បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១២ ទំ. ៩-១៤
  • តើអ្នក«យល់អត្ថន័យ»ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នក«យល់អត្ថន័យ»ឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្នក​សាប​ព្រោះ​ដែល​ដេក
  • អួន
  • កូន​បង្ហិន​ទ្រព្យ
  • ‹ចូរស្ដាប់ ហើយយល់អត្ថន័យចុះ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អ្នកមិនដឹងខាងណានឹងចម្រើនឡើងទេ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • «ព្រះដែលធ្វើឲ្យដុះវិញទេតើ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ឧទាហរណ៍អំពីរាជាណាចក្រ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១២ ទំ. ៩-១៤

តើ​អ្នក​«​យល់​អត្ថន័យ​»​ឬ​ទេ?

​«​លោក​បាន​បំភ្លឺ​គំនិត​របស់​ពួក​គាត់​យ៉ាង​ពេញ​លេញ ដើម្បី​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ​»។—លូកា ២៤:៤៥

តើ​អ្នក​ទាញ​មេរៀន​អ្វី​ពី​ឧទាហរណ៍​អំពី . . .

  • អ្នក​សាប​ព្រោះ​ដែល​ដេក?

  • អួន?

  • កូន​បង្ហិន​ទ្រព្យ?

១, ២​. នៅ​ថ្ងៃ​ដែល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​លោក​បាន​ពង្រឹង​ពួក​អ្នក​កាន់​តាម​លោក​យ៉ាង​ដូច​ម្ដេច?

ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ពីរ​នាក់​កំពុង​ដើរ​ទៅ​ភូមិ​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល​ជា​១១​គីឡូម៉ែត្រ(​៧​ម៉ៃល៍​)ពី​ក្រុង​យេរូសាឡិម។ ពួក​គាត់​កើត​ទុក្ខ​ដោយ​សារ​លោក​យេស៊ូ​បាន​ស្លាប់ ហើយ​ពួក​គាត់​មិន​ទាន់​បាន​ដឹង​ថា​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ។ រំពេច​នោះ លោក​យេស៊ូ​បាន​លេច​មក ហើយ​បាន​ដើរ​ជា​មួយ​នឹង​ពួក​គាត់។ រួច​លោក​«​ក៏​តាំង​បក​ស្រាយ​ប្រាប់​ពួក​គាត់​នូវ​អ្វី​ៗ​ស្តី​អំពី​លោក​ក្នុង​បទ​គម្ពីរ​ទាំង​ឡាយ ចាប់​តាំង​ពី​ម៉ូសេ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​គ្រប់​រូប​»។ (​លូកា ២៤:១៣​-​១៥, ២៧​) ពួក​គាត់​មាន​អារម្មណ៍​ធូរ​ស្រាល​ក្នុង​ចិត្ត ហើយ​រំភើប​ចិត្ត​ជា​ខ្លាំង ពី​ព្រោះ​លោក​បាន​«​ពន្យល់​បទ​គម្ពីរ​យ៉ាង​អស់​សេចក្ដី​»​ឲ្យ​ពួក​គាត់​យល់។—លូកា ២៤:៣២

២ នៅ​ល្ងាច​ដដែល​នោះ ពួក​អ្នក​កាន់​តាម​ពីរ​នាក់​នេះ​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម។ ពេល​ពួក​គាត់​ឃើញ​ពួក​សាវ័ក ពួក​គាត់​បាន​ប្រាប់​ពួក​សាវ័ក​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ កាល​ដែល​ពួក​គាត់​កំពុង​និយាយ លោក​យេស៊ូ​បាន​លេច​មក​ជួប​ពួក​គាត់​ទាំង​អស់​គ្នា។ ពួក​សាវ័ក​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ចាប់​ផ្ដើម​សង្ស័យ​ថា​តើ​នេះ​ពិត​ជា​លោក​យេស៊ូ​មែន ឬ​មិន​មែន។ គម្ពីរ​ពន្យល់​អំពី​របៀប​ដែល​លោក​បាន​ពង្រឹង​ពួក​គាត់ ដោយ​ចែង​ថា​៖ ​«​លោក​បាន​បំភ្លឺ​គំនិត​របស់​ពួក​គាត់​យ៉ាង​ពេញ​លេញ ដើម្បី​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ​»។—លូកា ២៤:៤៥

៣​. ហេតុ​អ្វី​យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ប៉ុន្តែ​តើ​តាម​របៀប​ណា​យើង​អាច​រក្សា​អំណរ​របស់​យើង?

៣ ជួន​កាល​យើង​ប្រហែល​ជា​ក្រៀម​ក្រំ​ចិត្ត​ជា​ខ្លាំង​ដូច​ពួក​អ្នក​កាន់​តាម​ទាំង​នោះ​ដែរ។ ទោះ​ជា​យើង​ជាប់​រវល់​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ក៏​ដោយ យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត បើ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​មិន​សូវ​មាន​លទ្ធផល​ល្អ។ (​កូរិនថូស​ទី១ ១៥:៥៨​) ឬ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​សិស្ស​គម្ពីរ​របស់​យើង​មិន​សូវ​ជឿន​ទៅ​មុខ។ ពួក​គេ​ខ្លះ​ថែម​ទាំង​បដិសេធ​ព្រះ​យេហូវ៉ា​ទៀត​ផង។ តើ​តាម​របៀប​ណា​យើង​អាច​រក្សា​អំណរ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ? អ្វី​មួយ​ដែល​នឹង​ជួយ​យើង គឺ​យល់​ឲ្យ​បាន​ពេញ​លេញ​នូវ​អត្ថន័យ​នៃ​ឧទាហរណ៍​របស់​លោក​យេស៊ូ។ ឥឡូវ​នេះ យើង​នឹង​ពិនិត្យ​មើល​ឧទាហរណ៍​បី​ក្នុង​ចំណោម​ឧទាហរណ៍​ទាំង​នោះ ហើយ​ពិចារណា​អំពី​មេរៀន​ដែល​យើង​អាច​ទាញ​យក​ពី​ឧទាហរណ៍​ទាំង​នោះ។

អ្នក​សាប​ព្រោះ​ដែល​ដេក

៤​. តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​អ្នក​សាប​ព្រោះ​ដែល​ដេក​មាន​អត្ថន័យ​យ៉ាង​ណា?

៤ សូម​អាន ម៉ាកុស ៤:២៦​-​២៩។ តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​អ្នក​សាប​ព្រោះ​ដែល​ដេក​មាន​អត្ថន័យ​យ៉ាង​ណា? អ្នក​សាប​ព្រោះ​ជា​តំណាង​ពួក​អ្នក​ផ្សព្វ​ផ្សាយ​រាជាណាចក្រ ហើយ​គ្រាប់​ពូជ​ជា​តំណាង​ដំណឹង​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ល្អ។ អ្នក​សាប​ព្រោះ​ធ្វើ​អ្វី​ធម្មតា​ដែល​មនុស្ស​ឯ​ទៀត​គ្រប់​រូប​ធ្វើ គឺ​«​ពេល​យប់​គាត់​ដេក ហើយ​ពេល​ថ្ងៃ​គាត់​ក្រោក​ឡើង​»។ ការ​ដុះ​ឡើង​នៃ​គ្រាប់​ពូជ​ត្រូវ​ការ​មួយ​រយៈ​ពេល ចាប់​តាំង​ពី​ថ្ងៃ​ដែល​គ្រាប់​ពូជ​នោះ​បាន​ត្រូវ​ដាំ​រហូត​ដល់​រដូវ​ចម្រូត។ ក្នុង​អំឡុង​ពេល​នេះ ‹គ្រាប់​ពូជ​ចេញ​ពន្លក ហើយ​ធំ​ឡើង›។ ការ​ដុះ​ឡើង​នេះ​កើត​ឡើង​«​ដោយ​ឯកឯង​»​ បន្ដិច​ម្ដង​ៗ និង​មួយ​ដំណាក់​កាល​ម្ដង​ៗ។ ស្រដៀង​គ្នា​ដែរ បុគ្គល​ម្នាក់​ជឿន​ទៅ​មុខ​ក្នុង​សេចក្ដី​ពិត ឬ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​បន្ដិច​ម្ដង​ៗ និង​មួយ​ដំណាក់​កាល​ម្ដង​ៗ។ ពេល​គាត់​ជឿន​ទៅ​មុខ​រហូត​ដល់​គាត់​សម្រេច​ចិត្ត​បម្រើ​ព្រះ គាត់​«​បង្កើត​ផល​»​ដោយ​ប្រគល់​ជីវិត​របស់​គាត់​ជូន​ព្រះ​យេហូវ៉ា និង​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។

ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ដុះ​ឡើង​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​«​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​»

៥​. ហេតុ​អ្វី​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​អ្នក​សាប​ព្រោះ​ដែល​ដេក?

៥ ហេតុ​អ្វី​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​នេះ? លោក​យេស៊ូ​ចង់​ឲ្យ​យើង​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ដុះ​ឡើង​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​«​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​»។ (​សកម្មភាព ១៣:៤៨; កូរិនថូស​ទី១ ៣:៧​) យើង​ដាំ ហើយ​ស្រោច​ទឹក ប៉ុន្តែ​យើង​មិន​អាច​បង្ខំ ឬ​ធ្វើ​ឲ្យ​ដុះ​ឡើង​លឿន​ជាង​បាន​ទេ។ ដូច​បុរស​នៅ​ក្នុង​ឧទាហរណ៍​នេះ យើង​មិន​ដឹង​ថា​គ្រាប់​ពូជ​ដុះ​ឡើង​តាម​របៀប​ណា​ឡើយ។ កាល​ដែល​យើង​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​របស់​យើង យើង​ប្រហែល​ជា​មិន​ទាំង​កត់​សម្គាល់​ការដុះ​ឡើង​របស់​គ្រាប់​ពូជ​នៃ​រាជាណាចក្រ​នៅ​ក្នុង​បុគ្គល​ណា​ម្នាក់​ផង។ ប៉ុន្តែ មួយ​រយៈ​ពេល​ក្រោយ​មក​គ្រាប់​ពូជ​នោះ​ប្រហែល​ជា​បង្កើត​ផល ហើយ​ក្រោយ​មក​អ្នក​កាន់​តាម​ថ្មី​នោះ​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ក្នុង​កិច្ច​ការ​ច្រូត​កាត់។—យ៉ូហាន ៤:៣៦​-​៣៨

៦​. ស្តី​អំពី​ជំនឿន​របស់​សិស្ស​គម្ពីរ តើ​យើង​ត្រូវ​ទទួល​ស្គាល់​អ្វី?

៦ តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ឧទាហរណ៍​នេះ? ទី១ យើង​ត្រូវ​ទទួល​ស្គាល់​ថា​យើង​មិន​អាច​គ្រប់​គ្រង​លើ​ជំនឿន​របស់​សិស្ស​គម្ពីរ​ក្នុង​សេចក្ដី​ពិត​បាន​ឡើយ។ ទោះ​ជា​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​និង​គាំ​ទ្រ​សិស្ស​គម្ពីរ​ក៏​ដោយ យើង​មិន​គួរ​បង្ខំ​គាត់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ផ្ទុយ​ទៅ​វិញ ដោយ​ចិត្ត​រាប​ទាប យើង​ទទួល​ស្គាល់​ថា​មាន​តែ​ខ្លួន​គាត់​ប៉ុណ្ណោះ​អាច​សម្រេច​ចិត្ត​ថា​គាត់​នឹង​ប្រគល់​ជីវិត​គាត់​ជូន​ព្រះ ឬ​យ៉ាង​ណា។ ព្រះ​យេហូវ៉ា​ព្រម​ទទួល​ការ​ប្រគល់​ខ្លួន​របស់​យើង លុះ​ត្រា​តែ​យើង​ពិត​ជា​ស្រឡាញ់​លោក។—ទំនុក​តម្កើង ៥១:១២; ៥៤:៦; ១១០:៣

៧, ៨​. (​ក​) តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ទៀត​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្តី​អំពី​អ្នក​សាប​ព្រោះ​ដែល​ដេក? សូម​លើក​ឧទាហរណ៍​មួយ។ (​ខ​) តើ​នេះ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

៧ ទី២ ការ​យល់​ដឹង​មេរៀន​ក្នុង​ឧទាហរណ៍​នេះ​នឹង​ជួយ​យើង​មិន​ឲ្យ​ធ្លាក់​ទឹក​ចិត្ត បើ​នៅ​ដើម​ដំបូង​យើង​មិន​បាន​ឃើញ​លទ្ធផល​នៃ​កិច្ច​ការ​បង្រៀន​របស់​យើង​ទេ។ យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់។ (​យ៉ាកុប ៥:៧, ៨​) បើ​យើង​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​សិស្ស​គម្ពីរ ប៉ុន្តែ​សេចក្ដី​ពិត​មិន​ដុះ​ឡើង​នៅ​ក្នុង​ចិត្ត​របស់​គាត់ នេះ​មិន​មាន​ន័យ​ថា​យើង​មិន​មែន​ជា​អ្នក​បង្រៀន​ដ៏​ល្អ​នោះ​ឡើយ។ ព្រះ​យេហូវ៉ា​ឲ្យ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​ដុះ​ឡើង​តែ​នៅ​ក្នុង​ចិត្ត​របស់​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប​ដែល​សុខ​ចិត្ត​កែ​ខ្លួន​ប៉ុណ្ណោះ។ (​ម៉ាថាយ ១៣:២៣​) ហេតុ​នេះ យើង​មិន​គួរ​គិត​ថា​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​មាន​ប្រសិទ្ធភាព ឬ​មិន​មាន ដោយ​សារ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ឡើយ។ យ៉ាង​ណា​មិញ ព្រះ​យេហូវ៉ា​មិន​វាយ​តម្លៃ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ថា​មាន​ជោគ​ជ័យ ដោយ​សារ​មនុស្ស​ស្ដាប់​និង​ធ្វើ​តាម​អ្វី​ដែល​យើង​បង្រៀន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ខំ​ព្យាយាម​របស់​យើង។—សូម​អាន លូកា ១០:១៧​-​២០; កូរិនថូស​ទី១ ៣:៨

ព្រះ​យេហូវ៉ា​មិន​វាយ​តម្លៃ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ថា​មាន​ជោគ​ជ័យ ដោយ​សារ​មនុស្ស​ស្ដាប់​និង​ធ្វើ​តាម​អ្វី​ដែល​យើង​បង្រៀន​នោះ​ទេ

៨ ទី៣ យើង​មិន​តែង​តែ​ឃើញ​ការ​ផ្លាស់​ប្ដូរ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ចិត្ត​របស់​បុគ្គល​ម្នាក់​ទេ។ ជា​ឧទាហរណ៍ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាសនទូត​ម្នាក់​បាន​ប្រាប់​គាត់​ថា ពួក​គេ​ចង់​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក។ សាសនទូត​នោះ​បាន​រំលឹក​ពួក​គេ​ថា​មុន​ដំបូង​ពួក​គេ​ត្រូវ​ឈប់​ជក់​បារី​សិន។ គាត់​បាន​ភ្ញាក់​ផ្អើល​ពេល​ពួក​គេ​បាន​ប្រាប់​គាត់​ថា​ពួក​គេ​បាន​ឈប់​ជក់​ប៉ុន្មាន​ខែ​មុន។ ពួក​គេ​បាន​ទទួល​ស្គាល់​ថា បើ​ពួក​គេ​ជក់​ដោយ​លួច​លាក់ ព្រះ​យេហូវ៉ា​នៅ​តែ​អាច​ឃើញ​ពួក​គេ ហើយ​លោក​ស្អប់​ពុត​ត្បុត។ ហេតុ​នេះ ពួក​គេ​បាន​សម្រេច​ចិត្ត​ថា បើ​ពួក​គេ​ជក់ ពួក​គេ​នឹង​ជក់​នៅ​មុខ​សាសនទូត ឬ​ឈប់​ជក់​តែ​ម្ដង។ ទោះ​ជា​សាសនទូត​នោះ​មិន​ដឹង​សោះ​ថា​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ធ្វើ​ការ​កែ​ប្រែ​យ៉ាង​ធំ​នេះ​ក៏​ដោយ សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​ដែល​ពួក​គេ​មាន​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ។

អួន

៩​. តើ​ឧទាហរណ៍​អំពី​អួន​មាន​អត្ថន័យ​យ៉ាង​ណា?

៩ សូម​អាន ម៉ាថាយ ១៣:៤៧​-​៥០។ តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​អួន​មាន​អត្ថន័យ​យ៉ាង​ណា? លោក​យេស៊ូ​បានមាន​ប្រសាសន៍​ថា​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​គឺ​ដូច​ជា​ការ​ទម្លាក់​អួន​ធំ​មួយ​ទៅ​ក្នុង​សមុទ្រ។ ដូច​អួន​ដែល​ចាប់​«​ត្រី​គ្រប់​យ៉ាង​»​ជា​ច្រើន កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​ទាក់​ទាញ​មនុស្ស​គ្រប់​ប្រភេទ​រាប់​លាន​នាក់។ (​អេសាយ ៦០:៥​) នេះ​បាន​ត្រូវ​ឃើញ​ជាក់​ស្តែង ពេល​ដែល​មនុស្ស​រាប់​លាន​នាក់​មក​ពិធី​រំលឹក​និង​មហា​សន្និបាត​របស់​យើង​ជា​រៀង​រាល់​ឆ្នាំ។ បុគ្គល​ខ្លះ​ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ​គឺ​ដូច​ជា​«​ត្រី​ល្អ​»​ ហើយ​ពួក​គេ​ក្លាយ​ទៅ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត។ អ្នក​ខ្លះ​ទៀត​គឺ​ដូច​ជា​«​ត្រី​ដែល​មិន​អាច​បរិភោគ​បាន​»​ឬ​ត្រី​មិន​ល្អ ហើយ​ព្រះ​យេហូវ៉ា​មិន​ព្រម​ទទួល​ពួក​គេ​ទេ។

១០​. ហេតុ​អ្វី​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​អួន?

១០ ហេតុ​អ្វី​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​នេះ? ក្នុង​ឧទាហរណ៍​នេះ ការ​ញែក​ត្រី​មិន​សំដៅ​លើ​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ទេ។ ផ្ទុយ​ទៅ​វិញ ឧទាហរណ៍​នេះ​ពន្យល់​អំពី​អ្វី​ដែល​កើត​ឡើង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា មិន​មែន​មនុស្ស​ទាំង​អស់​ដែល​ចូល​ចិត្ត​ដំណឹង​អំពី​រាជាណាចក្រ​នឹង​ចង់​ទៅ​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ទេ។ មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​មក​កិច្ច​ប្រជុំ​របស់​យើង ឬ​បាន​រៀន​គម្ពីរ​ជា​មួយ​នឹង​យើង មិន​សុខ​ចិត្ត​ប្រគល់​ជីវិត​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ឡើយ។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៨:២១​) អ្នក​ឯ​ទៀត​ថែម​ទាំង​ឈប់​មក​កិច្ច​ប្រជុំ​ទៀត​ផង។ ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក ប៉ុន្តែ​ពួក​គេ​ផ្ទាល់​មិន​បាន​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា យើង​ម្នាក់​ៗ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ បើ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ព្រះ​យេហូវ៉ា​នឹង​ចាត់​ទុក​យើង​ជា​«​ទី​គាប់​ចិត្ត​»​ ឬ​ជា​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​លោក។—ហាកាយ ២:៧

១១, ១២​. (​ក​) តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ឧទាហរណ៍​អំពី​អួន? (​ខ​) តើ​នេះ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

១១ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ឧទាហរណ៍​អំពី​អួន? ការ​យល់​ដឹង​មេរៀន​ក្នុង​ឧទាហរណ៍​នេះ​នឹង​ជួយ​យើង​មិន​ឲ្យ​កើត​ទុក្ខ​ខ្លាំង​ពេក ឬ​ខក​ចិត្ត បើ​សិស្ស​គម្ពីរ​ម្នាក់ ឬ​កូន​ម្នាក់​របស់​យើង​មិន​ចង់​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ប្រហែល​ជា​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាត់​បង្រៀន​គាត់។ បុគ្គល​ម្នាក់​មិន​អាច​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​ដោយ​ស្វ័យប្រវត្ដិ ដោយ​សារ​តែ​គាត់​ព្រម​រៀន​គម្ពីរ ឬ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សេចក្ដី​ពិត​ទេ។ បើ​គាត់​មិន​សុខ​ចិត្ត​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់​ព្រះ​យេហូវ៉ា គាត់​មិន​អាច​ទៅ​ជា​អ្នក​បម្រើ​របស់​លោក​បាន​ឡើយ។

១២ តើ​នេះ​មាន​ន័យ​ថា​ពួក​អ្នក​ដែល​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ ឬ​យ៉ាង​ណា? ឬ​បើ​បុគ្គល​ម្នាក់​មិន​ទាន់​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា តើ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​គាត់​ឬ? មិន​មែន​ទេ ពួក​គេ​នៅ​តែ​មាន​ឱកាស​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម។ ព្រះ​យេហូវ៉ា​ហៅ​ពួក​គេ​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​វិល​មក​ឯ​អញ​វិញ​ចុះ នោះ​អញ​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ​»។ (​ម៉ាឡាគី ៣:៧​) នេះ​ជា​អ្វី​ដែល​បាន​ត្រូវ​បញ្ជាក់​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​កូន​បង្ហិន​ទ្រព្យ។—សូម​អាន លូកា ១៥:១១​-​៣២

កូន​បង្ហិន​ទ្រព្យ

១៣​. តើ​ឧទាហរណ៍​អំពី​កូន​បង្ហិន​ទ្រព្យ​មាន​អត្ថន័យ​យ៉ាង​ណា?

១៣ តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​កូន​បង្ហិន​ទ្រព្យ​មាន​អត្ថន័យ​យ៉ាង​ណា? ឪពុក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា​ក្នុង​ឧទាហរណ៍​នេះ ជា​តំណាង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ កូន​ដែល​ខ្ជះ​ខ្ជាយ​ទ្រព្យ​សម្បត្ដិ​ដ៏​មាន​តម្លៃ​ដែល​ជា​កេរ​ដំណែល​របស់​គាត់ ជា​តំណាង​មនុស្ស​ដែល​ចាក​ចេញ​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត។ ពួក​គេ​រួម​ចំណែក​ក្នុង​ពិភព​លោក​របស់​សាថាន ដែល​ដូច​ជា​«​ស្រុក​ឆ្ងាយ​»​ដែល​នៅ​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា។ (​អេភេសូរ ៤:១៨; កូឡុស ១:២១​) ក្រោយ​មក បុគ្គល​ខ្លះ​ទទួល​ស្គាល់​ថា​ពួក​គេ​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​សម្រេច​ចិត្ត​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។ នេះ​តម្រូវ​ឲ្យ​ពួក​គេ​ខំ​ប្រឹងប្រែង ប៉ុន្តែ​ដោយ​សារ​ពួក​គេ​មាន​ចិត្ត​រាប​ទាប ហើយ​ពិត​ជា​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​ពួក​គេ ហើយ​ទទួល​ស្វាគមន៍​ពួក​អ្នក​ទាំង​នោះ​ដោយ​ចិត្ត​រំភើប។—អេសាយ ៤៤:២២; ពេត្រុស​ទី១ ២:២៥

ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ឲ្យ​អ្នក​ដែល​បាន​ចាក​ចេញ​ពី​លោក​ត្រឡប់​មក​វិញ

១៤​. ហេតុ​អ្វី​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​កូន​បង្ហិន​ទ្រព្យ?

១៤ ហេតុ​អ្វី​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​នេះ? លោក​យេស៊ូ​បាន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ឲ្យ​អ្នក​ដែល​បាន​ចាក​ចេញ​ពី​លោក​ត្រឡប់​មក​វិញ។ ឪពុក​ក្នុង​ឧទាហរណ៍​នេះ មិន​ដែល​ឈប់​សង្ឃឹម​ថា​កូន​របស់​គាត់​នឹង​ត្រឡប់​មក​វិញ​ទេ។ កាល​ដែល​កូន​ដែល​ត្រឡប់​មក​វិញ​«​នៅ​ឆ្ងាយ​នៅ​ឡើយ​»​ នោះ​គាត់​បាន​ឃើញ ហើយ​បាន​រត់​ទៅ​ជួប។ ឪពុក​នេះ​ចង់​ឲ្យ​កូន​ដឹង​ថា​គាត់​ចង់​ឲ្យ​កូន​ត្រឡប់​មក​វិញ។ ឧទាហរណ៍​នេះ​គួរ​ជំរុញ​ពួក​អ្នក​ដែល​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត​ឲ្យ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ​ភ្លាម​ៗ។ ទំនាក់​ទំនង​ដែល​ពួក​គេ​មាន​ជា​មួយ​នឹង​លោក​ប្រហែល​ជា​ខ្សោយ​ខ្លាំង ពួក​គេ​ប្រហែល​ជាខ្មាស ហើយ​អាច​មើល​ទៅ​ដូច​ជា​ពិបាក​ពេក​ដើម្បី​ត្រឡប់​មក​វិញ ប៉ុន្តែ​បើ​ពួក​គេ​ខំ​ព្យាយាម ពួក​គេ​នឹង​ទទួល​លទ្ធផល​ល្អ! នៅ​ពេល​ដែល​ពួក​គេ​មក​វិញ ព្រះ​យេហូវ៉ា លោក​យេស៊ូ ហើយ​បណ្ដា​ទេវតា​នឹង​អរ​សប្បាយ។—លូកា ១៥:៧

១៥, ១៦​. (​ក​) តើ​យើង​ទាញ​មេរៀន​អ្វី​ខ្លះ​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្តី​អំពី​កូន​បង្ហិន​ទ្រព្យ? សូម​លើក​ឧទាហរណ៍​ខ្លះ។ (​ខ​) តើ​នេះ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

១៥ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ឧទាហរណ៍​អំពី​កូន​បង្ហិន​ទ្រព្យ? យើង​ត្រូវ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​សេចក្ដី​ស្រឡាញ់។ ពេល​បុគ្គល​ម្នាក់​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ យើង​មិន​គួរ​ធ្វើ​ជា​«​មនុស្ស​សុចរិត​ហួស​ល្បត់​»​ ដោយ​មិន​ព្រម​ទទួល​ស្វាគមន៍​គាត់​ឡើយ។ នេះ​នឹង​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​សាស្ដា ៧:១៦​) មេរៀន​មួយ​ទៀត​ដែល​យើង​អាច​ទាញ​ពី​ឧទាហរណ៍​នេះ​គឺ យើង​គួរ​ចាត់​ទុក​បុគ្គល​ដែល​បាន​ចាក​ចេញ​ពី​ក្រុម​ជំនុំ​ថា​ជា​«​ចៀម​បាត់​បង់​»​ ដែល​ប្រហែល​ជា​នឹង​ត្រឡប់​មក​វិញ។ (​ទំនុក​តម្កើង ១១៩:១៧៦​) ម្យ៉ាង​ទៀត បើ​យើង​ជួប​បុគ្គល​ដែល​បាន​ចាក​ចេញ​ពី​ក្រុម​ជំនុំ តើ​យើង​នឹង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជួយ​គាត់​ឲ្យ​ត្រឡប់​មក​វិញ​ឬ​ទេ? តើ​យើង​នឹង​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ភ្លាម​ៗ​ដើម្បី​ពួក​គាត់​អាច​ជួយ​ឬ​ទេ? យើង​នឹង​ធ្វើ​ដូច្នេះ បើ​យើង​ពិត​ជា​យល់​មេរៀន​ដែល​នៅ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ហើយ​អនុវត្ត​មេរៀន​នោះ។

​«​ការ​ធ្វើ​ជា​សមាជិក​នៃ​អង្គ​ការ​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី​ដ៏​អស្ចារ្យ!​»

១៦ ពួក​អ្នក​ដែល​ត្រឡប់​មក​វិញ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​សេចក្ដី​ស្រឡាញ់​និង​ការ​គាំ​ទ្រ​របស់​ក្រុម​ជំនុំ។ បង​ប្រុស​ម្នាក់​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​អស់​រយៈ​ពេល​២៥​ឆ្នាំ​និយាយ​ថា​៖ ​«​អំណរ​ដែល​ខ្ញុំ​មាន​គឺ​កាន់​តែ​ខ្លាំង​ឡើង​តាំង​ពី​ខ្ញុំ​បាន​ត្រូវ​ទទួល​ស្គាល់​ជា​សមាជិក​ក្រុម​ជំនុំ​វិញ កាល​ដែល​ខ្ញុំ​បាន​ទទួល‹ការ​ល្ហើយ​ចិត្ត›ពី​ព្រះ​យេហូវ៉ា។ (​សកម្មភាព ៣:១៩​) បង​ប្អូន​ទាំង​អស់​ពិត​ជា​បាន​គាំ​ទ្រ​ខ្ញុំ ហើយ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ខ្ញុំ! ឥឡូវ​ខ្ញុំ​មាន​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​ដ៏​អស្ចារ្យ​»។ ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​ដែល​បាន​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ​ក្រោយ​ពី​ប្រាំ​ឆ្នាំ​និយាយ​ថា​៖ ​«​ខ្ញុំ​ពិបាក​រៀប​រាប់​ប្រាប់​អ្នក​អំពី​អារម្មណ៍​ដែល​ខ្ញុំ​មាន ពេល​ខ្ញុំ​ឃើញ​យ៉ាង​ច្បាស់​នូវ​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​បង្ហាញ​ដល់​ខ្ញុំ ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។ ការ​ធ្វើ​ជា​សមាជិក​នៃ​អង្គ​ការ​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី​ដ៏​អស្ចារ្យ!​»។

១៧, ១៨​. (​ក​) តើ​យើង​បាន​ទាញ​មេរៀន​អ្វី​ខ្លះ​ពី​ឧទាហរណ៍​ទាំង​បី​នេះ? (​ខ​) តើ​យើង​តាំង​ចិត្ត​ធ្វើ​អ្វី?

១៧ តើ​យើង​បាន​ទាញ​មេរៀន​អ្វី​ខ្លះ​ពី​ឧទាហរណ៍​ទាំង​បី​នេះ? ទី១ យើង​ត្រូវ​យល់​ថា​យើង​មិន​អាច​គ្រប់​គ្រង​លើ​ជំនឿន​របស់​សិស្ស​គម្ពីរ​ក្នុង​សេចក្ដី​ពិត​បាន​ឡើយ។ យើង​ទុក​រឿង​នេះ​ឲ្យ​ព្រះ​យេហូវ៉ា។ ទី២ គឺ​មិន​សម​ហេតុ​សម​ផល​ទេ បើ​យើង​រំពឹង​ថា​អស់​អ្នក​ដែល​សេពគប់​ជា​មួយ​នឹង​ក្រុម​ជំនុំ ហើយ​រៀន​គម្ពីរ​ជា​មួយ​នឹង​យើង​នឹង​ចង់​បម្រើ​ព្រះ​យេហូវ៉ា។ ទី៣ ទោះ​បី​ជា​បុគ្គល​ខ្លះ​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា​ក៏​ដោយ សូម​ឲ្យ​យើង​នៅ​តែ​សង្ឃឹម​ជា​និច្ច​ថា​ពួក​គេ​នឹង​ត្រឡប់​មក​វិញ។ ពេល​ពួក​គេ​ត្រឡប់​មក​វិញ ចូរ​ឲ្យ​យើង​ទទួល​ស្វាគមន៍​ពួក​គេ​តាម​របៀប​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​គេ។

១៨ សូម​ឲ្យ​យើង​ម្នាក់​ៗ​បន្ត​ស្វែងរក​ចំណេះ ការ​យល់​ដឹង និង​ប្រាជ្ញា។ ពេល​អ្នក​អាន​ឧទាហរណ៍​របស់​លោក​យេស៊ូ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ឧទាហរណ៍​នេះ​មាន​អត្ថន័យ​យ៉ាង​ណា? ហេតុ​អ្វី​ឧទាហរណ៍​នេះ​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ? តើ​ខ្ញុំ​អាច​អនុវត្ត​មេរៀន​ពី​ឧទាហរណ៍​នេះ​យ៉ាង​ដូច​ម្ដេច? តើ​នេះ​បង្រៀន​ខ្ញុំ​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?›។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ថា​យើង​យល់​អត្ថន័យ​នៃ​ពាក្យ​របស់​លោក​យេស៊ូ។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ការ​យល់​អត្ថន័យ​នៃ​ឧទាហរណ៍​របស់​លោក​យេស៊ូ មាន​ន័យ​ថា​យើង​ខំ​ព្យាយាម​ស្វែង​យល់​ថា​ឧទាហរណ៍​នីមួយ​ៗ​ជា​តំណាង​អ្វី រំពឹង​គិត​អំពី​មេរៀន​ដែល​យើង​អាច​ទាញ ហើយ​ស្វែងរក​របៀប​ដែល​យើង​អាច​អនុវត្ត​មេរៀន​ទាំង​នេះ​ក្នុង​ជីវិត​របស់​យើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក