ម្ដាយស្រឡាញ់កូនបង្ហាញពីសេចក្ដីស្រឡាញ់របស់អ្នកបង្កើត
«តើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? អើ! គេនឹងភ្លេចបាន ប៉ុន្តែ[អ្នកបង្កើត]មិនដែលភ្លេច[យើង]ឡើយ»។—អេសាយ ៤៩:១៥
សូមគិតអំពីម្ដាយដែលកំពុងបំបៅកូនដែលទើបនឹងកើត។ នាងថ្នមនិងស្រឡាញ់កូននាងណាស់! ម្ដាយម្នាក់ឈ្មោះផាមរៀបរាប់ថា៖ «ពេលខ្ញុំបីកូនជាលើកទី១ ខ្ញុំអរណាស់ពីព្រោះស្រឡាញ់កូន តែក៏ភ័យផងដែរ ពីព្រោះគិតទៅដល់ភារកិច្ចក្នុងការចិញ្ចឹមបីបាច់ថែទាំកូន»។
យើងដឹងថា ការលូតលាស់របស់កូនក្មេងច្រើនតែផ្អែកទៅលើសេចក្ដីស្រឡាញ់ដែលម្ដាយមានចំពោះកូន។ ការស្រាវជ្រាវថ្មីៗបង្ហាញថា នេះជាការពិតមែន! ឯកសារខាងចិត្តសាស្ត្រដែលអង្គការសុខភាពពិភពលោកបោះពុម្ពចែងថា៖ «ការស្រាវជ្រាវបង្ហាញថា ក្មេងៗដែលម្ដាយបានបោះបង់ចោល ឬបានពង្រាត់ចេញឆ្ងាយពីម្ដាយ ឆាប់អាក់អន់ចិត្តនិងឆាប់ធ្លាក់ទឹកចិត្តណាស់! ដល់ម្ល៉េះជួនកាលក៏ភ័យស្លន់ស្លោផង»។ ឯកសារដដែលនេះក៏បញ្ជាក់ថា ការស្រាវជ្រាវអំពីក្មេងៗដែលមានគេស្រឡាញ់និងបីបាច់ថែទាំតាំងពីតូច ជាធម្មតាឆ្លាតជាងក្មេងដែលគេមិនគិតដល់។
ស្តីអំពីសារៈសំខាន់នៃទឹកចិត្តម្ដាយក្នុងការស្រឡាញ់កូន សាស្ដ្រាចារ្យម្នាក់ខាងចិត្តសាស្ត្រនៅសហរដ្ឋអាម៉េរិក (លោក Alan Schore នៅUCLA School of Medicine) មានប្រសាសន៍ថា៖ ‹សេចក្ដីស្រឡាញ់ដំបូងដែលកូនមានចំពោះម្ដាយ មានឥទ្ធិពលខ្លាំងទៅលើសមត្ថភាពរបស់ខ្លួនក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀតក្នុងជីវិត›។
គួរឲ្យស្ដាយថា ជួនកាលម្ដាយធ្លាក់ទឹកចិត្ត មានជំងឺឬមានអ្វីទៀតដែលធ្វើឲ្យគាត់ព្រួយចិត្ត បានជាគាត់មិនអើពើឬរហូតដល់«ភ្លេចកូនដែលកំពុងបៅដោះ»។ (អេសាយ ៤៩:១៥) ប៉ុន្តែ កម្រណាស់ដែលម្ដាយភ្លេចកូនរបស់ខ្លួន! ផ្ទុយទៅវិញ មើលទៅដូចជាម្ដាយទាំងឡាយស្រឡាញ់កូនដោយស្វ័យប្រវត្ត។ រីឯអ័រម៉ូនដែលបណ្ដាលឲ្យម្ដាយឈឺចុកចាប់ ព្រមទាំងជួយបណ្ដាលឲ្យមានទឹកដោះផង (ឈ្មោះ oxytocin) អ្នកស្រាវជ្រាវបានរកឃើញថា ក្នុងអំឡុងពេលសម្រាលកូន ម្ដាយមានអ័រម៉ូននេះច្រើនជាងធម្មតា។ បុរសនិងស្ត្រីមានអ័រម៉ូននេះដូចគ្នា ដែលគេយល់ថាមានតួនាទីសំខាន់ក្នុងការជំរុញចិត្តម្ដាយឲ្យបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូនដោយមិនគិតពីប្រយោជន៍ខ្លួន។
ប្រភពនៃសេចក្ដីស្រឡាញ់
ចំពោះអស់អ្នកដែលជឿទៅលើទ្រឹស្តីវិវត្តន៍ គេអះអាងថាសេចក្ដីស្រឡាញ់ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដូចម្ដាយបង្ហាញដល់កូន បានកើតឡើងដោយចៃដន្យ។ គេក៏ជឿថា ក្នុងអំឡុងនៃការវិវត្តន៍នោះ មនុស្សចេះតែបង្ហាញសេចក្ដីស្រឡាញ់តៗគ្នា ពីព្រោះឃើញថាមានប្រយោជន៍ដល់ខ្លួនដែរ។ ជាឧទាហរណ៍ ទស្សនាវដ្ដីមួយបានចែងថាខួរក្បាលរបស់យើងបានវិវត្តន៍ពីខួរក្បាលរបស់សត្វលូនវារ។ ជំហានទី១នៃការវិវត្តន៍នោះគឺបានកើតឡើងកាលណាខួរក្បាលបានបង្កើតផ្នែកមួយដែលទាក់ទងនឹងមនោសញ្ចេតនា។ ផ្នែកនេះក៏បណ្ដាលឲ្យម្ដាយនិងកូនង៉ាបណ្ដុះឲ្យមានភាពស្និទ្ធស្នាល។ ទោះជាផ្នែកនេះបណ្ដាលឲ្យយើងមានមនោសញ្ចេតនាក៏ពិតមែន តើពិតជាសមហេតុសមផលទេ ឲ្យយើងជឿថាម្ដាយស្រឡាញ់កូនដោយចៃដន្យប៉ុណ្ណោះ?
ផ្ទុយទៅវិញ សូមគិតអំពីអ្វីដែលគម្ពីរចែងទុកថា មនុស្សបានបង្កើតមកឲ្យមានលក្ខណៈសម្បត្ដិដូចព្រះ និងមានសមត្ថភាពបង្ហាញគុណសម្បត្ដិដូចជាអ្នកបង្កើត។ (លោកុប្បត្តិ ១:២៧) គុណសម្បត្ដិសំខាន់ចម្បងរបស់ព្រះយេហូវ៉ា គឺសេចក្ដីស្រឡាញ់។ លោកយ៉ូហានបានសរសេរថា៖ «អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះ»ទេ។ ហេតុអ្វី? ‹ពីព្រោះព្រះជាសេចក្ដីស្រឡាញ់›។ (យ៉ូហានទី១ ៤:៨) សូមកត់សម្គាល់ថា ខគម្ពីរនេះមិនចែងថា ព្រះចេះបង្ហាញសេចក្ដីស្រឡាញ់តែប៉ុណ្ណោះទេ តែបញ្ជាក់ថាអ្នកបង្កើតជាសេចក្ដីស្រឡាញ់ទៅវិញ។ នេះមានន័យថា ព្រះយេហូវ៉ាជាប្រភពនៃសេចក្ដីស្រឡាញ់តែម្ដង។
ស្តីអំពីសេចក្ដីស្រឡាញ់ គម្ពីររៀបរាប់ថា៖ «សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ហើយក៏សប្បុរស។ សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ . . . សេចក្ដីស្រឡាញ់មិនដែលផុតឡើយ»។ (កូរិនថូសទី១ ១៣:៤-៨) តើពិតជាសមហេតុសមផលទេ ឲ្យយើងជឿថាគុណសម្បត្ដិដ៏អស្ចារ្យនេះបានផុសឡើងដោយចៃដន្យ?
មានអារម្មណ៍យ៉ាងណា?
ពេលអានខគម្ពីរក្នុងវគ្គមុនដែលរៀបរាប់អំពីសេចក្ដីស្រឡាញ់ តើយើងមានអារម្មណ៍យ៉ាងណា? តើយើងប្រាថ្នាចង់ឲ្យគេស្រឡាញ់យើងបែបនោះទេ? មិនជាការចម្លែកអ្វីឡើយ ដែលយើងមានអារម្មណ៍យ៉ាងនោះមែន! ហេតុអ្វី? ពីព្រោះ«យើងរាល់គ្នាជាពូជ[របស់]ព្រះ»។ (កិច្ចការ ១៧:២៩) ព្រះយេហូវ៉ាបានបង្កើតយើងមកឲ្យចង់ទទួលនិងចេះបង្ហាញសេចក្ដីស្រឡាញ់។ ណាមួយទៀត យើងអាចជឿជាក់ថា អ្នកបង្កើតពិតជាស្រឡាញ់យើងខ្លាំងណាស់! (យ៉ូហាន ៣:១៦; ពេត្រុសទី១ ៥:៦, ៧) បទគម្ពីរនៅដើមអត្ថបទនេះក៏បញ្ជាក់ថា ព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងជាងម្ដាយស្រឡាញ់កូន ហើយលោកក៏ស្រឡាញ់យើងរហូតផង!
ប៉ុន្តែ លោកអ្នកប្រហែលជាឆ្ងល់ថា ‹ប្រសិនបើអ្នកបង្កើតមានសព្វប្រាជ្ញា អំណាចខ្លាំងក្លា និងពេញទៅដោយសេចក្ដីស្រឡាញ់ ម្ដេចក៏ព្រះអង្គមិនទប់ស្កាត់នូវហេតុដែលបណ្ដាលឲ្យមានទុក្ខលំបាក? ហេតុអ្វីបានជាអ្នកបង្កើតអនុញ្ញាតឲ្យកូនក្មេងស្លាប់? ហេតុអ្វីក៏ព្រះអង្គមិនរវីរវល់នឹងអ្នកដែលមានអំណាច ព្រមទាំងអ្នកដែលមានចិត្តលោភលន់ដែលសង្កត់សង្កិននិងបង្ខូចផែនដី?›។ គួរឲ្យចង់ដឹងណាស់!
រីឯមនុស្សដែលសង្ស័យថា គ្មានព្រះទេ គេក៏មានទស្សនៈថា យើងមិនអាចឆ្លើយសំណួរទាំងនោះបានឡើយ។ ប៉ុន្តែ មនុស្សរាប់លាននាក់នៅប្រទេសជាង១០០ បានរកឃើញចម្លើយហើយ ដោយរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ អ្នកបោះពុម្ពទស្សនាវដ្ដីនេះក៏អញ្ជើញលោកអ្នកឲ្យរៀនគម្ពីរដែរ។ ពេលយើងមានចំណេះកាន់តែច្រើនអំពីអ្នកបង្កើត ដោយសិក្សាបណ្ដាំនិងពិនិត្យមើលស្នាដៃរបស់ព្រះអង្គ នោះយើងនឹងស្គាល់ព្រះយេហូវ៉ាដែល«មិនគង់ឆ្ងាយពីយើងនិមួយៗ»ឡើយ។—កិច្ចការ ១៧:២៧
[ឃ្លាអក្សរធំនៅទំព័រ៨]
អ្នកបង្កើតស្រឡាញ់យើងរហូត ហើយខ្លាំងជាងម្ដាយស្រឡាញ់កូនទៅទៀត