បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/១១ ទំ. ១៥-២០
  • លើកកិត្ដិយសចំពោះអ្នកដទៃ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លើកកិត្ដិយសចំពោះអ្នកដទៃ
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​លើក​កិត្ដិយស​ចំពោះ​មនុស្សជាតិ
  • ព្រះ​យេស៊ូ​បាន​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ
  • ប៉ុល​បាន​លើក​កិត្ដិយស
  • ការ​លើក​កិត្ដិយស​នៅ​សម័យ​យើង
  • ការ​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា
  • ចូរផ្ដល់កិត្ដិយសដល់អ្នកដែលសមនឹងទទួល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ស្តីអំពីការលើកកិត្ដិយសបងប្អូនរួមជំនឿ តើអ្នកលើកកិត្ដិយសគេមុនឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើអ្នកលើកកិត្ដិយសគេជាមុនទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរឲ្យយើងទាំងអស់គ្នាលើកកិត្ដិយសចំព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/១១ ទំ. ១៥-២០

លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ

«ខាង​ឯ​ការ​លើក​កិត្ដិយស​ទៅ​វិញ​ទៅ​មក នោះ​លើក​កិត្ដិយស​ចំពោះ​គេ​ជា​មុន»។—រ៉ូម ១២:១០, ព.ថ.

១, ២. (ក) តើ​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ប្រព្រឹត្ត​យ៉ាង​ណា ដើម្បី​បង្ហាញ​ចិត្ត​សុភាព​របស់​យើង? (ខ) តើ​ព្រះ​គម្ពីរ​ច្រើន​តែ​ប្រើ​ពាក្យ«កិត្ដិយស»ដើម្បី​សំដៅ​ទៅ​អ្វី ហើយ​តើ​អ្នក​ណា​ដែល​អាច​លើក​កិត្ដិយស​ដល់​គេ​ស្រួល​ជាង?

អត្ថបទ​មុន​នោះ​បាន​បញ្ជាក់​លើ​ឱវាទ​ក្នុង​បន្ទូល​របស់​ព្រះ ដែល​ថា៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា​មាន​ចិត្ត​សុភាព ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ព្រះ​ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួតអាង តែ​ផ្ដល់​ព្រះ​គុណ​ដល់​ពួក​រាប​សា​វិញ»។ (ពេត្រុស​ទី​១ ៥:៥) របៀប​មួយ​ដែល​យើង​អាច​មាន​ចិត្ត​សុភាព គឺ​ដោយ​ការ​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ។

២ ពាក្យ​ដែល​ថា«កិត្ដិយស» នោះ​ច្រើន​តែ​ត្រូវ​ប្រើ​ក្នុង​ព្រះ​គម្ពីរ​ដើម្បី​សំដៅ​ទៅ​ការ​គោរព ការ​រាប់​ជា​មាន​តម្លៃ និង​ការ​រាប់​អាន​ដែល​យើង​គួរ​បង្ហាញ​ចំពោះ​អ្នក​ដទៃ។ យើង​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ​ដោយ​ប្រព្រឹត្ត​ចំពោះ​គេ​តាម​របៀប​សប្បុរសធម៌ ដោយ​ការ​គោរព​ភាព​ថ្លៃ​ថ្នូរ​របស់​គេ ដោយ​ស្ដាប់​ទស្សនៈ​របស់​គេ និង​ដោយ​យល់​ព្រម​បំពេញ​តាម​សំណូម​ពរ​សម​ហេតុ​សម​ផល​ដែល​ត្រូវ​សូម​ពី​យើង។ អ្នក​ដែល​មាន​ចិត្ត​សុភាព​នោះ ធម្មតា​មិន​គិត​ថា​នេះ​គឺ​ពិបាក​ទេ។ ក៏​ប៉ុន្តែ អស់​អ្នក​ដែល​មាន​ចិត្ត​អំនួត​អាច​ឃើញ​ថា ការ​លើក​កិត្ដិយស​ដ៏​ស្មោះ​ស្ម័គ្រ​គឺ​ពិបាក ហើយ​ផ្ទុយ​ទៅ​វិញ ប្រហែល​ជា​ខិត​ខំ​ឲ្យ​បាន​សគុណ​និង​ប្រយោជន៍​ដោយ​ពាក្យ​បញ្ជោរ​ដ៏​មិន​ស្មោះ។

ព្រះ​យេហូវ៉ា​លើក​កិត្ដិយស​ចំពោះ​មនុស្សជាតិ

៣, ៤. តើ​ព្រះ​យេហូវ៉ា​បាន​លើក​កិត្ដិយស​ចំពោះ​អ័ប្រាហាំ​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ដូច្នោះ?

៣ ព្រះ​យេហូវ៉ា​ទុក​គំរូ​ក្នុង​ការ​លើក​កិត្ដិយស។ ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ចិត្ត​សេរី ហើយ​ទ្រង់​មិន​ប្រព្រឹត្ត​លើ​ពួក​គេ​ប្រៀប​ដូច​ជា​ពួក​គេ​ជា​មនុស្ស​យន្ត​ទេ។ (ពេត្រុស​ទី​១ ២:១៦) ឧទាហរណ៍ ពេល​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ថា ក្រុង​សូដុំម​នឹង​ត្រូវ​បំផ្លាញ​ចោល​ដោយ​ព្រោះ​អំពើ​អាក្រក់​ជួជាតិ​របស់​វា នោះ​អ័ប្រាហាំ​បាន​សួរ​ថា៖ «តើ​ទ្រង់​នឹង​បំផ្លាញ​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​ផង​ដែរ​ឬ​អី បើ​សិន​ជា​មាន​មនុស្ស​សុចរិត​៥០​នាក់​នៅ​ក្នុង​ក្រុង​នោះ តើ​ទ្រង់​នឹង​បំផ្លាញ​អស់​រលីង​ទៅ ឥត​មាន​ប្រណី​ដល់​ទី​ក្រុង ដោយ​ព្រោះ​មនុស្ស​សុចរិត​៥០​នាក់​ដែល​នៅ​ទី​នោះ​ទេ​ឬ​អី»? ព្រះ​យេហូវ៉ា​បាន​មាន​ព្រះ​បន្ទូល​តប​ឆ្លើយ​ថា ទ្រង់​នឹង​ប្រណី​ដល់​ទី​ក្រុង​ដើម្បី​ផល​ប្រយោជន៍​ដល់​ពួក​អ្នក​សុចរិត​៥០​នាក់។ អ័ប្រាហាំ​ក៏​បាន​បន្ត​អង្វរ​ដោយ​ចិត្ត​រាប​ទាប។ ចុះ​បើ​សិន​ជា​មាន​តែ ៤៥​នាក់? ៤០​នាក់? ៣០​នាក់? ២០​នាក់? ១០​នាក់? ព្រះ​យេហូវ៉ា​បាន​ធានា​រ៉ាប់​រង​អ័ប្រាហាំ​ថា ទ្រង់​នឹង​មិន​បំផ្លាញ​ក្រុង​សូដុំម សូម្បី​តែ​បើ​សិន​ជា​មាន​មនុស្ស​សុចរិត​តែ​ដប់​នាក់​នៅ​ទី​នោះ។—លោកុប្បត្តិ ១៨:២០​-​៣៣

៤ ព្រះ​យេហូវ៉ា​បាន​ជ្រាប​ថា គ្មាន​មនុស្ស​សុចរិត​១០​នាក់​នៅ​ទី​ក្រុងសូដុំម​ទេ។ ក៏​ប៉ុន្តែ ទ្រង់​បាន​លើក​កិត្ដិយស​ចំពោះ​អ័ប្រាហាំ​ដោយ​ទ្រង់​ព្រះ​សណ្ដាប់​ទស្សនៈ​របស់​គាត់ ហើយ​ប្រព្រឹត្ត​យ៉ាង​គោរព​ចំពោះ​គាត់។ ហេតុ​អ្វី​អ៊ីចឹង? ពី​ព្រោះ​អ័ប្រាហាំ«ជឿ​ដល់​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​រាប់​សេចក្ដី​ជំនឿ​នោះ ទុក​ជា​សេចក្ដី​សុចរិត​ដល់​គាត់»។ អ័ប្រាហាំ​បាន​ត្រូវ​ហៅ​ជា«សំឡាញ់​របស់​ទ្រង់​ដែរ»។ (លោកុប្បត្តិ ១៥:៦; យ៉ាកុប ២:២៣) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា អ័ប្រាហាំ​បាន​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ។ ពេល​ការ​ទាស់​ទែង​អំពី​ដី​បាន​កើត​ឡើង រវាង​អ្នក​គង្វាល​របស់​គាត់​និង​របស់​ក្មួយ​ប្រុស​របស់​គាត់​ឈ្មោះ​ឡុត នោះ​អ័ប្រាហាំ​បាន​ឲ្យ​កិត្ដិយស​ចំពោះ​ឡុត ដោយ​ប្រាប់​គាត់​ឲ្យ​ជ្រើស​រើស​កន្លែង​គាត់​ចង់​បាន​ជា​មុន។ ឡុត​បាន​ជ្រើស​ដី​ដែល​គាត់​គិត​ថា​គឺ​ល្អ​បំផុត ហើយ​អ័ប្រាហាំ​ក៏​បាន​ទៅ​កន្លែង​ផ្សេង​ទៀត។—លោកុប្បត្តិ ១៣:៥​-​១១

៥. តើ​ព្រះ​យេហូវ៉ា​បាន​លើក​កិត្ដិយស​ចំពោះ​ឡុត​តាម​របៀប​ណា?

៥ ព្រះ​យេហូវ៉ា​ក៏​បាន​លើក​កិត្ដិយស​ចំពោះ​ឡុត​ដូច្នេះ​ដែរ។ មុន​ដែល​ក្រុង​សូដុំម​ត្រូវ​បំផ្លាញ នោះ​ទ្រង់​បាន​ជំរាប​ឡុត​ឲ្យ​រត់​ចេញ​ទៅ​ឯ​ភ្នំ។ ក៏​ប៉ុន្តែ ឡុត​បាន​និយាយ​ថា​គាត់​មិន​ចង់​ទៅ​ទី​នោះ​ទេ គាត់​ចង់​ទៅ​ក្រុង​សូអារ​ទៅ​វិញ ទោះ​បី​ក្រុង​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​នឹង​ត្រូវ​បំផ្លាញ​ក៏​ដោយ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖ «មើល អញ​បាន​ព្រម​តាម​ឯង​ក្នុង​ការ​នេះ​ដែរ ឯ​ទី​ក្រុង​១​ដែល​ឯង​និយាយ​នោះ អញ​មិន​បំផ្លាញ​ទេ»។ ព្រះ​យេហូវ៉ា​បាន​លើក​កិត្ដិយស​ចំពោះ​ឡុត​ដ៏​ស្មោះ​ត្រង់​នោះ ដោយ​ទ្រង់​ប្រព្រឹត្ត​តាម​អ្វី​ដែល​គាត់​បាន​សូម។—លោកុប្បត្តិ ១៩:១៥​-​២២; ពេត្រុស​ទី​២ ២:៦​-​៩

៦. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​លើក​កិត្ដិយស​ចំពោះ​ម៉ូសេ?

៦ ពេល​ដែល​ព្រះ​យេហូវ៉ា​ចាត់​លោក​ម៉ូសេ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប ដើម្បី​នាំ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​ទាសភាព ហើយ​និយាយ​ជា​មួយ​នឹង​ស្តេច​ផារ៉ោន​អំពី​ការ​លែង​រាស្ត្រ​របស់​ទ្រង់ នោះ​ម៉ូសេ​បាន​តប​ឆ្លើយ​ថា៖ «ឱ​ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​ជា​អ្នក​មិន​សូវ​មាន​វោហារ​ទេ»។ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ឲ្យ​ម៉ូសេ​ថា៖ «អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្ដី​ដែល​ឯង​ត្រូវ​និយាយ​ផង»។ ក៏​ប៉ុន្តែ ម៉ូសេ​នៅ​តែ​ស្ទាក់​ស្ទើរ។ នៅ​ត្រង់​នោះ ព្រះ​យេហូវ៉ា​បាន​ធានា​រ៉ាប់​រង​ម៉ូសេ​សារ​ជា​ថ្មី ហើយ​ទ្រង់​ក៏​បាន​រៀបចំ​ចាត់​ឲ្យ​បង​ប្រុស​របស់​គាត់​ឈ្មោះ​អើរ៉ុន ឲ្យ​ទៅ​ជា​មួយ​គាត់​ជា​អ្នក​នាំ​ពាក្យ។—និក្ខមនំ ៤:១០​-​១៦

៧. តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ព្រម​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ?

៧ ក្នុង​ករណី​ទាំង​អស់​នេះ នោះ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា ទ្រង់ព្រម​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ ជា​ពិសេស​អ្នក​ដែល​បំរើ​ទ្រង់។ ទោះ​បី​អ្វី​ដែល​គេ​បាន​សូម​គឺ​ខុស​ប្លែក​ពី​បំណង​ដើម​របស់​ទ្រង់​ក៏​ដោយ នោះ​ទ្រង់​បាន​ពិចារណា​សំណូម​ពរ​របស់​គេ ហើយ​បាន​ធ្វើ​សម្បទាន​ដើម្បី​គេ ឲ្យ​តែ​នេះ​មិន​បំពាន​លើ​គោល​បំណង​របស់​ទ្រង់។

ព្រះ​យេស៊ូ​បាន​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ

៨. តើ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​យេស៊ូ​បាន​លើក​កិត្ដិយស​ចំពោះ​ស្ត្រី​ម្នាក់ ដែល​មាន​ជម្ងឺ​ធ្ងន់​ធ្ងរ​មួយ?

៨ ព្រះ​យេស៊ូ​បាន​ធ្វើ​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ក្នុង​ការ​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ។ នៅ​ពេល​មួយ ក្នុង​ចំណោម​មនុស្ស​មួយ​ហ្វូង មាន​ស្ត្រី​ម្នាក់​ដែល​បាន​មាន​ជម្ងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ​ហើយ។ ពួក​គ្រូ​ពេទ្យ​គ្មាន​សមត្ថភាព​ព្យាបាល​នាង​ទេ។ ក្រោម​ក្រិត្យ​វិន័យ​ម៉ូសេ នោះ​នាង​ត្រូវ​ចាត់​ទុក​ជា​មិន​ស្អាត​ហើយ​ក៏​មិន​គួរ​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ។ នាង​បាន​ដើរ​ពី​ក្រោយ​ព្រះ​យេស៊ូ បាន​ប៉ះ​ព្រះ​ពស្ត្រ​របស់​ទ្រង់ ហើយ​បាន​ត្រូវ​ជា។ ព្រះ​យេស៊ូ​មិន​បាន​អាង​លើ​ក្រិត្យ​ល្អិត​ល្អន់​នៃ​វិន័យ​នោះ ទាំង​ស្តី​បន្ទោស​នាង​ដោយ​ព្រោះ​អ្វី​នាង​បាន​ធ្វើ​ទេ។ ផ្ទុយ​ទៅ​វិញ ដោយ​ទ្រង់​ជ្រាប​ពី​កាលៈទេសៈ​នោះ ទ្រង់​បាន​លើក​កិត្ដិយស​ចំពោះ​នាង ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «កូន​ស្រី​អើយ សេចក្ដី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ហើយ​ឲ្យ​នាង​បាន​រួច​ពី​សេចក្ដី​វេទនា​របស់​នាង​ទៅ»។—ម៉ាកុស ៥:២៥​-​៣៤; លេវីវិន័យ ១៥:២៥​-​២៧

៩. តើ​តាម​របៀប​ណា​ដែល ព្រះ​យេស៊ូ​បាន​លើក​កិត្ដិយស​ចំពោះ​អ្នក​សាសន៍​ដទៃ?

៩ នៅ​ពេល​មួយ​ទៀត ស្ត្រី​ម្នាក់​សាសន៍​ភេ​នី​ស នាង​បាន​ប្រាប់​ព្រះ​យេស៊ូ​ថា៖ «ឱ​ព្រះ​អម្ចាស់ ជា​ពូជ​ហ្លួង​ដាវីឌ​អើយ សូម​មេត្ដា​ប្រោស​ខ្ញុំ​ម្ចាស់​ផង ដ្បិត​កូន​ស្រី​របស់​ខ្ញុំ​ម្ចាស់ មាន​អារក្ស​ចូល​ធ្វើ​ទុក្ខ​ជា​ខ្លាំង​ណាស់»។ ដោយ​ព្រោះ​ព្រះ​យេស៊ូ​ជ្រាប​ថា ទ្រង់​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ដល់​សាសន៍​អ៊ីស្រាអែល​ហើយ​មិន​ទៅ​សាសន៍​ទាំង​ឡាយ​នោះ​ទេ នោះ​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា៖ «ដែល​យក​នំ​ប៉័ង​របស់​កូន​ក្មេង[នៃ​សាសន៍​អ៊ីស្រាអែល]បោះ​ទៅ​ឲ្យ​កូន​ឆ្កែ[សាសន៍​ទាំង​ឡាយ] នោះ​មិន​ល្អ​ទេ»។ ស្ត្រី​នោះ​ឆ្លើយ​ថា៖ «មែន​ហើយ​ព្រះ​អម្ចាស់ ប៉ុន្តែ​កូន​ឆ្កែ​វា​ស៊ី​កំទេច​ដែល​ធ្លាក់​ចុះ​ពី​តុ​ម្ចាស់​វា​មក​ដែរ»។ ក្រោយ​នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​និយាយ​ថា៖ «នាង​ស្រី​អើយ នាង​មាន​សេចក្ដី​ជំនឿ​ជា​ខ្លាំង​មែន ចូរ​ឲ្យ​នាង​បាន​ដូច​សេចក្ដី​ប្រាថ្នា​ចុះ»។ កូន​ស្រី​របស់​នាង​បាន​ត្រូវ​ជា។ ព្រះ​យេស៊ូ​បាន​លើក​កិត្ដិយស​ចំពោះ​អ្នក​សាសន៍​ផ្សេង​នេះ ដោយ​ព្រោះ​ជំនឿ​របស់​នាង។ សូម្បី​តែ​ដែល​ទ្រង់​ប្រើ​ពាក្យ​ថា«កូន​ឆ្កែ»ជា​ជាង​សំដៅ​ឆ្កែ​ព្រៃ នោះ​បាន​ធ្វើ​ឲ្យ​រឿង​នោះ​មិន​ធ្ងន់​ធ្ងរ​ទេ ហើយ​ក៏​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់​ផង​ដែរ។—ម៉ាថាយ ១៥:២១​-​២៨

១០. តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​មេ​រៀន​ដ៏​ខ្លាំង​ក្លា​អ្វី ហើយ​ហេតុ​អ្វី​បាន​ជា​នោះ​គឺ​ចាំ​បាច់?

១០ ព្រះ​យេស៊ូ​តែង​តែ​បង្រៀន​សិស្ស​របស់​ទ្រង់ នូវ​ភាព​ចាំ​បាច់​នៃ​ចិត្ត​សុភាព​ហើយ​ការ​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ ដោយ​ព្រោះ​គេ​នៅ​តែ​មាន​បញ្ហា​គិត​តែ​ប្រយោជន៍​ខ្លួន។ នៅ​ពេល​មួយ ក្រោយ​គេ​បាន​មាន​ជំ​លោះ នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​សួរ​ថា៖ «តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ»? ពួក​គេ​បាន​នៅ​ស្ងៀម​ពី​ព្រោះ«គេ​បាន​ជជែក​គ្នា អំពី​អ្នក​ណា​ដែល​ធំ​ជាង»។ (ម៉ាកុស ៩:៣៣, ៣៤) សូម្បី​តែ​នៅ​រាត្រី​មុន​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត នោះ«គេ​ក៏​កើត​មាន​សេចក្ដី​ទាស់​ទែង​គ្នា អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ»។ (លូកា ២២:២៤) នៅ​ពេល​ទទួល​ទាន​ពេល​បុណ្យ​រំលង នោះ​ព្រះ​យេស៊ូ​បាន«ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស»។ នេះ​ជា​មេ​រៀន​ដ៏​ខ្លាំង​ក្លា​ម្ល៉េះ​ហ្ន៎! ព្រះ​យេស៊ូ​គឺ​ជា​រាជបុត្រា​របស់​ព្រះ មាន​ថ្នាក់​ទាប​ជាង​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ក្នុង​សកល​លោក​ទាំង​មូល។ ក៏​ប៉ុន្តែ ទ្រង់​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​មេ​រៀន​ដ៏​ប្រសើរ​មួយ ដោយ​ការ​លាង​ជើង​របស់​ពួក​គេ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ខ្ញុំ​បាន​ធ្វើ​ដំ​រាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ»។—យ៉ូហាន ១៣:៥​-​១៥

ប៉ុល​បាន​លើក​កិត្ដិយស

១១, ១២. ក្រោយ​ពី​ប៉ុល​បាន​ទៅ​ជា​គ្រីស្ទាន​ម្នាក់ តើ​គាត់​បាន​រៀន​អ្វី ហើយ​តើ​តាម​របៀប​ណា​ដែល​គាត់​បាន​អនុវត្ត​តាម​មេ​រៀន​នេះ​ចំពោះ​ភីលេម៉ូន?

១១ ជា​អ្នក​ដែល​ធ្វើ​តម្រាប់​តាម​ព្រះ​គ្រីស្ទ នោះ​សាវ័ក​ប៉ុល​ក៏​បាន​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ។ (កូរិនថូស​ទី​១ ១១:១) គាត់​បាន​និយាយ​ថា៖ «គង់​តែ​យើង​ខ្ញុំ​មិន​រក ឲ្យ​មនុស្ស​គោរព​ប្រតិបត្ដិ​ដល់​យើង​ខ្ញុំ​ឡើយ . . . យើង​ខ្ញុំ​បាន​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ដោយ​ស្លូត​បូត​វិញ ប្រៀប​ដូច​ជា​ម្ដាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ»។ (ថែស្សាឡូនីច​ទី​១ ២:៦, ៧) ម្ដាយ​ដែល​មាន​កូន​កំពុង​តែ​បៅ នោះ​ថ្នម​កូន​របស់​នាង។ ក្រោយ​ពី​ប៉ុល​បាន​ទៅ​ជា​គ្រីស្ទាន នោះ​គាត់​បាន​ចេះ​មាន​ចិត្ត​សុភាព​ហើយ​លើក​កិត្ដិយស​ចំពោះ​គ្រីស្ទាន​ឯ​ទៀត ដោយ​គាត់​ប្រព្រឹត្ត​ចំពោះ​គេ​តាម​របៀប​ស្លូត​បូត។ ដោយ​ធ្វើ​ដូច្នោះ នោះ​គាត់​ក៏​បាន​គោរព​សិទ្ធិ​សេរី​ភាព​របស់​ពួក​គេ ដូច​បាន​ត្រូវ​សម្ដែង​ដោយ​ព្រឹត្ដិការណ៍​មួយ ដែល​បាន​កើត​ឡើង​ពេល​គាត់​ជា​អ្នក​ជាប់​គុក​នៅ​ទី​ក្រុង​រ៉ូម។

១២ អូនេស៊ីម ជា​បាវ​បំរើ​ម្នាក់​ដែល​រត់​ចោល​ម្ចាស់ បាន​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ប៉ុល។ គាត់​ក៏​បាន​ទៅ​ជា​គ្រីស្ទាន​ម្នាក់ ព្រម​ទាំង​ជា​សំឡាញ់​របស់​ប៉ុល​ដែរ។ ម្ចាស់​របស់​បាវ​បំរើ​នោះ​គឺ​ជា​ភីលេម៉ូន ដែល​ជា​គ្រីស្ទាន​ដែរ ដែល​រស់​នៅ​ភូមិ​ភាគ​អាស៊ី​ខាង​លិច។ ក្នុង​សំបុត្រ​មួយ​ទៅ​កាន់​ភីលេម៉ូន នោះ​ប៉ុល​បាន​សរសេរ​អំពី​ប្រយោជន៍ ដែល​គាត់​បាន​ទទួល​ពី​អូនេស៊ីម​ថា៖ «ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់»។ ក៏​ប៉ុន្តែ​ប៉ុល​បាន​ផ្ញើ​អូនេស៊ីម​ទៅ​ភីលេម៉ូន​វិញ ដ្បិត​គាត់​បាន​សរសេរ​ថា៖ «ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ទេ លើក​តែ​អ្នក​យល់​ព្រម​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​គុណ​ទាំង​បង្ខំ​ឡើយ គឺ​ចង់​ឲ្យ​បាន​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​វិញ»។ ប៉ុល​មិន​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​ហេតុ​ការណ៍​ដែល​ថា​គាត់​ជា​សាវ័ក​នោះ​ទេ។ ក៏​ប៉ុន្តែ​គាត់​បាន​លើក​កិត្ដិយស​ចំពោះ​ភីលេម៉ូន ដោយ​មិន​បាន​សូម​ទុក​អូនេស៊ីម​នៅ​ក្នុង​ទី​ក្រុង​រ៉ូម​ទេ។ ម្យ៉ាង​វិញ​ទៀត ប៉ុល​បាន​ជំរុញ​ទឹក​ចិត្ត​ភីលេម៉ូន​ឲ្យ​លើក​កិត្ដិយស​ចំពោះ​អូនេស៊ីម ដោយ​ប្រព្រឹត្ត​ចំពោះ​គាត់«លើស​ជាង​បាវ​បំរើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួន​ភ្ងា​វិញ»។—ភីលេម៉ូន ១៣​-​១៦

ការ​លើក​កិត្ដិយស​នៅ​សម័យ​យើង

១៣. តើ​រ៉ូម ១២:១០ ប្រាប់​ឲ្យ​យើង​ធ្វើ​អ្វី?

១៣ បន្ទូល​របស់​ព្រះ​ជូន​ឱវាទ​ថា៖ «លើក​កិត្ដិយស​ចំពោះ​គេ​ជា​មុន»។ (រ៉ូម ១២:១០, ព.ថ.) នេះ​មាន​ន័យ​ថា​យើង​គួរ​តែ​មិន​ចាំ ទាល់​តែ​អ្នក​ដទៃ​លើក​កិត្ដិយស​ចំពោះ​យើង​ជា​មុន​ទេ ក៏​ប៉ុន្តែ​យើង​គួរ​ផ្ដួច​ផ្ដើម​ការ​នេះ។ «កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ»។ (កូរិនថូស​ទី​១ ១០:២៤; ពេត្រុស​ទី​១ ៣:៨, ៩) ហេតុ​ដូច្នេះ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ស្វែង​រក​ឱកាស ដើម្បី​លើក​កិត្ដិយស​ចំពោះ​អ្នក​ក្នុង​ក្រុម​គ្រួសារ ចំពោះ​គ្រីស្ទាន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ហើយ​សូម្បី​តែ​អ្នក​ខាង​ក្រៅ​ក្រុម​ជំនុំ។

១៤. តើ​យ៉ាង​ដូច​ម្ដេច​ដែល​កិត្ដិយស​ត្រូវ​លើក​ឡើង​រវាង​ប្ដី​ប្រពន្ធ?

១៤ ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​គ្រីស្ទ​ជា​សិរសា​នៃ​បុរស​ទាំង​អស់ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី»។ (កូរិនថូស​ទី​១ ១១:៣) ព្រះ​យេហូវ៉ា​ដាក់​ភារកិច្ច​ឲ្យ​បុរស​ទាំង​អស់​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ​ខ្លួន ដូច​ព្រះ​គ្រីស្ទ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុម​ជំនុំ។ នៅ​ពេត្រុស​ទី​១ ៣:៧ នោះ​ប្ដី​ត្រូវ​ណែនាំ​ឲ្យ​គោរព​ប្រពន្ធ​របស់​ខ្លួន«ដូច​ជា​គ្រឿង​ភាជនៈ​ដែល​ខ្សោយ​ជាង​គឺ​ជា​មនុស្ស​ស្រី»។ ប្ដី​អាច​ធ្វើ​ដូច្នេះ​ដោយ​បង្ហាញ​ថា​ខ្លួន​មាន​ចំណង់​ស្មោះ​ស្ម័គ្រ​ចង់​ស្ដាប់ ហើយ​ដោយ​យក​មក​ពិចារណា​នូវ​យោបល់​របស់ប្រពន្ធ​ខ្លួន។ (លោកុប្បត្តិ ២១:១២) គាត់​ប្រហែល​ជា​នឹង​យល់​ព្រម​ទៅ​តាម​ចំណង់​ចិត្ត​របស់​នាង បើ​សិន​ជា​នោះ​មិន​ទាស់​នឹង​គោល​ការណ៍​ព្រះ​គម្ពីរ។ គាត់​ក៏​នឹង​ជួយ​នាង​ទាំង​ប្រព្រឹត្ត​ចំពោះ​នាង​តាម​របៀប​ស្លូត​បូត​វិញ។ បន្ទាប់​មក «ប្រពន្ធ​ក៏​ត្រូវ​កោត​ខ្លាច​ប្ដី​ដែរ»។ (អេភេសូរ ៥:៣៣) នាង​នឹង​ស្ដាប់​ប្ដី​របស់​នាង នឹង​មិន​តែង​ខិត​ខំ​ឲ្យ​យល់​ព្រម​ទៅ​តាម​ចំណង់​ចិត្ត​របស់​ខ្លួន ហើយ​ក៏​នឹង​មិន​មើល​ងាយ​ឬ​ក៏​បន្ទោស​រំអុក​គាត់​ឡើយ។ នាង​បង្ហាញ​ចិត្ត​សុភាព​ដោយ​មិន​ខិត​ខំ​ត្រួត​ត្រា​លើ​ប្ដី​របស់​នាង សូម្បី​តែ​ពេល​នាង​មាន​សមត្ថភាព​ច្រើន​ជាង​ខាង​អ្វី​ខ្លះ​ក៏​ដោយ។

១៥. តើ​ការ​រាប់​អាន​អ្វី​ដែល​ត្រូវ​បង្ហាញ​ចំពោះ​អ្នក​ដែល​មាន​វ័យ​ចាស់ ហើយ​តើ​ពួក​គេ​គួរ​តែ​មាន​ប្រតិកម្ម​យ៉ាង​ណា?

១៥ ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ក៏​មាន​អ្នក​ជា​ពិសេស​ដែល​គួរ​នឹង​ទទួល​កិត្ដិយស ដូច​ជា​ពួក​អ្នក​ដែល​មាន​វ័យ​ចាស់។ «ត្រូវ​ឲ្យ​ឯង​ក្រោក​ឡើង​ឈរ​នៅ​មុខ​មនុស្ស​ចាស់​សក់​ស ត្រូវ​គោរព​ដល់​មនុស្ស​មាន​វ័យ​ចំរើន»។ (លេវីវិន័យ ១៩:៣២) មាន​ករណី​ដូច្នេះ ជា​ពិសេស​ចំពោះ​អ្នក​ដែល​បាន​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​ច្រើន​ឆ្នាំ​ហើយ ពី​ព្រោះ«ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្ដិសព្ទ»។ (សុភាសិត ១៦:៣១) អ្នក​ត្រួត​ពិនិត្យ​គួរ​តែ​តាំង​គំរូ​មួយ ដោយ​ការ​បង្ហាញ​ការ​គោរព​ចំពោះ​គ្រីស្ទាន​ឯ​ទៀត​ដែល​មាន​វ័យ​ចាស់​ជាង។ ពិត​មែន​ហើយ ពួក​អ្នក​ដែល​មាន​វ័យ​ចាស់ ក៏​គួរ​បង្ហាញ​អាកប្បកិរិយា​ដ៏​គោរព​ចំពោះ​អ្នក​ដែល​មាន​វ័យ​ក្មេង​ជាង​នោះ ជា​ពិសេស​អ្នក​ដែល​រួម​ទទួល​ខុស​ត្រូវ​ផ្នែក​ការ​គង្វាល​ហ្វូង​ចៀម។—ពេត្រុស​ទី​១ ៥:២, ៣

១៦. តើ​យ៉ាង​ដូច​ម្ដេច​ដែល​ឪពុក​ម្ដាយ​និង​កូន​ៗ លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក?

១៦ យុវជន​គួរ​លើក​កិត្ដិយស​ចំពោះ​ឪពុក​ម្ដាយ​របស់​គេ៖ «ក្មេង​រាល់​គ្នា​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ​អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ ‹ចូរ​គោរព​ប្រតិបត្ដិ​ដល់​មាតា​បិតា​ខ្លួន› នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្ដី​សន្យា​ផង ‹ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរ​អង្វែង​ទៅ›»។ ជា​បន្ទាប់​មក ឪពុក​ម្ដាយ​លើក​កិត្ដិយស​ចំពោះ​ពួក​កូន​របស់​គេ ដ្បិត​គេ​ត្រូវ​ប្រាប់«កុំ​ឲ្យ​ចាក់​រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់​វិញ»។—អេភេសូរ ៦:១​-​៤; និក្ខមនំ ២០:១២

១៧. តើ​អ្នក​ណា​ដែល​គួរ​នឹង​ទទួល«គោរព​ប្រតិបត្ដិ​ជា​ទ្វេ​គុណ​ឡើង»នោះ?

១៧ ពួក​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​បំរើ​ក្រុម​ជំនុំ ក៏​គួរ​ត្រូវ​លើក​កិត្ដិយស​គេ​ផង​ដែរ៖ «អ្នក​ចាស់​ទុំ​ណា ដែល​ជា​អ្នក​នាំ​មុខ​យ៉ាង​ល្អ នោះ​ត្រូវ​រាប់​ជា​គួរ​នឹង​គោរព​ប្រតិបត្ដិ​ជា​ទ្វេ​គុណ​ឡើង គឺ​មាន​ពួក​ដែល​ខំ​ផ្សាយ​ព្រះ​បន្ទូល ហើយ​នឹង​ពួក​ដែល​បង្រៀន​ជា​ដើម»។ (ធីម៉ូថេ​ទី​១ ៥:១៧) របៀប​មួយ​ដែល​យើង​អាច​លើក​កិត្ដិយស​ចំពោះ​ពួក​គេ គឺ​ដោយ​យើង​ប្រព្រឹត្ត​តាម​ហេព្រើរ ១៣:១៧ ដែល​ថា៖ «ចូរ​ស្ដាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ»។

១៨. តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ចំពោះ​អ្នក​ខាង​ក្រៅ​ក្រុម​ជំនុំ?

១៨ តើ​យើង​គួរ​លើក​កិត្ដិយស​ចំពោះ​អ្នក​ដែល​នៅ​ក្រៅ​ក្រុម​ជំនុំ​ទេ? មែន​ហើយ។ ជា​ឧទាហរណ៍ យើង​បាន​ត្រូវ​បង្គាប់​ថា៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ»។ (រ៉ូម ១៣:១) នេះ​ជា​អ្នក​គ្រប់​គ្រង​ខាង​លោកីយ៍ ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​គេ​កាន់​អំណាច ទាល់​តែ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ដាក់​ជំនួស​គេ​វិញ។ (ដានីយ៉ែល ២:៤៤) ហេតុ​នេះ​ហើយ​យើង«សង​ដល់​លោក​ទាំង​នោះ តាម​ដែល​អ្នក​ជំពាក់​ចុះ គឺ​ឲ្យ​បង់​ពន្ធ​ខ្លួន ដល់​លោក​ណា​ដែល​ត្រូវ​ទទួល បង់​ពន្ធ​គយ​ដល់​លោក​ណា​ដែល​ទទួល​ខាង​ពន្ធ​គយ ត្រូវ​មាន​សេចក្ដី​កោត​ខ្លាច ចំពោះ​លោក​ណា​ដែល​គួរ​កោត​ខ្លាច ហើយ​ត្រូវ​គោរព​ប្រតិបត្ដិ ដល់​លោក​ណា​ដែល​គួរ​គោរព​ដែរ»។ (រ៉ូម ១៣:៧) យើង​ត្រូវ​តែ«រាប់​អាន​ដល់​មនុស្ស​ទាំង​អស់»។—ពេត្រុស​ទី​១ ២:១៧

១៩. តើ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច«ធ្វើ​ល្អ»ដល់​អ្នក​ដទៃ ព្រម​ទាំង​លើក​កិត្ដិយស​ចំពោះ​ពួក​គេ​ផង​ដែរ?

១៩ ទោះ​បី​យើង​ត្រូវ​តែ​លើក​កិត្ដិយស​សូម្បី​តែ​ចំពោះ​អ្នក​នៅ​ក្រៅ​ក្រុម​ជំនុំ​ពិត​មែន ចូរ​កត់​សម្គាល់​អ្វី​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​បញ្ជាក់៖ «កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម»។ (កាឡាទី ៦:១០) ត្រូវ​ហើយ របៀប​ល្អ​បំផុត​ដែល​យើង​អាច«ធ្វើ​ល្អ»ដល់​អ្នក​ដទៃ គឺ​ដោយ​យើង​បណ្ដុះ​បណ្ដាល​និង​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​គេ។ (ម៉ាថាយ ៥:៣) យើង​អាច​ធ្វើ​ដូច្នេះ ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​រំឭក​របស់​សាវ័ក​ប៉ុល៖ «ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។ ពេល​យើង​ឆ្លៀត​យក​យ៉ាង​ប្រុង​ប្រយ័ត្ន​នូវ​ឱកាស​ទាំង​អស់​ដើម្បី​ធ្វើ​បន្ទាល់ និង‹បំពេញ​ការងារ​របស់​យើង​គ្រប់​ជំពូក›ផង នោះ​យើង​មិន​គ្រាន់​តែ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ក៏​ប៉ុន្តែ​លើក​កិត្ដិយស​ចំពោះ​ពួក​គេ​ផង​ដែរ។—ធីម៉ូថេ​ទី​២ ២:១៥; ៤:៥

ការ​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា

២០. តើ​អ្វី​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​ស្តេច​ផារ៉ោន​និង​ពល​ទ័ព​របស់​ទ្រង់ ហើយ​ហេតុ​អ្វី?

២០ ព្រះ​យេហូវ៉ា​លើក​កិត្ដិយស​ចំពោះ​សត្តនិករ​របស់​ទ្រង់។ ដូច្នេះ​គឺសម​ហេតុ​សម​ផល​ដែរ ដែល​យើង​ក៏​លើក​កិត្ដិយស​ចំពោះ​ទ្រង់​វិញ។ (សុភាសិត ៣:៩; វិវរណៈ ៤:១១) បន្ទូល​របស់​ព្រះ​យេហូវ៉ា​ក៏​ប្រាប់​ថា៖ «អស់​អ្នក​ណា​ដែល​លើក​ដំកើង​អញ នោះ​អញ​នឹង​ដំកើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល​ងាយ​ដល់​អញ នោះ​អញ​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ»។ (សាំយូអែល​ទី​១ ២:៣០) ពេល​ស្តេច​ផារ៉ោន​នៃ​ប្រទេស​អេស៊ីប បាន​ត្រូវ​ប្រាប់​ឲ្យ​លែង​រាស្ត្រ​របស់​ព្រះ នោះ​ទ្រង់​បាន​ឆ្លើយ​យ៉ាង​ក្រអឺត​ក្រទម​ថា៖ «តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា​ដែល​អញ​ត្រូវ​ស្ដាប់​តាម​ទ្រង់»? (និក្ខមនំ ៥:២) ពេល​ស្តេច​ផារ៉ោន​បាន​ចាត់​ឲ្យ​ទ័ព​របស់​ទ្រង់​ដើម្បី​ប​ង្រា​ប​ពួក​អ៊ីស្រាអែល នោះ​ព្រះ​យេហូវ៉ា​បាន​ញែក​ទឹក​នៃ​សមុទ្រ​ក្រហម​សំរាប់​អ៊ីស្រាអែល។ ក៏​ប៉ុន្តែ​ពេល​ពួក​អេស៊ីប​បាន​ខំ​ទៅ​តាម​គេ នោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​នោះ​ហូរ​មក​វិញ។ «ទ្រង់[ព្រះ​យេហូវ៉ា]បាន​បោះ​អស់​ទាំង​រទេះ នឹង​ពល​ទ័ព​របស់​ផារ៉ោន​ចោល​ទៅ​ក្នុង​សមុទ្រ»។ (និក្ខមនំ ១៤:២៦​-​២៨; ១៥:៤) ដូច្នេះ​ការ​បដិសេធ​ដ៏​អំនួត​របស់​ស្តេច​ផារ៉ោន​មិន​ព្រម​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា នោះ​បាន​នាំ​ទៅ​ដល់​ទី​បញ្ចប់​ដ៏​ហិន​វិនាស។—ទំនុកដំកើង ១៣៦:១៥

២១. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ទាស់​នឹង​បេលសាសារ ហើយ​តើ​អ្វី​ជា​លទ្ធផល?

២១ ស្តេច​បេលសាសារ​នៃ​បាប៊ីឡូន​បាន​បដិសេធ មិន​ព្រម​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា។ ពេល​ជប់​លៀង​ដោយ​ផឹក​ស្រា​ស្រវឹង នោះ​ទ្រង់​បាន​ចំអក​ដាក់​ព្រះ​យេហូវ៉ា ដោយ​ផឹក​ពី​គ្រឿង​ភាជនៈ​ធ្វើ​ពី​មាស​និង​ប្រាក់ ដែល​បាន​ត្រូវ​យក​ចេញ​ពី​ព្រះ​វិហារ​នៃ​យេរូសាឡិម។ ហើយ​ពេល​ទ្រង់​កំពុង​តែ​ធ្វើ​ដូច្នេះ ទ្រង់​ក៏​បាន​សរសើរ​ដំកើង​ព្រះ​ពាហិរ​របស់​ទ្រង់។ ក៏​ប៉ុន្តែ​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ឈ្មោះ​ដានីយ៉ែល​បាន​ប្រាប់​ទ្រង់​ថា៖ «ទ្រង់​មិន​បាន​បន្ទាប​ព្រះ​ទ័យ . . . គឺ​ទ្រង់​បាន​លើក​អង្គ​ទ្រង់​ឡើង ទាស់​នឹង​ព្រះ​អម្ចាស់​នៃ​ស្ថាន​សួគ៌​វិញ»។ នៅ​រាត្រី​នោះ​ឯង នោះ​បេលសាសារ​បាន​ត្រូវ​សម្លាប់ ហើយ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​បាន​ត្រូវ​រឹប​យក​ពី​ទ្រង់​វិញ។—ដានីយ៉ែល ៥:២២​-​៣១

២២. (ក) ហេតុ​អ្វី​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្លាក់​លើ​ពួក​អ្នក​ដឹក​នាំ​សាសន៍​អ៊ីស្រាអែល និង​រាស្ត្រ​របស់​ពួក​គេ? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ពេញ​ព្រះ​ហឫទ័យ​នឹង​អ្នក​ណា ហើយ​តើ​នេះ​បាន​មាន​លទ្ធផល​អ្វី?

២២ នៅ​សតវត្ស​ទី​មួយ​ស.យ. ស្តេច​ហេរ៉ូឌ​កំពុង​តែ​ថ្លែង​សុន្ទរកថា​ឲ្យ​សាធារណជន ហើយ​គេ​បាន​ស្រែក​ឡើង​ថា៖ «នេះ​ជា​សំឡេង​ព្រះ​ទេ​វ៉ឺយ មិន​មែន​ជា​សំឡេង​មនុស្ស​ទេ»! ស្តេច​ដ៏​អួតអាង​នោះ​មិន​បាន​បដិសេធ​ទេ ក៏​ប៉ុន្តែ​ចង់​ទទួល​សេចក្ដី​សរសើរ។ នោះ«ស្រាប់​តែ​ទេវតា​នៃ​ព្រះ​អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ . . . ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ»។ (កិច្ច​ការ ១២:២១​-​២៣) ហេរ៉ូឌ​បាន​លើក​កិត្ដិយស​ចំពោះ​អង្គ​ទ្រង់ មិន​មែន​ព្រះ​យេហូវ៉ា​ទេ ហើយ​បាន​ត្រូវ​ធ្វើ​គុត។ ពួក​អ្នក​ដឹក​នាំ​ខាង​សាសនា​នៅ​សម័យ​នោះ​បាន​ធ្វើ​ឲ្យ​អាប់​កិត្ដិយស​ដល់​ព្រះ ដោយ​ពួក​គេ​បាន​រួម​គំនិត​ធ្វើ​គុត​ព្រះ​យេស៊ូ ជា​រាជបុត្រ​របស់​ទ្រង់។ អ្នក​គ្រប់​គ្រង​ខ្លះ​ដឹង​ថា​ព្រះ​យេស៊ូ​បង្រៀន​សេចក្ដី​ពិត ក៏​ប៉ុន្តែ​គេ​មិន​បាន​កាន់​តាម​ទ្រង់​ទេ «ពី​ព្រោះ​គេ​ចូល​ចិត្ត​នឹង​សេចក្ដី​សរសើរ​របស់​មនុស្ស ជា​ជាង​សេចក្ដី​សរសើរ​របស់​ព្រះ​វិញ»។ (យ៉ូហាន ១១:៤៧​-​៥៣; ១២:៤២, ៤៣) សាសន៍​នោះ​ជា​ក្រុម​មិន​បាន​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា ឬ​ក៏​អ្នក​តំណាង​ចាក់​ប្រេង​តាំង​របស់​ទ្រង់ ជា​ព្រះ​យេស៊ូ។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​មិន​បាន​បន្ត​លើក​កិត្ដិយស​ចំពោះ​គេ​ទៅ​ទៀត​ទេ ទាំង​លះ​ចោល​ពួក​គេ​និង​ព្រះ​វិហារ​របស់​គេ​ឲ្យ​ទទួល​សេចក្ដី​ហិន​វិនាស។ ក៏​ប៉ុន្តែ​ទ្រង់​បាន​រក្សា​ជីវិត​របស់​អ្នក ដែល​បាន​លើក​កិត្ដិយស​ចំពោះ​ទ្រង់​និង​រាជបុត្រ​របស់​ទ្រង់​ឲ្យ​នៅ​រស់​ត​ទៅ​ទៀត។—ម៉ាថាយ ២៣:៣៨; លូកា ២១:២០​-​២២

២៣. តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ? (ទំនុកដំកើង ៣៧:៩​-​១១; ម៉ាថាយ ៥:៥)

២៣ អស់​អ្នក​ណា​ដែល​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ ក្រោយ​ពី​របប​នេះ​ត្រូវ​បំផ្លាញ​ចោល គឺ​ត្រូវ​តែ​លើក​កិត្ដិយស​ចំពោះ​ព្រះ​និង​រាជបុត្រ​របស់​ទ្រង់​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ស្ដាប់​បង្គាប់​តាម​ទ្រង់។ (យ៉ូហាន ៥:២២, ២៣; ភីលីព ២:៩​-​១១) អ្នក​ណា​ដែល​មិន​លើក​កិត្ដិយស​បែប​នេះ«នឹង​ត្រូវ​កាត់​ឲ្យ​សូន​ចេញ​ពី​ផែនដី​វិញ»។ ក៏​ប៉ុន្តែ​ពួក​អ្នក​ទៀង​ត្រង់​ដែល​លើក​កិត្ដិយស​ចំពោះ​ព្រះ​និង​ព្រះ​គ្រីស្ទ ទាំង​ស្ដាប់​បង្គាប់​នោះ«នឹង​អាស្រ័យ​នៅ​ផែនដី»។—សុភាសិត ២:២១, ២២

ដើម្បី​រៀន​សា​ឡើង​វិញ

◻ តើ​ការ​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ​មាន​ន័យ​អ្វី ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​និង​ប៉ុល​បាន​លើក​កិត្ដិយស​ចំពោះ​អ្នក​ដទៃ?

◻ នៅ​សព្វ​ថ្ងៃ​យើង​នេះ តើ​អ្នក​ណា​ដែល​គួរ​នឹង​ទទួល​កិត្ដិយស?

◻ ហេតុ​អ្វី​បាន​ជា​យើង​គួរ​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ?

[រូប​ភាព​នៅ​ទំព័រ​១៦]

ព្រះ​យេហូវ៉ា​បាន​លើក​កិត្ដិយស​ចំពោះ​អ័ប្រាហាំ​ដោយ​ពិចារណា​សេចក្ដី​អង្វរ​របស់​គាត់

[រូប​ភាព​នៅ​ទំព័រ​១៧]

ក្នុង​អាពាហ៍ពិពាហ៍​ដែល​ជោគ​ជ័យ នោះ​ប្ដី​និង​ប្រពន្ធ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក