ព្រះយេហូវ៉ាជួយយើងឲ្យរួចពីលប់របស់នាយព្រាន
«[ព្រះយេហូវ៉ា]នឹងជួយឲ្យឯងរួចពីលប់របស់នាយព្រាន»។—ទំនុកដំកើង ៩១:៣
១. តើពាក្យ«នាយព្រាន»សំដៅទៅលើអ្នកណា? ហេតុអ្វីបានជាយើងគួរប្រយ័ត្ននឹងវា?
គ្រិស្តសាសនិកពិតទាំងឡាយមានខ្មាំងសត្រូវមួយប្រៀបដូចជាសត្វព្រៃដែលចង់តែត្របាក់ស៊ីពួកគេ។ ខ្មាំងនោះមានសតិបញ្ញាមិនធម្មតា ហើយក៏ឆ្លៀវឆ្លាតផង។ បទទំនុកដំកើងទី៩១:៣ ហៅវាថា ជា«នាយព្រាន»។ តើខ្មាំងសត្រូវនេះជាអ្នកណា? ចាប់តាំងពីទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ១៨៨៣ មកម្ល៉េះ នេះបានសម្គាល់សាតាំងដែលជាមេកំណាចថា ជានាយព្រាននោះឯង។ សត្រូវនេះឆ្លាតណាស់ ហើយវាខំរកមធ្យោបាយដើម្បីបំភាន់រាស្ត្ររបស់ព្រះយេហូវ៉ានិងនាំពួកគេឲ្យវង្វេង ដូចជាព្រានបក្សីរៀបលប់ដើម្បីចាប់សត្វស្លាប។a
២. ហេតុអ្វីបានជាគម្ពីរប្រៀបធៀបសាតាំងទៅនឹងនាយព្រាន?
២ នៅសម័យបុរាណ មនុស្សបានចាប់បក្សាបក្សីដោយព្រោះវាចេះយំយ៉ាងពីរោះ មានស្លាបចម្រុះពណ៌ ឬដើម្បីយកជាអាហារនិងគ្រឿងបូជាថ្វាយដល់ព្រះរបស់ពួកគេជាដើម។ ក៏ប៉ុន្តែ តាមធម្មតា សត្វស្លាបពិបាកចាប់ណាស់ ពីព្រោះវាតែងតែប្រយ័ត្នប្រយែងហើយងាយផ្អើលផង។ ដូច្នេះ ព្រានបក្សីត្រូវតែគន់មើលឲ្យស្គាល់លក្ខណៈនិងទម្លាប់ផ្សេងៗរបស់បក្សាបក្សីដែលគាត់ចង់ចាប់ ហើយរួចមកគាត់អាចរកវិធីដើម្បីចាប់វាកើត។ ដោយសារគម្ពីរប្រៀបធៀបសាតាំងទៅនឹងព្រានបក្សីម្នាក់ នេះក៏អាចជួយយើងឲ្យយល់អំពីវិធីដែលវាប្រើដើម្បីចាប់មនុស្ស។ សាតាំងតែងតែគន់មើលយើងម្នាក់ៗ ហើយកត់សម្គាល់លក្ខណៈនិងទម្លាប់ផ្សេងៗរបស់យើង។ រួចមក សាតាំងរៀបលប់ដែលមិនងាយសម្គាល់ ដោយមានបំណងចាប់យើង។ (ធីម៉ូថេទី២ ២:២៦) បើសាតាំងអាចចាប់យើងបាន នេះនឹងបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា ហើយនៅទីបំផុតអាចនាំឲ្យយើងវិនាសទៅដែរ។ អាស្រ័យហេតុនេះ យើងត្រូវតែសម្គាល់កិច្ចកលផ្សេងៗរបស់«នាយព្រាន» ដើម្បីឲ្យគេចរួចខ្លួនបាន។
៣, ៤. តើការពាធាបែបណារបស់សាតាំងដែលមានលក្ខណៈដូចជាសត្វសិង្ហ? ហើយតើការពាធាបែបណាដែលមានលក្ខណៈដូចជាសត្វពស់?
៣ អ្នកតែងបទទំនុកដំកើងក៏ប្រើពាក្យប្រៀបប្រដូចផ្សេងទៀតដែរ។ គាត់រៀបរាប់អំពីវិធីដែលសាតាំងប្រើនោះ ថាមានលក្ខណៈប្រហាក់ប្រហែលនឹងសិង្ហស្ទាវ ហើយនិងពស់ហនុមាន។ (ទំនុកដំកើង ៩១:១៣) ជួនកាលសាតាំងពាធារាស្ត្ររបស់ព្រះយេហូវ៉ាចំមុខ ដូចសត្វសិង្ហដែលដេញចាប់រំពា។ វាធ្វើដូច្នេះដោយបៀតបៀនអ្នកបម្រើព្រះយេហូវ៉ា ឬមួយក៏ញុះញង់ឲ្យរដ្ឋាភិបាលប្រឆាំងនឹងយើង។ (ទំនុកដំកើង ៩៤:២០) ប្រហែលជាបងប្អូនខ្លះឈប់បម្រើព្រះយេហូវ៉ាពេលជួបប្រទះការពិបាកបែបនេះ ដែលជួនកាលមានលក្ខណៈសាហាវដូចសិង្ហដែលចាប់រំពា។ ប៉ុន្តែ តាមធម្មតា ការពាធាចំមុខ មិនមានលទ្ធផលតាមតែចិត្តប៉ងរបស់សាតាំងទេ តែជំរុញឲ្យរាស្ត្ររបស់ព្រះមូលគ្នាមានសាមគ្គីភាពកាន់តែជិតស្និទ្ធថែមទៀត។ ចុះយ៉ាងណាចំពោះការពាធារបស់សាតាំងដែលមិនសូវស្រួលសម្គាល់ ហើយមានលក្ខណៈដូចសត្វពស់ក្នុងការចាប់រំពា?
៤ សាតាំងដែលជាមេកំណាចក៏ប្រើសតិបញ្ញាមិនធម្មតារបស់វាដើម្បីជះឥទ្ធិពលអាក្រក់ទៅលើមនុស្ស ដែលវាអាចនាំឲ្យពួកគេស្លាប់បាត់បង់ជីវិតផង។ សាតាំងធ្វើដូច្នេះប្រហាក់ប្រហែលនឹងសត្វពស់ដែលលាក់ខ្លួនទាល់តែអាចចេញមកចឹកបាន។ ដូចគ្នាដែរ សាតាំងមានជោគជ័យក្នុងការបំពុលគំនិតនៃរាស្ត្រខ្លះរបស់ព្រះយេហូវ៉ា ដោយបំភាន់ពួកគេឲ្យធ្វើតាមចិត្តវា ជាជាងធ្វើតាមឆន្ទៈរបស់ព្រះ។ លទ្ធផលនោះ តែងតែមិនល្អទេ។ ប៉ុន្តែ គួរឲ្យរីករាយណាស់ ដែលយើងស្គាល់អស់ទាំងកិច្ចកលរបស់សាតាំងរួចហើយ។ (កូរិនថូសទី២ ២:១១) ដូច្នេះ តទៅនេះ ចូរឲ្យយើងពិនិត្យមើលវិធីបួនយ៉ាងរបស់សាតាំងដែលប្រៀបដូចជាលប់របស់«នាយព្រាន» ដើម្បីកាត់ផ្ដាច់មិត្តភាពរបស់យើងជាមួយនឹងព្រះ។
ខ្លាចមនុស្ស
៥. ហេតុអ្វីក៏ការ‹ខ្លាចមនុស្ស›មានឥទ្ធិពលខ្លាំងដល់ម្ល៉េះ?
៥ សាតាំងដែលជា«នាយព្រាន»នោះ យល់ថាមនុស្សយើងប្រាថ្នាចង់ឲ្យអ្នកដទៃស្រឡាញ់និងរាប់អាន។ សាតាំងដឹងថា គ្រិស្តសាសនិកទាំងឡាយក៏យោគយល់ចំពោះអារម្មណ៍និងចិត្តគំនិតរបស់អ្នកដទៃដែរ។ ដូច្នេះ វាខំជញ្ជក់យកប្រយោជន៍ពីអារម្មណ៍របស់យើង ដែលចង់ឲ្យមនុស្សដទៃស្រឡាញ់ខ្លួន។ ជាឧទាហរណ៍ វាទាក់រាស្ត្រខ្លះរបស់ព្រះយេហូវ៉ាជាប់ ដោយផ្ដល់ហេតុឲ្យពួកគេ‹ខ្លាចមនុស្ស›។ (សុភាសិត ២៩:២៥) ប្រសិនបើអ្នកបម្រើព្រះយេហូវ៉ារួមដៃក្នុងអំពើដែលបំពានច្បាប់ទ្រង់ ឬមួយក៏មិនព្រមធ្វើតាមតម្រូវការមួយក្នុងបណ្ដាំរបស់ទ្រង់ដោយព្រោះខ្លាចអ្នកដទៃនឹងមើលងាយពួកគេ នោះ«នាយព្រាន»បានចាប់ពួកគេរួចហើយ។—អេសេគាល ៣៣:៨; យ៉ាកុប ៤:១៧
៦. សូមរៀបរាប់ឧទាហរណ៍មួយដែលបង្ហាញពីរបៀបដែល«នាយព្រាន»ចាប់យុវជនយុវតីជាប់។
៦ ជាឧទាហរណ៍ បើមិត្តរួមថ្នាក់បង្ខិតបង្ខំយុវជនយុវតីម្នាក់ឲ្យជក់បារីបានម្ដង នៅទីបំផុតគាត់ប្រហែលជានឹងធ្វើតាមចិត្តគេ។ ពេលដែលគាត់បានចេញដំណើរទៅឯសាលារៀននៅថ្ងៃនោះ គាត់ប្រហែលជាមិនដែលគិតអំពីការជក់បារីសោះ ហើយក៏គ្មានចិត្តចង់ដែរ។ ប៉ុន្តែ មួយរំពេចនោះ គាត់ធ្វើអ្វីដែលបង្ខូចសុខភាពផង ហើយក៏ធ្វើឲ្យព្រះយេហូវ៉ាលែងសប្បាយនឹងគាត់ផងដែរ។ (កូរិនថូសទី២ ៧:១) ម្ដេចបានជាគាត់សុខចិត្តធ្វើតាមមិត្តរួមថ្នាក់ទាំងនោះ? ប្រហែលជាដោយសារគាត់សេពគប់ជាមួយពួកម៉ាកមិនល្អ ហើយគាត់មិនហ៊ានបដិសេធ ក្រែងលោពួកគេចំអកមើលងាយគាត់វិញ។ ប្អូនៗយុវជនយុវតីទាំងឡាយអើយ! កុំអនុញ្ញាតឲ្យ«នាយព្រាន»ទាក់ទាញចិត្តប្អូនៗឲ្យចូលទៅក្នុងលប់វាឲ្យសោះ! បើប្អូនៗមិនចង់ឲ្យវាចាប់ប្អូនជាប់ទេ ចូរឃាត់ចិត្តកុំបណ្ដោយខ្លួនធ្វើខុសនឹងច្បាប់ព្រះយេហូវ៉ាឡើយ! ចូរធ្វើតាមយោបល់ក្នុងគម្ពីរដែលដាស់តឿនប្អូនៗឲ្យជៀសវាងពួកម៉ាកអាក្រក់ចុះ!—កូរិនថូសទី១ ១៥:៣៣
៧. តើសាតាំងអាចមានឥទ្ធិពលយ៉ាងណាទៅលើមាតាបិតាខ្លះ ដែលធ្វើឲ្យពួកគាត់ភ្លេចសារៈសំខាន់នៃកិច្ចបម្រើព្រះ?
៧ គ្រិស្តសាសនិកដែលជាមាតាបិតាក៏ខំបំពេញតាមភារកិច្ចរបស់ខ្លួន ដោយធ្វើតាមបទបញ្ជាក្នុងគម្ពីរដែលតម្រូវឲ្យពួកគាត់ចិញ្ចឹមកូន។ (ធីម៉ូថេទី១ ៥:៨) ប៉ុន្តែ សូម្បីតែក្នុងរឿងនេះក្ដី សាតាំងក៏មានបំណងបង្វែរអារម្មណ៍របស់ពួកគ្រិស្តសាសនិកឲ្យប្រព្រឹត្តហួសល្បត់។ ប្រហែលជាអ្នកខ្លះខានចូលរួមកិច្ចប្រជុំម្ដងហើយម្ដងទៀត ដោយព្រោះអត់ហ៊ានប្រកែកពេលថៅកែបង្ខំពួកគេឲ្យធ្វើការលើសម៉ោង។ អ្នកខ្លះក៏មិនហ៊ានសុំច្បាប់ដើម្បីចូលរួមកម្មវិធីសន្និបាតទាំងមូល ដែលជាកម្មវិធីថ្វាយបង្គំព្រះយេហូវ៉ាជាមួយបងប្អូនរួមជំនឿ។ របៀបទប់កុំឲ្យទាក់ជាប់នឹងលប់នេះ គឺដោយ«ពឹងដល់ព្រះយេហូវ៉ា»។ (សុភាសិត ៣:៥, ៦) បន្ថែមទៅទៀត កុំឲ្យយើងភ្លេចថា យើងរួមគ្នាជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះយេហូវ៉ា ហើយទ្រង់មានភារកិច្ចថែរក្សាយើង និងជួយយើងឲ្យគិតថ្លឹងថ្លែងដែរ។ មាតាបិតាទាំងឡាយអើយ! តើអ្នកជឿថា ពេលធ្វើតាមឆន្ទៈរបស់ព្រះយេហូវ៉ា ទ្រង់នឹងរកវិធីថែទាំអ្នកនឹងក្រុមគ្រួសាររបស់អ្នកឬទេ? ឬមួយក៏ តើមេកំណាចអាចចាប់អ្នកបាន ដោយល្បួងអ្នកឲ្យធ្វើតាមចិត្តវាពីព្រោះអ្នកខ្លាចមនុស្សទេ? យើងសូមលើកទឹកចិត្តបងប្អូនឲ្យអធិស្ឋានសូមព្រះយេហូវ៉ាជួយអ្នកឲ្យគិតវែងឆ្ងាយអំពីសំណួរទាំងនេះ។
ទាក់ជាប់ដោយវត្ថុនិយម
៨. តើសាតាំងប្រើវត្ថុនិយមទុកដូចជានុយយ៉ាងដូចម្ដេច?
៨ សាតាំងក៏ប្រើវត្ថុនិយមទុកដូចជាធ្នាក់ឬនុយដើម្បីឲ្យយើងចូលហើយជាប់ក្នុងលប់របស់វា។ ជួនកាលអ្នកជួញដូរក្នុងពិភពលោកនេះបបួលយើងឲ្យចូលរួមជាមួយពួកគេក្នុងមុខរបរម្យ៉ាងដែលគេថា មិនចាំបាច់ឲ្យយើងធ្វើការច្រើនប៉ុន្មានដើម្បីឲ្យបានចំណេញច្រើន។ ម្ដងម្កាលរាស្ត្ររបស់ព្រះយេហូវ៉ាក៏ចាញ់បញ្ឆោតបែបនេះដែរ។ អ្នកខ្លះប្រហែលជាជូនយោបល់ថា៖ «ចូរធ្វើការឲ្យអស់ពីសមត្ថភាពឥឡូវ ហើយពេលមានលុយច្រើន នោះចូរសម្រាកហើយសប្បាយនឹងជីវិតផង ឬក៏ចុះឈ្មោះជាអ្នកត្រួសត្រាយក៏បាន»។ អ្នកដែលលើកទឹកចិត្តឲ្យយើងធ្វើដូច្នេះ មិនបានគិតថ្លឹងថ្លែងទេ តែប្រហែលជាមានបំណងចង់កេងប្រយោជន៍ពីបងប្អូនគ្រិស្តសាសនិកក្នុងក្រុមជំនុំ។ សូមគិតពិចារណាអំពីទស្សនៈដែលថា គប្បីឲ្យយើងប្រមូលទ្រព្យសម្បត្ដិច្រើនឥឡូវនេះ ហើយចាំបម្រើព្រះនៅពេលក្រោយ។ ទស្សនៈនោះគឺប្រហាក់ប្រហែលនឹងទស្សនៈរបស់អ្នកមានម្នាក់ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ជាបុរសដែលទ្រង់ហៅថា ជា«មនុស្សល្ងីល្ងើ»វិញ មែនទេ?—លូកា ១២:១៦-២១
៩. ហេតុអ្វីបានជាគ្រិស្តសាសនិកខ្លះទាក់ជាប់ដោយចំណង់ចង់បានវត្ថុទ្រព្យ?
៩ សាតាំងបានរៀបចំពិភពលោកអាក្រក់របស់វាដើម្បីញុះញង់មនុស្សឲ្យប្រាថ្នាចង់បានវត្ថុទ្រព្យ។ បន្ដិចម្ដងៗ គ្រិស្តសាសនិកអាចក្លាយជាមានចិត្តប្រាថ្នាចង់បានរបស់ទ្រព្យដែរ ហើយនេះអាចខ្ទប់បន្ទូលឬបណ្ដាំរបស់ព្រះយេហូវ៉ា មិនឲ្យមានឥទ្ធិពលទៅលើជីវិតរបស់ពួកគេ។ ជាលទ្ធផល ពួកគេក៏‹មិនបង្កើតផល›ទៀតទេ។ (ម៉ាកុស ៤:១៩) ឱវាទក្នុងគម្ពីរលើកទឹកចិត្តយើងឲ្យស្កប់ចិត្តនឹងអាហារបន្ដិចបន្តួចនិងសម្លៀកបំពាក់ល្មមៗ។ (ធីម៉ូថេទី១ ៦:៨) ក៏ប៉ុន្តែ «នាយព្រាន»ទាក់ជាប់មនុស្សច្រើនបាន ដោយសារពួកគេមិនធ្វើតាមយោបល់នេះ។ តើពួកគេធ្វើដូច្នេះដោយព្រោះមានចិត្តធំ ហើយមានគំនិតថា របៀបរស់នៅដ៏សប្បាយហ៊ឺហាជាអ្វីដែលសំខាន់ឬទេ? ចុះយ៉ាងណាចំពោះយើងវិញ? តើចំណង់ចង់បានវត្ថុទ្រព្យជំរុញយើងឲ្យលែងចាត់ទុកកិច្ចបម្រើព្រះជាអាទិភាពឬទេ? (ហាកាយ ១:២-៨) គួរឲ្យស្ដាយណាស់ ពេលមានវិបត្ដិសេដ្ឋកិច្ច បងប្អូនខ្លះបានលះបង់កិច្ចបម្រើព្រះដើម្បីរក្សាឲ្យមានរបៀបរស់នៅសម្បូរសប្បាយតទៅទៀត។ «នាយព្រាន»ពិតជារីករាយមែន! បើយើងមានចិត្តគំនិតស្រឡាញ់វត្ថុទ្រព្យយ៉ាងនេះ។
ទាក់ជាប់ដោយការកម្សាន្តមិនល្អ
១០. តើគ្រិស្តសាសនិកម្នាក់ៗគួរពិនិត្យមើលចិត្តគំនិតរបស់ខ្លួនស្តីអំពីអ្វី?
១០ វិធីមួយទៀតដែល«នាយព្រាន»ប្រើនោះ គឺដោយធ្វើឲ្យយើងលែងដឹងខុសត្រូវបន្ដិចម្ដងៗ។ អ្វីដែលពិភពលោកនេះចាត់ទុកជាការកម្សាន្តសប្បាយ ភាគច្រើននោះប្រហាក់ប្រហែលនឹងទស្សនៈរបស់មនុស្សនៅទីក្រុងសូដុំមនិងកូម៉ូរ៉ាពីបុរាណ។ សូម្បីតែកម្មវិធីទូរទស្សន៍និងអត្ថបទក្នុងទស្សនាវដ្ដីដែលផ្សាយព័ត៌មាន ក៏ពេញទៅដោយរឿងឃោរឃៅ និងដៅបញ្ជាក់ពីការរួមភេទយ៉ាងឥតអៀនខ្មាស។ រឿងដែលផ្សាយមកក្នុងកម្មវិធីទូរទស្សន៍ ភាពយន្ត សៀវភៅ កាសែតនិងទស្សនាវដ្ដី បាននាំឲ្យមនុស្សលែងចេះ«ដឹងខុសត្រូវ»ទៀតផង។ (ហេព្រើរ ៥:១៤) ប៉ុន្តែ សូមចាំពាក្យរបស់ព្រះយេហូវ៉ាតាមរយៈលោកអេសាយដែលជាអ្នកប្រកាសទំនាយរបស់ទ្រង់ថា៖ «វេទនាដល់ពួកអ្នកដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ»។ (អេសាយ ៥:២០) ដោយប្រើការកម្សាន្តបែបនេះ តើ«នាយព្រាន»កំពុងមានឥទ្ធិពលបន្ដិចម្ដងៗទៅលើចិត្តគំនិតរបស់អ្នកឬទេ? គឺចាំបាច់ណាស់ឲ្យយើងពិនិត្យមើលចិត្តគំនិតរបស់ខ្លួន។—កូរិនថូសទី២ ១៣:៥
១១. តើទស្សនាវដ្ដីប៉មយាម ធ្លាប់ផ្ដល់ការព្រមានអ្វី ស្តីអំពីរឿងស្នេហាលន្លង់លន្លោច?
១១ ជិត២៥ឆ្នាំមុន ទស្សនាវដ្ដីប៉មយាមមានអត្ថបទដែលបង្ហាញថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអ្នកថ្វាយបង្គំទ្រង់ ដោយផ្ដល់ការព្រមានស្តីអំពីកុនតភាគ។b អត្ថបទនោះបានរៀបរាប់អំពីឥទ្ធិពលមិនល្អដែលរឿងស្នេហាលន្លង់លន្លោចអាចមានទៅលើមនុស្ស។ អត្ថបទនោះចែងថា៖ «មនុស្សគិតថាពួកគេអាចប្រព្រឹត្តបែបណាក៏ដោយ តាមតែចិត្ត ឲ្យតែមានបំណងល្អក្នុងការរកគូស្នេហ៍ស្និទ្ធ។ ជាឧទាហរណ៍ [ក្នុងរឿងស្នេហាលន្លង់លន្លោចមួយ] យុវនារីម្នាក់ដែលមានផ្ទៃពោះតែមិនបានរៀបការ ប្រាប់មិត្តភក្ដិនាងថា៖ ‹អត់អីទេ! ខ្ញុំស្រឡាញ់ប៉ាវាណាស់! . . . ឲ្យតែមានកូននេះ នោះសំខាន់ណាស់ហើយចំពោះខ្ញុំ!›។ ដោយសារមានបទភ្លេងយ៉ាងស្រទន់កំដរផង នោះពិបាកណាស់ឲ្យយើងបន្ទោសនាងថា ជាអ្នកប្រាសចាកសីលធម៌។ យើងក៏ស្រឡាញ់គូស្នេហ៍របស់នាងដែរ។ យើងអាណិតដល់នាង ហើយក៏យល់នូវមូលហេតុដែលនាងរួមដំណេកជាមួយគាត់។ ស្ត្រីម្នាក់ដែលបានទស្សនារឿងនោះ ក្រោយមកទទួលស្គាល់ថា គាត់ជក់ស្លុងនឹងរឿងនោះដល់ម្ល៉េះបានជាលែងគិតពីការខុសត្រូវផង។ គាត់មានប្រសាសន៍ថា៖ ‹គួរឲ្យខ្លាចណាស់ ដែលយើងចេះដោះសាជំនួសពួកគេ។ យើងដឹងថា ការរួមភេទបែបនោះជាអំពើដែលប្រាសចាកសីលធម៌ ហើយមិនល្អទេ . . . តែក្នុងចិត្តខ្ញុំ ខ្ញុំក៏យោគយល់ចំពោះពួកគេទៅវិញ›»។
១២. តើអ្វីបង្ហាញថា ការព្រមានឲ្យប្រុងប្រយ័ត្ននឹងកម្មវិធីទូរទស្សន៍ដែលយើងមើល នៅតែមានប្រយោជន៍?
១២ តាំងពីអង្គការយើងបានបោះពុម្ពអត្ថបទនោះ ទូរទស្សន៍និងភាពយន្តមានរឿងប្រាសចាកសីលធម៌កាន់តែច្រើនឡើងៗ ដែលមានឥទ្ធិពលអាក្រក់មកលើយើង។ នៅប្រទេសជាច្រើន មនុស្សអាចបើកមើលរឿងបែបនោះវាល់ព្រឹកវាល់ល្ងាចតែម្ដង។ បុរស ស្ត្រីនិងពួកយុវវ័យជាច្រើនមើលរឿងបែបនោះជាញឹកញាប់ ដែលមានឥទ្ធិពលទៅលើចិត្តនិងគំនិតរបស់ពួកគេ។ រីឯយើងវិញ កុំឲ្យយើងរកលេសហើយបញ្ឆោតខ្លួនឡើយ។ កុំឲ្យយើងដោះសាថា អ្វីដែលយើងឃើញតាមកញ្ចក់ទូរទស្សន៍ មិនអាក្រក់ជាងអ្វីដែលមនុស្សប្រព្រឹត្តក្នុងជីវិតទេ។ សូមគិតទៅមើល តើគប្បីឲ្យគ្រិស្តសាសនិកយើងសម្រេចចិត្តទស្សនាជាការកម្សាន្ត នូវមនុស្សដែលយើងមិនទាំងព្រមអញ្ជើញឲ្យចូលមកក្នុងផ្ទះឬ?
១៣, ១៤. តើបងប្អូនខ្លះមានប្រសាសន៍យ៉ាងណាអំពីប្រយោជន៍ដែលពួកគេបានទទួលពីការព្រមានអំពីកម្មវិធីទូរទស្សន៍?
១៣ បងប្អូនជាច្រើនបានយកចិត្តទុកដាក់នឹងការព្រមាននោះ ពី‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥-៤៧) ក្រោយបងប្អូនខ្លះបានអានឱវាទពីគម្ពីរដែលសរសេរយ៉ាងចំៗនោះ ពួកគេបានសរសេរសំបុត្រជូនចំពោះអង្គការយើង ដើម្បីរៀបរាប់ពីអានុភាពល្អដែលអត្ថបទទាំងនោះមានទៅលើជីវិតរបស់ពួកគេ។c បងស្រីម្នាក់សារភាពថា៖ «អស់១៣ឆ្នាំ ខ្ញុំជក់រឿងស្នេហាលន្លង់លន្លោច។ ខ្ញុំគិតថារឿងនោះមិនអាចប៉ះពាល់ដល់ជំនឿរបស់ខ្ញុំទេ ឲ្យតែខ្ញុំចូលរួមកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិកយើង និងទៅផ្សព្វផ្សាយម្ដងម្កាល។ ប៉ុន្តែ បន្ដិចម្ដងៗខ្ញុំក៏មានទស្សនៈដូចបានបញ្ជាក់ក្នុងរឿងស្នេហាលន្លង់លន្លោចថា បើប្ដីធ្វើបាបប្រពន្ធ ឬមួយក៏ប្រពន្ធមានអារម្មណ៍ថាប្ដីមិនស្រឡាញ់ខ្លួនណាស់ណាទេ នោះប្រពន្ធអាចផិតប្ដីបាន ពីព្រោះប្ដីបានផ្ដល់ហេតុឲ្យនាងធ្វើដូច្នេះ។ អាស្រ័យហេតុនេះ ពេលដែលខ្ញុំគិតថា ខ្ញុំមានហេតុអាចផិតបាន ខ្ញុំក៏បានប្រព្រឹត្តអំពើបាបនោះមែន។ យ៉ាងនោះ ខ្ញុំបានក្បត់ស្វាមីរបស់ខ្ញុំនិងព្រះយេហូវ៉ាផង»។ ក្រុមជំនុំបានបណ្ដាច់មិត្តភាពបងស្រីនោះ ប៉ុន្តែនៅទីបំផុត គាត់ក៏ទទួលស្គាល់កំហុសរបស់ខ្លួន បានប្រែចិត្ត ហើយមានមិត្តភាពជាមួយក្រុមជំនុំម្ដងទៀត។ អត្ថបទដែលព្រមានអំពីរឿងស្នេហាលន្លង់លន្លោចតាមកញ្ចក់ទូរទស្សន៍ បានពង្រឹងកម្លាំងចិត្តបងស្រីឲ្យបដិសេធការកម្សាន្តដែលព្រះយេហូវ៉ាស្អប់។—អេម៉ុស ៥:១៤, ១៥
១៤ ម្នាក់ទៀតដែលបានទទួលឥទ្ធិពលល្អពីអត្ថបទដែលគាត់អាន មានប្រសាសន៍ថា៖ «ពេលដែលខ្ញុំអានអត្ថបទទាំងនោះ ខ្ញុំក៏បានយំផង ពីព្រោះខ្ញុំទទួលស្គាល់ថា ខ្ញុំកំពុងបម្រើព្រះយេហូវ៉ាដោយមានចិត្តពីរ។ រួចមក ខ្ញុំស្បថចំពោះព្រះថា ខ្ញុំនឹងខំទប់មិនឲ្យជក់នឹងកុនតភាគទៀតឡើយ»។ បងស្រីគ្រិស្តសាសនិកម្នាក់ទៀតបានសរសេរសំបុត្រដើម្បីថ្លែងអំណរគុណចំពោះអង្គការយើងដែលរៀបចំអត្ថបទទាំងនោះ។ គាត់សារភាពថា គាត់ធ្លាប់ញៀននឹងរឿងស្នេហាលន្លង់លន្លោចដែរ តែគាត់ក៏សរសេរថា៖ «ខ្ញុំចាប់ផ្ដើមគិតពិចារណាថា . . . តើរឿងទាំងនោះអាចមានឥទ្ធិពលទៅលើចំណងមិត្តភាពរបស់ខ្ញុំជាមួយព្រះយេហូវ៉ាទេ? ធ្វើដូចម្ដេចឲ្យខ្ញុំស្រឡាញ់រាប់អានតួក្នុងរឿងនោះ ហើយមានមិត្តភាពជាមួយព្រះយេហូវ៉ាកើត?»។ ប្រសិនបើកម្មវិធីទូរទស្សន៍២៥ឆ្នាំមុន មានឥទ្ធិពលអាក្រក់ទៅលើចិត្តគំនិតរបស់មនុស្ស ចុះយ៉ាងណាវិញចំពោះកម្មវិធីនៅសព្វថ្ងៃនេះ តើអាចមានឥទ្ធិពលខ្លាំងប៉ុណ្ណាមកលើយើង? (ធីម៉ូថេទី២ ៣:១៣) យើងត្រូវតែប្រុងប្រយ័ត្ននឹងការកម្សាន្តគ្រប់បែបយ៉ាងដែលសាតាំងប្រើដូចជាលប់ មិនថាជារឿងស្នេហាលន្លង់លន្លោចតាមកញ្ចក់ទូរទស្សន៍ ហ្គេមវីដេអូដ៏សាហាវឃោរឃៅ ឬវីដេអូចម្រៀងដែលមានរូបភាពនិងពាក្យអាសអាភាសជាដើម។
ទាក់ជាប់ដោយការខ្វែងគំនិត
១៥. តើមេកំណាចទាក់ជាប់បងប្អូនខ្លះដោយរបៀបណា?
១៥ ពេលបងប្អូនខ្លះខ្វែងគំនិតគ្នា សាតាំងក៏ប្រើនេះដូចជាលប់ដែរ ដើម្បីធ្វើឲ្យរាស្ត្ររបស់ព្រះយេហូវ៉ាបែកបាក់គ្នា។ មិនថាយើងមានភារកិច្ចអ្វីក៏ដោយក្នុងកិច្ចបម្រើព្រះយេហូវ៉ា យើងអាចទាក់ជាប់ដោយការខ្វែងគំនិតដែរ។ បើបងប្អូនអនុញ្ញាតឲ្យការខ្វែងគំនិតគ្នាមានឥទ្ធិពលអាក្រក់ទៅលើភាពសុខសាន្តនិងសាមគ្គីភាពដែលយើងមានក្នុងកិច្ចបម្រើព្រះយេហូវ៉ា ដែលមានភាពចម្រុងចម្រើនយ៉ាងអស្ចារ្យនោះ នេះគឺហាក់ដូចជាមេកំណាចបានចាប់បងប្អូនទាំងនោះ ដោយព្រោះពួកគេកំពុងបំពេញតាមបំណងអាក្រក់របស់វា។—ទំនុកដំកើង ១៣៣:១-៣
១៦. តើសាតាំងបានប្រើល្បិចអ្វីដើម្បីបង្ខូចសាមគ្គីភាពរបស់យើង?
១៦ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីមួយ សាតាំងព្យាយាមបំផ្លាញចោលអង្គការរបស់ព្រះយេហូវ៉ានៅផែនដី ដោយនាំឲ្យមានការប្រឆាំងយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ វាបានបរាជ័យហើយ។ (វិវរណៈ ១១:៧-១៣) តាំងពីគ្រានោះមកម្ល៉េះ វាបានប្រើល្បិចផ្សេងៗដើម្បីបង្ខូចសាមគ្គីភាពរបស់យើង។ បើយើងអនុញ្ញាតឲ្យការខ្វែងគំនិតនាំឲ្យយើងបែកបាក់គ្នា នេះផ្ដល់ឱកាសឲ្យ«នាយព្រាន»មានជ័យជម្នះ។ ណាមួយទៀត នេះអាចនាំឲ្យយើងនិងក្រុមជំនុំយើងលែងទទួលសកម្មពលយ៉ាងពេញលេញពីព្រះយេហូវ៉ា។ បើដូច្នេះ សាតាំងពិតជាសប្បាយណាស់! ពីព្រោះពេលមានអ្វីប៉ះពាល់ដល់ភាពសុខសាន្តនិងសាមគ្គីភាពក្នុងក្រុមជំនុំ នេះក៏ប៉ះពាល់ដល់កិច្ចការផ្សព្វផ្សាយរបស់យើងផងដែរ។—អេភេសូរ ៤:២៧, ៣០-៣២
១៧. ពេលខ្វែងគំនិតគ្នា តើបងប្អូនគួរធ្វើយ៉ាងណា?
១៧ បើអ្នកខ្វែងគំនិតនឹងបងប្អូនគ្រិស្តសាសនិក តើអ្នកអាចធ្វើយ៉ាងណា? តាមពិត កាលៈទេសៈតែងតែខុសគ្នាមែន។ ក៏ប៉ុន្តែ ទោះជាមានមូលហេតុច្រើនដែលបណ្ដាលឲ្យមានរឿងរ៉ាវក្ដី នោះគ្មានហេតុអ្វីសោះឲ្យយើងខ្វែងគំនិតគ្នារហូត។ (ម៉ាថាយ ៥:២៣, ២៤; ១៨:១៥-១៧) យោបល់ក្នុងគម្ពីរសុទ្ធតែជាបណ្ដាំរបស់ព្រះយេហូវ៉ា ដូច្នេះជាយោបល់ដ៏ល្អឥតខ្ចោះទាំងអស់។ ពេលដែលយើងធ្វើតាមគោលការណ៍ក្នុងគម្ពីរ យើងតែងតែទទួលប្រយោជន៍!
១៨. ពេលខ្វែងគំនិតនឹងបងប្អូន តើការត្រាប់តាមព្រះយេហូវ៉ានឹងជួយយើងយ៉ាងណា?
១៨ ព្រះយេហូវ៉ាពិតជា«បំរុងតែនឹងអត់ទោស»ឲ្យយើងមែន! (ទំនុកដំកើង ៨៦:៥; ១៣០:៤) យើងបង្ហាញថាយើងជាកូនស្ងួនភ្ងាឬបុត្រធីតាដែលព្រះយេហូវ៉ាស្រឡាញ់ ពេលដែលយើងត្រាប់តាមទ្រង់។ (អេភេសូរ ៥:១) ដោយសារយើងរាល់គ្នាភ្លាត់ធ្វើបាប យើងតែងតែសង្ឃឹមថាព្រះយេហូវ៉ានឹងអត់ទោសឲ្យយើង។ ដូច្នេះ យើងត្រូវតែប្រយ័ត្ន កុំឲ្យមានចិត្តគំនិតមិនចង់លើកលែងទោសឲ្យអ្នកដទៃ។ យ៉ាងនោះ យើងអាចមានលក្ខណៈដូចជាបាវបម្រើក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ដែលចៅហ្វាយយល់ព្រមមិនទារបំណុលច្រើនក្រៃលែងពីគាត់ តែគាត់នៅតែទារបំណុលពីគូកនរបស់គាត់ ដែលតិចជាងបំណុលរបស់ខ្លួនឆ្ងាយណាស់! ពេលបានឮដំណឹងនេះ ចៅហ្វាយបង្គាប់ឲ្យគេចាប់បាវបម្រើនោះទៅដាក់គុកវិញ។ ក្នុងការបញ្ចប់រឿងនោះ ព្រះយេស៊ូមានប្រសាសន៍ថា៖ «យ៉ាងនោះ បើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់បងប្អូនដោយស្ម័គ្រពីចិត្តទេ នោះព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរ»។ (ម៉ាថាយ ១៨:២១-៣៥) បើយើងរំពឹងគិតអំពីរឿងប្រៀបប្រដូចនេះ និងខំនឹកចាំថាព្រះយេហូវ៉ាបានអត់ទោសឲ្យយើងប៉ុន្មានដងនោះ នេះពិតជានឹងជួយយើងក្នុងការដោះស្រាយបញ្ហាពេលខ្វែងគំនិតនឹងបងប្អូន។—ទំនុកដំកើង ១៩:១៤
បានរួចខ្លួនដោយស្ថិតក្នុង«ទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត»
១៩, ២០. នៅក្នុងសម័យដែលពោរពេញទៅដោយគ្រោះថ្នាក់នេះ តើយើងគួរមានទស្សនៈយ៉ាងណាចំពោះ«ទីកំបាំង»និង«ម្លប់»របស់ព្រះយេហូវ៉ា?
១៩ យើងរស់នៅក្នុងសម័យដែលពោរពេញទៅដោយគ្រោះថ្នាក់។ បើព្រះយេហូវ៉ាមិនបានការពារយើង សាតាំងច្បាស់ជានឹងបំផ្លាញយើងឲ្យអស់តែម្ដង។ ដូច្នេះ បើយើងមិនចង់ឲ្យ«នាយព្រាន»ទាក់យើងជាប់ យើងត្រូវតែពួននៅក្នុង«ទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត» ហាក់ដូចជាយើង«ជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះចេស្ដា» ដែលមានន័យថា យើងពឹងទៅលើព្រះយេហូវ៉ាជាអ្នកជួយការពារ។—ទំនុកដំកើង ៩១:១
២០ ចូរឲ្យយើងចាត់ទុកការណែនាំនិងពាក្យរំលឹករបស់ព្រះយេហូវ៉ាជាអ្វីដែលការពារយើង មិនមែនជាការដាក់កម្រិតទៅលើសេរីភាពរបស់យើងទេ។ យើងរាល់គ្នាត្រូវទប់ទល់នឹងខ្មាំងសត្រូវដែលមានសតិបញ្ញាមិនធម្មតា ហើយក៏ប្រៀបដូចជាសត្វព្រៃដែលចង់ត្របាក់ស៊ីយើង។ បើព្រះយេហូវ៉ាមិនបានបង្ហាញសេចក្ដីស្រឡាញ់ដោយការពារយើង គ្មាននរណាអាចគេចរួចពីលប់របស់សត្រូវនោះទេ។ (ទំនុកដំកើង ១២៤:៧, ៨) ដូច្នេះ ចូរឲ្យយើងរាល់គ្នាអង្វរសូមព្រះយេហូវ៉ាជួយប្រោសយើងឲ្យរួចពីលប់នៃ«នាយព្រាន»ចុះ!—ម៉ាថាយ ៦:១៣
[កំណត់សម្គាល់]
a វចនានុក្រមខ្មែរបកស្រាយពាក្យ«លប់»ថា៖ «ប្រដាប់មានសណ្ឋានជាទ្រុង រុំស្លឹកឈើស្រស់ មានប៉ែកដាក់បក្សីធ្នាក់ មានប៉ែកសំណាញ់មានគន្លឹះថ្លោះបាន សម្រាប់ឲ្យជាប់បក្សីព្រៃដែលដេញធ្នាក់»។
b ទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេស ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៨២ ទំព័រ៣-៧។
c ទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេស ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៨៣ ទំព័រ២៣។
តើអ្នកនៅចាំទេ?
• ម្ដេចក៏ការទាក់ជាប់ដោយ‹ខ្លាចមនុស្ស›ជារឿងស្លាប់រស់?
• តើសាតាំងប្រើវត្ថុនិយមទុកដូចជានុយដោយរបៀបណា?
• តើសាតាំងបានប្រើការកម្សាន្តមិនល្អដើម្បីចាប់បងប្អូនខ្លះយ៉ាងដូចម្ដេច?
• តើសាតាំងដាក់លប់អ្វីដើម្បីបង្ខូចសាមគ្គីភាពរបស់យើង?
[រូបភាពនៅទំព័រ២៩]
តើអ្នកចូលចិត្តការកម្សាន្តដែលព្រះយេហូវ៉ាស្អប់ឬ?