ចូរជួយអ្នកឯទៀតឲ្យស្ដាប់បង្គាប់ ដោយ«ស្មោះអស់ពីចិត្ត»
១ ដើម្បីឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងការថ្វាយបង្គំរបស់យើងនោះ ការស្ដាប់បង្គាប់គឺសំខាន់ចាំបាច់បំផុត។ (ចោទិ. ១២:២៨; ១ពេ. ១:១៤-១៦) បន្ដិចទៀត ព្រះនឹងកាត់ទោស«អ្នកដែលមិនស្គាល់ព្រះហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អ»។ (២ថែ. ១:៨) តើតាមរបៀបណាដែលយើងអាចជួយអ្នកឯទៀតឲ្យ«ស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ត»ស្តីពីការបង្រៀនក្នុងព្រះបន្ទូលរបស់ព្រះ?—រ៉ូម ៦:១៧, ខ.ស.
២ ដោយជួយពួកគេឲ្យមានជំនឿនិងសេចក្ដីស្រឡាញ់: នៅក្នុងព្រះគម្ពីរ ការស្ដាប់បង្គាប់គឺផ្សារជាប់គ្នាទៅនឹងជំនឿ។ សាវ័កប៉ុលបាននិយាយអំពី«បង្គាប់នៃព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចដើម្បីឲ្យគេបានចុះចូលជឿ [ឬ«ស្ដាប់បង្គាប់ដោយសារជំនឿ», ព.ថ.]»។ (រ៉ូម ១៦:២៦, កំណែជាអក្សរទ្រេត) សៀវភៅហេព្រើរជំពូកទី១១ប្រាប់ពីគំរូរបស់បុគ្គលជាច្រើនដែលបានបង្ហាញជំនឿខ្លួន ហើយគំរូជាច្រើននោះរួមបញ្ចូលការប្រព្រឹត្តដែលសមស្របទៅតាមព្រះហឫទ័យព្រះយេហូវ៉ា។ (ហេ. ១១:៧, ៨, ១៧) ផ្ទុយទៅវិញ ការមិនស្ដាប់បង្គាប់គឺជាប់ទាក់ទងនឹងការខ្វះជំនឿ។ (យ៉ូន. ៣:៣៦; ហេ. ៣:១៨) យើងត្រូវបណ្ដុះបំនិនក្នុងការប្រើព្រះបន្ទូលព្រះដើម្បីជួយអ្នកឯទៀតបង្កើតឲ្យមានជំនឿដែលជំរុញឲ្យចេះស្ដាប់បង្គាប់។—២ធី. ២:១៥; យ៉ា. ២:១៤, ១៧
៣ ការស្ដាប់បង្គាប់ក៏ចងភ្ជាប់ទៅនឹងសេចក្ដីស្រឡាញ់ចំពោះព្រះដែរ។ (ចោទិ. ៥:១០; ១១:១, ២២; ៣០:១៦) យ៉ូហានទី១ ៥:៣ ចែងថា៖«នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ (កំណែជាអក្សរទ្រេត) តើតាមរបៀបណាដែលយើងអាចជួយសិស្សព្រះគម្ពីរឲ្យបណ្ដុះសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា? ចូរស្វែងរកឱកាសក្នុងកំឡុងការសិក្សាដើម្បីបង្កើននូវកតញ្ញូធម៌ចំពោះគុណសម្បត្ដិផ្សេងៗរបស់ព្រះយេហូវ៉ា។ ចូរសំដែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះព្រះ។ ចូរជួយសិស្សឲ្យគិតអំពីការបណ្ដុះនូវចំណងមេត្រីភាពផ្ទាល់ខ្លួនជាមួយនឹងព្រះយេហូវ៉ា។ សំខាន់បំផុត សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានឹងជំរុញអ្នកឯទៀតព្រមទាំងខ្លួនយើងឲ្យស្ដាប់បង្គាប់ទ្រង់ដោយស្មោះអស់ពីចិត្ត។—ម៉ាថ. ២២:៣៧
៤ តាមរយៈគំរូរបស់យើង: របៀបដែលមានអានុភាពខ្លាំងមួយដែលយើងអាចលើកទឹកចិត្តអ្នកឯទៀតឲ្យស្ដាប់បង្គាប់ដំណឹងល្អគឺតាមរយៈគំរូរបស់យើង។ ក៏ប៉ុន្តែ យើងក៏គួរធ្វើការប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួនដើម្បីបណ្ដុះនូវ«ចិត្តប្រកបដោយប្រាជ្ញា[ឬ«ចិត្តដែលស្ដាប់បង្គាប់», ព.ថ.]»។ (១ពង្ស. ៣:៩; សុ. ៤:២៣) តើនេះរួមបញ្ចូលអ្វី? ចូរចិញ្ចឹមបីបាច់ចិត្តរបស់អ្នកដោយអាហារខាងវិញ្ញាណតាមរយៈការសិក្សាព្រះគម្ពីរនិងការរួមប្រជុំយ៉ាងទៀងទាត់។ (ទំនុក. ១:១, ២; ហេ. ១០:២៤, ២៥) ចូរស្វែងរកការសេពគប់ជាមួយនឹងអស់អ្នកដែលរួមចិត្តដោយមានសាមគ្គីភាពក្នុងការថ្វាយបង្គំពិត។ (សុ. ១៣:២០) ចូររួមចំណែកក្នុងកិច្ចបំរើផ្សាយយ៉ាងទៀងទាត់ដោយក្ដីប្រាថ្នាដ៏ស្មោះដើម្បីជួយមនុស្សនៅក្នុងតំបន់ផ្សាយរបស់អ្នក។ ចូរអធិស្ឋានសុំជំនួយពីព្រះយេហូវ៉ាដើម្បីដឹកនាំយើងក្នុងការបណ្ដុះឲ្យមានចិត្តដ៏ល្អ។ (ទំនុក. ៨៦:១១) ចូរចៀសវាងពីអ្វីដែលអាចធ្វើឲ្យចិត្តគំនិតរបស់អ្នកខូចអាក្រក់ ដូចជាការកំសាន្តដែលផ្ទុយនឹងសីលធម៌ឬដែលឃោរឃៅ។ ចូរដេញតាមអ្វីដែលនាំឲ្យអ្នកចូលទៅកាន់តែជិតព្រះហើយដែលពង្រឹងចំណងមេត្រីភាពជាមួយនឹងទ្រង់។—យ៉ា. ៤:៧, ៨
៥ ព្រះយេហូវ៉ាបានធានារ៉ាប់រងរាស្ត្រពីបុរាណរបស់ទ្រង់ថាអស់ទាំងពរនឹងរត់ទៅរកពួកគេបើពួកគេស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់។ (ចោទិ. ២៨:១, ២) ដូចគ្នាដែរ សព្វថ្ងៃនេះព្រះយេហូវ៉ាកំពុងតែប្រទានពរដ៏បរិបូណ៌ដល់«អស់អ្នកដែលស្ដាប់បង្គាប់ទ្រង់»។ (កិច្ច. ៥:៣២) ដូច្នេះ តាមរយៈការបង្រៀននិងគំរូរបស់យើង សូមឲ្យយើងជួយអ្នកឯទៀតឲ្យស្ដាប់បង្គាប់ដោយស្មោះអស់ពីចិត្ត។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើព្រះយេហូវ៉ាតម្រូវអ្វីពីអ្នកថ្វាយបង្គំទ្រង់?
២. ហេតុអ្វីបានជាការសំខាន់ដើម្បីជួយអ្នកឯទៀតបង្កើតឲ្យមានជំនឿដ៏រឹងមាំនោះ?
៣. (ក) តើការស្ដាប់បង្គាប់ចងភ្ជាប់នឹងសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាយើងអាចជួយសិស្សព្រះគម្ពីរឲ្យបណ្ដុះសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា?
៤. (ក) ហេតុអ្វីបានជាគំរូរបស់យើងគឺជាការសំខាន់? (ខ) តើយើងត្រូវធ្វើអ្វីដើម្បីបណ្ដុះនូវ«ចិត្តដែលស្ដាប់បង្គាប់»?
៥. តើអស់អ្នកដែលស្ដាប់បង្គាប់កំពុងតែទទួលពរយ៉ាងដូចម្ដេច?