ពេលរង់ចាំថ្ងៃរបស់ព្រះយេហូវ៉ាចូរចេះស៊ូទ្រាំចុះ!
«ត្រូវឲ្យអ្នករាល់គ្នាបន្ថែមឲ្យមាន . . . ជំនឿ[និងចិត្ត]ខ្ជាប់ខ្ជួន[ឬ«ចេះស៊ូទ្រាំ»]»។—ពេត្រុសទី២ ១:៥, ៦; ព.ថ.
១, ២. តើការស៊ូទ្រាំរួមបញ្ចូលអ្វីខ្លះ? ហេតុអ្វីបានជាគ្រិស្តសាសនិកត្រូវតែចេះស៊ូទ្រាំ?
ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ។ (យ៉ូអែល ១:១៥; សេផានា ១:១៤) ដោយសារយើងជាគ្រិស្តសាសនិកដែលបានតាំងចិត្តរក្សាឲ្យមានចិត្តស្មោះចំពោះព្រះយេហូវ៉ា នោះយើងរង់ចាំដោយរីករាយនូវគ្រាដែលទ្រង់នឹងចាត់វិធានការដើម្បីបញ្ជាក់ថាទ្រង់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ ទំរាំដល់ពេលនោះ មនុស្សនៅតែស្អប់ តិះដៀល បៀតបៀននិងសម្លាប់យើងដោយព្រោះយើងជឿទៅលើទ្រង់។ (ម៉ាថាយ ៥:១០-១២; ១០:២២; វិវរណៈ ២:១០) នេះតម្រូវឲ្យយើងចេះស៊ូទ្រាំ ដែលជាសមត្ថភាពតស៊ូដោយអត់ទ្រាំពេលមានទុក្ខលំបាក។ សាវ័កពេត្រុសដាស់តឿនយើងថា៖ ‹ត្រូវឲ្យអ្នករាល់គ្នាបន្ថែមឲ្យមានជំនឿនិងចិត្តខ្ជាប់ខ្ជួន[ឬ«ចេះស៊ូទ្រាំ»]›។ (ពេត្រុសទី២ ១:៥, ៦; ព.ថ.) យើងត្រូវតែចេះស៊ូទ្រាំ ពីព្រោះព្រះយេស៊ូមានប្រសាសន៍ថា៖ «អ្នកណាដែលកាន់ខ្ជាប់[ឬ«ស៊ូទ្រាំ»]ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ»។—ម៉ាថាយ ២៤:១៣; ខ.ស.
២ អ្នកខ្លះក៏មានជំងឺតម្កាត់ កាន់មរណទុក្ខនិងរងទុក្ខលំបាកឯទៀតដែរ។ បើនេះធ្វើឲ្យជំនឿរបស់យើងវិនាសបាត់ទៅ នោះសាតាំងច្បាស់ជាសប្បាយចិត្តណាស់! (លូកា ២២:៣១, ៣២) ប៉ុន្តែ យើងអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗបាន ដោយមានជំនួយពីព្រះយេហូវ៉ា។ (ពេត្រុសទី១ ៥:៦-១១) សូមពិនិត្យមើលគំរូរបស់បងប្អូននាសម័យនេះដែលផ្ដល់ទីសំអាងថា ពេលរង់ចាំថ្ងៃរបស់ព្រះយេហូវ៉ា យើងអាចស៊ូទ្រាំនិងរក្សាឲ្យមានជំនឿរឹងមាំបាន។
មិនឈប់ដោយព្រោះឈឺថ្កាត់ទេ
៣, ៤. សូមរៀបរាប់ឧទាហរណ៍មួយដែលបង្ហាញថា យើងអាចបម្រើព្រះយេហូវ៉ាដោយស្មោះត្រង់បាន សូម្បីតែពេលមានជំងឺតម្កាត់ក៏ដោយ។
៣ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាមិនធ្វើអព្ភូតហេតុដើម្បីប្រោសយើងឲ្យជាពីជំងឺឡើយ។ យ៉ាងណាក៏ដោយ ទ្រង់ផ្ដល់កម្លាំងឲ្យយើងចេះស៊ូទ្រាំនឹងជំងឺតម្កាត់បាន។ (ទំនុកដំកើង ៤១:១-៣) នាងសារ៉ុនមានប្រសាសន៍ថា៖ «តាំងពីតូច ទៅណាមកណា ខ្ញុំត្រូវការកៅអីរុញរហូត។ ខ្ញុំខូចសរសៃខួរក្បាលតាំងពីកំណើត ដូច្នេះខ្ញុំមិនដែលបានលេងសប្បាយដូចក្មេងដទៃទេ»។ ពេលសារ៉ុនបានរៀនអំពីព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់ទ្រង់ ថាទ្រង់នឹងប្រទានឲ្យមនុស្សនូវសុខភាពល្អឥតខ្ចោះវិញ នេះបានជួយនាងឲ្យមានសេចក្ដីសង្ឃឹម។ ទោះជានាងពិបាកដើរនិងនិយាយស្តីក៏ដោយ នាងនៅតែមានអំណរក្នុងកិច្ចបម្រើផ្សាយជាគ្រិស្តសាសនិក។ ប្រមាណ១៥ឆ្នាំមុន នាងមានប្រសាសន៍ថា៖ «ទោះបើសុខភាពខ្ញុំចេះតែទ្រុឌទ្រោមទៅៗក្ដី ខ្ញុំនៅតែស៊ូទ្រាំរស់បានដោយមានទំនុកចិត្តទៅលើព្រះ និងមានចំណងមិត្តភាពជាមួយនឹងទ្រង់។ ខ្ញុំពិតជាសប្បាយមែន! ដោយបានរួមចំណែកជាមួយរាស្ត្ររបស់ព្រះយេហូវ៉ា ហើយទ្រង់គាំទ្រខ្ញុំរហូត»។
៤ សាវ័កប៉ុលបានដាស់តឿនពួកគ្រិស្តសាសនិកនៅទីក្រុងថែស្សាឡូនីចឲ្យ«ជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត»។ (ថែស្សាឡូនីចទី១ ៥:១៤) បើយើងខកចិត្តយ៉ាងខ្លាំង នេះអាចនាំឲ្យធ្លាក់ទឹកចិត្តផង។ នៅឆ្នាំ១៩៩៣ សារ៉ុនបានសរសេរថា៖ «ដោយសារខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានសមត្ថភាពសម្រេចការល្អសោះ នោះខ្ញុំ . . . ធ្លាក់ទឹកចិត្តយ៉ាងខ្លាំងអស់រយៈពេលបីឆ្នាំ។ . . . ពួកអ្នកចាស់ទុំបានជួយសម្រាលទុក្ខខ្ញុំ និងជូនឱវាទដល់ខ្ញុំ។ . . . ព្រះយេហូវ៉ាក៏យោគយល់ ហើយបានជួយអប់រំខ្ញុំអំពីការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង តាមរយៈអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម។ ទ្រង់ពិតជាយកចិត្តទុកដាក់ចំពោះរាស្ត្រទ្រង់ ហើយយល់អារម្មណ៍របស់យើងមែន»។ (ពេត្រុសទី១ ៥:៦, ៧) សារ៉ុននៅតែបម្រើព្រះយេហូវ៉ាដោយស្មោះត្រង់ ហើយក៏រង់ចាំថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាដែរ។
៥. តើមានទីសំអាងអ្វីដែលបង្ហាញថាគ្រិស្តសាសនិកអាចស៊ូទ្រាំនឹងចិត្តតានតឹងយ៉ាងខ្លាំង?
៥ គ្រិស្តសាសនិកខ្លះមានចិត្តតានតឹងយ៉ាងខ្លាំង ដោយសារព្រឹត្ដិការណ៍ដែលពួកគាត់បានឆ្លងកាត់ក្នុងជីវិត។ បុរសឈ្មោះហាលី បានចូលសមរភូមិនៅសង្គ្រាមលោកលើកទីពីរ ហើយឃើញពួកទ័ពកាប់សម្លាប់គ្នាយ៉ាងសាហាវ។ គាត់ចេះតែយល់សប្ដិឃើញព្រឹត្ដិការណ៍អាក្រក់ទាំងនោះទៀត។ ពេលគេង គាត់ក៏ស្រែកឡើងថា៖ «ចូរប្រយ័ត្ន! ចូរប្រយ័ត្នចុះ!» ហើយពេលភ្ញាក់ពីដេក ខោអាវរបស់គាត់សើមដោយព្រោះគាត់បានបែកញើសខ្លាំង។ យ៉ាងណាក៏ដោយ គាត់បានចាប់ផ្ដើមកែប្រែជីវិតឲ្យស្របតាមការណែនាំពីព្រះ ហើយយូរៗទៅ គាត់មិនសូវមានសុបិនអាក្រក់បែបនោះជាញឹកញាប់ទេ។
៦. តើគ្រិស្តសាសនិកម្នាក់ដែលមានជំងឺសរសៃប្រសាទម្យ៉ាងនោះបានធ្វើអ្វី?
៦ គ្រិស្តសាសនិកម្នាក់ដែលមានជំងឺសរសៃប្រសាទម្យ៉ាង គាត់ពិបាកធ្វើកិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ យ៉ាងណាក៏ដោយ គាត់នៅតែព្យាយាមធ្វើកិច្ចការនោះ ពីព្រោះគាត់ទទួលស្គាល់ថា ជីវិតស្លាប់រស់របស់គាត់និងមនុស្សដែលព្រមស្ដាប់ គឺអាស្រ័យទៅលើកិច្ចបម្រើនោះ។ (ធីម៉ូថេទី១ ៤:១៦) ដោយសារជំងឺសរសៃប្រសាទ ជួនកាលសូម្បីតែចុចកណ្ដឹងក៏ពិបាកណាស់ដែរចំពោះគាត់។ ក៏ប៉ុន្តែ គាត់មានប្រសាសន៍ថា៖ «បន្ដិចម្ដងៗ ខ្ញុំអាចយកឈ្នះអារម្មណ៍ក្នុងចិត្តខ្ញុំ ហើយអាចទៅផ្ទះមួយទៀត និងសាកនិយាយម្ដងទៀត។ ខ្ញុំបានរក្សាឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះ ដោយមិនខានចូលរួមកិច្ចបម្រើផ្សាយ»។ ការចូលរួមកិច្ចប្រជុំក៏ពិបាកសម្រាប់បងប្រុសនេះដែរ។ ប៉ុន្តែ គាត់ជឿជាក់ថា ទំនាក់ទំនងជាមួយបងប្អូនរួមជំនឿពិតជាមានតម្លៃ ដូច្នេះគាត់ព្យាយាមចូលរួម។—ហេព្រើរ ១០:២៤, ២៥
៧. ទោះជាអ្នកខ្លះភ័យជាខ្លាំងពេលត្រូវនិយាយនៅចំពោះមុខមនុស្សជាច្រើនឬត្រូវជួបជុំជាមួយអ្នកដទៃក្ដី តើពួកគាត់ស៊ូទ្រាំដោយធ្វើអ្វី?
៧ គ្រិស្តសាសនិកខ្លះចេះតែភ័យស្លុតហួសហេតុពេកចំពោះអ្វីខ្លះៗ ឬក្រោមស្ថានការណ៍ខ្លះៗ។ ជាឧទាហរណ៍ បើត្រូវនិយាយនៅចំពោះមុខមនុស្សជាច្រើន ពួកគាត់ចេះតែភ័យរន្ធត់។ ណាមួយទៀត ការជួបជុំជាមួយអ្នកដទៃក៏អាចធ្វើឲ្យពួកគាត់ភ័យញ័រជាខ្លាំងដែរ។ សូមគិតទៅមើលថា ពេលអ្នកទាំងនេះចង់លើកដៃឆ្លើយក្នុងកម្មវិធីប្រជុំជាមួយគ្រិស្តសាសនិកឯទៀត ឬចង់ថ្លែងសុន្ទរកថាក្នុងសាលាកិច្ចបម្រើផ្សាយ ពួកគាត់ច្បាស់ជាមានអារម្មណ៍ពិបាកយ៉ាងខ្លាំង! យ៉ាងណាក្ដី ពួកគាត់នៅតែស៊ូទ្រាំ ហើយពេលដែលពួកគាត់មានវត្តមាននៅឯកិច្ចប្រជុំ ព្រមទាំងរួមចំណែកក្នុងកម្មវិធីផង នេះក៏លើកទឹកចិត្តយើងច្រើនណាស់ដែរ។
៨. ចំពោះមនុស្សដែលមានបញ្ហាខាងផ្លូវចិត្ត តើអ្វីអាចមានប្រសិទ្ធភាពច្រើនបំផុត?
៨ ចំពោះមនុស្សដែលមានបញ្ហាខាងផ្លូវចិត្ត ពួកគាត់ប្រហែលជាអាចស៊ូទ្រាំបានងាយជាង បើសម្រាកល្មមគ្រប់គ្រាន់ និងដេកឲ្យបានឆ្អែត។ អ្នកខ្លះប្រហែលជាត្រូវរកគ្រូពេទ្យឲ្យជួយផង។ ប៉ុន្តែ ការពឹងផ្អែកទៅលើព្រះយេហូវ៉ាក្នុងការអធិស្ឋាន នោះមានប្រសិទ្ធភាពច្រើនបំផុត។ ទំនុកដំកើង ៥៥:២២ ចែងថា៖ «ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ»។ បើដូច្នេះ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត»ចុះ!—សុភាសិត ៣:៥, ៦
ការស៊ូទ្រាំនឹងមរណទុក្ខ
៩-១១. (ក) បើអ្នកជាទីស្រឡាញ់ស្លាប់ តើអ្វីអាចជួយយើងឲ្យស៊ូទ្រាំនឹងចិត្តសង្រេងបាន? (ខ) តើគំរូរបស់អាណអាចជួយឲ្យយើងស៊ូទ្រាំនឹងមរណទុក្ខបានយ៉ាងណា?
៩ ពេលសមាជិកគ្រួសារស្លាប់ នេះអាចនាំឲ្យមានចិត្តសង្រេងជាខ្លាំង។ លោកអ័ប្រាហាំបានយំសោកផងដែរ ពេលដែលភរិយាជាទីស្រឡាញ់ឈ្មោះសារ៉ាបានស្លាប់។ (លោកុប្បត្តិ ២៣:២) សូម្បីតែព្រះយេស៊ូដែលជាមនុស្សល្អឥតខ្ចោះ ក៏«ព្រះកន្សែង»ឬយំពេលដែលមិត្តសម្លាញ់ឈ្មោះឡាសារស្លាប់។ (យ៉ូហាន ១១:៣៥) ដូច្នេះ ពេលដែលអ្នកជាទីស្រឡាញ់ស្លាប់ទៅ មិនជាការចម្លែកអ្វីឡើយដែលយើងមានចិត្តក្រៀមក្រំដែរ។ ប៉ុន្តែ គ្រិស្តសាសនិកដឹងថា មនុស្សស្លាប់អាចរស់ឡើងវិញបាន។ (កិច្ចការ ២៤:១៥) អាស្រ័យហេតុនេះបានជាពួកគាត់មិន«កើតទុក្ខព្រួយដូចជាអ្នកឯទៀតដែលគ្មានសង្ឃឹម»ទេ។—ថែស្សាឡូនីចទី១ ៤:១៣
១០ ពេលកាន់មរណទុក្ខ តើយើងអាចស៊ូទ្រាំបានយ៉ាងណា? យើងសូមរៀបរាប់ឧទាហរណ៍មួយដែលអាចជួយយើងបាន។ ធម្មតា បើពួកម៉ាករបស់យើងធ្វើដំណើរទៅឆ្ងាយ យើងមិនយំសោកជាខ្លាំងទេ ពីព្រោះយើងដឹងថាយើងនឹងជួបគាត់ម្ដងទៀត ពេលដែលគាត់វិលត្រឡប់មកវិញ។ ដូចគ្នាដែរ ពេលគ្រិស្តសាសនិកស្មោះត្រង់ស្លាប់ទៅ យើងប្រហែលជាមិនសូវកាន់មរណទុក្ខយូរពេកទេ ពីព្រោះយើងដឹងថា គាត់មានសេចក្ដីសង្ឃឹមរស់ឡើងវិញ។—សាស្ដា ៧:១
១១ ការទុកចិត្តទាំងស្រុងទៅលើ«ព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក» ក៏អាចជួយយើងឲ្យស៊ូទ្រាំនឹងមរណទុក្ខផងដែរ។ (កូរិនថូសទី២ ១:៣, ៤) យើងក៏អាចគិតពីគំរូរបស់នាងអាណ ដែលជាស្រីមេម៉ាយម្នាក់នៅសតវត្សរ៍ទីមួយ។ គាត់ទើបរៀបការបានតែ៧ឆ្នាំប៉ុណ្ណោះ ពេលស្វាមីស្លាប់។ ប៉ុន្តែ ពេលអាណមានអាយុ៨៤ឆ្នាំ គាត់នៅតែគោរពថ្វាយបង្គំព្រះយេហូវ៉ានៅឯវិហារ។ (លូកា ២:៣៦-៣៨) ដោយសារគាត់តែងតែជាប់រវល់ក្នុងកិច្ចបម្រើព្រះ នេះច្បាស់ជាជួយគាត់ឲ្យស៊ូទ្រាំនឹងចិត្តសង្រេងនិងអារម្មណ៍ឯកោ។ បើយើងកាន់មរណទុក្ខដែរ ភារកិច្ចរបស់យើងជាគ្រិស្តសាសនិក ដែលរួមបញ្ចូលកិច្ចផ្សព្វផ្សាយសាររាជាណាចក្ររបស់ព្រះ ក៏អាចជួយយើងឲ្យស៊ូទ្រាំបាន។
ការធន់ទ្រាំនឹងទុក្ខលំបាកផ្សេងៗ
១២. តើគ្រិស្តសាសនិកខ្លះបានស៊ូទ្រាំនឹងទុក្ខលំបាកអ្វីខ្លះក្នុងរង្វង់គ្រួសារ?
១២ គ្រិស្តសាសនិកខ្លះត្រូវតែមានចិត្តធន់ទ្រាំនឹងទុក្ខលំបាកផ្សេងៗ សូម្បីតែក្នុងរង្វង់គ្រួសារក៏មាន។ ជាឧទាហរណ៍ បើស្វាមីឬភរិយាផិតក្បត់គូរបស់ខ្លួន នេះអាចបំផ្លិចបំផ្លាញចំណងអាពាហ៍ពិពាហ៍អស់! ស្វាមីឬភរិយាដែលគូរបស់ខ្លួនបានក្បត់នោះ ប្រហែលជាស្រឡាំងកាំងនិងពិបាកចិត្តដល់ម្ល៉េះបានជាយំរហូត ហើយដេកមិនលក់។ ប្រហែលជាគាត់ពិបាកប្រមូលអារម្មណ៍ទៅលើកិច្ចការដែលខ្លួនត្រូវធ្វើ ដែលបណ្ដាលឲ្យគាត់ប្រព្រឹត្តដោយធ្វេសប្រហែស ឬរហូតដល់មានគ្រោះថ្នាក់ផង។ ស្វាមីឬភរិយាដែលមិនបានក្បត់គូរបស់ខ្លួន ប្រហែលជាលែងឃ្លានបាយ ស្រកគីឡូ ហើយមានបញ្ហាខាងផ្លូវចិត្ត។ សូម្បីតែការបំពេញភារកិច្ចជាគ្រិស្តសាសនិក ក៏អាចក្លាយទៅជាបន្ទុកធ្ងន់ដែរ។ ហើយសូមគិតអំពីលទ្ធផលមិនល្អដែលនេះអាចមានទៅលើកូនផង!
១៣, ១៤. (ក) តើសេចក្ដីអធិស្ឋានរបស់ស្តេចសាឡូម៉ូនពេលធ្វើពិធីសម្ពោធវិហាររបស់ព្រះយេហូវ៉ា ជួយលើកទឹកចិត្តអ្នកយ៉ាងណា? (ខ) ហេតុអ្វីបានជាយើងគួរអធិស្ឋានសូមសកម្មពលរបស់ព្រះ?
១៣ បើយើងកើតទុក្ខព្រួយបែបនេះ ព្រះយេហូវ៉ានឹងផ្ដល់ជំនួយដែលយើងត្រូវការ។ (ទំនុកដំកើង ៩៤:១៩) សេចក្ដីអធិស្ឋានរបស់ស្តេចសាឡូម៉ូន ពេលគាត់ធ្វើពិធីសម្ពោធវិហាររបស់ព្រះយេហូវ៉ា បង្ហាញថាព្រះយេហូវ៉ារមែងស្ដាប់សេចក្ដីអធិស្ឋានរបស់រាស្ត្រទ្រង់។ សាឡូម៉ូនបានអធិស្ឋានសូមព្រះថា៖ «ទោះបើមនុស្សណាមួយឬបណ្ដាពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ដែលស្គាល់សេចក្ដីវេទនានៅក្នុងចិត្តខ្លួន គេលើកដៃដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋានឬទូលសូមអ្វីក៏ដោយ នោះសូមទ្រង់ប្រោសស្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោស ព្រមទាំងសំរេចការដោយសងដល់គ្រប់គ្នា តាមផ្លូវគេប្រព្រឹត្ត តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែ១ដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់) ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់ នៅគ្រប់១ជីវិតដែលគេរស់នៅក្នុងស្រុកដែលទ្រង់បានប្រទានមកពួកឰយុកោយើងខ្ញុំទាំងឡាយ»។—ពង្សាវតារក្សត្រទី១ ៨:៣៨-៤០
១៤ ការអធិស្ឋានសូមម្ដងហើយម្ដងទៀតនូវសកម្មពលរបស់ព្រះយេហូវ៉ា អាចជួយច្រើនណាស់។ (ម៉ាថាយ ៧:៧-១១) អំណរអរ មេត្រីភាពនិងសេចក្ដីសុខសាន្ត ជាផលផ្លែឬគុណសម្បត្ដិខ្លះដែលយើងអាចមានដោយសារសកម្មពលនោះ។ (កាឡាទី ៥:២២, ២៣; ខ.ស.) ពេលដែលបិតារបស់យើងនៅស្ថានសួគ៌ឆ្លើយតបនឹងសេចក្ដីអធិស្ឋានរបស់យើង នេះពិតជាធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលមែន! ជាលទ្ធផល យើងមានអំណរជំនួសចិត្តសង្រេង ហើយមានអារម្មណ៍សុខសាន្តជាជាងកើតទុក្ខព្រួយ។
១៥. តើមានឱវាទក្នុងបទគម្ពីរណាខ្លះដែលជួយបន្ធូរកង្វល់?
១៥ បើយើងកំពុងស៊ូទ្រាំនឹងចិត្តតានតឹងជាខ្លាំងនោះ មិនជាការចម្លែកអ្វីឡើយដែលយើងមានកង្វល់ខ្លះផងដែរ។ ប៉ុន្តែ គប្បីឲ្យយើងចងចាំពាក្យរបស់ព្រះយេស៊ូ ដែលប្រហែលជាអាចជួយបន្ធូរកង្វល់បន្ដិច។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «កុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វី ឬនឹងរូបកាយដែលនឹងស្លៀកពាក់អ្វីនោះឡើយ។ . . . ចូរស្វែងរកនគរនឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ (ម៉ាថាយ ៦:២៥, ៣៣, ៣៤) សាវ័កពេត្រុសក៏ដាស់តឿនថា៖ ‹ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយទៅលើព្រះ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងយើង›។ (ពេត្រុសទី១ ៥:៦, ៧) គួរគប្បីឲ្យយើងព្យាយាមដោះស្រាយបញ្ហារបស់ខ្លួនផងដែរ។ ប៉ុន្តែ ក្រោយបានខំដោះស្រាយឲ្យអស់ពីសមត្ថភាពហើយ នោះគ្មានប្រយោជន៍ឲ្យយើងខ្វល់ខ្វាយអំពីរឿងនោះទៀតទេ តែគួរអធិស្ឋានវិញ។ អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ! ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច»។—ទំនុកដំកើង ៣៧:៥
១៦, ១៧. (ក) ហេតុអ្វីក៏មនុស្សយើងមិនអាចចាកកង្វល់ទាំងស្រុង? (ខ) បើយើងធ្វើតាមយោបល់ក្នុងសៀវភៅភីលីព ៤:៦, ៧ តើអាចមានលទ្ធផលអ្វី?
១៦ ប៉ុលបានសរសេរថា៖ «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ! ចូរទូលដល់ព្រះឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាននឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្តហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ»។ (ភីលីព ៤:៦, ៧) តាមការពិត មនុស្សដែលជាកូនចៅរបស់អ័ដាម មិនអាចចាកកង្វល់ទាំងស្រុងបានឡើយ។ (រ៉ូម ៥:១២) លោកអ៊ីសាកនិងនាងរេបិកាជាអ្នកដែលគោរពកោតខ្លាចព្រះ តែភរិយាជនជាតិហេតរបស់អេសាវដែលជាកូនរបស់ពួកគាត់ បានធ្វើឲ្យមាតាបិតា«ពិបាកចិត្តណាស់!»។ (លោកុប្បត្តិ ២៦:៣៤, ៣៥) គ្រិស្តសាសនិកខ្លះ ដូចជាធីម៉ូថេនិងទ្រភីម ច្បាស់ជាខ្វល់ខ្វាយដែរ ដោយព្រោះមានជំងឺតម្កាត់។ (ធីម៉ូថេទី១ ៥:២៣; ធីម៉ូថេទី២ ៤:២០) ប៉ុលក៏មានកង្វល់ចំពោះអ្នកជឿគ្នីគ្នាដែរ។ (កូរិនថូសទី២ ១១:២៨) ប៉ុន្តែ ព្រះយេហូវ៉ា«ដែលស្ដាប់សេចក្ដីអធិស្ឋាន» ទ្រង់ប្រុងប្រៀបខ្លួនជានិច្ចដើម្បីជួយអស់អ្នកដែលស្រឡាញ់ទ្រង់។—ទំនុកដំកើង ៦៥:២
១៧ ព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីសុខសាន្ត» ដូច្នេះពេលយើងកំពុងរង់ចាំថ្ងៃរបស់ទ្រង់ នោះទ្រង់រមែងជួយគាំទ្រនិងសម្រាលទុក្ខយើងដែរ។ (ភីលីព ៤:៩) ព្រះយេហូវ៉ាមាន«ព្រះហឫទ័យមេត្ដាករុណាហើយទន់សន្ដោស» ទ្រង់ក៏«ល្អ»ហើយ«បំរុងតែនឹងអត់ទោស»ឲ្យយើង ព្រមទាំង«នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ (និក្ខមនំ ៣៤:៦; ទំនុកដំកើង ៨៦:៥; ១០៣:១៣, ១៤) ដូច្នេះ ចូរឲ្យយើង‹ទូលដល់ទ្រង់ឲ្យជ្រាបពីសេចក្ដីសំណូមរបស់យើង› ហើយជាលទ្ធផលនោះ យើងអាចមាន«សេចក្ដីសុខសាន្តរបស់ព្រះ» ដែលជាអារម្មណ៍ស្ងប់រម្ងាប់ហួសពីអ្វីដែលមនុស្សអាចនឹកស្មានបាន។
១៨. ដូចបានបញ្ជាក់ក្នុងសៀវភៅយ៉ូប ៤២:៥ តើយើងអាច«ឃើញ»ព្រះយេហូវ៉ាដោយរបៀបណា?
១៨ យើងដឹងថាព្រះយេហូវ៉ាស្ថិតនៅជាមួយនឹងយើងមែន ពេលដែលទ្រង់ឆ្លើយតបនឹងសេចក្ដីអធិស្ឋានរបស់យើង។ ក្រោយលោកយ៉ូបបានស៊ូទ្រាំនឹងទុក្ខលំបាកទាំងប៉ុន្មាននោះ គាត់មានប្រសាសន៍ថា៖ «កាលពីដើម ត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពី[ព្រះយេហូវ៉ា]ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ»។ (យ៉ូប ៤២:៥) ពេលដែលយើងមានការយល់ដឹង ជំនឿ និងចិត្តចង់សងគុណផង នោះយើងអាចរំពឹងគិតពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តមកលើយើង ហើយតាមរយៈនេះ គឺហាក់ដូចជាយើងអាច«ឃើញ»ទ្រង់យ៉ាងច្បាស់! ភាពស្និទ្ធស្នាលដែលយើងមានជាមួយនឹងទ្រង់ នាំឲ្យមានភាពសុខសាន្តក្នុងចិត្តនិងគំនិត។
១៩. បើយើង‹ផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងទៅលើព្រះយេហូវ៉ា› តើអាចមានលទ្ធផលយ៉ាងណា?
១៩ បើយើង‹ផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងទៅលើព្រះយេហូវ៉ា› យើងអាចមានអារម្មណ៍ស្ងប់រម្ងាប់ពេលស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ ហើយនេះនឹងជួយការពារចិត្តនិងគំនិតរបស់យើងផង។ យើងនឹងមានជម្រៅចិត្តចាកកង្វល់ លែងភិតភ័យនិងគ្មានហេតុព្រួយបារម្ភឡើយ។ យើងនឹងមិនមានគំនិតវិលវល់ ឬខ្វល់ខ្វាយអំពីបញ្ហាស្មុគស្មាញទេ។
២០, ២១. (ក) តើករណីរបស់ស្ទេផានបង្ហាញយ៉ាងណា ថាយើងអាចមានចិត្តស្ងប់ សូម្បីតែពេលរងការបៀតបៀនក្ដី? (ខ) សូមរៀបរាប់បទពិសោធន៍ពីបងប្អូននាសម័យនេះដែលមានចិត្តស្ងប់ពេលរងទុក្ខលំបាក។
២០ លោកស្ទេផានក៏មានទឹកមុខស្ងប់ សូម្បីតែពេលដែលគាត់រងទុក្ខយ៉ាងខ្លាំងដោយសារជំនឿរបស់គាត់។ មុនគាត់បានផ្ដល់សក្ខីភាពចុងក្រោយបង្អស់នោះ អស់អ្នកនៅឯតុលាការជាន់ខ្ពស់នៃសាសន៍យូដាបាន«មើលមុខគាត់ ឃើញដូចជាមុខទេវតា»។ (កិច្ចការ ៦:១៥) គាត់មានទឹកមុខស្ងប់ ដូចជាទេវតាដែលនាំសារពីព្រះ។ ក្រោយស្ទេផានបានបកអាក្រាតកំហុសរបស់អស់អ្នកដែលរួមដៃក្នុងការសម្លាប់ព្រះយេស៊ូ នោះពួកចៅក្រមទាំងឡាយ«កើតមានចិត្តក្ដៅក្រហាយណាស់ ទាំងសង្កៀតធ្មេញដាក់គាត់ផង»។ ស្ទេផានបាន‹ពេញជាវិញ្ញាណបរិសុទ្ធ ហើយក៏សំឡឹងមើលទៅលើមេឃ ឃើញសិរីល្អនៃព្រះ នឹងឃើញព្រះយេស៊ូវឈរនៅខាងព្រះហស្តស្ដាំនៃព្រះ›។ អ្វីដែលព្រះឲ្យស្ទេផានមើលឃើញនោះដែលប្រហាក់ប្រហែលនឹងការយល់សប្ដិ បានពង្រឹងកម្លាំងគាត់ឲ្យរក្សាភាពស្មោះត្រង់រហូតដល់ទីមរណៈ។ (កិច្ចការ ៧:៥២-៦០) ទោះជាយើងមិនឃើញព្រះដូចគាត់ក៏ដោយ ទ្រង់នៅតែអាចប្រទានឲ្យយើងនូវចិត្តស្ងប់ដែរ ពេលមានគេបៀតបៀន។
២១ សូមគិតអំពីអារម្មណ៍របស់គ្រិស្តសាសនិកខ្លះ ពេលដែលពួកណាត្ស៊ីក្នុងអំឡុងសង្គ្រាមលោកលើកទីពីរបានគំរាមកំហែងសម្លាប់ពួកគាត់។ បងប្រុសម្នាក់បានរៀបរាប់ពីអ្វីដែលកើតឡើងក្នុងតុលាការថា៖ «ពួកគេកាត់ក្ដីថា គេនឹងប្រហារជីវិតខ្ញុំ។ ខ្ញុំឮពាក្យទាំងនោះ ហើយក្រោយមកខ្ញុំបានពោលពាក្យខ្លះដែលជាពាក្យរបស់លោកម្ចាស់យើងថា៖ ‹ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ!› រួចមក គេបានយកយើងចេញ។ ប៉ុន្តែ កុំអាលភ័យព្រួយអំពីរឿងនេះទៀត ពីព្រោះឥឡូវនេះខ្ញុំមានអារម្មណ៍សុខសាន្ត ហើយស្ងប់រម្ងាប់ហួសពីអ្វីដែលអ្នកអាចនឹកស្មាន!»។ មិនយូរប៉ុន្មានមុនគេកាត់ក្បាលយុវជនដែលជាគ្រិស្តសាសនិកម្នាក់ គាត់បានសរសេរជូនចំពោះមាតាបិតាថា៖ «ឥឡូវ ម៉ោងផុតកណ្ដាលអធ្រាត្រហើយ។ ខ្ញុំនៅតែមានពេលប្ដូរគំនិតនៅឡើយ។ ប៉ុន្តែ ធ្វើដូចម្ដេចឲ្យខ្ញុំបដិសេធនឹងលោកម្ចាស់របស់យើង និងមានចិត្តសប្បាយកើត? មិនកើតទេ! ប៉ុន្តែ សូមឲ្យពុកម៉ែជ្រាបថា ពេលនេះមុនកូនស្លាប់ កូនមានអារម្មណ៍សុខសាន្តនិងសុភមង្គលផង»។ គឺច្បាស់ហើយថា ព្រះយេហូវ៉ាតែងតែជួយគាំទ្រអស់អ្នកដែលបម្រើទ្រង់ដោយស្មោះត្រង់។
អ្នកអាចស៊ូទ្រាំបាន!
២២, ២៣. ពេលរង់ចាំថ្ងៃរបស់ព្រះយេហូវ៉ា តើអ្នកអាចស៊ូទ្រាំដោយមានទំនុកចិត្តអ្វី?
២២ អ្នកខ្លះប្រហែលជាមិនជួបប្រទះទុក្ខលំបាកផ្សេងៗដែលយើងបានពិភាក្សាក្នុងអត្ថបទនេះទេ។ យ៉ាងណាក៏ដោយ យ៉ូបដែលជាអ្នកកោតខ្លាចព្រះបានមានប្រសាសន៍យ៉ាងត្រឹមត្រូវ ពេលដែលគាត់និយាយថា៖ «មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង»។ (យ៉ូប ១៤:១) ប្រហែលអ្នកជាមាតាឬបិតាម្នាក់ដែលខំព្យាយាមណែនាំកូនស្របទៅតាមឱវាទក្នុងគម្ពីរ។ កូនក៏ត្រូវស៊ូទ្រាំនឹងទុក្ខលំបាកនៅឯសាលាផង។ ប៉ុន្តែ ពេលកូនកាន់ជំហររឹងមាំចំពោះព្រះយេហូវ៉ានិងគោលការណ៍របស់ទ្រង់ដែលនាំឲ្យបានសុចរិត នោះមាតាបិតាពិតជាសប្បាយណាស់មែន! ប្រហែលជាមានសេចក្ដីល្បួងឬទុក្ខលំបាកនៅឯកន្លែងធ្វើការ។ ប៉ុន្តែ អ្នកអាចស៊ូទ្រាំនឹងគ្រប់កាលៈទេសៈទាំងអស់បាន ពីព្រោះ‹ព្រះយេហូវ៉ាទទួលយកបន្ទុករបស់អ្នករាល់ៗថ្ងៃ›។—ទំនុកដំកើង ៦៨:១៩
២៣ ទោះជាអ្នកចាត់ទុកខ្លួនជាមនុស្សធម្មតាក្ដី ចូរចងចាំថា ព្រះយេហូវ៉ាមិនភ្លេចការដែលអ្នកធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នកបង្ហាញចំពោះឈ្មោះដ៏បរិសុទ្ធរបស់ទ្រង់។ (ហេព្រើរ ៦:១០) អ្នកអាចធន់ទ្រាំនឹងអ្វីដែលល្បងលជំនឿបាន ដោយមានជំនួយពីព្រះយេហូវ៉ា។ យ៉ាងនេះ ចូរអធិស្ឋាននិងរៀបចំផែនការផ្សេងៗដោយទុកបំណងចិត្តរបស់ទ្រង់ជាអាទិភាពចុះ! បើដូច្នេះ ពេលរង់ចាំថ្ងៃរបស់ព្រះយេហូវ៉ា អ្នកអាចស៊ូទ្រាំដោយមានទំនុកចិត្តថា ទ្រង់នឹងប្រទានពរនិងគាំទ្រអ្នកជាពិត។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីបានជាពួកគ្រិស្តសាសនិកត្រូវតែចេះស៊ូទ្រាំ?
• ពេលមានជំងឺតម្កាត់និងមរណទុក្ខ តើអ្វីអាចជួយយើងឲ្យស៊ូទ្រាំបាន?
• តើការអធិស្ឋានអាចជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗបានយ៉ាងណា?
• ហេតុអ្វីបានជាយើងអាចរង់ចាំថ្ងៃរបស់ព្រះយេហូវ៉ាដោយចេះស៊ូទ្រាំ?
[រូបភាពនៅទំព័រ២១]
យើងអាចស៊ូទ្រាំនឹងមរណទុក្ខ ដោយពឹងផ្អែកទៅលើព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៣]
បើយើងរងទុក្ខដោយសារជំនឿរបស់យើង ការអធិស្ឋានយ៉ាងអស់ពីចិត្តអាចជួយយើងឲ្យស៊ូទ្រាំបាន