បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/២ ទំ. ១៦-២០
  • ព្រះយេហូវ៉ាជាអ្នកផ្គត់ផ្គង់និងជាអ្នកការពារយើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាជាអ្នកផ្គត់ផ្គង់និងជាអ្នកការពារយើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្គត់​ផ្គង់​ដ៏​ឧត្តម
  • របៀប​រៀបចំ​ដើម្បី​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ
  • ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ការពារ
  • ទទួល​ការ​ការពារ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​សាថាន
  • ព្រះយេហូវ៉ា‹ជាអ្នកប្រោសយើងឲ្យរួច›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ព្រះយេហូវ៉ា បិតារបស់យើងស្រឡាញ់យើងខ្លាំងណាស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • បិតាខ្ញុំជាព្រះនិងជាមិត្តរបស់ខ្ញុំ
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • យើងស្រឡាញ់ព្រះយេហូវ៉ាជាបិតាយើងខ្លាំងណាស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/២ ទំ. ១៦-២០

ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្គត់​ផ្គង់​និង​ជា​អ្នក​ការពារ​យើង

​«​ដោយ​ព្រោះ​វា​បាន​យក​អញ​ជា​ទី​ស្រឡាញ់ នោះ​អញ​នឹង​ជួយ​ឲ្យ​រួច អញ​នឹង​តាំង​ឡើង​យ៉ាង​ខ្ពស់ ពីព្រោះ​វា​បាន​ស្គាល់​ឈ្មោះ​អញ​»។—ទំនុក. ៩១:១៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​យើង​អាច​និយាយ​ថា ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ផ្គត់​ផ្គង់ ដ៏​ឧត្តម?

  • តើ​លោក​យេស៊ូ​មាន​តួនាទី​យ៉ាង​ណា​ក្នុង​ការ​ផ្សះ​ផ្សា​មនុស្ស​ជា​មួយ​នឹង​ព្រះ?

  • តើ​ព្រះ​យេហូវ៉ា​ការពារ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​ស្ដាប់​បង្គាប់​លោក​យ៉ាង​ដូច​ម្ដេច?

១, ២​. តើ​ស្ថានភាព​ក្រុម​គ្រួសារ​និង​របៀប​រៀន​សេចក្ដី​ពិត​របស់​យើង​ម្នាក់​ៗ​គឺ​ខុស​គ្នា​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​ជា​អ្នក​រៀបចំ​ឲ្យ​មាន​ក្រុម​គ្រួសារ។ (​អេភ. ៣:១៤, ១៥​) យើង​មាន​លក្ខណៈ​និង​ស្ថានភាព​ខុស​ពី​គ្នា ទោះ​ជា​យើង​ជា​សមាជិក​ក្រុម​គ្រួសារ​តែ​មួយ​ក៏​ដោយ។ អ្នក​ប្រហែលជា​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​របស់​អ្នក​តាំង​ពី​ពេល​អ្នក​កើត​មក​រហូត​ដល់​ពេល​ធំ​ពេញ​វ័យ។ មនុស្ស​ផ្សេង​ទៀត​ប្រហែលជា​បាត់បង់​ឪពុក​ម្ដាយ ដោយ​សារ​ពួក​គាត់​បាន​ស្លាប់​ដោយ​ជំងឺ ដោយ​គ្រោះ​ថ្នាក់ ឬ​ដោយ​សារ​រឿង​ខ្លោច​ផ្សា​ឯ​ទៀត។ អ្នក​ឯ​ទៀត​មិន​ទាំង​ស្គាល់​ឪពុក​ម្ដាយ​របស់​ពួក​គេ​ផង។

២ សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក​បាន​រៀន​សេចក្ដី​ពិត​តាម​របៀប​ផ្សេង​ពី​គ្នា។ ឪពុក​ម្ដាយ​របស់​អ្នក​ប្រហែលជា​បាន​ចិញ្ចឹម​អប់រំ​អ្នក​ឲ្យ​រស់​នៅ​សម​ស្រប​តាម​គោល​ការណ៍​គម្ពីរ។ (​ចោ. ៦:៦, ៧​) ម្យ៉ាង​ទៀត អ្នក​ប្រហែលជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់ ដែល​បាន​រៀន​សេចក្ដី​ពិត​តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​អ្នក​បម្រើ​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា។—រ៉ូម ១០:១៣​-​១៥; ១ធី. ២:៣, ៤

៣​. តើ​យើង​ទាំង​អស់​គ្នា​មាន​អ្វី​ខ្លះ​ដែល​ដូច​គ្នា?

៣ ទោះ​ជា​យើង​មក​ពី​មជ្ឈដ្ឋាន​ខុស​គ្នា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​មាន​អ្វី​មួយ​ដែល​ដូច​គ្នា។ យើង​រង​ផល​វិបាក​ដែល​បណ្ដាល​មក​ពី​ការ​មិន​ស្ដាប់​បង្គាប់​របស់​អាដាម ហើយ​បាន​ឆ្លង​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ (​រ៉ូម ៥:១២​) ទោះ​ជា​ដូច្នេះ​ក្ដី ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត គឺ​ជា​ការ​សមរម្យ​ដែល​យើង​ហៅ​ព្រះ​យេហូវ៉ា​ជា​«​បិតា​របស់​យើង​»។ ស្តី​អំពី​រាស្ត្រ​នៅ​សម័យ​បុរាណ​ដែល​ព្រះ​បាន​ជ្រើស​រើស អេសាយ ៦៤:៨​ចែង​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​វរបិតា​នៃយើង​ខ្ញុំ​»។ ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​សេចក្ដី​អធិដ្ឋាន​ជា​គំរូ​ដោយ​ពាក្យ​ថា​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។—ម៉ាថ. ៦:៩

៤, ៥​. ដើម្បី​ឲ្យ​យើង​កាន់​តែ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ខ្លះ?

៤ បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​ផ្ដល់​ការ​ការពារ ហើយ​ថែ​រក្សា​យើង កាល​ដែល​យើង​ហៅ​រក​នាម​របស់​លោក​ដោយ​ជំនឿ។ អ្នក​តែង​ទំនុក​តម្កើង​ដក​ស្រង់​ពាក្យ​របស់​លោក​ថា​៖ ​«​ដោយ​ព្រោះ​វា[​អ្នក​គោរព​ប្រណិប័តន៍​ពិត​ម្នាក់​]បាន​យក​អញ​ជា​ទី​ស្រឡាញ់ នោះ​អញ​នឹង​ជួយ​ឲ្យ​រួច អញ​នឹង​តាំង​ឡើង​យ៉ាង​ខ្ពស់ ពីព្រោះ​វា​បាន​ស្គាល់​ឈ្មោះ​អញ​»។ (​ទំនុក. ៩១:១៤​) ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​លោក​ពី​សត្រូវ ហើយ​ការពារ​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​បំផ្លាញ​ចោល។

៥ ដើម្បី​ឲ្យ​យើង​កាន់​តែ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ សូម​យើង​ពិចារណា​កត្ដា​សំខាន់​បី​យ៉ាង​គឺ (​១​) បិតា​របស់​យើង​គឺ​ជា​អ្នក​ផ្គត់​ផ្គង់​យើង។ (​២​) ព្រះ​យេហូវ៉ា​ជា​អ្នក​ការពារ​យើង។ ហើយ (​៣​) លោក​ជា​មិត្ត​ភក្ដិ​ដ៏​ល្អ​បំផុត​របស់​យើង។ ការ​ពិចារណា​អំពី​ចំណុច​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​រំពឹង​គិត​អំពី​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ និង​ឲ្យ​យើង​ដឹង​អំពី​របៀប​ដែល​យើង​អាច​លើក​តម្កើង​លោក​ជា​បិតា​របស់​យើង។ យើង​នឹង​ទទួល​ប្រយោជន៍​ផង​ដែរ បើ​យើង​ពិចារណា​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ពួក​អ្នក​ដែល​ចូល​ទៅ​ជិត​លោក។—យ៉ា. ៤:៨

ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្គត់​ផ្គង់​ដ៏​ឧត្តម

៦​. តើ​របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ជា​អ្នក​ដែល​ឲ្យ​«​គ្រប់​ទាំង​របស់​ល្អ​»​ដល់​យើង​គឺ​ជា​អ្វី?

៦ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​សរសេរ​ថា​៖ ​«​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ សុទ្ធ​តែ​មក​ពី​ស្ថាន​លើ ព្រោះ​របស់​ទាំង​នោះ​មក​ពី​បិតា​នៃ​ពន្លឺ​នានា​នៅ​លើ​មេឃ​»។ (​យ៉ា. ១:១៧​) ជីវិត​គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​ពី​ព្រះ​យេហូវ៉ា។ (​ទំនុក. ៣៦:៩​) ដោយ​ប្រើ​ជីវិត​របស់​យើង​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ យើង​ទទួល​ពរ​ជា​ច្រើន​នៅ​ពេល​ឥឡូវ​នេះ ហើយ​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ក្នុង​ពិភព​លោក​ថ្មី។ (​សុភ. ១០:២២; ២ពេ. ៣:១៣​) ប៉ុន្តែ​តើ​រឿង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​បាន កាល​ដែល​យើង​ទាំង​អស់​គ្នា​ឆ្លង​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ពី​អាដាម?

៧​. តើ​តាម​របៀប​ណា​ព្រះ​បាន​បើក​ឱកាស​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​លោក?

៧ ព្រះ​យេហូវ៉ា​ពិត​ជា​អ្នក​ផ្គត់​ផ្គង់​ដ៏​ឧត្តម​តាម​របៀប​ជា​ច្រើន​រាប់​មិន​អស់។ ជា​ឧទាហរណ៍ គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ជំរុញ​លោក​ឲ្យ​សង្គ្រោះ​ជីវិត​យើង។ យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង ហើយ​ឆ្លង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ពី​ឪពុក​ដំបូង​របស់​យើង​នៅ​ផែន​ដី។ (​រ៉ូម ៣:២៣​) ក៏​ប៉ុន្តែ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដើម្បី​បើក​ឱកាស​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​លោក។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ត្រូវ​សម្ដែង​ចំពោះ​យើង ពីព្រោះ​ព្រះ​បាន​ចាត់​បុត្រ​តែ​មួយ​របស់​លោក​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​ជីវិត​តាម​រយៈ​បុត្រ​នោះ។ សេចក្ដី​ស្រឡាញ់​នៅ​ត្រង់​កន្លែង​នេះ គឺ​មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះ តែ​គឺ​លោក​ដែល​បាន​ស្រឡាញ់​យើង ដោយ​ចាត់​បុត្រ​របស់​លោក ឲ្យ​ធ្វើ​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ​»។—១យ៉ូន. ៤:៩, ១០

៨, ៩​. នៅ​សម័យ​អាប្រាហាំ​និង​អ៊ីសាក តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ជា​អ្នក​ផ្គត់​ផ្គង់​ដ៏​ឧត្តម​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូបភាព​នៅ​ដើម​អត្ថបទ​)។

៨ នៅ​សតវត្សរ៍​ទី​១៩ មុន គ.ស. ព្រឹត្ដិការណ៍​មួយ​ក្នុង​ជីវិត​របស់​អាប្រាហាំ​បាន​បង្ហាញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​អំណោយ​ដែល​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​មនុស្ស​ទាំង​អស់​ដែល​ស្ដាប់​បង្គាប់​លោក។ ហេប្រឺ ១១:១៧​-​១៩​ពន្យល់​ថា​៖ ​«​ដោយ​សារ​ជំនឿ ពេល​ដែល​អាប្រាហាំ​បាន​ត្រូវ​ពិសោធ គាត់​បង្ហាញ​ជំនឿ​របស់​គាត់​ដោយ​បម្រុង​នឹង​បូជា​អ៊ីសាក គឺ​បុរស​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ដោយ​អំណរ បាន​ប៉ុនប៉ង​បូជា​កូន​ប្រុស​តែ​មួយ​របស់​គាត់ ទោះ​ជា​គាត់​បាន​ត្រូវ​ប្រាប់​ថា​៖ ‹អ្នក​ដែល​នឹង​ត្រូវ​ហៅ​ថា​«​ពូជ​របស់​អ្នក​»​នឹង​កើត​ពី​អ៊ីសាក›។ ប៉ុន្តែ​គាត់​យល់​ឃើញ​ថា ព្រះ​អាច​ប្រោស​ឲ្យ​អ៊ីសាក​រស់​ឡើង​វិញ សូម្បី​តែ​ស្លាប់​ទៅ​ហើយ​ក្ដី ហើយ​គាត់​បាន​ទទួល​អ៊ីសាក​ពី​សេចក្ដី​ស្លាប់​ក្នុង​ន័យ​ធៀប​មែន​»។ ដូច​អាប្រាហាំ​សុខ​ចិត្ត​បូជា​អ៊ីសាក​ដែល​ជា​កូន​ប្រុស​របស់​គាត់ ព្រះ​យេហូវ៉ា​សុខ​ចិត្ត​បូជា​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក ដើម្បី​សង្គ្រោះ​មនុស្សជាតិ។—សូម​អាន យ៉ូហាន ៣:១៦, ៣៦

៩ តើ​អ្នក​អាច​ស្រមៃ​គិត​ថា​អ៊ីសាក​ធូរ​ចិត្ត​ប៉ុណ្ណា ពេល​ដែល​គាត់​ដឹងថា​គាត់​មិន​ចាំ​បាច់​ស្លាប់? គាត់​ច្បាស់​ជា​ដឹង​គុណ​ព្រះ​ដែល​លោក​បាន​ផ្ដល់​នូវ​គ្រឿង​បូជា​មួយ​ជំនួស​គាត់ ពោល​គឺ​ចៀម​ឈ្មោល​ដែល​ជាប់​ក្នុង​គុម្ពោត​ព្រៃ​ដែល​នៅ​ជិត​នោះ។ (​លោ. ២២:១០​-​១៣​) ហេតុ​នេះ កន្លែង​នោះ​បាន​ត្រូវ​ហៅ​ថា​«​យេហូវ៉ា​-​យីរេ​»​ ដែល​ជា​ភាសា​ហេប្រឺ​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​»។—លោ. ២២:១៤

របៀប​រៀបចំ​ដើម្បី​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ

១០, ១១​. តើ​អ្នក​ណា​បាន​នាំ​មុខ​ក្នុង​«​កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា​»​ ហើយ​តើ​តាម​របៀប​ណា​ពួក​គាត់​បាន​ធ្វើ​ដូច្នេះ?

១០ កាល​ដែល​យើង​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ជា​អ្នក​ផ្គត់​ផ្គង់​ដ៏​ឧត្តម យើង​ទទួល​ស្គាល់​ដោយ​ចិត្ត​ដឹង​គុណ​នូវ​តួនាទី​ដ៏​សំខាន់​ចាំ​បាច់​របស់​លោក​យេស៊ូ​គ្រិស្ត ដូច​ប៉ូល​បាន​ទទួល​ស្គាល់​ពេល​គាត់​បាន​សរសេរ​ថា​៖ ​«​ដោយ​សារ​យើង​យល់​ឃើញ​ថា បុរស​ម្នាក់​បាន​ស្លាប់​ដើម្បី​មនុស្ស​ទាំង​អស់ តាម​ពិត ពីព្រោះ​មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួច​ហើយ ហើយ​លោក​បាន​ស្លាប់​ដើម្បី​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ដែល​រស់ អាច​រស់​ដើម្បី​លោក​ដែល​បាន​ស្លាប់ ហើយ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មិន​មែន​រស់​ដើម្បី​ខ្លួន​ឯង​ទៀត​ទេ​»។—២កូ. ៥:១៤, ១៥

១១ គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម ទទួល​យក​«​កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា​»​ដោយ​ចិត្ត​រីករាយ ដោយ​សារ​ពួក​គាត់​ស្រឡាញ់​ព្រះ ហើយ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ក្នុង​កិច្ច​បម្រើ​លោក។ កិច្ច​ការ​របស់​ពួក​គាត់ ដែល​ជា​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ បើក​ឱកាស​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​មាន​ចិត្ត​ស្មោះ​មាន​សេចក្ដី​សុខសាន្ត​ជា​មួយ​ព្រះ មាន​ចំណង​មិត្តភាព​ជា​មួយ​លោក ហើយ​នៅ​ទី​បំផុត​ពួក​គេ​ក្លាយ​ទៅ​ជា​បុត្រ​របស់​លោក​នៅ​ស្ថាន​សួគ៌។ សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​រើស​តាំង បំពេញ​កិច្ច​បម្រើ​ផ្សាយ​ដូច​គ្នា​នេះ។ អ្វី​ដែល​ពួក​គាត់​បាន​សម្រេច​ក្នុង​នាម​ជា​ទូត​តំណាង​ព្រះ​និង​គ្រិស្ត ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​អាច​ទាញ​នាំ​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​មក​ឯ​លោក ហើយ​ទៅ​ជា​អ្នក​ជឿ។—សូម​អាន កូរិនថូសទី២ ៥:១៨​-​២០; យ៉ូន. ៦:៤៤; សកម្ម. ១៣:៤៨

១២, ១៣​. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដោយ​សារ​លោក​ផ្ដល់​អ្វី​ៗ​ជា​ច្រើន​ដល់​យើង?

១២ ដោយ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ផ្គង់​ផ្គង់​ដ៏​ឧត្តម គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែន​ដី រួម​ចំណែក​ជា​មួយ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ។ ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នេះ យើង​ប្រើ​គម្ពីរ​ដែល​ជា​អំណោយ​ដ៏​អស្ចារ្យ​មួយ​ទៀត​ពី​ព្រះ។ (​២ធី. ៣:១៦, ១៧​) ដោយ​ប្រើ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ប៉ិនប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ឯ​ទៀត​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ប៉ុន្តែ​ដើម្បី​ជួយ​យើង​ឲ្យ​បំពេញ​កិច្ច​ការ​នេះ យើង​ម្នាក់​ៗ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ ពោល​គឺ​សកម្មពល​បរិសុទ្ធ​របស់​លោក។ (​សាក. ៤:៦; លូក. ១១:១៣​) ដូច​លេខ​នី​មួយ​ៗ​នៃ​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា ជា​ភាសា​អង់គ្លេស​បាន​ចែង លទ្ធផល​នៃ​កិច្ច​ផ្សព្វ​ផ្សាយ​គឺ​អស្ចារ្យ​ណាស់។ យើង​ពិត​ជា​មាន​កិត្ដិយស​ដោយ​បាន​រួម​ចំណែក​ក្នុង​កិច្ច​ការ​នេះ ដែល​សរសើរ​ព្រះ​ដែល​ជា​បិតា​របស់​យើង​និង​ជា​អ្នក​ផ្គត់​ផ្គង់​យើង!

១៣ ស្តី​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្គត់​ផ្គង់​យើង យើង​គួរ​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​បាន​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ ដើម្បី​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​ខ្ញុំ​ពិត​ជា​ដឹង​គុណ​លោក​ចំពោះ​អ្វី​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ឬ​ទេ? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ក្លាយ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដែល​កាន់​តែ​មាន​ប្រសិទ្ធភាព?›។ យើង​អាច​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ផ្គង់​ផ្គង់​យើង​ដោយ​បន្ត​ចាត់​ទុក​កិច្ច​ការ​ខាង​រាជាណាចក្រ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ ប្រសិនបើ​យើង​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ដើម្បី​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។ (​ម៉ាថ. ៦:២៥​-​៣៣​) ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង យើង​ប្រាកដជា​ចង់​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត ហើយ​ធ្វើ​ឲ្យ​ចិត្ត​លោក​រីករាយ។—សុភ. ២៧:១១

១៤​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​លោក?

១៤ ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង​បាន​ច្រៀង​ថា​៖ ​«​ឯ​ទូល​បង្គំ​ៗ​ក្រី​ក្រ ហើយ​ទុគ៌ត ប៉ុន្តែ​ព្រះ​អម្ចាស់​ទ្រង់​នឹក​ដល់​ទូល​បង្គំ​ដែរ ទ្រង់​ជា​ជំនួយ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​ទូល​បង្គំ​រួច​ផង​»។ (​ទំនុក. ៤០:១៧​) ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​លោក​ជា​ក្រុម ជា​ពិសេស​ពេល​ដែល​ពួក​គេ​រង​ការ​បៀតបៀន​យ៉ាង​សាហាវ​ឥត​ឈប់​ឈរ​ពី​ពួក​សត្រូវ​របស់​ពួក​គេ។ យើង​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា ដែល​លោក​តែង​តែ​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​នៅ​ស្មោះ​ត្រង់​នឹង​លោក​ក្នុង​អំឡុង​គ្រា​ដ៏​លំបាក​បែប​នេះ។

ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ការពារ

១៥​. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​ឪពុក​ម្នាក់​ដែល​ស្រឡាញ់​កូន ខំ​ប្រឹង​ការពារ​កូន​របស់​គាត់។

១៥ ឪពុក​ម្នាក់​ដែល​ស្រឡាញ់​កូន​មិន​ត្រឹម​តែ​ផ្គត់​ផ្គង់​កូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏​ខំ​ប្រឹង​ការពារ​ពួក​គេ​ដែរ។ តាម​ធម្មតា​គាត់​នឹង​ព្យាយាម​ជួយ​សង្គ្រោះ​ពួក​គេ ប្រសិនបើ​ពួក​គេ​ជួប​គ្រោះ​ថ្នាក់។ បង​ប្រុស​ម្នាក់​បាន​នឹក​ចាំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​គាត់​ពេល​ដែល​គាត់​នៅ​ក្មេង។ ពេល​ដែល​គាត់​និង​ឪពុក​របស់​គាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ក្រោយ​កិច្ច​ផ្សព្វ​ផ្សាយ ពួក​គាត់​ត្រូវ​ឆ្លង​ស្ទឹង​តូច​មួយ។ ព្រឹក​នោះ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ដែល​បណ្ដាល​ឲ្យ​ស្ទឹង​នោះ​មាន​ទឹក​ជន់។ របៀប​តែ​មួយ​គត់​ដើម្បី​ឆ្លង​ស្ទឹង​នោះ​គឺ ពួក​គាត់​ត្រូវ​លោត​ពី​ថ្ម​ដ៏​ធំ​មួយ​ទៅ​ថ្ម​មួយ​ទៀត។ ពេល​ឆ្លង​ទៅ​មុន​ឪពុក​គាត់ គាត់​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក ហើយ​បាន​លិច​ទៅ​ក្នុង​ទឹក​ពីរ​ដង។ កូន​នោះ​ពិត​ជា​ដឹង​គុណ​ឪពុក​គាត់​យ៉ាង​ខ្លាំង​ដោយ​សារ​ឪពុក​គាត់​បាន​ចាប់​ទាញ​ស្មា​គាត់​យ៉ាង​លឿន ហើយ​បាន​សង្គ្រោះ​គាត់​ពី​ការ​លង់​ទឹក! ស្រដៀង​គ្នា​ដែរ បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ ការពារ​យើង​ពី​គ្រោះ​ថ្នាក់​នៅ​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ និង​ពី​សាថាន​ដែល​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ។ ព្រះ​យេហូវ៉ា​ពិត​ជា​អ្នក​ការពារ​ដ៏​ប្រសើរ​បំផុត​ដែល​មិន​ធ្លាប់​មាន។—ម៉ាថ. ៦:១៣; ១យ៉ូន. ៥:១៩

១៦, ១៧​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ជួយ ហើយ​ការពារ​ជន​ជាតិ​អ៊ីស្រាអែល ពេល​ដែល​ពួក​គេ​ច្បាំង​នឹង​ជន​ជាតិ​អាម៉ាលេក?

១៦ ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​ការពារ​រាស្ត្រ​របស់​លោក​នៅ​ឆ្នាំ​១៥១៣ មុន​គ.ស.។ លោក​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ទាសភាព ហើយ​បាន​ការពារ​ពួក​គេ​ពេល​ដែល​ពួក​គេ​ឆ្លង​សមុទ្រ​ក្រហម។ ក្រោយ​ពី​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ​ទៅ​ភ្នំ​ស៊ីណាយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​ដល់​កន្លែង​មួយ​ឈ្មោះ​រេផិឌីម។

១៧ ដោយ​សារ​ទំនាយ​របស់​ព្រះ​នៅ​លោកុប្បត្តិ ៣:១៥ សាថាន​ច្បាស់​ជា​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​រក​វិធី​វាយ​ប្រហារ​ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​មើល​ទៅ​គ្មាន​អ្វី​ការពារ​ខ្លួន។ វា​បាន​ធ្វើ​ដូច្នេះ​តាម​រយៈ​ជន​ជាតិ​អាម៉ាលេក ដែល​ជា​សត្រូវ​របស់​រាស្ត្រ​ព្រះ។ (​ជន. ២៤:២០​) សូម​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច តាម​រយៈ​បុរស​ដ៏​ស្មោះ​ត្រង់​បួន​នាក់​គឺ យ៉ូស្វេ ម៉ូសេ អេរ៉ុន​និង​ហើរ។ ពេល​ដែល​យ៉ូស្វេ​ប្រយុទ្ធ​នឹង​ជន​ជាតិ​អាម៉ាលេក ម៉ូសេ អេរ៉ុន​និង​ហើរ​នៅ​លើ​ភ្នំ​មួយ​ដែល​នៅ​ជិត​នោះ។ ក្នុង​ពេល​ធ្វើ​សង្គ្រាម ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង​ជាង​សត្រូវ ពេល​ដែល​ម៉ូសេ​លើក​ដៃ​ឡើង។ ពេល​ដែល​គាត់​រួយ​ដៃ អេរ៉ុន​និង​ហើរ​បាន​ទ្រ​ដៃ​របស់​គាត់។ ដូច្នេះ ដោយ​មាន​ជំនួយ​និង​ការ​ការពារ​ពី​ព្រះ​យេហូវ៉ា ​«​យ៉ូស្វេ​ក៏​បាន​ឈ្នះ​អាម៉ាលេក ព្រម​ទាំង​ពល​ទ័ព​គេ​»។ (​និក្ខ. ១៧:៨​-​១៣​) ម៉ូសេ​បាន​ធ្វើ​ទី​បូជា​មួយ​នៅ​ទី​នោះ ហើយ​ហៅ​ទី​នោះ​ថា​«​យេហូវ៉ា​-​នី​ស៊ី​»​ ដែល​ជា​ភាសា​ហេប្រឺ​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ជា​បង្គោល​របស់​ខ្ញុំ​»។—សូម​អាន និក្ខមនំ ១៧:១៤, ១៥

ទទួល​ការ​ការពារ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​សាថាន

១៨, ១៩​. តើ​ព្រះ​បាន​ផ្ដល់​នូវ​ការ​ការពារ​អ្វី​ដល់​អ្នក​បម្រើ​លោក​នៅ​សម័យ​នេះ?

១៨ ព្រះ​យេហូវ៉ា​ការពារ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​គោរព​លោក។ ដូច​ជន​ជាតិ​អ៊ីស្រាអែល​នៅ​រេផិឌីម យើង​ស្វែងរក​ការ​ការពារ​ពី​ព្រះ​យេហូវ៉ា​ពេល​យើង​ប្រឈម​មុខ​នឹង​សត្រូវ។ ព្រះ​យេហូវ៉ា​ច្រើន​តែ​ការពារ​យើង​ជា​ក្រុម ហើយ​ជួយ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មេកំណាច។ សូម​គិត​អំពី​ឱកាស​ជា​ច្រើន​ដែល​ព្រះ​បាន​ការពារ​បង​ប្អូន​របស់​យើង ដែល​បាន​កាន់​ជំហរ​អព្យាក្រឹត​ជា​គ្រិស្ត​សាសនិក។ ជា​ឧទាហរណ៍ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​របប​គ្រប់​គ្រង​របស់​ណាត្ស៊ី​នៅ​ប្រទេស​អាឡឺម៉ង់ និង​នៅ​ប្រទេស​ឯ​ទៀត​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៣០ និង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៤០។ ពេល​យើង​អាន ហើយ​រំពឹង​គិត​អំពី​ជីវប្រវត្ដិ​និង​កំណត់​ហេតុ​នៅ​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ ស្តី​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​ការពារ​រាស្ត្រ​របស់​លោក​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​បៀតបៀន នោះ​នឹង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែល​ជា​ទី​ពឹង​ពំនាក់​របស់​យើង។—ទំនុក. ៩១:២

១៩ ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​ក៏​ការពារ​យើង​ដែរ​ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​ការ​រំលឹក​តាម​រយៈ​អង្គការ​របស់​លោក​និង​សៀវភៅ​ផ្សេង​ៗ​របស់​អង្គការ​នោះ។ សូម​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​រំលឹក​ទាំង​នោះ​នៅ​ពេល​ថ្មី​ៗ​នេះ។ មនុស្ស​ក្នុង​ពិភព​លោក​នេះ​កាន់​តែ​វក់​នឹង​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​ផឹក​ស្រា​និង​ការ​មើល​រូប​អាសអាភាស។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ការ​រំលឹក​ជា​បន្ទាន់​និង​ជំនួយ​ជាក់​លាក់ ដើម្បី​ការពារ​យើង​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​រវាង​យើង​និង​លោក។ ជា​ឧទាហរណ៍ យើង​ទទួល​ឱវាទ​ពី​បិតា​របស់​យើង​ឲ្យ​ជៀស​វាង​ពី​ការ​សេពគប់​អាក្រក់​តាម​រយៈ​ការ​ប្រើ​មិន​ត្រឹម​ត្រូវ​នូវ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា។a—១កូ. ១៥:៣៣

២០​. តើ​ការ​ការពារ​និង​ការ​ណែនាំ​អ្វី ដែល​យើង​ទទួល​តាម​រយៈ​ក្រុម​ជំនុំ?

២០ តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ពិត​ជា​«​សិស្ស​របស់​ព្រះ​យេហូវ៉ា​»​? គឺ​ដោយ​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក​ឲ្យ​បាន​ដិត​ដល់។ (​អេ. ៥៤:១៣​) ក្រុម​ជំនុំ​របស់​យើង​គឺ​ជា​កន្លែង​មួយ​ដែល​មាន​សុវត្ថិភាព​ដែល​យើង​ទទួល​ការ​ការពារ​និង​ការ​ណែនាំ។ នៅ​ទី​នោះ​អ្នក​ចាស់​ទុំ​ផ្ដល់​ឲ្យ​យើង​នូវ​ជំនួយ​និង​ឱវាទ​ពី​គម្ពីរ។ (​កាឡ. ៦:១​) ព្រះ​យេហូវ៉ា​កំពុង​ប្រើ​«​អំណោយ​ជា​មនុស្ស​»​ទាំង​នេះ​ដើម្បី​ថែ​ទាំ​យើង​ដោយ​សេចក្ដី​ស្រឡាញ់។ (​អេភ. ៤:៧, ៨​) តើ​យើង​គួរ​ប្រព្រឹត្ត​តប​យ៉ាង​ណា? ការ​ចុះ​ចូល​និង​ការ​ស្ដាប់​បង្គាប់​ដោយ​ស្ម័គ្រ​ចិត្ត​នាំ​ឲ្យ​បាន​ពរ​ពី​ព្រះ។—ហេ. ១៣:១៧

២១​. (​ក​) តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​អត្ថបទ​បន្ទាប់?

២១ ដូច្នេះ ចូរ​យើង​តាំង​ចិត្ត​ឲ្យ​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​យើង ហើយ​ធ្វើ​តាម​ការ​ណែនាំ​នៃ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។ យើង​ក៏​ត្រូវ​រំពឹង​គិត​អំពី​របៀប​រស់​នៅ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក ហើយ​ខំ​ប្រឹង​ធ្វើ​តាម​គំរូ​របស់​លោក​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន។ ដោយ​សារ​លោក​យេស៊ូ​បាន​ស្ដាប់​បង្គាប់​រហូត​ដល់​លោក​ទទួល​មរណភាព នោះ​លោក​បាន​ទទួល​រង្វាន់​យ៉ាង​វិសេស។ (​ភី. ២:៥​-​១១​) យើង​ក៏​នឹង​ទទួល​រង្វាន់​ដែរ បើ​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត។ (​សុភ. ៣:៥, ៦​) ដូច្នេះ សូម​ឲ្យ​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ជា​និច្ច ដែល​ជា​អ្នក​ផ្គត់​ផ្គង់​និង​ជា​អ្នក​ការពារ​យើង​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន។ យើង​ពិត​ជា​មាន​អំណរ​និង​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន​ដែល​យើង​បម្រើ​លោក! ប៉ុន្តែ​តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ជា​មិត្ត​ភក្ដិ​ដ៏​ល្អ​បំផុត​របស់​យើង? យើង​នឹង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង​កាល​ដែល​យើង​ឆ្លើយ​សំណួរ​នេះ​នៅ​អត្ថបទ​បន្ទាប់។

a ការ​ព្រមាន​ទាំង​នេះ​មាន​នៅ​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ការ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ជា​ឧបករណ៍​ដែល​មនុស្ស​ប្រើ​ទូ​ទាំង​ពិភព​លោក ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត​»​ ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១១ ទំព័រ​៣​-​៥ ជា​ភាសា​អង់គ្លេស និង​អត្ថបទ​«​ចូរ​ប្រយ័ត្ន​នឹង​អន្ទាក់​របស់​មេកំណាច!​»​ និង​«​ចូរ​កាន់​ជំហរ​មាំ​មួន ហើយ​ជៀស​ពី​អន្ទាក់​របស់​សាថាន!​»​ ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ ទំព័រ​២០​-​២៩។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក