បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៣ ទំ. ២៥-២៩
  • ទស្សនៈរបស់យើងចំអ្នកដទៃ តើដូចព្រះយេហូវ៉ាទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទស្សនៈរបស់យើងចំអ្នកដទៃ តើដូចព្រះយេហូវ៉ាទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​បង​ប្អូន​រួម​ជំនឿ
  • ចូរ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​បង​ប្អូន​រួម​ជំនឿ
  • ពេល​ផ្សព្វផ្សាយ ចូរ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា
  • សាមគ្គីភាពជាបងប្អូនរួមជំនឿ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • «ផលដែលបង្កើតដោយសកម្មពល»លើកតម្កើងព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើអ្នកយល់ថាអ្នកត្រូវរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូររក្សាសាមគ្គីភាពក្នុងក្រុមជំនុំ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៣ ទំ. ២៥-២៩

ទស្សនៈ​របស់​យើង​ចំពោះ​អ្នក​ដទៃ តើ​ដូច​ព្រះ​យេហូវ៉ា​ទេ?

​«កុំ​អោយ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​អោយ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»។—១ករ. [១កូ.] ១២:២៥, ខ.ស.

១​. ពេល​បាន​ចូល​រួម​ជា​លើក​ដំបូង​ជា​មួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ស្ថានភាព​ដូច​ជា​សួនមនោរម តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

កាល​ដែល​យើង​បាន​ដក​ខ្លួន​ចេញ​ពី​ពិភព​លោក​ដ៏​អាក្រក់​នេះ ហើយ​ចាប់​ផ្ដើម​ចូល​រួម​ជា​មួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដែល​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក យើង​មាន​ចិត្ត​សប្បាយ​ណាស់! ស្ថានភាព​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​លក្ខណៈ​ខុស​គ្នា​ទាំង​ស្រុង​ពី​មនុស្ស​ដែល​ស្ថិត​ក្រោម​អំណាច​របស់​សាតាំង ដែល​ច្រើន​តែ​កាច​សាហាវ ស្អប់​គ្នា​និង​រក​រឿង​អ្នក​ដទៃ​ផង។ រីឯ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​វិញ ពួក​គេ​មាន​ភាព​សុខសាន្ត​និង​សាមគ្គី​ភាព ហាក់​ដូច​ជា​ស្ថិត​ក្នុង​សួនមនោរម​រួច​ទៅ​ហើយ។—អេសា. ៤៨:១៧, ១៨; ៦០:១៨; ៦៥:២៥

២​. (ក) តើ​អ្វី​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​អ្នក​ដទៃ? (ខ) តើ​យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ដូច​ម្ដេច?

២ ប៉ុន្តែ ដោយសារ​យើង​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះ ពេល​ប្រាស្រ័យ​ទាក់ទង​កាន់​តែ​ច្រើន​ជា​មួយ​បង​ប្អូន​រួម​ជំនឿ យើង​ក៏​អាច​បែរ​ទៅ​ជា​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​ពួក​គេ​វិញ។ ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​លក្ខណៈ​ល្អៗ​របស់​បង​ប្អូន​ដែល​ខំ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា យើង​អាច​ចាប់​ផ្ដើម​រក​កំហុស​តូចតាច​របស់​ពួក​គេ​ដោយ​គិត​ថា​ធំ​ប៉ុន​ភ្នំ​ទៅ​វិញ។ និយាយ​ឲ្យ​ចំ​ទៅ ទស្សនៈ​របស់​យើង​ចំពោះ​អ្នក​ជឿ​គ្នីគ្នា លែង​មាន​លក្ខណៈ​ដូច​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ហើយ។ ប្រសិន​បើ​ទស្សនៈ​របស់​យើង​បាន​ប្រែប្រួល​ដូច​នេះ គប្បី​ឲ្យ​យើង​គិត​ពិចារណា​អំពី​របៀប​កែ​ប្រែ ដើម្បី​ឲ្យ​មាន​ទស្សនៈ​ល្អ​ដូច​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។—និក្ខ. ៣៣:១៣

ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​បង​ប្អូន​រួម​ជំនឿ

៣​. ក្នុង​គម្ពីរ តើ​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​ប្រៀប​ដូច​ជា​អ្វី?

៣ ក្នុង​សៀវភៅ​កូរិនថូសទី១ ១២:២​-​២៦ សាវ័ក​ប៉ុល​សរសេរ​ថា ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ ប្រៀប​ដូច​ជា​«អវយវៈ​ជា​ច្រើន»​ក្នុង​រូប​កាយ​តែ​មួយ។ សរីរាង្គ​ក្នុង​រូប​កាយ​មនុស្ស​មាន​លក្ខណៈ​ខុសៗ​គ្នា​ទាំង​អស់។ ដូច​គ្នា​ដែរ បង​ប្អូន​ម្នាក់ៗ​ក្នុង​ក្រុម​ជំនុំ​ក៏​មាន​លក្ខណៈ​និង​សមត្ថភាព​ខុសៗ​គ្នា​ផង។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​គាប់​ចិត្ត​ចំពោះ​ពួក​គេ​ទាំង​អស់​គ្នា។ ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ចំពោះ​ពួក​គេ​ម្នាក់ៗ។ អាស្រ័យ​ហេតុ​នេះ ប៉ុល​បាន​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រៀប​ដូច​ជា​សរីរាង្គ ឲ្យ​«យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»។ ដោយសារ​អ្នក​ដទៃ​មាន​លក្ខណៈ​សម្បត្ដិ​ខុស​គ្នា​ពី​យើង នេះ​មិន​តែង​តែ​ស្រួល​ទេ។

៤​. តើ​យើង​ប្រហែល​ជា​ត្រូវ​កែ​ប្រែ​ទស្សនៈ​របស់​ខ្លួន​ចំពោះ​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច?

៤ មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ ដែល​យើង​មាន​ទំនោរ​ចិត្ត​ទោរ​ទន់​ទៅ​រក​ចំណុច​ខ្សោយ​របស់​បង​ប្អូន​រួម​ជំនឿ។ ទង្វើ​បែប​នេះ​ប្រៀប​ដូច​ជា​ការ​ប្រើ​ប្រាស់​កាមេរ៉ាថត​តម្រង់​តែ​ចំណុច​តូច​មួយ។ រីឯ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា គឺ​ទូលំទូលាយ​វិញ ប្រៀប​ដូច​ជា​កែវ​ពង្រីក​នៃ​កាមេរ៉ាថត ដែល​ថត​បាន​ទាំង​មនុស្ស​និង​ទេសភាព​នៅ​ជុំវិញ​ពួក​គេ​ថែម​ទៀត។ ប្រហែល​ជា​យើង​មាន​ទំនោរ​ចិត្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​លក្ខណៈ​ណា​មួយ​ដែល​យើង​មិន​ចូល​ចិត្ត​របស់​អ្នក​ដទៃ ប៉ុន្តែ​ព្រះ​យេហូវ៉ា​រមែង​ផ្ចង់​អារម្មណ៍​ទៅ​លើ​លក្ខណៈ​ទាំង​ឡាយ​របស់​គាត់​ទៅ​វិញ ដែល​តែង​តែ​រួម​បញ្ចូល​គុណសម្បត្ដិ​ល្អៗ​ដែរ។ ពេល​យើង​ខំ​បង្កើត​ឲ្យ​មាន​ទស្សនៈ​កាន់​តែ​ដូច​ព្រះ​យេហូវ៉ា​បេះបិទ នេះ​ក៏​ជួយ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​សាមគ្គី​ភាព​កាន់​តែ​ច្រើន​ក្នុង​ក្រុម​ជំនុំ​ដែរ។—អេភ. ៤:១​-​៣; ៥:១, ២

៥​. ហេតុ​អ្វី​ក៏​មិន​គប្បី​ឲ្យ​យើង​ថ្កោល​ទោស​អ្នក​ដទៃ?

៥ ព្រះ​យេស៊ូ​ជ្រាប​ច្បាស់​ថា មនុស្ស​ដែល​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះ មាន​ទំនោរ​ចិត្ត​ទោរ​ទន់​ទៅ​ចាប់​កំហុស​អ្នក​ដទៃ។ ដូច្នេះ ព្រះ​យេស៊ូ​ទូន្មាន​ថា​៖ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ»។ (ម៉ាថ. ៧:១) គួរ​ឲ្យ​កត់​សម្គាល់​ថា យោង​ទៅ​តាម​ភាសា​ដើម ព្រះ​យេស៊ូ​បាន​បង្គាប់​ពួក​គេ​ឲ្យ​«ឈប់​ថ្កោល​ទោស» មិន​ត្រឹម​តែ​ថា «កុំ​ឲ្យ​ថ្កោល​ទោស»​ប៉ុណ្ណោះ​ឡើយ។ ព្រះ​យេស៊ូ​ជ្រាប​ថា មនុស្ស​ជា​ច្រើន​ដែល​កំពុង​ស្ដាប់​ទ្រង់ មាន​ទម្លាប់​រិះគន់​អ្នក​ដទៃ។ ចុះ​យ៉ាង​ណា​ចំពោះ​យើង? តើ​យើង​មាន​ទម្លាប់​ចាប់​កំហុស​អ្នក​ដទៃ​ទេ? បើ​មាន​មែន គប្បី​ឲ្យ​យើង​ព្យាយាម​កែ​ប្រែ​ដើម្បី​ជៀស​វាង​មិន​ឲ្យ​គេ​ថ្កោល​ទោស​យើង​បាន។ តាម​ការ​ពិត បើ​ព្រះ​យេហូវ៉ា​សុខ​ចិត្ត​ប្រគល់​ភារកិច្ច​ឲ្យ​បុរស​ម្នាក់​ជា​អ្នក​តែងតាំង​នោះ យើង​គ្មាន​សិទ្ធិ​វិនិច្ឆ័យ​គាត់​និង​បញ្ចេញ​មតិ​ថា គាត់​មិន​គួរ​រួម​ចំណែក​ជា​មួយ​ក្រុម​ជំនុំ មែន​ទេ? បើ​បង​ប្អូន​ណា​ម្នាក់​មាន​ចំណុច​ខ្សោយ តែ​ព្រះ​យេហូវ៉ា​នៅ​តែ​ទទួល​ស្គាល់​គាត់​ជា​អ្នក​បម្រើ​ទ្រង់​នៅ​ឡើយ តើ​យើង​មាន​សិទ្ធិ​មើល​ងាយ​គាត់​ទេ? (យ៉ូន. ៦:៤៤) តើ​យើង​ពិត​ជា​ជឿ​ថា ព្រះ​យេហូវ៉ា​កំពុង​នាំ​មុខ​រាស្ត្រ​ទ្រង់​ឬ​ទេ? ដូច្នេះ តើ​យើង​ជឿ​ថា ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ដើម្បី​កែ​ប្រែ​ស្ថានការណ៍ បើ​ចាំបាច់​ទេ?—សូម​អាន រ៉ូម ១៤:១​-​៤

៦​. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​រាស្ត្រ​ទ្រង់?

៦ ព្រះ​យេហូវ៉ា​ទ្រង់​អស្ចារ្យ​ណាស់! ពីព្រោះ​ទ្រង់​អាច​យល់​អំពី​សមត្ថភាព​របស់​គ្រិស្ត​សាសនិក​ម្នាក់ៗ ពេល​ពួក​គេ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​ពិភព​លោក​ថ្មី។ ព្រះ​យេហូវ៉ា​ក៏​ជ្រាប​ពី​ជំនឿន​របស់​ពួក​គេ ថា​បាន​កែ​ប្រែ​ច្រើន​ប៉ុណ្ណា​ហើយ តាំង​ពី​ចាប់​ផ្ដើម​រៀន​គម្ពីរ។ អាស្រ័យ​ហេតុ​នេះ មិន​ចាំបាច់​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​ខ្សោយ​នីមួយៗ​នៃ​រាស្ត្រ​ទ្រង់​ឡើយ។ បទ​ទំនុកដំកើង ១០៣:១២ ចែង​ថា​៖ ​«ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ»។ យើង​រាល់​គ្នា​ច្បាស់​ជា​ត្រេក​អរ​ណាស់! ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នោះ។—ទំនុក. ១៣០:៣

៧​. តើ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ដាវីឌ​បង្រៀន​យើង​អ្វី​ខ្លះ?

៧ កំណត់​ហេតុ​ផ្សេងៗ​ក្នុង​គម្ពីរ​ផ្ដល់​ទី​សំ​អាង​ដែល​បញ្ជាក់​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​លក្ខណៈ​ល្អៗ​របស់​យើង​រាល់​គ្នា។ ព្រះ​យេហូវ៉ា​បាន​សំដៅ​ទៅ​លើ​ដាវីឌ​ជា‹អ្នក​បំរើ​ដែល​បាន​កាន់​តាម​បញ្ញត្ត​ទ្រង់ ហើយ​ដើរ​តាម​ទ្រង់​ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ប្រព្រឹត្ត​តែ​សេចក្ដី​ដែល​ទៀងត្រង់​នៅ​ភ្នែក›ឬ​តាម​ទស្សនៈ​របស់​ទ្រង់។ (១ពង្ស. ១៤:៨) ប៉ុន្តែ យើង​ដឹង​ថា​ដាវីឌ​បាន​ធ្វើ​ខុស​ម្ដង​ម្កាល​ដែរ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​លក្ខណៈ​ល្អៗ​របស់​ដាវីឌ ពីព្រោះ​ទ្រង់​ជ្រាប​ថា​ដាវីឌ​មាន​ចិត្ត​ល្អ។—១របា. ២៩:១៧

ចូរ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​បង​ប្អូន​រួម​ជំនឿ

៨, ៩​. (ក) តើ​យើង​អាច​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (ខ) សូម​រៀប​រាប់​ឧទាហរណ៍​ដែល​បង្ហាញ​ពី​របៀប​បង្កើត​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា។ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ឧទាហរណ៍​នេះ?

៨ ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ពិនិត្យ​មើល​ចិត្ត​របស់​មនុស្ស តែ​យើង​គ្មាន​សមត្ថភាព​មើល​ចិត្ត​របស់​អ្នក​ដទៃ​ទេ។ អាស្រ័យ​ទៅ​លើ​ហេតុ​តែ​មួយ​នេះ មិន​គប្បី​ឲ្យ​យើង​ថ្កោល​ទោស​បង​ប្អូន​រួម​ជំនឿ​ឡើយ។ យើង​មិន​ដឹង​ថា អ្នក​ដទៃ​មាន​បំណង​ចិត្ត​បែប​ណា​នោះ​ទេ។ ដូច្នេះ គប្បី​ឲ្យ​យើង​ខំ​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា ដោយ​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​ខ្សោយ​របស់​បង​ប្អូន ពីព្រោះ​ពួក​គេ​នឹង​លែង​មាន​ចំណុច​ខ្សោយ​ទាំង​នោះ​ទៀត ពេល​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ គប្បី​ណាស់​ឲ្យ​យើង​មាន​គោល​ដៅ​បែប​នេះ មែន​ទេ? ពេល​យើង​ខំ​ជៀស​វាង​ពី​ការ​ថ្កោល​ទោស​បង​ប្អូន​រួម​ជំនឿ នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​ភាព​សុខសាន្ត​កាន់​តែ​ច្រើន​ជា​មួយ​នឹង​គ្នា។—អេភ. ៤:២៣, ២៤

៩ ជា​ឧទាហរណ៍ សូម​គិត​អំពី​ផ្ទះ​មួយ​ខ្នង​ដែល​មិន​សូវ​ស្អាត​ពីព្រោះ​ទទឹក​ក៏​ធ្លាក់ កញ្ចក់​បង្អួច​ក៏​បែក ហើយ​ពិតាន​ក៏​មាន​ស្នាម​ទឹក​ហូរ​កាត់។ ពេល​មើល​ផ្ទះ​នោះ អ្នក​ខ្លះ​គិត​ថា​គួរ​នឹង​កម្ទេច​ចោល​តែ​ម្ដង ពីព្រោះ​អាក្រក់​មើល​ណាស់! ប៉ុន្តែ ម្នាក់​ទៀត​មក​មើល​ផ្ទះ​នោះ ហើយ​មាន​ទស្សនៈ​ខុស​គ្នា​ឆ្ងាយ​ទៅ​វិញ។ ប្រហែល​ជា​គាត់​មិន​មើល​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ទេ តែ​គាត់​ឃើញ​ថា​គ្រឹះ​និង​ជញ្ជាំង​នៅ​មាំ​នៅ​ឡើយ ហើយ​ដំបូល​ក៏​មិន​ទាន់​ពុក​អស់​ដែរ។ ដោយ​សារ​គាត់​គិត​ថា​អាច​ជួសជុល​បាន គាត់​ទិញ​ផ្ទះ​នោះ​ហើយ​ក៏​កែ​លម្អ​ឲ្យ​បាន​ស្អាត។ រួច​មក ពេល​អ្នក​ដទៃ​ដើរ​កាត់ ពួក​គេ​ក៏​សរសើរ​ថា ស្អាត​មែន! តើ​យើង​អាច​មាន​លក្ខណៈ​ដូច​អ្នក​ដែល​ខំ​ជួសជុល​និង​កែ​លម្អ​ផ្ទះ​ដែល​មិន​សូវ​ស្អាត​នោះ​ទេ? ជា​ជាង​រក​ចាប់​កំហុស​បង​ប្អូន​រួម​ជំនឿ​ដោយ​មើល​តែ​សម្បក​ក្រៅ តើ​យើង​អាច​កត់​សម្គាល់​គុណសម្បត្ដិ​ល្អៗ និង​ទទួល​ស្គាល់​លទ្ធភាព​របស់​ពួក​គេ​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​យេហូវ៉ា​ទេ? បើ​យើង​មាន​ទស្សនៈ​បែប​នេះ យើង​នឹង​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ដូច​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ​ដែរ ដោយ​សារ​ពួក​គេ​ខំ​យក​តម្រាប់​តាម​ទ្រង់។—សូម​អាន ហេព្រើរ ៦:១០

១០​. តើ​យោបល់​ក្នុង​សៀវភៅ​ភីលីព ២:៣, ៤ អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១០ សាវ័ក​ប៉ុល​ក៏​បាន​ជូន​យោបល់​ខ្លះ​ដែល​ជួយ​យើង​ឲ្យ​មាន​ទំនាក់ទំនង​កាន់​តែ​ល្អ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ ប៉ុល​ដាស់​តឿន​ពួក​គ្រិស្ត​សាសនិក​ថា​៖ «កុំ​ឲ្យ​ធ្វើ​អ្វី​ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ។ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង»។ (ភី. ២:៣, ៤) ចិត្ត​រាប​ទាប​នឹង​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ដទៃ។ ពេល​ដែល​យើង​គិត​ពី​ប្រយោជន៍​អ្នក​ដទៃ និង​ខំ​សម្គាល់​លក្ខណៈ​ល្អ​របស់​ពួក​គេ នេះ​ក៏​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ដែរ។

១១​. តើ​ក្រុម​ជំនុំ​ជា​ច្រើន​មាន​លក្ខណៈ​ខុស​គ្នា​ពី​មុន​យ៉ាង​ណា?

១១ ស្ថានភាព​ទូទាំង​ពិភព​លោក​នា​សម័យ​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ជន​ជាតិ​ផ្សេងៗ​ផ្លាស់​ទីលំនៅ​ទៅ​ប្រទេស​ក្រៅ។ សព្វ​ថ្ងៃ​នេះ ទី​ក្រុង​មួយ​ចំនួន​ពេញ​ទៅ​ដោយ​មនុស្ស​ពី​គ្រប់​ទិស​ទី។ ជន​បរទេស​ជា​ច្រើន​ដែល​បាន​ផ្លាស់​មក​នៅ​តំបន់​របស់​យើង ក៏​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត​ក្នុង​គម្ពីរ ហើយ​បាន​ចូល​រួម​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​យើង។ ពួក​គេ​«មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ (វិវរ. ៧:៩) ជា​លទ្ធផល ក្រុម​ជំនុំ​ជា​ច្រើន​នៃ​សាក្សី​ព្រះ​យេហូវ៉ា​មាន​មនុស្ស​គ្រប់​ជន​ជាតិ​លាយឡំ​គ្នា។

១២​. តើ​យើង​ត្រូវ​រក្សា​ឲ្យ​មាន​ទស្សនៈ​បែប​ណា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក? ហេតុ​អ្វី​ក៏​មិន​តែង​តែ​ស្រួល​ឲ្យ​យើង​ធ្វើ​ដូច្នេះ?

១២ ក្នុង​ក្រុម​ជំនុំ​របស់​យើង យើង​ប្រហែល​ជា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ច្រើន​ចំពោះ​ការ​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ គប្បី​ឲ្យ​យើង​ចង​ចាំ​ដំបូន្មាន​របស់​សាវ័ក​ពេត្រុស​ដែល​ថា យើង​ត្រូវ​តែ​បង្ហាញ​«សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា» ព្រម​ទាំង​«ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំង»។ (១ពេ. ១:២២) ពេល​មាន​ជន​ជាតិ​ផ្សេងៗ​លាយឡំ​គ្នា ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​តែង​តែ​ស្រួល​ទេ។ បង​ប្អូន​រួម​ជំនឿ​ទាំង​នោះ​ប្រហែល​ជា​មាន​ទំនៀម​ទម្លាប់​ខុស​គ្នា​ស្រឡះ​ពី​យើង។ ពួក​គេ​ក៏​ប្រហែល​ជា​មិន​បាន​ទទួល​ការ​អប់រំ​ខ្ពស់ ជា​អ្នក​ក្រីក្រ ឬ​មាន​វប្បធម៌​ប្លែកៗ​ពី​យើង។ តើ​យើង​ពិបាក​យល់​អំពី​របៀប​គិត​គូរ​របស់​ពួក​គេ​ទេ? តើ​ទឹក​មុខ​និង​ការ​ប្រព្រឹត្ត​ខ្លះៗ​របស់​ពួក​គេ​មើល​ទៅ​ដូច​ជា​មិន​សមរម្យ​ទេ? សូម​ចង​ចាំ​ថា ពួក​គេ​ប្រហែល​ជា​មាន​ទស្សនៈ​ដូច​គ្នា​ចំពោះ​យើង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោបល់​ក្នុង​គម្ពីរ​ដាស់​តឿន​យើង​រាល់​គ្នា​ឲ្យ​«ស្រឡាញ់​បង​ប្អូន»​ទាំង​អស់​គ្នា។—១ពេ. ២:១៧

១៣​. តើ​ប្រហែល​ជា​យើង​ត្រូវ​តែ​កែ​ប្រែ​ទស្សនៈ​យ៉ាង​ណា​ខ្លះ?

១៣ បើ​យើង​ចង់​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​គ្រប់​ជន​ជាតិ យើង​ប្រហែល​ជា​ត្រូវ​កែ​ប្រែ​ទស្សនៈ​របស់​ខ្លួន​បន្ដិច​បន្តួច។ (សូម​អាន កូរិនថូសទី២ ៦:១២, ១៣) តើ​យើង​ធ្លាប់​និយាយ​ថា​៖ «ខ្ញុំ​មិន​ប្រកាន់​ពូជ​សាសន៍​ទេ តែ . . . » រួច​មក រៀប​រាប់​ពី​ទម្លាប់​របស់​ជន​ជាតិ​ណា​មួយ​ដែល​យើង​មិន​ចូល​ចិត្ត​ទេ? ទស្សនៈ​បែប​នេះ​ប្រហែល​ជា​ស​ឲ្យ​ឃើញ​ថា ការ​រើស​អើង​នៅ​តែ​មាន​ជាប់​ក្នុង​ជម្រៅ​ចិត្ត​យើង​នៅ​ឡើយ។ ប្រហែល​ជា​យើង​អាច​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​ឧស្សាហ៍​ព្យាយាម​យល់​ចិត្ត​គំនិត​របស់​អ្នក​ដែល​មាន​ទំនៀម​ទម្លាប់​ខុស​ប្លែក​ពី​ខ្ញុំ​ទេ?›។ ការ​ពិនិត្យ​មើល​អារម្មណ៍​ក្នុង​ចិត្ត​ខ្លួន អាច​ជួយ​យើង​ឲ្យ​ចេះ​យោគ​យល់​និង​ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ជន​ជាតិ​ខុសៗ​គ្នា។

១៤, ១៥​. (ក) សូម​រៀប​រាប់​អំពី​អ្នក​ខ្លះ​ដែល​បាន​កែ​ប្រែ​ទស្សនៈ​របស់​ខ្លួន​ចំពោះ​អ្នក​ដទៃ។ (ខ) តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​អ្នក​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច?

១៤ ក្នុង​គម្ពីរ​មាន​គំរូ​ល្អៗ​របស់​អ្នក​ខ្លះ​ដែល​បាន​កែ​ប្រែ​ទស្សនៈ​របស់​ខ្លួន។ សាវ័ក​ពេត្រុស​ជា​គំរូ​ល្អ​មួយ។ ដោយសារ​ពេត្រុស​ជា​ជន​ជាតិ​យូដា​ម្នាក់ គាត់​មាន​ទម្លាប់​ជៀស​វាង​ពី​ការ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ដទៃ។ សូម​គិត​អំពី​អារម្មណ៍​របស់​ពេត្រុស ពេល​ទទួល​បង្គាប់​ឲ្យ​ទៅ​ផ្ទះ​របស់​លោក​កូនេលាស​ដែល​ជា​ជន​ជាតិ​គេ ហើយ​មិន​ទាំង​កាត់​ស្បែក​ផង! ពេត្រុស​សុខ​ចិត្ត​កែ​ប្រែ​ទស្សនៈ​របស់​ខ្លួន ដោយ​យល់​ថា​ព្រះ​យេហូវ៉ា​គាប់​ចិត្ត​ឲ្យ​មនុស្ស​គ្រប់​ជន​ជាតិ​រួម​ចំណែក​ជា​មួយ​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក។ (កិច្ច. ១០:៩​-​៣៥) បុរស​ឈ្មោះ​សុល ដែល​ក្រោយ​មក​មាន​ឈ្មោះ​ល្បី​ជា​សាវ័ក​ប៉ុល ក៏​ត្រូវ​តែ​កែ​ប្រែ​ទស្សនៈ​របស់​ខ្លួន និង​ឈប់​ប្រកាន់​ពូជ​សាសន៍​ដែរ។ ប៉ុល​សារភាព​ថា គាត់​ស្អប់​ពួក​គ្រិស្ត​សាសនិក​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​«ធ្វើ​ទុក្ខ​បៀតបៀន ហើយ​បំផ្លាញ​ដល់​ពួក​ជំនុំ​នៃ​ព្រះ​ជា​ខ្លាំង​ណាស់!»។ យ៉ាង​ណា​ក៏​ដោយ ពេល​លោក​ម្ចាស់​យេស៊ូ​បាន​កែ​តម្រង់​ប៉ុល គាត់​បាន​កែ​ប្រែ​ច្រើន ហើយ​ក៏​បាន​ចុះ​ចូល​ចំពោះ​ការ​ណែនាំ​ដែល​មក​ពី​ពួក​អ្នក​ដែល​គាត់​ធ្លាប់​បៀតបៀន​ពី​មុន។—កា. ១:​១៣​-​២០

១៥ យើង​ប្រាកដ​ជា​អាច​កែ​ប្រែ​ទស្សនៈ​របស់​ខ្លួន​បាន ដោយ​មាន​ជំនួយ​ពី​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា។ បើ​កាល​ណា​យើង​ឃើញ​ថា ទំនោរ​ចិត្ត​ចង់​ប្រកាន់​ពូជ​សាសន៍​នៅ​តែ​កប់​ជ្រៅ​ក្នុង​ចិត្ត​យើង​បន្ដិច ចូរ​ឲ្យ​យើង​ព្យាយាម​យក​ឈ្នះ​លើ​ចិត្ត​គំនិត​បែប​នោះ និង​«ខំ​ប្រឹង​រក្សា​សេចក្ដី​រួបរួម​គ្នា​របស់​ព្រះ​វិញ្ញាណ​ដោយ​សេចក្ដី​មេត្រី ទុក​ជា​ចំណង​ផង»។ (អេភ. ៤:៣​-​៦) ដំបូន្មាន​ក្នុង​គម្ពីរ​ដាស់​តឿន​យើង​ថា គប្បី​ឲ្យ​យើង​«បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍»។—កូល. ៣:១៤

ពេល​ផ្សព្វផ្សាយ ចូរ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា

១៦​. តើ​ព្រះ​យេហូវ៉ា​មាន​គោល​បំណង​យ៉ាង​ណា​សម្រាប់​មនុស្ស​លោក?

១៦ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ព្រះ​ទ្រង់​មិន​យោគ​យល់​[ឬ​«មិន​រើស​មុខ»]​ខាង​អ្នក​ណា​សោះ»។ (រ៉ូម ២:១១; ខ.ស.) ព្រះ​យេហូវ៉ា​មាន​បំណង​ឲ្យ​មនុស្ស​គ្រប់​ជន​ជាតិ​រួម​ចំណែក​ក្នុង​ការ​ថ្វាយ​បង្គំ​ទ្រង់។ (សូម​អាន ធីម៉ូថេទី១ ២:៣, ៤) ដើម្បី​សម្រេច​គោល​បំណង​នោះ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​គេ​ផ្សាយ​«ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច . . . ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ»។ (វិវរ. ១៤:៦) ព្រះ​យេស៊ូ​បាន​ប្រៀបធៀប​តំបន់​ផ្សាយ​ទៅ​នឹង​«ស្រែ» ហើយ​ថា​ស្រែ​នោះ​រួម​បញ្ចូល​«លោកីយ»​ឬ​«ពិភព​លោក»​ទាំង​មូល។ (ម៉ាថ. [មថ.] ១៣:៣៨; ខ.ស.) តើ​នេះ​មាន​ន័យ​អ្វី​ចំពោះ​យើង​ផ្ទាល់ និង​ក្រុម​គ្រួសារ​របស់​យើង?

១៧​. តើ​យើង​អាច​ជួយ​មនុស្ស​គ្រប់​ប្រភេទ​ដោយ​របៀប​ណា?

១៧ មិន​មែន​យើង​រាល់​គ្នា​ទេ ដែល​មាន​សមត្ថភាព​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ដើម្បី​ប្រកាស​សារ​ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ យ៉ាង​ណា​ក៏​ដោយ ប្រហែល​ជា​យើង​មាន​សមត្ថភាព​ប្រកាស​សារ​នេះ​ដល់​ជន​ជាតិ​ផ្សេងៗ​ដែល​រស់​នៅ​តំបន់​ផ្សាយ​របស់​យើង​វិញ។ តើ​យើង​ខំ​ឆ្លៀត​ឱកាស​ដើម្បី​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់​ប្រភេទ មិន​គ្រាន់​តែ​មនុស្ស​ដែល​យើង​បាន​ជួប​ច្រើន​ដង​ហើយ​ឬ? ចូរ​ប្ដេជ្ញា​ចិត្ត​ចុះ! ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​មិន​ទាន់​មាន​ឱកាស​ឮ​ដំណឹង​ល្អ​ក្នុង​គម្ពីរ។—រ៉ូម ១៥:​២០, ២១

១៨​. តើ​ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដោយ​ធ្វើ​អ្វី?

១៨ ចិត្ត​របស់​ព្រះ​យេស៊ូ​បាន​ជំរុញ​ទ្រង់​ឲ្យ​ជួយ​មនុស្ស​គ្រប់​ប្រភេទ​ដែរ ដូច្នេះ​ទ្រង់​មិន​បាន​ផ្សព្វផ្សាយ​នៅ​តំបន់​តែ​មួយ​គត់​ទេ។ កំណត់​ហេតុ​មួយ​រៀប​រាប់​ថា ព្រះ​យេស៊ូ​បាន​«ទៅ​ដល់​គ្រប់​ក្រុង គ្រប់​ភូមិ»។ ពេល​ព្រះ​យេស៊ូ​«ឃើញ​ហ្វូង​មនុស្ស​ហើយ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ» និង​បញ្ជាក់​ដល់​សិស្ស​ទ្រង់​នូវ​សារៈ​សំខាន់​នៃ​ការ​ផ្ដល់​ជំនួយ។—ម៉ាថ. ៩:៣៥​-​៣៧

១៩, ២០​. តើ​យើង​អាច​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​គ្រប់​ប្រភេទ ដូច​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៩ តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា ថា​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេស៊ូ? បង​ប្អូន​ខ្លះ​បាន​ព្យាយាម​ផ្សព្វផ្សាយ​នៅ​កន្លែង​ខ្លះ​ក្នុង​តំបន់​ផ្សាយ​របស់​ខ្លួន ដែល​មិន​សូវ​មាន​គេ​ផ្សព្វផ្សាយ​ជា​ញឹកញាប់​ទេ។ នេះ​អាច​រួម​បញ្ចូល​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ហាង​និង​ក្រុម​ហ៊ុន ឬ​មួយ​ក៏​នៅ​ឯ​បេន​ឡាន និង​មុខ​អគារ​ធំៗ​ដែល​មាន​ផ្ទះ​ច្រើន តែ​ពិបាក​ជួប​ម្ចាស់​ផ្ទះ​ពីព្រោះ​ជាប់​សោ​ឬ​មាន​អ្នក​យាម។ បង​ប្អូន​ឯ​ទៀត​កំពុង​ខិតខំ​រៀន​ភាសា​បរទេស​ដើម្បី​ផ្សព្វផ្សាយ​ដល់​ជន​ជាតិ​ផ្សេងៗ​ដែល​ទើប​តែ​បាន​ចូល​មក​រស់​នៅ​តំបន់​របស់​ខ្លួន ឬ​ធ្លាប់​នៅ​យូរ​តែ​គ្មាន​អ្នក​ណា​ចេះ​ភាសា​ដើម្បី​និយាយ​ជា​មួយ​គេ។ បើ​យើង​គ្រាន់​តែ​រៀន​បន្ដិច​បន្តួច​ដើម្បី​ឲ្យ​ចេះ​សួរ​សុខ​ទុក្ខ​ប៉ុណ្ណោះ នេះ​ក៏​អាច​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​បង្ហាញ​ថា យើង​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​មែន។ ប្រសិន​បើ​យើង​មិន​អាច​រៀន​ភាសា​បរទេស​ខ្លួន​ឯង តើ​យើង​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​កំពុង​ធ្វើ​ដូច្នេះ​បាន​ទេ? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ច្បាស់​ជា​មិន​បង្អាប់​និង​មើល​ងាយ​បង​ប្អូន​ដែល​ព្យាយាម​ផ្សព្វ​ផ្សាយ​ដល់​ជន​បរទេស​ឡើយ។ មនុស្ស​ទាំង​អស់​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​យើង​ក៏​ចង់​មាន​ទស្សនៈ​ដូច​ទ្រង់​ដែរ។—កូល. ៣:១០, ១១

២០ ពេល​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​ដទៃ យើង​ក៏​នឹង​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់​ប្រភេទ មិន​ថា​ពួក​គេ​មាន​រូប​សម្បត្ដិ​និង​របៀប​រស់​នៅ​បែប​ណា​ក៏​ដោយ។ អ្នក​ខ្លះ​ប្រហែល​ជា​គ្មាន​ផ្ទះ​សម្បែង មិន​ចេះ​សម្អាត​ខ្លួន ឬ​មួយ​ក៏​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌​ជា​ដើម។ បើ​ជន​ជាតិ​ផ្សេង​ម្នាក់​ប្រព្រឹត្ត​មិន​ល្អ​មក​លើ​យើង នេះ​មិន​ផ្ដល់​ហេតុ​ឲ្យ​យើង​ស្អប់​អស់​ទាំង​ជន​ជាតិ​នោះ​ទេ។ ទោះ​ជា​មនុស្ស​នៅ​តំបន់​ខ្លះ​បាន​ធ្វើ​បាប​ប៉ុល​ក្ដី គាត់​មិន​បែរ​ជា​ប្រកាន់​ពូជ​សាសន៍ និង​ឈប់​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​គេ​ឡើយ។ (កិច្ច. ១៤:៥​-​៧, ១៩​-​២២) ប៉ុល​ជឿ​ថា ជន​ជាតិ​នោះ​ខ្លះ​ប្រហែល​ជា​នឹង​ព្រម​ស្ដាប់​សារ​ដែល​គាត់​ផ្សាយ។

២១​. តើ​ការ​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​យ៉ាង​ណា?

២១ គឺ​ច្បាស់​ហើយ​ថា យើង​ត្រូវ​តែ​មាន​ទស្សនៈ​ត្រឹម​ត្រូវ ពោល​គឺ ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង និង​ចំពោះ​បង​ប្អូន​រួម​ជំនឿ មិន​ថា​ពួក​គេ​ជា​ជន​ជាតិ​ដូច​គ្នា​ឬ​ជន​បរទេស​ក្ដី។ ពេល​យើង​មាន​ទស្សនៈ​កាន់​តែ​ដូច​ព្រះ​យេហូវ៉ា​បេះបិទ យើង​ក៏​នឹង​មាន​ភាព​សុខសាន្ត​និង​សាមគ្គី​ភាព​កាន់​តែ​ច្រើន​ផង​ដែរ។ លទ្ធផល​ល្អ​មួយ​ទៀត​គឺ យើង​នឹង​មាន​សមត្ថភាព​ជួយ​មនុស្ស​កាន់​តែ​ច្រើន ឲ្យ​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​«មិន​រើស​មុខ»​ទាល់តែ​សោះ តែ​ជា​ព្រះ​ដែល​ស្រឡាញ់​មនុស្ស​គ្រប់​ប្រភេទ ពីព្រោះ​ទ្រង់​បាន​«បង្កើត​ពួក​គេ​មក​ដូច​គ្នា»។—យ៉ូប ៣៤:១៩, ខ.ស.

តើ​អ្នក​អាច​ឆ្លើយ​បាន​ទេ?

• តើ​យើង​គួរ​ជៀស​វាង​ពី​ទស្សនៈ​បែប​ណា​ចំពោះ​បង​ប្អូន​រួម​ជំនឿ?

• ស្តី​អំពី​បង​ប្អូន​រួម​ជំនឿ តើ​យើង​អាច​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

• តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ស្តី​អំពី​ទស្សនៈ​របស់​ខ្លួន​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ដែល​ជា​ជន​ជាតិ​ផ្សេង?

• ពេល​ផ្សព្វផ្សាយ តើ​យើង​អាច​បង្ហាញ​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​២៦]

តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ចេះ​យល់​ចិត្ត​គំនិត​របស់​អ្នក​ដែល​មាន​ទំនៀម​ទម្លាប់​ខុស​ប្លែក​ពី​ខ្លួន?

[រូបភាព​នៅ​ទំព័រ​២៨]

តើ​យើង​អាច​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​កាន់​តែ​ច្រើន ដោយ​វិធី​ណា​ខ្លះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក