បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៥ ទំ. ១៣-១៧
  • ចូរឲ្យពួកជំនុំមានជំហរកាន់តែមាំមួនឡើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរឲ្យពួកជំនុំមានជំហរកាន់តែមាំមួនឡើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បុរស​ដែល​ទទួល​ភារកិច្ច​ពី​ព្រះ​យេហូវ៉ា
  • ចូរ​នៅ​ជាប់​នឹង​ក្រុម​ជំនុំ​ចុះ!
  • ក្រុមជំនុំ​ប្រៀប​ដូច​ជា​សសរ​និង​ជើង​ថ្កល់
  • ចូរឲ្យពួកជំនុំសរសើរព្រះយេហូវ៉ាចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • របៀបដែលក្រុមជំនុំបានត្រូវរៀបចំឡើង
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • តើពួកអ្នកចាស់ទុំជួយក្រុមជំនុំយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • ការមានរបៀបរៀបរយស្របតាមគម្ពីរដែលជាសៀវភៅដែលមកពីព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៥ ទំ. ១៣-១៧

ចូរ​ឲ្យ​ពួក​ជំនុំ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើង

«ពួក​ជំនុំ​ទាំង​ប៉ុន្មាន . . . មាន​សេចក្ដី​សុខសាន្ត ហើយ​មាន​ចិត្ត​ស្អាង[ឬ«ជំហរ​កាន់​តែ​មាំមួន»]​ឡើង»។—កិច្ចការ ៩:៣១; ខ.ស.

១​. តើ​យើង​អាច​សួរ​សំណួរ​អ្វី​ខ្លះ​អំពី«ពួក​ជំនុំ​នៃ​ព្រះ»?

នៅ​បុណ្យ​ថ្ងៃ​ទី៥០ នា​ឆ្នាំ​៣៣ គ.ស. ព្រះ​យេហូវ៉ា​បាន​ទទួល​ស្គាល់​សិស្ស​មួយ​ក្រុម​របស់​ព្រះ​គ្រិស្ត​ជា​សាសន៍​ថ្មី​មួយ ពោល​គឺ «សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»។ (កាឡាទី ៦:១៦) គ្រិស្ត​សា​សនិក​ទាំង​នោះ​ដែល​បាន​តែងតាំង​ដោយ​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា បាន​ក្លាយ​ជា​អ្វី​ដែល​គម្ពីរ​ហៅ​ថា «ពួក​ជំនុំ​នៃ​ព្រះ»។ (កូរិនថូសទី១ ១១:​២២) ក្នុង​នាម​ជា«ពួក​ជំនុំ​នៃ​ព្រះ» តើ​ពួក​គាត់​មាន​ភារកិច្ច​អ្វី? តើ«ពួក​ជំនុំ»នោះ​ត្រូវ​រៀបចំ​យ៉ាង​ណា? បើ​សមាជិក​នៃ«ពួក​ជំនុំ​នៃ​ព្រះ»រស់​នៅ​កន្លែង​ផ្សេងៗ តើ​ពួក​គេ​អាច​មាន​របៀប​រៀប​រយ​យ៉ាង​ណា? ហើយ​តើ​ជីវិត​និង​សុភមង្គល​របស់​យើង​ជាប់​ទាក់ទង​នឹង«ពួក​ជំនុំ​នៃ​ព្រះ»យ៉ាង​ដូច​ម្ដេច?

២, ៣​. តើ​ព្រះ​យេស៊ូ​បញ្ជាក់​យ៉ាង​ណា​ថា​ទ្រង់​នឹង​រៀបចំ​ពួក​ជំនុំ​ដោយ​មាន​របៀប​រៀប​រយ?

២ ដូច​បាន​បញ្ជាក់​ក្នុង​អត្ថបទ​មុន ព្រះ​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ពួក​ជំនុំ​របស់​ទ្រង់​ថា ពួក​គេ​ជា​អ្នក​កាន់​តាម​ទ្រង់​ដែល​បាន​តែងតាំង​ដោយ​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេស៊ូ​បាន​ប្រាប់​សាវ័ក​ពេត្រុស​ថា៖ «ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ​[គឺ​ព្រះ​យេស៊ូ​គ្រិស្ត] ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ»។ (ម៉ាថាយ ១៦:១៨) ម្យ៉ាង​ទៀត ពេល​នៅ​ជា​មួយ​ពួក​សាវ័ក ព្រះ​យេស៊ូ​បាន​ពន្យល់​អំពី​តួ​នាទី​និង​របៀប​ដែល​ទ្រង់​នឹង​រៀបចំ​ពួក​ជំនុំ​នោះ។

៣ ព្រះ​យេស៊ូ​បាន​បង្រៀន​ដោយ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ផង ថា​ពួក​ជំនុំ​នោះ​នឹង​មាន​មនុស្ស​ខ្លះ​ជា​អ្នក​នាំ​មុខ។ អ្នក​នាំ​មុខ​ទាំង​នោះ​ត្រូវ​បម្រើ​ពួក​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ពួក​គេ។ ព្រះ​គ្រិស្ត​ប្រាប់​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​ដែរ។ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ»។ (ម៉ាកុស ១០:៤២​-​៤៤) គឺ​ច្បាស់​ហើយ​ថា «ពួក​ជំនុំ​នៃ​ព្រះ»មិន​សំដៅ​ទៅ​លើ​គ្រិស្ត​សា​សនិក​នានា​ដែល​រស់​ដាច់​ដោយ​ឡែក​ពី​គ្នា​ហើយ​គ្មាន​ការ​រៀបចំ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​រួបរួម​គ្នា​ហើយ​មាន​របៀប​រៀប​រយ​ជា​ក្រុមជំនុំ​ដែល​រាប់​អាន​គ្នា។

៤, ៥​. តើ​អ្វី​បង្ហាញ​ថា​ពួក​ជំនុំ​ត្រូវ​ទទួល​ការ​អប់រំ​និង​ការ​ណែនាំ​ពី​ព្រះ?

៤ ព្រះ​យេស៊ូ​ជា​សិរសា​ឬ​អ្នក​នាំ​មុខ«ពួក​ជំនុំ​នៃ​ព្រះ» ហើយ​ទ្រង់​បង្ហាញ​ថា ពួក​សាវ័ក​និង​សិស្ស​ឯ​ទៀត​របស់​ទ្រង់​ត្រូវ​បំពេញ​ភារកិច្ច​ផ្សេងៗ​ក្នុង​ការ​បម្រើ​បងប្អូន​ទាំង​ឡាយ​ក្នុង​ពួក​ជំនុំ​នោះ។ តើ​ពួក​គេ​មាន​ភារកិច្ច​អ្វី​ខ្លះ? ភារកិច្ច​សំខាន់​មួយ គឺ​ការ​បង្រៀន​ក្រុមជំនុំ​អំពី​ព្រះ​យេហូវ៉ា។ សូម​នឹក​ចាំ​ថា ក្រោយ​ព្រះ​យេស៊ូ​បាន​រស់​ឡើង​វិញ ទ្រង់​ប្រាប់​សាវ័ក​ពេត្រុស​នៅ​មុខ​សាវ័ក​ឯ​ទៀត​ថា៖ ‹ស៊ីម៉ូន កូន​យ៉ូណាស​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​អី?›។ ពេត្រុស​ឆ្លើយ​ថា៖ «ទ្រង់​ជ្រាប​ថា​ទូល​បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ»។ ដូច្នេះ​ព្រះ​យេស៊ូ​ប្រាប់​គាត់​ថា៖ «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ . . . ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ . . . ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង»។ (យ៉ូហាន ២១:១៥​-​១៧) នោះ​ហើយ​ជា​ភារកិច្ច​សំខាន់​ណាស់!

៥ ពាក្យ​របស់​ព្រះ​យេស៊ូ​បង្ហាញ​ថា ពួក​អ្នក​ដែល​ប្រមូល​គ្នា​ជា​ក្រុមជំនុំ នោះ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម។ បុរស ស្ត្រី​និង​កូន​ក្មេង​ក្នុង​ហ្វូង​នោះ ជា​ពួក​គ្រិស្ត​សា​សនិក​ដែល​ត្រូវ​ទទួល​ការ​អប់រំ​និង​ការ​ណែនាំ​ពី​ព្រះ​ដែល​ប្រៀប​ដូច​ជា​អាហារ ហើយ​ពួក​គេ​ត្រូវ​ការ​អ្នក​ឃ្វាល​ផង​ដែរ។ ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​បាន​បង្គាប់​អស់​អ្នក​ដែល​កាន់​តាម​ទ្រង់​ថា ពួក​គេ​ត្រូវ​បង្រៀន​អ្នក​ដទៃ​និង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ ដូច្នេះ មនុស្ស​ទាំង​ឡាយ​ដែល​ប្រៀប​ដូច​ជា​ចៀម​ថ្មី​ក្នុង​ហ្វូង​ទ្រង់ ត្រូវ​ទទួល​ការ​បង្វឹក​បង្វឺន​ឲ្យ​ចេះ​ធ្វើ​តាម​បង្គាប់​នោះ​ដែរ។—ម៉ាថាយ ២៨:​១៩, ២០

៦​. តើ«ពួក​ជំនុំ​[ថ្មី]​នៃ​ព្រះ»បាន​ត្រូវ​រៀបចំ​យ៉ាង​ដូច​ម្ដេច?

៦ ពេល​ព្រះ​យេស៊ូ​បាន​រៀបចំ«ពួក​ជំនុំ​នៃ​ព្រះ»រួច​ហើយ សមាជិក​នៃ​ពួក​ជំនុំ​នោះ​បាន​ជួបជុំ​គ្នា​ជា​ទៀងទាត់​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​និង​ទទួល​ការ​ណែនាំ។ «អ្នក​ទាំង​នោះ​ក៏​នៅ​តែ​ព្យាយាម​ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​សា​វក​ហើយ​ក្នុង​សេចក្ដី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំប៉័ង​នឹង​សេចក្ដី​អធិស្ឋាន​ផង»។ (កិច្ចការ ២:៤២, ៤៦, ៤៧) កំណត់​ហេតុ​ក្នុង​គម្ពីរ​មាន​ចំណុច​មួយ​ទៀត​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ថា​បុរស​ខ្លះ​ដែល​មាន​លក្ខណៈ​សម​ស្រប​នឹង​តម្រូវ​ការ​ក្នុង​គម្ពីរ បាន​ត្រូវ​តែងតាំង​ឲ្យ​ជួយ​បំពេញ​កិច្ចការ​សំខាន់ៗ។ បុរស​ទាំង​នោះ​មិន​ទទួល​ភារកិច្ច​ដោយសារ​ពួក​គេ​បាន​រៀន​ខ្ពង់​ខ្ពស់​ឬ​ជា​អ្នក​ជំនាញ​ផ្នែក​ផ្សេងៗ​ទេ។ តែ​ពួក​គេ​ជា​មនុស្ស​ដែល«ពេញ​[ទៅ​ដោយ]​វិញ្ញាណ​បរិសុទ្ធ​នឹង​ប្រាជ្ញា»វិញ។ លោក​ស្ទេផាន​ជា​បុរស​ម្នាក់​ដូច​នោះ ហើយ​កំណត់​ហេតុ​ក្នុង​គម្ពីរ​រៀប​រាប់​អំពី​គាត់​ជា​មនុស្ស​ដែល«ពេញ​ដោយ​សេចក្ដី​ជំនឿ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ លទ្ធផល​ដែល​មក​ពី​ការ​រៀបចំ​ក្នុង​ក្រុមជំនុំ​ទាំង​នោះ គឺ«ព្រះ​បន្ទូល​ក៏​បាន​ផ្សាយ​ទៅ​កាន់​តែ​ច្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្ស​បាន​ចំរើន​ឡើង​ក្រៃលែង»ដែរ។—កិច្ចការ ៦:១​-​៧

បុរស​ដែល​ទទួល​ភារកិច្ច​ពី​ព្រះ​យេហូវ៉ា

៧, ៨​. (ក) តើ​ពួក​សាវ័ក​និង​ពួក​ចាស់​ទុំ​នៅ​ទី​ក្រុង​យេរូសាឡិម​មាន​តួ​នាទី​អ្វី​ចំពោះ​ពួក​គ្រិស្ត​សា​សនិក​នា​សម័យ​ដើម? (ខ) ពេល​ពួក​ជំនុំ​បាន​ទទួល​ការ​ណែនាំ​នោះ តើ​មាន​លទ្ធផល​អ្វី?

៧ មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ ដែល​ពួក​សាវ័ក​បាន​នាំ​មុខ​ពួក​ជំនុំ​នៅ​សម័យ​ដើម។ ប៉ុន្តែ បុរស​ឯ​ទៀត​ក៏​មាន​ភារកិច្ច​ផ្សេងៗ​ដែរ មិន​គ្រាន់​តែ​ពួក​សាវ័ក​ប៉ុណ្ណោះ​ទេ។ សៀវភៅ​កិច្ចការ ១៤:២៧ រៀប​រាប់​អំពី​ប៉ុល​និង​គូកន​របស់​គាត់​ដែល​បាន​ត្រឡប់​ទៅ​ទី​ក្រុង​អានទីយ៉ូក​នៅ​ស្រុក​ស៊ី​រី ថា​ពេល​ពួក​គាត់​បាន​ទៅ«ដល់​ហើយ [ពួក​គាត់]​ប្រមូល​ពួក​ជំនុំ​មក​ថ្លែង​ប្រាប់​ពី​ការ​ដែល​ព្រះ​បាន​ធ្វើ​ដោយសារ​ខ្លួន»។ កាល​នៅ​ជា​មួយ​ក្រុមជំនុំ​នោះ មាន​សំណួរ​មួយ​ផុស​ឡើង​ថា តើ​ពួក​សាសន៍​ដទៃ​ដែល​ក្លាយ​ជា​អ្នក​ជឿ​ត្រូវ​កាត់​ស្បែក​ដូច​ពួក​យូដា​ឬ​ទេ? ដើម្បី​ឆ្លើយ​សំណួរ​នោះ ពួក​ជំនុំ​បាន​ចាត់​ប៉ុល​និង​បាណាបាស​ឲ្យ«ទៅ​ឯ​ពួក​សា​វក​នឹង​ពួក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម» ដែល​បាន​រួម​គ្នា​ជា​គណៈ​អភិបាល​នា​សម័យ​នោះ។—កិច្ចការ ១៥:១​-​៣

៨ លោក​យ៉ាកុប​ដែល​ជា​ប្អូន​ព្រះ​យេស៊ូ គាត់​ជា​អ្នក​ចាស់​ទុំ​គ្រិស្ត​សា​សនិក​ដែរ ហើយ​ទោះ​ជា​គាត់​មិន​មែន​ជា​សាវ័ក​ម្នាក់​ក៏​ដោយ គាត់​ជា​អ្នក​នាំ​មុខ«ពួក​សា​វក​នឹង​ពួក​ចាស់​ទុំ​[ដែល​បាន]​ប្រជុំ​គ្នា​ប្រឹក្សា​ពី​ដំណើរ​នោះ»។ (កិច្ចការ ១៥:៦) ក្រោយ​ពួក​គាត់​បាន​ពិភាក្សា​យ៉ាង​ដិត​ដល់​អំពី​រឿង​នោះ ព្រម​ទាំង​មាន​សកម្ម​ពល​របស់​ព្រះ​ជួយ​ដឹក​នាំ​ដែរ ពួក​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ស្រប​ទៅ​តាម​គម្ពីរ។ ក្រោយ​មក ក្រុម​ប្រឹក្សា​នោះ​បាន​យក​ការ​សម្រេច​ជា​លាយ​លក្ខណ៍​អក្សរ​ផ្ញើ​ជូន​ចំពោះ​ក្រុមជំនុំ​នានា។ (កិច្ចការ ១៥:២២​-​៣២) ពួក​ជំនុំ​ដែល​ទទួល​ការ​ណែនាំ​នោះ បាន​យល់​ព្រម​ធ្វើ​តាម។ តើ​មាន​លទ្ធផល​អ្វី? នេះ​បាន​លើក​ទឹក​ចិត្ត​និង​ពង្រឹង​កម្លាំង​ចិត្ត​បងប្អូន​ទាំង​ឡាយ​ឲ្យ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើង។ សេចក្ដី​រាយ​ការណ៍​ក្នុង​គម្ពីរ​ចែង​ថា៖ «យ៉ាង​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​ជំនឿ​រឹតតែ​ខ្លាំង ហើយ​ចំនួន​នៃ​ពួក​សិស្ស​ចេះ​តែ​ចំ​រើ​ន​កើន​ឡើង​ជា​រាល់​ថ្ងៃ»។—កិច្ចការ ១៦:៥

៩​. ស្រប​ទៅ​តាម​គម្ពីរ បើ​បុរស​គ្រិស្ត​សា​សនិក​មាន​លក្ខណៈ​គ្រប់គ្រាន់ តើ​ពួក​គេ​អាច​មាន​តួ​នាទី​អ្វី​ខ្លះ?

៩ តើ​ក្រុមជំនុំ​នីមួយៗ​ត្រូវ​មាន​របៀប​រៀប​រយ​យ៉ាង​ណា? សូម​គិត​អំពី​ក្រុមជំនុំ​នៅ​កោះ​ក្រេត​ទុក​ជា​គំរូ​មួយ។ មនុស្ស​ជា​ច្រើន​នៅ​កោះ​នោះ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​មនុស្ស​អាក្រក់ ប៉ុន្តែ​អ្នក​ខ្លះ​បាន​កែ​ប្រែ​ហើយ​បាន​ក្លាយ​ជា​គ្រិស្ត​សា​សនិក​ពិត។ (ទីតុស ១:១០​-​១២; ២:២, ៣) ពួក​គេ​រស់​នៅ​ទី​ក្រុង​ផ្សេងៗ ហើយ​ស្ថិត​ឆ្ងាយ​ពី​គណៈ​អភិបាល​នៅ​ទី​ក្រុង​យេរូសាឡិម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​នៅ​តែ​មាន​របៀប​រៀប​រយ​ពីព្រោះ​ពួក​គេ​បាន​តែងតាំង​បុរស​ដែល​មាន​ភាព«ចាស់​ទុំ»ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុមជំនុំ​នីមួយៗ​នៅ​កោះ​ក្រេត ដូច​ក្រុមជំនុំ​ឯ​ទៀត​បាន​ធ្វើ​ដែរ។ បុរស​ដែល​មាន​ភាព​ចាស់​ទុំ​ទាំង​នោះ​មាន​លក្ខណៈ​សម​ស្រប​ទៅ​តាម​អ្វី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ។ ដូច្នេះ​ពួក​គាត់​បាន​ត្រូវ​តែងតាំង​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ត្រួត​ពិនិត្យ​ដើម្បី«កំសាន្ត​ចិត្ត​[ឬ«ដាស់​តឿន»]​គេ​ដោយ​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ហើយ . . . ផ្ចាញ់​[ឬ​ប្រដៅ​តម្រង់]​ដល់​ពួក​អ្នក​ដែល​ស្រដី​ទទឹង»។ (ទីតុស ១:៥​-​៩; ខ.ស.; ធីម៉ូថេទី១ ៣:១​-​៧) បុរស​ឯ​ទៀត​ដែល​បាន​បម្រើ​ព្រះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ក៏​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​គម្ពីរ​ដើម្បី​ជួយ​បម្រើ​ការ​ក្នុង​ក្រុមជំនុំ​ជា​ពួក​អ្នក​ងារ​ជំនួយ។—ធីម៉ូថេ​ទី១ ៣:៨​-​១០, ១២, ១៣

១០​. យោង​ទៅ​តាម​ម៉ាថាយ ១៨:១៥​-​១៧ តើ​គ្រិស្ត​សា​សនិក​អាច​ដោះស្រាយ​រឿងរ៉ាវ​ដោយ​របៀប​ណា?

១០ ព្រះ​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា ពួក​ជំនុំ​នោះ​នឹង​មាន​របៀប​រៀប​រយ​មែន។ សូម​គិត​អំពី​អ្វី​ដែល​រៀប​រាប់​នៅ​សៀវភៅ​ម៉ាថាយ ១៨:១៥​-​១៧។ ក្នុង​បទ​គម្ពីរ​នោះ ព្រះ​យេស៊ូ​បាន​ពន្យល់​ថា ជួន​កាល​អ្នក​បម្រើ​ព្រះ​ក៏​ទាស់ទែង​គ្នា​ដែរ ប្រហែល​ជា​ដោយសារ​បងប្អូន​ណា​ម្នាក់​ធ្វើ​ខុស​នឹង​បងប្អូន​ម្នាក់​ទៀត។ ព្រះ​យេស៊ូ​ប្រាប់​ថា អ្នក​ដែល​តូច​ចិត្ត​នោះ​ត្រូវ​ទៅ​ជួប​អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​គាត់ ឲ្យ​ពួក​គេ​ពិភាក្សា​ជា​មួយ​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ ព្រះ​យេស៊ូ​បញ្ជាក់​ថា អ្នក​ដែល​តូច​ចិត្ត​ត្រូវ«បន្ទោស»ឬ​ប្រាប់​អ្នក​ដែល​មាន​កំហុស​ពី​ហេតុ​ដែល​គាត់​ពិបាក​ចិត្ត។ បើ​ពួក​គេ​ទាំង​ពីរ​នាក់​មិន​អាច​ដោះស្រាយ​រឿង​នោះ​បាន​ទេ ប្រហែល​ជា​អ្នក​ដែល​តូច​ចិត្ត​នោះ​អាច​សូម​ម្នាក់​ឬ​ពីរ​ទៀត​ដែល​ដឹង​ហេតុ​ការណ៍ ឲ្យ​ទៅ​ជួយ​ដោះស្រាយ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​នៅ​តែ​មាន​រឿង​ដដែល? ព្រះ​យេស៊ូ​ប្រាប់​ថា៖ ‹បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ព្រម​ស្ដាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់​ទុក​ជា​អ្នក​ក្រៅ​សាសន៍​ឬ​ជា​អ្នក​យក​ពន្ធ​វិញ›។ កាល​ព្រះ​យេស៊ូ​ផ្ដល់​ការ​ណែនាំ​នោះ ពួក​សាសន៍​យូដា​នៅ​តែ​ជា«ពួក​ជំនុំ​នៃ​ព្រះ»នៅ​ឡើយ ដូច្នេះ​ពាក្យ​ទាំង​នោះ​ច្រើន​តែ​ទាក់ទង​នឹង​ពួក​គេ។a ប៉ុន្តែ ពេល​ទ្រង់​បាន​ស្ថាបនា​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ឡើង ពួក​គេ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នោះ​ដែរ។ នេះ​ជា​មូលហេតុ​មួយ​ទៀត​ដែល​យើង​ដឹង​ថា រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​មាន​របៀប​រៀប​រយ​ក្នុង​ក្រុមជំនុំ​របស់​ពួក​គេ គឺ​ដើម្បី​ផ្ដល់​ការ​ណែនាំ​និង​ពង្រឹង​កម្លាំង​ចិត្ត​គ្រិស្ត​សា​សនិក​ម្នាក់ៗ​ឲ្យ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើង។

១១​. តើ​ពួក​អ្នក​ចាស់​ទុំ​មាន​តួ​នាទី​អ្វី​ក្នុង​ការ​ដោះស្រាយ​បញ្ហា?

១១ អាស្រ័យ​ហេតុ​នេះ ពួក​អ្នក​ចាស់​ទុំ​ឬ​អ្នក​ត្រួត​ពិនិត្យ​អាច​ធ្វើ​ជា​អ្នក​តំណាង​ក្រុមជំនុំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ឬ​ពេល​ត្រូវ​កាត់​ក្ដី​លើ​បងប្អូន​ដែល​ធ្វើ​អំពើ​បាប។ មុខ​នាទី​នេះ​គឺ​សម​ស្រប​នឹង​អ្វី​ដែល​រៀប​រាប់​ក្នុង​សៀវភៅ​ទីតុស ១:៩ ស្តី​អំពី​លក្ខណៈ​របស់​អ្នក​ចាស់​ទុំ។ តាម​ពិត ពួក​អ្នក​ចាស់​ទុំ​ជា​មនុស្ស​មិន​មាន​ភាព​ល្អ​ឥតខ្ចោះ​ដែរ ដូច​លោក​ទីតុស​ដែល​ប៉ុល​បាន​ចាត់​ឲ្យ«រៀបចំ​ការ​ដែល​នៅ​ខ្វះ»ក្នុង​ក្រុមជំនុំ​នានា «ឲ្យ​ស្រួលបួល​ឡើង»វិញ។ (ទីតុស ១:៤, ៥) នៅ​សព្វ​ថ្ងៃ​នេះ ពួក​ប្រុសៗ​ត្រូវ​បង្ហាញ​យ៉ាង​យូរ​ថា​ពួក​គេ​មាន​ជំនឿ​និង​ភក្ដីភាព​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ទើប​អាច​លើក​ឈ្មោះ​ពួក​គេ​ដើម្បី​ទទួល​ភារកិច្ច​ជា​អ្នក​ចាស់​ទុំ​បាន។ ហេតុ​នេះ​ហើយ បងប្អូន​ទាំង​ឡាយ​ក្នុង​ក្រុមជំនុំ​អាច​ទុក​ចិត្ត​លើ​បុរស​ដែល​នាំ​មុខ​និង​ផ្ដល់​ការ​ណែនាំ​ដោយ​របៀប​រៀប​រយ។

១២​. តើ​ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​អ្វី​ចំពោះ​បងប្អូន​ក្នុង​ក្រុមជំនុំ?

១២ ប៉ុល​បាន​ដាស់​តឿន​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​នៅ​ទី​ក្រុង​អេភេសូរ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែរក្សា​ហ្វូង​សិស្ស​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ​ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ​អម្ចាស់​ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ​លោហិត​ព្រះ​អង្គ​ទ្រង់​ចុះ!»។ (កិច្ចការ ២០:២៨) នៅ​សព្វ​ថ្ងៃ​នេះ អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​ក៏​ត្រូវ​បាន​តែងតាំង​ឲ្យ«ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ»ដែរ។ បុរស​ទាំង​នោះ​មិន​កាន់​អំណាច​លើ​បងប្អូន​ដែល​ប្រៀប​ដូច​ចៀម តែ​ពួក​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ​វិញ។ (ពេត្រុសទី១ ៥:២, ៣) ពួក​អ្នក​ចាស់​ទុំ​គួរ​ព្យាយាម​ជួយ​ពង្រឹង​កម្លាំង​ចិត្ត«ហ្វូង​សិស្ស»ទាំង​មូល​ឲ្យ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើង។

ចូរ​នៅ​ជាប់​នឹង​ក្រុម​ជំនុំ​ចុះ!

១៣​. យូរៗម្ដង តើ​អាច​មាន​អ្វី​កើត​ឡើង​ក្នុង​ក្រុមជំនុំ? ហេតុ​អ្វី​ក៏​មាន​ស្ថានការណ៍​បែប​នោះ?

១៣ ពួក​អ្នក​ចាស់​ទុំ​និង​បងប្អូន​ទាំង​ឡាយ​ក្នុង​ក្រុមជំនុំ​សុទ្ធតែ​ជា​មនុស្ស​មិន​មាន​ភាព​ល្អ​ឥតខ្ចោះ។ ដូច្នេះ ម្ដងម្កាល​បងប្អូន​ទាំង​នេះ​នឹង​មាន​បញ្ហា​រវាង​គ្នា​ឬ​មាន​ហេតុ​ទាស់​គ្នា ដូច​នៅ​សតវត្សរ៍​ទី​មួយ​ក្នុង​គ្រា​ដែល​ពួក​សាវ័ក​អត់​ទាន់​ស្លាប់​អស់​នៅ​ឡើយ។ (ភីលីព ៤:២, ៣) ប្រហែល​ជា​មាន​បងប្អូន​ណា​ម្នាក់​ចាត់​ទុក​អ្វី​ដែល​អ្នក​ចាស់​ទុំ​ឬ​បងប្អូន​ឯ​ទៀត​និយាយ​ស្រដី​នោះ ជា​សម្ដី​ព្រហើន កោង​កាច ឬ​មិន​ទៀងត្រង់​ទេ។ ឬ​មួយ​ក៏​យើង​ប្រហែល​ជា​គិត​ថា បងប្អូន​ម្នាក់​កំពុង​ធ្វើ​អ្វី​ដែល​ប្រាស​ចាក​គោលការណ៍​គម្ពីរ ហើយ​មើល​ទៅ​ដូច​ជា​ពួក​អ្នក​ចាស់​ទុំ​មិន​បាន​ដោះស្រាយ​ឲ្យ ទោះ​ជា​គាត់​ដឹង​ពី​រឿង​នោះ​ក៏​ដោយ។ តាម​ពិត ប្រហែល​ជា​ពួក​គាត់​បាន​ដោះស្រាយ​ឬ​កំពុង​ពិនិត្យ​មើល​រឿង​នោះ​ស្រប​ទៅ​តាម​គម្ពីរ​ហើយ ប៉ុន្តែ​យើង​មិន​ដឹង​ហេតុ​ការណ៍​ទាំង​អស់​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ក្នុង​ករណី​ដែល​មាន​កំហុស​ឆ្គង​មែន សូម​នឹក​ចាំ​អំពី​ក្រុមជំនុំ​នៅ​ទី​ក្រុង​កូ​រិន​ថូ​ស​ពី​បុរាណ។ ទោះ​ជា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​ក៏​ដោយ នោះ​មាន​រឿង​ធ្ងន់ធ្ងរ​មួយ​រយៈ​ក្នុង​ក្រុមជំនុំ​ពួក​គេ​ដែរ។ ប៉ុន្តែ មិន​យូរ​មិន​ឆាប់​ព្រះ​យេហូវ៉ា​ឲ្យ​គេ​ដោះស្រាយ​រឿង​នោះ​ដោយ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ស្រប​ទៅ​តាម​ការ​ណែនាំ​ពី​ទ្រង់។ (កូរិនថូសទី១ ៥:១, ៥, ៩​-​១១) ដូច្នេះ យក​ល្អ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​ថា ‹បើ​ខ្ញុំ​បាន​រស់​នៅ​ទី​ក្រុង​កូរិនថូស​ពេល​មាន​បញ្ហា​ធំ​នោះ តើ​ខ្ញុំ​នឹង​គិត​យ៉ាង​ណា?›។

១៤, ១៥​. ហេតុ​អ្វី​បាន​ជា​សិស្ស​ខ្លះ​របស់​ព្រះ​យេស៊ូ​បាន​ឈប់​កាន់​តាម​ទ្រង់? តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​នោះ?

១៤ សូម​គិត​អំពី​រឿង​មួយ​ទៀត​ដែល​អាច​កើត​ឡើង​ក្នុង​ក្រុមជំនុំ។ ចុះ​យ៉ាង​ណា​បើ​បងប្អូន​ណា​ម្នាក់​ពិបាក​យល់​ឬ​ពិបាក​ជឿ​លើ​សេចក្ដី​បង្រៀន​ណា​មួយ​ក្នុង​គម្ពីរ? ប្រហែល​ជា​គាត់​ខំ​រក​ចម្លើយ​ក្នុង​គម្ពីរ ហើយ​បាន​ស្រាវជ្រាវ​ក្នុង​សៀវភៅ​ដែល​ក្រុមជំនុំ​ចែក​ឲ្យ​ដែរ។ ប្រហែល​ជា​គាត់​បាន​សូម​អ្នក​ចាស់​ទុំ​និង​បងប្អូន​គ្រិស្ត​សា​សនិក​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ​ឲ្យ​ពន្យល់​ចំណុច​នោះ។ យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​តែ​ពិបាក​យល់​ឬ​ពិបាក​ជឿ​លើ​សេចក្ដី​បង្រៀន​នោះ។ បើ​ដូច្នេះ តើ​គាត់​គួរ​ធ្វើ​អ្វី​ទៀត? អស់​ជិត​មួយ​ឆ្នាំ​មុន​ព្រះ​យេស៊ូ​បាន​ទទួល​មរណភាព មាន​រឿង​ស្រ​ដៀង​នោះ​បាន​កើត​ឡើង​ដែរ។ ព្រះ​យេស៊ូ​ទើប​តែ​និយាយ​ថា ទ្រង់​ជា«នំប៉័ង​ជីវិត» ហើយ​ទ្រង់​ពន្យល់​ទៀត​ថា មនុស្ស​ត្រូវ‹ពិសា​សាច់​ហើយ​ផឹក​ឈាម​របស់​កូន​មនុស្ស›ទើប​ពួក​គេ​អាច​រស់​ជា​រៀង​រហូត​បាន។ សិស្ស​ខ្លះ​របស់​ទ្រង់​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ណាស់​ពេល​ឮ​ទ្រង់​និយាយ​ដូច្នេះ។ ជា​ជាង​សូម​ទ្រង់​ពន្យល់​ថែម​ទៀត ឬ​មាន​ចិត្ត​អត់ធ្មត់​ទាល់តែ​ខ្លួន​អាច​យល់​បាន នោះ​សិស្ស​ជា​ច្រើន«មិន​តាម​[ព្រះ​យេស៊ូ]​ទៀត​ទេ»។ (យ៉ូហាន ៦:៣៥, ៤១​-​៦៦) សូម​សួរ​ខ្លួន​ឯង​ម្ដង​ទៀត​ថា ចុះ​យ៉ាង​ណា​បើ​អ្នក​បាន​នៅ​ទី​នោះ? តើ​អ្នក​នឹង​ធ្វើ​អ្វី?

១៥ នៅ​សម័យ​នេះ បងប្អូន​ខ្លះ​បាន​ឈប់​ចូល​រួម​ជា​មួយ​ក្រុមជំនុំ​ដោយ​ព្រោះ​មាន​គំនិត​ថា ពួក​គេ​នឹង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដោយ​ខ្លួន​ឯង។ អ្នក​ទាំង​នោះ​ប្រហែល​ជា​ដោះសា​ថា គេ​បាក់​ទឹក​ចិត្ត​ពីព្រោះ​មាន​សេចក្ដី​បង្រៀន​ខ្លះ​ដែល​ពិបាក​ជឿ ឬ​ដោយសារ​គេ​យល់​ថា​អ្នក​ចាស់​ទុំ​មិន​បាន​ដោះស្រាយ​បញ្ហា​ធំ​ណា​មួយ។ បើ​ដូច្នេះ តើ​សម​ហេតុ​ផល​ឲ្យ​គេ​ឈប់​ទៅ​ប្រជុំ​ឬ​ទេ? ទោះ​ជា​គ្រិស្ត​សា​សនិក​ម្នាក់ៗ​ត្រូវ​មាន​ចំណង​មិត្តភាព​ផ្ទាល់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ក៏​ពិត​មែន យើង​ត្រូវ​ទទួល​ស្គាល់​ថា ទ្រង់​មាន​ពួក​ជំនុំ​ទូទាំង​ពិភព​លោក ដូច​នៅ​សម័យ​ពួក​សាវ័ក។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ប្រើ​ហើយ​ប្រទាន​ពរ​លើ​ក្រុមជំនុំ​ទាំង​ឡាយ​នៅ​សតវត្សរ៍​ទី​មួយ ហើយ​ទ្រង់​រៀបចំ​ឲ្យ​មាន​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ជួយ​បងប្អូន​ក្នុង​ក្រុមជំនុំ​ទាំង​នោះ។ នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។

១៦​. បើ​យើង​មាន​អារម្មណ៍​ចង់​ចាក​ចេញ​ពី​ក្រុមជំនុំ តើ​គប្បី​ឲ្យ​យើង​គិត​អំពី​អ្វី​សិន?

១៦ បើ​គ្រិស្ត​សា​សនិក​ម្នាក់​មាន​អារម្មណ៍​ថា គាត់​អាច​ពឹងផ្អែក​លើ​ចំណង​មិត្តភាព​របស់​ខ្លួន​ជា​មួយ​ព្រះ​យេហូវ៉ា​ហើយ​អត់​ត្រូវ​ការ​ក្រុមជំនុំ​ទេ នោះ​គាត់​បាន​បែរ​ចេញ​ពី​ការ​រៀបចំ​របស់​ព្រះ ដែល​រួម​បញ្ចូល​ពួក​ជំនុំ​នៃ​ទ្រង់​ទូទាំង​ពិភព​លោក និង​ក្រុមជំនុំ​នានា​នៃ​រាស្ត្រ​របស់​ទ្រង់។ គ្រិស្ត​សា​សនិក​នោះ​ប្រហែល​ជា​អាច​បម្រើ​ព្រះ​យេហូវ៉ា​ម្នាក់​ឯង​ឬ​ជា​មួយ​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​បាន ប៉ុន្តែ​ពេល​គាត់​ធ្វើ​ដូច្នេះ នោះ​គ្មាន​របៀប​រៀប​រយ​ជា​ក្រុមជំនុំ​ដែល​មាន​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ទេ។ ឧទាហរណ៍​មួយ​ទៀត​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ពេល​ប៉ុល​បាន​សរសេរ​សំបុត្រ​ជូន​ចំពោះ​ក្រុមជំនុំ​នៅ​ទី​ក្រុង​កូល៉ុស នោះ​គាត់​បាន​បង្គាប់​ឲ្យ​ក្រុមជំនុំ​នៅ​ទី​ក្រុង​ឡៅឌីសេ​មើល​សំបុត្រ​នោះ​ដែរ។ ក្នុង​សំបុត្រ​នោះ​គាត់​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ«ចាក់​ឫស​ហើយ​ស្អាង​ឡើង​ក្នុង​[ព្រះ​គ្រិស្ត]»។ តាម​ពិត មាន​តែ​អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​ក្រុមជំនុំ​ដែល​អាច​ធ្វើ​ដូច្នេះ​បាន មិន​មែន​ពួក​អ្នក​ដែល​ដក​ខ្លួន​ដោយ​ឡែក​នោះ​ឡើយ។—កូល៉ុស ២:៦, ៧; ៤:១៦

ក្រុមជំនុំ​ប្រៀប​ដូច​ជា​សសរ​និង​ជើង​ថ្កល់

១៧​. តើ​ធីម៉ូថេទី១ ៣:១៥ បង្ហាញ​យ៉ាង​ណា​អំពី​តួ​នាទី​នៃ​ក្រុមជំនុំ?

១៧ ក្នុង​សំបុត្រ​ទី​មួយ​ដែល​សាវ័ក​ប៉ុល​សរសេរ​ចំពោះ​ធីម៉ូថេ​ដែល​ជា​អ្នក​ចាស់​ទុំ​គ្រិស្ត​សា​សនិក​ដែរ គាត់​បាន​រៀប​រាប់​ពី​លក្ខណៈ​របស់​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ក្នុង​ក្រុមជំនុំ។ បន្ទាប់​មក ប៉ុល​សរសេរ​អំពី«ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់» ថា​ពួក​គេ​ជា«សសរ​ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត»។ (ធីម៉ូថេទី១ ៣:១៥) ពួក​ជំនុំ​នៃ​គ្រិស្ត​សា​សនិក​ទាំង​ឡាយ​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ពិត​ជា​ប្រៀប​ដូច​ជា​សសរ​មួយ​ដែល​គាំទ្រ​សេចក្ដី​ពិត​នៅ​សតវត្សរ៍​ទី​មួយ។ យ៉ាង​ប្រាកដ​ណាស់ គ្រិស្ត​សា​សនិក​ម្នាក់ៗ​នៅ​សម័យ​នោះ​ត្រូវ​រួម​ចំណែក​ជា​មួយ​ក្រុមជំនុំ​នានា ទើប​គាត់​អាច​រៀន​សេចក្ដី​ពិត​នោះ​បាន។ គឺ​នៅ​ក្នុង​ក្រុមជំនុំ​ទាំង​នោះ​ហើយ ដែល​ពួក​គេ​អាច​ទទួល​សេចក្ដី​បង្រៀន​ដែល​គាំទ្រ​នូវ​សេចក្ដី​ពិត​ដូច​ជា​ជើង​ថ្កល់​មួយ ព្រម​ទាំង​ពង្រឹង​កម្លាំង​ចិត្ត​ឲ្យ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើង។

១៨​. ហេតុ​អ្វី​ក៏​ចាំបាច់​ម្ល៉េះ​ឲ្យ​មាន​កម្ម​វិធី​ប្រជុំ​ជា​ក្រុមជំនុំ?

១៨ ស្រដៀង​គ្នា​ដែរ ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ទូទាំង​ពិភព​លោក​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​មួយ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​ពួក​គេ​ក៏​ជា«សសរ​ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត»ដែរ។ ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ​និង​រួម​ចំណែក​ក្នុង​កម្មវិធី​ជា​មួយ​ក្រុមជំនុំ​ជា​ទៀងទាត់​នោះ នេះ​នឹង​ពង្រឹង​កម្លាំង​យើង​ឲ្យ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើង ព្រម​ទាំង​ជួយ​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​កាន់​តែ​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ក្នុង​ការ​ធ្វើ​តាម​បំណង​ចិត្ត​ទ្រង់។ ពេល​ប៉ុល​បាន​សរសេរ​សំបុត្រ​ចំពោះ​ក្រុមជំនុំ​នៅ​ទី​ក្រុង​កូរិនថូស គាត់​បាន​ដៅ​បញ្ជាក់​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​បង្រៀន​ក្នុង​កម្មវិធី​ប្រជុំ​ទាំង​នោះ។ ប៉ុល​សរសេរ​ថា ពួក​គេ​ត្រូវ​បង្រៀន​អ្វី​ដែល​ស្រួល​យល់​ហើយ​ច្បាស់​លាស់​ដើម្បី«ស្អាង​ចិត្ត»ឬ​ពង្រឹង​កម្លាំង​ចិត្ត​ពួក​អ្នក​ដែល​ចូល​រួម​ឲ្យ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើង។ (កូរិនថូសទី១ ១៤:១២, ១៧​-​១៩) នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​អាច​មាន​កម្លាំង​ចិត្ត​ដើម្បី​ឲ្យ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើង​ពេល​យើង​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​ក្រុមជំនុំ​នានា ហើយ​ថា​ទ្រង់​កំពុង​ប្រទាន​ពរ​លើ​កម្មវិធី​ក្នុង​ក្រុម​ទាំង​នោះ។

១៩​. តើ​អ្នក​ជំពាក់​គុណ​ចំពោះ​ក្រុមជំនុំ​របស់​អ្នក​ដោយ​ព្រោះ​អ្វី?

១៩ ត្រូវ​មែន បើ​យើង​ចង់​បាន​កម្លាំង​ចិត្ត​ឲ្យ​មាន​ជំហរ​កាន់​តែ​មាំមួន​ជា​គ្រិស្ត​សា​សនិក នោះ​យើង​ត្រូវ​តែ​រួម​ចំណែក​ជា​មួយ​ក្រុមជំនុំ​មួយ​ដែរ។ យូរ​យារ​មក​ហើយ ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​បាន​ប្រៀប​ដូច​ជា​កំ​ពែង​រឹង​មាំ​ដែល​ទប់ទល់​នឹង​សេចក្ដី​បង្រៀន​មិន​ពិត។ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រើ​ក្រុមជំនុំ​នានា​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​ផែនដី ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ​មេស្ស៊ី។ ប្រាកដ​ហើយ គ្មាន​ហេតុ​សង្ស័យ​អ្វី​ឡើយ​ថា​ព្រះ​យេហូវ៉ា​បាន​ប្រើ​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ដើម្បី​សម្រេច​ការ​ជា​ច្រើន​មែន!—អេភេសូរ ៣:៩, ១០

[កំណត់​សម្គាល់]

a ស្តី​អំពី​យោបល់​របស់​ព្រះ​យេស៊ូ​ដែល​បង្គាប់​ឲ្យ​គេ«ប្រាប់​ដល់​ពួក​ជំនុំ»នោះ បណ្ឌិត​ព្រះ​គម្ពីរ​ម្នាក់​ឈ្មោះ​អាល​បឺត បន​ទទួល​ស្គាល់​ថា ពាក្យ«ពួក​ជំនុំ»អាច​សំដៅ​ទៅ​លើ«ពួក​អ្នក​ដែល​មាន​សិទ្ធិ​អំណាច​ពិនិត្យ​មើល​រឿងរ៉ាវ​បែប​នោះ ដូច​ជា​អ្នក​ធំ​ក្នុង​វិហារ​ឬ​អ្នក​តំណាង​គាត់។ ក្នុង​សាលា​ប្រជុំ​របស់​ពួក​យូដា អ្នក​ចាស់​ទុំ​មួយ​ចំនួន​មាន​មុខ​នាទី​ជា​អ្នក​កាត់​ក្ដី​ក្នុង​រឿង​បែប​នោះ»។

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ឲ្យ​យើង​យល់​ថា ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​ក្រុមជំនុំ​នៅ​ផែនដី?

• ទោះ​ជា​ពួក​អ្នក​ចាស់​ទុំ​ជា​មនុស្ស​មិន​មាន​ភាព​ល្អ​ឥតខ្ចោះ​ក៏​ដោយ តើ​ពួក​គាត់​ជួយ​ក្រុមជំនុំ​ដោយ​របៀប​ណា?

• តើ​ក្រុមជំនុំ​កំពុង​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ដើម្បី​ឲ្យ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើង​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​១៥]

ពួក​សាវ័ក​និង​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​រួម​គ្នា​ជា​គណៈ​អភិបាល

[រូបភាព​នៅ​ទំព័រ​១៦]

ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ទទួល​ការ​ណែនាំ​ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​ក្រុមជំនុំ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក