តើលោកយេស៊ូបង្រៀនអ្វីខ្លះអំពីខ្លួនលោក?
«លោកយេស៊ូជ្រាបច្បាស់ថា លោកជាអ្នកណា លោកមកពីណា ក៏ជ្រាបអំពីមូលហេតុដែលលោក បានចូលក្នុងពិភពលោកយើង ហើយអំពីអ្វីដែលនឹងកើតឡើងចំពោះលោកនៅអនាគត»។ —អ្នកនិពន្ធឈ្មោះ ហ៊ើប៊ឺត ឡក់យឺ
មុនយើងអាចទទួលស្គាល់ ហើយជឿអ្វីដែលលោកយេស៊ូបានបង្រៀន យើងត្រូវដឹងព័ត៌មានខ្លះៗអំពីលោក។ តាមពិត តើលោកយេស៊ូជាអ្នកណា? តើលោកមកពីណា? តើលោកមានគោលបំណងអ្វីក្នុងជីវិត? ក្នុងគម្ពីរនៅសៀវភៅម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន យើងអាចអានចម្លើយរបស់លោកយេស៊ូផ្ទាល់ចំពោះសំណួរទាំងនេះ។
លោកធ្លាប់រស់នៅមុនលោកកើតនៅផែនដី លោកយេស៊ូធ្លាប់មានប្រសាសន៍ថា៖ «មុនអាប្រាហាំកើតមក មានខ្ញុំហើយ»។ (យ៉ូហាន ៨:៥៨) អាប្រាហាំធ្លាប់រស់នៅជិត២.០០០ឆ្នាំមុនលោកយេស៊ូកើតមក។ ប៉ុន្តែលោកយេស៊ូធ្លាប់រស់នៅមុនអាប្រាហាំដែលជាអ្នកគោរពព្រះយ៉ាងស្មោះត្រង់នោះ។ បើដូច្នេះ តើលោកយេស៊ូបានរស់នៅឯណា? លោកពន្យល់ថា៖ «ខ្ញុំបានចុះមកពីស្ថានសួគ៌»។—យ៉ូហាន ៦:៣៨
បុត្រព្រះ ព្រះយេហូវ៉ាមានបុត្រច្រើនដែលជាទេវតា។ ប៉ុន្តែលោកយេស៊ូគឺពិសេសជាងគេ។ លោកមានប្រសាសន៍ថា លោកជា«បុត្រតែមួយរបស់ព្រះ»។ (យ៉ូហាន ៣:១៨) ពាក្យនោះមានន័យថា លោកជាបុគ្គលតែមួយគត់ដែលព្រះបានបង្កើតដោយផ្ទាល់។ ព្រះបានបង្កើតអ្វីៗឯទៀតទាំងអស់តាមរយ:បុត្រនេះ។—កូឡុស ១:១៦
«កូនមនុស្ស» លោកយេស៊ូបានប្រើពាក្យនេះច្រើនជាងគេ ពេលមានប្រសាសន៍អំពីខ្លួនលោក។ (ម៉ាថាយ ៨:២០) ដោយពោលពាក្យនេះ លោកបញ្ជាក់ថាលោកមិនមែនជាទេវតាមួយរូបដែលបានកាឡាខ្លួនជាមនុស្ស ក៏មិនមែនជាព្រះមួយដែលចាប់ជាតិជាមនុស្សដែរ។ ផ្ទុយទៅវិញ លោកជាមនុស្សសុទ្ធសាធ។ ព្រះបានប្រើសកម្មពលរបស់លោកដើម្បីផ្ទេរជីវិតបុត្រលោកពីស្ថានសួគ៌មកផែនដី ដោយធ្វើឲ្យចាប់កំណើតក្នុងផ្ទៃនាងម៉ារៀដែលជាក្រមុំបរិសុទ្ធ។ ហេតុនេះហើយ លោកយេស៊ូបានកើតមកជាមនុស្សល្អឥតខ្ចោះ គ្មានភាពខុសឆ្គងទេ។—ម៉ាថាយ ១:១៨; លូកា ១:៣៥; យ៉ូហាន ៨:៤៦
មេស្ស៊ីដែលបានត្រូវសន្យា ស្ត្រីជនជាតិសាម៉ារីម្នាក់បានជម្រាបលោកយេស៊ូថា៖ «ខ្ញុំដឹងថាមេស្ស៊ី . . . នឹងមកដល់»។ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំដែលកំពុងនិយាយជាមួយនឹងនាង គឺជាលោកនោះហើយ»។ (យ៉ូហាន ៤:២៥, ២៦) ពាក្យ«មេស្ស៊ី»និងពាក្យ«គ្រិស្ត»មានន័យដូចគ្នា ពោលគឺ«លោកដែលបានត្រូវរើសតាំង»។ ព្រះបានរើសតាំងលោកយេស៊ូឲ្យមានតួនាទីពិសេសក្នុងការធ្វើឲ្យសេចក្ដីសន្យាទាំងឡាយរបស់ព្រះបានសម្រេច។
មូលហេតុធំបំផុតដែលលោកយេស៊ូមកផែនដី លោកយេស៊ូបានមានប្រសាសន៍ថា៖ «ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ . . . ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។ (លូកា ៤:៤៣) ពិតមែនតែលោកបានធ្វើអំពើល្អជាច្រើនសម្រាប់មនុស្សដែលត្រូវការគេជួយ ប៉ុន្តែគោលដៅសំខាន់បំផុតនៃជីវិតលោកគឺជាការប្រកាសផ្សាយអំពីរាជាណាចក្ររបស់ព្រះ។ ក្នុងអត្ថបទក្រោយ យើងនឹងពិចារណាអ្វីដែលលោកបានបង្រៀនអំពីរាជាណាចក្រនោះ។
យើងអាចឃើញច្បាស់ថា លោកយេស៊ូមិនមែនជាមនុស្សធម្មតាទេ។a ក្នុងអត្ថបទក្រោយ យើងនឹងឃើញថា អ្វីដែលលោកមានប្រសាសន៍កាលដែលនៅផែនដី មានន័យជ្រាលជ្រៅដោយសារលោកធ្លាប់រស់នៅស្ថានសួគ៌។ ដូច្នេះ មិនមែនជាការចម្លែកទេដែលសេចក្ដីបង្រៀនរបស់លោកមានឥទ្ធិពលទៅលើជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។
[កំណត់សម្គាល់]
a ដើម្បីទទួលបានព័ត៌មានថែមទៀតអំពីលោកយេស៊ូនិងតួនាទីរបស់លោកក្នុងគោលបំណងរបស់ព្រះ សូមមើលជំពូកទី៤ ដែលមានក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។