បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w16 វិច្ឆិកា ទំ. ៩-១៤
  • ការមានរបៀបរៀបរយស្របតាមគម្ពីរដែលជាសៀវភៅដែលមកពីព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការមានរបៀបរៀបរយស្របតាមគម្ពីរដែលជាសៀវភៅដែលមកពីព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​របៀប​រៀប​រយ
  • អ្វី​ៗ​ដែល​ព្រះ​បាន​រៀប​ចំ
  • តើ​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ឬ​ទេ?
  • ចូរ​រក្សា​ឲ្យ​មាន​ភាព​ស្អាត​ស្អំ សេចក្ដី​សុខ​សាន្ត និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ
  • របៀបដែលក្រុមជំនុំបានត្រូវរៀបចំឡើង
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចូរឲ្យពួកជំនុំមានជំហរកាន់តែមាំមួនឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ហេតុអ្វីព្រះមានក្រុមជំនុំនៃអ្នកបម្រើលោកនៅផែនដី?
    ព្រះមានដំណឹងល្អសម្រាប់យើង!
  • របៀបដែលក្រុមជំនុំបានត្រូវរៀបចំឡើង
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
w16 វិច្ឆិកា ទំ. ៩-១៤
ក្រុមជំនុំគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១កំពុងស្ដាប់ពេលបងប្រុសអានសំបុត្រ

ការ​មាន​របៀប​រៀប​រយ​ស្រប​តាម​គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ

​«​ព្រះ​យេហូវ៉ា​បាន​ប្រតិស្ឋាន​ផែន​ដី​ដោយ​សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ​ដោយ​សារ​យោបល់​ដែរ​»។—សុភាសិត ៣:១៩

ចម្រៀង​លេខ: ១៥, ១៦

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​របៀប​រៀប​រយ?

  • ហេតុ​អ្វី​យើង​អាច​រំពឹង​ថា​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​មាន​របៀប​រៀប​រយ?

  • តើ​តាម​របៀប​ណា​បណ្ដាំ​របស់​ព្រះ​ជួយ​ក្រុម​ជំនុំ​ឲ្យ​មាន​ភាព​ស្អាត​ស្អំ សេចក្ដី​សុខ​សាន្ត និង​សាមគ្គី​ភាព?

១, ២​. (​ក​) តើ​មនុស្ស​ខ្លះ​និយាយ​យ៉ាង​ណា​អំពី​អង្គ​ការ​ព្រះ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​យើង​មិន​ត្រូវ​ការ​អង្គ​ការ​មួយ​ដើម្បី​ដឹក​នាំ​យើង​ទេ។ យើង​គ្រាន់​តែ​ត្រូវ​ការ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ប៉ុណ្ណោះ​»។ តើ​នេះ​ត្រឹម​ត្រូវ​ឬ​ទេ? តើ​ការ​ពិត​បង្ហាញ​យ៉ាង​ណា?

២ ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​ថា​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​របៀប​រៀប​រយ ហើយ​ថា​លោក​រៀប​ចំ​រាស្ត្រ​របស់​លោក។ យើង​ក៏​នឹង​ពិចារណា​ដែរ​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ពេល​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ការ​ណែនាំ​ដល់​យើង។ (​កូរិនថូស​ទី១ ១៤:៣៣, ៤០​) នៅ​សតវត្សរ៍​ទី១ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​ក្នុង​គម្ពីរ ហើយ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ច្រើន​កន្លែង។ សព្វ​ថ្ងៃ​នេះ យើង​ក៏​ឲ្យ​គម្ពីរ​ណែនាំ​យើង​ដែរ។ ម្យ៉ាង​ទៀត យើង​ធ្វើ​តាម​ការ​ណែនាំ​ដែល​យើង​ទទួល​ពី​អង្គ​ការ​របស់​ព្រះ។ ជា​លទ្ធផល យើង​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភព​លោក។ យើង​ក៏​អាច​រក្សា​ភាព​ស្អាត​ស្អំ សេចក្ដី​សុខ​សាន្ត និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។

ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​របៀប​រៀប​រយ

៣​. តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​របៀប​រៀប​រយ?

៣ ពេល​យើង​មើល​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត យើង​អាច​ឃើញ​ច្បាស់​ថា​លោក​គឺ​ជា​ព្រះ​ដែល​មាន​របៀប​រៀប​រយ។ លោក​បាន​«​ប្រតិស្ឋាន​ផែន​ដី​ដោយ​សារ​ប្រាជ្ញា ក៏បាន​តាំង​ផ្ទៃ​មេឃ​ដោយ​សារ​យោបល់​ដែរ​»។ (​សុភាសិត ៣:១៩​) យើង​មិន​ស្គាល់​ច្រើន​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ទេ។ តាម​ពិត យើង​«​បាន​ឮ​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ​»។ (​យ៉ូប ២៦:១៤, ខ.ស.​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​អាច​ឃើញ​ច្បាស់​ថា​សកល​លោក​របស់​យើង​មាន​របៀប​រៀប​រយ។ (​ទំនុក​តម្កើង ៨:៣, ៤​) ផ្កាយ​រាប់​លាន​ធ្វើ​ដំណើរ​ក្នុង​លម្ហ​អវកាស​ដោយ​របៀប​រៀប​រយ។ របៀប​ដែល​ភព​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​យើង​វិល​ជុំ​វិញ​ព្រះ​អាទិត្យ​ក៏​មាន​របៀប​រៀប​រយ​ដែរ។ ដំណើរ​ការ​របស់​ភព​និង​ផ្កាយ​មាន​របៀប​រៀប​រយ​ដ៏​អស្ចារ្យ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ដំណើរ​ការ​ទាំង​អស់​នេះ។ ពេល​យើង​ពិចារណា​អំពី​របៀប​ដែល​លោក‹បាន​បង្កើត​ផ្ទៃ​មេឃ​និង​ផែន​ដី​ដោយ​ប្រាជ្ញា› យើង​ចង់​សរសើរ​លោក គោរព​ប្រណិប័តន៍​លោក ហើយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក។—ទំនុក​តម្កើង ១៣៦:១, ៥​-​៩

៤​. ហេតុ​អ្វី​អ្នក​វិទ្យា​សាស្ត្រ​មិន​អាច​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ដ៏​សំខាន់​ជា​ច្រើន?

៤ អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​អ្វី​ជា​ច្រើន​ដែល​ពួក​គេ​បាន​រៀន​អំពី​សកល​លោក​និង​ផែន​ដី​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​យើង​ល្អ​ប្រសើរ​ជាង។ ប៉ុន្តែ ពួក​គេ​មិន​អាច​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ដ៏​សំខាន់​ជា​ច្រើន​ទេ។ ជា​ឧទាហរណ៍ តារា​វិទូ​មិន​អាច​ប្រាប់​យើង​ច្បាស់​អំពី​របៀប​ដែល​សកល​លោក​បាន​ត្រូវ​បង្កើត​ឬ​អំពី​មូលហេតុ​ដែល​មនុស្ស សត្វ និង​រុក្ខជាតិ​មាន​ជីវិត​នៅ​ផែន​ដី​ទេ។ ម្យ៉ាង​ទៀត មនុស្ស​ភាគ​ច្រើន​មិន​អាច​ពន្យល់​អំពី​មូលហេតុ​ដែល​មនុស្សជាតិ​ចង់​មាន​យ៉ាង​ខ្លាំង​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឡើយ។ (​សាស្ដា ៣:១១​) មូលហេតុ​មួយ​ដែល​មនុស្ស​មិន​ស្គាល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​គឺ​ដោយ​សារ​អ្នក​វិទ្យា​សាស្ត្រ​និង​បុគ្គល​ឯ​ទៀត​និយាយ​ថា​គ្មាន​ព្រះ​ទេ ហើយ​ពួក​គេ​លើក​ស្ទួយ​ការ​វិវត្តន៍។ ប៉ុន្តែ ព្រះ​ផ្ដល់​ចម្លើយ​ឲ្យ​យើង​នៅ​ក្នុង​គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​លោក។

៥​. តើ​មនុស្សជាតិ​ពឹង​ផ្អែក​លើ​ច្បាប់​ធម្មជាតិ​យ៉ាង​ដូច​ម្ដេច?

៥ ព្រះ​យេហូវ៉ា​បាន​បង្កើត​ច្បាប់​ធម្មជាតិ។ ច្បាប់​ធម្មជាតិ​ទាំង​នេះ​មិន​ផ្លាស់​ប្ដូរ​ទេ។ ជាង​អគ្គិសនី ជាង​ទឹក វិស្វករ អ្នក​បើក​យន្ត​ហោះ ពេទ្យ​វះ​កាត់ និង​បុគ្គល​ឯ​ទៀត​ពឹង​ផ្អែក​លើ​ច្បាប់​ទាំង​នេះ​ដើម្បី​ធ្វើ​ការ​ងារ​របស់​ពួក​គេ។ ជា​ឧទាហរណ៍ តាម​ធម្មតា​បេះ​ដូង​មនុស្ស​នៅ​កន្លែង​ដូច​គ្នា​ក្នុង​រូប​កាយ ដូច្នេះ​ពេទ្យ​វះ​កាត់​ស្គាល់​កន្លែង​វា​ក្នុង​រូប​កាយ​របស់​អ្នក​ជំងឺ​ម្នាក់​ៗ។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​ដឹង​ថា​បើ​បុគ្គល​ណា​ម្នាក់​លោត​ពី​កន្លែង​ខ្ពស់ គាត់​នឹង​ធ្លាក់ ហើយ​អាច​ស្លាប់។ យើង​ធ្វើ​តាម​ច្បាប់​ធម្មជាតិ​ដូច​ជា​ទំនាញ​ផែន​ដី​ដោយ​សារ​យើង​មិន​ចង់​ស្លាប់​ទេ។

អ្វី​ៗ​ដែល​ព្រះ​បាន​រៀប​ចំ

៦​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​គោរព​ប្រណិប័តន៍​លោក​ដោយ​របៀប​រៀប​រយ?

៦ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​សកល​លោក​តាម​របៀប​ដ៏​អស្ចារ្យ។ ដូច្នេះ លោក​ច្បាស់​ជា​ចង់​ឲ្យ​រាស្ត្រ​របស់​លោក​គោរព​ប្រណិប័តន៍​លោក​ដោយ​របៀប​រៀប​រយ។ តាម​ពិត ព្រះ​យេហូវ៉ា​បាន​ផ្ដល់​គម្ពីរ​ដើម្បី​បង្រៀន​យើង​អំពី​របៀប​គោរព​ប្រណិប័តន៍​លោក។ វិធី​តែ​មួយ​គត់​ដែល​យើង​អាច​មាន​ជីវិត​ដ៏​សប្បាយ​និង​ដែល​គាប់​ចិត្ត​គឺ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​លោក​ឲ្យ​យើង​តាម​រយៈ​គម្ពីរ​និង​អង្គ​ការ​របស់​លោក។

៧​. តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​គម្ពីរ​បាន​ត្រូវ​សរសេរ?

៧ គម្ពីរ​គឺ​ជា​អំណោយ​ដ៏​ពិសេស​ពី​ព្រះ។ បណ្ឌិត​ខ្លះ​និយាយ​ថា​គម្ពីរ​គឺ​គ្រាន់​តែ​ជា​សៀវភៅ​របស់​សាសនា​យូដា​និង​សៀវភៅ​របស់​គ្រិស្ត​សាសនិក​ដែល​មនុស្ស​បាន​ដាក់​បញ្ចូល​គ្នា។ ប៉ុន្តែ ព្រះ​បាន​សម្រេច​ចិត្ត​ថា​អ្នក​ណា​នឹង​សរសេរ​សៀវភៅ​ក្នុង​គម្ពីរ ពេល​ណា​ដែល​ពួក​គេ​នឹង​សរសេរ និង​អ្វី​ដែល​ពួក​គេ​នឹង​សរសេរ។ នេះ​ជា​មូលហេតុ​ដែល​សៀវភៅ​ទាំង​អស់​ក្នុង​គម្ពីរ​ជួយ​យើង​ឲ្យ​យល់​ដំណឹង​របស់​ព្រះ។ នៅ​ក្នុង​គម្ពីរ ចាប់​ពី​សៀវភៅ​លោកុប្បត្តិ​ដល់​សៀវភៅ​ការ​បើកបង្ហាញ​បញ្ជាក់​អំពី​«​ពូជ​»​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន។ យើង​បាន​រៀន​ថា​«​ពូជ​»​នេះ​គឺ​ជា​លោក​យេស៊ូ​គ្រិស្ត ហើយ​ថា​រាជាណាចក្រ​របស់​លោក​នឹង​ផ្ដល់​ភ័ស្តុតាង​ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​សកល​លោក។—សូម​អាន លោកុប្បត្តិ ៣:១៥; ម៉ាថាយ ៦:១០; ការ​បើក​បង្ហាញ ១១:១៥

៨​. តើ​តាម​របៀប​ណា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​រៀប​ចំ​យ៉ាង​ល្អ?

៨ ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​តាម​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​មាន​របៀប​រៀប​រយ។ ជា​ឧទាហរណ៍ មាន​ស្ត្រី​ដែល​បាន​ត្រូវ​រៀប​ចំ​ឲ្យ​បម្រើ​នៅ​«​មាត់​ទ្វារ​ត្រសាល​ជំនុំ​»។ (​និក្ខមនំ ៣៨:៨​) ជន​ជាតិ​អ៊ីស្រាអែល​ក៏​មាន​ការ​ណែនាំ​អំពី​របៀប​រើ​ជំរំ​និង​ត្រសាល​ជំនុំ​ដោយ​របៀប​រៀប​រយ។ ក្រោយ​មក​ស្តេច​ដាវីឌ​បាន​រៀប​ចំពួក​សង្ឃ​និង​ពួក​លេវី​ដើម្បី​ធ្វើ​ការ​នៅ​ឯ​វិហារ។ (​របា​ក្សត្រ​ទី១ ២៣:១​-​៦; ២៤:១​-​៣​) ពេល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា លោក​បាន​ផ្ដល់​ពរ​ដល់​ពួក​គេ​ដោយ​ឲ្យ​ពួក​គេ​មាន​របៀប​រៀប​រយ សេចក្ដី​សុខ​សាន្ត និង​សាមគ្គី​ភាព។—ចោទិយកថា ១១:២៦, ២៧; ២៨:១​-​១៤

៩​. តើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​បាន​ត្រូវ​រៀប​ចំ​យ៉ាង​ដូច​ម្ដេច?

៩ នៅ​សតវត្សរ៍​ទី១ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ក៏​បាន​ត្រូវ​រៀប​ចំ​ដែរ។ ពួក​គេ​មាន​គណៈ​អភិបាល ពោល​គឺ​បុរស​មួយ​ក្រុម​ដែល​បាន​ផ្ដល់​ការ​ណែនាំ​ឲ្យ​ក្រុម​ជំនុំ​នា​នា។ មុន​ដំបូង​សមាជិក​ក្រុម​នោះ​គឺ​ជា​ពួក​សាវ័ក។ ក្រោយ​មក ពួក​អ្នក​ចាស់​ទុំ​ឯ​ទៀត​បាន​ទៅ​ជា​សមាជិក​ក្រុម​នោះ​ដែរ។ (​សកម្មភាព ៦:១​-​៦; ១៥:៦​) ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​សមាជិក​គណៈ​អភិបាល​និង​អ្នក​ឯ​ទៀត​ដែល​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ពួក​គាត់​ឲ្យ​សរសេរ​សំបុត្រ​ដែល​មាន​ឱវាទ​និង​ការ​ណែនាំ​ដល់​ក្រុម​ជំនុំ។ (​ធីម៉ូថេ​ទី១ ៣:១​-​១៣; ទីតុស ១:៥​-​៩​) តើ​ក្រុម​ជំនុំ​នា​នា​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​គណៈ​អភិបាល?

១០​. តើ​អ្វី​បាន​កើត​ឡើង​ពេល​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី១​ធ្វើ​តាម​ការ​ណែនាំ​របស់​គណៈ​អភិបាល? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១០ សូម​អាន សកម្មភាព ១៦:៤, ៥។ នៅ​សតវត្សរ៍​ទី១ បង​ប្រុស​ខ្លះ​បាន​ទៅ​ក្រុម​ជំនុំ​នា​នា​ដើម្បី​ប្រាប់​ពួក​គេ​អំពី​«​បង្គាប់​ដែល​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​សម្រេច​»​ ពោល​គឺ​បង្គាប់​របស់​គណៈ​អភិបាល។ ក្រុម​ជំនុំ​នា​នា​បាន​ធ្វើ​តាម​ការ​ណែនាំ​ទាំង​នោះ ហើយ‹ជំនឿ​របស់​ក្រុម​ជំនុំ​ទាំង​នោះ​បាន​ត្រូវ​ពង្រឹង› និង​«​បាន​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​»។ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ពួក​គេ​ដែល​នឹង​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ក្នុង​ក្រុម​ជំនុំ​របស់​យើង?

តើ​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ឬ​ទេ?

១១​. តើ​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​គួរ​ធ្វើ​អ្វី​ពេល​ពួក​គេ​ទទួល​ការ​ណែនាំ​ពី​អង្គ​ការ​របស់​ព្រះ?

១១ សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ឬ​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​ប្រទេស អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល អ្នក​ចាស់​ទុំ និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ពួក​គាត់​ទទួល​ពី​អង្គ​ការ​របស់​ព្រះ។ គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ទាំង​អស់​គ្នា​ឲ្យ​ស្ដាប់​បង្គាប់​ពួក​អ្នក​ដែល​នាំ​មុខ។ (​ចោទិយកថា ៣០:១៦; ហេប្រឺ ១៣:៧, ១៧​) អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​មិន​បះ​បោរ ហើយ​មិន​ត្អូញត្អែរ​អំពី​ការ​ណែនាំ​ដែល​ពួក​គេ​ទទួល​ទេ។ យើង​មិន​ចង់​ធ្វើ​ដូច​ឌីអូត្រែប​ដែល​មិន​បាន​គោរព​បង​ប្រុស​ៗ​ដែល​បាន​នាំ​មុខ​ឡើយ។ (​សូម​អាន យ៉ូហាន​ទី៣ ៩, ១០​) ពេល​យើង​ធ្វើ​តាម​ការ​ណែនាំ​ដែល​យើង​ទទួល យើង​ជួយ​រក្សា​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ ដូច្នេះ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ខ្ញុំ​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​ដែល​ខ្ញុំ​ទទួល​ពី​អង្គ​ការ​របស់​ព្រះ​ឬ​ទេ?›។

១២​. តើ​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​បាន​ត្រូវ​តែង​តាំង​យ៉ាង​ដូច​ម្ដេច?

១២ ថ្មី​ៗ​នេះ​គណៈ​អភិបាល​បាន​ផ្លាស់​ប្ដូរ​របៀប​តែង​តាំង​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ។ អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​សំណួរ​ពី​អ្នក​អាន​»​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ជា​ភាសា​អង់គ្លេស​បាន​ពន្យល់​ថា​នៅ​សតវត្សរ៍​ទី១ គណៈ​អភិបាល​បាន​ប្រគល់​ភារកិច្ច​ដល់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ឲ្យ​តែង​តាំង​ពួក​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ដូច្នេះ តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បាន​តែង​តាំង​បង​ប្អូន​ប្រុស​ក្នុង​ក្រុម​ជំនុំ។ ពេល​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​លើក​ឈ្មោះ​បង​ប្អូន​ប្រុស​ដើម្បី​តែង​តាំង​ជា​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ខំ​ព្យាយាម​ស្គាល់​បុគ្គល​នោះ​និង​ក្រុម​គ្រួសារ​របស់​គាត់។ ជា​ឧទាហរណ៍ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ប្រហែល​ជា​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្រុស​នោះ។ (​ធីម៉ូថេ​ទី១ ៣:៤, ៥​) ម្យ៉ាង​ទៀត អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នឹង​ប្រជុំ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ។ ដោយ​យក​ចិត្ត​ទុក​ដាក់ ពួក​គាត់​មើល​បទ​គម្ពីរ​ដែល​រៀប​រាប់​អំពី​គុណ​សម្បត្ដិ​របស់​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។—ធីម៉ូថេ​ទី១ ៣:១​-​១០, ១២, ១៣; ពេត្រុស​ទី១ ៥:១​-​៣

អ្នក​ចាស់​ទុំ​ឲ្យ​ការ​ណែនាំ​ដល់​យើង​ពី​គម្ពីរ​ដោយ​សារ​ពួក​គាត់​ចង់​ការពារ​និង​ថែ​ទាំ​ក្រុម​ជំនុំ

១៣​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ធ្វើ​តាម​ការ​ណែនាំ​ដែល​យើង​ទទួល​ពី​ពួក​អ្នក​ចាស់​ទុំ?

១៣ អ្នក​ចាស់​ទុំ​ឲ្យ​ការ​ណែនាំ​ដល់​យើង​ពី​គម្ពីរ​ដោយ​សារ​ពួក​គាត់​ចង់​ការពារ​និង​ថែ​ទាំ​ក្រុម​ជំនុំ។ យើង​ត្រូវ​សហការ​ជា​មួយ​នឹង​ពួក​គាត់​ដោយ​សារ​ការ​ណែនាំ​នេះ​គឺ​មាន​ប្រយោជន៍​ចំពោះ​យើង។ (​ធីម៉ូថេ​ទី១ ៦:៣​) នៅ​សតវត្សរ៍​ទី១ បុគ្គល​ខ្លះ​«​មាន​របៀប​រស់​នៅ​ខុស​គន្លង​»។ ពួក​គេ​មិន​ធ្វើ​ការ​សោះ តែ​បាន​ជ្រៀត​ជ្រែក​ក្នុង​រឿង​ដែល​មិន​ទាក់​ទង​នឹង​ពួក​គេ។ ពួក​អ្នក​ចាស់​ទុំ​បាន​ព្យាយាម​កែ​តម្រង់​ពួក​គេ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​កែ​ប្រែ​ទេ។ ប៉ូល​បាន​ប្រាប់​ក្រុម​ជំនុំ​អំពី​របៀប​ដែល​ពួក​គេ​គួរ​ប្រព្រឹត្ត​ចំពោះ​បុគ្គល​បែប​នោះ។ គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​ចំណាំ​អ្នក​នោះ ហើយ​ឈប់​សេពគប់​ជា​មួយ​»។ ពួក​គេ​ត្រូវ​ឈប់​សេពគប់​ជា​មួយ​នឹង​បុគ្គល​នោះ ប៉ុន្តែ​មិន​មែន​ប្រព្រឹត្ត​ចំពោះ​គាត់​ដូច​ជា​សត្រូវ​ទេ។ (​ថែស្សាឡូនិច​ទី២ ៣:១១​-​១៥​) នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ចាស់​ទុំ​ក៏​ព្យាយាម​ជួយ​បុគ្គល​ដែល​មិន​អើពើ​នឹង​ខ្នាត​តម្រា​របស់​ព្រះ ដូច​ជា​បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​នឹង​អ្នក​មិន​ជឿ។ (​កូរិនថូស​ទី១ ៧:៣៩​) បើ​បុគ្គល​នោះ​មិន​ព្រម​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​គាត់ ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​នឹង​សម្រេច​ចិត្ត​ថ្លែង​សុន្ទរកថា​មួយ​ដែល​ពន្យល់​អំពី​របៀប​ដែល​ការ​ប្រព្រឹត្ត​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​និយាយ​មិន​ល្អ​អំពី​ក្រុម​ជំនុំ។ បើ​អ្នក​ចាស់​ទុំ​ថ្លែង​សុន្ទរកថា​បែប​នេះ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? បើ​អ្នក​ដឹង​ថា​បុគ្គល​នោះ​គឺ​ជា​អ្នក​ណា តើ​អ្នក​នឹង​ឈប់​សេពគប់​ជា​មួយ​នឹង​គាត់​ឬ​ទេ? ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​ប្រហែល​ជា​នឹង​ជួយ​គាត់​ឲ្យ​ទទួល​ស្គាល់​ថា​ការ​ប្រព្រឹត្ត​របស់​គាត់​នាំ​ឲ្យ​មាន​លទ្ធផល​មិន​ល្អ​ចំពោះ​គាត់ ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត យ៉ាង​នោះ​គាត់​ប្រហែល​ជា​នឹង​កែ​ប្រែ​ចិត្ត​គំនិត​របស់​គាត់[១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​)។

ចូរ​រក្សា​ឲ្យ​មាន​ភាព​ស្អាត​ស្អំ សេចក្ដី​សុខ​សាន្ត និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ

១៤​. តើ​តាម​របៀប​ណា​យើង​អាច​ជួយ​រក្សា​ក្រុម​ជំនុំ​ឲ្យ​នៅ​ស្អាត​ស្អំ?

១៤ បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​គួរ​ធ្វើ​ដើម្បី​មិន​ឲ្យ​មាន​អំពើ​ទុច្ចរិត​ក្នុង​ក្រុម​ជំនុំ​របស់​យើង។ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្រុង​កូរិនថូស។ ប៉ូល​ស្រឡាញ់​បង​ប្អូន​នៅ​ទី​នោះ។ គាត់​បាន​ជួយ​ពួក​គេ​ជា​ច្រើន​នាក់​ឲ្យ​រៀន​សេចក្ដី​ពិត។ (​កូរិនថូស​ទី១ ១:១, ២​) ដូច្នេះ សូម​គិត​អំពី​អារម្មណ៍​របស់​ប៉ូល​ពេល​គាត់​បាន​ឮ​ថា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​កំពុង​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ហើយ​ថា​បង​ប្អូន​បាន​អនុញ្ញាត​ឲ្យ​បុគ្គល​នោះ​បន្ត​នៅ​ក្នុង​ក្រុម​ជំនុំ។ ប៉ូល​បាន​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​«​ប្រគល់​បុរស​បែប​នេះ​ទៅ​សាថាន​»។ ពួក​គាត់​ត្រូវ​ដក​បុគ្គល​នោះ​ចេញ​ពី​ក្រុម​ជំនុំ ពោល​គឺ​បណ្ដាច់​មិត្តភាព។ (​កូរិនថូស​ទី១ ៥:១, ៥​-​៧, ១២​) សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​សម្រេច​ចិត្ត​ថា​បុគ្គល​ម្នាក់​ត្រូវ​បណ្ដាច់​មិត្តភាព​ដោយ​សារ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​មិន​បាន​ប្រែ​ចិត្ត។ ក្នុង​ករណី​នោះ តើ​យើង​នឹង​ប្រព្រឹត្ត​ដូច​គម្ពីរ​ណែនាំ​ឲ្យ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ឬ​ទេ? បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​ជួយ​រក្សា​ក្រុម​ជំនុំ​ឲ្យ​នៅ​ស្អាត​ស្អំ។ ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​នឹង​ជួយ​បុគ្គល​នោះ​ឲ្យ​ទទួល​ស្គាល់​ថា​គាត់​ត្រូវ​ប្រែ​ចិត្ត​និង​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​គាត់។

១៥​. តើ​យើង​អាច​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

១៥ មាន​បញ្ហា​មួយ​ទៀត​នៅ​ក្រុង​កូរិនថូស។ បង​ប្អូន​ខ្លះ​បាន​ប្ដឹង​បង​ប្អូន​រួម​ជំនឿ​ទៅ​តុលាការ។ ប៉ូល​បាន​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​មិន​សុខ​ចិត្ត​ទ្រាំ​អំពើ​អយុត្ដិធម៌​នោះ​វិញ?​»។ (​កូរិនថូស​ទី១ ៦:១​-​៨​) សព្វ​ថ្ងៃ​នេះ បុគ្គល​ខ្លះ​ក្នុង​ក្រុម​ជំនុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មុខ​ជំនួញ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ តែ​បាន​ខាត​លុយ​ឬ​មាន​អារម្មណ៍​ថា​បង​ប្អូន​នោះ​បាន​បោក​ប្រាស់​គាត់។ ដូច្នេះ ពួក​គេ​បាន​ប្ដឹង​បង​ប្អូន​ទៅ​តុលាការ។ ប៉ុន្តែ​ពេល​នេះ​កើត​ឡើង នេះ​អាច​នាំ​ឲ្យ​មនុស្ស​និយាយ​មិន​ល្អ​អំពី​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​របស់​លោក។ ម្យ៉ាង​ទៀត នេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ក្នុង​ក្រុម​ជំនុំ។ គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ​ជួយ​យើង​ឲ្យ​ឃើញ​ថា​យើង​ត្រូវ​រក្សា​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​នឹង​បង​ប្អូន ទោះ​ជា​យើង​ខាត​លុយ​ក៏​ដោយ។ [២] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) លោក​យេស៊ូ​បាន​បង្រៀន​យើង​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​ធ្ងរ​និង​ការ​ខ្វែង​គំនិត​គ្នា។ (​សូម​អាន ម៉ាថាយ ៥:២៣, ២៤; ១៨:១៥​-​១៧​) ពេល​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក យើង​រក្សា​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។

១៦​. ហេតុ​អ្វី​រាស្ត្រ​របស់​ព្រះ​មាន​សាមគ្គី​ភាព?

១៦ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ថា​៖ ​«​មើល ដែល​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នា​ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ!​»។ (​ទំនុក​តម្កើង ១៣៣:១​) ពេល​ជន​ជាតិ​អ៊ីស្រាអែល​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ពួក​គេ​មាន​របៀប​រៀប​រយ​និង​សាមគ្គី​ភាព។ ព្រះ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​រាស្ត្រ​របស់​លោក​ថា​៖ ​«​យើង​នឹង​អោយ​អ្នក​រាល់​គ្នា​មក​នៅ​ជុំ​គ្នា​វិញ ដូច​ចៀម​ស្ថិត​នៅ​ក្នុង​ក្រោល​តែ​មួយ​»។ (​មីកា ២:១២, ខ.ស.​) ព្រះ​យេហូវ៉ា​ក៏​បាន​ប្រកាស​ទុក​ជា​មុន​ដែរ​ថា​រាស្ត្រ​របស់​លោក​នឹង​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ ហើយ​នឹង​បម្រើ​លោក​ដោយ​សាមគ្គី​ភាព។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អញ​នឹង​ឲ្យ​ជន​ជាតិ​ទាំង​ឡាយ​មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់​»។ (​សេផានា ៣:៩​) យើង​សប្បាយ​ចិត្តដែល​យើង​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​សាមគ្គី​ភាព!

អ្នកចាស់ទុំពីរនាក់កំពុងនិយាយជាមួយនឹងបងស្រីម្នាក់

ពួក​អ្នក​ចាស់​ទុំ​ជួយ​បុគ្គល​ដែល​«​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​»​ (​សូម​មើល​វគ្គ​១៧​)

១៧​. តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ធ្វើ​អ្វី​ពេល​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ?

១៧ បើ​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ឆាប់​កែ​តម្រង់​គាត់​ដោយ​សេចក្ដី​ស្រឡាញ់។ ពួក​គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គាត់​ការពារ​ក្រុម​ជំនុំ​ពី​ឥទ្ធិពល​អាក្រក់ ហើយ​រក្សា​ភាព​ស្អាត​ស្អំ​និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ (​សុភាសិត ១៥:៣​) ប៉ូល​ពិត​ជា​ស្រឡាញ់​បង​ប្អូន​របស់​គាត់​នៅ​ក្រុង​កូរិនថូស ហើយ​បាន​កែ​តម្រង់​ពួក​គេ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ ដូច​យើង​ឃើញ​ក្នុង​សំបុត្រ​ទី១​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​ពួក​គេ។ យើង​ដឹង​ថា​ពួក​អ្នក​ចាស់​ទុំ​នៅ​ទី​នោះ​បាន​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​របស់​ប៉ូល ដោយ​សារ​ប៉ុន្មាន​ខែ​ក្រោយ​មក ប៉ូល​បាន​សរសើរ​ពួក​គាត់​ក្នុង​សំបុត្រ​ទី២​ដែល​គាត់​បាន​សរសេរ​ដល់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស។ បើ​បង​ប្អូន​ណា​ម្នាក់​«​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​ដោយ​មិន​ដឹង​ខ្លួន​»​ ពួក​អ្នក​ចាស់​ទុំ​គួរ​កែ​តម្រង់​គាត់​ដោយ​ចិត្ត​ស្លូតបូត។—កាឡាទី ៦:១

១៨​. (​ក​) តើ​តាម​របៀប​ណា​ការ​ណែនាំ​ក្នុង​បណ្ដាំ​របស់​ព្រះ​បាន​ជួយ​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី១? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៨ យើង​អាច​ឃើញ​ច្បាស់​ថា​ពេល​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​បាន​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ ក្រុម​ជំនុំ​របស់​ពួក​គេ​មាន​ភាព​ស្អាត​ស្អំ សេចក្ដី​សុខ​សាន្ត និង​សាមគ្គី​ភាព។ (​កូរិនថូស​ទី១ ១:១០; អេភេសូរ ៤:១១​-​១៣; ពេត្រុស​ទី១ ៣:៨​) ជា​លទ្ធផល បង​ប្អូន​ទាំង​នោះ​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​«​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ​»។ (​កូឡុស ១:២៣​) សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក៏​មាន​សាមគ្គី​ភាព​និង​មាន​របៀប​រៀប​រយ ហើយ​ពួក​គេ​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី។ អត្ថបទ​បន្ទាប់​នឹង​ផ្ដល់​ភ័ស្តុតាង​ថែម​ទៀត​ដែល​បញ្ជាក់​ថា​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​បំផុត​របស់​រាស្ត្រ​ព្រះ​គឺ​ដើម្បី​លើក​តម្កើង​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត ហើយ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​លោក។—ទំនុក​តម្កើង ៧១:១៥, ១៦

^ [​១​] (​វគ្គ​១៣​) សូម​មើល​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា អង្គ​ការ​មួយ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​យេហូវ៉ា ជំពូក​១៤ វគ្គ​៩​-​១២។

^ [​២​] (​វគ្គ​១៥​) ដើម្បី​ទទួល​ព័ត៌មាន​អំពី​ករណី​ដែល​គ្រិស្ត​សាសនិក​ម្នាក់​ប្រហែល​ជា​នឹង​សម្រេច​ចិត្ត​ប្ដឹង​គ្រិស្ត​សាសនិក​ម្នាក់​ទៀត សូម​មើលកំណត់​សម្គាល់​នៅ​ទំព័រ​២៥៥ ក្នុង​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • រៀប​ចំ​រាស្ត្រ​របស់​លោក: ព្រះ​យេហូវ៉ា​ឲ្យ​ការ​ណែនាំ​ដែល​បង្ហាញ​យើង​អំពី​របៀប​គោរព​ប្រណិប័តន៍​លោក​ក្នុង​ក្រុម​ជំនុំ​របស់​យើង ហើយ​អំពី​របៀប​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ

  • រក្សា​ក្រុម​ជំនុំ​ឲ្យ​នៅ​ស្អាត​ស្អំ: យើង​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដែល​ព្រះ​យេហូវ៉ា​ទុក​ក្នុង​គម្ពីរ។ បើ​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ពួក​អ្នក​ចាស់​ទុំ​ឆាប់​កែ​តម្រង់​គាត់​ដោយ​សេចក្ដី​ស្រឡាញ់។ បើ​គាត់​មិន​ព្រម​កែ​ប្រែ គាត់​មិន​អាច​ធ្វើ​ជា​សមាជិក​ក្រុម​ជំនុំ​ទៀត​ទេ។ បទ​គម្ពីរ​ពន្យល់​អំពី​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​បុគ្គល​បែប​នេះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក