បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w11 ១/៨ ទំ. ១៣-១៧
  • ពួកគេបានរង់ចាំទទួលមេស្ស៊ី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកគេបានរង់ចាំទទួលមេស្ស៊ី
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​បណ្ដា​ជន​កំពុង​រង់​ចាំ​ទទួល​មេស្ស៊ី?
  • ទំនាយ​អំពី​ជីវិត​របស់​មេស្ស៊ី​កាល​នៅ​ក្មេង
  • មេស្ស៊ី​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​របស់​លោក!
  • ទំនាយ​ជា​ច្រើន​ទៀត​អំពី​មេស្ស៊ី
  • ទំនាយស្ដីអំពីអ្នកដែលជាមេស្ស៊ី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • មេស្ស៊ីជាមធ្យោបាយដែលព្រះសង្គ្រោះមនុស្ស!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ព្រះយេស៊ូគ្រីស្ទកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • មេស្ស៊ីមកដល់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
w11 ១/៨ ទំ. ១៣-១៧

ពួក​គេ​បាន​រង់​ចាំ​ទទួល​មេស្ស៊ី

​«​កាល​ដែល​បណ្ដា​ជន​កំពុង​រង់​ចាំ​មើល ហើយ​ពួក​គេ​ទាំង​អស់​គ្នា​កំពុង​រិះ​គិត​ក្នុង​ចិត្ត​អំពី​យ៉ូហាន​ថា​៖ ‹ប្រហែលជា​គាត់​ជា​គ្រិស្ត​ទេ​ដឹង?›​»។—លូក. ៣:១៥

១​. តើ​ពួក​គង្វាល​បាន​ឮ​អ្វី​ពី​ការ​ប្រកាស​របស់​ពួក​ទេវតា?

ពេល​យប់​មក​ដល់​ហើយ។ ពួក​គង្វាល​កំពុង​នៅ​ខាង​ក្រៅ​ដើម្បី​ថែ​រក្សា​ហ្វូង​ចៀម។ ពេល​ដែល​ទេវតា​របស់​ព្រះ​យេហូវ៉ា​ឈរ​នៅ​ជិត​ពួក​គេ ហើយ​សិរី​រុងរឿង​របស់​លោក​កំពុង​ភ្លឺ​ចិញ្ចាច​នៅ​ជុំ​វិញ​ពួក​គេ នោះ​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល​មែន! សូម​ស្ដាប់​ទៅ​មើល! ទេវតា​នេះ​បាន​ប្រកាស​ដំណឹង​ដ៏​គួរ​ឲ្យ​រំភើប​ថា​៖ ​«​កុំ​ខ្លាច​ឡើយ ព្រោះ​មើល! ខ្ញុំ​មក​ដើម្បី​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា​ស្តី​អំពី​អំណរ​ក្រៃ​លែង​ដែល​មនុស្ស​ទាំង​អស់​នឹង​មាន ពីព្រោះ​ថ្ងៃ​នេះ​អ្នក​ដែល​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា គឺ​គ្រិស្ត​ដ៏​ជា​ម្ចាស់​បាន​កើត​មក​»​ គឺជា​អ្នក​ដែល​នឹង​ក្លាយ​ទៅ​ជា​មេស្ស៊ី។ នៅ​ក្បែរ​ភូមិ​នោះ ពួក​គង្វាល​អាច​រក​ឃើញ​កូន​ខ្ចី​មួយ​នេះ​កំពុង​ដេក​នៅ​ក្នុង​ស្នូក។ រំពេច​នោះ​ទេវតា​ជា​ច្រើន​«​ដូច​ជា​កង​ទ័ព​មួយ​យ៉ាង​ធំ​»​ចាប់​ផ្ដើម​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​យើង​សូម​សរសើរ​តម្កើង​ព្រះ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ហើយ​នៅ​ផែនដី សូម​ឲ្យ​មនុស្ស​ជា​ទី​គាប់​ចិត្ត​លោក​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​»។—លូក. ២:៨​-​១៤

២​. តើ​ពាក្យ​«​មេស្ស៊ី​»​មាន​ន័យ​យ៉ាង​ណា? ហើយ​តើ​មនុស្ស​អាច​សម្គាល់​លោក​តាម​វិធី​ណា?

២ ពិត​មែន ពួក​គង្វាល​ជន​ជាតិ​យូដា​ដឹង​ថា​«​មេស្ស៊ី​»​ឬ​គ្រិស្ត​សំដៅ​ទៅ​‹អ្នក​ដែល​ព្រះ​បាន​រើស​តាំង›។ (​និក្ខ. ២៩:៥​-​៧​) ប៉ុន្តែ តើ​ពួក​គេ​អាច​រៀន​ថែម​ទៀត ហើយ​ជឿ​ថា​កូន​ដែល​ទេវតា​បាន​ប្រាប់​នេះ​នឹង​ក្លាយ​ទៅ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ជា​មេស្ស៊ី​យ៉ាង​ដូច​ម្ដេច​បាន? គឺ​ដោយ​ពិចារណា​ទំនាយ​នានា​ដែល​មាន​ក្នុង​បទ​គម្ពីរ​ហេប្រឺ ថែម​ទាំង​ប្រៀប​ធៀប​បទ​គម្ពីរ​ទាំង​នោះ​ជា​មួយ​នឹង​សកម្មភាព និង​ដំណើរ​ជីវិត​របស់​កូន​នេះ។

ហេតុ​អ្វី​បណ្ដា​ជន​កំពុង​រង់​ចាំ​ទទួល​មេស្ស៊ី?

៣, ៤​. តើ​យើង​យល់​យ៉ាង​ណា​ស្តី​អំពី​ទំនាយ​ក្នុង​ដានីយ៉ែល ៩:២៤, ២៥?

៣ ច្រើន​ឆ្នាំ​ក្រោយ​មក យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ ហើយ​ដោយ​សារ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​គាត់ នោះ​មនុស្ស​ខ្លះ​បាន​គិត​ថា​គាត់​ជា​មេស្ស៊ី។ (​សូម​អាន លូកា ៣:១៥​) នៅ​សម័យ​នោះ​ប្រហែលជា​មាន​មនុស្ស​ខ្លះ​ដែល​បាន​យល់​យ៉ាង​ត្រឹម​ត្រូវ​អំពី​ទំនាយ​«​៧០​អាទិត្យ​»​ដែល​ជាប់​ទាក់​ទង​នឹង​មេស្ស៊ី។ បើ​ដូច្នេះ​មែន ពួក​គេ​អាច​កំណត់​ពេល​ដែល​មេស្ស៊ី​នឹង​លេច​មក។ ទំនាយ​នោះ​បាន​ចែង​ថា​៖ ​«​ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូសាឡិម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ​[​ឬ​«​មេស្ស៊ី​»​] គឺជា​អ្នក​ដែល​ជា​កំពូល​បណ្ដាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ នឹង​៦២​អាទិត្យ​»។ (​ដាន. ៩:២៤, ២៥; ព.ថ.​) បណ្ឌិត​នានា​ខាង​គម្ពីរ​ក៏​បាន​ឯកភាព​ថា​នេះ​ជា​អាទិត្យ​ដែល​ជា​ឆ្នាំ។ ជា​ឧទាហរណ៍ សេចក្ដី​បក​ប្រែ​មួយ​ចែង​ថា​៖ ​«​នោះ​ត្រូវ​ជា​ចំនួន​៧០​អាទិត្យ​ដែល​ជា​ឆ្នាំ​»​ (​Revised Standard Version​)។

៤ សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដឹង​ថា​៦៩​អាទិត្យ​ឬ​៤៨៣​ឆ្នាំ​ដែល​មាន​ក្នុង​ដានីយ៉ែល ៩:២៥ បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៤៥៥ មុន​គ.ស. ពេល​ដែល​ស្តេច​ពើស៊ី អើថាស៊ើកសេស​អនុញ្ញាត​ឲ្យ​នេហេមា​ជួស​ជុល​និង​សាងសង់​ទី​ក្រុង​យេរូសាឡិម​ឡើង​វិញ។ (​នេហ. ២:១​-​៨​) រយៈ​ពេល​៦៩​អាទិត្យ​ឬ​៤៨៣​ឆ្នាំ​នោះ​បាន​មក​ដល់​ទី​បញ្ចប់​នៅ​ឆ្នាំ​២៩ គ.ស. ពេល​ដែល​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​បាន​ត្រូវ​ជ្រមុជ​ទឹក​និង​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​នៅ​ពេល​នោះ​លោក​បាន​ក្លាយ​ទៅ​ជា​មេស្ស៊ី។—ម៉ាថ. ៣:១៣​-​១៧a

៥​. តើ​យើង​នឹង​ពិចារណា​ទំនាយ​អ្វី​ខ្លះ​ឥឡូវ​នេះ?

៥ ស្តី​អំពី​ទំនាយ​ដែល​មេស្ស៊ី​បាន​សម្រេច សូម​ឲ្យ​យើង​ពិចារណា​អំពី​ទំនាយ​ខ្លះ​ៗ​ដូច​ជា កំណើត​របស់​លោក​យេស៊ូ ពេល​លោក​នៅ​ក្មេង និង​ពេល​លោក​ផ្សព្វ​ផ្សាយ។ ការ​ធ្វើ​ដូច្នេះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ទំនាយ​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ។ ម្យ៉ាង​ទៀត ទំនាយ​ទាំង​នេះ​ក៏​នឹង​ផ្ដល់​ទី​សំ​អាង​ជាក់​ស្តែង​ថា​លោក​យេស៊ូ​ប្រាកដជា​មេស្ស៊ី​ដែល​មនុស្ស​បាន​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ។

ទំនាយ​អំពី​ជីវិត​របស់​មេស្ស៊ី​កាល​នៅ​ក្មេង

៦​. សូម​ពន្យល់​អំពី​របៀប​ដែល​លោកុប្បត្តិ ៤៩:១០​បាន​សម្រេច។

៦ មេស្ស៊ី​នឹង​ត្រូវ​កើត​មក​ក្នុង​កុលសម្ព័ន្ធ​យូដា​នៅ​ប្រទេស​អ៊ីស្រាអែល។ មុន​យ៉ាកុប​ស្លាប់ គាត់​បាន​ឲ្យ​ពរ​ដល់​កូន​ៗ​របស់​គាត់ ហើយ​គាត់​ក៏​បាន​ទាយ​ដែរ​ថា​៖ ​«​ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់​គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរបាន​មក​ដល់ នោះ​បណ្ដា​ជន​ទាំង​ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់​»។ (​លោ. ៤៩:១០​) បណ្ឌិត​ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​បាន​ជឿ​ជាក់​ថា​ពាក្យ​សម្ដី​ដែល​យ៉ាកុប​បាន​និយាយ​នេះ គឺ​សំដៅ​ទៅ​លើ​មេស្ស៊ី។ កុលសម្ព័ន្ធ​យូដា​មាន​ដំបង​រាជ្យ​(​សិទ្ធិ​គ្រប់​គ្រង​ជា​ស្តេច​) និង​មាន​អំណាច​គ្រប់​គ្រង​ចាប់​តាំង​ពី​ដាវីឌ​ធ្វើ​ជា​ស្តេច​មក​ម្ល៉េះ។ ស្តេច​សេដេគា​ដែល​មក​ពី​កុលសម្ព័ន្ធ​យូដា​គឺជា​ស្តេច​ចុង​ក្រោយ​ដែល​ជា​មនុស្ស។ ប៉ុន្តែ ទំនាយ​របស់​យ៉ាកុប​ទាក់​ទង​នឹង​ស្តេច​មួយ​អង្គ​ទៀត​បន្ទាប់​ពី​សេដេគា។ ស្តេច​នោះ​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត ហើយ​នឹង​មាន​ឈ្មោះ​ថា​«​ស៊ីឡូរ​»​ដែល​មាន​ន័យ​ថា​«​ជា​របស់​ផង​លោក ឬ​ជា​កម្មសិទ្ធិ​របស់​លោក​»។ ព្រះ​បាន​ប្រាប់​សេដេគា​ថា​ស្តេច​នេះ​ជា​ស្តេច​ដែល​មាន​សិទ្ធិ​ត្រឹម​ត្រូវ​ដើម្បី​គ្រប់​គ្រង។ (​អេស. ២១:២៦, ២៧​) មុន​លោក​យេស៊ូ​កើត​មក ទេវតា​កាព្រីយ៉ែល​បាន​ប្រាប់​ម៉ារៀ​ថា​៖ ​«​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ឲ្យ​បុត្រ​នោះ​នូវ​បល្ល័ង្ក​របស់​ដាវីឌ​ដែល​ជា​បិតា​របស់​លោក លោក​ក៏​នឹង​គ្រប់​គ្រង​ជា​ស្តេច​លើ​ពូជ​ពង្ស​យ៉ាកុប​ជា​រៀង​រហូត ហើយ​រាជាណាចក្រ​របស់​លោក​នឹង​មិន​សាប​សូន្យ​ឡើយ​»។ (​លូក. ១:៣២, ៣៣​) លោក​យេស៊ូ​មក​ពី​កុលសម្ព័ន្ធ​យូដា និង​ពី​វង្ស​ត្រកូល​ដាវីឌ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ជា​បុគ្គល​តែ​ម្នាក់​គត់​ពី​វង្ស​ត្រកូល​ដាវីឌ​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​មាន​សិទ្ធិ​គ្រប់​គ្រង​ជា​ស្តេច។ ហេតុ​នេះ ស៊ីឡូរ​ច្បាស់​ជា​លោក​យេស៊ូ​គ្រិស្ត។—ម៉ាថ. ១:១​-​៣, ៦; លូក. ៣:​២៣, ៣១​-​៣៤

៧​. តើ​មេស្ស៊ី​បាន​កើត​នៅ​ឯ​ណា? ហើយ​តើ​ទំនាយ​នេះ​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

៧ មេស្ស៊ី​នឹង​កើត​មក​នៅ​ភូមិ​បេថ្លេហិម។ អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​មីកា​បាន​សរសេរ​ថា​៖ ​«​ឱ​បេថ្លេហិម អេប្រាតា​អើយ ឯង​ដែល​តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់​ៗ នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់​គ្រង​លើ​អ៊ីស្រាអែល ដើម​កំណើត​របស់​អ្នក​នោះ​បាន​ចាប់​តាំង​ពី​បុរាណ គឺ​ពី​អស់​កល្ប​រៀង​មក​»។ (​មីកា ៥:១​) មេស្ស៊ី​នឹង​ត្រូវ​កើត​មក​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា ដែល​គេ​ធ្លាប់​ហៅ​ថា​អេប្រាតា។ ទោះ​ជា​ម៉ារៀ​ដែល​ជា​ម្ដាយ​លោក​យេស៊ូ​និង​យ៉ូសែប​ដែល​ជា​ឪពុក​ចិញ្ចឹម បាន​រស់​នៅ​ក្រុង​ណាសារ៉ែត​ក៏​ដោយ ប៉ុន្តែ​តាម​ច្បាប់​របស់​ជន​ជាតិ​រ៉ូម ពួក​គាត់​ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​ភូមិ​បេថ្លេហិម ហើយ​នេះ​ជា​កន្លែង​ដែល​លោក​យេស៊ូ​បាន​កើត​មក​នា​ឆ្នាំ​២​មុន គ.ស.។ (​ម៉ាថ. ២:១, ៥, ៦​) ដូច្នេះ​ទំនាយ​នេះ​បាន​សម្រេច​យ៉ាង​អស្ចារ្យ!

៨, ៩​. តើ​គម្ពីរ​បាន​ទាយ​យ៉ាង​ណា​អំពី​កំណើត​របស់​មេស្ស៊ី និង​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ក្រោយ​មក?

៨ មេស្ស៊ី​នឹង​កើត​ពី​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់។ (​សូម​អាន អេសាយ ៧:​១៤​) ទំនាយ​ក្នុង​អេសាយ ៧:១៤​បាន​ទាយ​ថា​នាង​ព្រហ្មចារី​ឬ​ស្រី​ក្រមុំ​បរិសុទ្ធ​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ។ សកម្មពល​បរិសុទ្ធ​របស់​ព្រះ​បាន​ដឹក​នាំ​ម៉ាថាយ​ឲ្យ​សរសេរ​ថា កំណើត​របស់​លោក​យេស៊ូ​បាន​សម្រេច​ទំនាយ​នោះ។ ទាំង​ម៉ាថាយ​ទាំង​លូកា​បាន​បញ្ជាក់​ថា​ម៉ារៀ​ជា​ស្រី​ក្រមុំ​បរិសុទ្ធ​ដែល​មាន​ផ្ទៃ​ពោះ​ដោយ​សារ​សកម្មពល​របស់​ព្រះ។—ម៉ាថ. ១:១៨​-​២៥; លូក. ១:២៦​-​៣៥

៩ ក្មេង​តូច​ៗ​នឹង​ត្រូវ​គេ​សម្លាប់​ក្រោយ​ពី​កំណើត​របស់​មេស្ស៊ី។ ហេតុ​ការណ៍​ស្រដៀង​នេះ​បាន​កើត​ឡើង​រាប់​រយ​ឆ្នាំ​មុន ពេល​ស្តេច​ផារ៉ូ​នៅ​ស្រុក​អេស៊ីប​បាន​បញ្ជា​ឲ្យ​យក​ទារក​ប្រុស​ជន​ជាតិ​ហេប្រឺ​ទៅ​បោះ​ចោល​ក្នុង​ទន្លេ​នី​ល។ (​និក្ខ. ១:២២​) ប៉ុន្តែ​អ្វី​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​នៅ​យេរេមា ៣១:១៥, ១៦​បាន​រៀប​រាប់​ថា រ៉ាជែល​យំ​នឹង​កូន​ដែល​គេ​បាន​យក​ចេញ​ពី​នាង​ទៅ​«​ស្រុក​របស់​ខ្មាំង​សត្រូវ​»។ គេ​បាន​ឮ​ការ​ស្រែក​យំ​របស់​នាង​នៅ​រ៉ាម៉ា ដែល​ជា​ក្រុង​ដ៏​ឆ្ងាយ​មួយ​នៅ​តំបន់​បេនយ៉ាមីន ទិស​ខាង​ជើង​យេរូសាឡិម។ ម៉ាថាយ​បាន​បង្ហាញ​ថា​ពាក្យ​សម្ដី​របស់​យេរេមា​បាន​ត្រូវ​សម្រេច​ពេល​ស្តេច​ហេរ៉ូឌ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុស​នៅ​ភូមិ​បេថ្លេហិម​និង​នៅ​គ្រប់​តំបន់​នៅ​ជុំ​វិញ​នោះ។ (​សូម​អាន ម៉ាថាយ ២:១៦​-​១៨​) សូម​ស្រមៃ​គិត​ថា​មនុស្ស​នៅ​តំបន់​ទាំង​នោះ​មាន​សេចក្ដី​សោកសៅ​ខ្លាំង​ប៉ុណ្ណា​ទៅ!

១០​. សូម​ពន្យល់​អំពី​របៀប​ដែល​ទំនាយ​នៅ​ហូសេ ១១:១​បាន​សម្រេច​ចំពោះ​លោក​យេស៊ូ។

១០ មេស្ស៊ី​នឹង​ត្រូវ​ហៅ​ចេញ​ពី​អេស៊ីប​ដូច​បណ្ដា​ជន​អ៊ីស្រាអែល​ដែរ។ (​ហូ. ១១:១​) មុន​ស្តេច​ហេរ៉ូឌ​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​កូន​ក្មេង ទេវតា​មួយ​រូប​បាន​បង្គាប់​យ៉ូសែប ម៉ារៀ​និង​កុមារ​យេស៊ូ​ឲ្យ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប។ ពួក​គេ​នៅ​ទី​នោះ​«​រហូត​ដល់​ហេរ៉ូឌ​ទទួល​មរណភាព ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​[​ហូសេ​] ដែល​ទាយ​ថា​៖‹ខ្ញុំ​បាន​ហៅ​បុត្រ​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប​មក›​»។ (​ម៉ាថ. ២:១៣​-​១៥​) ពិត​មែន​ហើយ លោក​យេស៊ូ​មិន​អាច​កាន់កាប់​ទៅ​លើ​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ពេល​លោក​កើត​មក និង​ពេល​លោក​នៅ​ជា​កុមារ​នោះ​ទេ។

មេស្ស៊ី​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​របស់​លោក!

១១​. តើ​ផ្លូវ​ដើម្បី​ទទួល​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​បាន​ត្រូវ​រៀបចំ​ឡើង​យ៉ាង​ដូច​ម្ដេច?

១១ ផ្លូវ​នឹង​ត្រូវ​រៀបចំ​សម្រាប់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ ម៉ាឡាគី​បាន​ទាយ​ថា​អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​«​អេលីយ៉ា​»​នឹង​រៀបចំ​ផ្លូវ ពោល​គឺ​ធ្វើ​ឲ្យ​បណ្ដា​ជន​ត្រៀម​ចិត្ត​ដើម្បី​ទទួល​មេស្ស៊ី។ (​សូម​អាន ម៉ាឡាគី ៤:៥, ៦​) លោក​យេស៊ូ​ផ្ទាល់​បាន​បញ្ជាក់​ថា​«​អេលីយ៉ា​»​នេះ​គឺជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ (​ម៉ាថ. ១១:១២​-​១៤​) បន្ថែម​ទៅ​ទៀត ម៉ាកុស​បាន​បញ្ជាក់​ថា​កិច្ច​បម្រើ​របស់​យ៉ូហាន​បាន​សម្រេច​ទំនាយ​របស់​អេសាយ។ (​អេ. ៤០:៣; ម៉ាក. ១:១​-​៤​) លោក​យេស៊ូ​មិន​បាន​ប្រាប់​យ៉ូហាន​ឲ្យ​រៀបចំ​ផ្លូវ​សម្រាប់​លោក​នោះ​ទេ។ ប៉ុន្តែ​ព្រះ​ចង់​ឲ្យ​មនុស្ស​ស្គាល់​ថា​នរណា​ជា​មេស្ស៊ី។ ដូច្នេះ​គឺ​ព្រះ​ទេ​ដែល​បាន​ជ្រើស​រើស​យ៉ូហាន​ឲ្យ​ធ្វើ​កិច្ចការ​ដូច​«​អេលីយ៉ា​»​ និង​ជួយ​មនុស្ស​ឲ្យ​ត្រៀម​ចិត្ត​ដើម្បី​ទទួល​មេស្ស៊ី។

១២​. តើ​ភារកិច្ច​អ្វី​របស់​មេស្ស៊ី​ដែល​បាន​ជួយ​យើង​ឲ្យ​សម្គាល់​លោក?

១២ ភារកិច្ច​ដែល​ព្រះ​ប្រគល់​ឲ្យ​មេស្ស៊ី​ជួយ​យើង​ឲ្យ​សម្គាល់​លោក។ ក្នុង​សាលា​ប្រជុំ​នៅ​ឯ​ក្រុង​ណាសារ៉ែត​ជា​កន្លែង​ដែល​លោក​យេស៊ូ​បាន​ធំ​ឡើង លោក​បាន​អាន​ពីរ​មូរ​របស់​អេសាយ ដោយ​សំដៅ​ទៅ​ខ្លួន​លោក​ថា​៖ ​«​សកម្មពល​របស់​ព្រះ​យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​លោក​បាន​រើស​តាំង​ខ្ញុំ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ក្រី​ក្រ ក៏​បាន​ចាត់​ខ្ញុំ​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​អំពី​ការ​ដោះ​លែង ប្រាប់​អ្នក​ដែល​ងងឹត​ភ្នែក​អំពី​ការ​មើល​ឃើញ​ឡើង​វិញ ហើយ​រំដោះ​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់ ថែម​ទាំង​ផ្សព្វ​ផ្សាយ​អំពី​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»។ ដោយ​សារ​លោក​ជា​មេស្ស៊ី​ដ៏​ពិត​ប្រាកដ នោះ​លោក​យេស៊ូ​អាច​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​បទ​គម្ពីរ​ដែល​អ្នក​ទើប​តែ​ស្ដាប់ បាន​សម្រេច​នៅ​ថ្ងៃ​នេះ​»។—លូក. ៤:១៦​-​២១

១៣​. តើ​អេសាយ​បាន​ទាយ​យ៉ាង​ណា​អំពី​ទី​កន្លែង​ដែល​លោក​យេស៊ូ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ?

១៣ គម្ពីរ​បាន​ទាយ​ទុក​ថា​មេស្ស៊ី​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​កាលីឡេ។ ស្តី​អំពី​«​ស្រុក​សាប់​យូល៉ូន​[​សេប៊ូឡូន​] នឹង​ស្រុក​ណែបថាលី . . . ខេត្ត​កាលីឡេ​របស់​សាសន៍​ដទៃ​»​ នោះ​អេសាយ​បាន​សរសេរ​ថា​៖ ​«​ឯ​បណ្ដា​ជន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្ដី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ​»។ (​អេ. ៩:១, ២​) លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​លោក​នៅ​ស្រុក​កាលីឡេ ក្នុង​ក្រុង​មួយ​ហៅ​ថា​កាពើណិម។ លោក​ក៏​បាន​បង្រៀន​មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​មិន​ឆ្ងាយ​ពី​នោះ​ក្នុង​តំបន់​សេប៊ូឡូន និង​ណែបថាលី​ដែរ។ លោក​យេស៊ូ​បាន​ជួយ​ពួក​គេ​ដោយ​បង្រៀន​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​ពន្លឺ​ចិញ្ចែង​ចិញ្ចាច។ (​ម៉ាថ. ៤:១២​-​១៦​) ក្នុង​ស្រុក​កាលីឡេ លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដូច​ជា ថ្លែង​សុន្ទរកថា​នៅ​លើ​ភ្នំ ជ្រើស​រើស​ពួក​សាវ័ក ធ្វើ​ការ​អស្ចារ្យ​ជា​លើក​ដំបូង ហើយ​ក៏​ទំនង​ជា​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នក​កាន់​តាម​ជាង​៥០០​នាក់​ឃើញ ក្រោយ​ពី​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​ដែរ។ (​ម៉ាថ. ៥:១–៧:២៧; ២៨:​១៦​-​២០; ម៉ាក. ៣:១៣, ១៤; យ៉ូន. ២:៨​-​១១; ១កូ. ១៥:៦​) យ៉ាង​នេះ លោក​បាន​សម្រេច​ទំនាយ​របស់​អេសាយ​ដោយ​ផ្សព្វ​ផ្សាយ​នៅ​«​ស្រុក​សាប់​យូល៉ូន​[​សេប៊ូឡូន​] នឹង​ស្រុក​ណែបថាលី​»។ ពិត​មែន លោក​យេស៊ូ​ក៏​បាន​ធ្វើ​ដំណើរ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ស្រុក​អ៊ីស្រាអែល​ដែរ។

ទំនាយ​ជា​ច្រើន​ទៀត​អំពី​មេស្ស៊ី

១៤​. តើ​លោក​យេស៊ូ​បាន​សម្រេច​ទំនាយ​នៅ​ទំនុកតម្កើង ៧៨:២​យ៉ាង​ដូច​ម្ដេច?

១៤ មេស្ស៊ី​នឹង​ប្រើ​ឧទាហរណ៍​ក្នុង​ការ​បង្រៀន​របស់​លោក។ អេសាភ​ដែល​ជា​អ្នក​តែង​ទំនុកតម្កើង​បាន​ច្រៀង​ថា​៖ ​«​ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប​ធៀប​»។ (​ទំនុក. ៧៨:២​) តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ទំនាយ​នេះ​សំដៅ​ទៅ​លើ​លោក​យេស៊ូ? គឺ​ដោយ​សារ​ម៉ាថាយ​បាន​ប្រាប់​យើង។ ក្រោយ​ពី​ម៉ាថាយ​បាន​រៀប​រាប់​អំពី​ឧទាហរណ៍​ដែល​លោក​យេស៊ូ​ប្រើ​ដើម្បី​ប្រៀប​ធៀប​រាជាណាចក្រ​ព្រះ​ទៅ​នឹង​គ្រាប់​ម៉ូស្ដាត និង​ដំបែ នោះ​គាត់​បាន​និយាយ​ថា​៖ ​«​លោក​[​យេស៊ូ​]​មិន​ដែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​មិន​ប្រើ​ឧទាហរណ៍​ឡើយ។ នេះ​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​បាន​ត្រូវ​ថ្លែង​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ថា​៖ ‹ខ្ញុំ​នឹង​បើក​មាត់​និយាយ​ជា​ឧទាហរណ៍ ក៏​នឹង​ប្រកាស​ប្រាប់​ឲ្យ​ដឹង​នូវ​អ្វី​ៗ​ដែល​បាន​ត្រូវ​លាក់​បាំង​តាំង​ពី​កំណើត​ពិភព​លោក›​»។ (​ម៉ាថ. ១៣:​៣១​-​៣៥​) ដូច្នេះ ឧទាហរណ៍​ឬ​ពាក្យ​ប្រៀប​ធៀប​ស្ថិត​ក្នុង​ចំណោម​វិធី​បង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​ដែល​លោក​យេស៊ូ​ប្រើ។

១៥​. តើ​អេសាយ ៥៣:៤​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៥ មេស្ស៊ី​នឹង​ព្យាបាល​ជំងឺ​ឲ្យ​មនុស្ស។ អេសាយ​បាន​ទាយ​ថា​៖ ​«​ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ជា​ពិត​»។ (​អេ. ៥៣:​៤​) ម៉ាថាយ​បាន​បញ្ជាក់​ប្រាប់​ថា​ក្រោយ​លោក​យេស៊ូ​បាន​ព្យាបាល​ម្ដាយក្មេក​របស់​ពេត្រុស នោះ​លោក​ក៏​បាន​ព្យាបាល​មនុស្ស​ឯ​ទៀត​ដែរ ដើម្បី​«​សម្រេច​នូវ​ទំនាយ ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​អេសាយ។ ទំនាយ​នោះ​ថា​៖ ‹រូប​លោក​បាន​ទទួល​យក​ជំងឺ​របស់​យើង ក៏​បាន​ផ្ទុក​រោគា​របស់​យើង​លើ​ខ្លួន​លោក›​»។ (​ម៉ាថ. ៨:១៤​-​១៧​) បន្ថែម​ទៅ​ទៀត នេះ​គ្រាន់តែ​ជា​កំណត់​ហេតុ​មួយ​ក្នុង​ចំណោម​កំណត់​ហេតុ​ជា​ច្រើន​ដែល​លោក​យេស៊ូ​បាន​ព្យាបាល​ជំងឺ​របស់​បណ្ដា​ជន​តែ​ប៉ុណ្ណោះ។

១៦​. តើ​សាវ័ក​យ៉ូហាន​បង្ហាញ​ថា​លោក​យេស៊ូ​បាន​សម្រេច​ទំនាយ​នៅ​អេសាយ ៥៣:១​យ៉ាង​ដូច​ម្ដេច?

១៦ ទោះ​ជា​មេស្ស៊ី​បាន​ធ្វើ​កិច្ចការ​ល្អ​ៗ​ក៏​ដោយ មនុស្ស​ជា​ច្រើន​នឹង​មិន​ជឿ​ទៅ​លើ​លោក​ទេ។ (​សូម​អាន អេសាយ ៥៣:១​) ដើម្បី​បង្ហាញ​ថា​ទំនាយ​នេះ​បាន​ត្រូវ​សម្រេច សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ទោះ​ជា​លោក​[​យេស៊ូ​]​បាន​ធ្វើ​សញ្ញា​សម្គាល់​ជា​ច្រើន​នៅ​មុខ​ពួក​គេ​ក៏​ដោយ ក៏​ពួក​គេ​មិន​ជឿ​លើ​លោក​ឡើយ។ យ៉ាង​នេះ ពាក្យ​របស់​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ត្រូវ​សម្រេច។ ពាក្យ​នោះ​ថា​៖ ‹ព្រះ​យេហូវ៉ា តើ​អ្នក​ណា​បាន​ជឿ​អ្វី​ដែល​យើង​បាន​ឮ? ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឫទ្ធានុភាព​របស់​លោក​ដល់​អ្នក​ណា?›​»។ (​យ៉ូន. ១២:៣៧, ៣៨​) បន្ថែម​ទៅ​ទៀត ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​សាវ័ក​ប៉ូល មាន​មនុស្ស​តិច​តួច​ណាស់​ដែល​បង្ហាញ​ជំនឿ​ទៅ​លើ​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ដែល​ជា​មេស្ស៊ី។—រ៉ូម ១០:​១៦, ១៧

១៧​. តើ​យ៉ូហាន​បាន​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា​ទំនាយ​នៅ​ទំនុកតម្កើង ៦៩:៤​បាន​សម្រេច​ចំពោះ​លោក​យេស៊ូ?

១៧ មេស្ស៊ី​ត្រូវ​គេ​ស្អប់​ដោយ​គ្មាន​មូលហេតុ។ (​ទំនុក. ៦៩:៤​) សាវ័ក​យ៉ូហាន​បាន​ដក​ស្រង់​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ប្រសិន​បើ​ក្នុង​ចំណោម​[​បណ្ដា​ជន​] ខ្ញុំ​មិន​បាន​ធ្វើ​ការ​ដែល​គ្មាន​អ្នក​ណា​ផ្សេង​បាន​ធ្វើ នោះ​ពួក​គេ​គ្មាន​ភាព​ខុស​ឆ្គង​ទេ។ ប៉ុន្តែ​ឥឡូវ ពួក​គេ​បាន​ឃើញ ក៏​បាន​ស្អប់​ខ្ញុំ​ព្រម​ទាំង​បិតា​របស់​ខ្ញុំ។ ប៉ុន្តែ​នេះ​គឺ​ដើម្បី​សម្រេច​តាម​អ្វី​ដែល​ចែង​ក្នុង​ច្បាប់​របស់​ពួក​គេ​ថា​៖ ‹ពួក​គេ​បាន​ស្អប់​ខ្ញុំ ដោយ​គ្មាន​មូលហេតុ›​»។ (​យ៉ូន. ១៥:២៤, ២៥​) ជា​ញឹក​ញាប់​«​ច្បាប់​»​សំដៅ​ទៅ​លើ​បទ​គម្ពីរ​ទាំង​អស់​ដែល​មាន​នៅ​សម័យ​នោះ។ (​យ៉ូន. ១០:៣៤; ១២:៣៤​) សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​បង្ហាញ​ថា​លោក​យេស៊ូ​បាន​ត្រូវ​គេ​ស្អប់ ជា​ពិសេស​ដោយ​មេ​ដឹក​នាំ​សាសនាយូដា​តែ​ម្ដង។ បន្ថែម​ទៅ​ទៀត គ្រិស្ត​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពិភព​លោក​គ្មាន​ហេតុ​ស្អប់​[​អ្នក​]​ទេ តែ​ចំណែក​ខ្ញុំ​វិញ គេ​ស្អប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បញ្ជាក់​ថា​ការ​ប្រព្រឹត្ត​របស់​គេ​គឺ​ទុច្ចរិត​»។—យ៉ូន. ៧:៧

១៨​. តើ​យើង​នឹង​រៀន​អំពី​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៨ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី​១​បាន​ជឿ​ជាក់​ថា​លោក​យេស៊ូ​គឺជា​មេស្ស៊ី ព្រោះ​លោក​បាន​សម្រេច​ទំនាយ​ជា​ច្រើន​ស្តី​អំពី​មេស្ស៊ី​ដែល​មាន​ក្នុង​បទ​គម្ពីរ​ហេប្រឺ។ (​ម៉ាថ. ១៦:១៦​) ដូច​យើង​បាន​ពិចារណា​នៅ​ខាង​លើ ទំនាយ​ខ្លះ​ៗ​ទាំង​នោះ​បាន​សម្រេច ពេល​លោក​យេស៊ូ​នៅ​ក្មេង និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក។ យើង​នឹង​ពិនិត្យ​មើល​ទំនាយ​ឯ​ទៀត​ដែល​ទាក់​ទង​នឹង​មេស្ស៊ី​ក្នុង​អត្ថបទ​បន្ទាប់។ បើ​យើង​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ទំនាយ​ទាំង​នេះ នោះ​នឹង​ជួយ​ពង្រឹង​ជំនឿ​របស់​យើង​ថា​លោក​យេស៊ូ​គ្រិស្ត​ពិត​ជា​មេស្ស៊ី​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​មែន។

[​កំណត់​សម្គាល់​]

a ដើម្បី​ទទួល​ព័ត៌មាន​ល្អិត​ល្អន់​ស្តី​អំពី​«​៧០​អាទិត្យ​»​ សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ទំព័រ​២២៨។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ស្តី​អំពី​កំណើត​របស់​លោក​យេស៊ូ តើ​ទំនាយ​អ្វី​ខ្លះ​បាន​សម្រេច?

• តើ​ផ្លូវ​បាន​រៀបចំ​សម្រាប់​មេស្ស៊ី​យ៉ាង​ដូច​ម្ដេច?

• តើ​ទំនាយ​អ្វី​នៅ​អេសាយ​ជំពូក​៥៣​បាន​សម្រេច​ចំពោះ​លោក​យេស៊ូ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក