បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១១ ទំ. ២៣-២៧
  • ចូរមានទស្សនៈដូចគម្ពីរស្ដីអំពីការថែទាំសុខភាព

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរមានទស្សនៈដូចគម្ពីរស្ដីអំពីការថែទាំសុខភាព
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជា​ការ​ធម្មតា​ដែល​ចង់​ថែទាំ​សុខភាព
  • ចូរ​ជៀស​ចេញពី​ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​សុខភាព
  • តើ​ការ​អ្វី​ប្រសើរ​ជាងគេ?
  • យើង​ត្រូវ​ប្រព្រឹត្ត​«ដោយ​ដឹង​ខុស​ត្រូវ»
  • ‹ចូរ​សំ​ដែង​ឲ្យ​មនុស្ស​ទាំងអស់​ឃើញ​ថា អ្នកជា​មនុស្ស​សម​ហេតុ​ផល›
  • ប្រយោជន៍​ពី​ការ​កាន់​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ
  • របៀប​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ដែល​មិន​នឹក​ស្មាន
    ប្រធានបទឯទៀត
  • ព្រះយេហូវ៉ានឹងទ្រទ្រង់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ១ | ការពារសុខភាពរបស់អ្នក
    ភ្ញាក់រឭក! ២០២២
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១១ ទំ. ២៣-២៧

ចូរ​មាន​ទស្សនៈ​ដូច​គម្ពីរ​ស្តី​អំពី​ការ​ថែទាំ​សុខភាព

​«ឯង​ត្រូវ​ស្រឡាញ់​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត»។—ម៉ាក. ១២:៣០

១​. តើ​អ្វី​ជា​គោល​បំណង​ដើម​របស់​ព្រះ​សម្រាប់​មនុស្សជាតិ?

គោលបំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្ស​ជាតិ មិន​មែន​ចង់​ឲ្យ​មនុស្ស​ឈឺ​និង​ស្លាប់​នោះ​ទេ។ ទ្រង់​បាន​ដាក់​អ័ដាម​និង​អេវ៉ា​ក្នុង​សួន​អេដែន ឬ​«សួន​ច្បារ​ជា​ទី​គាប់​ចិត្ត» ដើម្បី​«ធ្វើការ​ហើយ​ថែ​រក្សា»​សួន​នោះ មិន​មែន​ត្រឹម​តែ​៧០​ឬ​៨០​ឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​ជា​រៀង​រហូត​វិញ។ (លោ. ២:៨, ១៥; ទំនុក. ៩០:១០) បើ​អ័ដាម​និង​អេវ៉ា​បាន​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់​ដោយ​ចុះចូល​នឹង​ការ​គ្រប់គ្រង​របស់​ទ្រង់ នោះ​ពួក​គាត់​នឹង​មិន​មាន​រោគាព្យាធិ ជរាភាព ហើយ​ក៏​មិន​ស្លាប់​ដែរ។

២, ៣​. (ក) តើ​សៀវភៅ​សាស្ដា​មានការ​ពិពណ៌នា​យ៉ាង​ណា​អំពី​ភាព​ចាស់​ជរា? (ខ) តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​ដែល​បាន​ឆ្លង​ពី​អ័ដាម? តើ​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បំផ្លាញ​ចោល​យ៉ាង​ដូច​ម្ដេច?

២ ក្នុង​គម្ពីរ​នៅ​សាស្ដា​ជំពូក​ទី​១២ មានការ​ពិពណ៌នា​ដ៏​រស់​រវើក​អំពី​បណ្ដា​«ថ្ងៃ​អាក្រក់» ដែល​សំដៅ​ទៅ​ពេល​មាន​ភាព​ចាស់​ជរា​ក្នុង​ពិភព​លោក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នេះ។ (សូម​អាន សាស្ដា ១២:១​-​៧) សក់​ស ត្រូវ​បាន​ប្រៀប​ដូច​ជា​ផ្កា​«ដើម​ចំបក់»។ ជើង​ត្រូវ​បាន​ប្រៀប​ដូច​ជា​«ពួក​មនុស្ស​ខ្លាំងពូកែ»​ដែល​ឥឡូវ​កោង​ហើយ​លែង​មាំ។ សមត្ថភាព​មើល​ឃើញ​ដែល​កាន់តែ​អន់​ខ្សោយ​ទៅៗ ត្រូវ​ប្រដូច​នឹង​មនុស្ស​ស្រី​ដែល​មើល​តាម​បង្អួច ប៉ុន្តែ​ឃើញ​តែ​ភាព​ងងឹត។ ការ​បាត់បង់​ធ្មេញ​ត្រូវ​ប្រៀប​នឹង​«ពួក​ស្រី​ដែល​កិន​ស្រូវ»​ដែល​«ត្រូវ​ឈប់​ដោយ​ព្រោះ​មាន​គ្នា​តិច​ពេក»។

៣ ធ្មេញ​បាក់ ជើង​លែង​មាំ និង​ភ្នែក​អន់​ខ្សោយ​មិន​មែន​ជា​គោលបំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្សជាតិ​ឡើយ។ សេចក្ដី​ស្លាប់​ដែល​បាន​ឆ្លង​ពី​អ័ដាម​មក គឺជា‹ការ​មួយ​របស់​អារក្ស› ដែល​បុត្រ​របស់​ព្រះ​នឹង​«បំផ្លាញ»​តាម​រយៈ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ «ដោយ​ហេតុ​នោះ​បានជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ»។—១យ៉ូន. ៣:៨

ជា​ការ​ធម្មតា​ដែល​ចង់​ថែទាំ​សុខភាព

៤​. ហេតុ​អ្វី​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ចង់​ថែទាំ​សុខភាព​របស់​ខ្លួន? ប៉ុន្តែ តើ​ពួក​គេ​ទទួល​ស្គាល់​ការ​ពិត​ស្តី​អំពី​អ្វី?

៤ នៅ​សព្វថ្ងៃ​នេះ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ខ្លះ​ធ្លាក់ខ្លួន​ឈឺ ហើយ​ក៏​ទៅ​ជា​ចាស់​ជរា​ដូច​មនុស្ស​ឯ​ទៀត​ដែល​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែរ។ គឺជា​ការ​ធម្មតា​ទេ ដែល​យើង​ចង់​ថែទាំ​សុខភាព​របស់​យើង​ដោយ​មាន​តុល្យភាព ដ្បិត​ធ្វើ​ដូច្នេះ​ក៏​មាន​ប្រយោជន៍​ដល់​យើង​ផង។ យើង​ពិតជា​ចង់​បម្រើ​ព្រះ​យេហូវ៉ា‹ឲ្យ​អស់​អំពី​កំឡាំង​យើង› មែន​ទេ? (ម៉ាក. ១២:៣០) ក៏​ប៉ុន្តែ ទោះជា​យើង​ព្យាយាម​ថែទាំ​សុខភាព​ខ្លួន​ក៏​ពិត​មែន យើង​គួរ​ទទួល​ស្គាល់​ការ​ពិត​ថា មនុស្ស​ជាតិ​មាន​លទ្ធភាព​តិច​ណាស់​ក្នុង​ការ​រារាំង​ជរាភាព ហើយក៏​មិន​អាច​ការពារ​ខ្លួន​ពី​ជំងឺ​គ្រប់​ទាំងអស់​បាន​ឡើយ។

៥​. តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​របៀប​ដែល​ពួក​អ្នក​បម្រើ​ស្មោះ​ភក្ដី​របស់​ព្រះ​បាន​ស៊ូទ្រាំ​នឹង​បញ្ហា​សុខភាព?

៥ អ្នក​បម្រើ​ស្មោះ​ភក្ដី​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ធ្លាប់​មាន​បញ្ហា​សុខភាព។ លោក​អេប៉ាប្រូឌីត​ជា​បុគ្គល​ម្នាក់​ដែល​មាន​បញ្ហា​សុខភាព។ (ភី. ២:២៥​-​២៧) ធីម៉ូថេ​ដែល​ជា​គូកន​ស្មោះត្រង់​របស់​ប៉ុល ជា​រឿយៗ​ធ្លាប់​មាន​បញ្ហា​ក្រពះ ហើយ​ប៉ុល​បាន​ជូន​យោបល់​គាត់​ឲ្យ​ផឹក​«ស្រា​ទំពាំង​បាយ​ជូរ​បន្ដិច»។ (១ធី. ៥:២៣) សាវ័ក​ប៉ុល​ធ្លាប់​ស៊ូទ្រាំ​នឹង​អ្វី​ដែល​គាត់​ហៅ​ថា​«បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម» ដែល​ប្រហែល​ជា​បញ្ហា​ភ្នែក ឬ​រោគ​អ្វី​ផ្សេង​ដែល​គ្មាន​ការ​ព្យាបាល​នៅ​ជំនាន់​នោះ។ (២កូ. ១២:៧; កា. ៤:១៥; ៦:១១) ស្តី​អំពី​«បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម» ប៉ុល​បាន​ទូល​អង្វរ​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត។ (សូម​អាន កូរិនថូសទី២ ១២:៨​-​១០) ព្រះ​យេហូវ៉ា​មិន​បាន​ធ្វើ​អព្ភូតហេតុ​ប្រោស​ឲ្យ​ប៉ុល​លែង​មាន​«បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម»​គាត់​ទេ។ ប៉ុន្តែ​ព្រះ​បាន​ប្រទាន​កម្លាំង​ឲ្យ​គាត់​ស៊ូទ្រាំ​វិញ។ ដូច្នេះ​ហើយ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​ស​ឲ្យ​ឃើញ​ជាក់​ស្តែង​តាម​រយៈ​ភាព​ទន់ខ្សោយ​របស់​ប៉ុល។ យើង​អាច​ទាញ​មេរៀន​ពី​បទ​ពិសោធន៍​នេះ មែន​ទេ?

ចូរ​ជៀស​ចេញពី​ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​សុខភាព

៦, ៧​. ហេតុ​អ្វី​ក៏​យើង​ជៀស​ចេញពី​ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​សុខភាព​របស់​យើង?

៦ ដោយ​សារ​យើង​ដឹង​ថា សាក្សី​ព្រះ​យេហូវ៉ា​ទៅ​រក​គ្រូពេទ្យ​ឲ្យ​ជួយ និង​ទទួល​វិធី​ព្យាបាល​បែប​ផ្សេងៗ នោះ​ទស្សនាវដ្ដី​ភ្ញាក់​រលឹក​ជា​ភាសា​អង់គ្លេស មាន​អត្ថបទ​ខ្លះៗ​ដែល​ជា​ញឹកញយ​ពិគ្រោះ​អំពី​រឿង​សុខភាព។ ថ្វីបើ​យើង​មិន​គាំទ្រ​ជា​ផ្លូវការ​ចំពោះ​វិធី​ព្យាបាល​ណាមួយ​ក្ដី តែ​យើង​ដឹងគុណ​ដល់​ពួក​អ្នក​ជំនាញ​ខាង​ការ​ថែទាំ​សុខ​ភាព ដែល​ផ្ដល់​ជំនួយ​និង​សហការ​ជាមួយ​យើង។ យើង​ដឹង​ថា​នៅ​សព្វថ្ងៃ​នេះ​យើង​មិន​អាច​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ​បាន​ទេ។ ដូច្នេះ​ហើយ កុំ​ឲ្យ​យើង​ខ្វល់ខ្វាយ​អំពី​រឿង​សុខភាព​ហួស​ហេតុ​ពេក។ យើង​មិន​ត្រូវ​មាន​ទស្សនៈ​ដូច​មនុស្ស​ដែល​«ឥត​មាន​ទី​សង្ឃឹម» គឺ​ពួក​អ្នក​ដែល​គិត​ថា​ជីវិត​មាន​តែ​ប៉ុណ្ណេះ ហើយ​សុខចិត្ត​ទទួល​ការ​ព្យាបាល​បែប​ណា​ក៏​ដោយ​ឲ្យ​តែ​អាច​ជា​ពី​ជំងឺ​នោះ​ទេ។ (អេភ. ២:២, ១២) យើង​ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​លែង​ពេញចិត្ត​នឹង​យើង ដើម្បី​តែ​ជីវិត​ខ្លួន​នៅ​ឥឡូវនេះ​ប៉ុណ្ណោះ​ទេ។ យើង​ជឿ​ជាក់​ថា បើ​យើង​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ព្រះ​ជា​និច្ច យើង​នឹង​«ចាប់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច» ក្នុង​ពិភព​លោក​ថ្មី​ដែល​ទ្រង់​បាន​សន្យា​នោះ។—១ធី. ៦:១២, ១៩; ២ពេ. ៣:១៣

៧ មាន​ហេតុ​មួយទៀត​ដែល​យើង​គួរ​ជៀស​ចេញពី​ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​សុខភាព​របស់​យើង ពោល​គឺ អាច​នាំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​គិតតែ​ពី​ប្រយោជន៍​ខ្លួន។ សាវ័ក​ប៉ុល​បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​នេះ ពេល​គាត់​បាន​ដាស់តឿន​បង​ប្អូន​នៅ​ទីក្រុង​ភីលីព «កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ ត្រូវ​ស្វែងរក​ចំពោះ​អ្នក​ដទៃ​ផង»។ (ភី. ២:៤) គឺជា​ការ​ត្រឹមត្រូវ​ដែល​យើង​ថែទាំ​សុខភាព​របស់​យើង​ដោយ​តុល្យភាព។ ប៉ុន្តែ បើ​យើង​យក​ចិត្ត​ទុកដាក់​ស្វែងរក​ប្រយោជន៍​បង​ប្អូន និង​មនុស្ស​ដែល​យើង​ប្រាប់​អំពី​«ដំណឹង​ល្អ​នេះ ដែល​សំ​ដែង​ពី​នគរ» នោះ​នឹង​ជួយ​យើង​មិន​ឲ្យ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​សុខភាព​ខ្លួន។—ម៉ាថ. ២៤:១៤

៨​. តើ​ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​រឿង​សុខភាព​អាច​នាំ​ឲ្យ​យើង​ធ្វើ​អ្វី?

៨ បើ​មិន​ប្រុង​ប្រយ័ត្ន គ្រិស្ត​សាសនិក​ពិត​ម្នាក់​អាច​ខ្វល់ខ្វាយ​អំពី​រឿង​សុខភាព​ដល់​ម្ល៉េះ ដែល​គាត់​ចាត់​ទុក​ការ​បម្រើ​ព្រះ​យេហូវ៉ា ជា​រឿង​បន្ទាប់​បន្សំ​ទៅ​វិញ។ ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​ក៏​អាច​នាំ​ឲ្យ​យើង​បង្ខំ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​តាម​គំនិត​របស់​យើង​ស្តី​អំពី​ម្ហូប ការ​ព្យាបាល​ឬ​ប្រភេទ​ថ្នាំ​ណាមួយ។ ស្តី​អំពី​រឿង​នេះ សូម​មើល​គោលការណ៍​មួយ​ក្នុង​ពាក្យ​របស់​ប៉ុល ដែល​ថា​៖ «[ចូរ]ល​មើល ឲ្យ​ស្គាល់​អស់ទាំង​សេចក្ដី​ដែល​ប្រសើរ​[ឬ​«ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាងគេ»]ដើម្បី​ឲ្យ​បាន​ជ្រះថ្លា ហើយ​ឥត​ធ្វើ​ឲ្យ​អ្នក​ណា​អាក់​អន់​ចិត្ត​ឡើយ ដរាប​ដល់​ថ្ងៃ​នៃ​ព្រះ​គ្រីស្ទ»។—ភី. ១:១០; ភីល. ១:១០, ខ.ស.

តើ​ការ​អ្វី​ប្រសើរ​ជាងគេ?

៩​. តើ​កិច្ចការ​ម្យ៉ាង​ដែល​ប្រសើរ​ជាងគេ​ដែល​យើង​គួរ​យក​ចិត្ត​ទុកដាក់​ជា​អ្វី? ហើយ​ហេតុ​អ្វី?

៩ ប្រសិនបើ​យើង​យក​ចិត្ត​ទុកដាក់​នឹង​ការ​អ្វី​ប្រសើរ​ជាងគេ នោះ​យើង​នឹង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ជួយ​មនុស្ស​ឲ្យ​មាន​ចំណង​មិត្តភាព​ដ៏​ល្អជា​មួយ​ព្រះ ដោយ​ផ្សព្វផ្សាយ​និង​បង្រៀន​ពួក​គេ​អំពី​បណ្ដាំ​របស់​ទ្រង់។ កិច្ចការ​ដែល​នាំ​ឲ្យ​មាន​អំណរ​នេះ ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក​ដែល​យើង​បង្រៀន ហើយ​ដល់​ខ្លួន​យើង​ផង​ដែរ។ (សុ. ១៧:២២; ១ធី. ៤:១៥, ១៦) ម្ដង​ម្កាល ទស្សនាវដ្ដី​ប៉មយាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រលឹក! (Awake!) មាន​បទ​ពិសោធន៍​របស់​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​ស៊ូទ្រាំ​នឹង​ជំងឺ​រ៉ាំរ៉ៃ​ដ៏​ធ្ងន់ធ្ងរ។ ជួនកាល ក្នុង​អត្ថបទ​ទាំងនោះ ពួក​គាត់​រៀបរាប់​អំពី​របៀប​ដែល​ពេល​ខ្លះ​ពួក​គាត់​ភ្លេច​បញ្ហា​ដែល​ខ្លួន​មាន ដោយសារ​ខំ​រក​ឱកាស​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​បាន​ស្គាល់​ព្រះ​យេហូវ៉ា និង​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​ទ្រង់។

១០​. ហេតុ​អ្វី​ការ​ព្យាបាល​ដែល​យើង​ជ្រើសរើស​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា?

១០ នៅ​ពេល​មាន​បញ្ហា​សុខភាព គ្រិស្ត​សាសនិក​ពិត​ម្នាក់ៗ​ដែល​ពេញវ័យ ត្រូវ​«ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន»​ក្នុង​ការ​ជ្រើសរើស​វិធី​ព្យាបាល។ (កា. ៦:៥) ក៏​ប៉ុន្តែ​យើង​គួរ​ចាំ​ថា ការ​ព្យាបាល​ដែល​យើង​ជ្រើសរើស គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា។ ការ​គោរព​តាម​គោលការណ៍​ក្នុង​គម្ពីរ​ជំរុញ​ឲ្យ​យើង​«ជៀសវាង . . . ពី​ឈាម»។ ដូច​គ្នា​ដែរ ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បណ្ដាំ​របស់​ព្រះ ក៏​គួរ​ជំរុញ​យើង​ឲ្យ​ជៀស​ចេញពី​ការ​ព្យាបាល​ប្រភេទ​ណា​ដែល​មិន​សម​ស្រប​តាម​គោលការណ៍​គម្ពីរ ឬ​អាច​ប៉ះពាល់​ដល់​ចំណង​មិត្តភាព​របស់​យើង​ជាមួយ​ព្រះ​យេហូវ៉ា។ (កិច្ច. ១៥:២០) វិធី​ធ្វើ​រោគ​វិនិច្ឆ័យ​និង​វិធី​ព្យាបាល​ខ្លះ​គឺ​ស្រ​ដៀង​នឹង​មន្តអាគម។ ព្រះ​យេហូវ៉ា​មិន​ពេញចិត្ត​ចំពោះ​សាសន៍​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ ហើយ​ប្រើ​មន្តអាគម​នោះ​ទេ។ ទ្រង់​ប្រកាស​ថា​៖ «កុំ​ឲ្យ​យក​ដង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ នឹង​ថ្ងៃ​ឈប់​សំ​រាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះ​អញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុតមាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ»។ (អេសា. ១:១៣) ពេល​ដែល​យើង​ឈឺ នោះ​មិនមែន​ជា​ពេល​ដែល​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ទេ ឬ​ក៏​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ទ្រង់​ដែរ។—បរិ. ៣:៤៤

យើង​ត្រូវ​ប្រព្រឹត្ត​«ដោយ​ដឹង​ខុស​ត្រូវ»

១១, ១២​. នៅ​ពេល​ជ្រើសរើស​ការ​ព្យាបាល តើ​ការ​ប្រព្រឹត្ត​«ដោយ​ដឹង​ខុស​ត្រូវ»​ជួយ​យើង​យ៉ាង​ណា?

១១ នៅ​ពេល​ដែល​យើង​ឈឺ យើង​មិន​គួរ​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​ព្យាបាល​យើង​ដោយ​អព្ភូតហេតុ​នោះ​ទេ។ ប៉ុន្តែ​យើង​អាច​សុំ​ការ​ណែនាំ​ពី​ទ្រង់​ដើម្បី​ជ្រើសរើស​ការ​ព្យាបាល​ដ៏​ល្អ។ ពេល​ធ្វើការ​ជ្រើសរើស យើង​គួរ​ធ្វើ​តាម​ការ​ណែនាំ​ពី​គោលការណ៍​ក្នុង​គម្ពីរ ហើយ​ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ។ នៅ​ពេល​ជំងឺ​នោះ​ធ្ងន់ ជា​ការ​ល្អ​បើ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្សេងៗ​គ្នា សម​ស្រប​តាម​គោល​ការណ៍​ដែល​បាន​ចែង​នៅ​សុភាសិត ១៥:២២ ថា​៖ «ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ»។ សាវ័ក​ប៉ុល​ដាស់តឿន​បង​ប្អូន​រួម​ជំនឿ​ថា​៖ «រស់នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់ធ្ងរ​[ឬ​«ដោយ​ដឹង​ខុស​ត្រូវ»] សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​វិញ ទាំង​រង់ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ»។—ទីត. ២:១២; ព.ថ.

១២ មនុស្ស​ជា​ច្រើន​សព្វថ្ងៃ​នេះ​ស្ថិត​ក្នុង​សភាព​មួយ​ដូច​ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​នៅ​សម័យ​ព្រះ​យេស៊ូ។ នៅ​ម៉ាកុស ៥:២៥, ២៦ យើង​អាន​ថា​៖ «នោះ​មាន​ស្ត្រី​ម្នាក់​ឈឺ​ធ្លាក់​ឈាម អស់​១២​ឆ្នាំ​មក​ហើយ។ នាង​បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ​សម្បត្ដិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់បើ​សោះ ជំងឺ​នោះ​កាន់តែ​ខ្លាំង​ឡើង​វិញ»។ ព្រះ​យេស៊ូ​បាន​ប្រោស​ស្ត្រី​នោះ​ឲ្យ​ជា ហើយ​ប្រព្រឹត្ត​នឹង​នាង​ដោយ​ចិត្ត​អាណិត​អាសូរ។ (ម៉ាក. ៥:២៧​-​៣៤) ដោយសារ​ភាព​ទាល់​ច្រក គ្រិស្ត​សាសនិក​ខ្លះ​ប្រហែល​ជា​មាន​គំនិត​ចង់​ធ្វើការ​វិនិច្ឆ័យ​រោគ ឬ​វិធី​ព្យាបាល​ដែល​ខុស​គោលការណ៍​សម្រាប់​ការ​ថ្វាយបង្គំ​បរិសុទ្ធ។

១៣, ១៤​. (ក) តើ​សាតាំង​អាច​ប្រើ​ជម្រើស​របស់​យើង​ស្តី​អំពី​វិធី​ព្យាបាល ដើម្បី​បំផ្លាញ​ភាព​ស្មោះត្រង់​របស់​យើង​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​យើង​ត្រូវ​ជៀស​ចេញពី​អ្វី​ក៏​ដោយ​ដែល​ទាក់ទង​នឹង​អំពើ​មន្តអាគម?

១៣ សាតាំង​នឹង​ប្រើ​មធ្យោបាយ​សព្វ​បែប​យ៉ាង​ដើម្បី​បំបែរ​អារម្មណ៍​យើង​ចេញពី​ការ​ថ្វាយ​បង្គំ​ពិត។ សាតាំង​យក​អំពើ​ប្រាសចាក​សីលធម៌​ខាង​កាម និង​ការ​ទាក់​ទាញ​ឲ្យ​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ​ដើម្បី​បំផ្លាញ​ភាព​ស្មោះត្រង់​របស់​យើង។ សាតាំង​ក៏​ខំ​បំផ្លាញ​ភាព​ស្មោះ​ត្រង់​របស់​បង​ប្អូន​ឯ​ទៀត​តាម​រយៈ​វិធី​ព្យាបាល​ដែល​គួរ​ឲ្យ​សង្ស័យ​ដែល​ពាក់​ព័ន្ធ​នឹង​មន្តអាគម​ដែរ។ យើង​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​«ប្រោស​ឲ្យ​យើងខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់​[ឬ​«មេ​កំណាច»]» ហើយពី​«គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់»។ យើង​មិន​គួរ​បណ្ដែត​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ចូល​កណ្ដាប់​ដៃ​សាតាំង ដោយ​ទាក់ទង​នឹង​អ្វី​ដែល​សឹងតែ​ជា​អំពើ​មន្តអាគម​នោះ​ឡើយ។—ម៉ាថ. ៦:១៣; ព.ថ.; ទីត. ២:១៤

១៤ ព្រះ​យេហូវ៉ា​ហាម​មិន​ឲ្យ​ពួក​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​មន្តអាគម និង​ទាក់ទង​ជាមួយ​គ្រូទាយ​ឡើយ។ (ចោទិ. ១៨:១០​-​១២) សាវ័ក​ប៉ុល​រៀប​រាប់​អំពី​«មន្តអាគម»​ក្នុង​ចំណោម​«កិច្ចការ​ខាង​សាច់ឈាម»។ (កា. ៥:១៩, ២០) ម្យ៉ាងទៀត «ពួក​មន្តអាគម»​នឹង​មិន​បាន​ជីវិត​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​យេហូវ៉ា​ឡើយ។ (វិវរ. ២១:៨) យើង​អាច​ឃើញ​ច្បាស់​ហើយ​ថា អ្វី​ក៏​ដោយ​ដែល​ពាក់​ព័ន្ធ​នឹង​មន្តអាគម​ជា​ទី​ស្អប់ខ្ពើម​ចំពោះ​ព្រះ​យេហូវ៉ា។

‹ចូរ​សំ​ដែង​ឲ្យ​មនុស្ស​ទាំងអស់​ឃើញ​ថា អ្នកជា​មនុស្ស​សម​ហេតុ​ផល›

១៥, ១៦​. (ក) ហេតុ​អ្វី​យើង​ត្រូវ​មាន​ប្រាជ្ញា​ពេល​ជ្រើសរើស​វិធី​ព្យាបាល? (ខ) តើ​គណៈ​អភិបាល​នៅ​សតវត្សរ៍​ទី​១​បាន​ផ្ញើ​សំបុត្រ​ជូន​ឱវាទ​អ្វី​ដល់​គ្រិស្ត​សាសនិក​ទាំងឡាយ?

១៥ ដូច្នេះ ប្រសិនបើ​យើង​សង្ស័យ​លើ​របៀប​វិនិច្ឆ័យ​រោគ​ឬ​វិធី​ព្យាបាល​ណាមួយ យក​ល្អ​យើង​គួរ​បដិសេធ​ជា​ដាច់ខាត។ ក៏​ប៉ុន្តែ បើ​យើង​គ្រាន់តែ​មិន​ដឹង​មូលហេតុ​ដែល​ការ​វិនិច្ឆ័យ​រោគ​ឬ​វិធី​ព្យាបាល​ណាមួយ​មាន​ប្រសិទ្ធភាព នោះ​មិន​មាន​ន័យ​ថា​វិធី​នោះ​ពាក់​ព័ន្ធ​នឹង​មន្តអាគម​ទេ។ ដើម្បី​មាន​ទស្សនៈ​សម​ស្រប​តាម​បទ​គម្ពីរ​ស្តី​អំពី​ការ​ថែទាំ​សុខភាព យើង​ត្រូវ​តែ​មាន​ប្រាជ្ញា​របស់​ព្រះ​និង​ចេះ​រិះគិត​ពិចារណា​ឲ្យ​បាន​ល្អ។ សុភាសិត​ជំពូក​ទី​៣​ដាស់​តឿន​យើង​ថា​៖ «ចូរ​ទីពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំ​រង់​អស់ទាំង​ផ្លូវ​ច្រក​របស់​ឯង . . . ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រយោជន៍ នឹង​គំនិត​វាងវៃ​ចុះ! ដូច្នេះ សេចក្ដី​នោះ​នឹង​បានជា​ជីវិត​ដល់​ព្រលឹង​ឯង»។—សុ. ៣:៥, ៦, ២១, ២២

១៦ ដូច្នេះ ពេល​ដែល​យើង​ព្យាយាម​ឲ្យ​មាន​សុខភាព​ល្អ​បំផុត យើង​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន មិន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​លែង​ពេញចិត្ត​នឹង​យើង ពេល​ដែល​យើង​ខំ​ប្រឹង​កាត់​បន្ថយ​បញ្ហា​ដែល​មក​ពី​ជរាភាព​ឬ​រក​វិធី​ព្យាបាល​រោគ។ ចំពោះ​ការ​ថែទាំ​សុខភាព ក៏​ដូច​ជា​ក្នុង​រឿង​ឯ​ទៀត​ដែរ យើង​ចង់‹សំ​ដែង​ឲ្យ​មនុស្ស​ទាំងអស់​បាន​ស្គាល់​សេចក្ដី​សំ​ឡូ​ត[ឬ​«ឃើញ​ថា​យើង​ជា​មនុស្ស​សម​ហេតុផល»]› ដោយ​ព្យាយាម​ប្រព្រឹត្ត​តាម​គោលការណ៍​ក្នុង​គម្ពីរ ដែល​នឹង​ជួយ​ឲ្យ​យើង​ធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​តុល្យភាព។ (ភី. ៤:៥; ព.ថ.) នៅ​សតវត្សរ៍​ទី​១ គណៈ​អភិបាល​បាន​ផ្ញើ​សំបុត្រ​ដ៏​សំខាន់​មួយ​ជូន​គ្រិស្ត​សាសនិក​ទាំងឡាយ ដោយ​ណែនាំ​ឲ្យ​ជៀសវាង​ពី​ការ​ថ្វាយបង្គំ​រូប​ព្រះ ឈាម និង​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវភេទ។ ការ​ណែនាំ​នោះ​ក៏​បាន​រួម​បញ្ចូល​ការ​ធានា​ថា​៖ «បើ​អ្នក​រាល់​គ្នា​ជៀស​វាង​ពី​របស់​ទាំងនេះ នោះ​បាន​ល្អ​ហើយ»។ (កិច្ច. ១៥:២៨, ២៩) តើ​បាន​ល្អ ឬ​បាន​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

ប្រយោជន៍​ពី​ការ​កាន់​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ

១៧​. តើ​យើង​ពិតជា​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា ដោយ​សារ​កាន់​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ?

១៧ យក​ល្អ​យើង​ម្នាក់ៗ​សួរ​ខ្លួនឯង​ថា ‹ដោយសារ​បាន​កាន់​តាម​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​គម្ពីរ ស្តី​ពី​ការ​ជៀសវាង​ពី​ឈាម និង​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវភេទ​នោះ តើ​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​បាន​ទទួល​ប្រយោជន៍​ទេ?›។ សូម​គិត​ដែរ​អំពី​ផល​ប្រយោជន៍​ដែល​យើង​បាន​ទទួល​ដោយសារ​បាន​«សំ​អា​ត​ខ្លួន​យើង ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់ឈាម​ចេញ ហើយ​ខាង​ព្រលឹង​វិញ្ញាណ​ផង»។ (២កូ. ៧:១) ដោយ​កាន់​តាម​គោលការណ៍​គម្ពីរ​ស្តី​អំពី​ភាព​ស្អាតស្អំ យើង​បាន​ការពារ​ខ្លួន​ពី​ជំងឺ​ច្រើន​យ៉ាង។ យើង​ទទួល​ផល​ល្អ​ដោយ​សារ​យើង​មិន​ព្រម​ជក់​បារី​ឬ​សេព​ថ្នាំ​ញៀន ដែល​បង្ខូច​ទាំង​សុខភាព​ទាំង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ ម្យ៉ាង​ទៀត សូម​គិត​អំពី​ផល​ប្រយោជន៍​ខាង​សុខភាព​ដែល​មក​ពី​ការ​ជៀស​ចេញពី​ការ​ស៊ីផឹក​ហួស​ប្រមាណ។ (សូម​អាន សុភាសិត ២៣:២០; ទីតុស ២:២, ៣) បើ​សម្រាក​និង​ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់​គ្រាន់ នោះ​ក៏​ជួយ​សុខភាព​របស់​យើង​ដែរ។ ទោះជា​ការ​សម្រាក​និង​ហាត់​ប្រាណ​អាច​មាន​ប្រយោជន៍​ក៏​ពិតមែន តែ​ការ​ធ្វើ​តាម​បណ្ដាំ​ក្នុង​គម្ពីរ​ពិតជា​បាន​ជួយ​យើង​ឲ្យ​មាន​សុខភាព​ល្អ ហើយ​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​ព្រះ។

១៨​. (ក) សំខាន់​បំផុត តើ​យើង​គួរ​យក​ចិត្ត​ទុកដាក់​នឹង​អ្វី? (ខ) ស្តី​អំពី​សុខភាព តើ​យើង​កំពុង​តែ​រង់ចាំ​ការ​សម្រេច​នៃ​បទ​ទំនាយ​មួយ​ណា?

១៨ សំខាន់​បំផុត យើង​គួរ​យក​ចិត្ត​ទុកដាក់​ពង្រឹង​ចំណង​មិត្តភាព​ដ៏​វិសេស​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង ដែល​ជា​ប្រភព​«ជីវិត​នៅ​ជាន់​ឥឡូវនេះ ហើយ​ទៅ​ខាង​នាយ»​ក្នុង​ពិភព​លោក​ថ្មី​របស់​ទ្រង់។ (១ធី. ៤:៨; ទំនុក. ៣៦:៩) ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ អំពើ​ខុស​ឆ្គង​របស់​យើង​នឹង​ត្រូវ​អត់ឱន​ទោស ដោយ​ផ្អែក​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ ដើម្បី​ប្រោស​យើង​ឲ្យ​ជា​ទាំង​ស្រុង​ខាង​សុខភាព និង​ខាង​ចំណង​មិត្តភាព​ជាមួយ​ព្រះ។ ព្រះ​គ្រិស្ត​យេស៊ូ ដែល​ជា​កូន​ចៀម​នៃ​ព្រះ ទ្រង់​នឹង​នាំ​យើង​ទៅ​ដល់​«រន្ធ​ទឹក​នៃ​ជីវិត» ហើយ​ព្រះ​នឹង​«ជូត​អស់​ទាំង​ទឹកភ្នែក»​ពី​ភ្នែក​យើង​ចេញ។ (វិវរ. ៧:១៤​-​១៧; ២២:១, ២) នៅ​ពេល​នោះ យើង​នឹង​ពិសោធ​នូវ​ការ​សម្រេច​បទ​ទំនាយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត ដែល​ថា​៖ «ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា ‹ខ្ញុំ​ឈឺ​ទៀត​ឡើយ›»។—អេសា. ៣៣:២៤

១៩​. ថ្វីបើ​យើង​ចាត់​វិធានការ​ដើម្បី​ព្យាបាល​សុខភាព តើ​យើង​អាច​មាន​ទំនុក​ចិត្ត​យ៉ាង​ណា?

១៩ យើង​ជឿជាក់​ថា​សេចក្ដី​សង្គ្រោះ​គឺ​ជិត​ណាស់​ហើយ! យើង​ទន្ទឹង​ចាំ​ថ្ងៃ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រំភើប ដែល​នោះ​ជា​ពេល​ទ្រង់​នឹង​បំបាត់​ជំងឺ​សព្វ​បែប​យ៉ាង​ព្រម​ទាំង​សេចក្ដី​ស្លាប់​ផង​ដែរ។ ទម្រាំ​ដល់​ពេល​នោះ​យើង​ទុកចិត្ត​ទាំង​ស្រុង​ថា បិតា​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទ្រង់​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ជំងឺ ពីព្រោះ‹ទ្រង់​តែង​យក​ចិត្ត​ទុកដាក់​នឹង​យើង​រាល់​គ្នា›។ (១ពេ. ៥:៧) ហេតុនេះ​ហើយ ចូរ​យើង​ថែទាំ​សុខភាព​របស់​យើង​ឲ្យ​ស្រប​តាម​ការ​ណែនាំ​ច្បាស់លាស់​ក្នុង​បណ្ដាំ​របស់​ព្រះ!

សូម​ពិនិត្យ​សា​ឡើង​វិញ

• តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឈឺ​ថ្កាត់? តើ​អ្នក​ណា​នឹង​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​នៃ​អំពើ​ខុសឆ្គង?

• ទោះ​បី​ជា​ការ​ធម្មតា​ដែល​យើង​ចង់​ថែទាំ​សុខភាព​របស់​យើង​ក៏​ដោយ តើ​យើង​ត្រូវ​ជៀសវាង​អ្វី?

• ហេតុ​អ្វី​ជម្រើស​របស់​យើង​ស្តី​អំពី​វិធី​ព្យាបាល​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា?

• ស្តី​អំពី​សុខភាព តើ​ការ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​មាន​ប្រយោជន៍​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​២៥]

មនុស្ស​ជាតិ​មិន​បាន​បង្កើត​មក​ឲ្យ​ឈឺ​និង​ចាស់​ជរា​ឡើយ

[រូបភាព​នៅ​ទំព័រ​២៦]

ថ្វីបើ​មាន​បញ្ហា​សុខភាព​ក្ដី អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មានចិត្ត​សប្បាយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក