បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៦ ទំ. ៨-ទំ. ១១ វ. ៧
  • គោលសំខាន់ៗពីសៀវភៅបរិទេវ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅបរិទេវ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម»
  • (បរិទេវ ១:១​–​២:២២)
  • ‹សូម​កុំ​គេច​ព្រះ​កាណ៌​ទ្រង់​ចេញ​ពី​ដំងូរ​ខ្ញុំ›
  • (បរិទេវ ៣:១​–​៥:២២)
  • ចូរ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ចុះ!
  • គោលសំខាន់ៗពីសៀវភៅយេរេមា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូរមានចិត្ដក្លាហានដូចយេរេមា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៦ ទំ. ៨-ទំ. ១១ វ. ៧

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​បរិទេវ

លោក​យេរេមា​ជា​អ្នក​ថ្លែង​ទំនាយ ហើយ​នៅ​ទីបំផុត​គាត់​ឃើញ​ការ​សម្រេច​នៃ​សារ​ដែល​គាត់​បាន​ប្រាប់​អស់​៤០​ឆ្នាំ​ហើយ ស្តី​អំពី​ការ​ជំនុំ​ជម្រះ។ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ឃើញ​គេ​បំផ្លាញ​ទី​ក្រុង​ដែល​គាត់​ស្រឡាញ់​នោះ? ពាក្យ​ផ្ដើម​នៃ​សៀវភៅ​បរិទេវ​ក្នុង​គម្ពីរ​ដែល​ជា​សេចក្ដី​បកប្រែ​ភាសា​ក្រិច ហៅ​ថា សេបទូជីន រៀប​រាប់​ថា​៖ «លោក​យេរេមា​បាន​អង្គុយ​យំ​ដោយ​ចិត្ត​សោយ​សោក ហើយ​គាត់​សរសេរ​សំណោក​នេះ​អំពី​ទី​ក្រុង​យេរូសាឡិម»។ យេរេមា​បាន​សរសេរ​សៀវភៅ​នេះ​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ពេល​គាត់​នៅ​តែ​ចាំ​ច្បាស់​នូវ​សោក​នាដកម្ម​ដែល​ពួក​គេ​បាន​ឆ្លង​កាត់​អស់​រយៈ​ពេល​១៨​ខែ ពេល​ពួក​ទ័ព​បាន​ឡោមព័ទ្ធ​ទី​ក្រុង​យេរូសាឡិម។ នៅ​ចុង​១៨​ខែ​នោះ គេ​បាន​ដុត​ទី​ក្រុង​ចោល ហើយ​សៀវភៅ​បរិទេវ​បង្ហាញ​ពី​ជម្រៅ​ចិត្ត​នៃ​ទុក្ខ​សោក​របស់​យេរេមា។ (យេរេមា ៥២:៣​-​៥, ១២​-​១៤) ក្នុង​ប្រវត្ដិសាស្ត្រ​ពិភពលោក គ្មាន​នរណា​បាន​សំដៅ​ទៅ​លើ​ទី​ក្រុង​ឯ​ទៀត​ដោយ​ពោល​ពាក្យ​សំណោក​យ៉ាង​ជ្រាល​ជ្រៅ​ស្មើ​នឹង​អ្វី​ដែល​កត់​ទុក​ក្នុង​សៀវភៅ​បរិទេវ​ទេ។

សៀវភៅ​បរិទេវ​ជា​ការ​ចង​ក្រង​លំនាំ​កំណាព្យ​ប្រាំ។ កំណាព្យ​ទី​មួយ​រហូត​ដល់​កំណាព្យ​ទី​បួន​ជា​សំណោក ហើយ​កំណាព្យ​ទី​ប្រាំ​ជា​ពាក្យ​អង្វរ​ឬ​ការ​អធិស្ឋាន​មួយ។ វគ្គ​នីមួយៗ​ក្នុង​កំណាព្យ​ទាំង​បួន​ដំបូង​នោះ ចាប់​ផ្ដើម​ដោយ​តួ​អក្សរ​ព្យញ្ជនៈ​ទាំង​២២​របស់​ភាសា​ហេព្រើរ ហើយ​តាម​លំដាប់​លំដោយ​តួ​អក្សរ​ទាំង​នោះ។ ទោះ​ជា​កំណាព្យ​ទី​ប្រាំ​មាន​២២​វគ្គ​ស្មើ​នឹង​ចំនួន​តួ​អក្សរ​ភាសា​ហេព្រើរ​ក្ដី កំណាព្យ​នោះ​មិន​បាន​រៀបចំ​តាម​លំដាប់​លំដោយ​តួ​អក្សរ​ទាំង​នោះ​ទេ។—បរិទេវ ៥:១

​«ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម»

(បរិទេវ ១:១​–​២:២២)

​«ទី​ក្រុង​ដែល​ពីដើម​មាន​ពេញ​ដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាង​ណា​ហ្ន៎។ នាង​ដែល​ពី​ដើម​ជា​ប្រធាន​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ឥឡូវ​នេះ​បាន​ត្រឡប់​ជា​មេម៉ាយ​វិញ​យ៉ាង​ណា​ហ្ន៎។ ពីដើម​ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ​បាន​ទៅ​ជា​ចំណុះ​គេ​វិញ​យ៉ាង​ណា​ហ្ន៎»។ នេះ​ហើយ​ជា​របៀប​ដែល​យេរេមា​ចាប់​ផ្ដើម​បញ្ជាក់​ពី​សំណោក​របស់​គាត់​ចំពោះ​ទី​ក្រុង​យេរូសាឡិម។ គាត់​ពន្យល់​អំពី​ហេតុ​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​មហន្តរាយ​នោះ​ថា​៖ «ព្រះ​យេហូវ៉ា ទ្រង់​បាន​ធ្វើ​ទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ»។—បរិទេវ ១:១, ៥

យេរេមា​សរសេរ​កំណាព្យ​នោះ​ដោយ​ប្រៀបប្រដូច​ទី​ក្រុង​យេរូសាឡិម​ទៅ​នឹង​ស្រី​មេម៉ាយ​ដែល​មាន​ចិត្ត​សោក​សង្រេង​ដោយ​ព្រោះ​ស្វាមី​និង​កូន​បាន​ស្លាប់​ហើយ។ ដូច្នេះ គាត់​សរសេរ​ហាក់​ដូច​ជា​ក្រុង​យេរូសាឡិម​សួរ​ថា​៖ ‹តើ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ណា​ដូច​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ​ឬ?›។ យេរេមា​សរសេរ​ទៀត​ហាក់​ដូច​ជា​ក្រុង​យេរូសាឡិម​ជា​ស្រី​មេម៉ាយ​ដែល​កំពុង​អធិស្ឋាន​ចំពោះ​ព្រះ​ស្តី​អំពី​ខ្មាំង​សត្រូវ​របស់​នាង​ថា​៖ «សូម​ឲ្យ​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ​បាន​លេច​មក​នៅ​ចំពោះ​ទ្រង់ ហើយ​សូម​ទ្រង់​ធ្វើ​ដល់​គេ ដូច​ជា​ទ្រង់​បាន​ធ្វើ​ដល់​ខ្ញុំ​ម្ចាស់​ដោយ​ព្រោះ​អស់​ទាំង​អំពើ​រំលង​របស់​ខ្ញុំ​ម្ចាស់​ដែរ។ ដ្បិត​ខ្ញុំ​ម្ចាស់​ថ្ងូរ​ជា​ច្រើន ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ល្វើយ​ផង»។—បរិទេវ ១:១២, ២២

ដោយសារ​យេរេមា​ពិបាក​ចិត្ត​ខ្លាំង​ពេក​នោះ គាត់​សរសេរ​ថា​៖ «ក្នុង​គ្រា​ដែល​[ព្រះ​យេហូវ៉ា]​មាន​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស នោះ​ទ្រង់​បាន​កាត់​ស្នែង​របស់​អ៊ីស្រាអែល​ចេញ ក៏​បាន​ដក​ព្រះ​ហស្ត​ស្ដាំ​ទ្រង់​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​យ៉ាកុប​ដូច​ជា​ភ្លើង​ឆេះ​ថ្គោល​ឡើង​បន្សុស​គ្រប់​ជុំវិញ»។ យេរេមា​បញ្ជាក់​ពី​ទុក្ខ​សោក​របស់​គាត់​ដោយ​ពោល​ថា​៖ «ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម។ ចិត្ត​ខ្ញុំ​ក៏​ទុរន់ទុរា​ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង»។ សូម្បី​តែ​អស់​អ្នក​ដែល​ដើរ​បង្ហួស​ក៏​បង្ហាញ​អារម្មណ៍​ស្រឡាំងកាំង​ដោយ​និយាយ​ថា​៖ «[តើ]​ទី​ក្រុង​នេះ​ឬ? ដែល​មនុស្ស​បាន​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីករាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ»។—បរិទេវ ២:៣, ១១, ១៥

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:១៥—តើ​ព្រះ​យេហូវ៉ា​បាន​«ជាន់​នាង​ក្រមុំ​ស្រុក​យូដា​ដូច​ជា​ជាន់​ធុង​ទំពាំង​បាយ​ជូរ»​យ៉ាង​ដូច​ម្ដេច? ខ​នេះ​ប្រៀបប្រដូច​ទី​ក្រុង​យេរូសាឡិម​ទៅ​នឹង​ស្រី​ក្រមុំ​ម្នាក់។ ពេល​ពួក​បាប៊ីឡូន​បាន​បំផ្លាញ​ទី​ក្រុង​នោះ​ចោល គេ​បាន​បង្ហូរ​ឈាម​ប្រជាជន​យ៉ាង​ច្រើន​ដល់​ម្ល៉េះ ដែល​ប្រៀប​ដូច​ជា​ការ​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​ក្នុង​ធុង។ ព្រះ​យេហូវ៉ា​បាន​ទាយ​ទុក​ជា​មុន​អំពី​ព្រឹត្ដិការណ៍​នោះ ហើយ​បាន​អនុញ្ញាត​ឲ្យ​ពួក​បាប៊ីឡូន​សម្រេច​ការ​នោះ​បាន ដូច្នេះ​នេះ​គឺ​ហាក់​ដូច​ជា​ទ្រង់​បាន‹ជាន់​ធុង​ទំពាំង​បាយ​ជូរ›តែ​ម្ដង។

២:១—តើ‹សេចក្ដី​លំអ​របស់​អ៊ីស្រាអែល​បាន​ត្រូវ​ទំលាក់​ចុះ​ពី​ស្ថានសួគ៌​មក​ដល់​ដី›យ៉ាង​ដូច​ម្ដេច? ដោយសារ​«ផ្ទៃ​មេឃ​[មាន​ទី​តាំង]​ខ្ពស់​ជាង​ផែនដី» ជួន​កាល​ការ​បន្ទាប​អ្វី​ដែល​មាន​ឋានៈ​ខ្ពស់​ត្រូវ​តំណាង​ដោយ​ការ‹ទំលាក់​វា​ចុះ​ពី​ស្ថានសួគ៌​មក​ដល់​ដី›។ «លំអ​របស់​អ៊ីស្រាអែល»​នោះ សំដៅ​ទៅ​លើ​ភាព​រុងរឿង​និង​អំណាច​ខ្លាំង​ក្លា​ដែល​សាសន៍​អ៊ីស្រាអែល​មាន ពេល​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​ពួក​គេ។ ប៉ុន្តែ ពួក​គេ​បាត់បង់​ភាព​រុងរឿង​និង​អំណាច​នោះ​ទៅ​វិញ នៅ​ពេល​ដែល​ទី​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល និង​ស្រុក​យូដា​ក្លាយ​ទៅ​ជា​ទី​ហួតហែង។—អេសាយ ៥៥:៩

២:១, ៦—តើ​«ព្រះ​ពន្លា»​និង​«កំណល់​កល់​ព្រះ​បាទ»​ព្រះ​យេហូវ៉ា​សំដៅ​ទៅ​លើ​អ្វី? អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា​៖ «យើង​ខ្ញុំ​នឹង​ចូល​ទៅ​ក្នុង​ពន្លា​របស់​ទ្រង់ យើង​ខ្ញុំ​នឹង​ក្រាប​ថ្វាយ​បង្គំ​នៅ​មុខ​ទី​កំណល់​កល់​ព្រះ​បាទ​ទ្រង់»។ (ទំនុកដំកើង ១៣២:៧) ដូច្នេះ «កំណល់​កល់​ព្រះ​បាទ»​ព្រះ​យេហូវ៉ា​ក្នុង​សៀវភៅ​បរិទេវ ២:១ សំដៅ​ទៅ​លើ​ព្រះ​វិហារ​ដែល​ប្រៀប​ដូច​ជា​ដំណាក់​របស់​ទ្រង់ ហើយ​ជា​ទី​កន្លែង​ដែល​មនុស្ស​ថ្វាយ​បង្គំ​ទ្រង់។ ពួក​បាប៊ីឡូន​បាន​«ដុត​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា»​ចោល ហាក់​ដូច​ជា​អគារ​ធំ​នោះ​ជា​ព្រះ​ពន្លា​ឬ​ត្រសាល​ដែល​ងាយ​ឆេះ។—យេរេមា ៥២:១២, ១៣

២:១៧—ស្តី​អំពី​ទី​ក្រុង​យេរូសាឡិម តើ​«ព្រះ​បន្ទូល»​មួយ​ណា​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​សម្រេច? តាម​មើល​ទៅ នេះ​សំដៅ​ទៅ​លើ​អ្វី​ដែល​រៀប​រាប់​ក្នុង​សៀវភៅ​លេវីវិន័យ ២៦:១៧ ដែល​ចែង​ថា​៖ «អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ ពួក​អ្នក​ដែល​ស្អប់​ឯង គេ​នឹង​ត្រួតត្រា​លើ​ឯង ហើយ​ឯង​នឹង​រត់​ទៅ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង»។

មេ​រៀន​សម្រាប់​យើង:

១:១​-​៩: ខ​ទាំង​នេះ​រៀប​រាប់​ពី​ទី​ក្រុង​យេរូសាឡិម​ហាក់​ដូច​ជា​វា​បាន​យំ​អណ្ដឺតអណ្ដក​នៅ​ពេល​យប់ ទាំង​មាន​ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់។ អស់​ទាំង​ទ្វារ​របស់​ទី​ក្រុង​យេរូសាឡិម​ក៏​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ចេះ​តែ​ស្រែក​ថ្ងូរ។ ស្រី​ក្រមុំ​ទាំង​ឡាយ​ក្នុង​ក្រុង​យេរូសាឡិម​មាន​ទុក្ខ ហើយ​ប្រៀប​ដូច​ជា​ទី​ក្រុង​មាន​សេចក្ដី​ជូរ​ចត់​តែ​ម្ដង។ ហេតុ​អ្វី? ពីព្រោះ​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់។ ពេល​ប្រៀបធៀប​ទី​ក្រុង​ទៅ​នឹង​ស្ត្រី​ម្នាក់ គឺ​ហាក់​ដូច​ជា​នាង​មាន​សំពត់​ស្មោកគ្រោក។ ការ​រំលង​ច្បាប់​ព្រះ​មិន​នាំ​ឲ្យ​មាន​អំណរ​ទេ តែ​បណ្ដាល​ឲ្យ​ពួក​អ្នក​ក្រុង​យេរូសាឡិម​យំ​និង​ស្រែក​ថ្ងូរ​ដោយ​ព្រោះ​មាន​ទុក្ខ​និង​សេចក្ដី​ជូរ​ចត់។

១:១៨: ពេល​ព្រះ​យេហូវ៉ា​ដាក់​ទោស​លើ​អស់​អ្នក​ដែល​រំលង​ច្បាប់ ទ្រង់​តែង​តែ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​និង​ភាព​សុចរិត។

២:២០: ព្រះ​យេហូវ៉ា​បាន​ព្រមាន​ប្រជាជន​អ៊ីស្រាអែល​ថា បើ​ពួក​គេ​មិន​ស្ដាប់​បង្គាប់​ទ្រង់ នោះ​ពួក​គេ​នឹង​រង​បណ្ដាសា​ផ្សេងៗ​ដែល​រួម​បញ្ចូល​ការ​បរិភោគ​«សាច់​របស់​កូន​ប្រុស​កូន​ស្រី»​ផង។ (ចោទិយកថា ២៨:​១៥, ៤៥, ៥៣) ការ​មិន​ស្ដាប់​បង្គាប់​ព្រះ គ្មាន​ប្រយោជន៍​អ្វី​សោះ!

‹សូម​កុំ​គេច​ព្រះ​កាណ៌​ទ្រង់​ចេញ​ពី​ដំងូរ​ខ្ញុំ›

(បរិទេវ ៣:១​–​៥:២២)

សៀវភៅ​បរិទេវ​ជំពូក​ទី៣ ប្រៀបធៀប​សាសន៍​អ៊ីស្រាអែល​ទៅ​នឹង​«មនុស្ស»​ម្នាក់​ដែល​បាន​រង​ទុក្ខ​វេទនា។ ទោះ​ជា​គាត់​មាន​ការ​លំបាក​ក៏​ដោយ គាត់​នៅ​តែ​ច្រៀង​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ដល់​អស់​អ្នក​ដែល​រង់ចាំ​ទ្រង់ គឺ​ដល់​ព្រលឹង​នៃ​អ្នក​ណា​ដែល​ស្វែង​រក​ទ្រង់»។ គាត់​អធិស្ឋាន​ចំពោះ​ព្រះ​យេហូវ៉ា​ថា​៖ «[សូម]​ឮ​សំឡេង​របស់​ទូល​បង្គំ។ សូម​កុំ​គេច​ព្រះ​កាណ៌​ទ្រង់​ចេញ​ពី​ដំងូរ​នឹង​សំ​រែក​របស់​ទូល​បង្គំ​ឡើយ»។ ស្តី​អំពី​ខ្មាំង​សត្រូវ​ដែល​ចំអក​មើល​ងាយ​គាត់ គាត់​ក៏​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​អន្តរាគមន៍​ដោយ​និយាយ​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រង់​នឹង​សង​គេ​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ»។—បរិទេវ ៣:១, ២៥, ៥៦, ៦៤

ពេល​យេរេមា​គិត​អំពី​ផលវិបាក​ដែល​ប្រជាជន​ទាំង​ឡាយ​បាន​រង​ទុក្ខ​ក្នុង​អំឡុង​ពេល​១៨​ខែ​ដែល​ពួក​ទ័ព​បាន​ឡោម​ព័ទ្ធ​ទី​ក្រុង​យេរូសាឡិម​នោះ នេះ​ជំរុញ​ឲ្យ​គាត់​បញ្ជាក់​ពី​ជម្រៅ​ចិត្ត​នៃ​អារម្មណ៍​របស់​ខ្លួន​ថា​៖ «សេចក្ដី​ទុច្ចរិត​របស់​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​បាន​ធ្ងន់​ជាង​អំពើ​បាប​របស់​ក្រុង​សូដុំម​ទៅ​ទៀត ជា​ទី​ក្រុង​ដែល​ត្រូវ​បំផ្លាញ​ក្នុង​១​រំពេច ឥត​មាន​ដៃ​អ្នក​ណា​[«ជួយ»]​ឡើយ»។ យេរេមា​ក៏​មាន​ប្រសាសន៍​ទៀត​ថា​៖ «ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ​នោះ វិសេស​ជាជាង​ពួក​អ្នក​ដែល​ស្លាប់​ដោយ​ស្រេក​ឃ្លាន ដ្បិត​ពួក​១​នេះ គេ​ហេវ​ទៅ ហើយ​ត្រូវ​ស្លាប់​ដោយ​ខ្វះ​ខាត​ស្បៀង​អាហារ»។—បរិទេវ ៤:៦, ៩; ព.ថ.

កំណាព្យ​ទី​ប្រាំ​បាន​ត្រូវ​សរសេរ​ហាក់​ដូច​ជា​ពួក​អ្នក​នៅ​ទី​ក្រុង​យេរូសាឡិម​កំពុង​និយាយ។ ពួក​គេ​ពោល​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ទ្រង់​នឹក​ចាំ​ពី​ការ​ដែល​បាន​កើត​ដល់​យើង​ខ្ញុំ​រាល់​គ្នា។ សូម​ទ្រង់​ទត​មក​ឲ្យ​ឃើញ​សេចក្ដី​ដែល​គេ​ត្មះ​តិះដៀល​ដល់​យើង​ខ្ញុំ»។ ពេល​ពួក​គេ​នឹក​គិត​អំពី​ទុក្ខ​លំបាក​ដែល​គេ​បាន​ឆ្លង​កាត់​នោះ ពួក​គេ​អំពាវនាវ​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រង់​គង់​នៅ​អស់កល្ប​ជានិច្ច។ រាជ្យ​ទ្រង់​ក៏​ស្ថិតស្ថេរ​នៅ ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ។ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​បំបែរ​យើង​ខ្ញុំ​ឲ្យ​វិល​មក​ឯ​ទ្រង់​វិញ នោះ​យើង​ខ្ញុំ​នឹង​បាន​បែរ​មក​ហើយ។ សូម​កែ​ជីវិត​របស់​យើង​ខ្ញុំ​ឡើង​វិញ ដូច​ជា​កាល​ពីដើម»។—បរិទេវ ៥:១, ១៩, ២១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៣:១៦—តើ​ពាក្យ​ថា «ទ្រង់​បាន​បំបាក់​ធ្មេញ​ខ្ញុំ​ដោយ​ក្រួស» មាន​ន័យ​អ្វី? សៀវភៅ​មួយ​បកស្រាយ​ន័យ​ថា​៖ «ពេល​ពួក​យូដា​កំពុង​ធ្វើ​ដំណើរ​ទៅ​[ស្រុក​បាប៊ីឡូន]​ជា​ឈ្លើយ​សឹក ពួក​គេ​ត្រូវ​ជីក​រណ្ដៅ​ទុក​ជា​ឡ​ដុត​នំ ដូច្នេះ​នំប៉័ង​របស់​ពួក​គេ​បាន​ប្រឡាក់​នឹង​ដី»។ ពេល​ពួក​គេ​ញ៉ាំ​នំប៉័ង​នោះ នេះ​អាច​បំបាក់​ធ្មេញ​របស់​ពួក​គេ។

៤:៣, ១០—ហេតុ​អ្វី​បាន​ជា​យេរេមា​ប្រៀបធៀប​«កូន​ស្រី​នៃ​សាសន៍»​គាត់ ទៅ​នឹង​«សត្វ​អូសទ្រីច​នៅ​ទីរហោស្ថាន»? សៀវភៅ​យ៉ូប ៣៩:១៦ រៀប​រាប់​អំពី​សត្វ​អូសទ្រីច​ថា​៖ «វា​ទុរជន​ចំពោះ​កូន ដូច​ជា​មិន​មែន​របស់​ខ្លួន​ទេ»។ ជា​ឧទាហរណ៍ ក្រោយ​កូន​អូសទ្រីច​ញាស់​ឡើង មេ​វា​ដើរ​ចោល​សំបុក​ហើយ​ទៅ​ជា​មួយ​អូសទ្រីច​ញី​ឯ​ទៀត ដោយ​ទុក​ឲ្យ​អូសទ្រីច​ឈ្មោល​មើល​ថែរក្សា​កូន។ ចុះ​យ៉ាង​ណា​បើ​មាន​អ្វី​ពាធា​សត្វ​អូសទ្រីច​ដែល​មាន​កូន? បើ​មាន​សត្វ​ណា​មក​ពាធា​មែន អូសទ្រីច​ឈ្មោល​និង​អូសទ្រីច​ញី​ចេញ​ចោល​សំបុក​និង​កូន​តែ​ម្ដង។ ពេល​ពួក​បាប៊ីឡូន​បាន​ឡោម​ព័ទ្ធ​ទី​ក្រុង​យេរូសាឡិម ប្រជាជន​ក្នុង​ទី​ក្រុង​ខ្វះ​អាហារ​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ស្ត្រី​ដែល​ធ្លាប់​តែ​អាណិតអាសូរ​ដល់​កូន បែរ​ជា​មាន​ចិត្ត​ខ្មៅ​ហើយ​ប្រព្រឹត្ត​ដោយ​ឥត​មេត្ដា​លើ​កូន​ទៅ​វិញ ដូច​សត្វ​អូសទ្រីច​នៅ​ទីរហោស្ថាន​ដូច្នោះ​ដែរ។ យ៉ាង​នេះ ពួក​គេ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​មេ​ស្វាន​ដែល​ថែទាំ​កូន​រហូត។

៥:៧—តើ​ព្រះ​យេហូវ៉ា​ដាក់​ទោស​លើ​មនុស្ស​ដោយ​ផ្អែក​លើ​កំហុស​របស់​អយ្យកោ​ឬ​ជីដូន​ជីតា​របស់​ពួក​គេ​ទេ? មិន​ទេ។ ព្រះ​យេហូវ៉ា​មិន​ដាក់​ទោស​លើ​មនុស្ស​ដោយ​ព្រោះ​អយ្យកោ​ឬ​ជីដូន​ជីតា​របស់​ពួក​គេ​បាន​ធ្វើ​បាប​នោះ​ឡើយ។ គម្ពីរ​ចែង​ថា​៖ «យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ​ពី​ដំណើរ​របស់​ខ្លួន​យើង»។ (រ៉ូម ១៤:១២) យ៉ាង​ណា​ក៏​ដោយ កំហុស​របស់​ជីដូន​ជីតា​អាច​នាំ​ឲ្យ​កូន​ចៅ​តំណ​ក្រោយៗ​មាន​ទុក្ខ​ដែរ។ ជា​ឧទាហរណ៍ ពេល​ប្រជាជន​អ៊ីស្រាអែល​ពី​បុរាណ​បាន​ថ្វាយ​បង្គំ​រូប​ព្រះ ទង្វើ​នោះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ស្មោះ​ត្រង់​តំណ​ក្រោយៗ​ពិបាក​រក្សា​ឲ្យ​មាន​ភាព​សុចរិត។—និក្ខមនំ ២០:៥

មេ​រៀន​សម្រាប់​យើង:

៣:៨, ៤៣, ៤៤: ក្នុង​អំឡុង​ពេល​ដែល​ពួក​ទ័ព​បាន​ឡោមព័ទ្ធ​ទី​ក្រុង​យេរូសាឡិម ព្រះ​យេហូវ៉ា​មិន​ព្រម​ស្ដាប់​សម្រែក​សូម​ជំនួយ​របស់​ប្រជាជន​ទាំង​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ព្រម​ស្ដាប់? ពីព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​ទ្រង់ ហើយ​ក៏​មិន​ព្រម​ប្រែ​ចិត្ត​ដែរ។ បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ស្ដាប់​ការ​អធិស្ឋាន​របស់​យើង នោះ​យើង​ត្រូវ​ស្ដាប់​បង្គាប់​ទ្រង់​សិន។—សុភាសិត ២៨:៩

៣:២១​-​២៦, ២៨​-​៣៣: បើ​យើង​រង​ទុក្ខ សូម្បី​តែ​លំបាក​យ៉ាង​ខ្លាំង​ក៏​ដោយ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​បាន? យេរេមា​បាន​ជូន​យោបល់។ កុំ​ឲ្យ​យើង​ភ្លេច​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ព្រះ​យេហូវ៉ា ហើយ​ថា​ទ្រង់​តែង​តែ​អាណិត​មេត្ដា​ដល់​យើង។ បើ​យើង​រង​ទុក្ខ តែ​មិន​រហូត​ដល់​ស្លាប់​នោះ នេះ​គួរ​ផ្ដល់​ហេតុ​ឲ្យ​យើង​សង្ឃឹម​ទៅ​មុខ​ទៀត ហើយ​យក​ល្អ​ឲ្យ​យើង​ចាំ​ថា យើង​គួរ​មាន​ចិត្ត​អត់ធ្មត់​និង​រង់ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា​ដោយ​ឥត​បារម្ភ​ព្រួយ​ឬ​ត្អូញត្អែរ​ឡើយ។ ណា​មួយ​ទៀត គប្បី​ឲ្យ​យើង​«ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី» ដែល​មាន​ន័យ​ថា ពេល​ជួបប្រទះ​ទុក្ខ​លំបាក យើង​គួរ​តែ​មាន​ចិត្ត​រាប​ទាប​និង​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​រង​ទុក្ខ​នោះ​ដោយ​ផ្អែក​ទៅ​លើ​មូលហេតុ​ត្រឹម​ត្រូវ។

៣:២៧: ពេល​នៅ​វ័យ​ក្មេង អ្នក​ដទៃ​ប្រហែល​ជា​នឹង​ចំអក​ដាក់​យើង ឬ​ក៏​យើង​ត្រូវ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ខ្លះ​ដែល​ល្បងល​ជំនឿ​របស់​យើង។ ប៉ុន្តែ ការ​«ទទួល​រង​នឹម​ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង នោះ​ក៏​ល្អ​ដែរ»។ ហេតុ​អ្វី? ពីព្រោះ​យើង​អាច​រៀន​នៅ​ពេល​វ័យ​ក្មេង​ឲ្យ​ចេះ​ដោះស្រាយ​នឹង​កាលៈទេសៈ​ផ្សេងៗ​ដែល​ប្រៀប​ដូច​ជា​នឹម​ឬ​ដង​រែក​នោះ នេះ​នឹង​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​ពិបាក​ឯ​ទៀត​ពេល​ក្រោយៗ​មក។

៣:៣៩​-​៤២: ការ​«ត្អូញត្អែរ»​ពេល​យើង​រង​ទុក្ខ​ដោយសារ​អំពើ​បាប​របស់​ខ្លួន នោះ​គ្មាន​ប្រយោជន៍​អ្វី​សោះ។ ជា​ជាង​ត្អូញត្អែរ​អំពី​លទ្ធផល​អាក្រក់​ដែល​មក​ពី​កំហុស​របស់​យើង «ចូរ​យើង​ពិចារណា​ហើយ​ល្បងល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះ​យេហូវ៉ា​វិញ​ចុះ!»។ យក​ល្អ​ឲ្យ​យើង​ប្រែ​ចិត្ត​និង​ឈប់​ធ្វើ​ខុស​ទៀត។

ចូរ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ចុះ!

សៀវភៅ​បរិទេវ​ក្នុង​គម្ពីរ​បង្ហាញ​ឲ្យ​ដឹង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ទី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ក្រោយ​ពួក​បាប៊ីឡូន​បាន​ដុត​ទី​ក្រុង​និង​ទុក​ស្រុក​នោះ​ចោល។ ពាក្យ​ក្នុង​សៀវភៅ​បរិទេវ​បង្ហើប​ឲ្យ​ដឹង​ថា ប្រជាជន​អ៊ីស្រាអែល​បាន​ទទួល​ស្គាល់​បាប​របស់​ពួក​គេ ដូច្នេះ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ថា​ពួក​គេ​បាន​រង​ទុក្ខ​វេទនា​នោះ​ដោយ​ព្រោះ​ពួក​គេ​បាន​ធ្វើ​ខុស។ ពាក្យ​ក្នុង​កំណាព្យ​ទាំង​នេះ​ដែល​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​យេរេមា​សរសេរ​នោះ បង្ហាញ​ពី​ការ​សង្ឃឹម​ទៅ​លើ​ទ្រង់ និង​បំណង​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​វិញ។ ទោះ​ជា​ប្រជាជន​ភាគ​ច្រើន​នៅ​សម័យ​យេរេមា​មិន​មាន​គំនិត​ដូច​នោះ​ក៏​ដោយ នេះ​ជា​ទស្សនៈ​របស់​យេរេមា​និង​ប្រជាជន​អ៊ីស្រាអែល​ខ្លះ​ដែល​បាន​ប្រែ​ចិត្ត។

ស្តី​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ប្រជាជន​នៅ​ទី​ក្រុង​យេរូសាឡិម សៀវភៅ​បរិទេវ​មាន​មេ​រៀន​ពីរ​ដ៏​សំខាន់។ មុន​ដំបូង ការ​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​និង​ការ​ទុក​ចោល​ស្រុក​យូដា​មួយ​រយៈ ជា​ការ​ដែល​ព្រមាន​យើង​ថា កុំ​ឲ្យ​យើង​ធ្វើ​ព្រងើយ​កន្តើយ​នឹង​បំណង​ចិត្ត​របស់​ព្រះ​យេហូវ៉ា តែ​ចូរ​ឲ្យ​យើង​ស្ដាប់​បង្គាប់​ទ្រង់​ជានិច្ច​វិញ។ (កូរិនថូសទី១ ១០:១១) ទី​ពីរ យើង​អាច​ទាញ​យក​មេ​រៀន​ពី​គំរូ​របស់​យេរេមា។ (រ៉ូម ១៥:៤) សូម្បី​តែ​ក្រោម​កាលៈទេសៈ​ដែល​មើល​ទៅ​ដូច​ជា​គ្មាន​ក្ដី​សង្ឃឹម​សោះ​ក៏​ដោយ ហើយ​ទោះ​ជា​យេរេមា​មាន​ចិត្ត​សង្រេង​ក្ដី គាត់​នៅ​តែ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ។ បើ​ដូច្នេះ ជា​ការ​ចាំបាច់​ណាស់ ឲ្យ​យើង​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា​និង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ទ្រង់!—ហេព្រើរ ៤:១២

[រូបភាព​នៅ​ទំព័រ​៩]

លោក​យេរេមា​បាន​ឃើញ​ការ​សម្រេច​នៃ​សារ​ជំនុំ​ជម្រះ​របស់​ព្រះ

[រូបភាព​នៅ​ទំព័រ​១០]

ស្មរបន្ទាល់​ជនជាតិ​កូរ៉េ​ទាំង​នេះ​បាន​កាន់​ជំហរ​អព្យាក្រឹត​ស្រប​ទៅ​តាម​ជំនឿ​របស់​ពួក​គេ​ជា​គ្រិស្ត​សាសនិក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក