ការស្ដាប់បង្គាប់មានតម្លៃថ្លៃនៅចំពោះព្រះយេហូវ៉ា
«កូនអើយ! ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ!»។—សុភាសិត ២៧:១១
១. តើមនុស្សនៅសម័យនេះច្រើនតែមានចិត្តគំនិតបែបណា?
មនុស្សជាច្រើននៅសម័យនេះមិនចេះស្ដាប់បង្គាប់ ហើយប្រកាន់យកតែគំនិតខ្លួនឯង។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរចំពោះពួកគ្រិស្តសាសនិកនៅទីក្រុងអេភេសូរ គាត់ពន្យល់នូវមូលហេតុដែលមនុស្សក្នុងពិភពលោកនេះមានលក្ខណៈបែបនោះ។ គាត់សរសេរថា៖ «អ្នករាល់គ្នា[ធ្លាប់]ប្រព្រឹត្តតាមរបៀបលោកីយនេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណដែលសព្វថ្ងៃនេះបណ្ដាលមកក្នុងពួកមនុស្សរឹងចចេស»។ (អេភេសូរ ២:១, ២) ត្រូវហើយ សាតាំងដែលជាមេកំណាចជា«មេគ្រប់គ្រងរាជ្យលើអាកាស» ហើយវាបានបំពុលពិភពលោកទាំងមូលឲ្យមានចិត្តគំនិតដ៏រឹងចចេស។ វាបានធ្វើដូច្នោះនៅសតវត្សរ៍ទីមួយ ហើយតាំងពីវាបានបោះទម្លាក់ចេញពីស្ថានសួគ៌ក្នុងគ្រាដែលមានសង្គ្រាមលោកលើកទីមួយនៅផែនដី វាក៏ធ្វើដូច្នេះរឹតតែខ្លាំងឡើងថែមទៀត។—វិវរណៈ ១២:៩
២, ៣. តើមានមូលហេតុអ្វីខ្លះឲ្យយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា?
២ ប៉ុន្តែ គ្រិស្តសាសនិកយើងដឹងថា គួរគប្បីឲ្យយើងស្ដាប់បង្គាប់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ពីព្រោះទ្រង់ជាអ្នកបង្កើតយើង ហើយជាព្រះដ៏ខ្ពស់បំផុតដែលស្រឡាញ់និងទ្រទ្រង់ជីវិតយើង ព្រមទាំងជាអ្នកប្រោសលោះយើងផង។ (ទំនុកដំកើង ១៤៨:៥, ៦; កិច្ចការ ៤:២៤; កូល៉ុស ១:១៣; វិវរណៈ ៤:១១) បណ្ដាជនអ៊ីស្រាអែលនៅសម័យលោកម៉ូសេក៏បានទទួលស្គាល់ថា ព្រះយេហូវ៉ាជាព្រះដែលប្រទានជីវិត ហើយជាអ្នកសង្គ្រោះពួកគេ។ ដូច្នេះ ម៉ូសេប្រាប់ពួកគេថា៖ «[ចូរ]ប្រយ័តនឹងធ្វើដូចជាព្រះយេហូវ៉ាជាព្រះនៃឯងបានបង្គាប់មក»។ (ចោទិយកថា ៥:៣២) ត្រូវណាស់ ព្រះយេហូវ៉ាមានសិទ្ធិតម្រូវឲ្យពួកគេស្ដាប់បង្គាប់ទ្រង់មែន។ ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក ពួកគេលែងស្ដាប់បង្គាប់ទ្រង់ទៀតហើយ។
៣ ចំពោះព្រះដែលបានបង្កើតរបស់សព្វសារពើក្នុងសកលលោកនេះ តើការស្ដាប់បង្គាប់មានសារៈសំខាន់ប៉ុណ្ណា? នៅសម័យបុរាណ ព្រះយេហូវ៉ាបានបង្គាប់លោកសាំយូអែលដែលជាអ្នកថ្លែងទំនាយ ឲ្យទៅប្រាប់ស្តេចសូលថា៖ «[ការ]ស្ដាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា»។ (សាំយូអែលទី១ ១៥:២២, ២៣) ហេតុអ្វីបានជាការស្ដាប់បង្គាប់មានតម្លៃវិសេសជាង?
ម្ដេចក៏‹វិសេសជាង›?
៤. តើយើងអាចធ្វើយ៉ាងណាដែលប្រៀបដូចជាជូនអ្វីមួយចំពោះព្រះយេហូវ៉ា?
៤ ដោយសារព្រះយេហូវ៉ាបានបង្កើតរបស់សព្វសារពើ ទ្រង់ជាម្ចាស់នៃអ្វីៗទាំងអស់នៅជុំវិញយើង។ បើដូច្នេះ តើមានអ្វីដែលយើងអាចជូនចំពោះទ្រង់បានទេ? តាមពិត មានអ្វីដ៏មានតម្លៃថ្លៃណាស់ដែលយើងអាចជូនចំពោះទ្រង់មែន។ តើមានអ្វីទៅ? ពាក្យដាស់តឿនតទៅនេះ អាចឆ្លើយសំណួរនោះបាន។ «កូនអើយ! ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ! ដើម្បីឲ្យអញអាចតបឆ្លើយចំពោះ[«នរណា»]ដែលដៀលតិះដល់អញ»។ (សុភាសិត ២៧:១១; ខ.ស.) ការស្ដាប់បង្គាប់ព្រះយេហូវ៉ាអាចប្រៀបដូចជាអ្វីដែលយើងជូនចំពោះទ្រង់ ពីព្រោះសាតាំងដែលជាមេកំណាចបានអះអាងថា ពេលមនុស្សរងទុក្ខលំបាក ពួកគេនឹងលះបង់ភាពស្មោះត្រង់ចំពោះព្រះ។ ដូច្នេះ ទោះបើយើងមកពីគ្រប់ស្រទាប់នៃវណ្ណៈ ហើយមានកាលៈទេសៈផ្សេងៗគ្នាក្នុងជីវិតក្ដី ពេលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា យើងផ្ដល់ទីសំអាងថា សាតាំងមិនបាននិយាយពិតទេ។ នេះហើយជាឯកសិទ្ធិដ៏ពិសេសមែន!
៥. ពេលមនុស្សមិនស្ដាប់បង្គាប់ព្រះដែលជាអ្នកបង្កើតអ្វីៗទាំងអស់ តើនេះមានឥទ្ធិពលយ៉ាងណាទៅលើទ្រង់? សូមពន្យល់ដោយរៀបរាប់ឧទាហរណ៍មួយ។
៥ ព្រះយេហូវ៉ាតែងតែយកចិត្តទុកដាក់ចំពោះការសម្រេចចិត្តរបស់យើង។ ពេលយើងមិនស្ដាប់បង្គាប់ទ្រង់ ទង្វើនោះមានអានុភាពទៅលើទ្រង់ដែរ។ តើមានអានុភាពយ៉ាងណា? ពេលមនុស្សសម្រេចចិត្តធ្វើអ្វីដែលគ្មានប្រយោជន៍ នេះធ្វើឲ្យទ្រង់ព្រួយបារម្ភណាស់ចំពោះពួកគេ។ (ទំនុកដំកើង ៧៨:៤០, ៤១) ឧបមាថា មនុស្សដែលមានជំងឺទឹកនោមផ្អែម គាត់ចេះតែបរិភោគអាហារដែលធ្វើទុក្ខដល់ខ្លួន ជាជាងធ្វើតាមបណ្ដាំគ្រូពេទ្យ។ ដោយសារគ្រូពេទ្យយកចិត្តទុកដាក់ចំពោះអ្នកជំងឺនោះ តើគាត់នឹងមានអារម្មណ៍យ៉ាងណា? ដូចគ្នាដែរ យើងដឹងថាព្រះយេហូវ៉ាព្រួយបារម្ភណាស់ ពេលមនុស្សមិនស្ដាប់បង្គាប់ទ្រង់ ពីព្រោះទ្រង់ជ្រាបពីលទ្ធផលអាក្រក់ដែលមនុស្សទទួលពេលពួកគេមិនធ្វើតាមបទបញ្ជារបស់ទ្រង់ស្តីអំពីរបៀបរស់នៅដ៏ល្អ។
៦. តើអ្វីនឹងជួយយើងឲ្យចេះស្ដាប់បង្គាប់ព្រះយេហូវ៉ា?
៦ តើអ្វីនឹងជួយយើងម្នាក់ៗឲ្យចេះស្ដាប់បង្គាប់? គួរគប្បីឲ្យយើងធ្វើតាមគំរូរបស់ស្តេចសាឡូម៉ូន ហើយសូមព្រះយេហូវ៉ាប្រទានឲ្យយើងនូវ«ចិត្តប្រកបដោយប្រាជ្ញា»ឬ«ចិត្តដែលចេះស្ដាប់បង្គាប់»។ សាឡូម៉ូនបានសូមចិត្តគំនិតបែបនោះដើម្បីឲ្យមានសមត្ថភាព«ពិចារណាដឹងខុសត្រូវ»ក្នុងការជំនុំជម្រះបណ្ដាជនអ៊ីស្រាអែល។ (ពង្សាវតារក្សត្រទី១ ៣:៩; ព.ថ.) យើងក៏ត្រូវការ«ចិត្តដែលចេះស្ដាប់បង្គាប់» ដើម្បីពិចារណាមើលឲ្យដឹងខុសត្រូវ ពីព្រោះមនុស្សក្នុងពិភពលោកនេះសុទ្ធតែមានទំនោរចិត្តមិនចង់ស្ដាប់បង្គាប់។ ដូច្នេះ ព្រះយេហូវ៉ាបានប្រទានជំនួយផ្សេងៗដើម្បីជួយយើងបណ្ដុះឲ្យមាន«ចិត្តដែលចេះស្ដាប់បង្គាប់»។ ជំនួយទាំងនេះរួមបញ្ចូលបណ្ដាំរបស់ទ្រង់ក្នុងគម្ពីរ សៀវភៅនានាដែលជួយយើងសិក្សាគម្ពីរនោះ ព្រមទាំងកម្មវិធីប្រជុំនិងពួកអ្នកចាស់ទុំក្នុងក្រុមជំនុំដែលយកចិត្តទុកដាក់ចំពោះយើង។ តើយើងកំពុងឆ្លៀតយកប្រយោជន៍ពីជំនួយទាំងនេះ ដែលព្រះយេហូវ៉ាប្រទានដោយសេចក្ដីស្រឡាញ់ឬទេ?
៧. ហេតុអ្វីក៏ព្រះយេហូវ៉ាចាត់ទុកការស្ដាប់បង្គាប់ជាអ្វីដែលមានតម្លៃថ្លៃជាងគ្រឿងបូជា?
៧ ពេលគិតអំពីសារៈសំខាន់នៃការស្ដាប់បង្គាប់ សូមចាំថា នៅសម័យបុរាណព្រះយេហូវ៉ាបានប្រាប់រាស្ត្រទ្រង់ថា ទ្រង់ចាត់ទុកការស្ដាប់បង្គាប់ជាអ្វីដែលសំខាន់ជាងការបូជាសត្វ។ (សុភាសិត ២១:៣, ២៧; ហូសេ ៦:៦; ម៉ាថាយ ១២:៧) ដោយសារព្រះយេហូវ៉ាបានបង្គាប់ឲ្យរាស្ត្រទ្រង់បូជាសត្វ ទង្វើនោះមានសារៈសំខាន់ណាស់! បើដូច្នេះ ម្ដេចក៏ការស្ដាប់បង្គាប់ជាអ្វីដ៏វិសេសជាង? នេះទាក់ទងនឹងបំណងចិត្តរបស់អ្នកដែលបូជាសត្វទាំងនោះ។ តើគាត់មានបំណងចង់ផ្គាប់ចិត្តព្រះយេហូវ៉ាទេ? ឬមួយក៏ តើគាត់ធ្វើដូច្នេះដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ? អស់អ្នកដែលពិតជាចង់ផ្គាប់ចិត្តព្រះយេហូវ៉ា នឹងធ្វើតាមបង្គាប់ទាំងអស់របស់ទ្រង់ដោយយកចិត្តទុកដាក់។ តាមពិត ព្រះយេហូវ៉ាមិនត្រូវការសត្វដែលមនុស្សបូជាចំពោះទ្រង់ទេ។ ប៉ុន្តែ ការស្ដាប់បង្គាប់ព្រះយេហូវ៉ាប្រៀបដូចជាអ្វីដ៏មានតម្លៃថ្លៃណាស់ ដែលយើងអាចជូនចំពោះទ្រង់បាន។
គំរូដែលយើងមិនគួរត្រាប់តាម
៨. ហេតុអ្វីបានជាព្រះយេហូវ៉ាឈប់ប្រទានពរទៅលើសូល?
៨ កំណត់ហេតុក្នុងគម្ពីរដែលរៀបរាប់អំពីស្តេចសូល ជាកំណត់ហេតុមួយដែលបញ្ជាក់ពីសារៈសំខាន់នៃការស្ដាប់បង្គាប់។ នៅគ្រាដែលគេតែងតាំងសូលជាស្តេច ពេលនោះគាត់មានចិត្តសុភាពហើយរាបទាបផង ដោយចាត់ទុកខ្លួនគាត់ជាមនុស្ស«ថោកទាប»។ ប៉ុន្តែបន្ដិចម្ដងៗ សូលកើតមានអំណួតហើយបែរជាធ្វើការសម្រេចចិត្តដោយផ្អែកទៅលើគំនិតខុសទំនង។ (សាំយូអែលទី១ ១០:២១, ២២; ១៥:១៧) នៅគ្រាមួយ សូលបានត្រៀមទ័ពឲ្យចូលច្បាំងនឹងពួកសាសន៍ភីលីស្ទីន។ លោកសាំយូអែលបានផ្ដាំឲ្យសូលចាំបន្ដិចសិន ចាំទាល់តែគាត់ទៅដល់សមរភូមិដើម្បីថ្វាយគ្រឿងបូជាចំពោះព្រះយេហូវ៉ា និងផ្ដល់ការណែនាំថែមទៀតឲ្យសូល។ ប៉ុន្តែ កាលដែលសាំយូអែលមិនទៅជួបចំពេលដែលកងទ័ពអ៊ីស្រាអែលទន្ទឹងចាំនោះ ពួកគេក៏ចាប់ផ្ដើមនាំគ្នាគេចចេញវិញ។ ពេលសូលឃើញពួកទ័ពធ្វើដូច្នេះ ទ្រង់បាន«ថ្វាយដង្វាយដុត»ដោយខ្លួនឯង។ ប៉ុន្តែ ព្រះយេហូវ៉ាមិនពេញចិត្តសោះចំពោះអ្វីដែលសូលធ្វើនោះ។ ក្រោយមក ពេលសាំយូអែលទៅដល់ នោះសូលចេះតែដោះសារពីមូលហេតុដែលទ្រង់មិនបានធ្វើតាមបណ្ដាំរបស់គាត់។ សូលរកលេសថា សាំយូអែលបានមកយឺត ដូច្នេះទ្រង់«បានបង្ខំខ្លួន»ឲ្យថ្វាយគ្រឿងបូជាទាំងប៉ុន្មានដើម្បីអង្វរសូមជំនួយពីព្រះយេហូវ៉ា។ ស្តេចសូលចាត់ទុកការថ្វាយគ្រឿងបូជានោះ ជាអ្វីដែលសំខាន់ជាងការស្ដាប់តាមការណែនាំពីសាំយូអែលឲ្យចាំទំរាំដល់ពេលដែលគាត់ទៅដល់ដើម្បីបូជាសត្វឲ្យពួកគេ។ សាំយូអែលប្រាប់សូលថា៖ «ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ! ទ្រង់មិនបានរក្សាបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃទ្រង់ដែលបានបង្គាប់មកទេ»។ ដោយសារសូលមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា ទ្រង់ឈប់ប្រទានពរទៅលើគាត់ជាស្តេច។—សាំយូអែលទី១ ១០:៨; ១៣:៥-១៣
៩. តើសូលបានធ្វើអ្វីដែលបង្ហាញថាទ្រង់មានទម្លាប់មិនស្ដាប់បង្គាប់ព្រះយេហូវ៉ា?
៩ តើស្តេចសូលទាញយកមេរៀនពីអ្វីដែលបានកើតឡើងនៅពេលនោះទេ? មិនទេ! ក្រោយៗមក ពួកសាសន៍អាម៉ាលេកបានពាធាលើសាសន៍អ៊ីស្រាអែលដោយឥតហេតុ ដូច្នេះព្រះយេហូវ៉ាបានបង្គាប់សូលឲ្យបំផ្លាញពួកគេចោលអស់រលីង។ សូម្បីតែសត្វរបស់ពួកគេ សូលត្រូវបំផ្លាញឲ្យអស់ដែរ។ សូលបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាដោយ«វាយពួកអាម៉ាលេកនោះ ចាប់តាំងពី[ស្រុក]ហាវីឡារហូតដល់[ទីក្រុង]ស៊ើរ»។ ពេលសាំយូអែលបានទៅជួបសូល ទ្រង់មានចិត្តរីករាយដោយព្រោះបានឈ្នះលើពួកអាម៉ាលេក។ សូលមានប្រសាសន៍ថា៖ «សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា។ ខ្ញុំបានធ្វើសំរេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ»។ ប៉ុន្តែ សូលបានធ្វើខុសនឹងការណែនាំដែលទ្រង់ទទួល ពីព្រោះទ្រង់មិនបានប្រហារជីវិតស្តេចអ័កាក់និង«សត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោនឹងសត្វដែលធាត់ៗ ហើយកូនចៀមនឹងរបស់ដែលល្អទាំងប៉ុន្មាន»នោះទេ។ ស្តេចសូលរកលេសពីការមិនស្ដាប់បង្គាប់ដោយដោះសារថា៖ «ពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀមហ្វូងគោ សំរាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក»។—សាំយូអែលទី១ ១៥:១-១៥
១០. តើសូលមិនបានរៀនមេរៀនអ្វី?
១០ ភ្លាមៗនោះ សាំយូអែលប្រាប់សូលថា៖ «តើព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងដង្វាយដុត ហើយនឹងយញ្ញបូជា ឲ្យស្មើនឹងការស្ដាប់តាមទ្រង់ឬអី? មើល! ដែលស្ដាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់នៃចៀមឈ្មោលទៅទៀត»។ (សាំយូអែលទី១ ១៥:២២) ព្រះយេហូវ៉ាបានបង្គាប់ពួកគេឲ្យសម្លាប់សត្វទាំងអស់ទៅ ដូច្នេះមិនគប្បីឲ្យពួកគេយកសត្វទាំងនោះទៅបូជាថ្វាយចំពោះទ្រង់ទេ។
ចូរស្ដាប់បង្គាប់ក្នុងគ្រប់ករណីទាំងអស់!
១១, ១២. (ក) តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលយើងខំធ្វើតាមបំណងចិត្តទ្រង់ក្នុងការថ្វាយបង្គំ? (ខ) តើអ្នកខ្លះបំភាន់ខ្លួនដោយមានគំនិតបែបណា?
១១ ព្រះយេហូវ៉ាមានចិត្តរីករាយណាស់ ពេលទ្រង់ឃើញអ្នកបម្រើស្មោះត្រង់របស់ទ្រង់ចូលរួមកិច្ចប្រជុំជាមួយពួកគ្រិស្តសាសនិកគ្នីគ្នាទោះជាមានបញ្ហាសេដ្ឋកិច្ចកំពុងគាបសង្កត់ទៅលើពួកគេក្ដី ព្រមទាំងផ្សាយសារអំពីរាជាណាចក្ររបស់ទ្រង់ជាបន្តទោះបើអ្នកដទៃមិនអើពើក៏ដោយ។ ព្រះយេហូវ៉ាក៏សប្បាយណាស់ដែរ ពេលទ្រង់ឃើញអ្នកបម្រើទាំងនោះកាន់ជំហររឹងមាំក្រោមការបៀតបៀន។ ពេលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយបំពេញករណីយកិច្ចសំខាន់ៗដូចនេះ ដែលទាក់ទងនឹងចំណងមិត្តភាពរបស់យើងជាមួយនឹងទ្រង់ នេះតែងតែធ្វើឲ្យទ្រង់មានចិត្តអរសប្បាយឡើង! ពេលយើងខិតខំថ្វាយបង្គំព្រះយេហូវ៉ាអស់ពីចិត្តដែលពេញទៅដោយសេចក្ដីស្រឡាញ់ នេះមានតម្លៃថ្លៃណាស់ចំពោះទ្រង់! មនុស្សដទៃប្រហែលជាមិនយកចិត្តទុកដាក់នឹងការដែលយើងខំប្រឹងធ្វើនោះទេ ប៉ុន្តែព្រះយេហូវ៉ាទទួលស្គាល់គ្រប់ការទាំងឡាយដែលយើងធ្វើអស់ពីដួងចិត្តចំពោះទ្រង់ ហើយទ្រង់មិនភ្លេចសោះឡើយ។—ម៉ាថាយ ៦:៤
១២ ប៉ុន្តែ យើងត្រូវតែស្ដាប់បង្គាប់ព្រះយេហូវ៉ាក្នុងគ្រប់ករណី ទើបទ្រង់គាប់ចិត្តយ៉ាងពេញលេញចំពោះយើង។ កុំឲ្យយើងបំភាន់ខ្លួនឯងដោយគំនិតថា មិនជាអ្វីទេ បើយើងធ្វេសប្រហែសនឹងតម្រូវការខ្លះរបស់ព្រះយេហូវ៉ា តែថ្វាយបង្គំទ្រង់ស្របទៅតាមតម្រូវការឯទៀត។ ជាឧទាហរណ៍ អ្នកខ្លះប្រហែលជាបំភាន់ខ្លួនដោយមានគំនិតថា គេអាចធ្វើអំពើដែលប្រាសចាកសីលធម៌ ឬអំពើណាទៀតដែលជាកំហុសយ៉ាងធ្ងន់ ឲ្យតែពួកគេមិនខានចូលរួមកម្មវិធីថ្វាយបង្គំខ្លះៗ។ នេះហើយជាគំនិតឆ្គងណាស់!—កាឡាទី ៦:៧, ៨
១៣. សូម្បីតែពេលយើងនៅម្នាក់ឯង តើអាចមានការល្បួងអ្វីខ្លះដែលទាក់ទាញចិត្តយើងឲ្យមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា?
១៣ យ៉ាងនេះ គប្បីឲ្យយើងសួរខ្លួនឯងថា ‹តើខ្ញុំស្ដាប់បង្គាប់ព្រះយេហូវ៉ាក្នុងគ្រប់ការដែលខ្ញុំប្រព្រឹត្ត សូម្បីតែក្នុងរឿងផ្ទាល់ដែលខ្ញុំគិតថាមិនប៉ះពាល់នឹងអ្នកដទៃឬ?›។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ»។ (លូកា ១៦:១០) តើយើង«ប្រព្រឹត្តដោយចិត្តទៀងត្រង់» សូម្បីតែ«នៅក្នុងផ្ទះ»របស់ខ្លួន ជាទីកន្លែងដែលមនុស្សដទៃមិនអាចឃើញអ្វីដែលយើងធ្វើឬ? (ទំនុកដំកើង ១០១:២) ត្រូវមែន សូម្បីតែនៅក្នុងផ្ទះរបស់ខ្លួនក៏អាចមានអ្វីមកល្បួងចិត្តដែរ។ នៅប្រទេសជាច្រើនសព្វថ្ងៃនេះ ក្រុមគ្រួសារនានាមានកុំព្យូទ័រនៅឯផ្ទះដែលតជាប់នឹងប្រព័ន្ធអ៊ីនធឺណិត។ យ៉ាងនេះ គឺងាយស្រួលណាស់ឲ្យពួកគេបើកមើលរូបអាសអាភាសដែរ។ ប៉ុន្មានឆ្នាំមុននេះ មនុស្សត្រូវទៅកន្លែងដែលមានរូបបែបនោះ ទើបអាចមើលបាន តែឥឡូវនេះពួកគេអាចមើលរូបទាំងនោះនៅក្នុងផ្ទះរបស់ខ្លួនតែម្ដង! ប៉ុន្តែ ព្រះយេស៊ូព្រមានថា៖ «អ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយ»។ ដូច្នេះ តើយើងនឹងធ្វើតាមដំបូន្មានរបស់ទ្រង់ទេ? តើយើងមិនព្រមមើលរូបអាសអាភាសឲ្យសោះឬទេ? (ម៉ាថាយ ៥:២៨; យ៉ូប ៣១:១, ៩, ១០; ទំនុកដំកើង ១១៩:៣៧; សុភាសិត ៦:២៤, ២៥; អេភេសូរ ៥:៣-៥) ចុះយ៉ាងណាចំពោះកម្មវិធីទូរទស្សន៍ដែលមានរឿងឃោរឃៅ? តើយើងមានទស្សនៈដូចព្រះរបស់យើងដែល‹ស្អប់ពួកអ្នកដែលចូលចិត្តសេចក្ដីច្រឡោត›និង«អំពើឃោរឃៅ»ទេ? (ទំនុកដំកើង ១១:៥; ខ.ស.) ឬមួយក៏ ចុះយ៉ាងណានូវការពិសាស្រាច្រើន ពេលនៅម្នាក់ឯង? គម្ពីរព្រះបញ្ជាក់ថាទ្រង់ស្អប់មនុស្សដែលប្រមឹកស្រា ហើយក៏ព្រមានកុំឲ្យយើង«ជាប់ស្រា»ឬមានទម្លាប់ចំណូលស្រាជាទៀងទាត់។—ទីតុស ២:៣; លូកា ២១:៣៤, ៣៥; ធីម៉ូថេទី១ ៣:៣
១៤. ក្នុងករណីដែលទាក់ទងនឹងរឿងលុយកាក់ តើយើងអាចបង្ហាញយ៉ាងណាថាយើងជាអ្នកស្ដាប់បង្គាប់ព្រះយេហូវ៉ា?
១៤ រឿងមួយទៀតដែលគួរឲ្យយើងប្រុងប្រយ័ត្នដែរ គឺទាក់ទងនឹងរឿងលុយកាក់។ ជាឧទាហរណ៍ តើយើងព្រមរួមដៃក្នុងគម្រោងការណ៍ដែលនាំឲ្យបានលុយច្រើនក្នុងរយៈពេលខ្លី តែមានលក្ខណៈជាការរកស៊ីបោកប្រាស? តើយើងសុខចិត្តបំពានច្បាប់ដើម្បីគេចពន្ធទេ? ឬផ្ទុយទៅវិញ តើយើងខំធ្វើតាមបង្គាប់ឲ្យ‹បង់ពន្ធដល់លោកណាដែលត្រូវទទួលពន្ធនោះ›?—រ៉ូម ១៣:៧
ស្ដាប់បង្គាប់ព្រោះតែស្រឡាញ់
១៥. ហេតុអ្វីបានជាអ្នកសម្រេចចិត្តស្ដាប់បង្គាប់ព្រះយេហូវ៉ា?
១៥ ការស្ដាប់បង្គាប់ព្រះយេហូវ៉ាតែងតែនាំឲ្យមានប្រយោជន៍។ ជាឧទាហរណ៍ ពេលយើងជៀសចេញពីថ្នាំជក់និងការប្រព្រឹត្តដែលប្រាសចាកសីលធម៌ ថែមទាំងចាត់ទុកឈាមជាអ្វីដែលពិសិដ្ឋ នេះអាចជួយឲ្យយើងជៀសវាងពីជំងឺផ្សេងៗបាន។ បន្ថែមទៅទៀត ពេលយើងអនុវត្តតាមសេចក្ដីពិតក្នុងគម្ពីរដែលទាក់ទងនឹងលក្ខណៈឯទៀតនៃជីវិត នេះក៏អាចនាំឲ្យយើងទទួលប្រយោជន៍ក្នុងសង្គមយើង ក្នុងក្រុមគ្រួសាររបស់យើង ហើយប្រហែលជាអាចមានផលចំណេញខាងលុយកាក់ផងដែរ។ (អេសាយ ៤៨:១៧) នេះហើយជាភ័ស្តុតាងដែលបញ្ជាក់ថា ការស្ដាប់បង្គាប់ព្រះយេហូវ៉ាពិតជាមានប្រយោជន៍មែន។ យ៉ាងណាក៏ដោយ មូលហេតុចម្បងដែលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា គឺដោយសារយើងស្រឡាញ់ទ្រង់។ យើងមិនថ្វាយបង្គំព្រះយេហូវ៉ាដោយមានបំណងរកតែប្រយោជន៍ខ្លួនឯងទេ។ (យ៉ូប ១:៩-១១; ២:៤, ៥) ព្រះយេហូវ៉ាប្រទានឲ្យមនុស្សនូវសេរីភាពសម្រេចចិត្តដោយខ្លួនឯង ហើយយើងអាចស្ដាប់បង្គាប់អ្នកណាក៏បានតាមតែចិត្តយើង។ យ៉ាងនេះ យើងសម្រេចចិត្តស្ដាប់បង្គាប់ព្រះយេហូវ៉ាពីព្រោះយើងចង់ផ្គាប់ចិត្តទ្រង់ ហើយចង់ធ្វើអ្វីដែលត្រឹមត្រូវ។—រ៉ូម ៦:១៦, ១៧; យ៉ូហានទី១ ៥:៣
១៦, ១៧. (ក) តើការស្រឡាញ់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តបានជំរុញព្រះយេស៊ូឲ្យស្ដាប់បង្គាប់បិតាទ្រង់ដល់កម្រិតណា? (ខ) តើយើងអាចយកតម្រាប់តាមព្រះយេស៊ូដោយធ្វើអ្វីខ្លះ?
១៦ ព្រះយេស៊ូស្រឡាញ់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ហើយនោះជាគំរូល្អឥតខ្ចោះសម្រាប់យើង។ (យ៉ូហាន ៨:២៨, ២៩) ពេលនៅផែនដី ព្រះយេស៊ូបាន«រៀនស្ដាប់បង្គាប់ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះ»។ (ហេព្រើរ ៥:៨, ៩) តើការរងទុក្ខលំបាកបង្រៀនទ្រង់ឲ្យចេះស្ដាប់បង្គាប់យ៉ាងណា? ព្រះយេស៊ូបាន«បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈ»នៅលើបង្គោលទារុណកម្ម។ (ភីលីព ២:៧, ៨) ពេលនៅស្ថានសួគ៌ ព្រះយេស៊ូបានស្ដាប់បង្គាប់ព្រះយេហូវ៉ា។ នៅក្រោមកាលៈទេសៈដ៏ពិបាកនៅផែនដី ព្រះយេស៊ូក៏នៅតែស្ដាប់បង្គាប់ព្រះយេហូវ៉ាដដែល។ ឥឡូវយើងដឹងប្រាកដថា ព្រះយេស៊ូមានលក្ខណៈល្អគ្រប់បែបយ៉ាងដើម្បីបម្រើការជាសម្ដេចសង្ឃចំពោះពួកអ្នកដែលប្រៀបដូចជាបងប្អូនរបស់ទ្រង់ ហើយចំពោះមនុស្សលោកទាំងឡាយដែលជឿទៅលើទ្រង់ផង។—ហេព្រើរ ៤:១៥; យ៉ូហានទី១ ២:១, ២
១៧ ចុះយ៉ាងណាចំពោះយើងវិញ? គប្បីឲ្យយើងយកតម្រាប់តាមព្រះយេស៊ូដោយចាត់ទុកការធ្វើតាមបំណងចិត្តរបស់ព្រះយេហូវ៉ាជាអាទិភាពក្នុងជីវិត។ (ពេត្រុសទី១ ២:២១) បើសេចក្ដីស្រឡាញ់ជំរុញចិត្តយើងឲ្យធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា យើងនឹងមានអារម្មណ៍ធូរស្រាល សូម្បីតែពេលមានការល្បួងមកញុះញង់យើងឲ្យមិនស្ដាប់បង្គាប់ទ្រង់ក្ដី។ (រ៉ូម ៧:១៨-២០) នេះក៏រួមបញ្ចូលការធ្វើតាមការណែនាំពីពួកអ្នកដែលនាំមុខយើងក្នុងការថ្វាយបង្គំពិត ទោះជាពួកគាត់មិនល្អឥតខ្ចោះក៏ដោយ។ (ហេព្រើរ ១៣:១៧) ការស្ដាប់បង្គាប់ព្រះយេហូវ៉ាក្នុងគ្រប់ករណីនៃជីវិតយើង ពិតជាមានតម្លៃថ្លៃណាស់ចំពោះទ្រង់!
១៨, ១៩. តើការស្ដាប់បង្គាប់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តនាំឲ្យមានប្រយោជន៍អ្វីខ្លះ?
១៨ ការស្ដាប់បង្គាប់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ ប្រហែលជាតម្រូវឲ្យយើងមានភាពស្មោះត្រង់ក្រោមទុក្ខបៀតបៀនដែរ។ (កិច្ចការ ៥:២៩) ណាមួយទៀត ដើម្បីធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា ដែលឲ្យយើងផ្សព្វផ្សាយនិងបង្រៀនមនុស្ស យើងត្រូវតែកាន់ខ្ជាប់ឬស៊ូទ្រាំរហូតដល់ទីបញ្ចប់នៃសម័យនេះ។ (ម៉ាថាយ ២៤:១៣, ១៤; ២៨:១៩, ២០) ដោយសារពិភពលោកនេះតែងតែគាបសង្កត់ទៅលើយើង យើងក៏ត្រូវស៊ូទ្រាំផងដែរក្នុងការជួបជុំជាទៀងទាត់ជាមួយនឹងបងប្អូនរួមជំនឿ។ ព្រះយេហូវ៉ាស្រឡាញ់យើង ហើយទ្រង់កត់សម្គាល់ការប្រឹងប្រែងរបស់យើង ពេលយើងព្យាយាមស្ដាប់បង្គាប់ទ្រង់ក្នុងគ្រប់ករណីទាំងនេះ។ ប៉ុន្តែ ការស្ដាប់បង្គាប់យ៉ាងពេញលេញតម្រូវឲ្យយើងខំយកឈ្នះទៅលើទំនោរចិត្តដែលទោរទន់ទៅរកអំពើបាប។ នេះតម្រូវឲ្យយើងលះចោលអំពើអាក្រក់ ហើយបណ្ដុះឲ្យមានក្ដីប្រាថ្នាចង់ធ្វើអំពើល្អ។—រ៉ូម ១២:៩
១៩ ពេលយើងបម្រើព្រះយេហូវ៉ាព្រោះតែយើងស្រឡាញ់ទ្រង់និងជាកូនកតញ្ញូផង នោះ«ទ្រង់ប្រទានរង្វាន់ដល់[យើង]ដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) គឺចាំបាច់ណាស់ ហើយគួរគប្បីផង ឲ្យយើងលះបង់អ្វីខ្លះទុកជាគ្រឿងបូជាចំពោះព្រះយេហូវ៉ាមែន។ ប៉ុន្តែ ការស្ដាប់បង្គាប់ទ្រង់ក្នុងគ្រប់ករណីទាំងអស់ព្រោះតែយើងស្រឡាញ់ទ្រង់ នោះហើយជាអ្វីដែលគាប់ចិត្តទ្រង់ជាងគេបង្អស់!—សុភាសិត ៣:១, ២
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងអាចធ្វើយ៉ាងណាដែលប្រៀបដូចជាជូនអ្វីមួយចំពោះព្រះយេហូវ៉ា?
• តើសូលមានកំហុសអ្វីខ្លះ?
• តើអ្នកអាចបង្ហាញយ៉ាងណាថាអ្នកទទួលស្គាល់ការស្ដាប់បង្គាប់ជាអ្វីដែលមានតម្លៃវិសេសជាងគ្រឿងបូជា?
• តើអ្វីជំរុញចិត្តអ្នកឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ា?
[រូបភាពនៅទំព័រ១៧]
ដោយសារគ្រូពេទ្យយកចិត្តទុកដាក់ចំពោះអ្នកជំងឺ តើគាត់នឹងមានអារម្មណ៍យ៉ាងណាបើអ្នកជំងឺមិនធ្វើតាមបណ្ដាំគាត់?
[រូបភាពនៅទំព័រ១៨]
តើព្រះយេហូវ៉ាមិនពេញចិត្តចំពោះទង្វើអ្វីខ្លះរបស់ស្តេចសូល?
[រូបភាពនៅទំព័រ២០]
តើអ្នកតែងតែស្ដាប់បង្គាប់ព្រះយេហូវ៉ា សូម្បីតែពេលនៅក្នុងផ្ទះរបស់ខ្លួនទេ?