ជំពូកទី១៦
សាមគ្គីភាពជាបងប្អូនរួមជំនឿ
អស់ប្រហែលជា១.៥០០ឆ្នាំ ប្រជាជាតិអ៊ីស្រាអែលបានធ្វើជារាស្ត្រដែលជាតំណាងនាមព្រះយេហូវ៉ា។ ក្រោយមក លោកបាន«បង្ហាញចំណាប់អារម្មណ៍ . . . ទៅលើប្រជាជាតិនានា ដើម្បីរើសយករាស្ត្រមួយជាតំណាងនាមរបស់លោក»។ (សកម្ម. ១៥:១៤) រាស្ត្រដែលជាតំណាងនាមព្រះយេហូវ៉ាធ្វើជាសាក្សីរបស់លោក។ ពួកគេមានគំនិតតែមួយ ក៏ចេះសហការគ្នាដែរ ទោះជាពួកគេរស់នៅកន្លែងណាក្ដី។ រាស្ត្រនេះបានត្រូវប្រមូលដោយសារលោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យបំពេញកិច្ចបម្រើផ្សាយ ដោយមានប្រសាសន៍ថា៖ «ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។—ម៉ាថ. ២៨:១៩, ២០
អ្នកមានបងប្អូនរួមជំនឿជាគ្រិស្តសាសនិកនៅទូទាំងពិភពលោកដែលមានសាមគ្គីភាព។ បងប្អូនទាំងនេះមានជាតិសាសន៍ កុលសម្ព័ន្ធ និងស្ថានភាពខាងសេដ្ឋកិច្ចខុសគ្នា ប៉ុន្តែពួកគេមិនព្រមឲ្យភាពខុសគ្នានេះធ្វើឲ្យពួកគេបាក់បែកគ្នាឡើយ
២ ដោយសារអ្នកបានប្រគល់ខ្លួនជូនព្រះយេហូវ៉ានិងបានទទួលការជ្រមុជទឹក អ្នកបានក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។ យ៉ាងនេះ អ្នកមានបងប្អូនរួមជំនឿជាគ្រិស្តសាសនិកនៅទូទាំងពិភពលោកដែលមានសាមគ្គីភាព។ បងប្អូនទាំងនេះមានជាតិសាសន៍ កុលសម្ព័ន្ធ និងស្ថានភាពខាងសេដ្ឋកិច្ចខុសគ្នា ប៉ុន្តែពួកគេមិនព្រមឲ្យភាពខុសគ្នានេះធ្វើឲ្យពួកគេបាក់បែកគ្នាឡើយ។ (ទំនុក. ១៣៣:១) ជាលទ្ធផល អ្នកស្រឡាញ់ហើយគោរពបងប្អូនគ្រិស្តសាសនិកក្នុងក្រុមជំនុំ។ បងប្អូនខ្លះក្នុងក្រុមជំនុំប្រហែលជាមានជាតិសាសន៍ឬពូជសាសន៍ខុសពីអ្នក ឬបានរៀនសូត្រច្រើនជាងឬតិចជាងអ្នក ហេតុនេះ ពីមុនអ្នកប្រហែលជាមិនព្រមសេពគប់ជាមួយនឹងពួកគាត់ទេ។ ប៉ុន្តែ ឥឡូវអ្នកមានសេចក្ដីស្រឡាញ់ជាបងប្អូនរួមជំនឿ ហើយចំណងនេះគឺខ្លាំងជាងទំនាក់ទំនងឯទៀត ទោះជាទំនាក់ទំនងក្នុងសង្គម សាសនា ឬក្រុមគ្រួសារក្ដី។—ម៉ាក. ១០:២៩, ៣០; កូឡ. ៣:១៤; ១ពេ. ១:២២
ការកែប្រែរបៀបគិតគូរ
៣ ប្រសិនបើបងប្អូនខ្លះពិបាកបោះបង់ចោលការរើសអើងខាងជាតិសាសន៍ នយោបាយ វណ្ណៈ ឬមានការរើសអើងឯទៀតដែលនៅតែដក់ជាប់ក្នុងចិត្ត ពួកគាត់អាចពិចារណាអំពីគ្រិស្តសាសនិកជនជាតិយូដានាសម័យដើម ព្រោះពួកគេត្រូវបោះបង់ចោលរបៀបគិតគូររបស់អ្នកកាន់សាសនាយូដា ជារបៀបគិតគូរដែលនាំឲ្យស្អប់ជនជាតិដទៃ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានបង្គាប់ពេត្រុសឲ្យទៅផ្ទះរបស់កូនេលាសដែលជានាយទាហានជនជាតិរ៉ូម ហើយដោយសេចក្ដីសប្បុរស លោកបានជួយពេត្រុសឲ្យត្រៀមខ្លួនដើម្បីបំពេញភារកិច្ចនោះ។—សកម្ម. ជំ.១០
៤ នៅពេលមួយ ព្រះបានបើកបង្ហាញឲ្យពេត្រុសឃើញក្នុងគំនិតនូវសត្វខ្លះដែលជនជាតិយូដាចាត់ទុកថាមិនស្អាតបរិសុទ្ធ ហើយគាត់បានត្រូវបង្គាប់ឲ្យសម្លាប់និងបរិភោគសត្វទាំងនោះ។ ពេលពេត្រុសប្រកែក នោះមានសំឡេងពីស្ថានសួគ៌ប្រាប់គាត់ថា៖ «ឈប់ហៅអ្វីៗដែលព្រះបានសម្អាត ថាមិនស្អាត»។ (សកម្ម. ១០:១៥) ពេត្រុសត្រូវការជំនួយនេះពីព្រះ ដើម្បីត្រៀមគំនិតសម្រាប់ភារកិច្ចដែលគាត់ហៀបនឹងទទួល ពោលគឺទៅជួបបុរសជាជនជាតិដទៃម្នាក់។ ពេលពេត្រុសធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា គាត់បាននិយាយទៅពួកអ្នកដែលបានជួបជុំគ្នានៅទីនោះថា៖ «អ្នករាល់គ្នាដឹងច្បាស់ថា ជនជាតិយូដាគ្មានច្បាប់ចូលទៅជិតឬទាក់ទងជាមួយនឹងជាតិសាសន៍ដទៃទេ។ ទោះជាយ៉ាងនោះក៏ដោយ ព្រះបានបង្ហាញខ្ញុំថា ខ្ញុំមិនគួរហៅមនុស្សណាម្នាក់មិនស្អាតឬស្មោកគ្រោកឡើយ។ ហេតុនេះ ពេលដែលគេទៅហៅខ្ញុំ ខ្ញុំក៏មកដោយមិនជំទាស់ទេ»។ (សកម្ម. ១០:២៨, ២៩) បន្ទាប់មក ពេត្រុសបានឃើញទីសំអាងដែលបញ្ជាក់ថា ព្រះយេហូវ៉ាពេញចិត្តកូនេលាសនិងពួកអ្នកផ្ទះរបស់គាត់។
៥ សុលពីក្រុងតើសុសជាផារិស៊ីម្នាក់ដែលបានរៀនសូត្រជ្រៅជ្រះ តែគាត់ត្រូវបន្ទាបខ្លួនហើយសេពគប់មនុស្សដែលគាត់មិនព្រមសេពគប់ពីមុន ដោយសារមានឋានៈខុសគ្នា។ បន្ថែមទៀត គាត់ក៏ត្រូវធ្វើតាមការណែនាំពីមនុស្សទាំងនោះដែរ។ (សកម្ម. ៤:១៣; កាឡ. ១:១៣-២០; ភី. ៣:៤-១១) ចំណែកឯមនុស្សខ្លះទៀតដូចជាស៊ើគាសប៉ូឡូស ឌីយ៉ូនីស ដាម៉ារីស ភីលេម៉ូន អូណេស៊ីម និងអ្នកឯទៀតដែលបានទទួលដំណឹងល្អហើយក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត ពួកគាត់ក៏ច្បាស់ជាបានត្រូវកែប្រែរបៀបគិតគូររបស់ខ្លួនដែរ។—សកម្ម. ១៣:៦-១២; ១៧:២២, ៣៣, ៣៤; ភីលេ. ៨-២០
ការរក្សាសាមគ្គីភាពជាបងប្អូនរួមជំនឿទូទាំងពិភពលោក
៦ សេចក្ដីស្រឡាញ់របស់បងប្អូនក្នុងក្រុមជំនុំទំនងជាបានទាក់ទាញចិត្តអ្នកឲ្យចូលទៅជិតព្រះយេហូវ៉ានិងអង្គការរបស់លោក។ អ្នកបានឃើញយ៉ាងច្បាស់នូវសេចក្ដីស្រឡាញ់ដែលសម្គាល់អ្នកកាន់តាមពិតរបស់លោកយេស៊ូគ្រិស្ត ដូចលោកមានប្រសាសន៍ថា៖ «ខ្ញុំឲ្យបញ្ញត្ដិថ្មីមួយដល់អ្នករាល់គ្នា គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ (យ៉ូន. ១៣:៣៤, ៣៥) ម្យ៉ាងទៀត ពេលអ្នកបានដឹងថាសេចក្ដីស្រឡាញ់ដែលអ្នកឃើញក្នុងក្រុមជំនុំ គ្រាន់តែឆ្លុះបញ្ចាំងឲ្យឃើញតែបន្តិចបន្តូចប៉ុណ្ណោះនូវសេចក្ដីស្រឡាញ់ដែលមានក្នុងចំណោមបងប្អូនរួមជំនឿនៅទូទាំងពិភពលោក នោះនាំឲ្យអ្នកដឹងគុណព្រះយេហូវ៉ានិងអង្គការរបស់លោកថែមទៀត។ អ្នកកំពុងឃើញទំនាយក្នុងគម្ពីរកំពុងក្លាយទៅជាការពិត ជាទំនាយស្ដីអំពីការប្រមូលមនុស្សនៅគ្រាចុងក្រោយបង្អស់ ឲ្យមកគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានភាពសុខសាន្តនិងសាមគ្គីភាព។—មីកា ៤:១-៥
៧ នៅសព្វថ្ងៃនេះ មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យមនុស្សជាតិបែកបាក់គ្នា ដូច្នេះ ពិតជាអស្ចារ្យមែនដែលមនុស្ស«ពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា»មានសាមគ្គីភាព។ (បប. ៧:៩) សូមពិចារណាអំពីភាពខុសគ្នារវាងសង្គមដែលមានបច្ចេកវិទ្យាខ្ពស់ និងសង្គមដែលកាន់តាមទំនៀមទម្លាប់កុលសម្ព័ន្ធពីបុរាណ។ សូមគិតអំពីទំនាស់ខាងសាសនារវាងមនុស្សដែលមានជាតិសាសន៍និងពូជសាសន៍ដូចគ្នា។ ដោយសារមានជាតិនិយមកើតឡើងខ្លាំងជាងមុននៅសព្វថ្ងៃនេះ មនុស្សកំពុងបែកបាក់គ្នាខាងនយោបាយខ្លាំងជាងមុនទៅទៀត។ ម្យ៉ាងទៀត បើយើងពិចារណាអំពីភាពខុសគ្នាខាងសេដ្ឋកិច្ច និងអ្វីជាច្រើនទៀតដែលនាំឲ្យមនុស្សបែកបាក់គ្នា យើងអាចយល់ថាការបង្រួបបង្រួមមនុស្សពីគ្រប់ប្រជាជាតិ គ្រប់ភាសា គ្រប់ក្រុម និងគ្រប់ស្រទាប់វណ្ណៈ ឲ្យមានសេចក្ដីស្រឡាញ់និងភាពសុខសាន្តដែលស្ថិតស្ថេរ នោះជាអព្ភូតហេតុ។ មានតែព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតប៉ុណ្ណោះ ដែលអាចធ្វើអព្ភូតហេតុនេះបាន។—សាក. ៤:៦
៨ ប៉ុន្តែ សាមគ្គីភាពដូចនេះគឺមានពិតប្រាកដមែន ហើយតាំងពីថ្ងៃដែលអ្នកប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា អ្នកចាប់ផ្ដើមមានសាមគ្គីភាពដ៏អស្ចារ្យនេះជាមួយរាស្ត្រព្រះ។ អ្នកបានទទួលប្រយោជន៍ពីសាមគ្គីភាពនេះ ដូច្នេះអ្នកមានភារកិច្ចជួយរក្សាសាមគ្គីភាពនេះជានិច្ច។ យើងអាចធ្វើដូច្នេះដោយធ្វើតាមពាក្យរបស់សាវ័កប៉ូលនៅកាឡាទី ៦:១០ ដែលថា៖ «ដរាបណាយើងមានឱកាស នោះចូរយើងធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់បងប្អូនរួមជំនឿរបស់យើង»។ យើងក៏ធ្វើតាមការណែនាំនេះដែលថា៖ «មិនធ្វើអ្វីក្នុងបំណងទាស់ជាមួយនឹងអ្នកឯទៀតឬលើកខ្លួនហួសប្រមាណ ប៉ុន្តែបន្ទាបខ្លួនដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន បន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតអំពីរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ»។ (ភី. ២:៣, ៤) ដរាបណាយើងអប់រំខ្លួនឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះបងប្អូនរួមជំនឿដោយមិនគិតអំពីលក្ខណៈខាងក្រៅរបស់ពួកគាត់ ដរាបនោះយើងនឹងនៅតែមានទំនាក់ទំនងដ៏សុខសាន្តនិងដ៏សប្បាយរីករាយជាមួយនឹងពួកគាត់។—អេភ. ៤:២៣, ២៤
ចូរយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក
៩ សាវ័កប៉ូលបានធ្វើការប្រៀបប្រដូចមួយដើម្បីពន្យល់ថា អស់អ្នកក្នុងក្រុមជំនុំគួរមានសាមគ្គីភាព ហើយគួរយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ (១កូ. ១២:១៤-២៦) ពិតមែនតែបងប្អូនរួមជំនឿនៅទូទាំងពិភពលោកប្រហែលជារស់នៅកន្លែងឆ្ងាយពីយើង ប៉ុន្តែយើងនៅតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពួកគាត់។ ប្រសិនបើមានបងប្អូនខ្លះកំពុងរងការបៀតបៀន យើងទាំងអស់គ្នាក៏កើតទុក្ខព្រួយយ៉ាងខ្លាំងដែរ។ ប្រសិនបើបងប្អូនខ្លះខ្វះខាត ឬរងទុក្ខដោយសារគ្រោះមហន្តរាយ សង្គ្រាម ឬភាពចលាចលក្នុងស្រុក នោះបងប្អូនឯទៀតខំរកវិធីពង្រឹងជំនឿរបស់ពួកគាត់និងផ្ដល់ជំនួយខាងសម្ភារ។—២កូ. ១:៨-១១
១០ យើងទាំងអស់គ្នាគួរអធិដ្ឋានឲ្យបងប្អូនរួមជំនឿជារៀងរាល់ថ្ងៃ។ បងប្អូនខ្លះកំពុងប្រឈមមុខនឹងការល្បួងឲ្យប្រព្រឹត្តអំពើអាក្រក់។ បងប្អូនខ្លះទៀតឆ្លងកាត់ទុក្ខលំបាកដែលអ្នកឯទៀតដឹងឮ។ រីឯបងប្អូនផ្សេងទៀតទទួលរងការប្រឆាំងដែលមិនសូវមានអ្នកណាដឹងឮទេ ដូចជាការប្រឆាំងពីអ្នកធ្វើការជាមួយ ឬពីសមាជិកក្រុមគ្រួសារដែលមិនមានជំនឿដូចគ្នា។ (ម៉ាថ. ១០:៣៥, ៣៦; ១ថែ. ២:១៤) យើងបារម្ភអំពីបងប្អូនទាំងនេះ ពីព្រោះយើងទាំងអស់គ្នាជាបងប្អូនរួមជំនឿនៅទូទាំងពិភពលោក។ (១ពេ. ៥:៩) នៅក្នុងចំណោមយើង មានបងប្អូនដែលធ្វើការយ៉ាងខ្នះខ្នែងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ពួកគាត់ខ្លះនាំមុខក្នុងកិច្ចផ្សព្វផ្សាយនិងក្នុងក្រុមជំនុំ ហើយខ្លះទៀតមានភារកិច្ចត្រួតពិនិត្យកិច្ចការដែលអង្គការព្រះកំពុងធ្វើនៅទូទាំងពិភពលោក។ ទោះជាយើងមិនអាចជួយបងប្អូនទាំងអស់នេះដោយផ្ទាល់ក៏ដោយ តែជាការសមរម្យដែលយើងអធិដ្ឋានឲ្យពួកគាត់ ព្រោះតាមរយៈការអធិដ្ឋាននេះយើងបង្ហាញសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគាត់។—អេភ. ១:១៦; ១ថែ. ១:២, ៣; ៥:២៥
១១ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ ភាពជ្រួលច្របល់កើតឡើងនៅទូទាំងផែនដី។ ម្ល៉ោះហើយ រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវប្រុងប្រៀបខ្លួនដើម្បីជួយគ្នាទៅវិញទៅមក។ ជួនកាល បងប្អូនយើងរងគ្រោះដោយសារមហន្តរាយធម្មជាតិដូចជាការរញ្ជួយដីនិងទឹកជំនន់ ដូច្នេះពួកគាត់ត្រូវការជំនួយនិងសម្ភារផ្សេងៗយ៉ាងច្រើនជាចាំបាច់។ គ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានទុកគំរូល្អស្ដីអំពីរឿងនេះ។ ដោយនឹកឃើញឱវាទរបស់លោកយេស៊ូ អ្នកកាន់តាមលោកនៅក្រុងអាន់ទីយ៉ូក រីករាយផ្ញើជំនួយទៅបងប្អូននៅតំបន់យូឌា។ (សកម្ម. ១១:២៧-៣០; ២០:៣៥) មួយរយៈពេលក្រោយមក សាវ័កប៉ូលបានលើកទឹកចិត្តបងប្អូននៅក្រុងកូរិនថូស ឲ្យគាំទ្រការផ្ដល់ជំនួយដែលបានត្រូវធ្វើឡើងដោយមានរបៀបរៀបរយ។ (២កូ. ៩:១-១៥) នៅសម័យនេះ ពេលបងប្អូនរួមជំនឿរងគ្រោះដោយសារស្ថានភាពពិបាកហើយត្រូវការជំនួយខាងសម្ភារ នោះអង្គការយើងនិងបងប្អូនគ្រិស្តសាសនិកម្នាក់ៗរួសរាន់ផ្ដល់ជំនួយដែលចាំបាច់។
យើងបានត្រូវញែកដោយឡែកដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
១២ បងប្អូនរួមជំនឿរបស់យើងនៅទូទាំងពិភពលោកមានសាមគ្គីភាព ហើយបានត្រូវរៀបចំដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។ នៅសព្វថ្ងៃនេះ ព្រះមានបំណងឲ្យយើងប្រកាសផ្សាយដំណឹងល្អអំពីរាជាណាចក្រនៅគ្រប់ទីអាស្រ័យនៅផែនដីដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ។ (ម៉ាថ. ២៤:១៤) ពេលយើងធ្វើកិច្ចការនេះ ព្រះយេហូវ៉ាចង់ឲ្យយើងមានការប្រព្រឹត្តសមស្របតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់របស់លោក។ (១ពេ. ១:១៤-១៦) យើងគួរសុខចិត្តចុះចូលនឹងគ្នាទៅវិញទៅមក ហើយរួមគ្នាជួយឲ្យកិច្ចការផ្សាយដំណឹងល្អជឿនទៅមុខ។ (អេភ. ៥:២១) នេះជាគ្រាបន្ទាន់ ដូច្នេះយើងគួរស្វែងរករាជាណាចក្ររបស់ព្រះជាមុនក្នុងជីវិត មិនមែនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ (ម៉ាថ. ៦:៣៣) ដោយចាំដូច្នេះកាលដែលយើងសហការគ្នាក្នុងការប្រកាសផ្សាយដំណឹងល្អ នោះយើងនឹងមានអារម្មណ៍ស្កប់ចិត្តនិងមានអំណរនៅឥឡូវនេះ ក៏នឹងទទួលពរជារៀងរហូតដែរ។
១៣ ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងជារាស្ត្រពិសេសដែលបានត្រូវញែកដោយឡែកពីអ្នកឯទៀតក្នុងពិភពលោកនេះ ព្រោះយើងមានភាពស្អាតស្អំហើយខ្នះខ្នែងក្នុងកិច្ចបម្រើព្រះ។ (ទីត. ២:១៤) យើងខុសពីអ្នកឯទៀត ដោយសារយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ យើងមិនគ្រាន់តែធ្វើកិច្ចការជាមួយបងប្អូនរបស់យើងនៅទូទាំងពិភពលោកដោយសាមគ្គីភាពប៉ុណ្ណោះទេ តែយើងនិយាយភាសាដូចគ្នា ពោលគឺភាសានៃសេចក្ដីពិត ហើយយើងប្រព្រឹត្តស្របតាមសេចក្ដីពិតនោះ។ ស្ដីអំពីរឿងនេះ ព្រះយេហូវ៉ាបានប្រើសេផានាដែលជាអ្នកប្រកាសទំនាយរបស់លោក ឲ្យប្រកាសទុកជាមុនថា៖ «អញនឹងឲ្យជនជាតិទាំងឡាយ មានបបូរមាត់ស្អាត[ឬ«ភាសាបរិសុទ្ធ»] ដើម្បីឲ្យគេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នានឹងគោរពដល់ទ្រង់»។—សេផ. ៣:៩; ព.ថ.
១៤ បន្ទាប់មក ព្រះយេហូវ៉ាបានដឹកនាំសេផានាឲ្យពណ៌នាអំពីសាមគ្គីភាពដែលមានក្នុងចំណោមបងប្អូនរួមជំនឿទូទាំងពិភពលោក ជាសាមគ្គីភាពដែលកំពុងកើតឡើងនៅសព្វថ្ងៃនេះថា៖ «ពួកសំណល់នៃអ៊ីស្រាអែលនឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្ដាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ីហើយដេកចុះឥតមានអ្នកណាបំភ័យគេឡើយ»។ (សេផ. ៣:១៣) យើងអាចធ្វើការជាមួយគ្នាដោយសាមគ្គីភាព ពីព្រោះយើងមានការយល់ដឹងអំពីសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះ បានកែប្រែចិត្តគំនិត ហើយបានផ្លាស់ប្រែរបៀបរស់នៅឲ្យសមស្របនឹងខ្នាតតម្រារបស់ព្រះយេហូវ៉ា។ យើងសម្រេចនូវអ្វីៗដែលមនុស្សគិតថាមិនអាចសម្រេចបានឡើយ។ ពិតមែនហើយ យើងខុសពីអ្នកឯទៀត ព្រោះយើងជារាស្ត្ររបស់ព្រះ ហើយយើងលើកកិត្តិយសលោកនៅពេញផែនដី។—មីកា ២:១២