បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១០ ទំ. ២១-២៥
  • តើអ្នកលើកកិត្ដិយសគេជាមុនទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកលើកកិត្ដិយសគេជាមុនទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា​និង​នាម​របស់​ទ្រង់
  • អ្នក​នាំមុខ​ក្នុង​ក្រុម​ជំនុំ​បង្ហាញ​ការ​គោរព​ដល់​អ្នក​ឯ​ទៀត
  • ចូរ​គោរព​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា និង​ការ​ណែនាំ​ដែល​មក​ពី​ក្រុម​ជំនុំ
  • ចូរ​គោរព​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ
  • ​«ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប»
  • ស្តីអំពីការលើកកិត្ដិយសបងប្អូនរួមជំនឿ តើអ្នកលើកកិត្ដិយសគេមុនឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ចូរផ្ដល់កិត្ដិយសដល់អ្នកដែលសមនឹងទទួល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • លើកកិត្ដិយសចំពោះអ្នកដទៃ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចូរគោរពពួកបុគ្គលដែលមានអំណាចគ្រប់គ្រងលើអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១០ ទំ. ២១-២៥

តើ​អ្នក​លើក​កិត្ដិយស​គេ​ជា​មុន​ទេ?

​«ខាង​ឯ​សេចក្ដី​រាប់អាន[ឬ​«លើក​កិត្ដិយស»] នោះ​ឲ្យ​ខំ​រាប់អាន[ឬ​«លើក​កិត្ដិយស»]​គេ​ជា​មុន»។—រ៉ូម ១២:១០; ខ.ស.

១​. នៅ​ប្រទេស​ជា​ច្រើន តើ​មនុស្ស​កម្រ​បង្ហាញ​អ្វី?

តាម​ទំនៀម​ទម្លាប់​នៃ​ប្រទេស​ខ្លះៗ ក្មេងៗ​ត្រូវ​តែ​គោរព​មនុស្ស​ពេញវ័យ​ដោយ​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ពួក​គាត់។ នេះ​គឺ​ដោយ​សារ​ក្មេងៗ​មិន​ត្រូវ​ខ្ពស់​ជាង​អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង​ឡើយ។ នៅ​សហគមន៍​ទាំងនេះ បើ​កូន​ក្មេង​បែរ​ខ្នង​ដាក់​មនុស្ស​ពេញវ័យ នោះ​គេ​ក៏​គិត​ថា​មិនជា​ការ​បង្ហាញ​ការ​គោរព​ឡើយ។ ទោះបី​វប្បធម៌​នីមួយៗ​មាន​របៀប​បង្ហាញ​ការ​គោរព​ខុសៗ​ពី​គ្នា​ក៏​ពិត​មែន តែ​ការ​បង្ហាញ​ការ​គោរព​បែប​នេះ​រំលឹក​យើង​អំពី​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ។ ក្នុង​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​មាន​បញ្ជា​ដែល​ថា​៖ «ត្រូវ​ឲ្យ​ឯង​ក្រោក​ឡើង​ឈរ​[ដើម្បី​បង្ហាញ​ការ​គោរព]​នៅ​មុខ​មនុស្ស​ចាស់​សក់​ស ត្រូវ​គោរព​ដល់​មនុស្ស​មាន​វ័យ​ចំរើន»។ (លេវី. ១៩:៣២) គួរ​ឲ្យ​សោក​ស្ដាយ នៅ​កន្លែង​ជា​ច្រើន កម្រ​មាន​ណាស់​មនុស្ស​ដែល​ចេះ​លើក​កិត្ដិយស​ដល់​អ្នក​ឯ​ទៀត។ តាម​ពិត​សព្វ​ថ្ងៃ​នេះ ការ​គ្មាន​សេចក្ដី​គោរព​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។

២​. តើ​បណ្ដាំ​របស់​ព្រះ​បង្គាប់​ឲ្យ​យើង​គោរព​អ្នក​ណាខ្លះ?

២ បណ្ដាំ​របស់​ព្រះ​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ការ​បង្ហាញ​សេចក្ដី​គោរព។ បណ្ដាំ​នោះ​បង្គាប់​ឲ្យ​យើង​គោរព​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ។ (យ៉ូន. ៥:​២៣) យើង​ក៏​ត្រូវ​បាន​បង្គាប់​ឲ្យ​គោរព​សមាជិក​ក្រុម​គ្រួសារ អ្នក​ជឿ​គ្នីគ្នា ព្រម​ទាំង​មនុស្ស​ខ្លះៗ​នៅ​ក្រៅ​ក្រុម​ជំនុំ​ដែរ។ (រ៉ូម ១២:១០; អេភ. ៦:១, ២; ១ពេ. ២:១៧) តើ​យើង​អាច​លើក​កិត្ដិយស​ដល់​ព្រះ​យេហូវ៉ា​តាម​របៀប​ណាខ្លះ? តើ​យើង​អាច​លើក​កិត្ដិយស​ឬ​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ដល់​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​យើង​ពិចារណា​សំណួរ​ទាំងនេះ​និង​សំណួរ​ខ្លះ​ទៀត​ដែល​ទាក់ទង​នឹង​រឿង​នោះ។

ចូរ​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា​និង​នាម​របស់​ទ្រង់

៣​. តើ​អ្វី​ជា​វិធី​សំខាន់​មួយ​ដើម្បី​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា?

៣ វិធី​សំខាន់​មួយ​ដើម្បី​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា​គឺ​ដោយ​បង្ហាញ​ការ​គោរព​យ៉ាង​ត្រឹមត្រូវ​ចំពោះ​នាម​របស់​ទ្រង់។ យ៉ាង​ណា​មិញ យើង​ជា​«រាស្ត្រ​១​ពួក . . . [ដែល​បាន]​ទុក​សំ​រាប់​ព្រះ​នាម​ទ្រង់»។ (កិច្ច. ១៥:​១៤) យើង​ពិតជា​មាន​កិត្ដិយស​មែន! ដោយ​កាន់​តាម​នាម​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​មាន​អំណាច​ខ្លាំង​ក្លា​បំផុត។ មីកា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​និយាយ​ថា​៖ «នោះ​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​ជា​ដរាប​រៀង​ត​ទៅ​វិញ»។ (មីកា ៤:៥) យើង​«ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា» ដោយ​ខំ​ប្រឹង​រស់​នៅ​តាម​របៀប​ដែល​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា និង​នាម​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុល​បាន​រំលឹក​គ្រិស្ត​សាសនិក​នៅ​ទីក្រុង​រ៉ូម​ថា បើ​យើង​មិន​រស់​នៅ​សម​ស្រប​តាម​ដំណឹង​ល្អ​ដែល​យើង​ផ្សាយ នោះ​យើង​អាច​«ប្រមាថ»​ដល់​នាម​របស់​ព្រះ នឹង​បង្ខូច​កេរ្ដិ៍ឈ្មោះ​ល្អ​របស់​ទ្រង់​ផង។—រ៉ូម ២:​២១​-​២៤

៤​. តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឯក​សិទ្ធ​ក្នុង​ការ​ផ្សាយ​អំពី​ព្រះ​យេហូវ៉ា?

៤ យើង​ក៏​អាច​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា​ដោយ​កិច្ច​ផ្សព្វផ្សាយ​ដែរ។ ព្រះ​យេហូវ៉ា​ធ្លាប់​អញ្ជើញ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ជា​សាក្សី​របស់​ទ្រង់ ប៉ុន្តែ​ពួក​គេ​មិន​បាន​ធ្វើ​តាម​តួ​នាទី​នោះ​ឡើយ។ (អេសា. ៤៣:១​-​១២) ជា​ញឹកញយ សាសន៍​អ៊ីស្រាអែល​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ហើយ​ក៏​នាំ​ឲ្យ​ទ្រង់​«ព្រួយ​ព្រះ​ហឫទ័យ»។ (ទំនុក. ៧៨:​៤០) នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​លែង​ពេញចិត្ត​ទាល់តែ​សោះនឹង​សាសន៍​អ៊ីស្រាអែល។ ប៉ុន្តែ សព្វថ្ងៃ​នេះ​យើង​ដឹងគុណ​ដោយ​មាន​ឯក​សិទ្ធ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​យេហូវ៉ា និង​នាំ​ឲ្យ​អ្នក​ដទៃ​ស្គាល់​នាម​ទ្រង់។ យើង​ផ្សព្វ​ផ្សាយ​ដោយ​សារ​យើង​ស្រឡាញ់​ទ្រង់ ហើយ​យើង​ពិត​ជា​ចង់​ឲ្យ​នាម​របស់​ទ្រង់​បាន​បរិសុទ្ធ។ ដោយ​ស្គាល់​សេចក្ដី​ពិត​អំពី​បិតា​នៅ​ស្ថាន​សួគ៌ និង​គោល​បំណង​របស់​ទ្រង់ នោះ​នាំ​ឲ្យ​យើង​មានចិត្ត​ចង់​ផ្សាយ​អំពី​ទ្រង់ មែន​ទេ? យើង​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ុល​ពេល​គាត់​មាន​ប្រសាសន៍​ថា​៖ «ដ្បិត​ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ!»។—១កូ. ៩:១៦

៥​. តើ​ការ​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​គោរព​ទ្រង់​យ៉ាង​ដូច​ម្ដេច?

៥ ដាវីឌ​ដែល​ជា​អ្នក​តែង​បទ​ទំនុក​ដំ​កើង​បាន​ថ្លែង​ថា​៖ «ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិត​ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រង់​មិន​បាន​បោះបង់​ចោល​ពួក​អ្នក ដែល​ស្វែង​រក​ទ្រង់​ឡើយ»។ (ទំនុក. ៩:១០) ប្រសិន​បើ​យើង​ពិតជា​ស្គាល់​ព្រះ​យេហូវ៉ា និង​បង្ហាញ​ការ​គោរព​ចំពោះ​អ្វី​ដែល​នាម​ទ្រង់​តំណាង នោះ​យើង​នឹង​ទុកចិត្ត​លើ​ទ្រង់​ដូច​អ្នក​បម្រើ​ស្មោះ​ភក្ដី​របស់​ទ្រង់​ពី​សម័យ​បុរាណ។ ការ​ទុក​ចិត្ត​និង​ជំនឿ​បែប​នេះ​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​វិធី​មួយទៀត​ដែល​យើង​លើក​កិត្ដិយស​ដល់​ទ្រង់។ សូម​កត់​សម្គាល់​របៀប​ដែល​បណ្ដាំ​របស់​ព្រះ​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ព្រម​ទាំង​ការ​គោរព​ទ្រង់​ជាប់​ពាក់​ព័ន្ធ​នឹង​គ្នា។ ពេល​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​មិន​បាន​ទុកចិត្ត​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​សួរ​ម៉ូសេ​ថា​៖ «តើ​ជន​ទាំងឡាយ​នេះ នឹង​នៅ​តែ​មើល​ងាយ​អញ ដល់​កាល​ណា​ទៀត? តើ​ដល់​កាល​ណា​ទៀត​ដែល​គេ​នៅ​តែ​មិន​ជឿ​ដល់​អញ ទោះ​បើ​ឃើញ​អស់​ទាំង​ទី​សំ​គាល់ ដែល​អញ​បាន​ធ្វើ​នៅ​កណ្ដាល​គេ​ជា​ច្រើន​ម្ល៉េះ​ផង?»។ (ជន. ១៤:​១១, កំណែ​ជា​អក្សរ​ទ្រេត) ផ្ទុយ​ទៅ​វិញ យើង​អាច​បង្ហាញ​ថា​យើង​គោរព​ព្រះ​យេហូវ៉ា ដោយ​ទុក​ចិត្ត​លើ​ទ្រង់​ដើម្បី​ការពារ​និង​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ​ក្នុង​គ្រា​មាន​ទុក្ខ​លំបាក។

៦​. តើ​អ្វី​ដែល​នាំ​យើង​ឲ្យ​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា?

៦ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​ការ​គោរព​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ផុស​ចេញ​ពី​ចិត្ត។ ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ដែល​មិន​មាន​ចិត្ត​ស្មោះ​ក្នុង​ការ​ថ្វាយ​បង្គំ នោះ​ទ្រង់​បាន​ដក​ស្រង់​ពាក្យ​របស់​ព្រះ​យេហូវ៉ា​ថា​៖ «បណ្ដា​ជន​នេះ គេ​គោរព​ប្រតិបត្ដិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់»។ (ម៉ាថ. ១៥:៨) ការ​គោរព​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ គឺ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​ដែល​យើង​មាន​ចំពោះ​ទ្រង់។ (១យ៉ូន. ៥:៣) ម្យ៉ាងទៀត យើង​ក៏​ចង​ចាំ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែរ​ដែល​ថា​៖ «អស់​អ្នក​ណា​ដែល​លើក​ដំ​កើង​អញ នោះ​អញ​នឹង​ដំ​កើង​អ្នក​នោះ​ឡើង​ដែរ»។—១សាំ. ២:៣០

អ្នក​នាំមុខ​ក្នុង​ក្រុម​ជំនុំ​បង្ហាញ​ការ​គោរព​ដល់​អ្នក​ឯ​ទៀត

៧​. (ក) ហេតុ​អ្វី​គប្បី​ឲ្យ​បង​ប្រុសៗ​ដែល​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​ឲ្យ​កិត្ដិយស​ដល់​បង​ប្អូន​ដែល​ពួក​គាត់​ថែរក្សា? (ខ) តើ​ប៉ុល​បង្ហាញ​ការ​គោរព​ដល់​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច?

៧ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ថា​៖ «ខាង​ឯ​សេចក្ដី​រាប់​អាន​[ឬ​«លើក​កិត្ដិយស»] នោះ​ឲ្យ​ខំ​រាប់​អាន​[ឬ​«លើក​កិត្ដិយស»]​គេ​ជា​មុន»។ (រ៉ូម ១២:១០; ខ.ស.) គប្បី​ឲ្យ​បង​ប្រុសៗ​ដែល​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ តាំង​គំរូ​ឬ​ឲ្យ​កិត្ដិយស​បង​ប្អូន​ដែល​ពួក​គាត់​ថែរក្សា​ដល់​«គេ​ជា​មុន»។ ស្តី​អំពី​រឿង​នេះ អ្នក​ដែល​មាន​ភារកិច្ច​ច្រើន​ក្នុង​ក្រុម​ជំនុំ​គួរ​ធ្វើ​តាម​គំរូ​របស់​សាវ័ក​ប៉ុល។ (សូម​អាន ថែស្សាឡូនីចទី១ ២:៧, ៨) បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​សាវ័ក​ប៉ុល​បាន​ទៅ​ជួប នោះ​ដឹង​ថា​ប៉ុល​នឹង​មិន​សុំ​ឲ្យ​ពួក​គាត់​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ព្រម​ធ្វើ​ឡើយ។ ប៉ុល​បាន​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​រួម​ជំនឿ ហើយ​បង​ប្អូន​រួម​ជំនឿ​ក៏​គោរព​គាត់​វិញ​ដែរ។ ពេល​ប៉ុល​និយាយ​ថា​៖ «ដូច្នេះ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​យក​ដំ​រាប់​តាម​ខ្ញុំ​ចុះ!» នោះ​យើង​អាច​ជឿ​ជាក់​ថា ដោយ​សារ​គំរូ​ដ៏​ល្អ​របស់​ប៉ុល នោះ​បង​ប្អូន​ជា​ច្រើន​នាក់​ពិត​ជា​ស្ម័គ្រ​ចិត្ត​ត្រាប់​តាម​គាត់​មែន!—១កូ. ៤:១៦

៨​. (ក) តើ​អ្វី​ជា​វិធី​សំខាន់​មួយ​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ការ​គោរព​ដល់​សិស្ស​របស់​ទ្រង់? (ខ) សព្វថ្ងៃ​នេះ តើ​ពួក​អ្នក​ត្រួត​ពិនិត្យ​អាច​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

៨ វិធី​មួយ​ទៀត​បង​ប្រុស​ដែល​មាន​ភារកិច្ច​អាច​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​ដែល​គាត់​ថែរក្សា គឺ​ដោយ​ពន្យល់​ពី​មូល​ហេតុ​ពេល​គាត់​សុំ​ឬ​ណែនាំ​ឲ្យ​បង​ប្អូន​ធ្វើ​អ្វី​មួយ។ ដោយ​ធ្វើ​ដូច្នេះ​គាត់​យក​តម្រាប់​តាម​ព្រះ​យេស៊ូ។ ជា​ឧទាហរណ៍ ពេល​ទ្រង់​ប្រាប់​សិស្ស​ឲ្យ​អធិដ្ឋាន​ដើម្បី​មាន​អ្នក​ច្រូត​ច្រើន​ជាង ទ្រង់​បាន​ប្រាប់​ពី​មូលហេតុ។ ទ្រង់​មាន​ប្រសាសន៍​ថា​៖ «ចំ​រូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ។ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​នៃ​ចំ​រូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំ​រូត​ទ្រង់»។ (ម៉ាថ. ៩:​៣៧, ៣៨, កំណែ​ជា​អក្សរ​ទ្រេត) ស្រ​ដៀង​គ្នា​ដែរ ពេល​ទ្រង់​ប្រាប់​សិស្ស​ឲ្យ​«ចាំ​យាម» នោះ​ទ្រង់​ផ្ដល់​មូល​ហេតុ។ ទ្រង់​មាន​ប្រសាសន៍​ថា​៖ «ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ​អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ»។ (ម៉ាថ. ២៤:៤២, កំណែ​ជា​អក្សរ​ទ្រេត) ជា​ញឹកញយ ព្រះ​យេស៊ូ​មិន​គ្រាន់តែ​ប្រាប់​សិស្ស​ពី​អ្វី​ដែល​ពួក​គាត់​គួរតែ​ធ្វើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ប្រាប់​ពី​ហេតុ​ដែល​ពួក​គាត់​គួរ​ធ្វើ​ដែរ។ តាម​របៀប​នេះ ទ្រង់​បាន​បង្ហាញ​កិត្ដិយស​និង​ការ​គោរព​ចំពោះ​ពួក​គាត់។ នេះ​ពិតជា​គំរូ​ល្អ​ឲ្យ​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​យក​តម្រាប់​តាម​មែន!

ចូរ​គោរព​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា និង​ការ​ណែនាំ​ដែល​មក​ពី​ក្រុម​ជំនុំ

៩​. កាលណា​យើង​បង្ហាញ​ការ​គោរព​ដល់​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក និង​អ្នក​ដែល​តំណាង​ក្រុម​ជំនុំ តើ​យើង​ក៏​បង្ហាញ​ការ​គោរព​ដល់​អ្នក​ណា​ដែរ? សូម​ពន្យល់។

៩ ដើម្បី​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា យើង​ក៏​ត្រូវ​លើក​កិត្ដិយស​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​នៅ​ទូ​ទាំង​ពិភព​លោក ព្រម​ទាំង​អ្នក​ដែល​តំណាង​ក្រុម​ជំនុំ​ដែរ។ កាលណា​យើង​ធ្វើ​តាម​ដំបូន្មាន​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ពី​អ្នក​បម្រើ​ស្មោះត្រង់ នោះ​យើង​បង្ហាញ​ការ​គោរព​ដល់​អង្គការ​របស់​ព្រះ​យេហូវ៉ា និង​ការ​ណែនាំ​ដែល​មក​ពី​អង្គការ​ដែរ។ ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ សាវ័ក​យ៉ូហាន​បាន​បន្ទោស​អស់អ្នក​ដែល​មិន​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ដែល​បាន​តែង​តាំង។ (សូម​អាន យ៉ូហានទី៣ ៩​-​១១) ពាក្យ​សម្ដី​របស់​យ៉ូហាន​បង្ហាញ​ឲ្យ​ដឹង​ថា ពួក​នោះ​មិន​គ្រាន់​តែ​គ្មាន​សេចក្ដី​គោរព​ចំពោះ​អ្នក​ត្រួត​ពិនិត្យ​ម្នាក់ៗ​ទេ។ ប៉ុន្តែ ក៏​គ្មាន​សេចក្ដី​គោរព​ចំពោះ​សេចក្ដី​បង្រៀន​និង​ការ​ណែនាំ​ពី​អ្នក​ត្រួត​ពិនិត្យ​ដែរ។ គួរ​ឲ្យ​រីក​រាយ​ណាស់ ដែល​គ្រិស្ត​សាសនិក​ភាគ​ច្រើន​មិន​មាន​ចិត្ត​បែប​នោះ​ឡើយ។ តាម​មើល​ទៅ កាល​ដែល​ពួក​សាវ័ក​នៅ​រស់ ពួក​គាត់​រាប់​អាន​គ្នា​ដូច​បង​ដូច​ប្អូន ហើយ​បាន​បង្ហាញ​សេចក្ដី​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ដល់​អស់អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ។—ភី. ២:១២

១០, ១១​. ហេតុ​អ្វី​បាន​ជា​មិន​ខុស​ដែល​អ្នក​ខ្លះ​មាន​អំណាច​នៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក? សូម​ពន្យល់​ពី​បទ​គម្ពីរ។

១០ ដោយ​សារ​ព្រះ​យេស៊ូ​បាន​ប្រាប់​សិស្ស​ទ្រង់​ថា​៖ «អ្នក​រាល់​គ្នា . . . ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់» នោះ​អ្នក​ខ្លះ​បាន​គិត​ថា​មិន​គួរ​មាន​អំណាច​គ្រប់​គ្រង​ក្នុង​ក្រុម​ជំនុំ​ទេ។ (ម៉ាថ. ២៣:៨) យ៉ាង​ណា​ក៏​ដោយ ទាំង​បទ​គម្ពីរ​ភាសា​ហេព្រើរ​និង​ភាសា​ក្រិច​មាន​គំរូ​ជា​ច្រើន​អំពី​បុរស​ដែល​ព្រះ​ផ្ដល់​អំណាច​ឲ្យ។ ប្រវត្ដិសាស្ត្រ​នៃ​ពួក​ចៅហ្វាយ ស្តេច និង​បុព្វបុរស​របស់​ជន​ជាតិ​អ៊ីស្រាអែល​ពី​បុរាណ បាន​បង្ហាញ​ទី​សំ​អាង​យ៉ាង​ជាក់​ស្តែង​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​តាម​រយៈ​អ្នក​តំណាង​របស់​ទ្រង់។ កាល​ណា​បណ្ដា​ជន​មិន​លើក​កិត្ដិយស​យ៉ាង​ត្រឹមត្រូវ​ដល់​អស់អ្នក​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ នោះ​ព្រះ​យេហូវ៉ា​ទូន្មាន​ប្រដៅ​ពួក​គេ។—២ពង្ស. ១:២​-​១៧; ២:១៩, ២៣, ២៤

១១ ស្រ​ដៀង​គ្នា​ដែរ ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ទទួល​ស្គាល់​អំណាច​របស់​ពួក​សាវ័ក។ (កិច្ច. ២:​៤២) ជា​ឧទាហរណ៍ ប៉ុល​បាន​ផ្ដល់​ការ​ណែនាំ​ដល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ (១កូ. ១៦:​១; ១ថែ. ៤:២) យ៉ាង​ណា​ក្ដី ប៉ុល​ក៏​បាន​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​នឹង​អស់​អ្នក​ដែល​មាន​អំណាច​លើ​គាត់​ដែរ។ (កិច្ច. ១៥:​២២; កា. ២:៩, ១០) ប្រាកដ​ហើយ ប៉ុល​មាន​ទស្សនៈ​ត្រឹមត្រូវ​អំពី​អំណាច​ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក។

១២​. ពី​គំរូ​ក្នុង​គម្ពីរ​តើ​យើង​អាច​ទាញ​មេរៀន​ពីរ​យ៉ាង​អ្វី​ស្តី​អំពី​អំណាច?

១២ យើង​អាច​ទាញ​មេរៀន​ពីរ​យ៉ាង​ស្តី​អំពី​អំណាច។ ទី​១ គឺ​សម​ស្រប​នឹង​បទ​គម្ពីរ​ដែល​ឲ្យ​«អ្នក​បំរើ​ស្មោះត្រង់» តែង​តាំង​បុរស​តាម​រយៈ​គណៈ​អភិបាល​ដើម្បី​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ ព្រម​ទាំង​តែង​តាំង​បុរស​ខ្លះៗ​ដើម្បី​មាន​អំណាច​គ្រប់គ្រង​លើ​បុរស​ឯ​ទៀត​ដែល​ត្រូវ​បាន​តែង​តាំង​នោះ។ (ម៉ាថ. ២៤:៤៥​-​៤៧; ១ពេ. ៥:១​-​៣) ទី​២ គប្បី​ឲ្យ​យើង​គ្រប់​គ្នា​រួម​ទាំង​បុរស​ដែល​ត្រូវ​បាន​តែង​តាំង ផ្ដល់​កិត្ដិយស​ដល់​អស់​អ្នក​ដែល​មាន​អំណាច​លើ​យើង។ ដូច្នេះ តើ​យើង​អាច​ផ្ដល់​កិត្ដិយស​ដល់​អស់អ្នក​ដែល​មាន​ភារកិច្ច​ត្រួតពិនិត្យ​ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​នៅ​ទូ​ទាំង​ពិភព​លោក​តាម​របៀប​ណា​ខ្លះ?

ចូរ​គោរព​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ

១៣​. សព្វថ្ងៃ​នេះ តើ​យើង​អាច​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​តំណាង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​យ៉ាង​ដូច​ម្ដេច?

១៣ ប៉ុល​បាន​និយាយ​ថា​៖ «បង​ប្អូន​អើយ! យើង​ខ្ញុំ​អង្វរ​អ្នក​រាល់​គ្នា​ថា ចូរ​ចំណាំ​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​ខំ​ធ្វើ​កិច្ចការ​ក្នុង​ពួក​អ្នក​រាល់​គ្នា នឹង​ពួក​អ្នក​ដែល​នាំមុខ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ​អម្ចាស់ ហើយ​នឹង​ពួក​អ្នក​ដែល​ទូន្មាន​ដែរ។ ដើម្បី​ឲ្យ​បាន​រាប់អាន​ជា​ខ្លាំង ចំពោះ​ពួក​អ្នក​យ៉ាង​នោះ ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​ព្រោះ​ការ​ដែល​គេ​ធ្វើ។ ចូរ​នៅ​ជា​មួយ​គ្នា​ដោយ​មេត្រី​ចុះ!»។ (១ថែ. ៥:១២, ១៣) ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ពិត​ជា​«ពួក​អ្នក​ដែល​ខំ​ធ្វើ​កិច្ចការ»​ឬ​ពួក​អ្នក​ដែល​ធ្វើការ​យ៉ាង​នឿយហត់​មែន។ ដូច្នេះ​ហើយ សូម​ឲ្យ​យើង​«រាប់អាន​ជា​ខ្លាំង»​ឬ​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ពួក​គាត់។ វិធី​មួយ​ដែល​យើង​អាច​ឲ្យ​តម្លៃ​ខ្ពស់​លើ​ពួក​គាត់​គឺ​ដោយ​ធ្វើ​តាម​ដំបូន្មាន​របស់​ពួក​គាត់​យ៉ាង​ស្មោះ​អស់ពី​ចិត្ត។ កាលណា​អ្នក​ធ្វើ​ដំណើរ​ត្រួតពិនិត្យ​រៀបរាប់​អំពី​ការ​ណែនាំ​ពី​អ្នកបម្រើ​ស្មោះត្រង់ នោះ​«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»​នឹង​ជំរុញ​យើង​ឲ្យ​មាន​«ចិត្ត​ទន់»​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​នោះ។—យ៉ា. ៣:១៧

១៤​. តើ​ក្រុម​ជំនុំ​បង្ហាញ​ថា​មាន​សេចក្ដី​គោរព​ពិត​ប្រាកដ​ចំពោះ​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​យ៉ាង​ដូច​ម្ដេច? ហើយ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

១៤ ចុះ​យ៉ាង​ណា​បើ​យើង​ត្រូវ​បាន​បង្គាប់​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​ពី​របៀប​ដែល​យើង​ធ្លាប់​ធ្វើ? ការ​បង្ហាញ​សេចក្ដី​គោរព​ជួន​កាល​តម្រូវ​ឲ្យ​យើង​ជៀស​វាង​ពី​ការ​ជំទាស់​នឹង​សេចក្ដី​បង្គាប់​នោះ​ដោយ​មាន​ចិត្ត​គំនិត​ដូច​ជា «យើង​មិន​ធ្វើ​ដូច្នេះ​ទេ​នៅ​ទី​នេះ» ឬ​«ប្រហែល​ជា​អាច​ធ្វើ​បាន​នៅ​កន្លែង​ផ្សេង​មែន ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ក្នុង​ក្រុម​ជំនុំ​យើង​ទេ»។ ផ្ទុយ​ទៅ​វិញ យើង​ខំ​ប្រឹង​ធ្វើ​តាម​សេចក្ដី​បង្គាប់​នោះ។ ដោយ​ចង​ចាំ​ថា​ក្រុម​ជំនុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេស៊ូ​ជា​អ្នក​នាំមុខ​ក្រុម​ជំនុំ នោះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​ជា​មិន​ខាន។ កាលណា​ក្រុម​ជំនុំ​ទទួល​ការ​ណែនាំ​ដោយ​អំណរ​ពី​អ្នក​ធ្វើ​ដំណើរ​ត្រួតពិនិត្យ ព្រម​ទាំង​អនុវត្ត​តាម នោះ​បង្ហាញ​ពី​ការ​គោរព​ជា​ពិត​ប្រាកដ។ សាវ័ក​ប៉ុល​បាន​សរសើរ​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​ទីក្រុង​កូរិនថូស ដោយសារ​ពួក​គាត់​គោរព​ហើយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ទីតុស​បាន​ផ្ដល់​ជូន​ពេល​ទៅ​សួរ​សុខទុក្ខ​ពួក​គាត់។ (២កូ. ៧:១៣​-​១៦) ដូច​គ្នា​ដែរ សព្វថ្ងៃ​នេះ​យើង​អាច​ជឿជាក់​ថា ការ​ស្ម័គ្រ​ចិត្ត​អនុវត្ត​តាម​ការ​ណែនាំ​ពី​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួតពិនិត្យ នោះ​នាំ​ឲ្យ​យើង​មាន​អំណរ​កាន់តែ​ច្រើន​ឡើង​ក្នុង​កិច្ច​ផ្សព្វផ្សាយ។—សូម​អាន កូរិនថូសទី២ ១៣:១១

​«ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប»

១៥​. តើ​យើង​អាច​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​រួម​ជំនឿ​តាម​របៀប​ណាខ្លះ?

១៥ ប៉ុល​បាន​សរសេរ​ថា​៖​«កុំ​ឲ្យ​ស្តីបន្ទោស​ដល់​មនុស្ស​ចាស់ៗ​ឡើយ ចូរ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក​ចុះ! ហើយ​មនុស្ស​ដែល​ក្មេង​ជាង​អ្នក នោះ​ទុក​ដូច​ជា​ប្អូន​វិញ។ ឯ​ស្ត្រី​ចាស់ៗ​ទុក​ដូច​ជា​ម្ដាយ ហើយ​ពួក​ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុក​ដូច​ជា​ប្អូន​ដែរ ដោយ​សេចក្ដី​បរិសុទ្ធ​សព្វ​គ្រប់។ ចូរ​គោរព​ដល់​ពួក​ស្ត្រី​ដែល​ពិត​ជា​មេម៉ាយ​មែន»។ (១ធី. ៥:១​-​៣) ត្រូវ​ហើយ បណ្ដាំ​របស់​ព្រះ​ដាស់​តឿន​យើង​ឲ្យ​លើក​កិត្ដិយស​បង​ប្អូន​គ្រប់​គ្នា​ក្នុង​ក្រុម​ជំនុំ។ ចុះ​យ៉ាង​ណា​បើ​មាន​ការ​ទាស់​ទែង​គ្នា​រវាង​យើង​និង​បង​ប្អូន​រួម​ជំនឿ? តើ​នេះ​នឹង​រារាំង​យើង​ពី​ការ​បង្ហាញ​សេចក្ដី​គោរព​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ទេ? ឬ​ក៏​តើ​យើង​អាច​កែប្រែ​ចិត្ត​គំនិត​របស់​យើង​ដោយ​ទទួល​ស្គាល់​លក្ខណៈ​សម្បត្ដិ​ល្អជា​គ្រិស្ត​សាសនិក​របស់​គាត់​បាន​ទេ? ជា​ពិសេស គប្បី​ឲ្យ​បង​ប្អូន​ដែល​មាន​អំណាច​រក្សា​ទស្សនៈ​ដែល​ប្រកប​ដោយ​សេចក្ដី​គោរព​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ដោយ​មិន​«ប្រើ​អំណាច​ជិះជាន់ . . . ដល់​ហ្វូង​ចៀម»​ឡើយ។ (១ពត្រ​. [១ពេ.] ៥:៣, ខ.ស.) ប្រាកដ​ហើយ ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​ដែល​ត្រូវ​សម្គាល់​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​អស់ពី​ចិត្ត​ដែល​សមាជិក​មាន​ចំពោះ​គ្នីគ្នា យើង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក។—សូម​អាន យ៉ូហាន ១៣:​៣៤, ៣៥

១៦, ១៧​. (ក) ហេតុ​អ្វី​ក៏​សំខាន់​ឲ្យ​យើង​គោរព​អ្នក​ប្រឆាំង​និង​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​ផ្សព្វផ្សាយ? (ខ) តើ​យើង​អាច​«គោរព​មនុស្ស​គ្រប់ៗ​រូប»​យ៉ាង​ដូច​ម្ដេច?

១៦ ពិតមែន! យើង​មិន​គ្រាន់តែ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​តែ​ប៉ុណ្ណោះ​ទេ។ ប៉ុល​បាន​សរសេរ​ទៅ​គ្រិស្ត​សាសនិក​នៅ​សម័យ​គាត់​ថា​៖ «កាលណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំងអស់»។ (កា. ៦:១០) ការ​អនុវត្ត​តាម​គោលការណ៍​នោះ​ពិតជា​ពិបាក បើ​អ្នក​រួម​ការងារ​ឬ​រួម​ថ្នាក់​ប្រព្រឹត្ត​មិន​ល្អ​មក​លើ​យើង។ ពេល​មានរឿង​នេះ​កើតឡើង យើង​ត្រូវ​នឹក​ចាំ​ពាក្យ​ដែល​ថា​៖ «កុំ​ឲ្យ​ក្ដៅចិត្ត ដោយ​ព្រោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ»។ (ទំនុក. ៣៧:១) ការ​ធ្វើ​តាម​ដំបូន្មាន​នោះ​នឹង​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​បង្ហាញ​ការ​គោរព សូម្បី​តែ​ដល់​អ្នក​ប្រឆាំង​ផង។ ស្រ​ដៀង​គ្នា​ដែរ ពេល​យើង​កំពុង​តែ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ ការ​ចេះ​ដាក់​ខ្លួន​នឹង​ជួយ​យើង​ឲ្យ​តប​ឆ្លើយ​«ដោយ​សុភាព​ហើយ​កោត​ខ្លាច»​ដល់​មនុស្ស​គ្រប់​រូប។ (១ពេ. ៣:​១៥) សូម្បី​តែ​អាការ​ក្រៅ​និង​សម្លៀក​បំពាក់​របស់​យើង​ក៏​អាច​បង្ហាញ​ថា​យើង​គោរព​ដល់​អស់អ្នក​ដែល​យើង​ជួប​ពេល​ផ្សព្វផ្សាយ​ដែរ។

១៧ ត្រូវ​ហើយ មិន​ថា​យើង​កំពុង​ទាក់ទង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ឬ​អ្នក​នៅ​ក្រៅ​ក្រុម​ជំនុំ​ក្ដី យើង​ចង់​ព្យាយាម​អនុវត្ត​តាម​ការ​ដាស់​តឿន​ដែល​ថា​៖​«ចូរ​រាប់អាន​ដល់​មនុស្ស​ទាំងអស់​[ឬ​«គោរព​មនុស្ស​គ្រប់ៗ​រូប»] ហើយ​ស្រឡាញ់​បង​ប្អូន កោត​ខ្លាច​ដល់​ព្រះ ព្រម​ទាំង​គោរព​ប្រតិបត្ដិ​ដល់​ស្តេច​ផង»។—១ពេ. ២:១៧; ១ពត្រ​. ២:១៧, ខ.ស.

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​អ្នក​អាច​បង្ហាញ​ការ​គោរព​ដ៏​ត្រឹមត្រូវ​យ៉ាង​ដូច​ម្ដេច​ចំពោះ:

• ព្រះ​យេហូវ៉ា?

• អ្នក​ចាស់ទុំ​ក្រុម​ជំនុំ​និង​អ្នក​ធ្វើ​ដំណើរ​ត្រួតពិនិត្យ?

• សមាជិក​នីមួយៗ​ក្នុង​ក្រុម​ជំនុំ?

• អស់អ្នក​ដែល​យើង​ជួប​ពេល​ផ្សព្វផ្សាយ?

[រូបភាព​នៅ​ទំព័រ​២៣]

ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​គោរព​តាម​ការ​ដឹកនាំ​របស់​គណៈ​អភិបាល

[រូបភាព​នៅ​ទំព័រ​២៤]

អ្នក​ចាស់ទុំ​នៅ​គ្រប់​ប្រទេស ឲ្យ​កិត្ដិយស​ដល់​អ្នក​ធ្វើ​ដំណើរ​ត្រួតពិនិត្យ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​គណៈ​អភិបាល

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក