បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 មីនា ទំ. ៣-៨
  • ចូរផ្ដល់កិត្ដិយសដល់អ្នកដែលសមនឹងទទួល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរផ្ដល់កិត្ដិយសដល់អ្នកដែលសមនឹងទទួល
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​បង្ហាញ​ថា​យើង​ឲ្យ​កិត្ដិ​យស​អ្នក​ឯ​ទៀត​តាម​របៀប​ត្រឹម​ត្រូវ
  • ចូរ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត
  • ប្រយោជន៍​ដែល​មក​ពី​ការ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត
  • ស្តីអំពីការលើកកិត្ដិយសបងប្អូនរួមជំនឿ តើអ្នកលើកកិត្ដិយសគេមុនឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • លើកកិត្ដិយសចំពោះអ្នកដទៃ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • តើអ្នកលើកកិត្ដិយសគេជាមុនទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរឲ្យយើងទាំងអស់គ្នាលើកកិត្ដិយសចំព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 មីនា ទំ. ៣-៨
អ្នកចាស់ទុំ២៤នាក់ដែលបានត្រូវរៀបរាប់នៅសៀវភៅការបើកបង្ហាញកំពុងលំឱនកាយនៅមុខបល្ល័ង្កព្រះយេហូវ៉ា

ចូរ​ផ្ដល់​កិត្ដិ​យស​ដល់​អ្នក​ដែល​សម​នឹង​ទទួល

​«​សូម​ឲ្យ​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​និង​កូន​ចៀម​ប្រកប​ដោយ​ពរ កិត្ដិ​យស សិរី​រុង​រឿង និង​កម្លាំង​ខ្លាំង​ក្លា​ជា​រៀង​រហូត​»។—ការ​បើក​បង្ហាញ ៥:១៣

ចម្រៀង​លេខ: ៩, ១៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​សម​នឹង​ទទួល​កិត្ដិ​យស?

  • តើ​មនុស្ស​ណា​ខ្លះ​សម​នឹង​ទទួល​កិត្ដិ​យស ហើយ​ហេតុ​អ្វី?

  • តើ​ការ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

១​. ហេតុ​អ្វី​មនុស្ស​ខ្លះ​សម​នឹង​ទទួល​កិត្ដិ​យស ហើយ​តើ​យើង​នឹង​រៀន​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

តើ​តាម​របៀប​ណា​យើង​បង្ហាញ​ថា​យើង​ឲ្យ​កិត្ដិ​យស​អ្នក​ឯ​ទៀត? យើង​ធ្វើ​ដូច្នេះ​ដោយ​បង្ហាញ​ការ​គោរព​និង​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​គេ។ តាម​ធម្មតា យើង​លើក​កិត្ដិ​យស​ពួក​អ្នក​ដែល​បាន​ធ្វើ​អ្វី​ដែល​សម​នឹង​ទទួល​កិត្ដិ​យស ឬ​ពួក​អ្នក​ដែល​មាន​ភារកិច្ច​សំខាន់​ឬ​ក៏​មាន​ឋានៈ​ខ្ពស់។ ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​ថា​យើង​គួរ​ផ្ដល់​កិត្ដិ​យស​ដល់​អ្នក​ណា និង​អំពី​មូលហេតុ​ដែល​យើង​គួរ​ធ្វើ​ដូច្នេះ។

២, ៣​. (​ក​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​កិត្ដិ​យស? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​អ្នក​ណា​ជា​កូន​ចៀម​ដែល​បាន​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ៥:១៣ ហើយ​ហេតុ​អ្វី​យើង​គួរ​លើក​កិត្ដិ​យស​លោក?

២ ការ​បើក​បង្ហាញ ៥:១៣ ចែង​ថា​៖ ​«​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​»​និង​«​កូន​ចៀម​»​សម​នឹង​ទទួល​កិត្ដិ​យស។ ​«​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​»​សំដៅ​លើ​ព្រះ​យេហូវ៉ា។ នៅ​ការ​បើក​បង្ហាញ ជំពូក​ទី​៤ បុគ្គល​ដែល​នៅ​ស្ថាន​សួគ៌​ផ្ដល់​មូលហេតុ​មួយ​ដែល​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​«​ដែល​រស់​ជា​រៀង​រហូត​»​សម​នឹង​ទទួល​កិត្ដិ​យស។ បុគ្គល​ទាំង​នោះ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង កិត្ដិ​យស និង​ឫទ្ធា​នុភាព ពី​ព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​បាន​កើត​មក ក៏​មាន​នៅ​ផង ដោយ​សារ​បំណង​ប្រាថ្នា​របស់​លោក​»។—ការ​បើក​បង្ហាញ ៤:៩​-​១១

៣ ​«​កូន​ចៀម​»​ដែល​បាន​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ៥:១៣ គឺ​លោក​យេស៊ូ​គ្រិស្ត។ ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ? ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ត្រូវ​ហៅ​ថា​«​កូន​ចៀម​របស់​ព្រះ ដែល​ដក​យក​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ​»។ (​យ៉ូហាន ១:២៩​) គ្មាន​ស្តេច​ឯ​ទៀត​ដែល​សុខ​ចិត្ត​ស្លាប់​ជា​ថ្លៃ​លោះ​ដើម្បី​រាស្ត្រ​របស់​គាត់​មែន​ទេ? នេះ​ពិត​ជា​មូលហេតុ​ត្រឹម​ត្រូវ​ដែល​យើង​លើក​កិត្ដិ​យស​លោក។ លោក​យេស៊ូ​សម​នឹង​ទទួល​កិត្ដិ​យស ពី​ព្រោះ​«​លោក​ជា​ស្តេច​លើ​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​ស្តេច និង​ជា​ម្ចាស់​លើ​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​ម្ចាស់​»។ (​ធីម៉ូថេ​ទី១ ៦:១៤​-​១៦​) អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​បុគ្គល​ដ៏​ខ្លាំង​ក្លា​រាប់​ពាន់​រូប​នៅ​ស្ថាន​សួគ៌​ដែល​ច្រៀង​ថា​៖ ​«​កូន​ចៀម​ដែល​បាន​ត្រូវ​សម្លាប់​គឺ​សម​នឹង​ទទួល​ឫទ្ធា​នុភាព ទ្រព្យ​សម្បត្ដិ ប្រាជ្ញា កម្លាំង​ខ្លាំង​ក្លា កិត្ដិ​យស សិរី​រុង​រឿង និង​ពរ​»។—ការ​បើក​បង្ហាញ ៥:១២

៤​. ហេតុ​អ្វី​យើង​គួរ​លើក​កិត្ដិ​យស​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត?

៤ យ៉ូហាន ៥:២២, ២៣ ចែង​ថា​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​គ្រិស្ត​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​នៃ​មនុស្ស​ទាំង​អស់។ នេះ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​យើង​គួរ​លើក​កិត្ដិ​យស​លោក​យេស៊ូ។ ម្យ៉ាង​ទៀត ពេល​យើង​ធ្វើ​ដូច្នេះ យើង​ក៏​លើក​កិត្ដិ​យស​ព្រះ​យេហូវ៉ា​ដែរ។ ពេល​យើង​សម្រេច​ចិត្ត​លើក​កិត្ដិ​យស​លោក​យេស៊ូ​និង​បិតា​របស់​លោក យើង​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—សូម​អាន ទំនុក​តម្កើង ២:១១, ១២

៥​. ហេតុ​អ្វី​មនុស្ស​ទាំង​អស់​សម​នឹង​ទទួល​ការ​គោរព​និង​កិត្ដិ​យស​មួយ​កម្រិត?

៥ មនុស្ស​បាន​ត្រូវ​បង្កើត​ឲ្យ‹មាន​ភាព​ដូច​ព្រះ›។ (​លោកុប្បត្តិ ១:២៦​) នេះ​មាន​ន័យ​ថា​មនុស្ស​ភាគ​ច្រើន​អាច​បង្ហាញ​គុណ​សម្បត្ដិ​ស្រដៀង​នឹង​គុណ​សម្បត្ដិ​របស់​ព្រះ។ ជា​ឧទាហរណ៍ មនុស្ស​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្ដា​ករុណា។ មនុស្ស​ក៏​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ ដែល​ជា​សមត្ថភាព​សម្គាល់​នូវ​អ្វី​ដែល​ខុស​ឬ​អ្វី​ដែល​ត្រូវ អ្វី​ដែល​ទៀង​ត្រង់​ឬ​មិន​ទៀង​ត្រង់ និង​អ្វី​ដែល​សមរម្យ​ឬ​មិន​សមរម្យ។ (​រ៉ូម ២:១៤, ១៥​) មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​អ្វី​ៗ​ដែល​ស្អាត ហើយ​ពួក​គេ​ចង់​រស់​នៅ​ដោយ​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ នេះ​មិន​មែន​ជា​ការ​ចម្លែក​ទេ ដោយ​សារ​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​របៀប​រៀប​រយ​និង​មាន​សេចក្ដី​សុខ​សាន្ត។ យើង​អាច​ឃើញ​ច្បាស់​ថា មនុស្ស​ទាំង​អស់​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​សមត្ថភាព​យក​តម្រាប់​ព្រះ​យេហូវ៉ា​តាម​របៀប​ផ្សេង​ៗ។ ហេតុ​នេះ​ហើយ ពួក​គេ​សម​នឹង​ទទួល​ការ​គោរព​និង​កិត្ដិ​យស​ពី​យើង។—ទំនុក​តម្កើង ៨:៥

ចូរ​បង្ហាញ​ថា​យើង​ឲ្យ​កិត្ដិ​យស​អ្នក​ឯ​ទៀត​តាម​របៀប​ត្រឹម​ត្រូវ

៦, ៧​. តើ​សាក្សី​ព្រះ​យេហូវ៉ា​ខុស​គ្នា​យ៉ាង​ណា​ពី​មនុស្ស​ជា​ច្រើន​ពេល​ពួក​គេ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត?

៦ យើង​ដឹង​ថា​មនុស្ស​ឯ​ទៀត​គួរ​ទទួល​កិត្ដិ​យស ប៉ុន្តែ​យើង​ប្រហែល​ជា​ពិបាក​ដឹង​ថា​យើង​គួរ​លើក​កិត្ដិ​យស​ពួក​គេ​តាម​របៀប​ណា​និង​ច្រើន​ប៉ុណ្ណា។ នេះ​គឺ​ដោយ​សារ​មនុស្ស​ដែល​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ភាគ​ច្រើន​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ចិត្ត​គំនិត​របស់​ពិភព​លោក​សាថាន។ មនុស្ស​ជា​ច្រើន​ចាត់​ទុក​បុរស​ឬ​ស្ត្រី​ឯ​ទៀត​ជា​និមិត្តរូប​របស់​ពួក​គេ។ ជា​ជាង​គោរព​និង​ឲ្យ​កិត្ដិ​យស​ពួក​គេ​ដូច​ដែល​ព្រះ​យេហូវ៉ា​មាន​បំណង មនុស្ស​លើក​កិត្ដិ​យស​មនុស្ស​ឯ​ទៀត​ហួស​ហេតុ​ពេក ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ហាក់​ដូច​ជា​ពួក​គេ​ជា​ព្រះ។ អ្នក​នោះ​ប្រហែល​ជា​ស្លៀក​ពាក់ និង​ប្រព្រឹត្ត​ដូច​អ្នក​ដឹក​នាំ​នយោបាយ អ្នក​ដឹក​នាំ​សាសនា កីឡាករ តារា​ភាពយន្ត និង​តារា​ល្បី​ឯ​ទៀត។

៧ គ្រិស្ត​សាសនិក​ពិត​ដឹង​ថា​ការ​លើក​កិត្ដិ​យស​មនុស្ស​ហួស​ហេតុ​ពេក​ដូច​នោះ គឺ​ជា​ការ​ខុស។ ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​រស់​នៅ មាន​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​បាន​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ឲ្យ​យើង​ធ្វើ​តាម។ (​ពេត្រុស​ទី១ ២:២១​) យើង​ត្រូវ​ចាំ​ថា​«​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស​ក៏​មិន​ដល់​កម្រិត​កំណត់​នៃ​សិរី​រុង​រឿង​របស់​ព្រះ​»។ (​រ៉ូម ៣:២៣​) គ្មានមនុស្ស​ណា​ម្នាក់​ដែល​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ឡើយ។ ពេល​យើង​លើក​កិត្ដិ​យស​មនុស្ស​ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​គួរ​ទទួល យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ទេ។

៨, ៩​. (​ក​) តើ​សាក្សី​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មន្ត្រី​រដ្ឋាភិបាល? (​ខ​) តើ​នៅ​ពេល​ណា​ដែល​យើង​មិន​ធ្វើ​តាម​មន្ត្រី​រដ្ឋាភិបាល?

៨ មនុស្ស​ខ្លះ​សម​នឹង​ទទួល​ការ​គោរព​និង​កិត្ដិ​យស​ពី​យើង ដោយ​សារ​ភារកិច្ច​របស់​ពួក​គេ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​មន្ត្រី​រដ្ឋាភិបាល​និង​អ្វី​ដែល​ពួក​គេ​ធ្វើ​សម្រាប់​យើង។ ពួក​គេ​ជួយ​រក្សា​សហគមន៍​ឲ្យ​មាន​សុវត្ថិភាព ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ។ យើង​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​កិច្ច​ការ​របស់​ពួក​គេ។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​យើង​គួរ​ចុះ​ចូល​នឹង​«​ពួក​អាជ្ញាធរ​»​ទាំង​នេះ។ គាត់​ក៏​បាន​បញ្ជាក់​ថា​យើង​គួរ​ធ្វើ​តាម​ច្បាប់​របស់​ពួក​គេ ពេល​គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​ជូន​ពួក​គេ​ទាំង​អស់​គ្នា​នូវ​អ្វី​ដែល​ពួក​គេ​គួរ​ទទួល គឺ​បង់​ពន្ធ​ទៅ​អ្នក​ណា​ដែល​តម្រូវ​ឲ្យ​បង់​ពន្ធ​»​ ហើយ​«​លើក​កិត្ដិ​យស​តាម​ដែល​គេ​តម្រូវ​ឲ្យ​លើក​កិត្ដិ​យស​»។—រ៉ូម ១៣:១, ៧

៩ ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ដឹង​ថា​យើង​គោរព​ពួក​គេ។ ប្រទេស​នីមួយ​ៗ​មាន​វប្បធម៌​ផ្សេង​ពី​គ្នា ដូច្នេះ​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​តម្រូវ​ពី​យើង​នៅ​កន្លែង​មួយ ប្រហែល​ជា​ខុស​គ្នា​ពី​អ្វី​ដែល​ពួក​គេ​តម្រូវ​នៅ​កន្លែង​ផ្សេង​ទៀត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​សហការ​ជា​មួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​កាល​ដែល​ពួក​គេ​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ។ ប៉ុន្តែ បើ​ពួក​គេ​សុំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​នឹង​នាំ​ឲ្យ​យើង​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​មិន​អាច​ធ្វើ​បាន​ទេ។ ក្នុង​ករណី​ទាំង​នោះ យើង​ស្ដាប់​បង្គាប់​និង​លើក​កិត្ដិ​យស​ព្រះ​យេហូវ៉ា​ជា​ជាង​មនុស្ស។—សូម​អាន ពេត្រុស​ទី១ ២:១៣​-​១៧

១០​. តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​អតីតកាល​បាន​ទុក​គំរូ​ល្អ​អ្វី​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

១០ យើង​អាច​រៀន​ពី​គំរូ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​អតីតកាល​ដែល​បាន​បង្ហាញ​ថា​ពួក​គាត់​ឲ្យ​កិត្ដិ​យស​ដល់​មន្ត្រី​រាជការ​និង​រដ្ឋាភិបាល។ យ៉ូសែប​និង​ម៉ារៀ​គឺ​ជា​គំរូ​ល្អ។ ពេល​ពួក​អាជ្ញាធរ​រ៉ូម​ចង់​ធ្វើ​ជំរឿន​ប្រជាជន យ៉ូសែប​និង​ម៉ារៀ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​បេថ្លេហិម​ដើម្បី​ចុះ​ឈ្មោះ ទោះ​ជា​ម៉ារៀ​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ក៏​ដោយ។ (​លូកា ២:១​-​៥​) សាវ័ក​ប៉ូល​ក៏​ជា​គំរូ​ល្អ​មួយ​ទៀត​ស្តី​អំពី​បុគ្គល​ដែល​បាន​គោរព​អ្នក​គ្រប់​គ្រង​ដែល​ជា​មនុស្ស។ ពេល​គាត់​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​គាត់​បាន​ធ្វើ​អ្វី​ដែល​ខុស គាត់​បាន​និយាយ​ការពារ​ខ្លួន​ដោយ​បង្ហាញ​ការ​គោរព​នៅ​មុខ​ស្តេច​ហេរ៉ូឌ អាគ្រីប៉ា និង​នៅ​មុខ​ភេស្ទុស​ដែល​ជា​អភិបាល​ខេត្ត​យូឌា​របស់​ជន​ជាតិ​រ៉ូម។—សកម្មភាព ២៥:១​-​១២; ២៦:១​-​៣

១១, ១២​. (​ក​) ហេតុ​អ្វី​យើង​មិន​ផ្ដល់​កិត្ដិ​យស​ពិសេស​ដល់​អ្នក​ដឹក​នាំ​សាសនា? (​ខ​) ពេល​សាក្សី​ម្នាក់​ដែល​ជា​ជន​ជាតិ​អូទ្រីស​បាន​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​នយោបាយ​ម្នាក់ តើ​អ្វី​បាន​កើត​ឡើង?

១១ ចុះ​យ៉ាង​ណា​ពួក​អ្នក​ដឹក​នាំ​សាសនា​វិញ? តើ​យើង​គួរ​ផ្ដល់​កិត្ដិ​យស​ពិសេស​ដល់​ពួក​គេ​ឬ​ទេ? យើង​ផ្ដល់​កិត្ដិ​យស​ដល់​ពួក​គេ​ដូច​ដែល​យើង​ផ្ដល់​កិត្ដិ​យស​ដល់​មនុស្ស​ឯ​ទៀត​ដែរ។ ប៉ុន្តែ គឺ​ជា​ការ​ខុស​បើ​យើង​ផ្ដល់​កិត្ដិ​យស​ពិសេស​ដល់​ពួក​គេ ទោះ​ជា​ពួក​គេ​គិត​ថា​មនុស្ស​ត្រូវ​ធ្វើ​ដូច្នេះ​ក៏​ដោយ។ ហេតុ​អ្វី? ពី​ព្រោះ​សាសនា​មិន​ពិត​មិន​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​និង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក​ទេ។ លោក​យេស៊ូ​បាន​ហៅ​អ្នក​ដែល​បង្រៀន​មិន​ពិត​ខាង​សាសនា​ថា​ជា​មនុស្ស​មាន​ពុត​និង​អ្នក​ដឹក​នាំ​មិន​ល្អ។ (​ម៉ាថាយ ២៣:២៣, ២៤​) ផ្ទុយ​ទៅ​វិញ មិន​មែន​ជា​ការ​ខុស​ទេ​ដែល​យើង​បង្ហាញ​ការ​គោរព​និង​ផ្ដល់​កិត្ដិ​យស​ដល់​មន្ត្រី​រដ្ឋាភិបាល។ ជួន​កាល​ការ​ធ្វើ​ដូច្នេះ បាន​នាំ​ឲ្យ​ពួក​គេ​ជួយ​យើង។

១២ ជា​ឧទាហរណ៍ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ បណ្ឌិត​ម្នាក់​ឈ្មោះ​ហែនរិច ក្លាយស្នឺ​ដែល​ជា​អ្នក​នយោបាយ​ជន​ជាតិ​អូទ្រីស​និង​ជា​មន្ត្រី​រដ្ឋាភិបាល បាន​ត្រូវ​ពួក​ណាត្ស៊ី​ចាប់​ខ្លួន។ ពេល​គាត់​បាន​ត្រូវ​ដាក់​លើ​រថភ្លើង​ដើម្បី​យក​ទៅ​ជំរំ​ឃុំ​ឃាំង គាត់​បាន​ជួប​បង​ប្រុស​លេអូផូល អេងឡែតនឺ ដែលជា​ជន​ជាតិ​អូទ្រីស​និង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ដ៏​ខ្នះ​ខ្នែង។ បង​អេងឡែតនឺ​បាន​ពន្យល់​អំពី​ជំនឿ​របស់​គាត់​ដោយ​បង្ហាញ​ការ​គោរព​ចំពោះ​បណ្ឌិត​ក្លាយស្នឺ ហើយ​បណ្ឌិត​នោះ​បាន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ពេល​សង្គ្រាម​បាន​ចប់ ម្ដង​ហើយ​ម្ដង​ទៀត​បណ្ឌិត​ក្លាយស្នឺ​បាន​ប្រើ​ឋានៈ​របស់​គាត់​ដើម្បី​ជួយ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អូទ្រីស។ អ្នក​ប្រហែល​ជា​ដឹង​អំពី​ឧទាហរណ៍​ឯ​ទៀត​ស្តី​អំពី​អ្វី​ដ៏​ល្អ​ដែល​បាន​កើត​ឡើង​ដោយ​សារ​គ្រិស្ត​សាសនិក​បាន​បង្ហាញ​ការ​គោរព​ចំពោះ​មន្ត្រី​រដ្ឋាភិបាល។

ចូរ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត

១៣​. ជា​ពិសេស តើ​អ្នក​ណា​ខ្លះ​សម​នឹង​ទទួល​ការ​គោរព​និង​កិត្ដិ​យស​ពី​យើង ហើយ​ហេតុ​អ្វី?

១៣ បង​ប្អូន​របស់​យើង​សម​នឹង​ទទួល​ការ​គោរព​និង​កិត្ដិ​យស​ពី​យើង ជា​ពិសេស​បង​ប្អូន​ប្រុស​ដែល​កំពុង​នាំ​មុខ​ដូច​ជា​អ្នក​ចាស់​ទុំ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា និង​សមាជិក​គណៈ​អភិបាល។ (​សូម​អាន ធីម៉ូថេ​ទី១ ៥:១៧​) ពួក​គាត់​ទាំង​អស់​គ្នា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​រាស្ត្រ​ព្រះ ហើយ​គម្ពីរ​បាន​ហៅ​ពួក​អ្នក​បម្រើ​ទាំង​នោះ​ថា​៖ ​«​អំណោយ​ជា​មនុស្ស​»។ (​អេភេសូរ ៤:៨​) ដូច្នេះ គឺ​ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​យើង​គោរព​និង​លើក​កិត្ដិ​យស​ពួក​គាត់ ទោះ​ជា​ពួក​គាត់​ជា​អ្នក​មាន​ឬ​ក្រ ឬ​ក៏​ពួក​គាត់​មាន​សញ្ជាតិ មុខ​មាត់​ក្នុង​សង្គម ឬ​ការ​អប់រំ​បែប​ណា​ក្ដី។ គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​ទុក​គំរូ​ល្អ​សម្រាប់​យើង។ ពួក​គាត់​បាន​លើក​កិត្ដិ​យស​បុរស​ដែល​នាំ​មុខ ហើយ​នៅ​សព្វ​ថ្ងៃ​នេះ​យើង​ក៏​ធ្វើ​ដូច្នេះ​ដែរ។ ពេល​យើង​នៅ​ជា​មួយ​នឹង​បង​ប្រុស​ទាំង​នោះ យើង​មិន​ប្រព្រឹត្ត​ទៅ​លើ​ពួក​គាត់​ហាក់​បី​ដូច​ជា​ពួក​គាត់​ជា​ទេវតា​ទេ។ ប៉ុន្តែ យើង​គោរព​និង​លើក​កិត្ដិ​យស​ពួក​គាត់​ចំពោះ​ការ​ខំ​ប្រឹង​និង​ចិត្ត​រាប​ទាប​របស់​ពួក​គាត់។—សូម​អាន កូរិនថូស​ទី២ ១:២៤; ការ​បើក​បង្ហាញ ១៩:១០

១៤, ១៥​. តើ​តាម​របៀប​ណា​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ខុស​គ្នា​ពី​អ្នក​ដឹក​នាំ​សាសនា​ជា​ច្រើន?

១៤ ពួក​អ្នក​ចាស់​ទុំ​ទាំង​នេះ​គឺ​ដូច​ជា​គង្វាល​ដែល​មាន​ចិត្ត​រាប​ទាប។ ពួក​គាត់​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​ទៅ​លើ​ពួក​គាត់​ដូច​ជា​អ្នក​ល្បី​ឈ្មោះ​ឡើយ។ ដូច្នេះ ពួក​គាត់​ខុស​គ្នា​ឆ្ងាយ​ពី​អ្នក​ដឹក​នាំ​សាសនា​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​និង​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​លោក​យេស៊ូ​ដែរ។ លោក​បាន​មាន​ប្រសាសន៍​អំពី​ពួក​គេ​ថា​៖ ​«​ពេល​ដែល​ពិសា​ភោជនាហារ ពួក​គេ​ចូល​ចិត្ត​អង្គុយ​នៅ​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ ហើយ​ក្នុង​សាលា​ប្រជុំ ក៏​ចូល​ចិត្ត​អង្គុយ​នៅ​មុខ​គេ។ ពួក​គេ​ចង់​ឲ្យ​មនុស្ស​ជម្រាប​សួរ សម្ដែង​ការ​គោរព​ចំពោះ​ពួក​គេ​នៅ​ផ្សារ​»។—ម៉ាថាយ ២៣:៦, ៧

ពេល​ពួក​អ្នក​ចាស់​ទុំ​មាន​ចិត្ត​រាប​ទាប​និង​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ នោះ​បង​ប្អូន​នឹង​គោរព លើក​កិត្ដិ​យស និង​ស្រឡាញ់​ពួក​គាត់

១៥ ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ហៅ​ថា​រ៉ាប៊ី​ឡើយ ពី​ព្រោះ​អ្នក​មាន​គ្រូ​តែ​មួយ​ទេ ហើយ​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា។ ម្យ៉ាង​ទៀត កុំ​ហៅ​អ្នក​ណា​នៅ​ផែន​ដី​ថា​បិតា​ឡើយ ពី​ព្រោះ​បិតា​របស់​អ្នក​មាន​តែ​មួយ​ទេ ហើយ​លោក​ស្ថិត​នៅ​ស្ថាន​សួគ៌។ អ្នក​ក៏​មិន​ត្រូវ​ឲ្យ​អ្នក​ណា​ហៅ​ថា‹អ្នក​ដឹក​នាំ›ដែរ ពី​ព្រោះ​អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា​មាន​តែ​មួយ​ទេ គឺ​ជា​គ្រិស្ត។ ប៉ុន្តែ​អ្នក​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក​រាល់​គ្នា​វិញ។ អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។ (​ម៉ាថាយ ២៣:៨​-​១២​) ពេល​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នៅ​ទូ​ទាំង​ពិភព​លោក​មាន​ចិត្ត​រាប​ទាប​និង​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ នោះ​បង​ប្អូន​នឹង​គោរព លើក​កិត្ដិ​យស និង​ស្រឡាញ់​ពួក​គាត់។

បងប្អូនកំពុងស្ដាប់អ្នកចាស់ទុំពេលដែលគាត់ថ្លែងសុន្ទរកថាមួយ ហើយអ្នកចាស់ទុំនោះកំពុងជួយសម្អាតសាលប្រជុំ

ពេល​អ្នក​ចាស់​ទុំ​បម្រើ​ដោយ​មាន​ចិត្ត​រាប​ទាប ពួក​គាត់​ទទួល​ការ​គោរព កិត្ដិ​យស និង​សេចក្ដី​ស្រឡាញ់ ពី​បង​ប្អូន (​សូម​មើល​វគ្គ​១៣​-​១៥​)

១៦​. ហេតុ​អ្វី​យើង​គួរ​បន្ត​ខំ​ប្រឹង​ក្នុង​ការ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត?

១៦ ដូច​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម យើង​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​រៀន​ឲ្យ​ចេះ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត។ (​សកម្មភាព ១០:២២​-​២៦; យ៉ូហាន​ទី៣ ៩, ១០​) ប៉ុន្តែ​បើ​យើង​ខំ​ប្រឹង យើង​នឹង​ទទួល​លទ្ធផល​ល្អ។ ពេល​យើង​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត​តាម​របៀប​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ យើង​នឹង​ទទួល​ពរ​ជា​ច្រើន។

ប្រយោជន៍​ដែល​មក​ពី​ការ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត

១៧​. តើ​ការ​លើក​កិត្ដិ​យស​អ្នក​ដែល​មាន​អំណាច​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

១៧ ពេល​យើង​គោរព​និង​លើក​កិត្ដិ​យស​អ្នក​ដែល​មាន​អំណាច​ក្នុង​សហគមន៍​របស់​យើង ពួក​គេ​ទំនង​ជា​ការពារ​សិទ្ធិ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ប្រហែល​ជា​ពួក​គេ​ថែម​ទាំង​មាន​ទស្សនៈ​ល្អ​ចំពោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ប្រទេស​អាល្លឺម៉ង់ ពេល​បង​ស្រី​ប៊ែរគីត​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​បាន​ទៅ​ចូល​រួម​កម្ម​វិធី​បញ្ចប់​វគ្គ​សិក្សា​សាលា​បឋម​របស់​កូន​ស្រី​គាត់។ គ្រូ​បង្រៀន​បាន​ប្រាប់​បង​ប៊ែរគីត​ថា​ពួក​គាត់​សប្បាយ​ចិត្ត​ដែល​អស់​ជា​ច្រើន​ឆ្នាំ ពួក​គាត់​មាន​សិស្ស​ជា​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​ថ្នាក់​រៀន។ ពួក​គាត់​មាន​អារម្មណ៍​ថា​កូន​របស់​សាក្សី​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​សាលា​នោះ​ល្អ​ប្រសើរ​ជាង។ បង​ប៊ែរគីត​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​កូន​របស់​យើង​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ស្តី​អំពី​ការ​ប្រព្រឹត្ត​របស់​យើង ហើយ​នេះ​រួម​បញ្ចូល​ការ​បង្ហាញ​ការ​គោរព​ចំពោះ​គ្រូ​បង្រៀន​និង​ការ​លើក​កិត្ដិ​យស​ពួក​គាត់​»។ គ្រូ​បង្រៀន​ម្នាក់​បាន​និយាយ​ថា​បើ​សិស្ស​ទាំង​អស់​គឺ​ដូច​កូន​របស់​សាក្សី​ព្រះ​យេហូវ៉ា នោះ​ការ​បង្រៀន​គឺ​ងាយ​ស្រួល។ ពួក​គាត់​មាន​ទស្សនៈ​ល្អ​ចំពោះ​សិស្សដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ដូច្នេះ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក គ្រូ​បង្រៀន​ម្នាក់​ក្នុង​ចំណោម​ពួក​គាត់​បាន​ចូល​រួម​មហា​សន្និបាត។

១៨, ១៩​. តើ​យើង​គួរ​ចាំ​អំពី​អ្វី​ពេល​យើង​លើក​កិត្ដិ​យស​ពួក​អ្នក​ចាស់​ទុំ?

១៨ គោល​ការណ៍​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​យល់​អំពី​របៀប​លើក​កិត្ដិ​យស​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ (​សូម​អាន ហេប្រឺ ១៣:៧, ១៧​) យើង​គួរ​សរសើរ​ពួក​គាត់​ចំពោះ​ការ​ខំ​ប្រឹង​របស់​ពួក​គាត់។ ពេល​យើង​ធ្វើ​តាម​ការ​ណែនាំ​ដែល​ពួក​អ្នក​ចាស់​ទុំ​ផ្ដល់​ឲ្យ នេះ​នឹង​ជួយ​ពួក​គាត់​ឲ្យ​បម្រើ​ដោយ​អំណរ។ គម្ពីរ​ចែង​ថា​យើង​ក៏​គួរ​មាន​ជំនឿ​ដូច​ពួក​គាត់​ដែរ។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​យើង​គួរ​ព្យាយាម​ធ្វើ​តាម​ទាំង​ស្រុង​នូវ​របៀប​ស្លៀក​ពាក់ របៀប​និយាយ និង​របៀប​បង្រៀន​របស់​អ្នក​ចាស់​ទុំ​ដែល​ល្បី​ឈ្មោះ​ក្នុង​អង្គ​ការ​យើង​ទេ។ បើ​យើង​ធ្វើ​ដូច្នេះ នេះ​អាច​មើល​ទៅ​ហាក់​ដូច​ជា​យើង​កំពុង​កាន់​តាម​មនុស្ស​ជា​ជាង​កាន់​តាម​គ្រិស្ត។ យើង​មិន​គួរ​ភ្លេច​ថា​ពួក​អ្នក​ចាស់​ទុំ​គឺ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដូច​យើង​ដែរ។

១៩ ពេល​យើង​គោរព​និង​លើក​កិត្ដិ​យស​ពួក​អ្នក​ចាស់​ទុំ ហើយ​មិន​ប្រព្រឹត្ត​ទៅ​លើ​ពួក​គាត់​ដូច​ជា​អ្នក​ល្បី​ឈ្មោះ នេះ​នឹង​ជួយ​ពួក​គាត់។ ហេតុ​អ្វី? ពួក​គាត់​នឹង​ងាយ​ស្រួល​ជាង​ក្នុង​ការ​រក្សា​ចិត្ត​រាប​ទាប ហើយ​មិន​គិត​ថា​ពួក​គាត់​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ឬ​ថា​អ្វី​ដែល​ពួក​គាត់​ធ្វើ​គឺ​ត្រឹម​ត្រូវ​ជា​និច្ច​នោះ​ទេ។

២០​. តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពេល​យើង​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត?

២០ ការ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ជួយ​យើង​រក្សា​ឲ្យ​មាន​ចិត្ត​រាប​ទាប​ពេល​អ្នក​ឯ​ទៀត​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​ចំពោះ​យើង។ ម្យ៉ាង​ទៀត នេះ​ក៏​ជួយ​ការពារ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ជំពប់​ដួល បើ​បុគ្គល​ណា​ម្នាក់​ដែល​យើង​គោរព​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​យើង​ខក​ចិត្ត។ ប្រយោជន៍​មួយ​ទៀត​ដែល​មក​ពី​ការ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត​គឺ​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​សម​ស្រប​នឹង​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា។ អង្គ​ការ​របស់​លោក​មិន​លើក​កិត្ដិ​យស​មនុស្ស​ណា​ម្នាក់​ហួស​ហេតុ​ពេក​ទេ សូម្បី​តែ​គាត់​ជា​អ្នក​ជឿ​ឬ​មិន​ជឿ​ក្ដី។

២១​. តើ​អ្វី​ជា​ប្រយោជន៍​ដ៏​សំខាន់​បំផុត​ដែល​មក​ពី​ការ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត?

២១ ប្រយោជន៍​ដ៏​សំខាន់​បំផុត​ដែល​មក​ពី​ការ​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត​គឺ​យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ នេះ​ជា​អ្វី​ដែល​លោក​ចង់​ឲ្យ​យើង​ធ្វើ ហើយ​យ៉ាង​នេះ​យើង​នឹង​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក។ ដូច្នេះ ព្រះ​យេហូវ៉ា​អាច​តប​ឆ្លើយ​នឹង​សាថាន​ដែល​ជា​អ្នក​ចោទ​ថា​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​នៅ​ស្មោះ​ត្រង់​នឹង​លោក​បាន​ទេ។ (​សុភាសិត ២៧:១១​) មនុស្ស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​មិន​យល់​អំពី​របៀប​ត្រឹម​ត្រូវ​ដើម្បី​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត​ឡើយ។ យើង​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ខ្លាំង​ដែល​យើង​ដឹង​អំពី​របៀប​លើក​កិត្ដិ​យស​អ្នក​ឯ​ទៀត​តាម​របៀប​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ!

ការ​ពន្យល់​ពាក្យ​ខ្លះ

  • យើង​លើក​កិត្ដិ​យស​ពួក​អ្នក​ចាស់​ទុំ ពេល​យើង​បង្ហាញ​ការ​គោរព​ចំពោះ​ភារកិច្ច​ដែល​ពួក​គាត់​មាន ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​គាត់។ យើង​ក៏​លើក​កិត្ដិ​យស​ពួក​គាត់​ដោយ​សរសើរ​ពួក​គាត់​ចំពោះ​ការ​ខំ​ប្រឹង​របស់​ពួក​គាត់។ ក៏​ប៉ុន្តែ គឺ​ជា​ការ​ខុស​បើ​យើង​លើក​កិត្ដិ​យស​មនុស្ស​ដូច​ដែល​យើង​លើក​កិត្ដិ​យស​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក