បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៧ ទំ. ២១-២៦
  • អ្នកមិនដឹងខាងណានឹងចម្រើនឡើងទេ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកមិនដឹងខាងណានឹងចម្រើនឡើងទេ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រឿង​ប្រៀបប្រដូច អំពី​គ្រាប់​មូស្ដាត
  • អំពី​ដំបែ
  • អំពី​អួន
  • ‹ចូរស្ដាប់ ហើយយល់អត្ថន័យចុះ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • តើអ្នក«យល់អត្ថន័យ»ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • លទ្ធផលនៃកិច្ចផ្សព្វផ្សាយ: «វាលស្រូវ . . . ទុំល្មមច្រូតហើយ»
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • បង្រៀនដោយប្រើរឿងប្រៀបប្រដូច
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៧ ទំ. ២១-២៦

អ្នក​មិន​ដឹង​ខាង​ណា​នឹង​ចម្រើន​ឡើង​ទេ!

​«នៅ​ពេល​ព្រឹក ចូរ​សាបព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំរើន​ឡើង»។—សាស្ដ. ១១:៦

១​. ដោយ​ឃើញ​ដំណើរការ​នៃ​ការ​លូតលាស់​របស់​ធញ្ញជាតិ ហេតុ​អ្វី​នេះ​ក៏​អស្ចារ្យ​និង​នាំ​ឲ្យ​យើង​មានចិត្ត​រាបទាប?

អ្នក​ធ្វើ​ស្រែ​ត្រូវ​មានចិត្ត​អត់ធ្មត់។ (យ៉ា. ៥:៧) បន្ទាប់​ពី​សាប​ព្រោះ​ពូជ គាត់​ត្រូវ​តែ​ចាំ​ឲ្យ​គ្រាប់ពូជ​ចេញ​ពន្លក​និង​ដុះ​ឡើង។ បន្ដិច​ម្ដងៗ ពេល​មាន​ជី​និង​ទឹក​គ្រប់គ្រាន់ នោះ​ពន្លក​ដុះ​ចេញ​ផុត​ពី​ដី​មក។ ក្រោយមក​គ្រាប់ពូជ​នោះ​ដុះ​ឡើង​ទៅ​ជា​ធញ្ញជាតិ​ដែល​បង្កើត​ផល​ជា​គ្រាប់​ស្រូវ។ នៅ​ទីបំផុត អ្នក​ធ្វើ​ស្រែ​អាច​ប្រមូល​ផល​ដោយ​ច្រូតកាត់​បាន។ ការ​ឃើញ​ដំណើរ​ការណ៍​នៃ​ការ​លូតលាស់​របស់​រុក្ខជាតិ ពិតជា​អស្ចារ្យ​មែន! ណាមួយ​ទៀត ដោយ​ដឹង​ថា​នរណា​ជា​ប្រភព​នៃ​ការ​លូតលាស់​នេះ​នាំ​ឲ្យ​យើង​មានចិត្ត​រាបទាប​ដែរ។ យើង​អាច​ថែរក្សា​ហើយ​ស្រោច​ទឹក​គ្រាប់ពូជ។ ប៉ុន្តែ​មាន​តែ​ព្រះ​ទេ ដែល​អាច​បណ្ដាល​ឲ្យ​គ្រាប់ពូជ​នោះ​ដុះ​ឡើង។—សូម​ពិនិត្យ​បន្ថែម កូរិនថូសទី១ ៣:៦

២​. ក្នុង​រឿង​ប្រៀបប្រដូច​នៅ​អត្ថបទ​មុន តើ​ព្រះ​យេស៊ូ​បង្រៀន​អ្វី​អំពី​ដំណើរ​ការណ៍​នៃ​ការ​ក្លាយទៅជា​សិស្ស​របស់​ទ្រង់?

២ ដូច​បាន​រៀបរាប់​នៅ​អត្ថបទ​មុន ព្រះ​យេស៊ូ​បាន​ប្រដូច​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​ទៅ​នឹង​អ្នក​ធ្វើ​ស្រែ​ដែល​សាបព្រោះ​ពូជ។ ក្នុង​រឿង​ប្រៀបប្រដូច​អំពី​ដី​ដែល​មាន​ប្រភេទ​ផ្សេងៗ នោះ​ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា ថ្វីបើ​អ្នក​ធ្វើ​ស្រែ​សាបព្រោះ​គ្រាប់ពូជ​ល្អៗ​ក្ដី តែ​សន្ដាន​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​នឹង​បញ្ជាក់​ថា​គ្រាប់ពូជ​អាច​ដុះ​ឡើង​រួច​បង្កើន​ផល​ផ្លែ​ឬ​ក៏​អត់។ (ម៉ាក. ៤:៣​-​៩) ក្នុង​រឿង​ប្រៀបប្រដូច​អំពី​អ្នក​ព្រោះ​ពូជ​ដែល​ដេក ព្រះ​យេស៊ូ​បញ្ជាក់​ថា​អ្នក​ព្រោះ​ពូជ​មិន​យល់​យ៉ាង​ពេញលេញ​អំពី​របៀប​ដែល​បុគ្គល​ម្នាក់​ក្លាយ​ទៅ​ជា​សិស្ស​ថ្មី​ទេ។ នេះ​គឺ​ដោយសារ​ព្រះ​ចេស្ដា​របស់​ព្រះ​ដែល​បណ្ដាល​ឲ្យ​បុគ្គល​នោះ​ក្លាយទៅជា​សិស្ស មិនមែន​ការ​ខំ​ប្រឹងប្រែង​របស់​មនុស្ស​ឡើយ។ (ម៉ាក. ៤:២៦​-​២៩) ឥឡូវ​សូម​ឲ្យ​យើង​ពិចារណា​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​បី​ទៀត ពោល​គឺ​អំពី​គ្រាប់​មូស្ដាត ដំបែ​និង​អួន។

រឿង​ប្រៀបប្រដូច អំពី​គ្រាប់​មូស្ដាត

៣, ៤​. តើ​រឿង​ប្រៀបប្រដូច​អំពី​គ្រាប់​មូស្ដាត បាន​បញ្ជាក់​អ្វី​ស្តី​អំពី​សារ​នៃ​រាជាណាចក្រ​របស់​ព្រះ?

៣ រឿង​ប្រៀបប្រដូច​អំពី​គ្រាប់​មូស្ដាត ក៏​បាន​កត់​ទុក​នៅ​សៀវភៅ​ម៉ាកុស​ជំពូក​ទី​៤​ដែរ ហើយ​បាន​បញ្ជាក់​អំពី​ចំណុច​ពីរ​យ៉ាង។ ទី​១ ការ​រីក​ចម្រើន​ដ៏​អស្ចារ្យ​នៃ​មនុស្ស​ដែល​ស្ដាប់​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​ទី​២​គឺ អ្នក​ដែល​ធ្វើ​តាម​សារ​នោះ​នឹង​ទទួល​ការ​ការពារ។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «តើ​យើង​នឹង​ធៀប​នគរ​ព្រះ​ជា​អ្វី ឬ​ត្រូវ​យក​ពាក្យ​ប្រៀប​អ្វី​មក​ប្រដូច​នឹង​នគរ​នោះ គឺ​ដូច​ជា​គ្រាប់ពូជ​១​[ឬ​«គ្រាប់​មូស្ដាត»] ដែល​កាលណា​គេ​ព្រោះ នៅ​ដី​ជា​ពូជ​យ៉ាង​ល្អិត​ជាង​គ្រាប់​ទាំងអស់​នៅ​ផែនដី តែ​កាលណា​គេ​ព្រោះ​ចុះ​ទៅ នោះ​ក៏​ដុះ​ឡើង​ត្រឡប់​ជា​ធំ លើស​ជាង​តិណជាតិ​ទាំងអស់​វិញ ទាំង​បែក​មែក​ជា​ធំ​ផង ដល់​ម្ល៉េះ​បានជា​សត្វ​ហើរ​នៅ​លើ​អាកាស មក​ទំ​នៅ​ក្រោម​ម្លប់​បាន»។—ម៉ាក. ៤:៣០​-​៣២; ព.ថ.

៤ នៅ​បទ​គម្ពីរ​ខាងលើ​នេះ ការ​លូតលាស់​នៃ​«នគរ»​ឬ​រាជាណាចក្រ​របស់​ព្រះ គឺ​ស​ឲ្យ​ឃើញ​ដោយ​ការ​ផ្សព្វផ្សាយ​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​ការ​រីក​ចម្រើន​នៃ​ក្រុម​ជំនុំ​របស់​ពួក​គ្រិស្ត​សាសនិក​តាំងពី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.​មក។ គ្រាប់​មូស្ដាត​ជា​គ្រាប់ពូជ​យ៉ាង​ល្អិត​មួយ​ដែល​អាច​តំណាង​អ្វី​ដែល​តូចតាច។ (សូម​ពិនិត្យ​បន្ថែម លូកា ១៧:៦) ក៏​ប៉ុន្តែ នៅ​ទីបំផុត​តិណជាតិ​ឬ​ដំណាំ​មូស្ដាត​អាច​ដុះ​ឡើង​ទៅ​ជា​មាន​កម្ពស់​រវាង​បី​ទៅ​ប្រាំ​ម៉ែ​ត្រ ព្រម​ទាំង​បែកមែក​សាខា​រឹង​មាំ​ផង។ យ៉ាង​នេះ ដំណាំ​មូស្ដាត​ក្លាយ​ទៅ​ដូច​ជាដើម​ឈើ​មួយ​ដើម។—ម៉ាថ. ១៣:៣១, ៣២

៥​. តើ​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​នា​សតវត្សរ៍​ទី​១​មានការ​រីក​ចម្រើន​បែប​ណា?

៥ ការ​រីក​ចម្រើន​ឡើង​របស់​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៣៣ គ.ស. ពេល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​បាន​រើស​តាំង​សិស្ស​ប្រហែល​១២០​នាក់។ ប៉ុន្តែ ក្នុង​រយៈ​ពេល​ខ្លី ក្រុម​ជំនុំ​ដ៏​តូច​នេះ​បាន​កើនឡើង​ទៅ​ជា​ក្រុម​ជំនុំ​ដ៏​ធំ​ដែល​មាន​អ្នក​ជឿ​ដល់​ទៅ​រាប់​ពាន់​នាក់។ (សូម​អាន កិច្ចការ ២:៤១; ៤:៤; ៥:២៨; ៦:​៧; ១២:​២៤; ១៩:២០) នៅ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​តែ​ប៉ុណ្ណោះ ចំនួន​អ្នក​ផ្សាយ​បាន​កើនឡើង​ដល់​ម្ល៉េះ​បានជា​សាវ័ក​ប៉ុល​ជម្រាប​ជូន​ក្រុម​ជំនុំ​នៅ​ទីក្រុង​កូល៉ុស​ថា ដំណឹង​ល្អ​«បាន​ផ្សាយ​ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង»​រួច​ទៅ​ហើយ។ (កូល. ១:​២៣) នេះ​ពិតជា​ការ​រីក​ចម្រើន​ដ៏​អស្ចារ្យ​មែន!

៦, ៧​. (ក) តើ​មានការ​រីក​ចម្រើន​អ្វី​ចាប់​តាំងពី​ឆ្នាំ​១៩១៤​មក? (ខ) តើ​នឹង​មានការ​រីក​ចម្រើន​អ្វី​ទៀត​នៅ​ថ្ងៃ​មុខ?

៦ តាំងពី​ពេល​រាជាណាចក្រ​របស់​ព្រះ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៩១៤​មក នោះ​មានការ​រីក​ចម្រើន​នៃ​កិច្ចការ​ផ្សព្វ​ផ្សាយ​លើស​ពី​អ្វី​ដែល​យើង​នឹក​ស្មាន​ទៅ​ទៀត ប្រៀប​ដូច​ជាដើម​មូស្ដាត​ដែល​បាន​បែកមែក​សាខា​រឹង​មាំ​ឡើង។ រាស្ត្រ​របស់​ព្រះ​បាន​ឃើញ​នូវ​ការ​សម្រេច​នៃ​ទំនាយ​ដែល​លោក​អេសាយ​បាន​កត់​ទុក​ថា​៖ «អ្នក​តូច​បំផុត​នឹង​ត្រឡប់​ជា​មនុស្ស​១​ពាន់ ហើយ​ពួក​មាន​គ្នា​តិច នឹង​ត្រឡប់​ទៅ​ជា​សាសន៍​១​យ៉ាង​ពូកែ»។ (អេសា. ៦០:​២២) នៅ​ដើម​សតវត្សរ៍​ទី​២០ ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​មួយ​ក្រុម​តូច​ដែល​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ មិន​បាន​នឹក​ស្មាន​សោះ​ថា នៅ​ឆ្នាំ​២០០៨​យើង​នឹង​មាន​បង​ប្អូន​ជិត​៧​លាន​នាក់​ដែល​កំពុង​តែ​ផ្សព្វផ្សាយ​នៅ​ច្រើន​ជាង​២៣០​ប្រទេស។ នេះ​ពិត​ជា​ការ​រីក​ចម្រើន​ដ៏​ល្អ​ក្រៃ​លែង​មែន! ហើយ​ការ​រីក​ចម្រើន​នេះ​គឺ​ស្រ​ដៀង​នឹង​ការ​លូតលាស់​នៃ​គ្រាប់​មូស្ដាត​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ។

៧ ប៉ុន្តែ តើ​មានការ​រីក​ចម្រើន​តែ​ប៉ុណ្ណឹង​ឬ? មិនមែន​ទេ។ នៅ​ទីបំផុត មនុស្ស​ដែល​រស់នៅ​ផែនដី​ទាំងមូល​នឹង​ក្លាយទៅជា​អនុ​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ។ អ្នកប្រឆាំង​ទាំងឡាយ​នឹង​លែង​មាន​ទៀត។ ទាំងអស់​នេះ​កើតឡើង​បាន​ដោយសារ​ព្រះ​យេហូវ៉ា​ជា​លោក​ម្ចាស់​មហាក្សត្រ​ធ្វើ​អន្តរាគមន៍​ក្នុង​អ្វី​ដែល​កើតឡើង​នៅ​ផែនដី មិន​មែន​ដោយសារ​ការ​ខំ​ប្រឹង​របស់​មនុស្ស​ទេ។ (សូម​អាន ដានីយ៉ែល ២:​៣៤, ៣៥) នៅ​ពេល​នោះ យើង​នឹង​ឃើញ​ការ​សម្រេច​ចុង​បំផុត​នៃ​ទំនាយ​មួយទៀត​របស់​លោក​អេសាយ​៖ «ដ្បិត​គ្រប់​ទាំងអស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ»។—អេសា. ១១:៩

៨​. (ក) តើ​សត្វ​ស្លាប​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​តំណាង​នរណា? (ខ) សូម្បី​តែ​ពី​ឥឡូវនេះ​ទៅ តើ​យើង​ត្រូវ​បានការ​ពារ​ពី​អ្វីខ្លះ?

៨ ព្រះ​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា សត្វ​ហើរ​ឬ​សត្វ​ស្លាប​នៅ​លើ​អាកាស​មក​ទំ​នៅ​ឬ​ជ្រក​អាស្រ័យ​ក្រោម​ម្លប់​នៃ​ដើម​មូស្ដាត​ដែល​តំណាង​រាជាណាចក្រ​របស់​ព្រះ។ សត្វ​ស្លាប​ទាំងនេះ​មិន​តំណាង​សត្រូវ​នៃ​រាជាណាចក្រ​របស់​ព្រះ​ដែល​ខំ​ចឹក​ស៊ី​គ្រាប់ពូជ​ល្អៗ​ឡើយ។ មិន​ដូច​ជា​សត្វ​ស្លាប​ដែល​បាន​រៀបរាប់​ក្នុង​រឿង​ប្រៀបប្រដូច​អំពី​បុគ្គល​ដែល​បាច​គ្រាប់ពូជ​ទៅ​លើ​ដី​ដែល​មាន​ប្រភេទ​ផ្សេងៗ​នោះ​ទេ។ (ម៉ាក. ៤:៤) ផ្ទុយ​ទៅ​វិញ ក្នុង​រឿង​ប្រៀបប្រដូច​នេះ សត្វ​ស្លាប​តំណាង​មនុស្ស​ដែល​មានចិត្ត​ស្មោះ​ដែល​ស្វែងរក​ការ​ការពារ​ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក។ សូម្បី​តែ​ឥឡូវនេះ មនុស្ស​ដែល​មានចិត្ត​ស្មោះ​ទាំងនេះ​ត្រូវ​បានការ​ពារ​ពី​ទម្លាប់​ផ្សេងៗ​ដែល​បង្ការ​មិន​ឲ្យ​ពួក​គាត់​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ព្រះ ព្រម​ទាំង​ត្រូវ​បានការ​ពារ​ពី​ការ​ប្រព្រឹត្ត​ដ៏​ស្មោកគ្រោក​របស់​ពិភព​លោក​ដ៏​អាក្រក់​នេះ​ដែរ។ (សូម​ពិនិត្យ​បន្ថែម អេសាយ ៣២:១, ២) ស្រ​ដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​ប្រដូច​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​ទៅ​នឹង​ដើមឈើ​ហើយ​បាន​ទាយ​ថា​៖ «គឺ​អញ​នឹង​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​នៃ​ស្រុក​អ៊ីស្រាអែល ដើម​នោះ​នឹង​បោះ​មែក ហើយ​កើត​ផល ព្រម​ទាំង​ត្រឡប់​ទៅ​ជាដើម​តាត្រៅ​យ៉ាង​ល្អ ឯ​អស់ទាំង​សត្វ​ស្លាប​គ្រប់​មុខ នឹង​ជ្រក​នៅ​ក្រោម ហើយ​ធ្វើ​សំបុក​នៅ​ក្រោម​ម្លប់​នៃ​មែក​វា»។—អេសេ. ១៧:២៣

អំពី​ដំបែ

៩, ១០​. (ក) តើ​ព្រះ​យេស៊ូ​បាន​ដៅ​បញ្ជាក់​ទៅ​លើ​ចំណុច​ណា​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​អំពី​ដំបែ? (ខ) តើ​គម្ពីរ​ប្រើ​ដំបែ​ជា​ច្រើន​ដង​ដើម្បី​តំណាង​អ្វី? ស្តី​អំពី​ដំបែ​ដែល​ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​លើ តើ​យើង​នឹង​ពិចារណា​សំណួរ​ណាមួយ?

៩ យើង​មិន​តែងតែ​ឃើញ​ជាក់ស្តែង​នូវ​ការ​លូតលាស់​ឬ​ការ​រីក​ចម្រើន​ឡើយ។ ព្រះ​យេស៊ូ​បាន​ដៅ​បញ្ជាក់​ទៅ​លើ​ចំណុច​នេះ​ក្នុង​រឿង​ប្រៀបប្រដូច​បន្ទាប់។ ទ្រង់​មាន​ប្រសាសន៍​ថា​៖​«នគរ​ស្ថាន​សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​បាន​យក​មក​លាយ​នឹង​ម្សៅ ៣​រង្វាល់ ទាល់តែ​ម្សៅ​នោះ​បាន​ដោរ​ឡើង​គ្រប់​ទាំងអស់»។ (ម៉ាថ. ១៣:​៣៣) តើ​ដំបែ​តំណាង​អ្វី​ទៅ? តើ​ដំបែ​នេះ​ទាក់ទង​នឹង​ការ​រីក​ចម្រើន​នៃ​កិច្ច​ផ្សព្វផ្សាយ​សារ​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១០ ជា​ច្រើន​ដង គម្ពីរ​ប្រើ​ដំបែ​ដើម្បី​តំណាង​អំពើ​បាប​ឬ​ភាព​ខុស​ឆ្គង។ សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ​លើ​ដំបែ​ជា​ភាព​ខុសឆ្គង ពេល​លោក​និយាយ​អំពី​ឥទ្ធិពល​ដ៏​អាក្រក់​ដែល​មក​ពី​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​ខុស​ក្នុង​ក្រុម​ជំនុំ​នៅ​ទីក្រុង​កូរិនថូស។ (១កូ. ៥:៦​-​៨) ដូច្នេះ ក្នុង​រឿង​ប្រៀបប្រដូច​នេះ តើ​ព្រះ​យេស៊ូ​បាន​ប្រើ​ដំបែ​ដើម្បី​តំណាង​ការ​រីក​ចម្រើន​នូវ​អ្វី​ដែល​មិន​ល្អ​ឬ?

១១​. តើ​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​ប្រើ​ដំបែ​យ៉ាង​ដូច​ម្ដេច?

១១ មុន​នឹង​ឆ្លើយ​សំណួរ​នោះ យើង​ត្រូវ​ចង​ចាំ​ហេតុការណ៍​ពិត​បី​យ៉ាង​សិន។ ទី​១ ទោះបី​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ដំបែ​ក្នុង​អំឡុង​បុណ្យ​រំលង​ក៏​ដោយ តែ​នៅ​ពេល​ឯ​ទៀត ទ្រង់​ក៏​ទទួល​គ្រឿង​បូជា​ដែល​មាន​ដំបែ​ដែរ។ គេ​ធ្លាប់​ប្រើ​ដំបែ​ក្នុង​នំ​ប៉័ង​សម្រាប់​ការ​ថ្វាយ​ដង្វាយ​មេត្រី​ដើម្បី​ថ្លែង​អំណរ​គុណ​ចំពោះ​ព្រះ ហើយ​អ្នក​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ចិត្ត​ជូន​ដើម្បី​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​ពរ​ដែល​ខ្លួន​បាន​ទទួល​យ៉ាង​បរិបូរ។ អាហារ​នេះ​នឹង​នាំ​ឲ្យ​អ្នក​ដែល​បរិភោគ​មាន​អំណរ។—លេវី. ៧:១១​-​១៥

១២​. តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​គម្ពីរ​ប្រើ​ពាក្យ​ដែល​ជា​និមិត្តរូប?

១២ ទី​២ ទោះ​បើ​ពាក្យ​ដែល​ជា​និមិត្តរូប​បាន​ប្រើ​នៅ​ពេល​មួយ​បង្កប់​អត្ថន័យ​មិន​ល្អ​ក៏​ពិតមែន តែ​នៅ​ពេល​ផ្សេង​ទៀត​ពាក្យ​ដែល​ជា​និមិត្តរូប​ដដែល​នោះ​អាច​ប្រើ​ដើម្បី​តំណាង​អ្វី​ដែល​ល្អ​វិញ។ ជា​ឧទាហរណ៍ នៅ​សៀវភៅ​ពេត្រុសទី១ ៥:៨ សាតាំង​បាន​ប្រដូច​ទៅ​នឹង​សត្វ​សិង្ហ ដែល​ចង់​បញ្ជាក់​ពី​ធាតុ​ពិត​របស់​វា​ដែល​នាំ​ឲ្យ​គ្រោះ​ថ្នាក់។ ក៏​ប៉ុន្តែ នៅ​សៀវភៅ​វិវរណៈ ៥:៥ ព្រះ​យេស៊ូ​ត្រូវ​បាន​ប្រដូច​ទៅ​នឹង​សត្វ​សិង្ហ ពោល​គឺ​«សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរយូដា»។ សត្វ​សិង្ហ​នៅ​សៀវភៅ​វិវរណៈ​តំណាង​យុត្ដិធម៌​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ក្លាហាន។

១៣​. តើ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ដំបែ បង្ហាញ​អ្វី​ស្តី​អំពី​បុគ្គល​ម្នាក់​ដែល​បណ្ដុះ​ចំណង​មេត្រីភាព​ជាមួយនឹង​ព្រះ​យេហូវ៉ា?

១៣ ទី​៣ ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ ទ្រង់​មិន​មាន​ប្រសាសន៍​ថា ដំបែ​បាន​បង្ខូច​ម្សៅ​ទាំងអស់​ដែល​គេ​មិន​អាច​ប្រើ​ម្សៅ​នោះ​ទៀត​ទេ។ ទ្រង់​គ្រាន់តែ​លើក​បញ្ជាក់​ពី​របៀប​ធម្មតា​ដែល​គេ​ធ្វើ​នំ​ប៉័ង​ប៉ុណ្ណោះ។ ស្ត្រី​ម្នាក់​នោះ​បាន​បន្ថែម​ដំបែ​ដោយ​ចេតនា ហើយ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ ដំបែ​បាន​យក​លាយ​នឹង​ម្សៅ។ យ៉ាង​នេះ ពេល​ដំបែ​បាន​លាយ​នឹង​ម្សៅ​ទៅ ស្ត្រី​នោះ​មិន​អាច​មើល​ឃើញ​ដំបែ​ដែល​ធ្វើ​ឲ្យ​នំ​ប៉័ង​ដោរ​ឡើង​ទេ។ នេះ​រំលឹក​យើង​អំពី​បុរស​ដែល​ព្រោះ​គ្រាប់​ពូជ​ហើយ​ដេក​ពេល​យប់។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​បុរស​នោះ​«មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើងជា​យ៉ាង​ណា​ទេ»។ (ម៉ាក. ៤:​២៧) នេះ​ពិតជា​ឧទាហរណ៍​ដ៏​ស្រួល​យល់​មែន! អំពី​ការ​រីក​ចម្រើន​ដែល​មិន​អាច​មើល​ឃើញ​ចំពោះ​បុគ្គល​ម្នាក់​ដែល​បណ្ដុះ​ចំណង​មេត្រី​ភាព​ជាមួយនឹង​ព្រះ​យេហូវ៉ា។ នៅ​ដើម​ដំបូង យើង​ប្រហែល​ជា​មិន​អាច​ឃើញ​ការ​រីក​ចម្រើន​ទេ តែ​ជាយថាហេតុ យើង​នឹង​ពិតជា​ឃើញ​លទ្ធផល​បាន។

១៤​. ដំបែ​ជា​មេ​ដែល​ធ្វើ​ឲ្យ​ម្សៅ​ទាំងអស់​ដោរ​ឡើង តើ​នេះ​បញ្ជាក់​អ្វី​ស្តី​អំពី​ការ​ផ្សព្វផ្សាយ?

១៤ ការ​រីក​ចម្រើន​នេះ​មិន​គ្រាន់តែ​មើល​មិន​ឃើញ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ ការ​រីក​ចម្រើន​នេះ​ក៏​កំពុង​តែ​កើតឡើង​នៅ​ទូ​ទាំង​ផែនដី​ដែរ។ នេះ​ជា​ចំណុច​មួយទៀត​ដែល​រឿង​ប្រៀបប្រដូច​អំពី​ដំបែ​បាន​បញ្ជាក់។ ដំបែ​ជា​មេ​ដែល​ធ្វើ​ឲ្យ​ម្សៅ​ទាំងអស់ ជា​«ម្សៅ​៣​រង្វាល់»​ដោរ​ឡើង។ (លូ. ១៣:២១) ដូច​ដំបែ ការ​ផ្សព្វផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែល​បង្ក​ឲ្យ​មាន​សិស្ស​កាន់តែ​ច្រើន​ឡើង នោះ​បាន​រីក​ចម្រើន​យ៉ាង​ច្រើន​ណាស់ ដែល​ឥឡូវនេះ យើង​កំពុង​តែ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​«រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។ (កិច្ច. ១:៨; ម៉ាថ. ២៤:​១៤) ពិត​ជា​កិត្ដិយស​ដ៏​លើស​លប់​មែន! ដែល​យើង​អាច​រួមចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែល​បាន​រីក​ចម្រើន​យ៉ាង​អស្ចារ្យ។

អំពី​អួន

១៥, ១៦​. (ក) សូម​រៀបរាប់​យ៉ាង​ខ្លី​អំពី​រឿង​ប្រៀបប្រដូច​ស្តី​អំពី​អួន។ (ខ) តើ​អួន​តំណាង​អ្វី? តើ​រឿង​ប្រៀបប្រដូច​នេះ សំដៅ​ទៅ​លើ​អ្វី?

១៥ សំខាន់​ជាង​ចំនួន​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​សិស្ស​របស់​ព្រះ​យេស៊ូគ្រិស្ត នោះ​គឺជា​លក្ខណៈ​របស់​សិស្ស​ទៅ​វិញ។ ព្រះ​យេស៊ូ​ក៏​បាន​សំដៅ​ទៅ​លើ​លក្ខណៈ​របស់​សិស្ស​ដែរ ពេល​ទ្រង់​លើក​រឿង​ប្រៀប​ប្រដូច​មួយទៀត​អំពី​អួន។ ទ្រង់​មាន​ប្រសាសន៍​ថា​៖​«មួយ​ទៀត នគរ​ស្ថាន​សួគ៌​ក៏​ប្រៀប​ដូច​ជា​អួន ដែល​គេ​ទំ​លាក់​ទៅ​ក្នុង​សមុទ្រ ជាប់​បាន​ត្រី​គ្រប់​មុខ»។—ម៉ាថ. ១៣:៤៧

១៦ អួន​ដែល​តំណាង​ការ​ផ្សព្វផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ នោះ​ជាប់​បាន​ត្រី​គ្រប់​មុខ។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៀត​ថា​៖​«កាល​[អួន]​បាន​ពេញ​ហើយ នោះ​គេ​ទាញ​ឡើង​មក​លើ​គោក រួច​អង្គុយ​ជ្រើសរើស​ត្រី​ល្អៗ ដាក់​ក្នុង​កញ្ឆេ​ទុក តែ​ត្រី​អាក្រក់ៗ​គេ​ចាក់​ចោល​ចេញ ដល់ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ ហើយនឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​គេ​នឹង​យំ​ហើយ​សង្កៀត​ធ្មេញ»។—ម៉ាថ. ១៣:​៤៨​-​៥០

១៧​. តើ​ការ​ញែក​ចេញពី​គ្នា​ដែល​បាន​រៀបរាប់​ក្នុង​រឿង​ប្រៀបប្រដូច​អំពី​អួន​សំដៅ​ទៅ​លើ​គ្រា​មួយ​ណា?

១៧ តើ​ការ​ញែក​ចេញពី​គ្នា​នេះ​សំដៅ​ទៅ​លើ​សេចក្ដី​ជំនុំជម្រះ​ចុង​បំផុត ដែល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​នឹង​ញែក​ពួក​ចៀម​ចេញពី​ពពែ​នៅ​ពេល​ទ្រង់​យាង​មក​ក្នុង​សិរី​ល្អ​របស់​ទ្រង់​ទេ​ឬ? (ម៉ាថ. ២៥:​៣១​-​៣៣) អត់​ទេ។ សេចក្ដី​ជំនុំជម្រះ​ចុង​បំផុត​នោះ​នឹង​កើតឡើង​នៅ​ពេល​ព្រះ​យេស៊ូ​យាង​មក​ក្នុង​អំឡុង​គ្រា​ដែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។ ផ្ទុយ​ទៅ​វិញ ការ​ញែក​ចេញពី​គ្នា​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​អួន​កើតឡើង​ក្នុង​អំឡុង​«បំផុត​កល្ប»​ឬ​គ្រា​ចុងបញ្ចប់​នៃ​របៀប​របប​ពិភព​លោក។a យើង​កំពុង​តែ​រស់នៅ​គ្រា​នេះ ជា​គ្រា​ដែល​នាំ​ទៅ​ដល់​គ្រា​ដែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។ ដូច្នេះ តើ​ការ​ញែក​ចេញពី​គ្នា​កំពុង​តែ​កើតឡើង​យ៉ាង​ដូច​ម្ដេច?

១៨, ១៩​. (ក) តើ​ការ​ញែក​ចេញពី​គ្នា​កំពុង​តែ​កើតឡើង​ឥឡូវនេះ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​មនុស្ស​ដែល​មានចិត្ត​ស្មោះត្រង់​គួរតែ​ធ្វើ​អ្វី? (សូម​មើល​សម្គាល់​ហេតុ​ដែរ​នៅ​ទំព័រ​ទី​២៦)

១៨ មនុស្ស​រាប់​លាន​នាក់​ដែល​តំណាង​ដោយ​ត្រី ត្រូវ​បាន​ទាក់ទាញ​ចិត្ត​ឲ្យ​ចូល​ទៅ​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា​នា​សម័យ​នេះ។ មនុស្ស​ខ្លះ​ចូល​រួម​ពិធី​បុណ្យ​រំលឹក ខ្លះ​ទៅ​កិច្ចប្រជុំ​របស់​យើង ហើយ​ខ្លះ​ទៀត​ព្រម​សិក្សា​គម្ពីរ​ជាមួយ​យើង។ ប៉ុន្តែ តើ​មនុស្ស​ទាំងអស់​នេះ​ក្លាយទៅជា​គ្រិស្ត​សាសនិក​ពិត​ទេ? ប្រហែលជា​គេ​ត្រូវ​បាន​«ទាញ​ឡើង​មក​លើ​គោក»​មែន តែ​ព្រះ​យេស៊ូ​រៀបរាប់​ថា មាន​តែ​«ត្រី​ល្អៗ»​ទេ​ដែល​គេ​ប្រមូល​ដាក់​ក្នុង​កញ្ឆេ​ឬ​ផើង ដែល​តំណាង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក។ នៅ​ទីបំផុត គេ​បាន​បោះ​ត្រី​អាក្រក់​ចោល​នៅ​ក្នុង​គុក​ឬ​ឡ​ភ្លើង​ជា​និមិត្តរូប ដែល​តំណាង​សេចក្ដី​ហិន​វិនាស​នា​អនាគតកាល។

១៩ ដូច​ជា​ត្រី​អាក្រក់​ឬ​ត្រី​ដែល​មិន​អាច​បរិភោគ​បាន មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​សិក្សា​គម្ពីរ​ជាមួយ​រាស្ត្រ​របស់​ព្រះ បាន​ឈប់​រៀន​តែ​ម្ដង។ មនុស្ស​ខ្លះ​ដែល​មាន​មាតាបិតា​ជា​គ្រិស្ត​សាសនិក​តាំងពី​ខ្លួន​កើត​មក មិន​មានចិត្ត​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ទេ។ ពួក​គេ​មិន​សុខចិត្ត​ធ្វើការ​សម្រេចចិត្ត​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា ឬ​ក៏​បាន​សម្រេចចិត្ត​បម្រើ​ទ្រង់​មួយ​រយៈ តែ​ក្រោយមក​លែង​បម្រើ​ទ្រង់​តទៅ​ទៀត។b (អេសេ. ៣៣:៣២, ៣៣) គឺជា​ចាំ​បាច់​ណាស់ ដែល​អស់អ្នក​ដែល​មានចិត្ត​ស្មោះត្រង់​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុម​ជំនុំ មុន​ថ្ងៃ​ជំនុំជម្រះ​ចុង​បំផុត​មក​ដល់ ហើយ​ស្ថិត​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​នោះ។

២០, ២១​. (ក) តើ​យើង​បាន​រៀន​អ្វី​ពី​ការ​ពិនិត្យ​មើល​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ការ​រីក​ចម្រើន? (ខ) តើ​អ្នក​តាំងចិត្ត​ធ្វើ​អ្វី?

២០ ដូច្នេះ ដោយ​ពិនិត្យ​មើល​ឡើង​វិញ​យ៉ាង​សង្ខេប​នៃ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ការ​រីក​ចម្រើន តើ​យើង​បាន​រៀន​អ្វីខ្លះ? ទី​១ ដូច​ការ​លូតលាស់​នៃ​គ្រាប់​មូស្ដាត យើង​ក៏​បាន​ឃើញ​ការ​រីក​ចម្រើន​យ៉ាង​ធំ​ក្រៃ​លែង​ចំពោះ​មនុស្ស​ដែល​ស្ដាប់​តាម​សារ​នៃ​រាជាណាចក្រ​របស់​ព្រះ។ គ្មាន​អ្វី​សោះ​ដែល​អាច​រារាំង​ការ​ពង្រីក​នៃ​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​ឡើយ! (អេសា. ៥៤:១៧) ម្យ៉ាង​ទៀត អស់​អ្នក​ដែល​«នៅ​ក្រោម​ម្លប់​[ដើម​មូស្ដាត]» ក៏​បានការ​ពារ​ពី​សាតាំង​និង​ពិភព​លោក​ដ៏​អាក្រក់​របស់​វា​ដែរ។ ទី​២ គឺជា​ព្រះ​ទេ​ដែល​ធ្វើ​ឲ្យ​អ្វីៗ​លូតលាស់! ដូច​ដំបែ​ដែល​បាន​លាយ​នឹង​ម្សៅ​ទាំងអស់ ការ​រីក​ចម្រើន​នេះ​មិន​អាច​ឃើញ​ជាក់ស្តែង​ឬ​ក៏​មិន​អាច​យល់​រាល់​តែ​ដង​ទេ ប៉ុន្តែ​ពិតជា​មានការ​រីក​ចម្រើន​មែន! ទី​៣ មិនមែន​មនុស្ស​ទាំង​អស់​ដែល​ធ្វើ​តាម​សារ​រាជាណាចក្រ​របស់​ព្រះ​ក្លាយទៅជា​មនុស្ស​ដែល​មាន​ចិត្ត​រាបទាប​ចង់​ទទួល​ការ​បង្ហាត់បង្រៀន​ឡើយ។ មនុស្ស​ខ្លះ​គឺ​ដូច​ជា​ត្រី​អាក្រក់​ឬ​ត្រី​មិន​អាច​បរិភោគ​បាន​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ។

២១ ពិតជា​លើក​ទឹកចិត្ត​យើង​មែន! ដោយ​ឃើញ​ព្រះ​យេហូវ៉ា​ទាក់​ទាញ​មនុស្ស​ដែល​មានចិត្ត​រាបទាប​ជា​ច្រើន​នាក់​ដែល​ចង់​ទទួល​ការ​បង្ហាត់​បង្រៀន។ (យ៉ូន. ៦:៤៤) ដោយសារ​ព្រះ​យេហូវ៉ា​ទាក់​ទាញ​ចិត្ត​មនុស្ស នេះ​នាំ​ឲ្យ​មានការ​រីក​ចម្រើន​ដ៏​អស្ចារ្យ​ក្នុង​ប្រទេស​ជា​ច្រើន។ ព្រះ​យេហូវ៉ា​គួរ​ទទួល​ការ​សរសើរ​ទាំងអស់​ចំពោះ​ការ​រីក​ចម្រើន​នេះ។ ដោយ​ឃើញ​ការ​រីក​ចម្រើន​នេះ​កំពុង​តែ​កើតឡើង នេះ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ស្ដាប់បង្គាប់​តាម​ការ​ដាស់តឿន​ដែល​បាន​កត់​ទុក​រាប់​រយ​ឆ្នាំ​មុន ដែល​ថា​៖ «នៅ​ពេល​ព្រឹក ចូរ​សាបព្រោះ​ពូជ​របស់​ឯង​ចុះ! . . . ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំរើន​ឡើង ទោះ​បើ​ខាង​ណេះ​ឬ​ខាង​ណោះក្ដី ឬ​បើ​ទាំង​២​នឹង​ចំរើន​បាន​ល្អ​ដូច​គ្នា​ផង»។—សាស. ១១:៦

[កំណត់​សម្គាល់]

a ទោះបី​ម៉ាថាយ ១៣:៣៩​-​៤៣​បាន​បញ្ជាក់​អំពី​ផ្នែក​ផ្សេង​នៃ​ការ​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​របស់​ព្រះ​ក្ដី តែ​គ្រា​ដែល​សម្រេច​ទំនាយ​នេះ​គឺ​ដូច​នឹង​គ្រា​ដែល​សម្រេច​រឿង​ប្រៀបប្រដូច​អំពី​អួន​ដែរ ពោល​គឺ​ក្នុង​អំឡុង​«បំផុត​កល្ប»​ឬ​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក។ ការ​ញែក​ចេញពី​គ្នា​នៃ​ត្រី​ដែល​ជា​និមិត្តរូប ជា​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ជា​បន្ត។ ដូច​ជា​កិច្ចការ​សាបព្រោះ​និង​ច្រូតកាត់ ជា​កិច្ចការ​ដែល​នឹង​មាន​ជាប់​រហូត​ក្នុង​គ្រា​នេះ (ចូរ​ថ្វាយបង្គំ​ព្រះ​ពិតតែ​មួយ ទំព័រ​១៧៨​-​១៨១ វគ្គ​៨​-​១១ បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា)។

b តើ​នេះ​បាន​សេចក្ដី​ថា មនុស្ស​ទាំងអស់​ដែល​លែង​សិក្សា ឬ​មក​ប្រជុំ​ជាមួយ​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ត្រូវ​បាន​បោះចោល​ជា​មនុស្ស​ដែល​មិន​មានចិត្ត​រាបទាប​ចង់​ទទួល​ការ​បង្ហាត់បង្រៀន​ដោយ​បណ្ដា​ទេវតា​ឬ​ទេ? មិនមែន​ទេ! ប្រសិនបើ​បុគ្គល​ម្នាក់​មានចិត្ត​ចង់​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ​យ៉ាង​ស្មោះ ទ្រង់​នឹង​ទទួល​ស្វាគមន៍​គាត់។—ម៉ាឡ. ៣:៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ស្តី​អំពី​ការ​រីក​ចម្រើន​ចំពោះ​មនុស្ស​ដែល​ស្ដាប់​តាម​សារ​នៃ​រាជា​ណា​ច្រក​របស់​ព្រះ ហើយ​ការ​ការពារ​ពី​សាតាំង​និង​ពិភព​លោក​ដ៏​អាក្រក់​របស់​វា តើ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​គ្រាប់​មូស្ដាត​បង្រៀន​យើង​អ្វី​ខ្លះ?

• តើ​ដំបែ​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​តំណាង​អ្វី? តើ​ទ្រង់​បាន​បញ្ជាក់​ហេតុការណ៍​ពិត​ណា​អំពី​ការ​រីក​ចម្រើន​ចំពោះ​មនុស្ស​ដែល​ស្ដាប់​តាម​សារ​នៃ​រាជាណាចក្រ​របស់​ព្រះ?

• តើ​រឿង​ប្រៀបប្រដូច​អំពី​អួន​បង្ហាញ​អ្វី ស្តី​ពី​ការ​រីក​ចម្រើន​នៃ​រាជាណាចក្រ​របស់​ព្រះ?

• តើ​យើង​អាច​ប្រាកដ​ថា​យើង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​«ដាក់​ក្នុង​កញ្ឆេ»​ឬ​ផើង​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​២៣]

ស្តី​អំពី​ការ​រីក​ចម្រើន​ចំពោះ​មនុស្ស​ដែល​ស្ដាប់​តាម​សារ​នៃ​រាជា​ណា​ច្រក​របស់​ព្រះ តើ​រឿង​ប្រៀបប្រដូច​អំពី​គ្រាប់​មូស្ដាត​បង្រៀន​យើង​អ្វី​ខ្លះ?

[រូបភាព​នៅ​ទំព័រ​២៤]

រឿង​ប្រៀបប្រដូច​អំពី​ដំបែ តើ​យើង​បាន​រៀន​អ្វី?

[រូបភាព​នៅ​ទំព័រ​២៥]

តើ​ការ​ញែក​ត្រី​ល្អ​ចេញ​ពី​ត្រី​អាក្រក់​តំណាង​អ្វី?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក