បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៩ ទំ. ២៧-ទំ. ២៩ វ. ១១
  • គោលសំខាន់ៗពីសៀវភៅថែស្សាឡូនីច និងធីម៉ូថេ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅថែស្សាឡូនីច និងធីម៉ូថេ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​«ចាំ​យាម»
  • (១ថែ. ១:១​–​៥:២៨)
  • ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:
  • មេរៀន​សម្រាប់​យើង:
  • ​«ចូរ​ឈរ​ឲ្យ​មាំមួន»
  • (២ថែ. ១:១​–​៣:១៨)
  • ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:
  • មេរៀន​សម្រាប់​យើង:
  • ​«ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ!»
  • (១ធី. ១:១​–​៦:២១)
  • ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:
  • មេរៀន​សម្រាប់​យើង:
  • ​«ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ​បន្ទូល​ចុះ! ហើយ​ទទូច​ជំរុញ​ផង»
  • (២ធី. ១:១​–​៤:២២)
  • ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:
  • មេរៀន​សម្រាប់​យើង:
  • ធីម៉ូថេ ត្រៀមខ្លួនបម្រើព្រះដោយស្ម័គ្រពីចិត្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូរជៀសវាងកុំឲ្យ«វិចារណញ្ញាណរបស់អ្នករាល់គ្នាឆាប់រង្គោះរង្គើ»!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ប៉ូលនិងធីម៉ូថេ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៩ ទំ. ២៧-ទំ. ២៩ វ. ១១

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​ថែស្សាឡូនីច និង​ធីម៉ូថេ

ក្រុម​ជំនុំ​ថ្មី​នា​ទី​ក្រុង​ថែស្សាឡូនីច​ទទួល​ការ​ប្រឆាំង គឺ​ចាប់​តាំងពី​ពេល​ដែល​ក្រុម​ជំនុំ​ទើប​តែ​កកើត​ឡើង នៅ​ពេល​ដែល​សាវ័ក​ប៉ុល​បាន​ទៅ​លេង​នៅ​ទី​នោះ​ម្ល៉េះ។ ពេល​ដែល​ធីម៉ូថេ​ត្រឡប់​ពី​ទី​ក្រុង​ថែស្សាឡូនីច​មាន​ទាំង​របាយការណ៍​ដ៏​ល្អ​ផង​នោះ គាត់​មាន​អាយុ​ទើប​តែ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ។ ប៉ុល​ក៏​សម្រេច​ថា​សរសេរ​សំបុត្រ​មួយ​ច្បាប់​ដើម្បី​សរសើរ​និង​លើក​ទឹកចិត្ត​បង​ប្អូន​នៅ​ទី​នោះ។ ប្រហែល​ជា​នៅ​ឆ្នាំ​៥០ គ.ស. ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​ប៉ុល​សរសេរ​សំបុត្រ​ទី​១​ទៅ​ពួក​ថែស្សាឡូនីច។ បន្ដិច​ក្រោយមក​គាត់​បាន​សរសេរ​សំបុត្រ​មួយ​ទៀត​ជា​លើក​ទី​២។ លើក​នេះ​គាត់​បាន​កែប្រែ​ទស្សនៈ​ខុសឆ្គង​ដែល​អ្នក​ខ្លះ​មាន ហើយ​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​ឈរ​ឲ្យ​បាន​រឹង​មាំ​ក្នុង​ជំនឿ។

ប្រហែល​ជា​១០​ឆ្នាំ​ក្រោយមក ប៉ុល​បាន​ទៅ​ម៉ា​សេ​ដូន​និង​ធីម៉ូថេ​ទៅ​ទី​ក្រុង​អេភេសូរ។ ប៉ុល​សរសេរ​លើក​ទឹកចិត្ត​ធីម៉ូថេ​ឲ្យ​នៅ​ទីក្រុង​អេភេសូរ ដើម្បី​ជួយ​បង​ប្អូន​ប្រុស​ស្រី​រក្សា​ឲ្យ​មាន​ចំណង​មេត្រីភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ទោះ​ជា​មាន​ឥទ្ធិពល​អាក្រក់​ពី​ពួក​គ្រូ​ក្លែង​ក្លាយ​នៅ​ក្នុង​ក្រុម​ជំនុំ​ក្ដី។ សំបុត្រ​នេះ​ប៉ុល​សរសេរ​ជា​លើក​ទី​២​ទៅ​ធីម៉ូថេ ពេល​គ្រិស្ត​សាសនិក​រង​ការ​បៀតបៀន បន្ទាប់​ពី​មាន​ភ្លើង​ឆេះ​បំផ្លាញ​ទី​ក្រុង​រ៉ូម​នៅ​ឆ្នាំ​៦៤ គ.ស.។ គឺជា​សំបុត្រ​ចុង​ក្រោយ​ដែល​ព្រះ​បណ្ដាល​ឲ្យ​ប៉ុល​សរសេរ។ សព្វថ្ងៃ​នេះ យើង​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ការ​លើក​ទឹក​ចិត្ត និង​ឱវាទ​ដែល​មាននៅ​ក្នុង​សំបុត្រ​ទាំង​បួន​របស់​ប៉ុល​ដែរ។—ហេ. ៤:១២

ចូរ​«ចាំ​យាម»

(១ថែ. ១:១​–​៥:២៨)

ប៉ុល​សរសើរ​បង​ប្អូន​នៅ​ទីក្រុង​ថែស្សាឡូនីច​ស្តី​‹ពី​ការ​ដែល​ពួក​គាត់​ធ្វើ​ដោយ​សេចក្ដី​ជំនឿ នឹង​ពី​ការ​នឿយហត់​ដែល​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់›។ សាវ័ក​ប៉ុល​ជម្រាប​ពួក​គាត់​ថា​មាន​‹សេចក្ដី​សង្ឃឹម សេចក្ដី​អំណរ នឹង​មកុដ ដែល​នាំ​ឲ្យ​រីក​រាយ​ឡើង›។—១ថែ. ១:៣; ២:១៩

បន្ទាប់​ពី​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​នៅ​ទីក្រុង​ថែស្សាឡូនីច​ឲ្យ​កម្សាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុល​ថ្លែង​ថា​៖ «ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់»។ សាវ័ក​ប៉ុល​ដាស់​តឿន​ពួក​គាត់​ឲ្យ​«ចាំ​យាម»​ហើយ​ឲ្យ​ដឹង​ខ្លួន​ជា​និច្ច។—១ថែ. ៤:១៦​-​១៨; ៥:២, ៦

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៤:១៥​-​១៧—តើ​អ្នក​ណាខ្លះ​ដែល​«បាន​លើក​ឡើង ទៅ​ក្នុង​ពពក . . . ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះ​អម្ចាស់​នៅ​នា​អាកាស»? ហើយ​តើ​តាម​របៀប​ណា? គឺ​ពួក​គ្រិស្ត​សាសនិក​ជា​អ្នក​រើស​តាំង ដែល​រស់​នៅ​ក្នុង​អំឡុង​ដែល​ព្រះ​គ្រិស្ត​មាន​វត្តមាន​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​ទ្រង់។ ពួក​គាត់​«ជួបជុំ​នឹង​ព្រះ​អម្ចាស់»​យេស៊ូ​នៅ​ឯ​ស្ថាន​សួគ៌។ ដូច្នេះ ដើម្បី​ជួបជុំ​នឹង​ព្រះ​យេស៊ូ​នៅ​ឯ​ស្ថាន​សួគ៌​បាន ដំបូង​ពួក​គាត់​ត្រូវ​តែ​ស្លាប់​សិន ហើយ​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ។ (រ៉ូម ៦:៣​-​៥; ១កូ. ១៥:​៣៥, ៤៤) ដោយ​ហេតុ​ថា​វត្តមាន​របស់​ព្រះ​គ្រិស្ត​ចាប់ផ្ដើម​ហើយ នោះ​ពួក​គ្រិស្ត​សាសនិក​ជា​អ្នក​រើស​តាំង ដែល​ស្លាប់​ពេល​បច្ចុប្បន្ន​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នោះ​យូរ​ទេ។ ពួក​គាត់​នឹង​ត្រូវ​«លើក​ឡើង» ឬ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​មួយ​រំពេច។—១កូ. ១៥:​៥១, ៥២

៥:២៣—ពេល​ប៉ុល​អធិដ្ឋាន​ថា «ទាំង​ព្រលឹង​នឹង​វិញ្ញាណ​ហើយ​រូប​កាយ​ទាំងមូល​[របស់​បង​ប្អូន​ទាំងនោះ]​បាន​បម្រុង​ទុក» តើ​គាត់​ចង់​មាន​ន័យ​អ្វី? ប៉ុល​សំដៅ​ទៅ​ព្រលឹង វិញ្ញាណ និង​រូប​កាយ​ជា​ច្រើន​ដែល​រួម​បញ្ចូល​គ្នា​នៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក ថែម​ទាំង​គ្រិស្ត​សាសនិក​ដែល​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ​នៅ​ទីក្រុង​ថែស្សាឡូនីច​ផង។ ជា​ជាង​អធិដ្ឋាន​សូម​ឲ្យ​ក្រុម​ជំនុំ​បាន​បម្រុង​ទុក ប៉ុល​អធិដ្ឋាន​សូម​ឲ្យ​«វិញ្ញាណ»​ឬ​គំនិត​បាន​បម្រុង​ឬ​ថែរក្សា​ទុក​វិញ។ ប៉ុល​ក៏​អធិដ្ឋាន​ឲ្យ​«ព្រលឹង» ជីវិត ឬ​វត្តមាន និង​«រូប​កាយ»​របស់​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដែរ។ (១កូ. ១២:១២, ១៣) ដូច្នេះ ការ​អធិដ្ឋាន​របស់​ប៉ុល​គូស​បញ្ជាក់​ពី​ការ​ដែល​គាត់​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្រុម​ជំនុំ។

មេរៀន​សម្រាប់​យើង:

១:៣, ៧; ២:១៣; ៤:១​-​១២; ៥:១៥: ការ​ជូន​ឱវាទ​ដែល​មាន​ប្រសិទ្ធភាព​គឺជា​ការ​ផ្ដល់​សេចក្ដី​សរសើរ​ដ៏​ស្មោះ និង​ការ​លើក​ទឹកចិត្ត​ដើម្បី​ឲ្យ​បង​ប្អូន​ខំ​ប្រឹង​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង។

៤:១, ៩, ១០: អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​គួរ​តែ​ខំ​ព្យាយាម​ពង្រឹង​ចំណង​មេត្រីភាព​ជា​មួយ​ព្រះ​ឲ្យ​បាន​កាន់​តែ​រឹង​មាំ​ឡើង​ជា​និច្ច។

៥:១​-​៣, ៨, ២០, ២១: ពេល​ដែល​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ខិត​មក​កាន់​តែ​ជិត​«យើង​ត្រូវ​ដឹងខ្លួន ទាំង​ប្រដាប់​កាយ​ដោយ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់​ទុកជា​ប្រដាប់​បាំង​ដើមទ្រូង ហើយ​សេចក្ដី​សង្ឃឹម​របស់​ផង​សេចក្ដី​សង្គ្រោះ​ទុកជា​មួក​សឹក»។ បន្ថែម​ទៀត យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ទៅ​លើ​ពាក្យ​ទំនាយ​ដែល​មាន​ក្នុង​គម្ពីរ។

​«ចូរ​ឈរ​ឲ្យ​មាំមួន»

(២ថែ. ១:១​–​៣:១៨)

បង​ប្អូន​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​មួល​បង្កាច់​ពាក្យ​របស់​ប៉ុល​ដែល​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ទី​១។ តាម​មើល​ទៅ ពួក​គេ​អះអាង​ថា​ពេល​នេះ​ហើយ​«ព្រះ​អម្ចាស់​នៃ​យើង ទ្រង់​ត្រូវ​យាង​មក»។ ប៉ុល​កែ​តម្រូវ​ទស្សនៈ​នេះ ដោយ​ប្រាប់​ពី​អ្វី​ដែល​ត្រូវ​‹មក​ជា​មុន​សិន›។—២ថែ. ២:១​-​៣

ប៉ុល​ដាស់​តឿន​ថា​៖ «ចូរ​ឈរ​ឲ្យ​មាំមួន ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​បញ្ញត្ត ដែល​យើងខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ចុះ!»។ ប៉ុល​បង្គាប់​ពួក​គាត់​ឲ្យ​«ថយ​ចេញ​ឲ្យ​ផុត​ពី​គ្រប់​ទាំង​បង​ប្អូន​ណា ដែល​ប្រព្រឹត្ត​ខុស​របៀប»។—២ថែ. ២:១៥; ៣:៦

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២:៣, ៨—តើ​អ្នក​ណា​ជា​«មនុស្ស​ដែល​ជា​តួ​បាប​[ឬ​ទទឹង​ច្បាប់]»? ហើយ​នឹង​ត្រូវ​បំផ្លាញ​យ៉ាង​ដូច​ម្ដេច? «មនុស្ស»​ទទឹង​ច្បាប់​ទាំងនោះ​គឺ​ជា​ពួក​គណៈ​បព្វជិត​ពិភព​គ្រិស្ត​សាសនា។ រីឯ​អ្នក​ដែល​ព្រះ​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ប្រកាស​ការ​កាត់​ទោស និង​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​ចោល គឺ​«ព្រះ​បន្ទូល»​ឬ​មេ​នាំ​ពាក្យ​របស់​ព្រះ គឺ​ព្រះ​យេស៊ូ​គ្រិស្ត។ (យ៉ូន. ១:​១) ដូច្នេះ អាច​និយាយ​បាន​ថា​ព្រះ​យេស៊ូ​ជា​អ្នក​បំផ្លាញ​ពួក​ទទឹង​ច្បាប់​«ដោយ​ខ្យល់​[ឬ​សកម្ម​ពល]​ពី​ព្រះ​ឱស្ឋ​ទ្រង់»។

២:១៣, ១៤—តើ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​‹បាន​រើស​តាំងពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​បាន​សង្គ្រោះ›​យ៉ាង​ដូច​ម្ដេច? អ្នក​រើស​តាំង​ជា​ក្រុម​បាន​តម្រូវ​ទុកជា​មុន តាំង​ពី​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​តាំង​ចិត្ត​ឲ្យ​ពូជ​ស្ត្រី​កិន​ក្បាល​សាតាំង​ម្ល៉េះ។ (លោ. ៣:​១៥) ព្រះ​យេហូវ៉ា​បាន​ថ្លែង​ប្រាប់​ពី​លក្ខណៈ​សម្បត្ដិ​ដែល​ពួក​គាត់​ត្រូវ​មាន កិច្ចការ​ដែល​ពួក​គាត់​ត្រូវ​ធ្វើ ហើយ​និង​ការ​សាក​ល្បង​ដែល​ពួក​គាត់​ត្រូវ​ឆ្លង​កាត់។ ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ពួក​គាត់​ក្នុង​‹សេចក្ដី​នេះឯង›។

មេរៀន​សម្រាប់​យើង:

១:៦​-​៩: ព្រះ​យេហូវ៉ា​មិន​ដាក់​ទោស​ដោយ​ឥត​រើស​មុខ​ឡើយ។

៣:៨​-​១២: សូម​កុំ​យក​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដែល​ខិត​មក​កាន់​តែ​ជិត​ជា​លេស ថា​មិន​ចាំបាច់​ឲ្យ​យើង​រក​ស៊ី​ចិញ្ចឹម​ខ្លួន​និង​ធ្វើ​កិច្ច​បម្រើ​ព្រះ​ឲ្យ​សោះ។ គំនិត​ឥត​ប្រយោជន៍​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ខ្ជិល​ច្រអូស ហើយ​បែរ​ទៅ​ជា​មាន​ពេល​និយាយ​«សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ»។—១ពេ. ៤:១៥

​«ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ!»

(១ធី. ១:១​–​៦:២១)

ប៉ុល​ណែនាំ​ធីម៉ូថេ​ឲ្យ​«ច្បាំង​ជា​ចំ​បាំង​យ៉ាង​ល្អ ដោយ​សារ​សេចក្ដី​ទាំង​នោះ ព្រម​ទាំង​រក្សា​សេចក្ដី​ជំនឿ នឹង​បញ្ញា​ចិត្ត​ជ្រះថ្លា»។ សាវ័ក​ប៉ុល​គូស​បញ្ជាក់​ពី​គុណសម្បត្ដិ​ខ្លះៗ​ដែល​បុរស​ដែល​ទទួល​មុខ​តំណែង​ក្នុង​ក្រុម​ជំនុំ​ត្រូវ​មាន។ ប៉ុល​ក៏​បាន​អប់រំ​ធីម៉ូថេ​«កុំ​ឲ្យ​ព្រម​ស្ដាប់​អស់ទាំង​រឿង​ល្បែង»​ឡើយ។—១ធី. ១:១៨, ១៩; ៣:១​-​១០, ១២, ១៣; ៤:៧

សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «កុំ​ឲ្យ​ស្តី​បន្ទោស​ដល់​មនុស្ស​ចាស់ៗ​ឡើយ»។ គាត់​ដាស់តឿន​ធីម៉ូថេ​ថា​៖ «ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ! ហើយ​ចៀស​ចេញពី​សំ​ដី​ឡេះឡោះ​ឥត​ប្រយោជន៍ នឹង​ពាក្យ​ទទឹង​ទទែ​ង​នៃ​សេចក្ដី ដែល​ក្លែង​ហៅ​ថា​ចំណេះ​វិជ្ជា​ផង»។—១ធី. ៥:​១; ៦:២០

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:១៨; ៤:១៤—តើ​«ពាក្យ​បណ្ដាំ»​អ្វី​ដែល​បាន​ចែង​ទុក​អំពី​ធីម៉ូថេ? នេះ​អាច​ជា​ទំនាយ​ខ្លះ​ដែល​ប៉ុល​បាន​ទទួល​ពេល​គាត់​ទៅ​លេង​ក្រុម​ជំនុំ​នៅ​ទីក្រុង​លីស្ដ្រា​ក្នុង​ដំណើរ​សាសនទូត​ជា​លើក​ទី​២ ស្តី​អំពី​ភារកិច្ច​ក្រុម​ជំនុំ​ដែល​ធីម៉ូថេ​ត្រូវ​មាននៅ​ពេល​អនាគត។ (កិច្ច. ១៦:១, ២) ដោយ​ផ្អែក​លើ​«ពាក្យ​បណ្ដាំ»​ទាំងនេះ បុរស​ចាស់ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​«ដាក់​ដៃ»​លើ​ធីម៉ូថេ​ដើម្បី​ញែក​ទុក​សម្រាប់​កិច្ចការ​ពិសេស​មួយ។

២:១៥—តើ​ស្ត្រី​«នឹង​បាន​សង្គ្រោះ​ក្នុង​កាល​ដែល​បង្កើត​កូន»​យ៉ាង​ដូច​ម្ដេច? ការ​បង្កើត​កូន ចិញ្ចឹម​បីបាច់​ថែ​រក្សា​កូន និង​គ្រប់​គ្រង​ផ្ទះ​សម្បែង​អាច​«សង្គ្រោះ»​ស្ត្រីៗ​ពី​ការ​ដើរ​‹និយាយ​ប៉ប៉ាច់​ប៉ប៉ោច ហើយ​បេះបួយ​ពី​រឿង​អ្នក​ដទៃ›។—១ធី. ៥:១១​-​១៥

៣:១៦—តើ​សេចក្ដី​អាថ៌​កំបាំង​បរិសុទ្ធ​ក្នុង​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​ជា​អ្វី? អស់​រយៈ​ពេល​ជា​យូរ គ្មាន​ចម្លើយ​ចំពោះ​សំណួរ​ថា​តើ​មនុស្ស​អាច​ឬ​ក៏​មិន​អាច​ស្ដាប់​បង្គាប់ ចុះចូល​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​ទេ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ផ្ដល់​ចម្លើយ​ដោយ​រក្សា​ភក្ដី​ភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ​ចំពោះ​ព្រះ​រហូត​ដល់​ស្លាប់។

៦:១៥, ១៦—តើ​ពាក្យ​ទាំងនេះ​សំដៅ​ទៅ​ព្រះ​យេហូវ៉ា​ឬ​ក៏​ព្រះ​យេស៊ូ​គ្រិស្ត? ពាក្យ​ទាំងនេះ​សំដៅ​ទៅ​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​នឹង​លេច​មក​ដូច​ដែល​បាន​រៀប​រាប់។ (១ធី. ៦:១៤) បើ​ប្រៀប​ធៀប​ទៅ​នឹង​មនុស្ស​ជាតិ​ដែល​សោយរាជ្យ​ជា​ស្តេច ជា​អម្ចាស់ មាន​តែ​ព្រះ​យេស៊ូ​ទេ​ដែល​ជា​ស្តេច​«ចក្រ​តែ​១​ព្រះ​អង្គ» ហើយ​ទ្រង់​តែ​មួយ​អង្គ​គត់​ដែល​មាន​ជីវិត​អមតៈ។ (ដា. ៧:១៤; រ៉ូម ៦:៩) តាំងពី​បាន​លើក​ឡើង​ទៅ​ស្ថាន​ដ៏​ខ្ពស់ គ្មាន​មនុស្ស​ជាតិ​ណា​ម្នាក់​ដែល​អាច​មើល​«ឃើញ»​ទ្រង់​ដោយ​ភ្នែក​ធម្មតា​ទេ។

មេរៀន​សម្រាប់​យើង:

៤:១៥: មិន​ថា​យើង​ជា​គ្រិស្ត​សាសនិក​យូរ​ឆ្នាំ​មក​ហើយ ឬ​ក៏​មិន​យូរ​ប៉ុន្មាន​ក្ដី យើង​ត្រូវ​តែ​ព្យាយាម​ឲ្យ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ជា​និច្ច ទាំង​ពង្រឹង​ចំណង​មេត្រីភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ផង។

៦:២: បើ​យើង​ធ្វើការ​ឲ្យ​អ្នក​ជឿ​គ្នីគ្នា យើង​គួរ​តែ​ខំ​ធ្វើការ​ជូន​គាត់​ឲ្យ​បាន​ច្រើន​ជាង​យើង​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ក្រៅ​ក្រុម​ជំនុំ​ទៅ​ទៀត ជា​ជាង​ឆ្លៀត​យក​ប្រយោជន៍​ពី​គាត់​តាម​មធ្យោបាយ​ណា​មួយ។

​«ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ​បន្ទូល​ចុះ! ហើយ​ទទូច​ជំរុញ​ផង»

(២ធី. ១:១​–​៤:២២)

ដើម្បី​ឲ្យ​ធីម៉ូថេ​ចេះ​ស៊ូទ្រាំ​ពេល​ជួប​ប្រទះ​គ្រា​លំបាក ប៉ុល​សរសេរ​ថា​៖ «ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដី​ស្រឡាញ់ នឹង​ប្រាជ្ញា​នឹង​ធឹង​វិញ»។ ធីម៉ូថេ​ត្រូវ​បាន​ព្រមាន​ថា​៖ «មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះ​អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាបសា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន»។—២ធី. ១:៧; ២:២៤

ប៉ុល​ដាស់​តឿន​ធីម៉ូថេ​ថា​៖ «ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ»។ ដោយ​ហេតុ​ថា​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ក្បត់​ជំនឿ​បាន​ចាប់​រាល​ដាល​នៅ​ក្នុង​ក្រុម​ជំនុំ សាវ័ក​ប៉ុល​ក៏​ជូន​ឱវាទ​ដល់​អ្នក​ត្រួត​ពិនិត្យ​ដែល​មាន​វ័យ​ក្មេង​នេះ​ថា​៖ «ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ​បន្ទូល​ចុះ! ហើយ​ទទូច​ជំរុញ​ផង . . . ចូរ​រំឭក​គេ​ឲ្យ​ដឹងខ្លួន ព្រម​ទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​គេ»។—២ធី. ៣:១៤; ៤:២

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:១៣—តើ​«អស់ទាំង​ពាក្យ​ត្រឹមត្រូវ»​ជា​អ្វី? «ពាក្យ​សំ​ដី​ដែល​ត្រឹមត្រូវ»​ជា​«បន្ទូល​របស់​ព្រះ​យេស៊ូ​វ​គ្រីស្ទ»​គឺជា​សេចក្ដី​បង្រៀន​ពិត​របស់​គ្រិស្ត​សាសនិក។ (១ធី. ៦:៣) អ្វី​ដែល​ព្រះ​យេស៊ូ​បង្រៀន​និង​ប្រព្រឹត្ត​គឺ​សម​ស្រប​ទៅ​តាម​បណ្ដាំ​របស់​ព្រះ។ ដូច្នេះ «ពាក្យ​សំ​ដី​ដែល​ត្រឹម​ត្រូវ»​បើ​និយាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ជាង គឺ​សំដៅ​ទៅ​សេចក្ដី​បង្រៀន​ទាំងអស់​ដែល​មាន​ក្នុង​គម្ពីរ។ សេចក្ដី​បង្រៀន​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង។ យើង​កាន់​តាម​ពាក្យ​ទាំងនេះ​ដោយ​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន​ពី​គម្ពីរ។

៤:១៣—តើ​«ក្រាំង​ស្បែក»​ជា​អ្វី? «ក្រាំង​ស្បែក»​សំដៅ​ទៅ​ស្បែក​សត្វ​ដែល​គេ​រៀបចំ​ទុក​សម្រាប់​សរសេរ។ ប្រហែល​ជា​ប៉ុល​សុំ​យក​សៀវភៅ​ខ្លះ​ជា​ភាសា​ហេព្រើរ ទុក​សម្រាប់​សិក្សា​បណ្ដាំ​របស់​ព្រះ​ក្នុង​អំឡុង​ពេល​ដែល​គាត់​ជាប់គុក​នៅ​ទីក្រុង​រ៉ូម។ សៀវភៅ​ខ្លះ​បាន​ចង​ក្រង​ពី​ក្រដាស​ផែបផាយរ៉ុស តែ​ខ្លះ​ទៀត​ពី​ក្រាំង​ស្បែក។

មេរៀន​សម្រាប់​យើង:

១:៥; ៣:១៥: មូល​ហេតុ​សំខាន់​បំផុត​ដែល​ធីម៉ូថេ​មាន​ជំនឿ​ទៅ​លើ​ព្រះ​គ្រិស្ត​យេស៊ូ ជា​ជំនឿ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​គាត់ គឺ​ដោយ​សារ​អ្នក​ផ្ទះ​របស់​ធីម៉ូថេ​បាន​បង្រៀន​គម្ពីរ​ដល់​គាត់​តាំង​ពី​គាត់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ។ ពិត​ជា​សំខាន់​មែន! ដែល​សមាជិក​ក្រុម​គ្រួសារ​គិត​ឲ្យ​បាន​ដិត​ដល់​ពី​ភារកិច្ច​ដែល​ពួក​គាត់​ត្រូវ​បំពេញ​នៅ​ចំពោះ​ព្រះ​និង​ចំពោះ​កូនៗ​ដែរ។

១:១៦​-​១៨: ពេល​បង​ប្អូន​ជួប​ប្រទះ​ទុក្ខ​លំបាក ប្រឈម​មុខ​នឹង​ការ​ល្បង​ល ជាប់​ឃុំឃាំង សូម​យើង​អធិដ្ឋាន​ឲ្យ​បង​ប្អូន និង​ជួយ​ពួក​គាត់​ឲ្យ​អស់​ពី​សមត្ថភាព​ផង។—សុ. ៣:២៧; ១ថែ. ៥:២៥

២:២២: គ្រិស្ត​សាសនិក​ទាំង​ឡាយ​អើយ! ជា​ពិសេស​ប្អូនៗ​យុវវ័យ​មិន​គួរ​ជាប់​រវល់​ហួស​ហេតុ​ពេក​នឹង​ការ​ហាត់​ដំឡើង​សាច់ដុំ កីឡា ភ្លេង ការ​កម្សាន្ត ការ​និយាយ​លេង​សើច​ឥត​ប្រយោជន៍ ការ​ធ្វើ​ដំណើរ​ជាដើម ដល់​ម្ល៉េះ​បាន​ជា​មាន​ពេល​តែ​បន្ដិច​បន្តួច​សម្រាប់​កិច្ចការ​បម្រើ​ព្រះ​ឡើយ។

[រូបភាព​នៅ​ទំព័រ​២៩]

តើ​សំបុត្រ​មួយ​ណា​ដែល​ព្រះ​បណ្ដាល​ឲ្យ​សាវ័ក​ប៉ុល​សរសេរ​ចុង​ក្រោយ​បង្អស់?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក