បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១២ ទំ. ៣-៨
  • ‹ចូរស្ដាប់ ហើយយល់អត្ថន័យចុះ›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរស្ដាប់ ហើយយល់អត្ថន័យចុះ›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ
  • គ្រាប់​មូស្ដាត
  • ដំបែ
  • អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់​និង​កំណប់​ទ្រព្យ
  • អ្នកមិនដឹងខាងណានឹងចម្រើនឡើងទេ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ឧទាហរណ៍អំពីរាជាណាចក្រ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • តើអ្នក«យល់អត្ថន័យ»ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • បង្រៀនដោយប្រើរឿងប្រៀបប្រដូច
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១២ ទំ. ៣-៨

‹ចូរ​ស្ដាប់ ហើយ​យល់​អត្ថន័យ​ចុះ›

​«​ចូរ​អ្នក​រាល់​គ្នា​ស្ដាប់​ខ្ញុំ ហើយ​យល់​អត្ថន័យ​ចុះ​»។—ម៉ាកុស ៧:១៤

តើ​អ្នក​ទាញ​មេរៀន​អ្វី​ពី​ឧទាហរណ៍​អំពី . . .

  • គ្រាប់​មូស្ដាត?

  • ដំបែ?

  • អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់?

  • កំណប់​ទ្រព្យ?

១, ២​. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មិន​យល់​អត្ថន័យ​នៃ​ពាក្យ​របស់​លោក​យេស៊ូ?

ពេល​ដែល​បុគ្គល​ម្នាក់​កំពុង​និយាយ​មក​យើង យើង​អាច​ឮ​សំឡេង​របស់​គាត់ ហើយ​ថែម​ទាំង​កត់​សម្គាល់​ទំហំ​សំឡេង​របស់​គាត់​ដែរ។ ប៉ុន្តែ ដើម្បី​យល់​អ្វី​ដែល​គាត់​កំពុង​និយាយ យើង​ត្រូវ​យល់​អត្ថន័យ​នៃ​ពាក្យ​របស់​គាត់។ (​កូរិនថូស​ទី១ ១៤:៩​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​ភាសា​របស់​ពួក​គេ។ ប៉ុន្តែ មិន​មែន​ពួក​គេ​ទាំង​អស់​បាន​យល់​អត្ថន័យ​នៃ​ពាក្យ​របស់​លោក​ទេ។ ដូច្នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ស្ដាប់​ខ្ញុំ ហើយ​យល់​អត្ថន័យ​ចុះ​»។—ម៉ាកុស ៧:១៤

២ ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ទាំង​នេះ​មិន​បាន​យល់​អ្វី​ដែល​លោក​យេស៊ូ​ចង់​មាន​ប្រសាសន៍? មនុស្ស​ខ្លះ​មាន​មតិ​ផ្ទាល់​ខ្លួន​រួច​ហើយ ឬ​ថែម​ទាំង​មាន​បំណង​ចិត្ត​មិន​ល្អ​ទៀត​ផង។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​មនុស្ស​ទាំង​នេះ​ថា​៖ ​«​អ្នក​រាល់​គ្នា​ពូកែ​លើក​បញ្ញត្ដិ​របស់​ព្រះ​ចោល ដើម្បី​រក្សា​ទុក​ទំនៀម​ទម្លាប់​របស់​អ្នក​»។ (​ម៉ាកុស ៧:៩​) ពួក​គេ​មិន​បាន​ព្យាយាម​យល់​អត្ថន័យ​នៃ​ពាក្យ​របស់​លោក​យេស៊ូ​ទេ។ ពួក​គេ​មិន​ចង់​ផ្លាស់​ប្ដូរ​ទំនៀម​ទម្លាប់​និង​មតិ​របស់​ពួក​គេ​ឡើយ។ មនុស្ស​ទាំង​នេះ​ស្ដាប់​ឮ​នឹង​ត្រចៀក ប៉ុន្តែ​មិន​បាន​យល់​អត្ថន័យ ហើយ​មិន​ឲ្យ​អ្វី​ទាំង​នោះ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួក​គេ​ទេ។ (​សូម​អាន ម៉ាថាយ ១៣:១៣​-​១៥​) តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​សុខ​ចិត្ត​រៀន​ពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ជា​និច្ច?

របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ

៣​. ហេតុ​អ្វី​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​អាច​យល់​ពាក្យ​របស់​លោក?

៣ យើង​ត្រូវ​ធ្វើ​តាម​គំរូ​របស់​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ ដែល​មាន​ចិត្ត​រាប​ទាប។ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ពី​ព្រោះ​ភ្នែក​របស់​អ្នក​មើល​ឃើញ ហើយ​ត្រចៀក​របស់​អ្នក​ក៏​ស្ដាប់​ឮ​»។ (​ម៉ាថាយ ១៣:១៦​) ហេតុ​អ្វី​ពួក​គេ​អាច​យល់​ពាក្យ​របស់​លោក​យេស៊ូ កាល​ដែល​អ្នក​ឯ​ទៀត​មិន​អាច​យល់​បាន? ពួក​គេ​បាន​ធ្វើ​អ្វី​បី​យ៉ាង។ ទី១ ពួក​គេ​សុខ​ចិត្ត​សួរ​សំណួរ ហើយ​ព្យាយាម​ស្វែង​យល់​អំពី​អ្វី​ដែល​លោក​យេស៊ូ​ពិត​ជា​ចង់​មាន​ប្រសាសន៍។ (​ម៉ាថាយ ១៣:៣៦; ម៉ាកុស ៧:១៧​) ទី២ ពួក​គេ​សុខ​ចិត្ត​បន្ថែម​អ្វី​ថ្មី​ៗ​ដែល​ពួក​គេ​កំពុង​រៀន​លើ​អ្វី​ដែល​ពួក​គេ​បាន​ទទួល​យក​ក្នុង​ចិត្ត​រួច​ហើយ។ (​សូម​អាន ម៉ាថាយ ១៣:១១, ១២​) ទី៣ ពួក​គេ​សុខ​ចិត្ត​ប្រើ​អ្វី​ដែល​ពួក​គេ​បាន​រៀន​ដើម្បី​ជួយ​ខ្លួន​ឯង​និង​អ្នក​ឯ​ទៀត។—ម៉ាថាយ ១៣:៥១, ៥២

៤​. ដើម្បី​យល់​អត្ថន័យ​នៃ​ឧទាហរណ៍​របស់​លោក​យេស៊ូ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

៤ ដូច​ពួក​អ្នក​កាន់​តាម​លោក យើង​ក៏​ត្រូវ​ធ្វើ​អ្វី​បី​យ៉ាង​ដែរ បើ​យើង​ចង់​យល់​អត្ថន័យ​នៃ​ឧទាហរណ៍​របស់​លោក​យេស៊ូ។ ទី១ យើង​ត្រូវ​ចំណាយ​ពេល​ដើម្បី​សិក្សា​និង​រំពឹង​គិត​អំពី​ពាក្យ​របស់​លោក​យេស៊ូ ធ្វើ​ការ​ស្រាវ​ជ្រាវ ហើយ​សួរ​សំណួរ​ត្រឹម​ត្រូវ។ នោះ​គឺ​ជា​ចំណេះ។ (​សុភាសិត ២:៤, ៥​) ទី២ យើង​ត្រូវ​យល់​អំពី​របៀប​ដែល​ចំណេះ​នេះ​ជាប់​ទាក់​ទង​ជា​មួយ​នឹង​អ្វី​ដែល​យើង​ដឹង​រួច​ហើយ និង​របៀប​ដែល​ចំណេះ​នេះ​អាច​ផ្ដល់​ប្រយោជន៍​ដល់​យើង។ នោះ​គឺ​ជា​ការ​យល់​ដឹង។ (​សុភាសិត ២:២, ៣​) ទី៣ យើង​គួរ​ប្រើ​អ្វី​ដែល​យើង​បាន​រៀន ហើយ​អនុវត្ត​អ្វី​ទាំង​នោះ​ក្នុង​ជីវិត​របស់​យើង។ នោះ​គឺ​ជា​ប្រាជ្ញា។—សុភាសិត ២:៦, ៧

ប្រាជ្ញា​អាច​សង្គ្រោះ​ជីវិត​របស់​យើង​បាន!

៥​. សូម​លើក​ឧទាហរណ៍​អំពី​ភាព​ខុស​គ្នា​រវាង​ចំណេះ ការ​យល់​ដឹង និង​ប្រាជ្ញា។

៥ តើ​ចំណេះ ការ​យល់​ដឹង និង​ប្រាជ្ញា​ខុស​គ្នា​យ៉ាង​ណា? មាន​ឧទាហរណ៍​មួយ​ដែល​អាច​ជួយ​យើង​យល់​ចំណុច​នេះ។ សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​ឈរ​នៅ​កណ្ដាល​ផ្លូវ ហើយ​មាន​ឡាន​ក្រុង​មួយ​កំពុង​បើក​សំដៅ​មក​អ្នក។ ដំបូង អ្នក​ដឹង​ថា​វា​គឺ​ជា​ឡាន​ក្រុង នោះ​គឺ​ជា​ចំណេះ។ បន្ទាប់​មក អ្នក​ទទួល​ស្គាល់​ថា​បើ​អ្នក​បន្ត​ឈរ​នៅ​ទី​នោះ ឡាន​ក្រុង​នោះ​នឹង​បុក​អ្នក នោះ​គឺ​ជា​ការ​យល់​ដឹង! ដូច្នេះ អ្នក​រត់​ចេញ​ពី​ផ្លូវ​ឡាន​ក្រុង នោះ​គឺ​ជា​ប្រាជ្ញា! គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​ចូរ​រក្សា​សេចក្ដី[​ឬ​«​ប្រាជ្ញា​»​]ដែល​មាន​ប្រយោជន៍​»​ ដោយ​សារ​នេះ​អាច​សង្គ្រោះ​ជីវិត​របស់​យើង​បាន!—សុភាសិត ៣:២១, ២២; ព.ថ.; ធីម៉ូថេ​ទី១ ៤:១៦

៦​. នៅ​ពេល​ដែល​យើង​ពិចារណា​ឧទាហរណ៍​៧​របស់​លោក​យេស៊ូ តើ​យើង​នឹង​សួរ​សំណួរ​បួន​យ៉ាង​អ្វី? (​សូម​មើលប្រអប់​)។

៦ ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​ឧទាហរណ៍​៧​ដែល​លោក​យេស៊ូ​បាន​ប្រើ។ យើង​នឹង​សួរ​សំណួរ​ដូច​ត​ទៅ​នេះ: តើ​ឧទាហរណ៍​នេះ​មាន​អត្ថន័យ​យ៉ាង​ណា? (​នេះ​គឺ​ជា​ចំណេះ​)។ ហេតុ​អ្វី​លោក​យេស៊ូ​ប្រើ​ឧទាហរណ៍​នេះ? (​នេះ​គឺ​ជា​ការ​យល់​ដឹង​)។ តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​ព័ត៌មាន​នេះ​ដើម្បី​ជួយ​ខ្លួន​យើង និង​អ្នក​ឯ​ទៀត? (​នេះ​គឺ​ជា​ប្រាជ្ញា​)។ សំណួរ​ចុង​ក្រោយ តើ​នេះ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

គ្រាប់​មូស្ដាត

៧​. តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​គ្រាប់​មូស្ដាត​មាន​អត្ថន័យ​យ៉ាង​ណា?

៧ សូម​អាន ម៉ាថាយ ១៣:៣១, ៣២។ តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​គ្រាប់​មូស្ដាត​មាន​អត្ថន័យ​យ៉ាង​ណា? គ្រាប់​មូស្ដាត​ជា​តំណាង​ដំណឹង​អំពី​រាជាណាចក្រ​ដែល​យើង​ផ្សព្វ​ផ្សាយ​ផង និង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ផង។ ពេល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៣៣ គ.ស. ក្រុម​ជំនុំ​គឺ​តូច​ណាស់ ដូច​ជា​«​គ្រាប់​តូច​បំផុត​»។ ក្នុង​រយៈ​ពេល​ដ៏​ខ្លី ក្រុម​ជំនុំ​បាន​រីក​ចម្រើន​យ៉ាង​លឿន ដោយ​សារ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ មនុស្ស​ជា​ច្រើន​មិន​បាន​រំពឹង​ថា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នឹង​រីក​ចម្រើន​ច្រើន ហើយ​ឆាប់​រហ័ស​ដូច​ដែល​បាន​កើត​ឡើង​នោះ​ទេ។ (​កូឡុស ១:២៣​) លោក​យេស៊ូ​ប្រាប់​យើង​ថា​«​សត្វ​ស្លាប​នៅ​លើ​មេឃ​»​អាច​«​មក​ជ្រក​អាស្រ័យ​»​លើ​មែក​វា។ នេះ​មាន​ន័យ​ថា​កាល​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នោះ​កាន់​តែ​ធំ ពួក​អ្នក​ដែល​មាន​ចិត្ត​គំនិត​ល្អ​បាន​រក​ឃើញ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ បាន​ទទួល​កម្លាំង​ឡើង​វិញ និង​បាន​ទទួល​ការ​ការពារ​នៅ​ទី​នោះ។—សូម​ពិនិត្យ​បន្ថែម អេសេគាល ១៧:២៣

ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​បាន​រីក​ចម្រើន​យ៉ាង​អស្ចារ្យ

៨​. ហេតុ​អ្វី​លោក​យេស៊ូ​ប្រើ​ឧទាហរណ៍​អំពី​គ្រាប់​មូស្ដាត?

៨ ហេតុ​អ្វី​លោក​យេស៊ូ​ប្រើ​ឧទាហរណ៍​នេះ? លោក​បាន​ប្រើ​ការ​លូត​លាស់​ដ៏​អស្ចារ្យ​របស់​គ្រាប់​មូស្ដាត​ដើម្បី​បញ្ជាក់​អំពី​របៀប​ដែល​រាជាណាចក្រ​រីក​ចម្រើន ផ្ដល់​ការ​ការពារ និង​យក​ឈ្នះ​ឧបសគ្គ​ទាំង​អស់។ តាំង​ពី​ឆ្នាំ​១៩១៤ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​បាន​រីក​ចម្រើន​យ៉ាង​អស្ចារ្យ។ (​អេសាយ ៦០:២២​) ពួក​អ្នក​ដែល​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​នេះ​ទទួល​ជំនួយ​ដើម្បី​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ (​សុភាសិត ២:៧; អេសាយ ៣២:១, ២​) គ្មាន​ការ​ប្រឆាំង​ណា​អាច​បញ្ឈប់​ការ​រីក​ចម្រើន​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​បាន​ទេ។—អេសាយ ៥៤:១៧

៩​. (​ក​) តើ​យើង​អាច​រៀន​អ្វី​ពី​ឧទាហរណ៍​អំពី​គ្រាប់​មូស្ដាត? (​ខ​) តើ​នេះ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

៩ តើ​យើង​អាច​រៀន​អ្វី​ពី​ឧទាហរណ៍​អំពី​គ្រាប់​មូស្ដាត? យើង​ប្រហែល​ជា​រស់​នៅ​ក្នុង​តំបន់​ដែល​មិន​សូវ​មាន​សាក្សី​ព្រះ​យេហូវ៉ា ហើយ​កិច្ច​ផ្សព្វ​ផ្សាយ​មិន​សូវ​រីក​ចម្រើន។ ប៉ុន្តែ យើង​មិន​ត្រូវ​ភ្លេច​ទេ​ថា​រាជាណាចក្រ​អាច​យក​ឈ្នះ​ឧបសគ្គ​ទាំង​អស់។ នេះ​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ។ ជា​ឧទាហរណ៍ ពេល​បង​ប្រុស​អេដវីន ស្គីនណឺ​បាន​មក​ដល់​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ​១៩២៦ នៅ​ទី​នោះ​មិន​សូវ​មាន​សាក្សី​ច្រើន​ប៉ុន្មាន​ទេ ហើយ​កិច្ច​ផ្សព្វ​ផ្សាយ​គឺ​«​ពិបាក​»​ ដោយ​សារ​ការ​រីក​ចម្រើន​គឺ​យឺត​ណាស់។ ប៉ុន្តែ គាត់​បន្ត​ផ្សព្វ​ផ្សាយ ហើយ​បាន​ឃើញ​ថា​ទោះ​ជា​មាន​ឧបសគ្គ​ធំ​ៗ​ក៏​ដោយ ដំណឹង​អំពី​រាជាណាចក្រ​បាន​ត្រូវ​បន្ត​ផ្សព្វ​ផ្សាយ។ សព្វ​ថ្ងៃ​នេះ មាន​សាក្សី​ជាង​៣៧.០០០​នាក់​នៅ​ប្រទេស​ឥណ្ឌា ហើយ​នៅ​ឆ្នាំ​២០១៣​មាន​មនុស្ស​ជាង​១០៨.០០០​នាក់​បាន​ចូល​រួម​ពិធី​រំលឹក។ នៅ​ឆ្នាំ​ដែល​បង​ស្គីនណឺ​បាន​មក​ដល់​ប្រទេស​ឥណ្ឌា កិច្ច​ផ្សព្វ​ផ្សាយ​ទើប​តែ​បាន​ចាប់​ផ្ដើម​នៅ​ប្រទេស​ហ្សំប៊ី។ ឥឡូវ​មាន​សាក្សី​ជាង​១៧០.០០០​នាក់​នៅ​ទី​នោះ ហើយ​នៅ​ឆ្នាំ​២០១៣ មនុស្ស​៧៦៣.៩១៥​នាក់​បាន​ចូល​រួម​ពិធី​រំលឹក។ នេះ​មាន​ន័យ​ថា​នៅ​ប្រទេស​ហ្សំប៊ី ក្នុង​ចំណោម​មនុស្ស​១៨​នាក់ មាន​ម្នាក់​បាន​ចូល​រួម​ពិធី​រំលឹក។ នេះ​ពិត​ជា​ការ​រីក​ចម្រើន​ដ៏​អស្ចារ្យ​មែន!

ដំបែ

១០​. តើ​ឧទាហរណ៍​អំពី​ដំបែ​មាន​អត្ថន័យ​យ៉ាង​ណា?

១០ សូម​អាន ម៉ាថាយ ១៣:៣៣។ តើ​ឧទាហរណ៍​អំពី​ដំបែ​មាន​អត្ថន័យ​យ៉ាង​ណា? ឧទាហរណ៍​នេះ​សំដៅ​លើ​ដំណឹង​អំពី​រាជាណាចក្រ និង​របៀប​ដែល​ដំណឹង​នេះ​កែ​ប្រែ​ជីវិត​របស់​មនុស្ស។ ​«​ម្សៅ​ទាំង​អស់​»​ជា​តំណាង​ប្រជា​ជាតិ​ទាំង​ឡាយ។ ម្សៅ​ដែល​ដោរ​ឡើង​ជា​តំណាង​របៀប​ដែល​ដំណឹង​អំពី​រាជាណាចក្រ​កំពុង​ឮ​សុសសាយ​ដោយ​សារ​កិច្ច​ផ្សព្វ​ផ្សាយ។ កាល​ដែល​យើង​អាច​ឃើញ​ការ​ដុះ​ឡើង​នៃ​គ្រាប់​មូស្ដាត​ភ្លាម​ៗ ការ​ដោរ​ឡើង​របស់​ដំបែ​គឺ​មិន​អាច​ឃើញ​ភ្លាម​ៗ​បាន​ទេ។ មាន​តែ​ក្រោយ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ ដែល​យើង​អាច​ឃើញ​លទ្ធផល។

១១​. ហេតុ​អ្វី​លោក​យេស៊ូ​ប្រើ​ឧទាហរណ៍​អំពី​ដំបែ?

១១ ហេតុ​អ្វី​លោក​យេស៊ូ​ប្រើ​ឧទាហរណ៍​នេះ? លោក​យេស៊ូ​បាន​បង្ហាញ​ថា​ដំណឹង​អំពី​រាជាណាចក្រ​មាន​សមត្ថភាព​ទៅ​ដល់​«​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»​ ហើយ​ធ្វើ​ឲ្យ​មាន​ការ​កែ​ប្រែ​ជា​ច្រើន​ក្នុង​ចិត្ត​គំនិត​របស់​មនុស្ស។ (​សកម្មភាព ១:៨​) ដំបូង​យើង​ប្រហែល​ជា​មិន​កត់​សម្គាល់​នូវ​ការ​កែ​ប្រែ​ទាំង​នេះ​ទេ ប៉ុន្តែ​ការ​កែ​ប្រែ​ទាំង​នេះ​កំពុង​កើត​ឡើង។ មនុស្ស​មួយ​ចំនួន​ធំ​ដែល​មក​ពី​គ្រប់​ទី​កន្លែង​កំពុង​ទទួល​យក​ដំណឹង​អំពី​រាជាណាចក្រ ហើយ​ឲ្យ​ដំណឹង​ដែល​មាន​ឫទ្ធានុភាព​នេះ​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ។—រ៉ូម ១២:២; អេភេសូរ ៤:២២, ២៣

១២, ១៣​. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​កិច្ច​ផ្សព្វ​ផ្សាយ​បាន​ចម្រើន​ឡើង​ដូច​បាន​រៀប​រាប់​ក្នុង​ឧទាហរណ៍​អំពី​ដំបែ។

១២ យើង​ច្រើន​តែ​បាន​ឃើញ​លទ្ធផល​នៃ​កិច្ច​ផ្សព្វ​ផ្សាយច្រើន​ឆ្នាំ​បន្ទាប់​ពី​មនុស្ស​ឮ​ដំណឹង​អំពី​រាជាណាចក្រ​ជា​លើក​ដំបូង។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៨២ បង​ហ្វ្រេន​និង​បង​ម៉ាហ្គីត ជា​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​បាន​បម្រើ​នៅ​បេតអែល​ប្រទេស​ប្រេស៊ីល បាន​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​តូច​មួយ។ ពួក​គាត់​បាន​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ​មួយ​ចំនួន ហើយ​ការ​សិក្សា​មួយ គឺ​ជា​មួយ​នឹង​ម្ដាយ​ម្នាក់​និង​កូន​បួន​នាក់​របស់​គាត់។ កូន​ប្រុស​ទី១​របស់​គាត់​មាន​អាយុ​តែ​១២​ឆ្នាំ​ប៉ុណ្ណោះ​នៅ​ពេល​នោះ។ គាត់​អៀន​ច្រើន ហើយ​គាត់​ច្រើន​តែ​ព្យាយាម​ពួន មុន​ពេល​ការ​សិក្សា​ចាប់​ផ្ដើម។ ដោយ​សារ​ភារកិច្ច​បាន​ផ្លាស់​ប្ដូរ បង​ហ្វ្រេន​និង​បង​ម៉ាហ្គីត​មិន​អាច​បន្ត​ការ​សិក្សា​នេះ​ទៀត​ទេ។ ម្ភៃ​ប្រាំ​ឆ្នាំ​ក្រោយ​មក ពួក​គាត់​បាន​មក​លេង​ក្រុង​នោះ។ សូម​ស្រមៃ​គិត​អំពី​អំណរ​របស់​ពួក​គាត់ ពេល​ដែល​ពួក​គាត់​បាន​ឃើញ​ក្រុម​ជំនុំ​មួយ​ដែល​មាន​អ្នក​ផ្សព្វ​ផ្សាយ​៦៩​នាក់ ១៣​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ទាំង​អស់​គ្នា​ប្រជុំ​នៅ​ក្នុង​សាល​ប្រជុំ​ថ្មី​មួយ! ម្យ៉ាង​ទៀត ក្មេង​ប្រុស​ដែល​អៀន​នោះ​បាន​ធំ​ឡើង ហើយ​ឥឡូវ​បម្រើ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ! ដូច​ដំបែ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ដំណឹង​អំពី​រាជាណាចក្រ​បាន​ឮ​សុសសាយ ហើយ​បាន​កែ​ប្រែ​ជីវិត​មនុស្ស​ជា​ច្រើន។

១៣ សូម្បី​តែ​នៅ​ប្រទេស​ដែល​បង​ប្អូន​មិន​អាច​ផ្សព្វ​ផ្សាយ​ដោយ​មាន​សេរី​ភាព​ក៏​ដោយ ដំណឹង​អំពី​រាជាណាចក្រ​នៅ​តែ​មាន​សមត្ថភាព​កែ​ប្រែ​ជីវិត​របស់​មនុស្ស​បាន។ យើង​ច្រើន​តែ​ភ្ញាក់​ផ្អើល ពេល​យើង​ឮ​ថា​មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ទាំង​នោះ​បាន​ឮ​ដំណឹង​អំពី​រាជាណាចក្រ។ ជា​ឧទាហរណ៍ ដំណឹង​អំពី​រាជាណាចក្រ​បាន​ទៅ​ដល់​ប្រទេស​គុយបា​នៅ​ឆ្នាំ​១៩១០ ហើយ​បង​រ៉ាសិល​បាន​មក​លេង​ប្រទេស​នេះ​នា​ឆ្នាំ​១៩១៣។ នៅ​ដើម​ដំបូង មិន​សូវ​មាន​ការ​រីក​ចម្រើន​ទេ។ ប៉ុន្តែ តើ​សព្វ​ថ្ងៃ​នេះ​មាន​អ្វី​កំពុង​កើត​ឡើង​នៅ​ប្រទេស​គុយបា? គឺ​មាន​អ្នក​ផ្សាយ​ជាង​៩៦.០០០​នាក់​ដែល​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​នៅ​ឆ្នាំ​២០១៣​មាន​មនុស្ស​២២៩.៧២៦​នាក់​បាន​ចូល​រួម​ពិធី​រំលឹក។ នោះ​មាន​ន័យ​ថា​ក្នុង​ចំណោម​បណ្ដា​ជន​៤៨​នាក់​មាន​ម្នាក់​បាន​ចូល​រួម។ សូម្បី​តែ​នៅ​ប្រទេស​ដែល​មិន​នៅ​ក្រោម​បម្រាម​ក៏​ដោយ ដំណឹង​អំពី​រាជាណាចក្រ​ប្រហែល​ជា​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​តំបន់​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ដែល​នៅ​ទី​នោះ មិន​គិត​ស្មានថា​កិច្ច​ផ្សព្វ​ផ្សាយ​អាច​ធ្វើ​ឡើង​ទេ។—សាស្ដា ៨:៧; ១១:៥

ការ​ផ្សាយ​ដល់​មនុស្ស​រាប់​លាន​នាក់ មិន​មែន​ជា​បញ្ហា​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ

១៤, ១៥​. (​ក​) តើ​តាម​របៀប​ណា​យើង​ម្នាក់​ៗ​អាច​ទទួល​ប្រយោជន៍​ពី​មេរៀន​ក្នុង​ឧទាហរណ៍​អំពី​ដំបែ? (​ខ​) តើ​នេះ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

១៤ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​យើង​ក្នុង​ឧទាហរណ៍​អំពី​ដំបែ? ពេល​យើង​រំពឹង​គិត​អំពី​អត្ថន័យ​នៃ​ឧទាហរណ៍​របស់​លោក​យេស៊ូ យើង​យល់​ថា​យើង​មិន​ចាំ​បាច់​បារម្ភ​ថា​ដំណឹង​អំពី​រាជាណាចក្រ​នឹង​ផ្សាយ​តាម​របៀប​ណា​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​មិន​ទាន់​បាន​ឮ​នោះ​ទេ។ នេះ​មិន​មែន​ជា​បញ្ហា​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ ប៉ុន្តែ តើ​យើង​មាន​កិច្ច​ការ​អ្វី? បណ្ដាំ​របស់​ព្រះ​ឆ្លើយ​ថា​៖ ​«​នៅ​ពេល​ព្រឹក ចូរ​សាប​ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំរើន​ឡើង ទោះ​បើ​ខាង​ណេះ​ឬ​ខាង​ណោះ​ក្ដី ឬ​បើ​ទាំង​២​នឹង​ចំរើន​បាន​ល្អ​ដូច​គ្នា​ផង​»។ (​សាស្ដា ១១:៦​) យើង​មិន​គួរ​ភ្លេច​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​កិច្ច​ផ្សព្វ​ផ្សាយ​ឡើយ ជា​ពិសេស​នៅ​ប្រទេស​ដែល​ដាក់​កម្រិត​លើ​កិច្ច​ផ្សព្វ​ផ្សាយ។—អេភេសូរ ៦:១៨​-​២០

១៥ ម្យ៉ាង​ទៀត បើ​យើង​មិន​ឃើញ​លទ្ធផល​នៃ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​ភ្លាម​ៗ យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ យើង​មិន​គួរ​មើល​ងាយ​«​ថ្ងៃ​នៃ​ការ​បន្ដិច​បន្តួច​នោះ​»​ទេ។ (​សាការី ៤:១០​) នៅ​ទី​បំផុត លទ្ធផល​ប្រហែល​ជា​អស្ចារ្យ​ជាង​និង​ច្រើន​ជាង​អ្វី​ដែល​យើង​ធ្លាប់​ស្រមៃ​គិត​ឆ្ងាយ​ណាស់!—ទំនុក​តម្កើង ៤០:៥; សាការី ៤:៧

អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់​និង​កំណប់​ទ្រព្យ

១៦​. តើ​ឧទាហរណ៍​អំពី​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់​និង​ឧទាហរណ៍​អំពី​កំណប់​ទ្រព្យ​មាន​អត្ថន័យ​យ៉ាង​ណា?

១៦ សូម​អាន ម៉ាថាយ ១៣:៤៤​-​៤៦។ តើ​ឧទាហរណ៍​អំពី​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់​និង​ឧទាហរណ៍​អំពី​កំណប់​ទ្រព្យ​មាន​អត្ថន័យ​យ៉ាង​ណា? នៅ​សម័យ​លោក​យេស៊ូ អ្នក​ជួញ​ដូរ​ខ្លះ​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ដើម្បី​ស្វែងរក​គជ់​ខ្យង​ដែល​ល្អ​ៗ​ជាង​គេ ហើយ​ទិញ​គជ់​ខ្យង​ទាំង​នោះ។ ​«​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​»​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​ជា​តំណាង​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ស្តី​អំពី​រាជាណាចក្រ ហើយ​អ្នក​ជួញ​ដូរ​នោះ​ជា​តំណាង​ពួក​អ្នក​ដែល​មាន​ចិត្ត​គំនិត​ល្អ​ដែល​ស្វែងរក​សេចក្ដី​ពិត​នេះ​នៅ​គ្រប់​ទី​កន្លែង។ អ្នក​ជួញ​ដូរ​នោះ​សុខ​ចិត្ត​លក់​«​ភ្លាម​»​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន ដើម្បី​គាត់​អាច​ទិញ​គជ់​ខ្យង​ដ៏​មាន​តម្លៃ​នេះ។ លោក​យេស៊ូ​ក៏​បាន​លើក​ឧទាហរណ៍​មួយ​ដែរ​អំពី​បុរស​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​វាល​មួយ ហើយ​បាន​ប្រទះ​ឃើញ​«​កំណប់​»​ទ្រព្យ។ ខុស​ពី​អ្នក​ជួញ​ដូរ​នោះ បុរស​នេះ​មិន​បាន​ស្វែងរក​ទ្រព្យ​នោះ​ទេ។ ប៉ុន្តែ ពេល​គាត់​បាន​ដឹង​ថា​ទ្រព្យ​នោះ​មាន​តម្លៃ គាត់​ក៏​សុខ​ចិត្ត​លក់​«​អ្វី​ៗ​»​ទាំង​អស់​ដែរ​ដើម្បី​គាត់​អាច​មាន​វា។

១៧​. ហេតុ​អ្វី​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់​និង​ឧទាហរណ៍​អំពី​កំណប់​ទ្រព្យ?

១៧ ហេតុ​អ្វី​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​ទាំង​ពីរ​នោះ? លោក​បាន​បង្ហាញ​ថា​សេចក្ដី​ពិត​អាច​រក​ឃើញ​តាម​របៀប​ផ្សេង​ៗ។ មនុស្ស​ខ្លះ​ស្វែងរក​សេចក្ដី​ពិត ហើយ​សុខ​ចិត្ត​លះ​បង់​អ្វី​ផ្សេង​ៗ​ដើម្បី​រក​ឃើញ​សេចក្ដី​ពិត​នោះ។ មនុស្ស​ឯ​ទៀត​ឃើញ​សេចក្ដី​ពិត សូម្បី​តែ​ពួក​គេ​មិន​បាន​ស្វែងរក​ក៏​ដោយ ប្រហែល​ជា​ពេល​អ្នក​ណា​ម្នាក់​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ។ បុរស​ម្នាក់​ៗ​ដែល​នៅ​ក្នុង​ឧទាហរណ៍​ទាំង​ពីរ​នេះ​បាន​ទទួល​ស្គាល់​តម្លៃ​នៃ​អ្វី​ដែល​ពួក​គាត់​បាន​ឃើញ ហើយ​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​យ៉ាង​ធំ​ដើម្បី​បាន​របស់​នោះ។

ចូរ​សុខ​ចិត្ត​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​បន្ត​ចាត់​ទុក​សេចក្ដី​ពិត​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក

១៨​. (​ក​) តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ឧទាហរណ៍​ទាំង​ពីរ​នេះ? (​ខ​) តើ​នេះ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

១៨ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ឧទាហរណ៍​ទាំង​ពីរ​នេះ? (​ម៉ាថាយ ៦:១៩​-​២១​) សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​មាន​ទស្សនៈ​ចំពោះ​សេចក្ដី​ពិត​ដូច​បុរស​ទាំង​នោះ​ឬ​ទេ? តើ​ខ្ញុំ​ចាត់​ទុក​សេចក្ដី​ពិត​ថា​ជា​ទ្រព្យ​ឬ? តើ​ខ្ញុំ​សុខ​ចិត្ត​លះ​បង់​អ្វី​ផ្សេង​ៗ​ដើម្បី​បាន​សេចក្ដី​ពិត​នោះ​ឬ​ទេ ឬ​តើ​ខ្ញុំ​អនុញ្ញាត​ឲ្យ​អ្វី​ផ្សេង​ៗ​បំបែរ​អារម្មណ៍​ខ្ញុំ ដូច​ជា​ការ​ខ្វល់​ខ្វាយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ជា​ដើម?›។ (​ម៉ាថាយ ៦:២២​-​២៤, ៣៣; លូកា ៥:២៧, ២៨; ភីលីព ៣:៨​) បើ​យើង​ពិត​ជា​ស្រឡាញ់​សេចក្ដី​ពិត យើង​នឹង​សុខ​ចិត្ត​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​បន្ត​ចាត់​ទុក​សេចក្ដី​ពិត​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។

១៩​. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៩ សូម​ឲ្យ​យើង​បង្ហាញ​ថា​យើង​បាន​ស្ដាប់ ហើយ​ពិត​ជា​បាន​យល់​អត្ថន័យ​នៃ​ឧទាហរណ៍​ទាំង​នេះ។ សូម​ចាំ​ថា​បើ​យើង​គ្រាន់​តែ​យល់​អត្ថន័យ​នៃ​ឧទាហរណ៍​ទាំង​នេះ​ប៉ុណ្ណោះ គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​អនុវត្ត​អ្វី​ដែល​យើង​រៀន​ពី​ឧទាហរណ៍​ទាំង​នេះ។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​ឧទាហរណ៍​បី​ទៀត និង​មេរៀន​ដែល​យើង​អាច​ទាញ​យក​ពី​ឧទាហរណ៍​ទាំង​នោះ។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ឧទាហរណ៍: រឿង​មួយ​ដែល​ប្រើ​គំនិត​មួយ ឬ​ស្ថានភាព​មួយ​ដែល​មនុស្ស​ស្គាល់​ជា​ទូទៅ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​អ្វី​ដែល​ពិបាក។ លោក​យេស៊ូ​ពូកែ​ប្រើ​ឧទាហរណ៍

ពេល​អាន​ឧទាហរណ៍​របស់​លោក​យេស៊ូ សូម​សួរ​សំណួរ​ជា​បន្ត​បន្ទាប់​នេះ:

  • តើ​ឧទាហរណ៍​នេះ​មាន​អត្ថន័យ​យ៉ាង​ណា?

  • ហេតុ​អ្វី​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​នេះ?

  • តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ប្រើ​មេរៀន​ដែល​ខ្ញុំ​បាន​ទាញ​ពី​ឧទាហរណ៍​នេះ?

  • តើ​ឧទាហរណ៍​នេះ​បង្រៀន​ខ្ញុំ​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក