ចិត្តក្ដួលអាណិតក្នុងពិភពលោកដែលគ្មានមេត្ដា
ពេលបុរសម្នាក់នៅប្រទេសប៊ូរុនឌីមានជំងឺគ្រុនចាញ់ជាទម្ងន់ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដោយសារគ្មានឡានជិះទេ តើគាត់នឹងធ្វើដូចម្ដេច? មិត្តសម្លាញ់ជិតដិតពីរនាក់របស់គាត់ស្ម័គ្រចិត្តជួយគាត់។ ពួកគេបានលើកគាត់ដាក់លើកង់ ហើយនាំគ្នារុញអស់ប្រាំម៉ោងកាត់តំបន់ភ្នំរដិបរដុប។ ក្រោយមក ពួកគេជួយគាត់ឲ្យឡើងឡានក្រុងដើម្បីឆ្ពោះទៅមន្ទីរពេទ្យ។ ប៉ុន្មានថ្ងៃក្រោយមក គាត់ក៏បានធូរគ្រាន់បើ។
នៅឯជើងមេឃម្ខាងទៀត គឺនៅសហរដ្ឋអាម៉េរិកវិញ បុរសប្រាំនាក់បានប្រទះឃើញដើមឈើមួយចំនួនរលំសង្កត់ផ្ទះមួយខ្នង។ នេះបានកើតឡើងនៅខែសីហា ឆ្នាំ២០០៥ ពេលខ្យល់ព្យុះកាទ្រីណាបានបោកបក់ទៅលើតំបន់ខ្លះៗដែលស្ថិតនៅជាប់នឹងឈូងសមុទ្រ។ ទោះបើបុរសទាំងនោះមិនស្គាល់ម្ចាស់ផ្ទះក៏ដោយ អស់ពេញមួយថ្ងៃពួកគេបាននាំគ្នាអារកាត់យកដើមឈើចេញ។ ក្រោយមក ម្ចាស់ផ្ទះមានប្រសាសន៍ថា៖ ‹ខ្ញុំអរគុណជាអនេកប្បការចំពោះបុរសទាំងនោះ!›។
តាមធម្មតា បណ្ដាញព័ត៌មានចូលចិត្តលើកតែពីរឿងអាក្រក់និងអំពើហិង្សាដែលមានជាទូទៅ។ ជាលទ្ធផល កម្រណាស់ដែលយើងឮគេផ្សាយអំពីសប្បុរសជនដែលធ្វើអំពើល្អដោយចិត្តមេត្ដា។ ទោះជាយ៉ាងណាក៏ដោយ មនុស្សទូទាំងពិភពលោកនៅតែមានចិត្តចង់ឲ្យគេស្រឡាញ់ អាណិតនិងយកអាសាខ្លួន។ មនុស្សដែលមានចិត្តក្ដួលអាណិត នោះគួរឲ្យស្រឡាញ់ណាស់!
ដោយសារមនុស្សភាគច្រើនក្នុងពិភពលោកនេះ មិនចូលចិត្តរាក់ទាក់ហើយក៏មិនចង់រាប់អានអ្នកដទៃ នោះមិនតែងតែស្រួលទេ ឲ្យយើងបង្ហាញចិត្តអាណិតអាសូរ។ ពួកគេជឿថា បើចង់បានជីវិតធូរធារនិងមានមុខមាត់ធំដុំ ពួកគេត្រូវតែបង្ហាញអាកប្បកិរិយាសោះអង្គើយនិងអត់ចិត្ត។ តាមមើលទៅ មនុស្សជាច្រើនឯកភាពនឹងគំនិតដែលថា ត្រូវតែកាចបន្ដិច កុំបណ្ដោយទៅតាមចិត្តអាណិតអាសូរ។ ណាមួយទៀត ចិត្តលោភនិងអាត្មានិយមរារាំងមិនឲ្យបង្ហាញចិត្តក្ដួលអាណិតបានឡើយ។
ជាលទ្ធផល មនុស្សជាច្រើនគិតតែពីខ្លួនឯង មិនខ្វល់ថាទង្វើនោះអាចបញ្ឈឺចិត្តឬបំពានសិទ្ធិអ្នកដទៃក្ដី។ មិនជាការចម្លែកឡើយ បុរសដែលជាតួឯកកុននិងកីឡាករល្បីៗធ្វើឫកថាខ្លួនជាកូនប្រុសដើមទ្រូងប្រាំហត្ថ ហើយមិនចេះបង្ហាញចិត្តទន់សន្ដោសទេ។ អ្នកនយោបាយខ្លះក៏មានទស្សនៈថា បើចិត្តមិនដាច់ ធ្វើស្តេចមិនបាន។
ដូច្នេះ គប្បីឲ្យយើងសួរថា តើមានប្រយោជន៍អ្វី ឲ្យបង្ហាញចិត្តអាណិតអាសូរ? តើចិត្តក្ដួលអាណិតអាចជួយមនុស្សបានទេ? ធ្វើដូចម្ដេចឲ្យយើងបង្ហាញចិត្តអាណិតមេត្ដាកាន់តែច្រើនកើត? អត្ថបទជាបន្ទាប់នឹងឆ្លើយសំណួរទាំងនេះ។
[ប្រអប់នៅទំព័រ៣]
•អាណិតអាណោចហាក់ដូចជាខ្លោចមានអ្វីក៏យកទៅជួយសង្គ្រោះ។
•អាណិតអាសូរកាលឮគេថ្ងូរចង់តែជួយឲ្យគេស្រាលទុក្ខ។
•ចិត្តក្ដួលអាណិតមានការប្រព្រឹត្តច្រើនបែបច្រើនយ៉ាងគណនាពុំបាន។