ព្រះយេហូវ៉ា‹ជាអ្នកប្រោសយើងឲ្យរួច›
«ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួច»។—ទំនុក. ៣៧:៤០
១, ២. តើចំណុចដ៏សំខាន់អ្វីអំពីព្រះយេហូវ៉ា ដែលជាប្រភពពិតនៃការសម្រាលទុក្ខនិងកម្លាំងចំពោះយើង?
ស្រមោលដែលមានដោយពន្លឺព្រះអាទិត្យមិននៅនឹងថ្កល់មួយកន្លែងទេ។ កាលណាផែនដីវិល ស្រមោលក៏ចេះតែប្រែប្រួលជានិច្ចដែរ។ ប៉ុន្តែ ព្រះដែលជាអ្នកបង្កើតផែនដីនិងព្រះអាទិត្យមិនប្រែប្រួលឡើយ។ (ម៉ាឡ. ៣:៦) គម្ពីរចែងថា៖ «ទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្ដីផ្លាស់ប្រែក៏គ្មានដែរ»។ (យ៉ា. ១:១៧) ចំណុចដ៏សំខាន់នេះអំពីព្រះយេហូវ៉ា គឺពិតជាប្រភពនៃការសម្រាលទុក្ខនិងកម្លាំងចំពោះយើង ពេលជួបប្រទះទុក្ខលំបាកនិងឧបសគ្គផ្សេងៗ។ ហេតុអ្វី?
២ ដូចយើងបានឃើញនៅក្នុងអត្ថបទមុននេះ ព្រះយេហូវ៉ាបានសឲ្យឃើញថា ‹ជាអ្នកប្រោសឲ្យរួច›នៅសម័យគម្ពីរ។ (ទំនុក. ៧០:៥) ទ្រង់មិនប្រែប្រួល ហើយរមែងធ្វើតាមពាក្យរបស់ទ្រង់ជានិច្ច។ ហេតុដូច្នេះហើយ អ្នកថ្វាយបង្គំទ្រង់សព្វថ្ងៃអាចមានទំនុកចិត្តថា «ទ្រង់ជួយគេ ក៏ប្រោសឲ្យរួច»។ (ទំនុក. ៣៧:៤០) នៅសម័យយើងនេះ តើព្រះយេហូវ៉ាប្រោសអ្នកបម្រើទ្រង់ឲ្យរួចយ៉ាងដូចម្ដេច? តើទ្រង់អាចប្រោសយើងម្នាក់ៗឲ្យរួចយ៉ាងដូចម្ដេច?
ប្រោសឲ្យរួចពីខ្មាំងសត្រូវ
៣. ហេតុអ្វីយើងអាចប្រាកដក្នុងចិត្តថា ពួកខ្មាំងសត្រូវមិនអាចបញ្ឈប់រាស្ត្ររបស់ព្រះយេហូវ៉ាពីការផ្សព្វផ្សាយដំណឹងល្អ?
៣ ទោះជាមានការប្រឆាំងពីសាតាំងច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចបញ្ឈប់សាក្សីព្រះយេហូវ៉ាពីការថ្វាយបង្គំព្រះយេហូវ៉ាតែមួយប៉ុណ្ណោះឡើយ។ បណ្ដាំរបស់ព្រះបញ្ជាក់ប្រាប់យើងថា៖ «ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្ដី នោះឯងនឹងកាត់ទោសឲ្យវិញ»។ (អេសា. ៥៤:១៧) ពួកខ្មាំងសត្រូវមិនអាចបញ្ឈប់រាស្ត្ររបស់ព្រះពីការផ្សព្វផ្សាយដំណឹងល្អបានឡើយ។ សូមពិនិត្យមើលឧទាហរណ៍ពីរ។
៤, ៥. នៅឆ្នាំ១៩១៨ តើរាស្ត្ររបស់ព្រះយេហូវ៉ាបានប្រឈមមុខនឹងការប្រឆាំងបែបណា? តើមានលទ្ធផលយ៉ាងណា?
៤ នៅឆ្នាំ១៩១៨ រាស្ត្ររបស់ព្រះយេហូវ៉ាទទួលការបៀតបៀនកាន់តែច្រើនឡើង ដែលបានអុជអាលដោយគណៈបព្វជិតដែលចង់បញ្ឈប់កិច្ចការផ្សព្វផ្សាយដំណឹងល្អ។ នៅថ្ងៃទី៧ ខែឧសភា ដីកានៃសហព័ន្ធបានត្រូវចេញឲ្យចាប់អ្នកត្រួតពិនិត្យខាងកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក គឺយ៉ូសែប រ៉ូធើហ្វឺត និងសហការីរបស់គាត់មួយចំនួនពីមន្ទីរចាត់ការនានា។ ក្នុងរយៈពេលតិចជាងពីរខែ បងប្រុសរ៉ូធើហ្វឺតនិងសហការីរបស់គាត់បានត្រូវកាត់ទោសឲ្យជាប់គុកយូរឆ្នាំ ដោយមានការចោទប្រកាន់មិនពិត។ តើពួកខ្មាំងសត្រូវអាចប្រើតុលាការដើម្បីបញ្ឈប់កិច្ចការផ្សព្វផ្សាយបានទេ? គឺមិនបានឡើយ!
៥ ចូរនឹកចាំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា៖ «ឯគ្រឿងសស្ដ្រាវុធណា . . . ធ្វើឡើងនោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ»។ ព្រឹត្ដិការណ៍បានប្រែប្រួលតាមរបៀបដែលនឹកស្មានមិនដល់។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩១៩ ៩ខែក្រោយពីបងប្រុសរ៉ូធើហ្វឺតនិងបងប្រុសៗដែលជាប់ឃុំឃាំងត្រូវបានដោះលែងដោយបានបង់ប្រាក់ធានា។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩២០ ពួកគាត់ត្រូវបានជម្រះឲ្យផុតពីបទល្មើស។ ពេលមានសេរីភាពឡើងវិញ ពួកគាត់ព្យាយាមបន្តកិច្ចការផ្សព្វផ្សាយ។ តើមានលទ្ធផលយ៉ាងណា? តាំងពីពេលនោះមក មានការរីកចម្រើនដ៏អស្ចារ្យមែន! លទ្ធផលដ៏ល្អៗទាំងនេះគឺដោយសារព្រះយេហូវ៉ាដែល‹ជាអ្នកប្រោសឲ្យរួច›។—១កូ. ៣:៧
៦, ៧. (ក) តើសាក្សីព្រះយេហូវ៉ានៅប្រទេសអាឡឺម៉ង់ត្រូវគេធ្វើបាបយ៉ាងណាខ្លះ? តើមានលទ្ធផលយ៉ាងណា? (ខ) តើប្រវត្ដិនៃរាស្ត្ររបស់ព្រះយេហូវ៉ានៅសម័យនេះបង្ហាញពីអ្វី?
៦ សូមពិនិត្យមើលឧទាហរណ៍ទី២។ នៅឆ្នាំ១៩៣៤ ហ៊ីត្លែបានស្បថថានឹងកម្ទេចចោលសាក្សីព្រះយេហូវ៉ាទាំងអស់នៅប្រទេសអាឡឺម៉ង់។ នោះជាការគំរាមកំហែងដែលមិនគ្រាន់តែនិយាយឲ្យរួចពីមាត់ទេ ដ្បិតក្រោយមក មនុស្សជាច្រើននាក់ត្រូវបានចាប់ដាក់គុកមែន។ សាក្សីព្រះយេហូវ៉ារាប់ពាន់នាក់ត្រូវគេបៀតបៀន និងរាប់រយនាក់ត្រូវគេសម្លាប់នៅជំរំឃុំឃាំង។ តើហ៊ីត្លែបានជោគជ័យក្នុងការបំផ្លាញចោលសាក្សីព្រះយេហូវ៉ាឲ្យអស់ទេ? តើគាត់បានបញ្ឈប់កិច្ចការផ្សព្វផ្សាយដំណឹងល្អនៅប្រទេសអាឡឺម៉ង់ទេ? អត់ទេ! ក្នុងអំឡុងការបៀតបៀននោះ សាក្សីព្រះយេហូវ៉ាបានបន្តផ្សព្វផ្សាយជាសម្ងាត់។ ក្រោយពីរបបណាត្ស៊ីបានរលំទៅ សាក្សីព្រះយេហូវ៉ាមានសេរីភាពដើម្បីបន្តផ្សព្វផ្សាយ។ សព្វថ្ងៃនេះ អ្នកផ្សព្វផ្សាយពីរាជាណាចក្ររបស់ព្រះនៅប្រទេសអាឡឺម៉ង់មានជាង១៦៥.០០០នាក់។ ម្ដងនេះទៀត ព្រះដែល‹ជាអ្នកប្រោសឲ្យរួច› ធ្វើតាមពាក្យដែលទ្រង់បានសន្យា«ឯគ្រឿងសស្ដ្រាវុធណា . . . ធ្វើឡើងនោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ»។
៧ ប្រវត្ដិនៃរាស្ត្ររបស់ព្រះយេហូវ៉ានៅសម័យនេះ បានសឲ្យឃើញថាព្រះយេហូវ៉ាមិនបណ្ដោយឲ្យរាស្ត្រទ្រង់ស្លាប់អស់ឡើយ។ (ទំនុក. ១១៦:១៥) ប៉ុន្តែ តើព្រះយេហូវ៉ានឹងការពារយើងម្នាក់ៗទេ? តើព្រះយេហូវ៉ានឹងប្រោសឲ្យរួចចំពោះយើងម្នាក់ៗយ៉ាងដូចម្ដេច?
តើព្រះការពារយើងខាងផ្លូវកាយទេ?
៨, ៩. (ក) ហេតុអ្វីយើងប្រាកដថាព្រះនឹងការពារយើងខាងផ្លូវកាយ? (ខ) តើយើងត្រូវតែទទួលស្គាល់អំពីអ្វី?
៨ ជាបុគ្គលម្នាក់ៗ យើងដឹងថាព្រះយេហូវ៉ាមិនសន្យាថាទ្រង់នឹងតែងតែការពារយើងខាងផ្លូវកាយទេ។ យើងកាន់ជំហរដូចសាសន៍ហេព្រើរបីនាក់ ដែលបដិសេធមិនក្រាបសំពះរូបមាសដែលស្តេចនេប៊ូក្នេសាបានតាំងឡើង។ យុវជនដែលកោតខ្លាចព្រះទាំងនោះមិនគិតថា ព្រះយេហូវ៉ានឹងធ្វើអព្ភូតហេតុដើម្បីការពារពួកគេខាងផ្លូវកាយទេ។ (សូមអាន ដានីយ៉ែល ៣:១៧, ១៨) តែក្នុងករណីនេះ ព្រះយេហូវ៉ាប្រោសពួកគេឲ្យរួចពីមាត់គុកភ្លើងដែលឆេះយ៉ាងសន្ធៅវិញ។ (ដា. ៣:២១-២៧) ប៉ុន្តែ សូម្បីតែនៅជំនាន់គម្ពីរក្ដី ការប្រោសឲ្យរួចដោយអព្ភូតហេតុមានតែម្ដងម្កាលប៉ុណ្ណោះ។ អ្នកបម្រើព្រះយេហូវ៉ាដ៏ស្មោះត្រង់ជាច្រើននាក់ត្រូវអ្នកប្រឆាំងសម្លាប់បង់។—ហេ. ១១:៣៥-៣៧
៩ ចុះយ៉ាងណាដែរសព្វថ្ងៃនេះ? ព្រះយេហូវ៉ា‹ជាអ្នកប្រោសឲ្យរួច› ពិតជាអាចសង្គ្រោះបុគ្គលម្នាក់ពីស្ថានភាពដែលមានគ្រោះថ្នាក់។ តើយើងអាចនិយាយដោយប្រាកដថាព្រះយេហូវ៉ាធ្វើអន្តរាគមន៍ឬក៏អត់ក្នុងករណីជាក់លាក់ណាមួយទេ? អត់ទេ។ ប៉ុន្តែ បុគ្គលម្នាក់ដែលបានគេចរួចពីគ្រោះថ្នាក់ ប្រហែលគិតថាព្រះយេហូវ៉ាបានធ្វើអន្តរាគមន៍ចំពោះគាត់។ អ្នកដទៃឥតមានសិទ្ធប្រឆាំងនឹងអារម្មណ៍របស់គាត់ទេ។ ដំណាលគ្នានេះ យើងត្រូវទទួលស្គាល់ថាគ្រិស្តសាសនិកស្មោះត្រង់ច្រើននាក់បានស្លាប់ដោយសារការបៀតបៀន ដូចនៅក្នុងសម័យណាត្ស៊ីជាដើម។ គ្រិស្តសាសនិកឯទៀតត្រូវបានស្លាប់ក្រោមកាលៈទេសៈដ៏វេទនា។ (សាស. ៩:១១) យើងអាចសួរថា ‹តើព្រះយេហូវ៉ាទទួលបរាជ័យក្នុងការធ្វើ«ជាអ្នកប្រោសឲ្យរួច»ដល់គ្រិស្តសាសនិកស្មោះត្រង់ដែលស្លាប់មុនអាយុនោះឬ?›។ មិនពិតទេ។
១០, ១១. ហេតុអ្វីក៏មនុស្សមិនអាចជៀសវាងពីសេចក្ដីស្លាប់? ប៉ុន្តែ តើព្រះយេហូវ៉ាអាចធ្វើយ៉ាងណា?
១០ សូមពិចារណាអំពីរឿងនេះ។ មនុស្សមិនអាចជៀសវាងពីការស្លាប់បានទេ ដ្បិតគ្មានមនុស្សណាអាច«ដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថានឃុំព្រលឹងមនុស្សស្លាប់» ដែលជានិមិត្តរូបនៃស្ថានភាពរបស់មនុស្សស្លាប់បានឡើយ។ (ទំនុក. ៨៩:៤៨) ចុះយ៉ាងណាចំពោះព្រះយេហូវ៉ាវិញ? បងស្រីម្នាក់ដែលបានរួចរស់ជីវិតពីរបបណាត្ស៊ីនៅចងចាំពីអ្វីដែលម្ដាយគាត់ធ្លាប់ប្រាប់ ដើម្បីសម្រាលទុក្ខគាត់ពេលឃើញមនុស្សដែលជាទីស្រឡាញ់ស្លាប់នៅជំរំឃុំឃាំង៖ «បើសេចក្ដីស្លាប់មានជារៀងរហូត នោះវាខ្លាំងជាងព្រះទៅទៀត មែនទេ?»។ ប្រាកដហើយ សេចក្ដីស្លាប់គ្មានអំណាចខ្លាំងជាងព្រះដែលជាប្រភពនៃជីវិតទេ! (ទំនុក. ៣៦:៩) មនុស្សស្លាប់ដែលស្ថិតក្នុងហ្សីអូលឬហាដេស គឺស្ថិតនៅក្នុងការចងចាំរបស់ព្រះយេហូវ៉ា ហើយទ្រង់នឹងប្រោសគេគ្រប់គ្នាឲ្យរួច។—លូ. ២០:៣៧, ៣៨; វិវរ. ២០:១១-១៤
១១ សព្វថ្ងៃនេះ ព្រះយេហូវ៉ាកំពុងជាប់រវល់ក្នុងការជួយអ្នកបម្រើស្មោះភក្ដី។ សូមឲ្យយើងពិនិត្យមើលវិធីបីយ៉ាង ដែលទ្រង់‹ជាអ្នកប្រោសឲ្យរួច›ពិតប្រាកដរបស់យើង។
ព្រះយេហូវ៉ាការពារចំណងមេត្រីភាព របស់យើងជាមួយនឹងទ្រង់
១២, ១៣. ហេតុអ្វីក៏ចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាសំខាន់ម្ល៉េះ? តើព្រះយេហូវ៉ាការពារយើងយ៉ាងដូចម្ដេច?
១២ ព្រះយេហូវ៉ាជួយការពារចំណងមេត្រីភាពរបស់យើងជាមួយនឹងទ្រង់ ដែលជាអ្វីដ៏សំខាន់បំផុត។ ជាគ្រិស្តសាសនិកពិត យើងយល់ថាគឺមានអ្វីដែលវិសេសជាងជីវិតបច្ចុប្បន្ននេះទៅទៀត។ អ្វីដែលមានតម្លៃបំផុតគឺមេត្រីភាពដែលយើងមានជាមួយនឹងព្រះយេហូវ៉ា។ (ទំនុក. ២៥:១៤; ៦៣:៣) បើយើងគ្មានមេត្រីភាពជាមួយនឹងព្រះយេហូវ៉ាទេ នោះជីវិតយើងក៏ឥតមានន័យ ហើយយើងគ្មានលទ្ធភាពបានជីវិតដែលគ្មានទីបញ្ចប់ឡើយ។
១៣ យើងមានអំណរគុណមែន ដែលព្រះយេហូវ៉ាផ្ដល់គ្រប់ជំនួយ ដើម្បីឲ្យយើងរក្សាមេត្រីភាពជិតស្និទ្ធជាមួយនឹងទ្រង់។ យើងមានបណ្ដាំ សកម្មពលរបស់ទ្រង់ និងក្រុមជំនុំនៅទូទាំងផែនដីដើម្បីជួយយើង។ តើយើងអាចឆ្លៀតយកប្រយោជន៍ពីវិធានការដ៏ល្អបំផុត ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងយ៉ាងដូចម្ដេច? យើងត្រូវព្យាយាមសិក្សាបណ្ដាំរបស់ទ្រង់យ៉ាងទៀងទាត់ នេះនឹងជួយពង្រឹងជំនឿនិងសេចក្ដីសង្ឃឹមរបស់យើង។ (រ៉ូម ១៥:៤) បើយើងអធិដ្ឋានដោយស្មោះអស់ពីចិត្ត ព្រះយេហូវ៉ានឹងជួយយើងឲ្យចេះទប់ទល់សេចក្ដីល្បួងដែលអាចបង្ខូចចំណងមេត្រីភាពរបស់យើងជាមួយនឹងទ្រង់។ (លូ. ១១:១៣) យើងនឹងមានកម្លាំងមាំមួន បើយើងបន្តទទួលការណែនាំដែលផ្ដល់តាមរយៈកិច្ចប្រជុំក្រុមជំនុំ សន្និបាត មហាសន្និបាត សៀវភៅនានា ដែលមានមូលដ្ឋានទៅលើគម្ពីរ ដែលប្រៀបដូចជាអាហារ«តាមត្រូវពេល»ពីក្រុមអ្នកបម្រើស្មោះត្រង់។ (ម៉ាថ. ២៤:៤៥) វិធានការទាំងអស់របស់ព្រះយេហូវ៉ាការពារចំណងមេត្រីភាពរបស់យើងជាមួយនឹងទ្រង់ ហើយជួយឲ្យយើងមានភាពជិតស្និទ្ធជាមួយនឹងទ្រង់ដែរ។—យ៉ា. ៤:៨
១៤. សូមលើកបទពិសោធន៍ ដែលបង្ហាញថាព្រះយេហូវ៉ាការពារចំណងមេត្រីភាពរបស់យើងជាមួយនឹងទ្រង់។
១៤ ដើម្បីជាឧទាហរណ៍ពីរបៀបដែលព្រះយេហូវ៉ាការពារចំណងមេត្រីភាពរបស់យើងជាមួយនឹងទ្រង់ សូមនឹកចាំអំពីឪពុកម្ដាយដែលបានរៀបរាប់នៅអត្ថបទមុន។ បីបួនថ្ងៃក្រោយពីពេលដែលកូនស្រីឈ្មោះថេរីសាបានបាត់ខ្លួន នោះពួកគាត់ទទួលដំណឹងដ៏គួរឲ្យខ្លោចផ្សាមែនទែន ពោលគឺកូនស្រីត្រូវគេសម្លាប់។ ឪពុកនិយាយថា៖ «ខ្ញុំបានអធិដ្ឋានព្រះយេហូវ៉ាសូមឲ្យទ្រង់ការពារនាង។ ពេលបានដំណឹងថានាងត្រូវគេសម្លាប់ អ្វីដែលខ្ញុំគិតឃើញភ្លាមៗ គឺហេតុអ្វីបានជាព្រះយេហូវ៉ាមិនឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់ខ្ញុំ? ពិតមែន ខ្ញុំដឹងថាព្រះយេហូវ៉ាមិនធ្វើអព្ភូតហេតុដើម្បីការពាររាស្ត្រទ្រង់ជាបុគ្គលម្នាក់ៗទេ។ ខ្ញុំខំបន្តអធិដ្ឋានសុំការយល់ធ្លុះ។ ខ្ញុំទទួលការសម្រាលទុក្ខដោយដឹងថាព្រះយេហូវ៉ា ការពារចំណងមេត្រីភាពរបស់រាស្ត្រទ្រង់ ពោលគឺទ្រង់ឲ្យអ្វីដែលយើងត្រូវការ ដើម្បីរក្សាចំណងមេត្រីភាពជាមួយនឹងទ្រង់។ នេះគឺពិតជាសំខាន់បំផុត ដ្បិតអាចមានអានុភាពទៅលើអនាគតដ៏យូរអង្វែង។ ក្នុងន័យនេះហើយ ដែលព្រះយេហូវ៉ាបានការពារថេរីសា។ នាងបានបម្រើព្រះយ៉ាងស្មោះត្រង់រហូតដល់ពេលដែលត្រូវគេសម្លាប់។ ខ្ញុំមានចិត្តស្ងប់ដោយដឹងថា ជីវិតរបស់នាងនៅអនាគត គឺស្ថិតក្នុងដៃដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា»។
ទ្រទ្រាំពេលមានជំងឺតម្កាត់
១៥. ពេលយើងមានជំងឺតម្កាត់ តើព្រះយេហូវ៉ាជួយយើងយ៉ាងដូចម្ដេច?
១៥ ព្រះយេហូវ៉ាអាចទ្រទ្រាំយើង ពេលស្ថិតក្នុង«គ្រាដេកឈឺនៅគ្រែ» ដូចជាទ្រង់បានជួយដាវីឌដែរ។ (ទំនុក. ៤១:៣) ថ្វីបើនៅសព្វថ្ងៃ ព្រះយេហូវ៉ាមិនធ្វើអព្ភូតហេតុដើម្បីប្រោសយើងឲ្យជាស្បើយពីជំងឺតម្កាត់ក្ដី ទ្រង់ក៏នៅតែជួយយើងដែរ។ តើទ្រង់ជួយយើងយ៉ាងដូចម្ដេច? គោលការណ៍ផ្សេងៗក្នុងបណ្ដាំរបស់ទ្រង់អាចជួយយើងឲ្យធ្វើសេចក្ដីសម្រេចចិត្តបានល្អ ស្តីអំពីការព្យាបាលជាដើម។ (សុ. ២:៦) យើងអាចទទួលព័ត៌មានពីអត្ថបទផ្សេងៗក្នុងទស្សនាវដ្ដីប៉មយាមដែលពិគ្រោះអំពីបញ្ហាសុខភាព។ តាមរយៈសកម្មពលរបស់ទ្រង់ ព្រះយេហូវ៉ាប្រទាន«ឥទ្ធិឫទ្ធិដ៏លើសលប់» ដើម្បីឲ្យយើងទ្រាំនឹងស្ថានភាពយើង និងឲ្យរក្សាចិត្តស្មោះ ទោះជាមានអ្វីកើតឡើងក៏ដោយ។ (២កូ. ៤:៧) ដោយមានជំនួយបែបនេះ យើងអាចជៀសវាងពីការគិតតែពីជំងឺ ដល់ម្ល៉េះបានជាយើងមិនសូវគិតដល់ចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។
១៦. តើបងប្រុសម្នាក់បានស៊ូទ្រាំនឹងជំងឺយ៉ាងដូចម្ដេច?
១៦ សូមគិតអំពីប្អូនប្រុសដែលបានរៀបរាប់នៅអត្ថបទមុនដែរ។ នៅឆ្នាំ១៩៩៨ គាត់មានជំងឺម្យ៉ាង(amyotrophic lateral sclerosis, or ALS)ដែលនៅទីបំផុតនឹងធ្វើឲ្យគាត់កម្រើកមិនរួច។ តើគាត់អាចទ្រាំនឹងជំងឺនេះយ៉ាងដូចម្ដេច? គាត់ពន្យល់ថា៖ «ម្ដងៗពេលដែលខ្ញុំឈឺចាប់និងតានតឹងចិត្ត នោះខ្ញុំតែងតែគិតថា បើខ្ញុំស្លាប់គឺស្រួលជាង។ ពេលណាទ្រាំលែងបាន ខ្ញុំអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យប្រទានរបស់បីយ៉ាងដល់ខ្ញុំ គឺចិត្តស្ងប់ ចិត្តអត់ធ្មត់ និងការស៊ូទ្រាំ។ ខ្ញុំគិតថាព្រះយេហូវ៉ាឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់ខ្ញុំ។ ចិត្តស្ងប់ជួយខ្ញុំឲ្យគិតអំពីអ្វីដែលសម្រាលទុក្ខ ដូចជាគិតអំពីពិភពលោកថ្មីរបស់ព្រះ នៅពេលដែលខ្ញុំអាចដើរ ដឹងរសជាតិម្ហូបដ៏ឆ្ងាញ់ពិសា និងសំណេះសំណាលជាមួយក្រុមគ្រួសារម្ដងទៀត។ ការមានចិត្តអត់ធ្មត់ជួយខ្ញុំឲ្យយកឈ្នះនឹងភាពពិបាកនៃជំងឺរបស់ខ្ញុំ។ ការស៊ូទ្រាំជួយខ្ញុំឲ្យរក្សាចិត្តស្មោះភក្ដី មិនអនុញ្ញាតឲ្យអ្វីមកជ្រៀតជ្រែកក្នុងចំណងមេត្រីភាពជាមួយព្រះយេហូវ៉ាឡើយ។ ដូចដាវីឌអ្នកតែងបទទំនុកដំកើង ខ្ញុំយល់ថាព្រះយេហូវ៉ាអាចទ្រទ្រាំខ្ញុំពេលដេកឈឺនៅគ្រែ»។—អេសា. ៣៥:៥, ៦
ផ្ដល់ស្បៀងអាហារ
១៧. តើព្រះយេហូវ៉ាសន្យាថាទ្រង់នឹងធ្វើអ្វី? តើសេចក្ដីសន្យានោះមានន័យអ្វី?
១៧ ព្រះយេហូវ៉ាសន្យាថានឹងផ្ដល់អ្វីៗដែលយើងត្រូវការ។ (សូមអាន ម៉ាថាយ ៦:៣៣, ៣៤ និងហេព្រើរ ១៣:៥, ៦) នេះមិនមានន័យថាយើងអាចរង់ចាំឲ្យព្រះផ្ដល់អ្វីៗទាំងនោះដោយអព្ភូតហេតុ ឬថាយើងមិនចាំបាច់រកការងារធ្វើឡើយ។ (២ថែ. ៣:១០) សេចក្ដីសន្យារបស់ព្រះមានន័យថា បើយើងស្វែងរករាជាណាចក្ររបស់ព្រះជាមុន និងសុខចិត្តធ្វើការចិញ្ចឹមជីវិត យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងមានរបស់ចាំបាច់ក្នុងជីវិត។ (១ថែ. ៤:១១, ១២; ១ធី. ៥:៨) ទ្រង់ផ្គត់ផ្គង់សេចក្ដីត្រូវការរបស់យើងតាមវិធីដែលយើងស្មានមិនដល់ ដូចជាតាមរយៈបងប្អូនរួមជំនឿដែលឲ្យសម្ភារៈ ឬឲ្យការងារធ្វើ។
១៨. សូមរៀបរាប់អំពីបទពិសោធន៍ ដែលបង្ហាញថាព្រះអាចទំនុកបម្រុងយើងពេលដែលយើងមានសេចក្ដីត្រូវការ។
១៨ សូមនឹកចាំពីម្ដាយគ្មានគូម្នាក់នៅអត្ថបទមុន។ នៅពេលនាងនិងកូនរើទៅរស់នៅកន្លែងថ្មី នោះពិបាករកការងារធ្វើណាស់។ គាត់និយាយថា៖ «ខ្ញុំចេញផ្សព្វផ្សាយពេលព្រឹក ហើយពេលរសៀលខ្ញុំទៅរកការងារធ្វើ។ ខ្ញុំនឹកឃើញថ្ងៃមួយខ្ញុំបានទៅផ្សារដើម្បីទិញទឹកដោះគោ។ ខ្ញុំឈរទ្រឹងហើយសម្លឹងមើលបន្លែ តែខ្ញុំគ្មានប្រាក់គ្រប់គ្រាន់ដើម្បីទិញសូម្បីតែបន្ដិចក៏ដោយ។ ក្នុងមួយជីវិតខ្ញុំ ខ្ញុំមិនដែលធ្លាក់ទឹកចិត្តខ្លាំងដូចថ្ងៃនោះទេ។ ពេលខ្ញុំត្រឡប់មកដល់ផ្ទះវិញ រានហាលខាងក្រោយផ្ទះបានពេញទៅដោយថង់បន្លែគ្រប់មុខ ច្រើនល្មមឲ្យយើងមានអ្វីបរិភោគបានយូរទៀត។ ខ្ញុំយំហើយខ្ញុំអរគុណព្រះយេហូវ៉ា»។ ក្រោយមក បងស្រីនេះដឹងថា បុគ្គលដែលទុកថង់បន្លែទាំងនោះឲ្យគាត់ គឺជាបងប្រុសម្នាក់ក្នុងក្រុមជំនុំ ដែលបានដាំបន្លែក្នុងសួនច្បាររបស់ខ្លួន។ ក្រោយមក បងស្រីសរសេរសំបុត្រអរគុណបងប្រុសនោះថា៖ «ថ្វីបើខ្ញុំបានអរគុណបងច្រើនណាស់នៅថ្ងៃនោះ ខ្ញុំក៏អរគុណដល់ព្រះយេហូវ៉ា ដែលទ្រង់រំលឹកខ្ញុំអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ តាមរយៈចិត្តសប្បុរសរបស់បង»។—សុ. ១៩:១៧
១៩. នៅគ្រានៃសេចក្ដីវេទនាជាខ្លាំង តើអ្នកបម្រើព្រះយេហូវ៉ានឹងមានទំនុកចិត្តអ្វី? តើយើងត្រូវប្ដេជ្ញាចិត្តធ្វើអ្វីនៅសព្វថ្ងៃនេះ?
១៩ យ៉ាងច្បាស់ណាស់ អ្វីដែលព្រះយេហូវ៉ាបានសម្រេចនៅជំនាន់គម្ពីរ ហើយនៅសម័យយើង គឺផ្ដល់ឲ្យយើងមានការទុកចិត្តលើទ្រង់ ជាអ្នកទំនុកបម្រុងយើង។ មិនយូរប៉ុន្មានទៀត នៅពេលដែលសេចក្ដីវេទនាជាខ្លាំងផ្ទុះឡើងក្នុងពិភពលោករបស់សាតាំង យើងត្រូវការព្រះយេហូវ៉ាជាងពេលមុនៗទៅទៀត។ ក៏ប៉ុន្តែ អ្នកបម្រើព្រះយេហូវ៉ាអាចពឹងលើទ្រង់ទាំងមានទំនុកចិត្តទាំងស្រុង។ រាស្ត្ររបស់ព្រះយេហូវ៉ានឹងអាចងើបក្បាលឡើងហើយអរសប្បាយ ដោយដឹងថាសេចក្ដីប្រោសលោះរបស់គេជិតដល់ហើយ។ (លូ. ២១:២៨) តែក្នុងគ្រាឥឡូវនេះ មិនថាយើងមានទុក្ខលំបាកយ៉ាងណាក៏ដោយ សូមឲ្យយើងប្ដេជ្ញាចិត្តបង្ហាញទំនុកចិត្តលើព្រះយេហូវ៉ា ទាំងជឿជាក់ទៅលើព្រះដែលមិនចេះប្រែប្រួល គី‹ជាអ្នកប្រោសឲ្យរួច›របស់យើង។
តើអ្នកនៅចាំទេ?
• តើព្រះយេហូវ៉ាអាចប្រោសអ្នកដែលស្លាប់មុនអាយុឲ្យរួចយ៉ាងដូចម្ដេច?
• ហេតុអ្វីក៏ការការពារចំណងមេត្រីភាពជាមួយព្រះយេហូវ៉ាសំខាន់ម្ល៉េះ?
• សេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាទ្រង់នឹងផ្គត់ផ្គង់យើងខាងសម្ភារៈ តើនោះមានន័យអ្វី?
[រូបភាពនៅទំព័រ១៥]
បងប្រុសរ៉ូធើហ្វឺតនិងសហការីរបស់គាត់បានជាប់គុកនៅឆ្នាំ១៩១៨ តែក្រោយមកត្រូវបានដោះលែង ហើយពួកគាត់ត្រូវបានជម្រះឲ្យផុតពីបទល្មើស
[រូបភាពនៅទំព័រ១៦]
ព្រះយេហូវ៉ាអាចទ្រទ្រាំយើង ក្នុង«គ្រាដេកឈឺនៅគ្រែ»