វិធីទប់ស្កាត់ការប្រកាន់ពូជសាសន៍
ពេលកីឡាករកំពុងទាត់បាល់ប្រកួតប្រជែងគ្នានៅប្រទេសម៉ិកស៊ិក អាជ្ញាកណ្ដាលផ្អាកការប្រកួត។ ហេតុអ្វី? ពីព្រោះទស្សនិកជនជាច្រើនបានជេរប្រមាថកីឡាករម្នាក់ពីប្រទេសកាម៉ឺរូន ដល់ម្ល៉េះបានជាគាត់ចង់ឈប់លេងបន្តទៅទៀត។ ពេលថ្មីៗនេះ ជនជាតិរុស្ស៊ីនៅប្រទេសនោះ បាននាំគ្នាវាយធ្វើបាបជនជាតិអាហ្វ្រិកនិងអាស៊ី ព្រមទាំងពួកដែលមកពីអាម៉េរិកខាងត្បូង។ នៅឆ្នាំ២០០៤ ទំនាស់រវាងជនជាតិរុស្ស៊ីនិងជនជាតិផ្សេងបានកើនឡើង៥៥ភាគរយច្រើនជាងឆ្នាំមុន ដោយមានទំនាស់ដល់ទៅ៣៩៤ដងក្នុងឆ្នាំ២០០៥។ ការស្ទង់មតិមហាជននៅប្រទេសអង់គ្លេសបង្ហាញឲ្យដឹងថា ជនជាតិអាស៊ីនិងពួកស្បែកខ្មៅមួយភាគបីមានអារម្មណ៍ថា ពួកគេបានបាត់បង់ការងារដោយព្រោះថៅកែមានគំនិតប្រកាន់ពូជសាសន៍។ តាមពិត មានស្ថានភាពបែបនេះនៅទូទាំងផែនដី។
មនុស្សបង្ហាញគំនិតប្រកាន់ពូជសាសន៍ដោយប្រើពាក្យសម្ដីប្រមាថមើលងាយ រហូតដល់មានគោលការណ៍នយោបាយក្នុងការប្រល័យពូជសាសន៍ផង។a ហេតុអ្វីបានជាមនុស្សខ្លះចេះតែប្រកាន់ពូជសាសន៍? តើយើងអាចទប់ស្កាត់មិនឲ្យមានចិត្តគំនិតប្រកាន់ពូជសាសន៍បានយ៉ាងណា? តើយើងអាចសង្ឃឹមថា នៅពេលអនាគតមនុស្សគ្រប់ជនជាតិនឹងត្រូវគ្នាទេ? គម្ពីរបរិសុទ្ធមានព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ស្តីអំពីរឿងនេះ។
សម្អប់និងការសង្កត់សង្កិន
គម្ពីរព្រះចែងថា៖ «គំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក»។ (លោកុប្បត្តិ ៨:២១) អាស្រ័យហេតុនេះហើយបានជាមនុស្សខ្លះចូលចិត្តសង្កត់សង្កិនមនុស្សដទៃ។ គម្ពីរក៏ចែងទៀតថា៖ «[យើងមើល]ទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណានឹងជួយដោះទុក្ខឡើយ គេត្រូវរឹបជាន់ដោយពួកអ្នកមានអំណាច»។—សាស្ដា ៤:១
គម្ពីរព្រះបង្ហាញថា មនុស្សធ្លាប់តែស្អប់ជនជាតិផ្សេងៗតាំងពីយូរយារមកហើយ។ ជាឧទាហរណ៍ ជាង៣.០០០ឆ្នាំមុននេះ ស្តេចជនជាតិអេស៊ីបមួយអង្គបានអញ្ជើញបុរសម្នាក់ឈ្មោះយ៉ាកុប ជាជនជាតិហេព្រើរឲ្យនាំយកក្រុមគ្រួសារគាត់ទៅរស់នៅស្រុកអេស៊ីប។ ច្រើនឆ្នាំក្រោយមក ស្តេចថ្មីមួយអង្គឡើងគ្រប់គ្រងនៅស្រុកអេស៊ីប ហើយគាត់ព្រួយបារម្ភអំពីចំនួនអ្នកប្រទេសក្រៅដែលបានកើនឡើងយ៉ាងសន្ធឹក។ ជាលទ្ធផល ស្របទៅតាមកំណត់ហេតុ ស្តេចនោះបានប្រកាសប្រាប់បណ្ដារាស្ត្រថា៖ «មើល! ពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ។ ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចំរើនជាច្រើនឡើង»។ ដូច្នេះ «គេក៏ដាក់ឲ្យមាននាយដំរួតសំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន»។ (និក្ខមនំ ១:៩-១១) ស្តេចជនជាតិអេស៊ីបនោះក៏បង្គាប់ឲ្យគេសម្លាប់កូនប្រុសទាំងឡាយដែលទើបតែកើតមក នៃកូនចៅរបស់យ៉ាកុប។—និក្ខមនំ ១:១៥, ១៦
ដើមហេតុនៃការប្រកាន់ពូជសាសន៍
សាសនាភាគច្រើនមិនសូវរវីរវល់ក្នុងការជួយទប់ស្កាត់នូវការប្រកាន់ពូជសាសន៍ទេ។ ទោះជាមនុស្សខ្លះហ៊ានតតាំងនឹងអ្នកសង្កត់សង្កិនក្ដី ម្ដងហើយម្ដងទៀតយើងឃើញថា អង្គការសាសនាច្រើនតែកាន់ជើងអ្នកដែលរឹបជាន់គេ។ ធ្លាប់មានសភាពការណ៍បែបនេះនៅសហរដ្ឋអាម៉េរិក ពេលដែលគេបានចេញច្បាប់អនុញ្ញាតឲ្យមនុស្សស្បែកសបង្ក្រាបជនជាតិស្បែកខ្មៅ ហើយបើពួកគេមិនព្រមចុះចូល នោះពួកគេក៏ត្រូវព្យួរក។ រហូតមកដល់ឆ្នាំ១៩៦៧ សូម្បីតែការរៀបអាពាហ៍ពិពាហ៍រវាងស្បែកសនិងស្បែកខ្មៅក៏ខុសច្បាប់ដែរ។ ពីមុន ប្រទេសអាហ្វ្រិកខាងត្បូងក៏មានច្បាប់ដូចគ្នាដែរ។ កាលនោះ ទោះជាជនជាតិស្បែកសមានគ្នាតិចក្ដី តែពួកគេខំការពារអំណាចគ្រប់គ្រងរបស់ខ្លួនដោយដាក់ច្បាប់យ៉ាងតឹងរ៉ឹងទៅលើជនជាតិស្បែកខ្មៅ។ នៅឯប្រទេសទាំងពីរនោះ អ្នកដែលញុះញង់ឲ្យមានការមិនត្រូវគ្នារវាងជនជាតិផ្សេងៗ ក៏មានអ្នកដែលជឿសាសនាខ្លាំងណាស់ដែរ។
ប៉ុន្តែ គម្ពីរបរិសុទ្ធបង្ហាញឲ្យដឹងថា សាសនាមិនមែនជាដើមហេតុធំជាងគេនៃការប្រកាន់ពូជសាសន៍ទេ។ តាមពិត គម្ពីរសំដៅទៅលើមូលហេតុដែលជនជាតិខ្លះជិះជាន់ជនជាតិឯទៀត។ មានការពន្យល់ក្នុងគម្ពីរថា៖ ‹អ្នកដែលមិនចេះស្រឡាញ់ នោះមិនបានស្គាល់ព្រះទេ ពីព្រោះព្រះជាសេចក្ដីស្រឡាញ់។ បើនរណាម្នាក់ពោលថា៖ «ខ្ញុំស្រឡាញ់ព្រះ» តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនិយាយកុហកហើយ។ អ្នកណាមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ ក៏ពុំអាចស្រឡាញ់ព្រះដែលខ្លួនមើលពុំឃើញ›។ (យ៉ូហានទី១ ៤:៨, ២០, ខ.ស.) ខគម្ពីរនេះបង្ហាញពីដើមហេតុនៃការប្រកាន់ពូជសាសន៍ ពោលគឺ អ្នកទាំងនោះមិនស្គាល់ព្រះ ឬក៏មិនមានសេចក្ដីស្រឡាញ់ពិតចំពោះព្រះ។ យ៉ាងនេះ មនុស្សដែលមិនជឿថាមានព្រះ ព្រមទាំងមនុស្សដែលកាន់សាសនាផង ក៏អាចមានគំនិតប្រកាន់ពូជសាសន៍ដែរ។
មនុស្សជនជាតិផ្សេងៗ ត្រូវគ្នាកើតដោយព្រោះស្គាល់ព្រះ
តើមនុស្សជនជាតិផ្សេងៗអាចត្រូវគ្នាកើតដោយព្រោះតែស្គាល់និងស្រឡាញ់ព្រះយ៉ាងដូចម្ដេច? តើគម្ពីរដែលជាបណ្ដាំព្រះផ្ដល់ចំណេះបែបណាដែលជួយទប់ស្កាត់មិនឲ្យយើងធ្វើបាបដល់មនុស្សដែលមានសភាពខុសគ្នាពីយើង? គម្ពីរបង្ហាញឲ្យដឹងថា ព្រះយេហូវ៉ាជាបិតានៃមនុស្សលោកទាំងឡាយ។ គម្ពីរចែងថា៖ ‹យើងមានព្រះតែ១ប៉ុណ្ណោះ ជាបិតាដែលរបស់សព្វសារពើកើតមកពីលោក›។ (កូរិនថូសទី១ ៨:៦) គម្ពីរក៏រៀបរាប់ទៀតថា៖ «[ព្រះយេហូវ៉ា]បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១»។ (កិច្ចការ ១៧:២៦) បើដូច្នេះ មនុស្សលោកទាំងឡាយសុទ្ធតែជាបងប្អូននឹងគ្នា។
មនុស្សគ្រប់ជនជាតិគួរតែមានមោទនភាពចំពោះព្រះដែលជាអ្នកបង្កើតយើង។ ប៉ុន្តែ គួរឲ្យសោកស្ដាយ យើងរាល់គ្នាបានទទួលអ្វីមួយដែលយើងមិនចង់បាន ពីជីដូនជីតារបស់យើង។ បុរសម្នាក់ឈ្មោះប៉ុល ដែលបានរួមដៃក្នុងការសរសេរគម្ពីរ បានកត់សម្គាល់ថា៖ «តាមរយៈមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោក»។ ហេតុដូច្នេះ «គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ»។ (រ៉ូម ៣:២៣; ៥:១២, ខ.ស.) ព្រះយេហូវ៉ាចូលចិត្តបង្កើតអ្វីៗទាំងអស់ឲ្យមានលក្ខណៈខុសប្លែកពីគ្នា មិនឲ្យដូចគ្នាបេះបិទឡើយ។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេហូវ៉ាមិនផ្ដល់ហេតុឲ្យជនជាតិណាមួយលើកខ្លួនខ្ពស់ជាងជនជាតិឯទៀតទេ។ ការអួតអាងថា ជាតិសាសន៍របស់ខ្លួនមានលក្ខណៈនិងសមត្ថភាពប្រសើរជាងជនជាតិឯទៀត នោះមិនសមស្របទៅតាមអ្វីដែលយើងអានក្នុងគម្ពីរសោះ។ គឺច្បាស់ហើយ មនុស្សជនជាតិផ្សេងៗអាចត្រូវគ្នាបាន ដោយធ្វើតាមចំណេះដែលមកពីព្រះ។
ព្រះស្រឡាញ់គ្រប់ទាំងសាសន៍
នៅសម័យបុរាណ ព្រះយេហូវ៉ាស្រឡាញ់បណ្ដាជនអ៊ីស្រាអែលច្រើនជាងជនជាតិឯទៀត។ ព្រះយេហូវ៉ាក៏បានបង្រៀនពួកគេឲ្យញែកខ្លួនដោយឡែកពីសាសន៍ដទៃ។ (និក្ខមនំ ៣៤:១២) អាស្រ័យហេតុនេះ មនុស្សខ្លះគិតថា ហាក់ដូចជាព្រះយេហូវ៉ាបានបង្រៀនពួកគេឲ្យប្រកាន់ពូជសាសន៍ទៅវិញ។ តាមពិត ព្រះយេហូវ៉ាបានចាត់ទុកជនជាតិអ៊ីស្រាអែលជាកម្មសិទ្ធិពិសេសអស់មួយរយៈមែន។ ព្រះយេហូវ៉ាធ្វើដូច្នេះពីព្រោះលោកអ័ប្រាហាំដែលជាបុព្វបុរសរបស់បណ្ដាជនអ៊ីស្រាអែល មានជំនឿលើសពីធម្មតាចំពោះព្រះ។ នៅសម័យនោះ ព្រះយេហូវ៉ាគ្រប់គ្រងលើបណ្ដាជនអ៊ីស្រាអែលតាមរយៈស្តេចដែលលោកជ្រើសរើស ព្រមទាំងប្រទានក្រឹត្យក្រមឲ្យពួកគេផង។ ពេលបណ្ដាជនអ៊ីស្រាអែលបានចុះចូលចំពោះព្រះយេហូវ៉ា ជនជាតិឯទៀតអាចឃើញថា ការគ្រប់គ្រងរបស់ព្រះពិតជាប្រសើរជាងការគ្រប់គ្រងរបស់មនុស្សនៅប្រទេសដទៃ។ នៅសម័យនោះ ព្រះយេហូវ៉ាក៏បង្រៀនបណ្ដាជនអ៊ីស្រាអែលថា មនុស្សជាតិត្រូវការនូវតម្លៃលោះពិសេសមួយ ដើម្បីឲ្យមានចំណងមិត្តភាពល្អជាមួយនឹងព្រះម្ដងទៀត។ ដូច្នេះ របៀបដែលព្រះយេហូវ៉ាប្រព្រឹត្តទៅលើបណ្ដាជនអ៊ីស្រាអែល បានផ្ដល់ប្រយោជន៍ឲ្យជនជាតិទាំងឡាយផង។ នេះគឺសមស្របនឹងអ្វីដែលព្រះយេហូវ៉ាប្រាប់អ័ប្រាហាំពេលពន្យល់ថា៖ ‹គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជរបស់អ្នក ពីព្រោះអ្នកបានស្ដាប់តាមពាក្យខ្ញុំ›។—លោកុប្បត្តិ ២២:១៨
បន្ថែមទៅទៀត បណ្ដាជនអ៊ីស្រាអែលដែលហៅថាជនជាតិយូដាក៏បាន ពួកគេមានឯកសិទ្ធិទទួលបណ្ដាំពិសិដ្ឋពីព្រះ។ ណាមួយទៀត អ្នកសង្គ្រោះដែលហៅថាព្រះមេស្ស៊ី ក៏ត្រូវកើតមកក្នុងសាសន៍យូដាដែរ។ យ៉ាងណាក្ដី នេះបានកើតឡើងដើម្បីឲ្យមនុស្សគ្រប់ទាំងសាសន៍ទទួលប្រយោជន៍។ បទគម្ពីរភាសាហេព្រើរដែលព្រះយេហូវ៉ាឲ្យបណ្ដាជនយូដា នោះមានការពិពណ៌នាយ៉ាងពីរោះអំពីគ្រាមួយដែលមនុស្សគ្រប់ជនជាតិនឹងទទួលពរ។ បទគម្ពីរនោះចែងថា៖ «សាសន៍ជាច្រើននឹងទៅដោយពាក្យថា៖ ‹ចូរមក! យើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះវិហារនៃព្រះរបស់យ៉ាកុបចុះ! [ព្រះយេហូវ៉ា]នឹងបង្រៀនឲ្យយើងរាល់គ្នាស្គាល់ផ្លូវរបស់[លោក]›។ . . . អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ។ គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ»។—មីកា ៤:២-៤
ព្រះយេស៊ូគ្រិស្តបានផ្សព្វផ្សាយដល់ជនជាតិយូដា តែក៏មានប្រសាសន៍ថា៖ ‹ដំណឹងល្អនេះដែលសំដែងពីរាជាណាចក្ររបស់ព្រះ នឹងត្រូវប្រកាសប្រាប់ទូទៅ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍›។ (ម៉ាថាយ ២៤:១៤) គ្រប់ទាំងជនជាតិនឹងមានឱកាសស្ដាប់ដំណឹងល្អនោះ។ យ៉ាងនេះ ព្រះយេហូវ៉ាបានតាំងគំរូល្អឥតខ្ចោះក្នុងការប្រព្រឹត្តទៅលើមនុស្សជនជាតិផ្សេងៗដោយឥតប្រកាន់ពូជសាសន៍។ ‹ព្រះមិនរើសមុខទេ។ ក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចព្រះ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ចិត្តលោកដែរ›។—កិច្ចការ ១០:៣៤, ៣៥
ច្បាប់ដែលព្រះយេហូវ៉ាឲ្យបណ្ដាជនអ៊ីស្រាអែលនៅសម័យបុរាណ ក៏បង្ហាញថាលោកស្រឡាញ់មនុស្សគ្រប់ជនជាតិទាំងអស់។ សូមកត់សម្គាល់អ្វីដែលច្បាប់ព្រះតម្រូវពីបណ្ដាជនអ៊ីស្រាអែល ពេលដែលអ្នកប្រទេសក្រៅបានទៅរស់នៅក្នុងស្រុកនោះ។ មានច្បាប់ថា៖ ‹ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅជាមួយអ្នករាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុករបស់ខ្លួនវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតអ្នករាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ›។ (លេវីវិន័យ ១៩:៣៤) ច្បាប់ជាច្រើនរបស់ព្រះយេហូវ៉ាបានបង្រៀនបណ្ដាជនអ៊ីស្រាអែលឲ្យមានចិត្តល្អចំពោះជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ។ ហេតុនេះហើយបានជាលោកបូអូស ដែលជាបុព្វបុរសនៃព្រះយេស៊ូ បានបង្គាប់អ្នកដែលច្រូតស្រូវនៅស្រែរបស់គាត់ឲ្យទុកស្រូវច្រើនបន្ដិចនៅឯវាល សម្រាប់ស្ត្រីក្រីក្រម្នាក់ពីប្រទេសក្រៅ។ យ៉ាងនោះ បូអូសបានធ្វើតាមអ្វីដែលគាត់រៀនពីព្រះយេហូវ៉ា។—នាងរស់ ២:១, ១០, ១៦
ព្រះយេស៊ូបង្រៀនយើងឲ្យមានចិត្តល្អ
ព្រះយេស៊ូបង្ហាញថាលោកស្គាល់ព្រះយេហូវ៉ាជាងមនុស្សឯទៀត។ ព្រះយេស៊ូបានបង្ហាញនូវរបៀបដែលអ្នកកាន់តាមលោកអាចមានចិត្តល្អចំពោះមនុស្សទាំងអស់ដោយមិនរើសមុខ។ ម្ដងនោះ ព្រះយេស៊ូបាននិយាយទៅកាន់ស្ត្រីជនជាតិសាម៉ារីម្នាក់។ ស្ត្រីជនជាតិសាម៉ារីភ្ញាក់ផ្អើលពីព្រោះនៅសម័យនោះ បណ្ដាជនយូដាភាគច្រើនស្អប់សាសន៍នាង។ ពេលកំពុងពិភាក្សាជាមួយគ្នា ព្រះយេស៊ូបង្ហាញចិត្តល្អដោយជួយស្ត្រីនោះឲ្យយល់ពីរបៀបដែលមនុស្សជាតិអាចរស់ជារៀងរហូត។—យ៉ូហាន ៤:៧-១៤
ព្រះយេស៊ូក៏បានបង្រៀនអំពីរបៀបដែលយើងគួរប្រព្រឹត្តទៅលើជនជាតិផ្សេងៗ ដោយរៀបរាប់អំពីបុរសជនជាតិសាម៉ារីម្នាក់។ គាត់ឃើញជនរងគ្រោះជនជាតិយូដាម្នាក់ ដែលចោរបានប្លន់និងវាយឲ្យរងរបួសធ្ងន់។ បុរសជនជាតិសាម៉ារីអាចរកលេសថា៖ ‹ពួកយូដាស្អប់ជនជាតិខ្ញុំ។ ដូច្នេះ ខ្ញុំមិនចាំបាច់ជួយគាត់ទេ›។ ក៏ប៉ុន្តែ ព្រះយេស៊ូរៀបរាប់ពីបុរសជនជាតិសាម៉ារីនោះថាជាមនុស្សដែលមិនប្រកាន់ពូជសាសន៍ទេ។ ទោះជាមានអ្នកឯទៀតដើរកាត់ហើយឃើញជនរងគ្រោះនោះក៏ដោយ មានតែបុរសជនជាតិសាម៉ារីម្នាក់ប៉ុណ្ណោះ ដែល«មានចិត្តក្ដួលអាណិត» ហើយចាត់វិធានការជួយគាត់យ៉ាងច្រើន។ ក្រោយពីបានរៀបរាប់រឿងនោះ ព្រះយេស៊ូមានប្រសាសន៍ថា អស់អ្នកណាដែលចង់ឲ្យព្រះយេហូវ៉ាស្រឡាញ់ខ្លួន នោះក៏ត្រូវប្រព្រឹត្តដូចបុរសជនជាតិសាម៉ារីដែរ។—លូកា ១០:៣០-៣៧
សាវ័កប៉ុលបានបង្រៀនថា អស់អ្នកដែលចង់ផ្គាប់ចិត្តព្រះយេហូវ៉ាត្រូវតែកែប្រែចិត្តគំនិតរបស់ខ្លួន ហើយធ្វើតាមគំរូរបស់ព្រះ ស្តីអំពីរបៀបប្រព្រឹត្តទៅលើមនុស្សគ្នីគ្នា។ ប៉ុលសរសេរថា៖ ‹ចូរដោះមនុស្ស[ឬចិត្តគំនិត]ចាស់ នឹងអំពើរបស់វាចោលចេញ។ ចូរប្រដាប់ខ្លួនដោយមនុស្ស[ឬចិត្តគំនិត]ថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្ដីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះដែលបង្កើតមនុស្សថ្មីនោះមក ជាសណ្ឋានដែលគ្មានសាសន៍ក្រេក នឹងសាសន៍យូដា មនុស្សប្រទេសដទៃ ឬជាតិមនុស្សព្រៃ។ ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍›។—កូល៉ុស ៣:៩-១៤
ពេលស្គាល់ព្រះ តើមនុស្សកែប្រែកើតទេ?
ពេលមនុស្សស្គាល់ព្រះយេហូវ៉ា តើនេះពិតជាមានឥទ្ធិពលទៅលើរបៀបដែលពួកគេប្រព្រឹត្តនឹងមនុស្សជនជាតិផ្សេងៗទេ? សូមគិតអំពីបទពិសោធន៍របស់ស្ត្រីជនជាតិអាស៊ីម្នាក់ដែលបានទៅរស់នៅប្រទេសកាណាដា។ មុនដំបូង គាត់ពិបាកចិត្តពេលជនជាតិកាណាដាមានគំនិតប្រកាន់ពូជសាសន៍នឹងគាត់។ ក្រោយមក ស្ត្រីនេះបានជួបពួកស្មរបន្ទាល់ព្រះយេហូវ៉ា ហើយពួកគេចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងគាត់។ ក្រោយៗមកទៀត ស្ត្រីជនជាតិអាស៊ីនេះបានសរសេរសំបុត្រមួយដើម្បីថ្លែងអំណរគុណថា៖ ‹អស់លោកអ្នកជាមនុស្សស្បែកសដែលមានចិត្តល្អណាស់! ពេលដែលខ្ញុំទទួលស្គាល់ថា លោក លោកស្រីទាំងឡាយមិនមានចិត្តគំនិតដូចជនជាតិស្បែកសឯទៀត ខ្ញុំក៏ចាប់ផ្ដើមឆ្ងល់។ ខ្ញុំបានគិតចុះគិតឡើងហើយនៅទីបំផុតសន្និដ្ឋានថា អស់លោកអ្នកពិតជាស្មរបន្ទាល់របស់ព្រះមែន។ គម្ពីរព្រះច្បាស់ជាមានការណែនាំដ៏ល្អ។ នៅឯកិច្ចប្រជុំរបស់លោក លោកស្រី ខ្ញុំឃើញមនុស្សស្បែកស ខ្មៅ ស្រអែម និងលឿង តែហាក់ដូចជាគ្រប់គ្នាមានចិត្តពណ៌ដូចគ្នា គឺថ្លាឆ្វង់តែម្ដង ពីព្រោះលោក លោកស្រីគ្រប់គ្នាសុទ្ធតែជាបងប្អូន។ ឥឡូវ ខ្ញុំស្គាល់ដើមហេតុនៃចិត្តល្អរបស់អស់លោកអ្នក។ គឺព្រះដែលបានបង្រៀនលោកអ្នកឲ្យមានចិត្តគំនិតបែបនេះ›។
បណ្ដាំរបស់ព្រះរៀបរាប់អំពីគ្រាខាងមុខដែល«គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ានៅពេញពាសលើផែនដី»។ (អេសាយ ១១:៩) សូម្បីតែនាបច្ចុប្បន្ននេះ បទទំនាយមួយក្នុងគម្ពីរបានសម្រេចដែរ ដោយសារមនុស្សមួយហ្វូងយ៉ាងធំកំពុងមានសាមគ្គីភាពក្នុងការថ្វាយបង្គំព្រះពិត។ មនុស្សទាំងនោះមានគ្នារាប់លាននាក់ពី«គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:៩) ពួកគេរង់ចាំគ្រាដែលមានសង្គមមនុស្សល្អនៅទូទាំងផែនដីដែលចេះស្រឡាញ់គ្នាជាជាងស្អប់គ្នាទៅវិញ។ សេចក្ដីសង្ឃឹមនេះគឺសមស្របទៅតាមគោលបំណងរបស់ព្រះយេហូវ៉ា ដែលបានជម្រាបអ័ប្រាហាំថា៖ «អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជឯង»។—កិច្ចការ ៣:២៥
[កំណត់សម្គាល់]
a ក្នុងករណីនេះ ពាក្យ«ពូជសាសន៍»មិនត្រឹមតែសំដៅទៅលើសាសនាប៉ុណ្ណោះទេ តែក៏អាចបញ្ជាក់ពីមនុស្សដែលមានជាតិ ភាសា សម្បុរនិងវប្បធម៌ផ្សេងៗពីគ្នាដែរ។
[រូបភាពនៅទំព័រ៤]
ច្បាប់របស់ព្រះបានបង្រៀនបណ្ដាជនអ៊ីស្រាអែលឲ្យស្រឡាញ់មនុស្សប្រទេសក្រៅ
[រូបភាពនៅទំព័រ៥]
តើយើងអាចទាញយកមេរៀនល្អអ្វី ពីរឿងស្តីអំពីបុរសជនជាតិសាម៉ារីដែលបានជួយជនរងគ្រោះម្នាក់?
[រូបភាពនៅទំព័រ៦]
ព្រះយេហូវ៉ាមិនផ្ដល់ហេតុឲ្យជនជាតិណាមួយលើកខ្លួនខ្ពស់ជាងជនជាតិឯទៀតទេ