ម្នាក់ជួយសង្គ្រោះយើងយ៉ាងដូចម្ដេច?
ជិត២.០០០ឆ្នាំមុន នៅឆ្នាំ៣៣ គ.ស. ចំថ្ងៃខែដែលជនជាតិយូដាធ្វើបុណ្យរំលង បុរសល្អម្នាក់ដែលមិនបានធ្វើអ្វីខុសស៊ូស្លាប់ដើម្បីសង្គ្រោះមនុស្សលោក។ តើបុរសនោះជានរណា? គាត់ឈ្មោះយេស៊ូ ពីក្រុងណាសារ៉ែត នាប្រទេសអ៊ីស្រាអែល។ តើអ្នកណាខ្លះអាចទទួលប្រយោជន៍ពីទង្វើដ៏អស្ចារ្យរបស់គាត់? តាមការពិត មនុស្សលោកទាំងឡាយអាចទទួលប្រយោជន៍បាន។ បទគម្ពីរមួយរៀបរាប់យ៉ាងសង្ខេបអំពីការលះបង់នោះ ដែលអាចសង្គ្រោះមនុស្សបានថា៖ ‹ព្រះអង្គស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាប្រទានបុត្រតែ១ដើម្បីឲ្យអ្នកណាដែលជឿដល់បុត្រនោះ មិនត្រូវវិនាសឡើយ តែមានជីវិត[ដែលគ្មានទីបញ្ចប់]វិញ›។—យ៉ូហាន ៣:១៦
លោកអ្នកប្រហែលជាឆ្ងល់ថា ‹ម្ដេចក៏ចាំបាច់ម្ល៉េះឲ្យម្នាក់ស្លាប់ជំនួសយើង? បើម្នាក់ស៊ូស្លាប់ តើនេះអាចសង្គ្រោះមនុស្សលោកទាំងឡាយពីការស្លាប់បាត់បង់ជីវិតជារៀងរហូតយ៉ាងដូចម្ដេច?›។ ក្នុងគម្ពីរមានការពន្យល់ដែលជួយយើងឲ្យយល់ច្បាស់ និងនាំឲ្យមានចិត្តស្កប់ស្កល់ផង។
ម្ដេចក៏យើងជៀសស្លាប់មិនរួច?
អ្នកខ្លះជឿថា ព្រះអង្គបានបង្កើតមនុស្សឲ្យរស់នៅផែនដីមួយរយៈខ្លី មានទុក្ខធុរៈខ្លះ មានការសប្បាយខ្លះ ទើបស្លាប់ទៅ និងឡើងទៅស្ថានណាមួយដែលល្អជាងនេះ។ គំនិតបែបនេះបង្កប់អត្ថន័យថា ព្រះអង្គមានគោលបំណងឲ្យយើងស្លាប់។ ក៏ប៉ុន្តែ ព័ត៌មានក្នុងគម្ពីរបង្ហាញពីមូលហេតុពិតដែលមនុស្សយើងស្លាប់។ គម្ពីរចែងថា៖ «ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈមនុស្សតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង នោះសេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។ (រ៉ូម ៥:១២, ព.ថ.) បទគម្ពីរនេះបង្ហាញថា មនុស្សយើងស្លាប់ពីព្រោះមានភាពខុសឆ្គងដែលសំដៅទៅលើអ្វីក៏ដោយ ដែលមិនសមស្របតាមបុគ្គលិកលក្ខណៈ ខ្នាតតម្រា ការប្រព្រឹត្ត ឬឆន្ទៈរបស់ព្រះ ហើយអ្វីក៏ដោយដែលធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងជាមួយនឹងព្រះ។ ប៉ុន្តែ តើអ្នកណាគេ «មនុស្សតែម្នាក់»ដែលបង្ខូចមនុស្សជាតិដោយសារភាពខុសឆ្គងនោះ?
សព្វវចនាធិប្បាយមួយកត់សម្គាល់ថា អ្នកវិទ្យាសាស្ត្រភាគច្រើនក៏ជឿថា មនុស្សទាំងឡាយកើតមកពីជីតាតែមួយ ហើយគម្ពីរសំដៅទៅលើជីតានោះជា«មនុស្សតែម្នាក់»។ (The World Book Encyclopedia) សៀវភៅទី១ក្នុងគម្ពីរចែងថា៖ «ព្រះ[យេហូវ៉ា]បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គ។ ព្រះអង្គបានបង្កើតគេអោយមានលក្ខណៈដូច[លោក]។ ព្រះអង្គបានបង្កើតគេជាបុរសជាស្ត្រី»។ (កំណើតពិភពលោក [លោកុប្បត្តិ] ១:២៧, ខ.ស.) ពាក្យទាំងនេះបង្ហាញថា មនុស្សមួយគូដំបូងជាស្នាដៃដ៏ល្អឯករបស់ព្រះដែលមានអំណាចខ្លាំងក្លាបំផុត។
កំណត់ហេតុក្នុងសៀវភៅទី១ក្នុងគម្ពីរដែលរៀបរាប់អំពីកំណើតពិភពលោក ក៏ពន្យល់ថែមទៀតអំពីមនុស្សជាតិក្រោយព្រះយេហូវ៉ាបានបង្កើតមនុស្សទី១នោះ។ គួរឲ្យចាប់អារម្មណ៍ថា ក្នុងកំណត់ហេតុទាំងមូលនោះ ព្រះយេហូវ៉ាមិនសំដៅទៅលើសេចក្ដីស្លាប់ទាល់តែសោះ លើកលែងតែបញ្ជាក់ថា បើមនុស្សធ្វើខុសច្បាប់លោក នោះនឹងត្រូវស្លាប់។ (លោកុប្បត្តិ ២:១៦, ១៧) ព្រះយេហូវ៉ាមានបំណងឲ្យមនុស្សរស់នៅផែនដីដែលជាសួនឧទ្យានដ៏សែនស្អាត និងមានសុខភាពល្អផង ជារៀងរហូត។ ព្រះយេហូវ៉ាមិនមានបំណងឲ្យពួកគេមានជរាភាពនិងស្លាប់ឡើយ។ បើដូច្នេះ តើសេចក្ដីស្លាប់ចាប់ផ្ដើមយាយីមនុស្សលោកយ៉ាងដូចម្ដេច?
កំណត់ហេតុក្នុងសៀវភៅលោកុប្បត្តិ ជំពូក៣ រៀបរាប់ថា មនុស្សមួយគូដំបូងបានសម្រេចចិត្តធ្វើខុសច្បាប់ព្រះយេហូវ៉ាដែលបានប្រទានជីវិតឲ្យពួកគេ។ ជាលទ្ធផល ព្រះយេហូវ៉ាបានកាត់ទោសពួកគេ ស្របទៅតាមអ្វីដែលលោកបានព្រមានទុកជាមុន។ ព្រះយេហូវ៉ាកាត់ទោសបុរសទី១ថា៖ «ឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ (លោកុប្បត្តិ ៣:១៩) នៅទីបំផុត មនុស្សពីរនាក់ដំបូងដែលមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា បានស្លាប់ទៅ ស្របទៅតាមការព្រមានរបស់លោក។
ក៏ប៉ុន្តែ មិនមានតែពីរនាក់ដំបូងនោះដែលបានកើតទុក្ខទេ។ ដោយសារពួកគេមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា គេលែងមានភាពល្អឥតខ្ចោះ ហើយកូនចៅរបស់គេក៏នឹងមិនមានភាពល្អឥតខ្ចោះដែរ។ គោលបំណងរបស់ព្រះយេហូវ៉ាចំពោះអ័ដាមនិងអេវ៉ា ក៏ជាគោលបំណងរបស់លោកចំពោះកូនចៅតៗគ្នារបស់ពួកគេដែរ។ ព្រះយេហូវ៉ាបង្គាប់អ័ដាមនិងអេវ៉ាថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ! ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។ (លោកុប្បត្តិ ១:២៨) យ៉ាងនេះ នៅទីបំផុតផែនដីត្រូវពេញទៅដោយមនុស្សជាតិដែលសប្បាយនឹងជីវិត ហើយមិនខ្លាចស្លាប់។ ប៉ុន្តែ ជីតាដំបូង គឺអ័ដាម ជា«មនុស្សតែម្នាក់»ដែលបានធ្វើខុស ហើយដូច្នេះក៏បង្កហេតុឲ្យកូនចៅទាំងឡាយមានភាពខុសឆ្គងដែលបណ្ដាលឲ្យពួកគេស្លាប់ ហាក់ដូចជាគាត់បានលក់កូនចៅជាខ្ញុំបម្រើដែលស្ថិតក្រោមអំណាចនៃភាពខុសឆ្គង។ ក្នុងនាមជាកូនចៅម្នាក់របស់ជីតាដំបូងនោះ លោកប៉ុលដែលជាសាវ័កម្នាក់របស់ព្រះយេស៊ូបានសរសេរថា៖ «ខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាច»ឬ«លក់ជាខ្ញុំបម្រើភាពខុសឆ្គង»។—រ៉ូម ៧:១៤; ព.ថ.
ពេលអ័ដាមបានធ្វើខុស គាត់ក៏បង្ខូចខ្លួនដែលជាស្នាដៃដ៏ល្អឯករបស់ព្រះយេហូវ៉ា។ កូនចៅរបស់អ័ដាមក៏បានបង្កើតកូនចៅតៗគ្នាដែរ ប៉ុន្តែពួកគេទាំងអស់គ្នាចេះតែចាស់ទៅៗ ហើយស្លាប់ផង។ ហេតុអ្វី? ពីព្រោះពួកគេសុទ្ធតែជាកូនចៅរបស់អ័ដាម។ ការពន្យល់ក្នុងគម្ពីរចែងថា៖ «មនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់»។ (រ៉ូម ៥:១៥) ជំងឺតម្កាត់ ជរាភាព ទំនោរចិត្តទោរទន់ទៅរកអំពើខុសឆ្គង និងសេចក្ដីស្លាប់សុទ្ធតែជាលទ្ធផលអាក្រក់ដែលមកពីទង្វើរបស់អ័ដាម ដែលបង្ខូចអនាគតរបស់កូនចៅគាត់ ដែលរួមបញ្ចូលយើងគ្រប់គ្នាផងដែរ។
ពេលសាវ័កប៉ុលបានសរសេរសំបុត្រមួយដល់ពួកគ្រិស្តសាសនិកនៅទីក្រុងរ៉ូម គាត់រៀបរាប់អំពីស្ថានភាពដ៏ខ្លោចផ្សារបស់មនុស្សជាតិដែលសុទ្ធតែមានភាពខុសឆ្គងទាំងអស់គ្នា រួមទាំងខ្លួនគាត់ផងដែរ។ ស្ថានភាពនោះបង្ខំយើងឲ្យខំទប់ទល់ជានិច្ចនឹងទំនោរចិត្តដ៏អាក្រក់។ ប៉ុលបានលាន់មាត់ថា៖ «វេទនាណាស់ខ្ញុំ! តើអ្នកណានឹងជួយឲ្យខ្ញុំរួចពី[«រូបកាយដែលរមែងតែងតែ»]ស្លាប់នេះទៅបាន?»។ សំណួរនោះគួរឲ្យចាប់អារម្មណ៍ណាស់! មែនទេ? តើអ្នកណាអាចជួយប៉ុលនិងអ្នកឯទៀតឲ្យរួចផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់ដែលប្រៀបដូចជាម្ចាស់លើខ្លួន? ប៉ុលក៏បានឆ្លើយសំណួរនេះដោយប្រកាសថា៖ «អរព្រះគុណដល់ព្រះអង្គ! គឺដោយសារព្រះយេស៊ូវគ្រីស្ទ»។ (រ៉ូម ៧:១៤-២៥; ខ.ស.) ត្រូវមែន! ព្រះយេហូវ៉ាដែលបានបង្កើតមនុស្សជាតិ ក៏បានចាត់វិធានការដើម្បីជួយសង្គ្រោះយើងផងដែរ តាមរយៈព្រះយេស៊ូគ្រិស្តជាបុត្ររបស់លោក។
ព្រះយេហូវ៉ាជួយសង្គ្រោះយើងតាមរយៈព្រះយេស៊ូ
ព្រះយេស៊ូបានជួយពន្យល់អំពីមុខនាទីដ៏សំខាន់របស់លោកក្នុងការសង្គ្រោះមនុស្សជាតិពីភាពខុសឆ្គងដែលបណ្ដាលឲ្យយើងស្លាប់។ ព្រះយេស៊ូមានប្រសាសន៍ថា លោក«បានមក[ដើម្បី]ឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើន»។ (ម៉ាថាយ ២០:២៨) តើជីវិតរបស់ព្រះយេស៊ូអាចទុកជាថ្លៃលោះយ៉ាងដូចម្ដេច? ដោយសារព្រះយេស៊ូស៊ូស្លាប់នោះ តើយើងអាចទទួលប្រយោជន៍អ្វីខ្លះ?
គម្ពីរពិពណ៌នាថា ព្រះយេស៊ូ«មិនបានប្រព្រឹត្តអំពើបាបសោះឡើយ» ហើយ«បានញែកចេញពីមនុស្ស»ដែលមាន«ភាពខុសឆ្គង»។ អស់មួយជីវិត ព្រះយេស៊ូបានធ្វើតាមគ្រប់ទាំងច្បាប់របស់ព្រះយេហូវ៉ា។ (ហេប្រឺ ៤:១៥, ខ.ស.; ៧:២៦; ព.ថ.) ដូច្នេះ មូលហេតុដែលព្រះយេស៊ូស្លាប់ គឺមិនដូចមូលហេតុដែលអ័ដាមស្លាប់នោះទេ ពីព្រោះព្រះយេស៊ូស្លាប់ មិនមែនដោយសារមានភាពខុសឆ្គង ឬដោយព្រោះមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាឡើយ។ (អេសេគាល ១៨:៤) ផ្ទុយទៅវិញ ព្រះយេស៊ូសុខចិត្តស្លាប់ទោះជាមិនគួរស្លាប់ក្ដី ដើម្បីធ្វើតាមឆន្ទៈនៃបិតាលោកដែលចង់ជួយសង្គ្រោះមនុស្សជាតិពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ដូចបានបញ្ជាក់នៅខាងលើ ព្រះយេស៊ូស្ម័គ្រចិត្តមកផែនដីដើម្បី«ឲ្យជីវិតខ្លួនទុកជាថ្លៃលោះ»។ ព្រះយេស៊ូសុខចិត្ត«ភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់» ដោយព្រោះមានសេចក្ដីស្រឡាញ់ដែលគ្មានអ្វីប្រៀបផ្ទឹមបានចំពោះមនុស្សជាតិ។—ហេព្រើរ ២:៩
ជីវិតដែលព្រះយេស៊ូសុខចិត្តលះបង់នោះ មានលក្ខណៈស្មើនឹងជីវិតរបស់អ័ដាមមុនគាត់បានធ្វើខុស។ ដូច្នេះ ពេលព្រះយេស៊ូស្លាប់ តើមានលទ្ធផលយ៉ាងណា? ព្រះយេហូវ៉ាចាត់ទុកការលះបង់ជីវិតនោះ «ជាថ្លៃលោះមនុស្សទាំងអស់»។ (ធីម៉ូថេទី១ ២:៦) ដោយសារមនុស្សទាំងឡាយមានលក្ខណៈដូចជាខ្ញុំបម្រើដែលស្ថិតក្រោមអំណាចភាពខុសឆ្គង បទគម្ពីរនេះបង្ហាញថា ព្រះយេហូវ៉ាចាត់ទុកជីវិតដែលព្រះយេស៊ូសុខចិត្តលះបង់នោះ ថាមានតម្លៃល្មមនឹងលោះមនុស្សជាតិឲ្យរួចផុតពីស្ថានភាពជាខ្ញុំបម្រើភាពខុសឆ្គងនិងសេចក្ដីស្លាប់។
ម្ដងហើយម្ដងទៀតកំណត់ហេតុក្នុងគម្ពីរបញ្ជាក់ពីសេចក្ដីស្រឡាញ់ដ៏លើសលប់ ដែលព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្សជាតិបានបង្ហាញចំពោះយើងរាល់គ្នា។ ប៉ុលបានរំលឹកពួកគ្រិស្តសាសនិកថា ព្រះយេហូវ៉ាបាន«ចេញថ្លៃលោះ»ឲ្យពួកគេ។ (កូរិនថូសទី១ ៦:២០; ៧:២៣) សាវ័កពេត្រុសក៏សរសេរថា ព្រះយេហូវ៉ាបានលោះយើង កុំឲ្យត្រូវស្លាប់ទៀត ហើយលោះយើងមិនមែនដោយប្រាក់ឬមាសទេ តែដោយសារឈាមនៃបុត្ររបស់លោកដែលស៊ូស្លាប់ដើម្បីសង្គ្រោះយើង។ (ពេត្រុសទី១ ១:១៨, ១៩) ដោយចាត់ព្រះយេស៊ូគ្រិស្តឲ្យមកបូជាជីវិតបែបនេះ ព្រះយេហូវ៉ាបានរៀបចំវិធីសង្គ្រោះមនុស្សជាតិ កុំឲ្យគេស្លាប់បាត់បង់ជីវិតរហូត។
ព្រះយេស៊ូស៊ូស្លាប់ដើម្បីសង្គ្រោះយើង តើយើងស៊ូទទួលទេ?
សាវ័កយ៉ូហានបានសរសេរអំពីផលប្រយោជន៍ជាអនេកប្បការដែលយើងអាចទទួលពីការបូជាជីវិតទុកជាថ្លៃលោះនោះ។ យ៉ូហានសរសេរថា៖ ‹ព្រះអង្គ ព្រះយេស៊ូគ្រិស្ត បានបូជាជីវិតដើម្បីលោះយើងអោយរួច›ពីភាពខុសឆ្គង។ ប៉ុន្តែ ព្រះយេស៊ូ«មិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ»។ (យ៉ូហានទី១ ២:២, ខ.ស.) ត្រូវមែន មនុស្សលោកទាំងឡាយអាចទទួលប្រយោជន៍ពីការបូជាលោះរបស់ព្រះយេស៊ូ។ តើនេះមានន័យថា មនុស្សគ្រប់រូបអាចទទួលពរដ៏អស្ចារ្យពីថ្លៃលោះនោះ ដោយមិនចាំបាច់ចាត់វិធានការខ្លួនឯងទេ? មិនមែនទេ។ សូមចាំឧទាហរណ៍ក្នុងអត្ថបទមុនដែលរៀបរាប់អំពីអ្នកដែលបានចោះរន្ធដើម្បីសង្គ្រោះអ្នកជីករូងក្នុងដី។ ទោះជាពួកអ្នកសង្គ្រោះបានទម្លាក់កន្ត្រកចុះទៅឯអ្នករងគ្រោះក្នុងចន្លោះតូចនោះក្ដី អ្នករងគ្រោះម្នាក់ៗត្រូវតែចូលក្នុងកន្ត្រកជាមុនសិន ទើបអាចចេញរួចបាន។ ដូចគ្នាដែរ អស់អ្នកដែលចង់ទទួលប្រយោជន៍ពីជីវិតដែលព្រះយេស៊ូបានបូជាទុកជាថ្លៃលោះនោះ មិនអាចចាំព្រះអង្គប្រទានពរតែប៉ុណ្ណោះឡើយ។ យើងត្រូវតែចាត់វិធានការភ្លាមៗដែរ!
តើព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើអ្វី? បទគម្ពីរក្នុងសៀវភៅយ៉ូហាន ៣:៣៦ ចែងថា៖ ‹អ្នកណាដែលជឿដល់បុត្រ[របស់ព្រះយេហូវ៉ា] នោះមានជីវិត[ដែលគ្មានទីបញ្ចប់] តែអ្នកណាដែលមិនព្រមជឿដល់បុត្រលោក នោះនឹងមិនឃើញជីវិតសោះឡើយ គឺសេចក្ដីក្រោធរបស់ព្រះតែងនៅជាប់លើអ្នកនោះឯង›។ ព្រះយេហូវ៉ាតម្រូវឲ្យយើងជឿថា ព្រះយេស៊ូបានបូជាជីវិតដើម្បីសង្គ្រោះយើង។ ណាមួយទៀត «យើងរាល់គ្នាដឹងថា យើងស្គាល់[ព្រះយេស៊ូ] ដោយសារសេចក្ដីនេះ គឺដោយយើងកាន់តាមបញ្ញត្ត[លោក]»។ (យ៉ូហានទី១ ២:៣) យ៉ាងនេះ យើងអាចយល់ច្បាស់ថា បើយើងចង់ទទួលសេចក្ដីសង្គ្រោះឲ្យផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់ យើងត្រូវតែជឿទៅលើព្រះយេស៊ូជាអ្នកដែលបានចេញថ្លៃលោះយើង ហើយធ្វើតាមបង្គាប់របស់លោកដែរ។
របៀបមួយដ៏សំខាន់ដែលយើងអាចបង្ហាញថាយើងជឿទៅលើព្រះយេស៊ូជាអ្នកលោះយើងមែន គឺដោយបង្ហាញថាយើងចាត់ទុកមរណភាពរបស់លោកជាអ្វីដែលមានតម្លៃ។ យើងអាចធ្វើដូច្នេះបាន ដោយធ្វើតាមបង្គាប់របស់ព្រះយេស៊ូឲ្យរំលឹកពីថ្ងៃដែលលោកបានទទួលមរណភាព។ មុនទទួលមរណភាព ព្រះយេស៊ូបានប្រារព្ធពិធីសំខាន់មួយ ពេលនាំគ្នាទទួលអាហារជាមួយនឹងពួកសាវ័ករបស់លោក។ ព្រះយេស៊ូមានប្រសាសន៍ទៅកាន់អ្នកស្មោះត្រង់ទាំងនោះថា៖ «ចូរធ្វើបុណ្យនេះដើម្បីរំឭកពីខ្ញុំចុះ!»។ (លូកា ២២:១៩) សាក្សីព្រះយេហូវ៉ាចាត់ទុកចំណងមិត្តភាពជាមួយនឹងបុត្ររបស់លោកជាអ្វីដែលសំខាន់ណាស់! ដូច្នេះ អ្នកបម្រើព្រះយេហូវ៉ាតែងតែធ្វើតាមបង្គាប់នេះរបស់ព្រះយេស៊ូ។ បើចូលរួមពិធីបុណ្យរំលឹកមរណភាពរបស់ព្រះយេស៊ូ លោកអ្នកនឹងរៀនច្រើនថែមទៀតអំពីទង្វើដែលជាចាំបាច់ដើម្បីទទួលប្រយោជន៍ពីការបូជាលោះរបស់ព្រះគ្រិស្ត ដែលអាចសង្គ្រោះលោកអ្នកឲ្យផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់ដែលបណ្ដាលមកពីអ័ដាម។
មានមនុស្សតិចទេ ដែលដឹងគុណព្រះយេហូវ៉ាជាអ្នកបង្កើត និងព្រះយេស៊ូជាបុត្រលោកដែលបានបូជាជីវិតដើម្បីសង្គ្រោះយើងពីសេចក្ដីហិនវិនាស។ អស់អ្នកដែលជឿទៅលើព្រះយេស៊ូដែលបានបូជាជីវិតជំនួសយើង នឹងមានសុភមង្គលពិត។ សាវ័កពេត្រុសបានសរសេរអំពីគ្រិស្តសាសនិកគ្នីគ្នារបស់គាត់ថា៖ ‹អ្នករាល់គ្នាមានចិត្តជឿ ហើយក៏ត្រេកអរសាទរចំពោះព្រះយេស៊ូ ដោយសេចក្ដីអំណរដ៏ប្រសើរដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះ›។ (ពេត្រុសទី១ ១:៨, ៩) បើយើងខំបណ្ដុះឲ្យមានចិត្តស្រឡាញ់ព្រះយេស៊ូគ្រិស្ត និងបង្កើតឲ្យមានចិត្តជឿទៅលើលោកជាអ្នកដែលបានបូជាជីវិតដើម្បីលោះយើង យើងនឹងមានជីវិតពេញទៅដោយអំណរនៅពេលឥឡូវនេះ ព្រមទាំងសេចក្ដីសង្ឃឹម ពោលគឺ សង្ឃឹមទៅលើគ្រាដែលយើងនឹងលែងមានភាពខុសឆ្គង ហើយលែងចេះស្លាប់ទៀតផង។
[រូបភាពនៅទំព័រ៦]
ព្រះយេស៊ូបានបូជាជីវិតទុកជាថ្លៃលោះ ស្មើនឹងអ្វីដែលអ័ដាមបាត់បង់