យេរេមា
៥២ ពេលសេដេគា+គ្រងរាជ្យ គាត់មានអាយុ២១ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១១ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះហាមូថល+ជាកូនយេរេមា ជាអ្នកក្រុងលិបណា។ ២ សេដេគាតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត តាមគន្លងយេហូយ៉ាគីម។+ ៣ ហេតុការណ៍នេះបានកើតឡើងដល់ក្រុងយេរូសាឡិមនិងស្រុកយូដា ដោយសារព្រះយេហូវ៉ាមានសេចក្ដីក្រោធនឹងពួកគេ។ លោកបានបណ្ដេញពួកគេចេញពីមុខលោកទៅ។+ សេដេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។+ ៤ នៅថ្ងៃទី១០ ខែទី១០ ក្នុងឆ្នាំទី៩នៃរាជ្យសេដេគា នេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូនបាននាំកងទ័ពគាត់ទាំងអស់ មកច្បាំងនឹងក្រុងយេរូសាឡិម។ គាត់បានបោះទ័ពទល់មុខក្រុងយេរូសាឡិម ហើយបានលើកដីឡើងនៅជុំវិញកំពែងក្រុង។+ ៥ គាត់បានឡោមព័ទ្ធក្រុងនោះ រហូតដល់ឆ្នាំទី១១នៃរាជ្យសេដេគា។
៦ នៅថ្ងៃទី៩ ក្នុងខែទី៤+ នៅក្រុងយេរូសាឡិមមានការអត់ឃ្លានជាខ្លាំង ព្រោះគ្មានអាហារសម្រាប់បណ្ដាជនបរិភោគឡើយ។+ ៧ ទីបំផុត ទ័ពខាល់ដេបានទម្លាយកំពែងក្រុង។ កាលដែលទ័ពខាល់ដេកំពុងឡោមព័ទ្ធក្រុង ស្ដេចយូដានិងទ័ពយូដាទាំងអស់បានរត់ចេញទាំងយប់តាមខ្លោងទ្វារដែលមានកំពែងពីរជាន់ ជិតសួនច្បារស្ដេច ទៅតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។+ ៨ ប៉ុន្តែ ទ័ពខាល់ដេបានដេញតាមស្ដេច+ស្រុកយូដាទាន់នៅត្រង់វាលក្រុងយេរីខូ រួចកងទ័ពរបស់គាត់ក៏រត់ខ្ចាត់ខ្ចាយអស់ទៅ។ ៩ បន្ទាប់មក ពួកគេបានចាប់ស្ដេចស្រុកយូដា ហើយនាំគាត់ទៅជួបស្ដេចស្រុកបាប៊ីឡូននៅក្រុងរីបឡាក្នុងទឹកដីហាម៉ាត រួចបានកាត់ទោសគាត់នៅទីនោះ។ ១០ ស្ដេចស្រុកបាប៊ីឡូនបានសម្លាប់កូនៗរបស់សេដេគានៅចំពោះមុខគាត់។ បន្ទាប់មក ស្ដេចនោះក៏បានសម្លាប់ពួកអ្នកគ្រប់គ្រងទាំងអស់ក្នុងស្រុកយូដានៅក្រុងរីបឡាដែរ។ ១១ ក្រោយនោះ ស្ដេចស្រុកបាប៊ីឡូនបានចាក់ភ្នែកសេដេគាឲ្យខ្វាក់+ និងដាក់ខ្នោះស្ពាន់ ហើយនាំគាត់ទៅស្រុកបាប៊ីឡូន រួចឃុំឃាំងគាត់រហូតដល់ថ្ងៃស្លាប់។
១២ នៅថ្ងៃទី១០ ខែទី៥ ក្នុងឆ្នាំទី១៩នៃរាជ្យនេប៊ូក្នេសា នេប៊ូសារ៉ាដានជាមេអង្គរក្សនិងជាអ្នកបម្រើស្ដេចស្រុកបាប៊ីឡូន បានទៅក្រុងយេរូសាឡិម។+ ១៣ គាត់បានដុតវិហារព្រះយេហូវ៉ា+ វិមានស្ដេច និងផ្ទះទាំងអស់នៅក្រុងយេរូសាឡិម ព្រមទាំងផ្ទះធំៗផងដែរ។ ១៤ ទ័ពខាល់ដេទាំងអស់ដែលទៅជាមួយនឹងមេអង្គរក្សរបស់ស្ដេចស្រុកបាប៊ីឡូន បានផ្ដួលរំលំកំពែងក្រុងយេរូសាឡិម។+
១៥ នេប៊ូសារ៉ាដានជាមេអង្គរក្សរបស់ស្ដេចស្រុកបាប៊ីឡូនបាននិរទេសជនតូចទាបខ្លះ និងបណ្ដាជនដែលនៅសេសសល់ក្នុងក្រុង ព្រមទាំងអ្នកដែលរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន និងមេជាងទាំងអស់ដែលនៅសល់។+ ១៦ ប៉ុន្តែ មេអង្គរក្សបានទុកជនខ្លះដែលក្រីក្របំផុតឲ្យនៅក្នុងស្រុក ដើម្បីមើលថែចម្ការទំពាំងបាយជូរ និងធ្វើស្រែចម្ការ។+
១៧ ពួកខាល់ដេបានកាត់សសរស្ពាន់+និងរទេះទឹក+ដែលនៅវិហារព្រះយេហូវ៉ា ទៅជាបំណែកៗ រួមទាំងអាងធំធ្វើពីស្ពាន់+ដែលនៅវិហារព្រះយេហូវ៉ា ហើយដឹកស្ពាន់ទាំងនោះទៅស្រុកបាប៊ីឡូន។+ ១៨ ពួកគេក៏យកធុងសម្រាប់ដាក់ផេះ ប៉ែល ប្រដាប់ពន្លត់ប្រឆេះចង្កៀង ចានគោម+ ពែង+ និងគ្រឿងស្ពាន់ទាំងអស់ដែលប្រើក្នុងវិហារព្រះ។ ១៩ មេអង្គរក្សបានយកចានក្លាំ+ ប្រដាប់ដាក់រងើកភ្លើង ចានគោម ធុងសម្រាប់ដាក់ផេះ ជើងចង្កៀង+ ពែង ព្រមទាំងចានគោមដែលធ្វើពីមាសនិងប្រាក់សុទ្ធផងដែរ។+ ២០ ឯសសរពីរ អាងធំ គោឈ្មោល១២+ដែលនៅក្រោមអាងនោះ និងរទេះទឹកដែលស្ដេចសាឡូម៉ូនបានធ្វើសម្រាប់វិហារព្រះយេហូវ៉ា គ្មានអ្នកណាដឹងទម្ងន់ស្ពាន់ទាំងនោះទេ ព្រោះច្រើនក្រៃលែង។
២១ សសរនីមួយៗមានកម្ពស់១៨ហត្ថ* ហើយប្រវែងព័ទ្ធជុំវិញសសរគឺ១២ហត្ថ+ និងមានកម្រាស់៤ធ្នាប់។* សសរទាំងនោះប្រហោងក្នុង។ ២២ ក្បាលសសរធ្វើពីស្ពាន់មានកម្ពស់៥ហត្ថ។+ ក្បាច់ក្រឡាអួននិងផ្លែទទឹមនៅជុំវិញក្បាលសសរទាំងពីរក៏ធ្វើពីស្ពាន់ដែរ។ ឯសសរមួយទៀត ក៏មានលក្ខណៈដូចគ្នា ហើយក៏មានផ្លែទទឹមដែរ។ ២៣ ផ្លែទទឹមជុំវិញក្បាលសសរមានចំនួន៩៦ ហើយសរុបទាំងអស់មានផ្លែទទឹមចំនួន១០០លើក្បាច់ក្រឡាអួន។+
២៤ មេអង្គរក្សរបស់ស្ដេចស្រុកបាប៊ីឡូនក៏ចាប់សេរ៉ាយ៉ា+ជាសង្ឃនាយក សេផានា+ជាសង្ឃថ្នាក់បន្ទាប់ និងអ្នកយាមទ្វារបីនាក់។+ ២៥ បន្ថែមទៅទៀត គាត់ក៏ចាប់យកមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលត្រួតត្រាលើពួកទាហាន និងអ្នកជំនិតស្ដេច៧នាក់ រួមទាំងលេខាធិការរបស់មេទ័ព ដែលមានភារកិច្ចកែនទាហាន។ គាត់ក៏ចាប់បុរស៦០នាក់ដែលជាជនសាមញ្ញដែលនៅក្រុងនោះនៅឡើយ យកទៅជាមួយដែរ។ ២៦ នេប៊ូសារ៉ាដានជាមេអង្គរក្ស បានយកពួកគេទៅប្រគល់ឲ្យស្ដេចស្រុកបាប៊ីឡូននៅក្រុងរីបឡា។ ២៧ ស្ដេចស្រុកបាប៊ីឡូនក៏សម្លាប់ពួកគេនៅក្រុងរីបឡា+ ក្នុងទឹកដីហាម៉ាត។ យ៉ាងនេះ ពួកយូដាបានត្រូវនិរទេសចេញពីស្រុករបស់ខ្លួន។+
២៨ នេប៊ូក្នេសាបានចាប់ពួកយូដាចំនួន៣.០២៣នាក់យកទៅធ្វើជាឈ្លើយនៅឆ្នាំទី៧នៃរាជ្យគាត់។+
២៩ នៅឆ្នាំទី១៨នៃរាជ្យនេប៊ូក្នេសា+ អ្នកក្រុងយេរូសាឡិមចំនួន៨៣២នាក់បានត្រូវចាប់យកទៅធ្វើជាឈ្លើយ។
៣០ នៅឆ្នាំទី២៣នៃរាជ្យនេប៊ូក្នេសា នេប៊ូសារ៉ាដានជាមេអង្គរក្សរបស់ស្ដេច បានចាប់ពួកយូដាចំនួន៧៤៥នាក់យកទៅធ្វើជាឈ្លើយ។+
សរុបទាំងអស់ មនុស្សចំនួន៤.៦០០នាក់បានត្រូវនិរទេស។
៣១ នៅឆ្នាំទី៣៧នៃគ្រាដែលយេហូយ៉ាគីន+ជាស្ដេចស្រុកយូដាបានជាប់ជាឈ្លើយ អេវីលមេរ៉ូដាកបានគ្រប់គ្រងជាស្ដេចស្រុកបាប៊ីឡូន។ នៅថ្ងៃទី២៥ ខែទី១២ គាត់បានដោះលែងយេហូយ៉ាគីនជាស្ដេចស្រុកយូដាចេញពីគុក។+ ៣២ ស្ដេចអេវីលមេរ៉ូដាកនិយាយដោយសប្បុរសទៅកាន់យេហូយ៉ាគីន ហើយលើកកិត្តិយសគាត់ជាងស្ដេចឯទៀតដែលនៅជាមួយគាត់ក្នុងស្រុកបាប៊ីឡូន។ ៣៣ ដូច្នេះ យេហូយ៉ាគីនក៏ផ្លាស់សម្លៀកបំពាក់អ្នកទោសចេញ ហើយគាត់បរិភោគអាហារជាមួយស្ដេចស្រុកបាប៊ីឡូនអស់មួយជីវិត។ ៣៤ ស្ដេចស្រុកបាប៊ីឡូនបានផ្គត់ផ្គង់អាហារដល់គាត់ជារៀងរាល់ថ្ងៃ ដរាបដល់គាត់ស្លាប់។