បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • od ជំ. ៤ ទំ. ២៤-២៩
  • របៀបដែលក្រុមជំនុំបានត្រូវរៀបចំឡើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបដែលក្រុមជំនុំបានត្រូវរៀបចំឡើង
  • អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រៀបចំ​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ
  • សព្វ​ថ្ងៃ​នេះ​ក្រុម​ជំនុំ​ធ្វើ​តាម​គំរូ​របស់​ពួក​សាវ័ក
  • ការ​ប្រើ​សាជីវកម្ម​ខាង​សាសនា
  • របៀប​រៀបចំ​នៃ​ការិយាល័យ​សាខា
  • ចូរឲ្យពួកជំនុំមានជំហរកាន់តែមាំមួនឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូរឲ្យពួកជំនុំសរសើរព្រះយេហូវ៉ាចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀម
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ការមានរបៀបរៀបរយស្របតាមគម្ពីរដែលជាសៀវភៅដែលមកពីព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
od ជំ. ៤ ទំ. ២៤-២៩

ជំពូក​ទី​៤

របៀប​ដែល​ក្រុម​ជំនុំ​បាន​ត្រូវ​រៀបចំ​ឡើង

ក្នុង​សំបុត្រ​ទី​១​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស គាត់​បញ្ជាក់​ការ​ពិត​ដ៏​សំខាន់​មួយ​អំពី​ព្រះ។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ព្រះ​មិន​មែន​ជា​ព្រះ​នៃ​ការ​ខ្វះ​សណ្ដាប់​ធ្នាប់​ទេ តែ​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​»។ រួច​មក គាត់​បាន​សរសេរ​ថែម​ទៀត​អំពី​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ​ថា​៖ ​«​ចូរ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ប្រព្រឹត្ត​ទៅ​យ៉ាង​ត្រឹម​ត្រូវ និង​ដោយ​របៀប​រៀប​រយ​»។—១កូ. ១៤:៣៣, ៤០

២ នៅ​ដើម​សំបុត្រ​នោះ សាវ័ក​ប៉ូល​បាន​ទូន្មាន​ក្រុម​ជំនុំ​កូរិនថូស ដោយ​សារ​មាន​ការ​ទាស់​ទែង​គ្នា​ក្នុង​ក្រុម​ជំនុំ​នោះ។ ប៉ូល​បាន​ដាស់​តឿន​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ឲ្យ​«​និយាយ​ដូច​គ្នា​ទាំង​អស់​»​ហើយ​ត្រូវ​មាន​«​គំនិត​ឯកភាព និង​មាន​របៀប​គិត​គូរ​តែ​មួយ​»។ (​១កូ. ១:១០, ១១​) បន្ទាប់​ពី​នោះ គាត់​បាន​ឲ្យ​ដំបូន្មាន​ដល់​ពួក​គេ​អំពី​រឿង​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​បែក​បាក់​សាមគ្គី​ភាព។ ប៉ូល​ក៏​បាន​លើក​ឧទាហរណ៍​អំពី​អវយវៈ​នៃ​រូប​កាយ ដើម្បី​បញ្ជាក់​ថា​សាមគ្គី​ភាព​និង​ការ​សហការ​គ្នា​គឺ​សំខាន់​ចាំ​បាច់។ គាត់​ជំរុញ​ចិត្ត​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​ពួក​គេ​មាន​តួ​នាទី​អ្វី​ក៏​ដោយ។ (​១កូ. ១២:១២​-​២៦​) ដូច្នេះ ត្រូវ​តែ​មាន​របៀប​រៀបចំ​ល្អ ដើម្បី​ឲ្យ​ពួក​អ្នក​ក្នុង​ក្រុម​ជំនុំ​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។

៣ ប៉ុន្តែ តើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​រៀបចំ​ឡើង​តាម​របៀប​ណា? តើ​នរណា​ជា​អ្នក​រៀបចំ? តើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នឹង​មាន​ការ​ដឹក​នាំ​បែប​ណា? តើ​អ្នក​ណា​នឹង​ត្រូវ​តែង​តាំង​ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ? យើង​អាច​បាន​ចម្លើយ​យ៉ាង​ច្បាស់​ក្នុង​គម្ពីរ។—១កូ. ៤:៦

រៀបចំ​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ

៤ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្កើត​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​អំពី​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១? យើង​ដឹង​ថា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​រៀបចំ​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ព្រះ​បាន​ដឹក​នាំ​ឲ្យ​គេ​សរសេរ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្រុង​យេរូសាឡិម​ជិត​២.០០០​ឆ្នាំ​មុន ទុក​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​ជា​អ្នក​បង្កើត​ក្រុម​ជំនុំ​នៃ​គ្រិស្ត​សាសនិក​ដែល​លោក​បាន​រើស​តាំង។ (​សកម្ម. ២:១​-​៤៧​) ក្រុម​ជំនុំ​នោះ​ប្រៀប​ដូច​ជា​សំណង់ ឬ​ក្រុម​គ្រួសារ​របស់​លោក។ (​១កូ. ៣:៩; អេភ. ២:១៩​) សព្វ​ថ្ងៃ​នេះ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​រៀបចំ​ឡើង​ហើយ​មាន​ដំណើរ​ការ​តាម​គំរូ​របស់​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១។

សព្វ​ថ្ងៃ​នេះ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​រៀបចំ​ឡើង​ហើយ​មាន​ដំណើរ​ការ​តាម​គំរូ​របស់​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១។

៥ ក្រុម​ជំនុំ​នៅ​សម័យ​ដើម បាន​ចាប់​ផ្ដើម​ដោយ​មាន​មនុស្ស​ប្រហែល​ជា​១២០​នាក់។ សកម្មពល​បរិសុទ្ធ​បាន​ត្រូវ​ចាក់​លើ​អ្នក​ទាំង​នោះ​មុន​គេ ហើយ​នេះ​បាន​សម្រេច​ទំនាយ​នៅ​យ៉ូអែល ២:២៨, ២៩។ (​សកម្ម. ២:១៦​-​១៨​) ប៉ុន្តែ នៅ​ថ្ងៃ​ដដែល​នោះ មនុស្ស​ប្រហែល​ជា​៣.០០០​នាក់​ទៀត​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​បាន​ចូល​ក្រុម​ជំនុំ​នៃ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ ពួក​គេ​បាន​ជឿ​បណ្ដាំ​របស់​ព្រះ​អំពី​គ្រិស្ត ហើយ​បាន​«​បន្ត​ប្រុង​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក​»។ បន្ទាប់​មក ​«​ព្រះ​យេហូវ៉ា​បាន​បន្ត​នាំ​អស់​អ្នក​ដែល​កំពុង​ត្រូវ​សង្គ្រោះ​ឲ្យ​មក​ចូល​រួម​ជា​មួយ​នឹង​ពួក​គេ​»។—សកម្ម. ២:៤១, ៤២, ៤៧

៦ ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម​បាន​ចម្រើន​កើន​ឡើង​ដល់​ម្ល៉េះ បាន​ជា​សម្ដេច​សង្ឃ​ជនជាតិ​យូដា​ត្អូញត្អែរ​ថា អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ផ្សាយ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ពេញ​ក្រុង​យេរូសាឡិម។ អ្នក​កាន់​តាម​ថ្មី​ដែល​បាន​ចូល​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម រួម​មាន​សង្ឃ​ជនជាតិ​យូដា​ជា​ច្រើន​នាក់។—សកម្ម. ៥:២៧, ២៨; ៦:៧

៧ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»។ (​សកម្ម. ១:៨​) អ្វី​ៗ​បាន​កើត​ឡើង​ដូច​លោក​មាន​ប្រសាសន៍​មែន ដ្បិត​ក្រោយ​ស្ទេផាន​បាន​ត្រូវ​គេ​សម្លាប់ មាន​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​នៅ​ក្រុង​យេរូសាឡិម ដូច្នេះ អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​នៅ​ពាស​ពេញ​ក្នុង​តំបន់​យូឌា​និង​តំបន់​សាម៉ារី។ ប៉ុន្តែ ទោះ​ជា​ពួក​គេ​ទៅ​កន្លែង​ណា​ក៏​ដោយ ពួក​គេ​បាន​បន្ត​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​ហើយ​បង្កើន​ចំនួន​អ្នក​កាន់​តាម​លោក​យេស៊ូ។ នេះ​ក៏​រួម​បញ្ចូល​អ្នក​ខ្លះ​ពី​ជន​ជាតិ​សាម៉ារី​ដែរ។ (​សកម្ម. ៨:១​-​១៣​) ក្រោយ​មក​ទៀត ដំណឹង​ល្អ​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​មិន​កាត់​ចុង​ស្បែក ពោល​គឺ​មនុស្ស​ដែល​មិន​មែន​ជា​ជនជាតិ​យូដា ហើយ​ការ​ផ្សព្វ​ផ្សាយ​នោះ​បាន​ទទួល​លទ្ធផល​ល្អ​ប្រសើរ។ (​សកម្ម. ១០:១​-​៤៨​) សកម្មភាព​ផ្សព្វ​ផ្សាយ​ទាំង​នេះ បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ហើយ​ក៏​មាន​ក្រុម​ជំនុំ​ថ្មី​ៗ​ក្រៅ​ក្រុង​យេរូសាឡិម​ដែរ។—សកម្ម. ១១:១៩​-​២១; ១៤:២១​-​២៣

៨ នៅ​ពេល​នោះ តើ​ពួក​គេ​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រាកដ​ថា​ក្រុម​ជំនុំ​ថ្មី​នីមួយ​ៗ​នឹង​ត្រូវ​រៀបចំ​ឡើង​ហើយ​ដឹក​នាំ​តាម​របៀប​របស់​ព្រះ? តាម​រយៈ​សកម្មពល​របស់​ព្រះ មាន​ការ​រៀបចំ​ដើម្បី​តែង​តាំង​បុរស​ខ្លះ​ឲ្យ​ឃ្វាល​ហ្វូង​ចៀម​របស់​លោក។ ពេល​ប៉ូល​និង​បាណាបាស​ធ្វើ​ដំណើរ​លើក​ទី​១​ជា​សាសនទូត ពួក​គាត់​បាន​តែង​តាំង​បុរស​ខ្លះ​ឲ្យ​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ដែល​ពួក​គាត់​បាន​ទៅ។ (​សកម្ម. ១៤:២៣​) អ្នក​សរសេរ​គម្ពីរ​ម្នាក់​ឈ្មោះ​លូកា រៀប​រាប់​អំពី​កិច្ច​ប្រជុំ​របស់​ប៉ូល​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ​ពី​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ។ ប៉ូល​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​ចូរ​ប្រយ័ត្ន​ខ្លួន​អ្នក ហើយ​មើល​ការ​ខុស​ត្រូវ​ហ្វូង​ចៀម ដែល​ក្នុង​នោះ​សកម្មពល​បរិសុទ្ធ​បាន​តែង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ ដើម្បី​ឃ្វាល​ក្រុម​ជំនុំ​របស់​ព្រះ ដែល​លោក​បាន​ទិញ​ដោយ​ឈាម​របស់​បុត្រ​លោក​»។ (​សកម្ម. ២០:១៧, ២៨​) ពួក​បុរស​ទាំង​នោះ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ ដោយ​សារ​ពួក​គាត់​បាន​បំពេញ​តម្រូវ​ការ​ពី​ព្រះ។ (​១ធី. ៣:១​-​៧​) ទីតុស​ដែល​ជា​អ្នក​រួម​ការងារ​ជា​មួយ​ប៉ូល បាន​ទទួល​សិទ្ធិ​អំណាច​ក្នុង​ការ​តែង​តាំង​បុរស​ខ្លះ​ឲ្យ​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ផ្សេង​ៗ​នៅ​កោះ​ក្រេត។—ទីត. ១:៥

៩ នៅ​សតវត្សរ៍​ទី​១ កាល​ក្រុម​ជំនុំ​កើន​ឡើង​កាន់​តែ​ច្រើន នោះ​ពួក​សាវ័ក​និង​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​បន្ត​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ប្រទេស​ផ្សេង​ៗ។ ពួក​គាត់​បាន​បម្រើ​ជា​គណៈ​អភិបាល​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។

១០ សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ ហើយ​ពន្យល់​ថា បើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ធ្វើ​តាម​ការ​ដឹក​នាំ​នៃ​សកម្មពល​របស់​ព្រះ​ហើយ​គោរព​លោក​យេស៊ូ​គ្រិស្ត​ជា​ប្រមុខ នោះ​ក្រុម​ជំនុំ​អាច​រក្សា​សាមគ្គី​ភាព។ សាវ័ក​ប៉ូល​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​នៅ​ទី​នោះ​ឲ្យ​បង្ហាញ​ចិត្ត​រាប​ទាប ហើយ​រក្សា​«​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ​»​ ដោយ​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​នឹង​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ។ (​អេភ. ៤:១​-​៦​) រួច​មក​គាត់​ដក​ស្រង់​ពី​ទំនុក​តម្កើង ៦៨:១៨ ហើយ​បក​ស្រាយ​ថា​នេះ​សំដៅ​លើ​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​បុរស​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​ជំនុំ​ក្នុង​តួ​នាទី​ជា​សាវ័ក អ្នក​ប្រកាស​ទំនាយ អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ គង្វាល និង​អ្នក​បង្រៀន។ បុរស​ដូច​នេះ​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា ដើម្បី​ពង្រឹង​ជំនឿ​របស់​គ្រិស្ត​សាសនិក​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ ឲ្យ​មាន​ជំនឿ​មាំ​មួន​ដែល​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត។—អេភ. ៤:៧​-​១៦

សព្វ​ថ្ងៃ​នេះ​ក្រុម​ជំនុំ​ធ្វើ​តាម​គំរូ​របស់​ពួក​សាវ័ក

១១ សព្វ​ថ្ងៃ​នេះ ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​មាន​របៀប​រៀបចំ​ដូច​ខាង​លើ។ ក្រុម​ជំនុំ​ទាំង​នេះ​រួម​គ្នា​ជា​ក្រុម​ជំនុំ​ដ៏​ធំ​មួយ​ទូទាំង​ផែនដី ដើម្បី​គាំ​ទ្រ​បង​ប្អូន​ដែល​ព្រះ​បាន​រើស​តាំង។ (​សាក. ៨:២៣​) នេះ​អាច​កើត​ឡើង​បាន ដោយ​សារ​លោក​យេស៊ូ​គ្រិស្ត​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក ហើយ​បាន​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ដោយ​នៅ​ជា​មួយ​នឹង​ពួក​គេ​«​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ ពួក​អ្នក​ដែល​ចូល​ក្រុម​ជំនុំ​ដែល​កាន់​តែ​រីក​ចម្រើន​នេះ គឺ​ជា​អ្នក​ដែល​ព្រម​ស្ដាប់​ដំណឹង​ល្អ ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ (​ម៉ាថ. ២៨:១៩,២០; ម៉ាក. ១:១៤; សកម្ម. ២:៤១​) ពួក​គេ​ទទួល​ស្គាល់​ថា លោក​យេស៊ូ​គ្រិស្ត​ជា​«​គង្វាល​ល្អ​ប្រសើរ​»​ដែល​កំពុង​ដឹក​នាំ​ហ្វូង​ចៀម​របស់​ព្រះ។ ហ្វូង​ចៀម​នេះ​រួម​មាន​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ផង និង​«​ចៀម​ឯ​ទៀត​»​ផង។ (​យ៉ូន. ១០:១៤, ១៦; អេភ. ១:២២, ២៣​) ​«​ហ្វូង​តែ​មួយ​»​នោះ​រក្សា​សាមគ្គី​ភាព​ដោយ​ចុះ​ចូល​យ៉ាង​ស្មោះ​ភក្ដី​ចំពោះ​ការ​ដឹក​នាំ​របស់​គ្រិស្ត និង​របស់​ខ្សែ​រយៈ​ដែល​លោក​បាន​តែង​តាំង​ក្នុង​អង្គការ​ព្រះ គឺ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ ចូរ​ឲ្យ​យើង​បន្ត​គាំទ្រ ហើយ​បង្ហាញ​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នៅ​សព្វ​ថ្ងៃ​នេះ។—ម៉ាថ. ២៤:៤៥

ការ​ប្រើ​សាជីវកម្ម​ខាង​សាសនា

១២ ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល និង​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ឲ្យ​បាន​សព្វ​គ្រប់​មុន​ទី​បញ្ចប់​មក​ដល់ នោះ​អង្គការ​ព្រះ​បាន​បង្កើត​សាជីវកម្ម​ស្រប​ច្បាប់​មួយ​ចំនួន។ សាជីវកម្ម​ស្រប​ច្បាប់​ទាំង​នេះ​បាន​ត្រូវ​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​នៅ​ប្រទេស​ផ្សេង​ៗ ហើយ​សាជីវកម្ម​ទាំង​នេះ​សហការ​គ្នា។ សាជីវកម្ម​ទាំង​នេះ​ជួយ​សម្រួល​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូទាំង​ផែនដី។

របៀប​រៀបចំ​នៃ​ការិយាល័យ​សាខា

១៣ ពេល​ណា​ការិយាល័យ​សាខា​មួយ​បាន​ត្រូវ​បង្កើត​ឡើង នោះ​អ្នក​ចាស់​ទុំ​យ៉ាង​តិច​បី​នាក់​នឹង​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​គណៈ​កម្មាធិការ​ការិយាល័យ​សាខា។ គណៈ​កម្មាធិការ​នេះ​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​បម្រើ​ព្រះ​ក្នុង​ប្រទេស​ដែល​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ការិយាល័យ​សាខា​នោះ។ សមាជិក​ម្នាក់​ពី​គណៈ​កម្មាធិការ​នោះ​បម្រើ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា។

១៤ ក្រុម​ជំនុំ​ផ្សេង​ៗ​ដែល​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​នៃ​ការិយាល័យ​សាខា​នីមួយ​ៗ បាន​ត្រូវ​រៀបចំ​ឡើង​ជា​មណ្ឌល។ មណ្ឌល​មាន​ទំហំ​ខុស​ៗ​គ្នា អាស្រ័យ​ទៅ​លើ​ទី​តាំង​និង​ភាសា ព្រម​ទាំង​ចំនួន​ក្រុម​ជំនុំ​ក្នុង​តំបន់​ដែល​ការិយាល័យ​សាខា​មើល​ការ​ខុស​ត្រូវ។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បាន​ត្រូវ​តែង​តាំង ដើម្បី​បម្រើ​ក្រុម​ជំនុំ​ក្នុង​មណ្ឌល​នីមួយ​ៗ។ ការិយាល័យ​សាខា​ផ្ដល់​ការ​ណែនាំ​ដល់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ស្ដី​អំពី​របៀប​ដែល​ពួក​គាត់​គួរ​បំពេញ​ភារកិច្ច​របស់​ខ្លួន។

១៥ ក្រុម​ជំនុំ​ទាំង​ឡាយ​ធ្វើ​តាម​ការ​រៀបចំ​របស់​អង្គការ​ព្រះ ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​បង​ប្អូន​ទាំង​អស់​គ្នា។ ក្រុម​ជំនុំ​ទទួល​ស្គាល់​ការ​តែង​តាំង​របស់​ពួក​អ្នក​ចាស់​ទុំ ដែល​ត្រួត​ពិនិត្យ​កិច្ច​ការ​ក្នុង​ការិយាល័យ​សាខា មណ្ឌល និង​ក្រុម​ជំនុំ។ ក្រុម​ជំនុំ​ពឹង​ផ្អែក​លើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ដើម្បី​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ត្រូវ​ពេល។ នៅ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ចុះ​ចូល​ទាំង​ស្រុង​ចំពោះ​ការ​ដឹក​នាំ​របស់​គ្រិស្ត កាន់​តាម​គោល​ការណ៍​គម្ពីរ ហើយ​ធ្វើ​តាម​ការ​ណែនាំ​នៃ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ ពេល​យើង​ទាំង​អស់​គ្នា​បម្រើ​ជា​មួយ​គ្នា​ដោយ​សាមគ្គី​ភាព យើង​ទទួល​លទ្ធផល​ស្រដៀង​នឹង​លទ្ធផល​ដែល​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១​បាន​ទទួល​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​ជំនឿ​របស់​ក្រុម​ជំនុំ​នានា​បាន​ត្រូវ​ពង្រឹង ហើយ​ក្រុម​ជំនុំ​ទាំង​នោះ​ក៏​បាន​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​»។—សកម្ម. ១៦:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក