បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៦ ទំ. ១២-១៧
  • មូលហេតុដែលការឈឺចាប់នឹងកន្លងផុតទៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មូលហេតុដែលការឈឺចាប់នឹងកន្លងផុតទៅ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​តប​ឆ្លើយ​ដោយ​ប្រសិទ្ធភាព
  • ចូរ​ដៅ​បញ្ជាក់​ពី​គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា
  • គុណសម្បត្ដិ​សំខាន់​ចម្បង​របស់​ព្រះ​យេហូវ៉ា
  • ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ហេតុអ្វីមានអំពើអាក្រក់និងទុក្ខវេទនា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ហេតុអ្វីមានទុក្ខវេទនាច្រើនម្ល៉េះ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ហេតុអ្វីព្រះអនុញ្ញាតឲ្យមានការឈឺចាប់កើតឡើង?
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៦ ទំ. ១២-១៧

មូលហេតុ​ដែល​ការ​ឈឺ​ចាប់​នឹង​កន្លង​ផុត​ទៅ

​«ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​ល័ក្ខណ៍»។—ចោទិយកថា ៣២:៤

១, ២​. (ក) តើ​អ្នក​ពេញ​ចិត្ត​ចំពោះ​ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ដោយ​ព្រោះ​អ្វី? (ខ) ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​មិន​ជឿ​ទៅ​លើ​ព្រះ​ដែល​ជា​អ្នក​សន្យា​ថា​នឹង​ធ្វើ​អ្វីៗ​ដ៏​អស្ចារ្យ​ទាំង​នេះ​នៅ​ពេល​អនាគត?

តើ​អ្នក​ចូល​ចិត្ត​គិត​អំពី​ជីវិត​ក្នុង​សួន​មនោរម្យ​ទេ? ប្រហែល​ជា​អ្នក​ស្រមៃ​គិត​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទិស​ទី​នៅ​ផែនដី​ដើម្បី​រៀន​អំពី​របស់​ផ្សេងៗ​ក្នុង​ធម្មជាតិ​ដែល​យើង​ពុំ​អាច​រាប់​បាន។ ឬ​មួយ​ក៏​អ្នក​ចូល​ចិត្ត​គិត​អំពី​អារម្មណ៍​ស្កប់ស្កល់​ដែល​អ្នក​នឹង​មាន​ពេល​ធ្វើ​ការ​ជា​មួយ​អ្នក​ឯ​ទៀត​ក្នុង​ការ​រៀបចំ​ឲ្យ​ផែនដី​ទាំង​មូល​ក្លាយ​ជា​សួនច្បារ​ដ៏​ស្រស់​បំព្រង ទាំង​ថែទាំ​សួន​នោះ​ត​ទៅ​ទៀត​ដែរ។ ណា​មួយ​ទៀត ប្រហែល​ជា​អ្នក​គិត​អំពី​ការ​រៀន​ឲ្យ​ចេះ​គូរ​គំនូរ គូរ​ប្លង់​ផ្ទះ លេង​ភ្លេង ឬ​ធ្វើ​អ្វី​ទៀត​ដែល​សព្វ​ថ្ងៃ​នេះ​អ្នក​គ្មាន​ពេល​ធ្វើ​សោះ ដោយ​ព្រោះ​តែងតែ​មាន​ការ​មមាញឹក។ មិន​ថា​អ្នក​ចូល​ចិត្ត​ស្រមៃ​គិត​អំពី​ទង្វើ​ណា​ក៏​ដោយ អ្នក​ច្បាស់​ជា​ពេញ​ចិត្ត​ណាស់​ចំពោះ​សេចក្ដី​សង្ឃឹម​របស់​ខ្លួន ទៅ​លើ​ជីវិត​ដែល​គម្ពីរ​ហៅ​ថា «ជីវិត​អស់កល្ប​ជានិច្ច» ឬ​ជីវិត​គ្មាន​ទីបញ្ចប់​ស្រប​ទៅ​តាម​បំណង​ចិត្ត​ព្រះ​យេហូវ៉ា។—ធីម៉ូថេទី១ ៦:១៩

២ យើង​ក៏​ចូល​ចិត្ត​ប្រាប់​មនុស្ស​ដទៃ​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​យើង​ចាត់​ទុក​ភារកិច្ច​នេះ​ជា​ឯកសិទ្ធិ​ល្អ មែន​ទេ? ប៉ុន្តែ មនុស្ស​ជា​ច្រើន​មិន​ជឿ​សោះ ថា​មនុស្ស​អាច​រស់​ជា​រៀង​រហូត។ ពួក​គេ​មាន​ទស្សនៈ​ថា សេចក្ដី​សង្ឃឹម​នោះ​គ្មាន​មូលដ្ឋាន​ទេ មាន​តែ​មនុស្ស​ត្រចៀក​ស​ប៉ុណ្ណោះ​ដែល​ជឿ។ សូម្បី​តែ​ជំនឿ​លើ​ព្រះ​ដែល​សន្យា​ថា ទ្រង់​នឹង​រៀបចំ​ឲ្យ​មាន​ជីវិត​គ្មាន​ទីបញ្ចប់​ក្នុង​សួន​មនោរម្យ នោះ​ពួក​គេ​ក៏​មិន​ជឿ​ដែរ។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ជឿ? មនុស្ស​ខ្លះ​មិន​ជឿ​ដោយ​ព្រោះ​ពួក​គេ​ចេះ​តែ​ឃើញ​អំពើ​អាក្រក់​ជា​និច្ច។ ពួក​គេ​គិត​ថា បើ​មាន​ព្រះ​មួយ​អង្គ​ដែល​ស្រឡាញ់​យើង​និង​មាន​អំណាច​ខ្លាំង​ក្លា​មែន នោះ​មិន​គួរ​មាន​អំពើ​អាក្រក់​និង​ការ​ឈឺ​ចាប់​ក្នុង​ពិភព​លោក​ទេ ពីព្រោះ​ព្រះ​ល្អ​មិន​ត្រា​ប្រណី​ចំពោះ​អំពើ​សាហាវ​យង់ឃ្នង​ដូច​នេះ​ឡើយ។ ឬ​មួយ​ក៏ គេ​គិត​ថា​បើ​មាន​ព្រះ​ល្អ​មួយ​អង្គ​មែន ប្រហែល​ជា​គាត់​ខ្វះ​អំណាច​ឬ​មិន​ចាប់​អារម្មណ៍​ចំពោះ​យើង​ទេ។ មនុស្ស​ខ្លះ​ចាត់​ទុក​ទស្សនៈ​បែប​នេះ​ជា​អ្វី​ដែល​សម​ហេតុ​សម​ផល។ ដូច្នេះ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា សាតាំង​ពិត​ជា​ពូកែ​បង្អាប់​ដល់​គំនិត​មនុស្ស​ជាតិ​មែន។—កូរិនថូសទី២ ៤:៤

៣​. តើ​យើង​អាច​ឆ្លើយ​សំណួរ​ដ៏​ពិបាក​មួយ​ណា? ហេតុ​អ្វី​ក៏​យើង​មាន​លទ្ធភាព​ឆ្លើយ​សំណួរ​នោះ​បាន?

៣ ក្នុង​នាម​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​ជា​សាក្សី​របស់​ទ្រង់ យើង​មាន​លទ្ធភាព​ជួយ​មនុស្ស​ដែល​បាន​ត្រូវ​បំភាន់​ដោយ​សាតាំង​និង​ទស្សនវិជ្ជា​ដែល​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ចាត់​ទុក​ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​ប្រាជ្ញា។ (កូរិនថូសទី១ ១:២០; ៣:១៩) យើង​យល់​ច្បាស់​នូវ​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​មិន​ជឿ​លើ​សេចក្ដី​សន្យា​ក្នុង​គម្ពីរ គឺ​ដោយសារ​ពួក​គេ​មិន​ស្គាល់​ព្រះ​យេហូវ៉ា។ ពួក​គេ​ប្រហែល​ជា​មិន​ទាំង​ស្គាល់​ឈ្មោះ​របស់​ទ្រង់ ឬ​អត្ថន័យ​នៃ​ឈ្មោះ​នោះ។ ពួក​គេ​ច្បាស់​ជា​មិន​ដឹង​ច្រើន​អំពី​គុណសម្បត្ដិ​របស់​ទ្រង់ ហើយ​មិន​ដែល​រៀន​អំពី​សេចក្ដី​សន្យា​ជា​ច្រើន​ដែល​ទ្រង់​បាន​សម្រេច​រួច​ហើយ។ ប៉ុន្តែ យើង​មាន​ចំណេះ​ពិសេស​នេះ។ ដូច្នេះ យក​ល្អ​ឲ្យ​យើង​ឆ្លៀត​ពេល​គិត​ម្ដងម្កាល​អំពី​របៀប​ដែល​យើង​អាច​ជួយ​មនុស្ស​ដែល​ហាក់​ដូច​ជា​ស្ថិត​ក្នុង​«សេចក្ដី​ខ្លៅ​ល្ងង់»​ដោយ​ព្រោះ​ខ្វះ​ចំណេះ​នេះ។ យើង​ប្រហែល​ជា​អាច​ឆ្លើយ​សំណួរ​មួយ​ដែល​ពិបាក​ឆ្លើយ ពោល​គឺ«ហេតុ​អ្វី​បាន​ជា​ព្រះ​ទុក​ឲ្យ​មាន​អំពើ​អាក្រក់​និង​ការ​ឈឺ​ចាប់​ច្រើន​ម្ល៉េះ?»។ (អេភេសូរ ៤:១៨) មុន​ដំបូង យើង​នឹង​ពិ​ភាក្សា​អំពី​របៀប​ដែល​យើង​អាច​ឆ្លើយ​សំណួរ​នេះ​ដោយ​ប្រសិទ្ធភាព។ ក្រោយ​មក យើង​នឹង​ពិនិត្យ​មើល​គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ដែល​លេច​ធ្លោ​ជាង​គេ​ក្នុង​របៀប​ដែល​ទ្រង់​ប្រព្រឹត្ត​ចំពោះ​អស់​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់។

របៀប​តប​ឆ្លើយ​ដោយ​ប្រសិទ្ធភាព

៤, ៥​. ពេល​មនុស្ស​សួរ​អំពី​ហេតុ​ដែល​ព្រះ​ទុក​ឲ្យ​មាន​ការ​ឈឺ​ចាប់​យូរ​ម្ល៉េះ តើ​គួរ​គប្បី​ឲ្យ​យើង​ធ្វើ​អ្វី​ជា​មុន​សិន? ហេតុ​អ្វី?

៤ ពេល​មនុស្ស​សួរ​អំពី​មូលហេតុ​ដែល​ព្រះ​ទុក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ច្រើន​ម្ល៉េះ តើ​យើង​ធ្លាប់​ឆ្លើយ​យ៉ាង​ណា? ប្រហែល​ជា​យើង​ចូល​ចិត្ត​រៀប​រាប់​យ៉ាង​ល្អិតល្អន់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​សួនច្បារ​អេដែន។ ជួន​កាល ការ​ពន្យល់​បែប​នោះ​មាន​ប្រយោជន៍​មែន ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន​បន្ដិច​ដែរ។ ក្នុង​ករណី​ខ្លះ ប្រហែល​ជា​មាន​ប្រយោជន៍​ឲ្យ​យើង​ពិភាក្សា​អំពី​ចំណុច​ឯ​ទៀត​ជា​មុន​សិន។ (សុភាសិត ២៥:១១; កូល៉ុស ៤:៦) ឥឡូវ សូម​ពិនិត្យ​មើល​ចំណុច​បី​យ៉ាង​ដែល​មាន​សារៈ​ប្រយោជន៍​មុន​យើង​ឆ្លើយ​សំណួរ​នោះ​យ៉ាង​ល្អិតល្អន់។

៥ មុន​ដំបូង បើ​អំពើ​អាក្រក់​ក្នុង​ពិភព​លោក​នេះ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ពិបាក​ចិត្ត​ដល់​ម្ល៉េះ បាន​ជា​ជំរុញ​ឲ្យ​គាត់​សួរ​សំណួរ​នោះ ប្រហែល​ជា​គាត់​ឬ​មិត្ត​សម្លាញ់​របស់​គាត់​បាន​រង​ការ​ឈឺ​ចាប់​រួច​ហើយ។ បើ​ដូច្នេះ​មែន គឺ​ច្បាស់​ជា​មាន​ប្រយោជន៍​ឲ្យ​យើង​បង្ហាញ​ចិត្ត​អាណិតអាសូរ​ចំពោះ​គាត់ មុន​នឹង​ពន្យល់​អំពី​អ្វី​ដែល​កត់​ទុក​ក្នុង​គម្ពីរ។ សាវ័ក​ប៉ុល​បាន​ជូន​យោបល់​ឲ្យ​ពួក​គ្រិស្ត​សា​សនិក​ថា​៖ «[ចូរ]​យំ​ជា​មួយ​នឹង​អ្នក​ណា​ដែល​យំ»។ (រ៉ូម ១២:១៥) ពេល​យើង​បង្ហាញ​«ចិត្ត​អាណិតអាសូរ» នេះ​ប្រហែល​ជា​នឹង​ជំរុញ​ចិត្ត​អ្នក​ដែល​សួរ​សំណួរ​ឲ្យ​ស្ដាប់​ចម្លើយ​របស់​យើង។ (ពេត្រុសទី១ ៣:៨) បើ​គាត់​មាន​អារម្មណ៍​ថា យើង​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់ គាត់​មុខ​ជា​នឹង​ស្ដាប់​យើង​វិញ។

៦, ៧​. ពេល​មនុស្ស​សួរ​សំណួរ​អំពី​គម្ពីរ​ដោយ​ព្រោះ​គាត់​ពិបាក​ចិត្ត ហេតុ​អ្វី​ក៏​គួរ​គប្បី​ឲ្យ​យើង​សរសើរ​គាត់?

៦ ទីពីរ យើង​គួរ​សរសើរ​មនុស្ស​ដែល​ហ៊ាន​សួរ​សំណួរ​នោះ។ អ្នក​ខ្លះ​គិត​ថា បើ​គេ​ឆ្ងល់​អំពី​ហេតុ​ដែល​ព្រះ​ទុក​ឲ្យ​មាន​ការ​ឈឺ​ចាប់ នេះ​ប្រហែល​មាន​ន័យ​ថា ពួក​គេ​ខ្វះ​ជំនឿ​ឬ​មិន​ចេះ​គោរព​ព្រះ។ ជួន​កាល​គ្រូ​គង្វាល​ថ្កោល​ទោស​ពួក​អ្នក​ដែល​សួរ​សំណួរ​បែប​នោះ។ ប៉ុន្តែ ពេល​មនុស្ស​ឆ្ងល់​អំពី​ហេតុ​ដែល​ព្រះ​ទុក​ឲ្យ​មាន​ការ​ឈឺ​ចាប់ នេះ​មិន​តែង​តែ​មាន​ន័យ​ថា​ពួក​គេ​មិន​ជឿ​លើ​ព្រះ​ទេ។ តាម​ពិត នៅ​សម័យ​ដែល​គម្ពីរ​បាន​ត្រូវ​សរសេរ​មក មនុស្ស​ខ្លះ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​បាន​សួរ​សំណួរ​ដូច​គ្នា​ដែរ។ ជា​ឧទាហរណ៍ លោក​ដាវីឌ​ដែល​ជា​អ្នក​តែង​បទ​ទំនុកដំកើង​បាន​សួរ​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ហេតុ​អ្វី​បាន​ជា​ទ្រង់​គង់​នៅ​ឆ្ងាយ​ម្ល៉េះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ពួន​ព្រះ​អង្គ​នៅ​គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​លំបាក​ដូច្នេះ?»។ (ទំនុកដំកើង ១០:១) ស្រដៀង​គ្នា​ដែរ លោក​ហាបាគុក​ដែល​ជា​អ្នក​ថ្លែង​ទំនាយ​បាន​សួរ​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ? ទូល​បង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូល​បង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូល​បង្គំ​មើល​ឃើញ​តែ​សេចក្ដី​ទំនាស់​ចិត្ត​ដូច្នេះ? ដ្បិត​មាន​សុទ្ធតែ​ការ​បំផ្លាញ​នឹង​ការ​ច្រឡោត​នៅ​មុខ​ទូល​បង្គំ ក៏​មាន​សេចក្ដី​ឈ្លោះ​ប្រកែក​នឹង​ការ​ទាស់ទែង​គ្នា​កើត​ឡើង»។—ហាបាគុក ១:២, ៣

៧ ដាវីឌ​និង​ហាបាគុក​ជា​មនុស្ស​ដែល​ជឿ​លើ​ព្រះ​យេហូវ៉ា ហើយ​ពួក​គាត់​បាន​គោរព​ទ្រង់​យ៉ាង​ជ្រាល​ជ្រៅ​ផង។ តើ​មាន​នរណា​ស្តី​ឲ្យ​ពួក​គាត់​ដោយ​ព្រោះ​គាត់​សួរ​សំណួរ​ដូច​នោះ​ទេ? មិន​ទេ។ ផ្ទុយ​ទៅ​វិញ សំណួរ​ដែល​ផុស​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់​នោះ ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​គេ​សរសេរ​ក្នុង​គម្ពីរ​ទ្រង់។ នៅ​សព្វ​ថ្ងៃ​នេះ ពេល​មនុស្ស​ពិបាក​ចិត្ត​ដោយ​ព្រោះ​មាន​អំពើ​អាក្រក់​ច្រើន​ម្ល៉េះ នេះ​ប្រហែល​ជា​បង្ហាញ​ថា គាត់​ចង់​ស្ដាប់​ចម្លើយ​ដែល​មាន​តែ​គម្ពីរ​ព្រះ​ប៉ុណ្ណោះ​អាច​ឆ្លើយ​បាន។ សូម​ចាំ​ថា ព្រះ​យេស៊ូ​បាន​សរសើរ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា ខ្លួន​ជា​មនុស្ស​«កំសត់​ខាង​ឯ​វិញ្ញាណ» ដែល​មាន​ន័យ​ថា​ពួក​គេ​ត្រូវ​ការ​ជំនួយ​ដើម្បី​ស្គាល់​ព្រះ​បាន។ (ម៉ាថាយ ៥:៣) យើង​ពិត​ជា​មាន​ឯកសិទ្ធិ​ដ៏​វិសេស​ណាស់! ក្នុង​ការ​ជួយ​មនុស្ស​កម្សត់​បែប​នោះ​ឲ្យ​ទទួល​ពរ​និង​សុភមង្គល​ស្រប​ទៅ​តាម​សេចក្ដី​សន្យា​របស់​ព្រះ​យេស៊ូ។

៨​. តើ​សេចក្ដី​បង្រៀន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​យល់​ច្រឡំ​ថា ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់? តើ​យើង​អាច​ជួយ​មនុស្ស​ឲ្យ​យល់​ត្រឹម​ត្រូវ​បាន​យ៉ាង​ណា?

៨ ទី​បី យើង​ប្រហែល​ជា​ត្រូវ​ជួយ​អ្នក​ដែល​សួរ​សំណួរ​នោះ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​មិន​បាន​បង្កើត​ឲ្យ​មាន​អំពើ​អាក្រក់​ជួជាតិ​ដែល​យើង​ឃើញ​ជា​ទូទៅ​ទេ។ គ្រូ​ជា​ច្រើន​ដែល​បង្រៀន​ធម៌​សាសនា​ពន្យល់​ថា ព្រះ​អង្គ​កំពុង​គ្រប់គ្រង​លើ​ពិភព​លោក​នេះ ហើយ​ថា​យូរ​ឆ្នាំ​ទៅ​ហើយ​លោក​បាន​កំណត់​វាសនា​យើង​ម្នាក់ៗ​រួច​ហើយ។ ពួក​គេ​ក៏​បង្រៀន​ថា គ្មាន​អ្នក​ណា​អាច​យល់​បាន​ទេ នូវ​មូលហេតុ​ដែល​ព្រះ​អង្គ​ធ្វើ​បាប​មនុស្ស។ ប៉ុន្តែ សេចក្ដី​បង្រៀន​ទាំង​នេះ​សុទ្ធតែ​ខុស។ ការ​បង្រៀន​បែប​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​អបយស ហើយ​ដាក់​កំហុស​លើ​ទ្រង់​ហាក់​ដូច​ជា​ទ្រង់​ញុះញង់​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់។ ដូច្នេះ យើង​ប្រហែល​ជា​ត្រូវ​ប្រើ​គម្ពីរ​ជា​បន្ទូល​ឬ​បណ្ដាំ​របស់​ទ្រង់​ដើម្បី​បង្ហាញ​ថា ទ្រង់​មិន​ចង់​ឲ្យ​យើង​រង​ទុក្ខ​លំបាក​ទេ។ (ធីម៉ូថេទី២ ៣:​១៦) អារក្ស​សាតាំង​ជា​អ្នក​គ្រប់គ្រង​ពិភព​លោក​ដ៏​ខូច​អាក្រក់​នេះ មិន​មែន​ព្រះ​យេហូវ៉ា​ទេ។ (យ៉ូហានទី១ ៥:១៩) ព្រះ​យេហូវ៉ា​មិន​កំណត់​វាសនា​មនុស្ស​និង​ទេវតា​ឡើយ។ ព្រះ​យេហូវ៉ា​ឲ្យ​យើង​រាល់​គ្នា​មាន​សេរីភាព ហើយ​យើង​ក៏​មាន​សិទ្ធិ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ​និង​អ្វី​ដែល​ខុស​ឆ្គង ព្រម​ទាំង​សម្រេច​ចិត្ត​ធ្វើ​អំពើ​ល្អ​ឬ​ធ្វើ​អំពើ​អាក្រក់​វិញ។ (ចោទិយកថា ៣០:១៩) ព្រះ​យេហូវ៉ា​មិន​ដែល​បណ្ដាល​ឲ្យ​មាន​អំពើ​អាក្រក់​សោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ស្អប់​អំពើ​អាក្រក់ ហើយ​ពេល​មនុស្ស​រង​ការ​ឈឺ​ចាប់​ដោយ​អយុត្ដិធម៌ នោះ​ទ្រង់​ក៏​យក​ចិត្ត​ទុក​ដាក់​ផង។—យ៉ូប ៣៤:១០; សុភាសិត ៦:១៦​-​១៩; ពេត្រុសទី១ ៥:៧

៩​. តើ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›បាន​រៀបចំ​ឧបករណ៍​អ្វី​ខ្លះ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​យល់​អំពី​ហេតុ​ដែល​ព្រះ​យេហូវ៉ា​ទុក​ឲ្យ​មាន​ការ​ឈឺ​ចាប់​យូរ​ដល់​ម្ល៉េះ?

៩ ពេល​យើង​ពន្យល់​ចំណុច​ទាំង​នេះ​មុន​ឆ្លើយ​សំណួរ ប្រហែល​ជា​អ្នក​ដែល​សួរ​សំណួរ​នោះ​នឹង​យល់​ព្រម​ស្ដាប់​ត​ទៅ​ទៀត អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ទុក​ឲ្យ​មាន​ការ​ឈឺ​ចាប់​យូរ​ដល់​ម្ល៉េះ។ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›ក៏​បាន​រៀបចំ​ឧបករណ៍​ផ្សេងៗ​ដើម្បី​ជួយ​យើង​ឆ្លើយ​សំណួរ​នេះ​បាន។ (ម៉ាថាយ ២៤:៤៥​-​៤៧) ជា​ឧទាហរណ៍ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​ត្រូវ​បកប្រែ​គ្រប់​១៥៧​ភាសា​ហើយ ក៏​មាន​ជំពូក​មួយ​ដែល​ឆ្លើយ​សំណួរ​សំខាន់​នេះ​ដែរ។ ចូរ​ឧស្សាហ៍​យក​សៀវភៅ​នេះ​ជា​ឧបករណ៍​ផ្សាយ​និង​បង្រៀន​ចុះ! សៀវភៅ​នេះ​បកស្រាយ​យ៉ាង​ស្រួល​យល់​នូវ​អ្វី​ដែល​រៀប​រាប់​ក្នុង​គម្ពីរ​ស្តី​អំពី​ការ​ចោទ​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ផុស​ឡើង​ក្នុង​សួនច្បារ​អេដែន។ ឧបករណ៍​នេះ​ក៏​ពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​មិន​បាន​បំផ្លាញ​អ្នក​ប្រឆាំង​ទាំង​នោះ​ភ្លាម។ សូម​ចាំ​ដែរ​ថា ពេល​អ្នក​ពន្យល់​រឿង​នោះ នេះ​ផ្ដល់​ឲ្យ​អ្នក​ស្ដាប់​នូវ​ចំណេះ​សំខាន់​បំផុត ពោល​គឺ ចំណេះ​អំពី​ព្រះ​យេហូវ៉ា​និង​គុណសម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ទ្រង់។

ចូរ​ដៅ​បញ្ជាក់​ពី​គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា

១០​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ពិបាក​យល់​អំពី​មូលហេតុ​ដែល​ព្រះ​ទុក​ឲ្យ​មនុស្ស​មាន​ការ​ឈឺ​ចាប់? តើ​ចំណេះ​អំពី​អ្វី​ប្រហែល​ជា​នឹង​ជួយ​ពួក​គេ​ឲ្យ​យល់​ច្បាស់​វិញ?

១០ ពេល​យើង​ពន្យល់​ដល់​អ្នក​ដទៃ​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់គ្រង​លើ​ខ្លួន​ឯង​ក្រោម​ឥទ្ធិពល​របស់​សាតាំង សូម​ឆ្លៀត​ឱកាស​ដើម្បី​បញ្ជាក់​ពី​គុណសម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ទ្រង់។ មនុស្ស​ស្ទើរតែ​ទាំង​អស់​ទទួល​ស្គាល់​ថា​ព្រះ​ជា​បុគ្គល​ដែល​មាន​អំណាច​ខ្លាំង​ក្លា។ ខ្លះ​ក៏​ធ្លាប់​ឮ​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត ទ្រង់​មាន​ព្រះ​ចេស្ដា​បំផុត។ ប៉ុន្តែ នេះ​ប្រហែល​ធ្វើ​ឲ្យ​ពួក​គេ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ប្រើ​អំណាច​ខ្លាំង​ក្លា​នោះ​ដើម្បី​បំបាត់​ចោល​អំពើ​អយុត្ដិធម៌​និង​ការ​ឈឺ​ចាប់​ភ្លាម? ពួក​គេ​ទំនង​ជា​មិន​យល់​ច្បាស់​អំពី​គុណសម្បត្ដិ​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា ថា​ទ្រង់​ជា​ព្រះ​ដែល​បរិសុទ្ធ​ហើយ​យុត្ដិធម៌ ព្រម​ទាំង​មាន​ប្រាជ្ញា​និង​សេចក្ដី​ស្រឡាញ់។ គុណសម្បត្ដិ​ទាំង​នេះ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ជាប់​ទាក់ទង​នឹង​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ។ ដូច្នេះ គម្ពីរ​ព្រះ​ចែង​ថា​៖ «ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​ល័ក្ខណ៍»។ (ចោទិយកថា ៣២:​៤) ពេល​មនុស្ស​សួរ​សំណួរ​អំពី​ហេតុ​ដែល​ព្រះ​ទុក​ឲ្យ​មនុស្ស​មាន​ការ​ឈឺ​ចាប់ តើ​អ្នក​អាច​ដៅ​បញ្ជាក់​ពី​គុណសម្បត្ដិ​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច? សូម​មើល​ឧទាហរណ៍​ខ្លះៗ។

១១, ១២​. (ក) ពេល​អ័ដាម​និង​អេវ៉ា​បាន​ធ្វើ​បាប​នោះ ហេតុ​អ្វី​បាន​ជា​ពួក​គេ​គ្មាន​សិទ្ធិ​ទទួល​ការ​អត់​ឱន​ទោស? (ខ) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​នឹង​មិន​ត្រាប្រណី​រហូត ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​បាប?

១១ ម្ដេច​ក៏​ព្រះ​យេហូវ៉ា​មិន​អត់​ទោស​ឲ្យ​អ័ដាម​និង​អេវ៉ា? ក្នុង​ករណី​របស់​ពីរ​នាក់​នោះ ពួក​គេ​គ្មាន​សិទ្ធិ​ទទួល​ការ​អត់​ឱន​ទោស​ទេ។ អ័ដាម​និង​អេវ៉ា​ជា​មនុស្ស​ល្អ​ឥតខ្ចោះ ដូច្នេះ​ពួក​គេ​បាន​សម្រេច​ចិត្ត​ដោយ​ចេតនា ថា​ចង់​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​ចង់​ធ្វើ​តាម​ការ​ណែនាំ​របស់​សាតាំង​វិញ។ យើង​ក៏​មិន​ភ្ញាក់ផ្អើល​ទេ ថា​ក្រោយៗ​មក​អ្នក​បះបោរ​ទាំង​នោះ​មិន​បាន​ប្រែ​ចិត្ត​សោះ។ ប៉ុន្តែ ពេល​មនុស្ស​សួរ​អំពី​ហេតុ​ដែល​ព្រះ​យេហូវ៉ា​មិន​អត់​ទោស​ឲ្យ​អ័ដាម​និង​អេវ៉ា ប្រហែល​ជា​ពួក​គេ​គិត​ថា ទ្រង់​មិន​គួរ​ប្រកាន់​ហួស​ហេតុ​ពេក​ចំពោះ​អ្នក​បះបោរ​ដែល​បាន​ធ្វើ​អំពើ​បាប​នោះ។ តាម​ពិត មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ប្រកាន់​ទោស​នោះ គឺ​ទាក់ទង​នឹង​លក្ខណៈ​សំខាន់​មួយ​របស់​ទ្រង់ ពោល​គឺ ទ្រង់​ជា​ព្រះ​ដ៏​បរិសុទ្ធ។—និក្ខមនំ ២៨:៣៦; ៣៩:៣០

១២ រាប់​រយ​ដង​គម្ពីរ​ព្រះ​បញ្ជាក់​ថា ទ្រង់​ជា​ព្រះ​ដ៏​បរិសុទ្ធ។ ប៉ុន្តែ គួរ​ឲ្យ​សោក​ស្ដាយ​ថា មនុស្ស​តិច​ណាស់​ក្នុង​ពិភព​លោក​ដ៏​ខូច​អាក្រក់​នេះ យល់​អំពី​ភាព​បរិសុទ្ធ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ស្អាត​ស្អំ​និង​ឥតខ្ចោះ ដូច្នេះ​ទ្រង់​ស្ថិត​ដាច់​ដោយ​ឡែក​ពី​បាប។ (អេសាយ ៦:៣; ៥៩:២) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដើម្បី​លុប​បាប​ចោល ហើយ​ទ្រង់​នឹង​មិន​ត្រាប្រណី​រហូត ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​បាប។ បើ​ព្រះ​យេហូវ៉ា​មិន​ចាត់​វិធានការ នោះ​មនុស្ស​មិន​អាច​មាន​ក្ដី​សង្ឃឹម​សោះ​ចំពោះ​ពេល​អនាគត។ (សុភាសិត ១៤:១២) កាល​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​មក​ដល់​នោះ ទ្រង់​នឹង​បោស​សម្អាត​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត​មក​ឲ្យ​បាន​បរិសុទ្ធ​ឡើង​វិញ។ ការ​ទាំង​នោះ​នឹង​សម្រេច​ជា​ពុំ​ខាន ពីព្រោះ​នេះ​ហើយ​ជា​បំណង​ចិត្ត​របស់​ព្រះ​ដ៏​បរិសុទ្ធ។

១៣, ១៤​. ក្នុង​សួនច្បារ​អេដែន​នោះ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មិន​បំផ្លាញ​អ្នក​បះបោរ​ភ្លាម?

១៣ តើ​ព្រះ​យេហូវ៉ា​គួរ​បំផ្លាញ​ចោល​អ្នក​បះបោរ​ក្នុង​សួនច្បារ​អេដែន ហើយ​បង្កើត​មនុស្ស​ថ្មី​ពីរ​នាក់​ទេ? ព្រះ​យេហូវ៉ា​មាន​អំណាច​ធ្វើ​ដូច្នេះ​មែន ហើយ​មិន​យូរ​ប៉ុន្មាន​ទៀត​ទ្រង់​នឹង​ប្រើ​អំណាច​ទ្រង់​ដើម្បី​បំផ្លាញ​មនុស្ស​អាក្រក់​ទាំង​ឡាយ។ ដូច្នេះ មនុស្ស​ខ្លះ​ឆ្ងល់​ថា ‹ហេតុ​អ្វី​បាន​ជា​ព្រះ​មិន​បាន​បំផ្លាញ​គេ​ភ្លាម ពេល​មាន​តែ​បី​នាក់​ប៉ុណ្ណោះ​ជា​អ្នក​ដែល​បាន​ធ្វើ​បាប​ប្រឆាំង​នឹង​ទ្រង់? បើ​ដូច្នេះ បាប​និង​ការ​ឈឺ​ចាប់​មិន​អាច​ឆ្លង​រាលដាល​ដល់​មនុស្ស​គ្រប់​រូប ដូច​មាន​នៅ​សព្វ​ថ្ងៃ​នេះ មែន​ទេ?›។ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មិន​សម្រេច​ចិត្ត​បំផ្លាញ​គេ​ភ្លាម? សៀវភៅ​ចោទិយកថា ៣២:៤ ចែង​ថា​៖ «អស់​ទាំង​ផ្លូវ​ទ្រង់​សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌»។ «ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះទ័យ​នឹង​សេចក្ដី​យុត្ដិធម៌» ដែល​មាន​ន័យ​ថា​ទ្រង់​ស្រឡាញ់​យុត្ដិធម៌​ណាស់! (ទំនុកដំកើង ៣៧:២៨) តាម​ពិត ព្រះ​យេហូវ៉ា​មិន​បាន​បំផ្លាញ​អ្នក​បះបោរ​ទាំង​នោះ ពីព្រោះ​ទ្រង់​ស្រឡាញ់​យុត្ដិធម៌។ ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ដូច្នេះ?

១៤ ពេល​សាតាំង​បាន​បះបោរ​នោះ វា​បាន​ចោទ​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា។ ដោយសារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យុត្ដិធម៌ នេះ​តម្រូវ​ឲ្យ​ទ្រង់​បើក​ឱកាស​ឲ្យ​សាតាំង​ផ្ដល់​ទី​សំ​អាង។ ទោះ​ជា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ប្រហារ​ជីវិត​អ្នក​បះបោរ​ទាំង​បី​នាក់​ភ្លាមៗ​ក្ដី ទង្វើ​នោះ​មិន​អាច​ផ្ដល់​ទី​សំអាង​ពី​សិទ្ធិ​គ្រប់គ្រង​ទេ។ ទង្វើ​នោះ​អាច​ទុក​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ពី​អំណាច​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​បាន។ ប៉ុន្តែ គ្មាន​នរណា​សង្ស័យ​ថា​ទ្រង់​ខ្វះ​អំណាច​ទេ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ័ដាម​និង​អេវ៉ា​រួច​ហើយ អំពី​បំណង​ចិត្ត​របស់​ទ្រង់​ចំពោះ​ពួក​គេ ពោល​គឺ ឲ្យ​ពួក​គេ​បង្កើត​កូន​តៗ​គ្នា​ដើម្បី​ឲ្យ​ផែនដី​ពេញ​ទៅ​ដោយ​មនុស្ស​ជាតិ។ ណា​មួយ​ទៀត ព្រះ​យេហូវ៉ា​មាន​បំណង​ឲ្យ​ពួក​គេ​បង្ក្រាប​ផែនដី​ដោយ​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់​ក្នុង​ធម្មជាតិ។ (លោកុប្បត្តិ ១:២៨) បើ​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​អ័ដាម​និង​អេវ៉ា​ភ្លាម គោល​បំណង​របស់​ទ្រង់​ចំពោះ​ពួក​គេ​មិន​អាច​សម្រេច​បាន​ឡើយ។ ដោយសារ​ព្រះ​យេហូវ៉ា​ទ្រង់​យុត្ដិធម៌ នេះ​មិន​អាច​កើត​ឡើង​បាន​ទេ ពីព្រោះ​គោល​បំណង​របស់​ទ្រង់​តែង​តែ​សម្រេច​ជា​មិន​ខាន។—អេសាយ ៥៥:១០, ១១

១៥, ១៦​. ពេល​មនុស្ស​ប្រកាន់​មតិ​របស់​ខ្លួន​ស្តី​អំពី​របៀប​ដោះស្រាយ​រឿង​បះបោរ​ក្នុង​សួនច្បារ​អេដែន​នោះ តើ​យើង​អាច​លើក​ហេតុ​ផល​អ្វី​ខ្លះ?

១៥ តើ​មាន​បុគ្គល​ណា​ក្នុង​សកលលោក​ដែល​មាន​ប្រាជ្ញា​ច្រើន​ជាង​ព្រះ​យេហូវ៉ា​ដើម្បី​ដោះស្រាយ​រឿង​នេះ​ទេ? មនុស្ស​ខ្លះ​ប្រហែល​ជា​ប្រកាន់​មតិ​របស់​ខ្លួន ស្តី​អំពី​របៀប​ដោះស្រាយ​រឿង​បះបោរ​ក្នុង​សួនច្បារ​អេដែន។ ប៉ុន្តែ ពេល​ធ្វើ​ដូច្នេះ នេះ​គឺ​ហាក់​ដូច​ជា​ពួក​គេ​មាន​គំនិត​ថា គេ​អាច​រក​វិធី​ដោះស្រាយ​ល្អ​ជាង​ព្រះ​យេហូវ៉ា មែន​ទេ? អ្នក​ដែល​មាន​គំនិត​បែប​នោះ​ប្រហែល​ជា​មិន​មាន​បំណង​អាក្រក់ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ស្គាល់​ព្រះ​យេហូវ៉ា​និង​ប្រាជ្ញា​ដ៏​គួរ​ឲ្យ​អស្ចារ្យ​របស់​ទ្រង់​ទេ។ ពេល​សាវ័ក​ប៉ុល​បាន​សរសេរ​ចំពោះ​ពួក​គ្រិស្ត​សា​សនិក​នៅ​ទី​ក្រុង​រ៉ូម គាត់​ពន្យល់​យ៉ាង​ល្អិតល្អន់​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា ដែល​រួម​បញ្ចូល​«សេចក្ដី​អាថ៌កំបាំង»​របស់​ទ្រង់ ថា​ទ្រង់​មាន​បំណង​ប្រោស​លោះ​មនុស្ស​ស្មោះ​ត្រង់ និង​លើក​ឈ្មោះ​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​បាន​ពិសិដ្ឋ​ឡើង​វិញ តាម​រយៈ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។ តើ​ប៉ុល​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ប្រាជ្ញា​របស់​ព្រះ​ដែល​មាន​គោល​បំណង​នោះ? ក្នុង​សេចក្ដី​បញ្ចប់​នៃ​សំបុត្រ​របស់​សាវ័ក​ប៉ុល គាត់​បាន​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​«ព្រះ​ដ៏​មាន​ប្រាជ្ញា​តែ​១​ព្រះ​អង្គ» ហើយ​គាត់​សរសេរ​ទៀត​ថា​៖ «សូម​ឲ្យ​ទ្រង់​បាន​សិរី​ល្អ​នៅ​អស់កល្ប​រៀង​ទៅ។ អាម៉ែន»។—រ៉ូម ១១:​២៥; ១៦:២៥​-​២៧

១៦ ប៉ុល​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​«ព្រះ​ដ៏​មាន​ប្រាជ្ញា​តែ​១​ព្រះ​អង្គ» ដែល​បង្ហាញ​ថា​គាត់​ចាត់​ទុក​ទ្រង់​ជា​បុគ្គល​ដែល​មាន​ប្រាជ្ញា​លើស​ជាង​គេ​ក្នុង​សកលលោក​ទាំង​មូល។ បើ​ដូច្នេះ តើ​មនុស្ស​ដែល​គ្មាន​ភាព​ល្អ​ឥតខ្ចោះ​អាច​រក​វិធី​ដោះស្រាយ​អ្វី​ក៏​ដោយ​ឲ្យ​បាន​ល្អ​ជាង​ទ្រង់​ទេ? មិន​ទេ។ បើ​ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស​ជូន​យោបល់​អំពី​របៀប​ដោះស្រាយ​រឿង​ស្មុគស្មាញ​ជាង​គេ​ដែល​ទាក់ទង​នឹង​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា? យ៉ាង​នេះ យើង​ត្រូវ​ជួយ​មនុស្ស​ឲ្យ​មាន​អារម្មណ៍​ស្ញប់ស្ញែង​ដូច​ដែល​យើង​មាន ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​«ព្រះ​ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា»។ (យ៉ូប ៩:៤) ពេល​យើង​យល់​កាន់​តែ​ច្បាស់​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា នោះ​យើង​ក៏​នឹង​ទុក​ចិត្ត​កាន់​តែ​ច្រើន​ផង​ដែរ ថា​របៀប​ទ្រង់​ដោះស្រាយ​រឿង​ផ្សេងៗ នោះ​តែង​តែ​មាន​ប្រសិទ្ធភាព​បំផុត។—សុភាសិត ៣:៥, ៦

គុណសម្បត្ដិ​សំខាន់​ចម្បង​របស់​ព្រះ​យេហូវ៉ា

១៧​. ពេល​មនុស្ស​ពិបាក​ចិត្ត​ដោយសារ​ព្រះ​ទុក​ឲ្យ​មាន​ការ​ឈឺ​ចាប់​យូរ​ម្ល៉េះ តើ​ការ​យល់​កាន់​តែ​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​អាច​ជួយ​ពួក​គេ​បាន​យ៉ាង​ណា?

១៧ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង»។ (យ៉ូហានទី១ ៤:​៨) ពាក្យ​ប្លែក​ទាំង​នេះ​ក្នុង​គម្ពីរ​សម្គាល់​យ៉ាង​ច្បាស់​នូវ​គុណសម្បត្ដិ​សំខាន់​ចម្បង​របស់​ព្រះ​យេហូវ៉ា។ សេចក្ដី​ស្រឡាញ់​ជា​គុណសម្បត្ដិ​មួយ​ដែល​ទាញ​ទឹក​ចិត្ត​មនុស្ស​ច្រើន​ជាង​គេ ឲ្យ​ចង់​ចូល​ទៅ​ជិត​ទ្រង់។ សេចក្ដី​ស្រឡាញ់​ក៏​ជា​គុណសម្បត្ដិ​មួយ​របស់​ព្រះ​យេហូវ៉ា​ដែល​ជួយ​សម្រាល​ទុក្ខ​មនុស្ស​ជាង​គេ ជា​ពិសេស​ពេល​ពួក​គេ​ពិបាក​ចិត្ត​ដោយសារ​អំពើ​អាក្រក់​ដែល​មាន​ច្រើន​ម្ល៉េះ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​អស្ចារ្យ​ដោយ​ចាត់​វិធានការ​ដើម្បី​ដោះ​ទុក្ខ​សោក​ចេញ​ពី​មនុស្ស​ជាតិ​ដែល​កំពុង​រងគ្រោះ​ដោយសារ​មាន​បាប។ សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​កូន​ចៅ​ដែល​ឆ្លង​បាប​ពី​អ័ដាម​និង​អេវ៉ា។ (លោកុប្បត្តិ ៣:១៥) ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មនុស្ស​អធិស្ឋាន​ចំពោះ​ទ្រង់ ហើយ​ក៏​បើក​ឱកាស​ឲ្យ​ពួក​គេ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់។ សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​តម្លៃ​លោះ​ដែល​អាច​បើក​ផ្លូវ​ឲ្យ​មនុស្ស​ទទួល​ការ​អត់​ឱន​ទោស ទាំង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ភាព​ល្អ​ឥតខ្ចោះ​ម្ដង​ទៀត ហើយ​រស់​ជា​រៀង​រហូត​បាន។ (យ៉ូហាន ៣:១៦) សេចក្ដី​ស្រឡាញ់​នោះ​បាន​ជំរុញ​ព្រះ​យេហូវ៉ា​ឲ្យ​មាន​ចិត្ត​អត់ធ្មត់​ចំពោះ​មនុស្ស​ជាតិ ដែល​ហុច​ឱកាស​ឲ្យ​មនុស្ស​ជា​ច្រើន​សម្រេច​ចិត្ត​ប្រឆាំង​នឹង​សាតាំង ហើយ​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ពិត​ជា​មាន​សិទ្ធិ​គ្រប់គ្រង​វិញ។—ពេត្រុស​ទី២ ៣:៩

១៨​. តើ​យើង​មាន​ការ​យល់​ដឹង​ពិសេស​អ្វី? តើ​យើង​នឹង​ពិភាក្សា​អំពី​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៨ ពេល​ថ្មីៗ​នេះ មនុស្ស​មួយ​ចំនួន​បាន​ជួបជុំ​គ្នា​ដើម្បី​រំលឹក​ពី​ជន​រងគ្រោះ​ដែល​ស្លាប់​ដោយសារ​អំពើ​ភេរវកម្ម ហើយ​គ្រូ​គង្វាល​ម្នាក់​មាន​ប្រសាសន៍​ថា​៖ «យើង​មិន​ដឹង​មូលហេតុ​ដែល​ព្រះ​ទុក​ឲ្យ​មាន​អំពើ​អាក្រក់​និង​ការ​ឈឺ​ចាប់​ទេ»។ គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​គាត់​និយាយ​ដូច្នេះ ពីព្រោះ​យើង​មាន​ការ​យល់​ដឹង​ពិសេស​អំពី​រឿង​នេះ​ហើយ! (ចោទិយកថា ២៩:២៨) ដោយសារ​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា ជា​ព្រះ​ដែល​យុត្ដិធម៌ ហើយ​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​យើង​ដឹង​ថា​មិន​យូរ​ប៉ុន្មាន​ទៀត ការ​ឈឺ​ចាប់​នឹង​កន្លង​ផុត​ទៅ។ តាម​ពិត ព្រះ​យេហូវ៉ា​បាន​សន្យា​ថា ទ្រង់​នឹង​បំបាត់​ចោល​ការ​ឈឺ​ចាប់​ជា​មិន​ខាន។ (វិវរណៈ ២១:៣, ៤) ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​មនុស្ស​ទាំង​ឡាយ​តាំង​ពី​សម័យ​ដើម​ដែល​បាន​ស្លាប់​ហើយ? ដោយសារ​ព្រះ​យេហូវ៉ា​មិន​បាន​បំផ្លាញ​អ្នក​បះបោរ​ភ្លាម​ក្នុង​សួនច្បារ​អេដែន តើ​មនុស្ស​ដែល​បាន​ស្លាប់​ហើយ​គ្មាន​សង្ឃឹម​អ្វី​សោះ​ឬ? ពួក​គេ​មាន​សង្ឃឹម​មែន! សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​ទ្រង់​ឲ្យ​រៀប​វិធី​ជួយ​ពួក​គេ​ផង​ដែរ ដោយ​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ។ យើង​នឹង​ពិភាក្សា​អំពី​រឿង​នេះ​ក្នុង​អត្ថបទ​បន្ទាប់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ពេល​មនុស្ស​សួរ​អំពី​ហេតុ​ដែល​ព្រះ​ទុក​ឲ្យ​មាន​ការ​ឈឺ​ចាប់​យូរ​ម្ល៉េះ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• របៀប​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​លើ​អ្នក​បះបោរ​ក្នុង​សួនច្បារ​អេដែន តើ​នោះ​បង្ហាញ​ថា​ទ្រង់​បរិសុទ្ធ​និង​យុត្ដិធម៌​បាន​យ៉ាង​ណា?

• ហេតុ​អ្វី​សំខាន់​ម្ល៉េះ​ដែល​យើង​ត្រូវ​ជួយ​មនុស្ស​ឲ្យ​យល់​កាន់​តែ​ច្រើន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា?

[រូបភាព​នៅ​ទំព័រ​១២]

ចូរ​ខំ​ជួយ​មនុស្ស​ដែល​ពិបាក​ចិត្ត​ដោយសារ​តែ​មាន​ការ​ឈឺ​ចាប់​ច្រើន​ម្ល៉េះ

[រូបភាព​នៅ​ទំព័រ​១៥]

ដាវីឌ​និង​ហាបាគុក​ជា​មនុស្ស​ស្មោះ​ត្រង់ ហើយ​ពួក​គាត់​ក៏​ធ្លាប់​ឆ្ងល់​ដែរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក