ភាគទី១១
គ្រឹះរបស់ពិភពលោកថ្មីឥឡូវកំពុងតែស្ថាបនាឡើង
១, ២ ជាការបំពេញបទទំនាយពីព្រះគម្ពីរ តើមានអ្វីកើតឡើងនៅចំពីមុខយើងនោះ?
ហេតុការណ៍ដ៏អស្ចារ្យមួយទៀតគឺ ឥឡូវនេះគ្រឹះនៃពិភពលោកថ្មីរបស់ព្រះកំពុងតែស្ថាបនាឡើង នៅពេលជាមួយគ្នាដែលលោកីយចាស់របស់សាតាំងកំពុងចុះឱនថយ។ នៅចំពីមុខយើង ព្រះទ្រង់កំពុងតែប្រមូលមនុស្សពីគ្រប់សាសន៍ទាំងអស់ ហើយរៀបចំពួកគេឡើងឲ្យធ្វើជាគ្រឹះនៃសង្គមផែនដីថ្មី ដែលនឹងត្រូវដាក់ជំនួសលោកីយដែលបែកខ្ញែកនេះវិញ។ ព្រះគម្ពីរ ពេត្រុសទី២ ៣:១៣ ហៅសង្គមថ្មីនេះថា «ផែនដីថ្មី»។
២ បទទំនាយពីព្រះគម្ពីរចែងទៀតថា៖ «នៅជាន់ក្រោយបង្អស់[សម័យយើងនេះ] . . . ប្រជាជាតិជាច្រើន គេនឹងទៅដោយពោលថា៖ ‹ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា[សក្ការៈដ៏ពិតប្រាកដរបស់ទ្រង់] . . . ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ›»។—អេសាយ ២:២-៣
៣ (ក) តើបទទំនាយរបស់ហោរាអេសាយកំពុងតែសម្រេចឡើងក្នុងចំណោមពួកណា? (ខ) តើសៀវភៅក្រោយបង្អស់នៃព្រះគម្ពីរអធិប្បាយអំពីរឿងនេះយ៉ាងណា?
៣ បទទំនាយនេះឥឡូវកំពុងតែបានសម្រេចឡើងក្នុងចំណោមពួកមនុស្សដែលចុះចូលនឹង ‹ផ្លូវរបស់ព្រះ ព្រមទាំងដើរតាមផ្លូវទាំងនោះ›។ សៀវភៅព្រះគម្ពីរក្រោយបង្អស់ចែងអំពីសង្គមមនុស្សអន្តរជាតិនេះដែលស្រឡាញ់សន្ដិភាព ថាជា «មនុស្ស១ហ្វូងយ៉ាងធំ . . . គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា» គឺជាភាតរភាពដ៏ពិតប្រាកដនៅពេញផែនដីទាំងមូលដែលកំពុងតែបំរើព្រះដោយសាមគ្គីភាព។ ហើយព្រះគម្ពីរនោះក៏ចែងទៀតថា៖ «អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក»។ នេះបានសេចក្ដីថា ពួកគេនឹងរួចរស់ជីវិតពីទីបញ្ចប់នៃរបបសម័យដ៏កំណាចនេះ។—វិវរណៈ ៧:៩, ១៤; ម៉ាថាយ ២៤:៣
ភាតរភាពអន្តរជាតិដ៏ពិតប្រាកដ
៤, ៥ តើហេតុអ្វីក៏ភាតរភាពនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ាអាចមានពេញផែនដីទាំងមូល?
៤ ពួកស្មរបន្ទាល់ព្រះយេហូវ៉ារាប់លាននាក់ខ្នះខ្នែងដោយចិត្តស្មោះ ឲ្យមានជីវភាពស្របនឹងសេចក្ដីអប់រំនិងផ្លូវរបស់ព្រះ។ សេចក្ដីសង្ឃឹមនូវជីវិតដ៏អនន្តរបស់គេ គឺស្រេចទៅលើពិភពលោកថ្មីរបស់ព្រះ។ ដោយប្រព្រឹត្តតាមនិងស្ដាប់បង្គាប់ច្បាប់របស់ព្រះក្នុងជីវភាពជារៀងរាល់ថ្ងៃនោះ ពួកគេបង្ហាញដល់ទ្រង់នូវសេចក្ដីស្ម័គ្រចិត្តនឹងចុះចូលនូវរបៀបគ្រប់គ្រងរបស់ទ្រង់ នៅគ្រាឥឡូវហើយនៅពិភពលោកថ្មីផង។ នៅគ្រប់ទីកន្លែងទាំងអស់ ថ្វីបើមានគ្រប់សាសន៍និងគ្រប់ជាតិក៏ដោយ ពួកគេស្ដាប់បង្គាប់បមាណីយដូចគ្នា—គឺជាបមាណីយដែលបានកត់ទុកដោយព្រះនៅក្នុងបន្ទូលរបស់ទ្រង់។ ដោយហេតុនេះបានជាគេជាភាតរភាពអន្តរជាតិដ៏ពិតប្រាកដ ជាសង្គមពិភពលោកថ្មីដែលព្រះកំពុងតែបង្កើតឡើង។—អេសាយ ៥៤:១៣; ម៉ាថាយ ២២:៣៧, ៣៨; យ៉ូហាន ១៥:៩, ១៤
៥ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមិនដណ្ដើមយកកិត្ដិយសសម្រាប់ខ្លួនគេ ចំពោះភាតរភាពដ៏ប្រសើរឯកពេញផែនដីទាំងមូលដែលគេមាននោះឡើយ។ ដ្បិតពួកគេទទួលស្គាល់ថា នេះបានកើតឡើងជាលទ្ធផលពីវិញ្ញាណបរិសុទ្ធដ៏ខ្លាំងក្លារបស់ព្រះ ដែលមានសកម្មភាពទៅលើមនុស្សដែលចុះចូលនឹងច្បាប់របស់ទ្រង់។ (កិច្ចការ ៥:២៩, ៣២; កាឡាទី ៥:២២, ២៣) នេះជាកិច្ចការដែលព្រះសម្រេចឡើង។ ដូចជាព្រះយេស៊ូវបានមានបន្ទូលថា «ការដែលមនុស្សធ្វើមិនកើត នោះព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់»។ (លូកា ១៨:២៧) ដូច្នេះហើយ ព្រះអង្គដែលបានបង្កើតឡើងនូវសកលលោកដែលឋិតថេរយឺនយូរនោះ ទ្រង់ក៏អាចធ្វើឲ្យមានលទ្ធភាពនូវសង្គមពិភពលោកថ្មីដែលឋិតថេរនោះដែរ។
៦ តើហេតុអ្វីក៏អាចហៅភាតរភាពនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ាជាអព្ភូតហេតុក្នុងសម័យទំនើបនេះបាន?
៦ ដោយហេតុនេះ របៀបគ្រប់គ្រងនៅពិភពលោកថ្មីរបស់ព្រះយេហូវ៉ា អាចឃើញបានឥឡូវ តាមរយៈអ្វីដែលទ្រង់កំពុងតែបង្កើតក្នុងគ្រឹះពិភពលោកថ្មី ដែលឥឡូវនេះកំពុងតែស្ថាបនាឡើង។ ហើយការដែលទ្រង់បានសម្រេចចំពោះពួកស្មរបន្ទាល់របស់ទ្រង់ គឺជាអព្ភូតហេតុមួយក្នុងសម័យទំនើបនេះ។ តើហេតុអ្វី? គឺពីព្រោះទ្រង់បានធ្វើពួកស្មរបន្ទាល់ព្រះយេហូវ៉ាឲ្យទៅជាភាតរភាពដ៏ពិតប្រាកដពេញផែនដីទាំងមូល ដែលមិនដែលអាចត្រូវបានបាក់បែកដោយសារការប្រកាន់ប្រយោជន៍ខាងសាសន៍ ខាងជាតិ ឬក៏ខាងសាសនាឡើយ។ ថ្វីបើមានស្មរបន្ទាល់ចំនួនរាប់លាននាក់ដែលរស់នៅក្នុងជាង២០០ប្រទេសក៏ដោយ ពួកគេទាំងអស់គ្នាចូលរួមនឹងគ្នាដូចជាមនុស្សមួយ ដោយមានសម្ពន្ធដែលមិនអាចបំបាក់បានឡើយ។ ភាតរភាពពេញផែនដីទាំងមូលនេះ ជាការល្អប្រសើរឯកក្នុងប្រវត្ដិសាស្ត្រទាំងអស់នោះ គឺពិតជាអព្ភូតហេតុមួយក្នុងសម័យទំនើបនេះ—ជាកិច្ចការដែលព្រះបានសម្រេចឡើងមែន។—អេសាយ ៤៣:១០, ១១, ២១; កិច្ចការ ១០:៣៤, ៣៥; កាឡាទី ៣:២៨
សម្គាល់រាស្ត្ររបស់ព្រះ
៧ តើព្រះយេស៊ូវបានមានបន្ទូលថា អ្នកកាន់តាមដ៏ពិតប្រាកដរបស់ទ្រង់អាចត្រូវសម្គាល់បានយ៉ាងណា?
៧ តើអាចសម្គាល់ឲ្យបានច្បាស់ថែមទៀតយ៉ាងណា នូវរាស្ត្រមួយណាដែលព្រះកំពុងប្រើជាគ្រឹះសម្រាប់ពិភពលោកថ្មីរបស់ទ្រង់នោះ? ចុះតើពួកណាដែលសម្រេចតាមបន្ទូលរបស់ព្រះយេស៊ូវ ដែលចែងទុកនៅគម្ពីរយ៉ូហាន ១៣:៣៤, ៣៥? ទ្រង់បានមានបន្ទូលថា៖ «ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាជឿបន្ទូលរបស់ព្រះយេស៊ូវ ហើយក៏ប្រព្រឹត្តតាមដំបូន្មាននេះដែរ។ ដូចជាបន្ទូលរបស់ព្រះបានបង្គាប់មកនោះ ពួកគេ «មានសេចក្ដីស្រឡាញ់[នឹង]គ្នា ឲ្យអស់ពីចិត្ត»។ (ពេត្រុសទី១ ៤:៨) ពួកគេ «បំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់ ដ្បិតនេះជាសម្ពន្ធដ៏គ្រប់លក្ខណ៍នៃសាមគ្គីភាពនោះ»។ (កូល៉ុស ៣:១៤ពថ) ដូច្នេះហើយ សេចក្ដីស្រឡាញ់ចំពោះពួកបងប្អូនគឺដូចជា «ជ័រស្អិត» ដែលធ្វើឲ្យពួកគេនៅជាប់ជាមួយគ្នានៅពេញផែនដីទាំងមូល។
៨ តើតាមរបៀបណាដែលគម្ពីរយ៉ូហានទី១ ៣:១០-១២ ជួយសម្គាល់យ៉ាងច្បាស់ទៀតនូវរាស្ត្ររបស់ព្រះនោះ?
៨ ម្យ៉ាងទៀតនោះ គម្ពីរយ៉ូហានទី១ ៣:១០-១២ បានចែងថា៖ «គឺយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន៖ ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្ដីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ។ ដ្បិតនេះឯងជាសេចក្ដី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ»។ ដូច្នេះ រាស្ត្ររបស់ព្រះជាភាតរភាពពេញផែនដីទាំងមូលដែលមិនប្រព្រឹត្តតាមអំពើឃោរឃៅនោះឡើយ។
លក្ខណៈសម្គាល់មួយទៀត
៩, ១០ (ក) តើដោយសារកិច្ចការណា ដែលអ្នកបំរើរបស់ព្រះនឹងសម្គាល់នៅជាន់ក្រោយបង្អស់បាន? (ខ) តើតាមរបៀបណាដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានបំពេញបទទំនាយនៅគម្ពីរម៉ាថាយ ២៤:១៤?
៩ គឺមានរបៀបមួយទៀតដើម្បីសម្គាល់អ្នកបំរើរបស់ព្រះដែរ។ នៅក្នុងបទទំនាយរបស់ទ្រង់អំពីទីបញ្ចប់នៃលោកីយនេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់អំពីព្រឹត្ដិការណ៍ជាច្រើន ដែលនឹងសម្គាល់សម័យយើងនេះជាជាន់ក្រោយបង្អស់។ (សូមមើលភាគទី៩) លក្ខណៈដ៏សំខាន់មួយពីបទទំនាយនេះដែលបានកត់ទុកក្នុងបន្ទូលរបស់ទ្រង់ នៅគម្ពីរម៉ាថាយ ២៤:១៤គឺ៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។
១០ តើយើងបានឃើញបទទំនាយនេះកំពុងតែបានសម្រេចឬទេ? មែនហើយ តាំងពីការចាប់ផ្ដើមនៃជាន់ក្រោយបង្អស់ក្នុងឆ្នាំ១៩១៤មក ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានផ្សាយប្រកាសដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ នៅពេញផែនដីទាំងមូលតាមរបៀបដែលព្រះយេស៊ូវបានបញ្ជាមក គឺថា តាមទីលំនៅរបស់មនុស្ស។ (ម៉ាថាយ ១០:៧, ១២; កិច្ចការ ២០:២០) ពួកស្មរបន្ទាល់រាប់លាននាក់ទៅជួបមនុស្សនៅគ្រប់សាសន៍ទាំងអស់ ដើម្បីនិយាយជាមួយគេអំពីពិភពលោកថ្មី។ ការនេះបានធ្វើឲ្យលោកអ្នកទទួលសៀវភៅស្តើងនេះ ដ្បិតកិច្ចបំរើរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា រួមបញ្ចូលទាំងការបោះពុម្ពនិងការចែកប្រកាសនវត្ថុជាច្រើនរយកោដិដែលផ្សាយអំពីរាជាណាចក្ររបស់ព្រះ។ តើលោកអ្នកស្គាល់មនុស្សមួយក្រុមឯទៀត ដែលផ្សាយអំពីរាជាណាចក្ររបស់ព្រះពីផ្ទះមួយទៅផ្ទះមួយនៅពេញផែនដីទាំងមូលឬទេ? ហើយបទគម្ពីរម៉ាកុស ១៣:១០ បង្ហាញថាកិច្ចការនៃការផ្សាយនិងការបង្រៀននេះ ត្រូវតែបានសម្រេច «ជាមុនសិន» ទើបទីបញ្ចប់នឹងមកដល់។
ឆ្លើយដោះស្រាយនូវរឿងចំណោទទី២ដ៏ធំ
១១ តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានសម្រេចអ្វីទៀត ដោយសារការចុះចូលនូវការគ្រប់គ្រងរបស់ព្រះនោះ?
១១ ដោយចុះចូលនូវច្បាប់និងគោលការណ៍របស់ព្រះនោះ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាសម្រេចសេចក្ដីមួយទៀត។ ពួកគេសម្ដែងថា សាតាំងជាអ្នកភូតភរក្នុងកាលដែលវាអះអាងថា មនុស្សលោកមិនអាចរក្សាទុកសេចក្ដីស្មោះចំពោះព្រះបានទេ បើកាលណាគេត្រូវល្បងនោះ។ ហើយដោយធ្វើការនេះ ពួកគេឆ្លើយរឿងចំណោទទី២ដ៏ធំ ដែលទាក់ទងនឹងសេចក្ដីស្មោះដ៏គ្រប់លក្ខណ៍នៃមនុស្សលោក។ (យ៉ូប ២:១-៥) ដោយគេជាសង្គមដែលរួបរួមមនុស្សច្រើនលាននាក់ពីគ្រប់សាសន៍ទាំងអស់ ពួកស្មរបន្ទាល់សម្ដែងភក្ដីភាពចំពោះការគ្រប់គ្រងរបស់ព្រះ ជាគណៈមួយក្រុម។ ថ្វីបើពួកគេជាមនុស្សមានភាពមិនល្អឥតខ្ចោះនោះ ពួកគេនៅតែជួយគាំទ្រខាងព្រះក្នុងរឿងចំណោទអំពីអធិបតេយ្យភាពសកលលោក ទោះជាមានការកៀបសង្កត់ពីសាតាំងក៏ដោយ។
១២ ដោយសារជំនឿរបស់គេ តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាយកគំរូតាមអ្នកណា?
១២ សព្វថ្ងៃនេះ ពួកស្មរបន្ទាល់ព្រះយេហូវ៉ារាប់លាននាក់ទាំងនេះ បានបន្ថែមការសម្ដែងសក្ខីភាពរបស់គេ ទៅលើការសម្ដែងសក្ខីភាពរបស់ពួកស្មរបន្ទាល់ជាច្រើននាក់ទៀតនៅអតីតកាល ដែលគេបានសម្ដែងសេចក្ដីស្មោះត្រង់ចំពោះព្រះ។ អ្នកខ្លះក្នុងចំណោមនេះគឺ អេបិល ណូអេ យ៉ូប អ័ប្រាហាំ នាងសារ៉ា អ៊ីសាក យ៉ាកុប នាងដេបូរ៉ា នាងរស់ ដាវីឌ និងដានីយ៉ែលជាដើម។ (ហេព្រើរ ជំពូកទី១១ហេព្រើរ ១១) ដូចជាព្រះគម្ពីរបានចែងថាពួកគេគឺជា ‹ស្មរបន្ទាល់ស្មោះត្រង់១ហ្វូងយ៉ាងធំម្ល៉េះ›។ (ហេព្រើរ ១២:១) ពួកទាំងនេះព្រមទាំងអ្នកដទៃទៀតដែលរួមបញ្ចូលសិស្សរបស់ព្រះយេស៊ូវដែរ បានរក្សាទុកនូវសេចក្ដីស្មោះដ៏គ្រប់លក្ខណ៍ចំពោះព្រះ។ ហើយព្រះយេស៊ូវអង្គផ្ទាល់បានផ្ដល់នូវគំរូដ៏ល្អបំផុត ដោយរក្សាទុកនូវសេចក្ដីស្មោះដ៏គ្រប់លក្ខណ៍និងល្អឥតខ្ចោះទៅទៀត។
១៣ តើបន្ទូលណារបស់ព្រះយេស៊ូវអំពីសាតាំង បានសម្ដែងថាជាសេចក្ដីពិតនោះ?
១៣ ការទាំងនេះសម្ដែងថា អ្វីៗដែលព្រះយេស៊ូវបានមានបន្ទូលអំពីសាតាំងប្រាប់ដល់ពួកដឹកនាំខាងសាសនាគឺជាសេចក្ដីពិត ថា៖ «តែឥឡូវនេះ អ្នករាល់គ្នារកចង់សំឡាប់ខ្ញុំវិញ ជាមនុស្សដែលយកសេចក្ដីពិតដែលបានឮពីព្រះ មកប្រាប់ដល់អ្នករាល់គ្នា . . . អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក។ វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ។ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង»។—យ៉ូហាន ៨:៤០, ៤៤
តើលោកអ្នកនឹងសម្រេចចិត្តយ៉ាងណា?
១៤ តើអ្វីដែលកំពុងតែកើតមានឡើងចំពោះគ្រឹះនៃពិភពលោកថ្មី នៅពេលឥឡូវនេះ?
១៤ គ្រឹះនៃពិភពលោកថ្មីដែលព្រះកំពុងស្ថាបនាឡើងក្នុងសង្គមអន្តរជាតិនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា គឺកំពុងតែមានភាពមាំមួនរឹតតែខ្លាំងឡើង។ ជារៀងរាល់ឆ្នាំ មនុស្សរាប់សែននាក់ចាប់ផ្ដើមប្រើចិត្តសេរីរបស់គេ ដោយមានមូលដ្ឋានទៅលើតម្រិះវិជ្ជាដ៏ត្រឹមត្រូវ ដើម្បីឲ្យព្រមទទួលការគ្រប់គ្រងរបស់ព្រះ។ ពួកគេចូលរួមនឹងសង្គមពិភពលោកថ្មី ជួយគាំទ្រខាងព្រះក្នុងរឿងចំណោទនៃអធិបតេយ្យភាពសកលលោក ហើយសម្ដែងថាសាតាំងជាអ្នកភូតភរនោះដែរ។
១៥ តើការញែកចេញពីគ្នាណាដែលព្រះយេស៊ូវកំពុងតែសម្រេចនៅសម័យរបស់យើងនេះ?
១៥ ដោយជ្រើសរើសការគ្រប់គ្រងរបស់ព្រះនោះ ពួកគេបំពេញលក្ខណៈដែលតម្រូវឲ្យដាក់នៅ «ខាងស្ដាំ» របស់ព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់ញែក «ចៀម» ចេញពី«ពពែ»។ ក្នុងបទទំនាយរបស់ទ្រង់អំពីជាន់ក្រោយបង្អស់ នោះព្រះយេស៊ូវបានទាយទុកថា៖ «គ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ។ រួចនឹងដាក់ចៀមនៅខាងស្ដាំ ហើយពពែនៅខាងឆ្វេង»។ ពួកចៀមគឺជាមនុស្សរាបទាបដែលចូលរួម ព្រមទាំងជួយគាំទ្រពួកបងប្អូនរបស់ព្រះគ្រីស្ទ ហើយចុះចូលនឹងការគ្រប់គ្រងរបស់ព្រះដែរ។ ពួកពពែជាមនុស្សរឹងចចេសដែលបដិសេធមិនទទួលពួកបងប្អូនរបស់ព្រះគ្រីស្ទ ហើយមិនបានជួយគាំទ្រការគ្រប់គ្រងរបស់ព្រះទេ។ តើមានលទ្ធផលយ៉ាងណាទៅ? ព្រះយេស៊ូវបានមានបន្ទូលថា៖ «ឯពួកអ្នកទាំងនោះ[ពពែ]នឹងថយទៅ មានទោសអស់កល្បជានិច្ច តែពួកសុចរិត[ចៀម]នឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ចវិញ»។—ម៉ាថាយ ២៥:៣១-៤៦
១៦ តើលោកអ្នកត្រូវតែប្រព្រឹត្តយ៉ាងណា បើសិនជាលោកអ្នកចង់រស់នៅក្នុងសួនមនោរមដែលនឹងមកដល់នោះ?
១៦ ជាពិតប្រាកដណាស់ ព្រះទ្រង់ស្រឡាញ់មនុស្សយើងមែន! នៅពេលឆាប់ៗនេះ ទ្រង់នឹងផ្ដល់នូវសួនមនោរមនៅលើផែនដីដែលប្រកបទៅដោយសេចក្ដីអំណរ។ តើលោកអ្នកចង់រស់នៅក្នុងសួនមនោរមនោះឬទេ? បើសិនជាចង់ សូមបង្ហាញសេចក្ដីអំណរគុណរបស់លោកអ្នកចំពោះសំវិធានការរបស់ព្រះយេហូវ៉ា ដោយខំរៀនអំពីទ្រង់ ព្រមទាំងប្រព្រឹត្តតាមសេចក្ដីដែលលោកអ្នករៀនចុះ។ «ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ។ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ។ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្ដាដល់គេ»។—អេសាយ ៥៥:៦, ៧
១៧ តើហេតុអ្វីបានជាយើងត្រូវតែប្រើពេលវេលាឲ្យបានប្រយោជន៍ជាចាំបាច់ ក្នុងការជ្រើសរើសអ្នកដែលយើងនឹងបំរើនោះ?
១៧ ព្រោះមានពេលវេលាខ្លីណាស់ ដូច្នេះសូមកុំចំណាយពេលជាឥតប្រយោជន៍ទៀតឡើយ។ ទីបញ្ចប់នៃរបបសម័យចាស់នេះជិតមកដល់ហើយ។ បន្ទូលរបស់ព្រះបានចែងទូន្មានថា៖ «កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ . . . ឯលោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—យ៉ូហានទី១ ២:១៥-១៧
១៨ ប្រព្រឹត្តតាមកិច្ចការណាខ្លះនឹងបណ្ដាលឲ្យលោកអ្នកអាចទន្ទឹងចាំហើយទុកចិត្តបានថា លោកអ្នកពិតជាអាចរស់នៅក្នុងពិភពលោកថ្មីដ៏អស្ចារ្យរបស់ព្រះនោះ?
១៨ រាស្ត្ររបស់ព្រះឥឡូវកំពុងតែត្រូវបង្ហាត់បង្រៀនដើម្បីឲ្យទទួលជីវិតអស់កល្បជានិច្ចនៅក្នុងពិភពលោកថ្មីបាន។ ពួកគេកំពុងរៀនជំនាញខាងវិញ្ញាណនិងខាងឯទៀតដែរ ដែលត្រូវការជាចាំបាច់ដើម្បីធ្វើសួនមនោរមឲ្យលូតលាស់បាន។ យើងសូមជំរុញលើកទឹកចិត្តលោកអ្នកឲ្យជ្រើសរើសព្រះជាអ្នកគ្រប់គ្រង ហើយជួយគាំទ្រកិច្ចការដែលជួយសង្គ្រោះជីវិត ដែលទ្រង់នាំឲ្យមនុស្សធ្វើនៅពេញផែនដីទាំងមូលសព្វថ្ងៃនេះ។ សូមសិក្សាព្រះគម្ពីរជាមួយនឹងពួកស្មរបន្ទាល់ព្រះយេហូវ៉ា ហើយទទួលតម្រិះវិជ្ជាដើម្បីស្គាល់ព្រះអង្គ ដែលទ្រង់ពិតជាស្រឡាញ់លោកអ្នក ហើយដែលទ្រង់នឹងនាំឲ្យមានទីបញ្ចប់ដល់សេចក្ដីទុក្ខវេទនាទាំងអស់ផង។ ដោយប្រព្រឹត្តកិច្ចការបែបនេះ លោកអ្នកអាចចូលរួមជាមួយរាស្ត្រដែលនឹងធ្វើជាគ្រឹះនៃពិភពលោកថ្មីនោះដែរ។ រួចលោកអ្នកអាចទន្ទឹងចាំហើយទុកចិត្តថា នឹងត្រូវទទួលព្រះគុណ ហើយនឹងត្រូវរស់នៅដ៏អស់កល្បជានិច្ចក្នុងពិភពលោកថ្មីដ៏អស្ចារ្យនោះបាន។
[រូបភាពនៅទំព័រ៣១]
ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានភាតរភាពអន្តរជាតិដ៏ពិតប្រាកដ
[រូបភាពនៅទំព័រ៣២]
គ្រឹះនៃពិភពលោកថ្មីរបស់ព្រះឥឡូវកំពុងតែស្ថាបនាឡើង