំ​ឡើង។ (កិច្ចការ ២:១​-​៤, ១៤, ៣៧​-​៤៧) ពួក​ជំនុំ​នោះ​បាន​រីក​កាន់​តែ​ធំ​ទៅៗ ពីព្រោះ​ពួក​យូដា​និង​អ្នក​ដទៃ​ដែល​បាន​ចូល​សាសនា​យូដា​ទទួល​ស្គាល់​ថា សាសន៍​អ៊ីស្រាអែល​លែង​មាន​ឯកសិទ្ធិ​ជា​ពួក​ជំនុំ​របស់​ព្រះ​យេហូវ៉ា​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ ពួក​គ្រិស្ត​សា​សនិក​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​បាន​ក្លាយ​ជា​ពួក​ជំនុំ​ពិត​របស់​ព្រះ ហើយ​ពួក​គេ​ប្រៀប​ដូច​ជា​សាសន៍​ថ្មី​មួយ ពោល​គឺ«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»។—កាឡាទី ៦:១៦; កិច្ចការ ២០:២៨

១០​. តើ​ព្រះ​យេស៊ូ​មាន​តួ​នាទី​អ្វី​ចំពោះ​ពួក​ជំនុំ​របស់​ព្រះ?

១០ ម្ដង​ហើយ​ម្ដង​ទៀត គម្ពីរ​បែងចែក​ព្រះ​យេស៊ូ​និង​ពួក​អ្នក​ដែល​នឹង​គ្រប់គ្រង​ជា​មួយ​ទ្រង់​ដោយ​ឡែក​ពី​គ្នា ដូច​ក្នុង​ឃ្លា​ដែល‹និយាយ​ខាង​ឯ​ព្រះ​គ្រីស្ទ​និង​ពួក​ជំនុំ›ជា​ដើម។ ហេតុ​ដែល​គម្ពីរ​បែងចែក​ទាំង​ពីរ​នោះ គឺ​ដោយសារ​ព្រះ​យេស៊ូ​ជា​សិរសា​ឬ​អ្នក​នាំ​មុខ​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ដែល​បាន​តែងតាំង​ដោយ​សកម្ម​ពល​របស់​ព្រះ។ ប៉ុល​បាន​សរសេរ​ថា ព្រះ​យេហូវ៉ា​បាន«ប្រទាន​[ព្រះ​យេស៊ូ]​មក​ធ្វើ​ជា​សិរសា​លើ​គ្រប់​ទាំង​អស់​ដល់​ពួក​ជំនុំ​ដែល​ជា​រូប​កាយ​ទ្រង់»។ (អេភេសូរ ១:២២, ២៣; ៥:​២៣, ៣២; កូល៉ុស ១:១៨, ២៤) នៅ​សព្វ​ថ្ងៃ​នេះ សមាជិក​នៃ​ពួក​ជំនុំ​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ មាន​គ្នា​តិច​នៅ​សល់​លើ​ផែនដី។ ទោះ​ជា​ពួក​គេ​មាន​គ្នា​តិច​ក្ដី យើង​អាច​ជឿជាក់​ថា ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ជា​អ្នក​នាំ​មុខ​ពួក​ជំនុំ​នៅ​តែ​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់។ សៀវភៅ​អេភេសូរ ៥:២៥ រៀប​រាប់​ពី​អារម្មណ៍​របស់​ព្រះ​យេស៊ូ​ចំពោះ​ពួក​គេ​ដោយ​ពន្យល់​ថា៖ «ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ​ហើយ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង»។ ព្រះ​យេស៊ូ​ស្រឡាញ់​អ្នក​ទាំង​នោះ​ពីព្រោះ​ពួក​គេ​មាន​ចិត្ត​ឧស្សាហ៍​ក្នុង​ការ​ថ្វាយ​ពាក្យ​សរសើរ​ទុក​ជា«គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច» ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​ពេល​នៅ​ផែនដី។ ពាក្យ​សរសើរ​នោះ​ជា«ផល​នៃ​បបូរ​មាត់​ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម»ព្រះ​យេហូវ៉ា។—ហេព្រើរ ១៣:១៥

«ពួក​ជំនុំ»ក្នុង​ន័យ​ផ្សេង​ទៀត

១១​. តើ​បទ​គម្ពីរ​ភាសា​ក្រិច​របស់​ពួក​គ្រិស្ត​សា​សនិក​ប្រើ​ពាក្យ«ពួក​ជំនុំ»ដើម្បី​សំដៅ​ទៅ​លើ​អ្វី​ទៀត?

១១ ជួន​កាល​ពាក្យ«ពួក​ជំនុំ»ក្នុង​គម្ពីរ​មាន​ន័យ​ចំ​ជាង ហើយ​មិន​សំដៅ​ទៅ​លើ​ក្រុម​មនុស្ស​១៤៤.០០០​នាក់​ជា«ពួក​ជំនុំ​នៃ​ព្រះ»ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ទេ។ ជា​ឧទាហរណ៍ ចំពោះ​គ្រិស្ត​សា​សនិក​មួយ​ក្រុម ប៉ុល​បាន​សរសេរ​ថា៖ «កុំ​ឲ្យ​ធ្វើ​ជា​ទី​បង្អាក់​ចិត្ត​ដល់​ពួក​សាសន៍​យូដា ឬ​សាសន៍​ក្រេក ឬ​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ»។ (កូរិនថូសទី១ ១០:​៣២) តាម​ពិត បើ​គ្រិស្ត​សា​សនិក​ម្នាក់​នៅ​ទី​ក្រុង​កូរិនថូស​ពី​បុរាណ​បាន​ធ្វើ​អ្វី​ដែល​មិន​គួរ​សម​នោះ មនុស្ស​ខ្លះ​ប្រហែល​ជា​អាក់អន់​ចិត្ត​ឬ​ខក​ចិត្ត​មែន។ ប៉ុន្តែ តើ​កំហុស​នោះ​អាច​បង្អាក់​ចិត្ត​ពួក​យូដា​និង​ពួក​ក្រិច​ទាំង​ឡាយ​បាន​ទេ? ឬ​តើ​ទង្វើ​នោះ​អាច​នាំ​ឲ្យ​ពួក​អ្នក​ទាំង​អស់​គ្នា​ដែល​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ខក​ចិត្ត​ទេ? គឺ​ច្បាស់​ជា​អត់​ទេ! ហេតុ​នេះ​ហើយ​បាន​ជា​យើង​អាច​យល់​ថា ពាក្យ«ពួក​ជំនុំ​នៃ​ព្រះ»ក្នុង​វគ្គ​នេះ សំដៅ​ទៅ​លើ​គ្រិស្ត​សា​សនិក​ទាំង​ឡាយ​ដែល​រស់​នៅ​គ្រា​ណា​មួយ។ យ៉ាង​នេះ ពេល​យើង​និយាយ​ថា ព្រះ​យេហូវ៉ា​បាន​ជួយ​ណែនាំ ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​និង​ប្រទាន​ពរ​លើ​ពួក​ជំនុំ នេះ​អាច​មាន​ន័យ​ថា ទ្រង់​បាន​ធ្វើ​ដូច្នេះ​ចំពោះ​គ្រិស្ត​សា​សនិក​ទាំង​ឡាយ​ដែល​រស់​នៅ​សម័យ​ណា​មួយ មិន​ថា​ពួក​គេ​រស់​នៅ​តំបន់​ណា​ក៏​ដោយ។ ឬ​មួយ​ក៏​យើង​អាច​និយាយ​អំពី​សុភមង្គល​និង​ភាព​សុខសាន្ត​របស់​ពួក​ជំនុំ​នៃ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ ដែល​សំដៅ​ទៅ​លើ​ពួក​គ្រិស្ត​សា​សនិក​ទាំង​ឡាយ​ដែល​រួម​គ្នា​មាន​ភាតរភាព។

១២​. តើ​អត្ថន័យ​ទី​បី​នៃ​ពាក្យ«ពួក​ជំនុំ»ក្នុង​គម្ពីរ​អាច​សំដៅ​ទៅ​លើ​អ្វី?

១២ ទី​បី ពាក្យ«ពួក​ជំនុំ»ក្នុង​គម្ពីរ​អាច​មាន​ន័យ​សំដៅ​ទៅ​លើ​ពួក​គ្រិស្ត​សា​សនិក​ទាំង​ឡាយ​ដែល​រស់​នៅ​ភូមិភាគ​ណា​មួយ។ គម្ពីរ​ចែង​ថា៖ «ពួក​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​គ្រប់​ក្នុង​ស្រុក​យូដា ស្រុក​កាលីឡេ នឹង​ស្រុក​សាម៉ារី ក៏​មាន​សេចក្ដី​សុខសាន្ត»។ (កិច្ចការ ៩:៣១) តាម​ពិត ស្រុក​ទាំង​នោះ​មាន«ពួក​ជំនុំ​ទាំង​ប៉ុន្មាន»មែន មិន​គ្រាន់​តែ​មួយ​ក្រុម​ប៉ុណ្ណោះ​ទេ ពីព្រោះ​ស្រុក​យូដា ស្រុក​កាលីឡេ​និង​ស្រុក​សាម៉ារី​ជា​តំបន់​ធំ​មួយ។ ពេល​គិត​អំពី​ចំនួន​មនុស្ស​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. ហើយ​បន្ទាប់​ពី​ថ្ងៃ​នោះ​ទៀត យើង​អាច​យល់​ថា ពួក​គ្រិស្ត​សា​សនិក​ដែល​ជួបជុំ​គ្នា​ជា​ទៀងទាត់​នៅ​ទី​ក្រុង​យេរូសាឡិម ប្រហែល​ជា​បាន​បែក​គ្នា​ជា​ក្រុម​ផ្សេងៗ​ដែរ។ (កិច្ចការ ២:៤១, ៤៦, ៤៧; ៤:៤; ៦:១, ៧) ពេល​យើង​អាន​សៀវភៅ​ថែស្សាឡូនីចទី១ ២:១៤ យើង​អាច​យល់​ថា មុន​ឆ្នាំ​៥០ គ.ស. ពួក​គ្រិស្ត​សា​សនិក​នៅ​ខេត្ត​យូដា​មាន​ក្រុមជំនុំ​មួយ​ចំនួន​ហើយ។ ដោយសារ​ស្តេច​ហេរ៉ូឌ អ័គ្រីប៉ា​ទី​មួយ បាន​គ្រប់គ្រង​លើ​ខេត្ត​យូដារ​ហូត​ដល់​ពេល​គាត់​ទទួល​មរណភាព​នៅ​ឆ្នាំ​៤៤ គ.ស. នេះ​បង្ហាញ​ឲ្យ​ដឹង​ថា ពេល​លោក​បាន«លូក​ព្រះ​ហស្ត​ទៅ​ចាប់​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លះ» នេះ​មិន​សំដៅ​ទៅ​លើ​ក្រុមជំនុំ​តែ​មួយ​គត់​នៅ​ទី​ក្រុង​យេរូសាឡិម​ទេ។—កិច្ចការ ១២:១

១៣​. តើ​អ្វី​ជា​អត្ថន័យ​ទី​បួន​នៃ​ពាក្យ«ពួក​ជំនុំ»ដែល​យើង​គិត​ច្រើន​ជាង​គេ?

១៣ អត្ថន័យ​ទី​បួន​នៃ​ពាក្យ«ពួក​ជំនុំ» ប្រហែល​ជា​មិន​សូវ​ទូលំទូលាយ​ទេ តែ​ជា​អត្ថន័យ​ដែល​យើង​គិត​ច្រើន​ជាង​គេ ពោល​គឺ គ្រិស្ត​សា​សនិក​មួយ​ចំនួន​ដែល​រួម​គ្នា​ជា​ក្រុមជំនុំ​តែ​មួយ នៅ​កន្លែង​ណា​មួយ​ដូច​ក្នុង​ផ្ទះ​បងប្អូន​ជា​ដើម។ ប៉ុល​បាន​រៀប​រាប់​អំពី«ពួក​ជំនុំ​នៅ​ស្រុក​កាឡាទី​ទាំង​ប៉ុន្មាន» ហើយ​ខេត្ត​នោះ​ជា​ខេត្ត​ធំ​មួយ​របស់​ពួក​រ៉ូម ដូច្នេះ​ច្បាស់​ជា​មាន​ក្រុមជំនុំ​មួយ​ចំនួន​នៅ​ទី​នោះ​មែន។ ពីរ​ដង​ហើយ ប៉ុល​សំដៅ​ទៅ​លើ«ពួក​ជំនុំ​ទាំង​ប៉ុន្មាន» ពេល​គាត់​សរសេរ​អំពី​ស្រុក​កាឡាទី​ដែល​រួម​បញ្ចូល​ក្រុមជំនុំ​នានា​នៅ​ទី​ក្រុង​អានទីយ៉ូក ឌើបេ លីស្ដ្រា​និង​អ៊ីកូនាម។ គេ​ក៏​បាន​តែងតាំង​បុរស​ចាស់​ទុំ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុមជំនុំ​ទាំង​នោះ​ដែរ។ (កូរិនថូសទី១ ១៦:១; កាឡាទី ១:២; កិច្ចការ ១៤:១៩​-​២៣) សម​ស្រប​នឹង​គម្ពីរ ក្រុមជំនុំ​ទាំង​នោះ​សុទ្ធតែ​ជា«ពួក​ជំនុំ​នៃ​ព្រះ»ដែរ។—កូរិនថូសទី១ ១១:១៦; ថែស្សាឡូនីចទី២ ១:៤

១៤​. បើ​ផ្អែក​លើ​បទ​គម្ពីរ​ទាំង​នេះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​អំពី​អត្ថន័យ​នៃ​ពាក្យ«ពួក​ជំនុំ»?

១៤ ជួន​កាល​ក្រុម​ពួក​គ្រិស្ត​សា​សនិក​ខ្លះ​មាន​គ្នា​តិច ពីព្រោះ​ពួក​គេ​អាច​ជួបជុំ​គ្នា​ក្នុង​ផ្ទះ​តែ​មួយ។ យ៉ាង​ណា​ក៏​ដោយ ពាក្យ«ពួក​ជំនុំ»នៅ​តែ​អាច​សំដៅ​ទៅ​លើ​ក្រុម​តូច​បែប​នោះ​ដែរ។ យើង​ដឹង​អំពី​ក្រុមជំនុំ​តូច​ខ្លះ​ដែល​បាន​ជួបជុំ​គ្នា​ក្នុង​ផ្ទះ​របស់​លោក​អ័គីឡា​និង​ភរិយា​គាត់​ឈ្មោះ​ព្រីស៊ីល ព្រម​ទាំង​ក្រុម​ឯ​ទៀត​ក្នុង​ផ្ទះ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​នីមផាស និង​បុរស​ម្នាក់​ឈ្មោះ​ភីលេម៉ូន​ដែរ។ (រ៉ូម ១៦:៣​-​៥; កូល៉ុស ៤:១៥; ភីលេម៉ូន ២) ចំណុច​នេះ​គួរ​លើក​ទឹក​ចិត្ត​ក្រុមជំនុំ​តូចៗ​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​ប្រហែល​ជា​ជួប​គ្នា​ជា​ទៀងទាត់​ក្នុង​ផ្ទះ​របស់​បងប្អូន​ណា​ម្នាក់។ ព្រះ​យេហូវ៉ា​បាន​ទទួល​ស្គាល់​ពួក​ជំនុំ​តូច​បែប​នោះ​នៅ​សតវត្សរ៍​ទី​មួយ ហើយ​ទ្រង់​ប្រាកដ​ជា​ទទួល​ស្គាល់​និង​ប្រទាន​ពរ​លើ​ក្រុមជំនុំ​តូច​ទាំង​ឡាយ​នៅ​សម័យ​នេះ ដោយ​ប្រទាន​ឲ្យ​ពួក​គេ​មាន​សកម្ម​ពល​របស់​ទ្រង់។

ពួក​ជំនុំ​ដែល​សរសើរ​ព្រះ​យេហូវ៉ា

១៥​. ក្នុង​ក្រុមជំនុំ​ខ្លះ​នៅ​សម័យ​ដើម តើ​អ្វី​ស​ឲ្យ​ឃើញ​ថា​ពួក​គេ​មាន​សកម្ម​ពល​របស់​ព្រះ?

១៥ នៅ​ខាង​លើ​យើង​បាន​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​បាន​បំពេញ​បទ​ទំនាយ​នៅ​សៀវភៅ​ទំនុកដំកើង ២២:២២ ដោយ​សរសើរ​ព្រះ​យេហូវ៉ា​នៅ​កណ្ដាល​ពួក​ជំនុំ។ (ហេព្រើរ ២:១២) ពួក​អ្នក​ដែល​កាន់​តាម​ព្រះ​យេស៊ូ​ដោយ​ស្មោះ​ត្រង់​ក៏​នឹង​សរសើរ​ព្រះ​យេហូវ៉ា​នៅ​កណ្ដាល​ពួក​ជំនុំ​ដែរ។ នៅ​សតវត្សរ៍​ទី​មួយ ពេល​ពួក​គ្រិស្ត​សា​សនិក​ពិត​បាន​ត្រូវ​តែងតាំង​ដោយ​សកម្ម​ពល​របស់​ព្រះ ពួក​គេ​បាន​ក្លាយ​ជា​កូន​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​ពួក​គេ​ក៏​ជា​បងប្អូន​របស់​ព្រះ​គ្រិស្ត​ផង។ គ្រិស្ត​សា​សនិក​ខ្លះ​មាន​សមត្ថភាព​ធ្វើ​អព្ភូតហេតុ​ទុក​ជា​អំណោយ​ទាន​ពិសេស​ដោយសារ​ពួក​គេ​មាន​សកម្ម​ពល​របស់​ព្រះ។ អ្នក​ខ្លះ​ស​ឲ្យ​ឃើញ​ថា​មាន​អំណោយ​ទាន​នោះ ដោយ​បញ្ចេញ​ពាក្យ​សម្ដី​ដែល​បង្ហាញ​ពី​ប្រាជ្ញា​វាងវៃ​និង​ចំណេះ​ចេះ​ស្ទាត់ អ្នក​ខ្លះ​ចេះ​ថ្លែង​ទំនាយ​និង​មាន​អំណាច​ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា ហើយ​ខ្លះ​ក៏​ចេះ​និយាយ​ភាសា​ដទៃ​ដោយ​មិន​ចាំបាច់​រៀន​ភាសា​នោះ​ជា​មុន​ទេ។—កូរិនថូសទី១ ១២:៤​-​១១

១៦​. តើ​ពួក​គ្រិស្ត​សា​សនិក​គួរ​មាន​គោល​បំណង​អ្វី​ពេល​ធ្វើ​អព្ភូតហេតុ​ដោយសារ​មាន​សកម្ម​ពល​របស់​ព្រះ​ជា​អំណោយ​ទាន?

១៦ ប៉ុល​បាន​ពន្យល់​អំពី​សមត្ថភាព​និយាយ​ភាសា​ដទៃ​នោះ​ថា៖ «ខ្ញុំ​នឹង​ច្រៀង​[«សរសើរ»]​ដោយ​វិញ្ញាណ ហើយ​នឹង​ច្រៀង​[«សរសើរ»]​ដោយ​ប្រាជ្ញា​ដែរ»។ (កូរិនថូសទី១ ១៤:១៥; ព.ថ.) ប៉ុល​មាន​គោល​បំណង​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​ចំណោម​ពួក​ជំនុំ ហើយ​គាត់​ទទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​តែ​យល់​ពាក្យ​ដែល​គាត់​និយាយ​ទើប​គាត់​អាច​ផ្ដល់​ការ​ណែនាំ​បាន។ ចំពោះ​បងប្អូន​ឯ​ទៀត​ដែល​មាន​អំណោយ​ទាន​ពី​សកម្ម​ពល​របស់​ព្រះ ប៉ុល​បាន​ដាស់​តឿន​ថា៖ «[ចូរ]​ស្វែង​រក​[អំណោយ​ទាន​ទាំង​នោះ]​ឲ្យ​បាន​កាន់​តែ​ច្រើន​ចុះ! ដើម្បី​នឹង​ស្អាង​ចិត្ត​នៃ​ពួក​ជំនុំ​ឡើង»។ នេះ​មាន​ន័យ​ថា អ្នក​ទាំង​នោះ​គួរ​តែ​ប្រើ​អំណាច​ពិសេស​ដើម្បី​ស្អាង​ចិត្ត​ឬ​ពង្រឹង​កម្លាំង​ចិត្ត​បងប្អូន​នានា​ក្នុង​ក្រុមជំនុំ​របស់​ខ្លួន។ (កូរិនថូសទី១ ១៤:៤, ៥, ១២, ២៣) ប៉ុល​ច្បាស់​ជា​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុមជំនុំ​ទាំង​ឡាយ​ដោយ​ដឹង​ថា គ្រិស្ត​សា​សនិក​គ្រប់​គ្នា​ក្នុង​ក្រុមជំនុំ​ទាំង​នោះ អាច​មាន​ឱកាស​សរសើរ​ព្រះ​យេហូវ៉ា​បាន។

១៧​. តើ​យើង​អាច​យល់​យ៉ាង​ណា​អំពី​ក្រុមជំនុំ​នានា​នៅ​សម័យ​នេះ?

១៧ ព្រះ​យេហូវ៉ា​នៅ​តែ​ប្រើ​និង​គាំទ្រ​ពួក​ជំនុំ​នៃ​ទ្រង់។ នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ប្រទាន​ពរ​លើ​ក្រុម​ពួក​អ្នក​នៅ​ផែនដី​ដែល​នឹង​គ្រប់គ្រង​ជា​មួយ​ព្រះ​យេស៊ូ។ យើង​ដឹង​ថា​ទ្រង់​ប្រទាន​ពរ​នោះ ពីព្រោះ​រាស្ត្រ​របស់​ព្រះ​កំពុង​ទទួល​ការ​អប់រំ​យ៉ាង​ល្អ​ពី​ទ្រង់​ដែល​ប្រៀប​ដូច​ជា​អាហារ​ដ៏​វិសេស។ (លូកា ១២:៤២) ព្រះ​យេហូវ៉ា​ក៏​ប្រទាន​ពរ​លើ​បងប្អូន​ទូទាំង​ពិភព​លោក​ដែល​ជា​ភាតរភាព​មួយ ហើយ​ទ្រង់​ប្រទាន​ពរ​លើ​ក្រុមជំនុំ​នីមួយៗ​ផង​ដែរ។ ពេល​យើង​ចូល​រួម​ជា​មួយ​ពួក​ជំនុំ​នា​តំបន់​យើង នេះ​ហុច​ឱកាស​ឲ្យ​យើង​សរសើរ​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង។ ក្នុង​ចំណោម​ពួក​ជំនុំ​នោះ យើង​សរសើរ​ទ្រង់​ដោយ​ការ​ប្រព្រឹត្ត​និង​ចម្លើយ​ដែល​អាច​ពង្រឹង​ជំនឿ​របស់​បងប្អូន​យើង។ នៅ​ទី​នោះ យើង​ទទួល​ការ​អប់រំ​និង​ការ​បង្វឹក​បង្វឺន​ដើម្បី​ឲ្យ​ចេះ​សរសើរ​ព្រះ​យេហូវ៉ា​នៅ​ពេល​និង​កន្លែង​ផ្សេង ក្រៅ​ពី​ពេល​ដែល​យើង​សរសើរ​ទ្រង់​នៅ​កណ្ដាល​ក្រុមជំនុំ​នា​តំបន់​យើង។

១៨, ១៩​. តើ​បងប្អូន​ដែល​មាន​ចិត្ត​ស្មោះ​ក្នុង​ក្រុមជំនុំ​នីមួយៗ​មាន​បំណង​ធ្វើ​អ្វី?

១៨ សូម​នឹក​ចាំ​ថា សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ពួក​គ្រិស្ត​សា​សនិក​ក្នុង​ក្រុមជំនុំ​នៅ​ទី​ក្រុង​ភីលីព នា​ស្រុក​ម៉ា​សេ​ដូន​ថា៖ «ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​[អ្នក]​ពេញ​ជា​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ដោយសារ​ព្រះ​យេស៊ូ​វ​គ្រីស្ទ សំរាប់​ជា​សិរី​ល្អ​ហើយ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​ផង»។ ផល​នៃ​សេចក្ដី​សុចរិត​នោះ​រួម​បញ្ចូល​ការ​សន្ទនា​ជា​មួយ​មនុស្ស​ដទៃ​ដែល​មិន​រួម​ចំណែក​ក្នុង​ពួក​ជំនុំ​យើង ដើម្បី​ប្រាប់​ពី​ជំនឿ​របស់​យើង​លើ​ព្រះ​យេស៊ូ​និង​ក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​យើង​មាន​ចំពោះ​ពេល​អនាគត។ (ភីលីព ១:៩​-​១១; ៣:៨​-​១១) ហេតុ​នេះ​ហើយ​បាន​ជា​ប៉ុល​ដាស់​តឿន​គ្រិស្ត​សា​សនិក​គ្នីគ្នា​របស់​គាត់​ថា៖ «[ចូរ]​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ​ដោយសារ​[ព្រះ​យេស៊ូ] ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់​ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់»។—ហេព្រើរ ១៣:១៥

១៩ តើ​អ្នក​ចូល​ចិត្ត​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ដោយ​សរសើរ​ព្រះ​យេហូវ៉ា«នៅ​កណ្ដាល​ពួក​ជំនុំ»ទេ? តើ​អ្នក​សរសើរ​ព្រះ​យេហូវ៉ា​ទុក​ជា​ផល​នៃ​បបូរ​មាត់ ដើម្បី​ជួយ​ឲ្យ​មនុស្ស​ឯ​ទៀត​ស្គាល់​និង​សរសើរ​ទ្រង់​ដែរ​ឬ​ទេ? (ហេព្រើរ ២:១២; រ៉ូម ១៥:៩​-​១១) ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ទាក់ទង​នឹង​ទស្សនៈ​របស់​យើង​ចំពោះ​តួ​នាទី​នៃ​ក្រុមជំនុំ​នា​តំបន់​ខ្លួន​ស្រប​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ ក្នុង​អត្ថបទ​បន្ទាប់​យើង​នឹង​ពិនិត្យ​មើល​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រើ​និង​ណែនាំ​ក្រុមជំនុំ​នានា ហើយ​យើង​នឹង​ពិនិត្យ​មើល​តួ​នាទី​របស់​ក្រុមជំនុំ​ក្នុង​ជីវិត​យើង​ផ្ទាល់​នៅ​សព្វ​ថ្ងៃ​នេះ។

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​គ្រិស្ត​សា​សនិក​ដែល​បាន​តែងតាំង​ដោយ​សកម្ម​ពល​ព្រះ​បាន​ក្លាយ​ជា«ពួក​ជំនុំ​នៃ​ព្រះ»យ៉ាង​ដូច​ម្ដេច?

• តើ​ពាក្យ«ពួក​ជំនុំ»ក្នុង​គម្ពីរ​អាច​មាន​ន័យ​បី​យ៉ាង​អ្វី​ទៀត?

• តើ​ដាវីឌ ព្រះ​យេស៊ូ​និង​ពួក​គ្រិស្ត​សា​សនិក​នៅ​សតវត្សរ៍​ទី​មួយ​មាន​បំណង​ចិត្ត​ធ្វើ​អ្វី? តើ​គំរូ​របស់​ពួក​គាត់​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យើង?

[រូបភាព​នៅ​ទំព័រ​៩]

តើ​ព្រះ​យេស៊ូ​ជា​គ្រឹះ​មូលដ្ឋាន​នៃ​ពួក​ជំនុំ​មួយ​ណា?

[រូបភាព​នៅ​ទំព័រ​១០]

ក្រុម​ពួក​គ្រិស្ត​សា​សនិក​នីមួយៗ​បាន​ជួបជុំ​គ្នា​ជា«ពួក​ជំនុំ​នៃ​ព្រះ»

[រូបភាព​នៅ​ទំព័រ​១២]

យើង​អាច​ជួបជុំ​គ្នា​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា ដូច​ពួក​គ្រិស្ត​សា​សនិក​ទាំង​នេះ​នៅ​ប្រទេស​បេនីន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក