បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១១ ទំ. ៤-៦
  • ទំនាយស្ដីអំពីអ្នកដែលជាមេស្ស៊ី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទំនាយស្ដីអំពីអ្នកដែលជាមេស្ស៊ី
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បទ​ទំនាយ​នានា​ដែល​នឹង​ត្រូវ​សម្រេច​ជាក់​ជា​ពុំខាន
  • ពួកគេបានរង់ចាំទទួលមេស្ស៊ី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើទំនាយអំពីមេស្ស៊ីបង្ហាញថាលោកយេស៊ូជាមេស្ស៊ីឬទេ?
    សំណួរនិងចម្លើយពីគម្ពីរ
  • ពួកគេបានរកឃើញមេស្ស៊ីហើយ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ព្រះយេស៊ូគ្រីស្ទជាព្រះមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១១ ទំ. ៤-៦

ទំនាយ​ស្តី​អំពី​អ្នក​ដែល​ជា​មេស្ស៊ី

ដោយ​ដឹង​អំពី​អ្វី​ដែល​អេសាយ​និង​អ្នក​ប្រកាស​ទំនាយ​ឯ​ទៀត​បាន​សរសេរ នោះ​ជន​ជាតិ​យូដា​រង់ចាំ​ការ​មក​ដល់​របស់​អ្នក​ដែល​ជា​មេស្ស៊ី។ តាម​ពិត នៅ​សម័យ​របស់​ព្រះ​យេស៊ូ ជន​ជាតិ​យូដា​ជា​ច្រើន​«នៅ​តែ​ចាំ​មើល»​ការ​លេច​ខ្លួន​របស់​អ្នក​ដែល​ជា​មេស្ស៊ី។ (លូកា ៣:១៥) គួរ​ឲ្យ​កត់​សម្គាល់​មែន ដែល​ទំនាយ​ក្នុង​គម្ពីរ​មាន​ព័ត៌មាន​ល្អិតល្អន់​ដែល​គួរ​ឲ្យ​កោត​ស្ងើច​ពី​ជីវិត​របស់​អ្នក​ដែល​ជា​មេស្ស៊ី។ មនុស្ស​មិន​អាច​ទាយ​ពី​ព្រឹត្ដិការណ៍​បែប​នេះ ឬ​រៀបចំ​ព័ត៌មាន​នោះ​ឲ្យ​កើតឡើង​ក្នុង​ពេល​ដែល​ព្រះ​យេស៊ូ​នៅ​ផែនដី​ឡើយ។

ព័ត៌មាន​ល្អិតល្អន់​ស្តី​អំពី​កំណើត​របស់​អ្នក​ដែល​ជា​មេស្ស៊ី។ លោក​អេសាយ​បាន​ទាយ​ថា​អ្នក​ដែល​ជា​មេស្ស៊ី ឬ​គ្រិស្ត​នឹង​កើត​ពី​ស្ត្រី​ក្រមុំ​ម្នាក់។ ក្រោយ​ពី​បាន​រៀបរាប់​អំពី​កាលៈទេសៈ​ដ៏​អស្ចារ្យ​នៃ​កំណើត​របស់​ព្រះ​យេស៊ូ នោះ​សាវ័ក​ម៉ាថាយ​សរសេរ​ថា​៖ «ការ​ទាំងនោះ​កើត​មក ដើម្បី​ឲ្យ​បាន​សំ​រេច​សេចក្ដី ដែល​ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល ដោយសារ​ហោរា​ថា ‹មើល! នាង​ព្រហ្មចារី​នឹង​មានគភ៌​ប្រសូត​បាន​បុត្រា​១›»។ (ម៉ាថាយ ១:២២, ២៣; អេសាយ ៧:១៤) អេសាយ​ក៏​បាន​ទាយ​ថា​ព្រះ​គ្រិស្ត​នឹង​មក​តាម​វង្ស​ត្រកូល​របស់​ដាវីឌ ដែល​បាន​រៀបរាប់​យ៉ាង​ចំៗ​អំពី​អ៊ី​សាយ​ដែល​ជា​ឪពុក​របស់​ដាវីឌ។ ព្រះ​យេស៊ូ​ប្រាកដជា​មក​ពី​វង្ស​ត្រកូល​របស់​ដាវីឌ​មែន។ (ម៉ាថាយ ១:៦, ១៦; លូកា ៣:២៣, ៣១, ៣២) ដូច្នេះ មុន​កំណើត​ព្រះ​យេស៊ូ ទេវតា​ឈ្មោះ​កាព្រីយ៉ែល​បាន​ប្រាប់​ម៉ា​រា​ថា​៖ «[ព្រះ​យេហូវ៉ា]​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ»។—លូកា ១:៣២, ៣៣, កំណែ​ជា​អក្សរ​ទ្រេត; អេសាយ ១១:១​-​៥, ១០; រ៉ូម ១៥:១២

ព័ត៌មាន​ល្អិតល្អន់​ស្តី​អំពី​ជីវិត​របស់​អ្នក​ដែល​ជា​មេស្ស៊ី។ នៅ​សាលា​ប្រជុំ​នា​ក្រុង​ណា​សា​រ៉ែត ពេល​ព្រះ​យេស៊ូ​បាន​ធំ​ពេញ​វ័យ​ហើយ ទ្រង់​បាន​អាន​ពី​ទំនាយ​អេសាយ​ថា​៖ «វិញ្ញាណ​ព្រះ​អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័លក្រ»។ ដោយហេតុ​ថា​ទំនាយ​នេះ​ទាក់ទង​នឹង​ទ្រង់ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំ​រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ»។ (លូកា ៤:១៧​-​២១; អេសាយ ៦១:១, ២) អេសាយ​បាន​ទាយ​អំពី​របៀប​ដែល​ព្រះ​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ត្រូវការ​ការ​ប្រោស​ឲ្យ​ជា គឺ​ដោយ​ចិត្ត​សប្បុរស ចិត្ត​សុភាព​និង​មិន​ចេះ​អួត​ខ្លួន។ ម៉ាថាយ​សរសេរ​ថា​៖ «មនុស្ស​កកកុញ​ដើរ​តាម​ទ្រង់​ទៅ ហើយ​ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ។ ទ្រង់​ហាម​ផ្ដាច់ មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​បណ្ដា​មនុស្ស​ស្គាល់​ទ្រង់​ឡើយ ដើម្បី​ឲ្យ​បាន​សំ​រេច​តាម​ទំនាយ ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក . . . ‹ទ្រង់​នឹង​មិន​តតាំង​នឹង​គេ ឬ​ស្រែក​សំរែក​ឡើយ . . . នឹង​មិន​ផ្ដាច់​ដើម​ត្រែង​ដែល​បាក់​ឡើយ›»។—ម៉ាថាយ ៨:១៦, ១៧; ១២:១០​-​២១; អេសាយ ៤២:១​-​៤; ៥៣:៤, ៥

ព័ត៌មាន​ល្អិតល្អន់​ស្តី​អំពី​ការ​រង​ទុក្ខ​របស់​អ្នក​ដែល​ជា​មេស្ស៊ី។ អេសាយ​បាន​ទាយ​ថា​មនុស្ស​ភាគ​ច្រើន​នៅ​អ៊ីស្រាអែល​មិន​ទទួល​ស្គាល់​អ្នក​ដែល​ជា​មេស្ស៊ី​ទេ តែ​គិត​ថា​អ្នក​នោះ​«ជា​ថ្ម​ជំពប់»​ដល់​ពួក​គេ​វិញ។ (ពេត្រុសទី១ ២:៦​-​៨; អេសាយ ៨:១៤, ១៥) មែន​ហើយ! ទោះជា​ព្រះ​យេស៊ូ​បាន​ធ្វើ​កិច្ចការ​អស្ចារ្យ​ជា​ច្រើន​ក៏​ដោយ មនុស្ស​«មិន​បាន​ជឿ​ដល់​ទ្រង់​ដែរ ដើម្បី​ឲ្យ​ពាក្យ​របស់​ហោរា​អេសាយ​បាន​សំ​រេច ដែល​ទាយ​ថា ‹ព្រះ​អម្ចាស់​អើយ! តើ​អ្នក​ណា​បាន​ជឿ​សេចក្ដី​ដែល​យើងខ្ញុំ​ប្រាប់?›»។ (យ៉ូហាន ១២:៣៧, ៣៨; អេសាយ ៥៣:១) ទោះជា​ខុស​ក៏​ដោយ មូលហេតុ​មួយ​ដែល​ជន​ជាតិ​យូដា​គ្មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​ជា​អ្នក​ដែល​ជា​មេស្ស៊ី គឺ​ដោយសារ​គេ​និយម​ជា​ទូទៅ​ថា​ព្រះ​យេស៊ូ​នឹង​រំដោះ​ពួក​គេ​ភ្លាមៗ​ពី​ការ​គ្រប់គ្រង​របស់​ជន​ជាតិ​រ៉ូម ហើយ​បាន​ឯករាជ្យ​ដើម្បី​ស្ថាបនា​ឡើង​វិញ​នូវ​រាជាណាចក្រ​នៃ​ហ្លួង​ដាវីឌ​នៅ​ផែនដី។ ពីព្រោះ​ព្រះ​យេស៊ូ​រង​ទុក្ខ​ដល់​ស្លាប់ ជន​ជាតិ​យូដា​ភាគច្រើន​មិន​ទទួល​ស្គាល់​ទ្រង់​ជា​មេស្ស៊ី​ទេ។ ប៉ុន្តែ តាម​ពិត អេសាយ​បាន​ទាយ​ថា​អ្នក​ដែល​ជា​មេស្ស៊ី​នឹង​ត្រូវ​រង​ទុក្ខ​មុន​ឡើង​សោយ​រាជ្យ​ជា​ស្តេច។

សៀវភៅ​អេសាយ​បាន​ទាយ​ថា​អ្នក​ដែល​ជា​មេស្ស៊ី​នឹង​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​បាន​ប្រគល់​ខ្នង​ទៅ​ឲ្យ​ពួក​អ្នក​ដែល​វាយ . . . ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស ឬ​ពី​ការ​ស្ដោះ​ទឹកមាត់​ទេ»។ ម៉ាថាយ​បាន​រាយការណ៍​នូវ​អ្វី​ដែល​បាន​កើតឡើង ពេល​ព្រះ​យេស៊ូ​ត្រូវ​គេ​កាត់ទោស​ដោយ​ពោល​ថា «គេ​ក៏​ស្ដោះ​ដាក់​ព្រះ​ភក្ដ្រ ហើយ​ដាល់​តប់​ទ្រង់ មាន​អ្នក​ខ្លះ​ទះ​ទ្រង់»។ (អេសាយ ៥០:៦; ម៉ាថាយ ២៦:៦៧) អេសាយ​បាន​សរសេរ​ថា​៖ «ត្រូវ​គេ . . . ធ្វើទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះ​ឱស្ឋ​សោះ»។ ដូច្នេះ ពេល​លោក​ពីឡាត់​បាន​សួរ​ព្រះ​យេស៊ូ​អំពី​ការ​ចោទ​ប្រកាន់​របស់​ពួក​យូដា នោះ​ព្រះ​យេស៊ូ​«មិន​មាន​បន្ទូល​ឆ្លើយ​នឹង​ពាក្យ​ណាមួយ​របស់​លោក​សោះ បានជា​លោក​ចៅហ្វាយ​ឆ្ងល់​ខ្លាំង​ណាស់»។—អេសាយ ៥៣:៧; ម៉ាថាយ ២៧:១២​-​១៤; កិច្ចការ ៨:២៨, ៣២​-​៣៥

ព័ត៌មាន​ល្អិតល្អន់​ស្តី​អំពី​មរណភាព​របស់​អ្នក​ដែល​ជា​មេស្ស៊ី។ ទំនាយ​របស់​អេសាយ​ក៏​សម្រេច​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ទទួល​មរណភាព និង​ក្រោយ​មក​ទៀត​ដែរ។ អេសាយ​បាន​ទាយ​ថា​៖ «ក្នុង​កាលដែល​ទ្រង់​សុគត នោះ​គេ​ក៏​បញ្ចុះសព​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​អាក្រក់ ហើយ​នៅ​ក្នុង​ផ្នូរ​របស់​អ្នកមាន​ម្នាក់»។ (អេសាយ ៥៣:៩) តើ​ទំនាយ​នេះ ដែល​ស្ដាប់​ទៅ​ហាក់​ដូច​ជា​ផ្ទុយ​គ្នា​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច? ពេល​ព្រះ​យេស៊ូ​ទទួល​មរណភាព ទ្រង់​ត្រូវ​គេ​ព្យួរ​ជិត​ចោរ​ពីរ​នាក់ ម្នាក់​ខាងស្ដាំ ហើយ​ម្នាក់​ទៀត​ខាងឆ្វេង។ (ម៉ាថាយ ២៧:៣៨) ប៉ុន្តែ ក្រោយមក មាន​អ្នកមាន​ម្នាក់​ឈ្មោះ​យ៉ូសែប​ដែល​នៅ​ភូមិ​អើរីម៉ាថេ បាន​យក​សព​ព្រះ​យេស៊ូ​មក​បញ្ចុះ​ក្នុង​ផ្នូរ​ថ្មី​ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម​វិញ។ (ម៉ាថាយ ២៧:៥៧​-​៦០) នៅ​ទីបំផុត មរណភាព​របស់​ព្រះ​យេស៊ូ​បំពេញ​លក្ខណៈ​ដ៏​សំខាន់​មួយ​ក្នុង​ទំនាយ​របស់​អេសាយ។ អេសាយ​និយាយ​អំពី​អ្នក​ដែល​ជា​មេស្ស៊ី​ថា​៖ «អ្នក​ដ៏​សុចរិត គឺជា​អ្នក​បំរើ​របស់​អញ ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុចរិត ដោយ​គេ​ស្គាល់​ដល់​ទ្រង់ ហើយ​ទ្រង់​នឹង​ទទួល​រង​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ»។ មែន​ហើយ! មរណភាព​របស់​ព្រះ​យេស៊ូ​បាន​ផ្ដល់​ជា​ថ្លៃ​លោះ ដើម្បី​លើក​អំពើ​ខុសឆ្គង​ដែល​ប្រៀប​ដូច​ជា​បន្ទុក​ចេញពី​មនុស្ស​ស្មោះត្រង់​ទាំងអស់។—អេសាយ ៥៣:៨, ១១; រ៉ូម ៤:២៥

បទ​ទំនាយ​នានា​ដែល​នឹង​ត្រូវ​សម្រេច​ជាក់​ជា​ពុំខាន

ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នក​ដែល​ជា​មេស្ស៊ី​ដោយ​ផ្អែក​លើ​គម្ពីរ នោះ​ពួក​សាវ័ក​និង​ព្រះ​យេស៊ូ​បាន​ដកស្រង់​ជា​ញឹកញយ​ពី​ទំនាយ​របស់​អេសាយ​ច្រើន​ជាង​សៀវភៅ​ណាៗ​ទៀត។ ប៉ុន្តែ ក៏​មាន​សៀវភៅ​ផ្សេង​ទៀត​ក្នុង​គម្ពីរ​ដែល​មាន​ទំនាយ​ស្តី​អំពី​អនាគត​ដែរ។ ទំនាយ​នានា​ពី​សៀវភៅ​ជា​ច្រើន​ទៀត​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ ក៏​បាន​សម្រេច​ដែរ គឺ​ទំនាយ​អំពី​ព្រះ​យេស៊ូ រាជាណាចក្រ​របស់​ទ្រង់ ហើយ​អ្វី​ល្អៗ​ដែល​រាជាណាចក្រ​នឹង​សម្រេច​នៅ​អនាគត។a (កិច្ចការ ២៨:២៣; វិវរណៈ ១៩:១០) តើ​ទំនាយ​ទាំងនេះ​នឹង​សម្រេច​ជា​ប្រាកដ​មែន​ទេ? ព្រះ​យេស៊ូ​ប្រាប់​ពួក​អ្នក​ស្ដាប់​ដែល​ជា​សាសន៍​យូដា​ថា​៖ «កុំ​ឲ្យ​គិត​ស្មានថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រិត្យ​វិន័យ​ឬ​ទំនាយ​ពួក​ហោរា​[ដែល​ជា​បទ​គម្ពីរ​ភាសា​ហេព្រើរ]​ចោល​ឡើយ ខ្ញុំ​មិនមែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សំ​រេច​វិញ។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​បាំងឈើ​១ ឬ​ក្បៀស​១​នៅ​ក្នុង​ក្រិត្យ​វិន័យ ត្រូវ​បាត់​ឡើយ ដរាប​ដល់​កាលណា​មេឃ​នឹង​ផែនដី បាន​កន្លង​បាត់​ទៅ គឺ​ទាល់តែ​សេចក្ដី​ទាំងអស់​បាន​សំ​រេច ដោយ​សព្វគ្រប់»។—ម៉ាថាយ ៥:១៧, ១៨

ព្រះ​យេស៊ូ​ក៏​បាន​បញ្ជាក់​អំពី​របៀប​ដែល​ព្រឹត្ដិការណ៍​ផ្សេងៗ​នៅ​ជំនាន់​ទ្រង់ និង​នៅ​អនាគត​ធ្វើ​ឲ្យ​ទំនាយ​ក្នុង​គម្ពីរ​សម្រេច​ដែរ។ (ដានីយ៉ែល ៩:២៧; ម៉ាថាយ ១៥:៧​-​៩; ២៤:១៥) បន្ថែម​ទៀត ព្រះ​យេស៊ូ​និង​ពួក​សិស្ស​ទ្រង់​បាន​ទាយ​ពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើតឡើង​នៅ​អនាគត រួម​បញ្ចូល​ព្រឹត្ដិការណ៍​ជា​ច្រើន​ដែល​យើង​បាន​ឃើញ​ថា​កំពុង​សម្រេច​នៅ​សព្វថ្ងៃ​នេះ។ អត្ថបទ​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​ព្រឹត្ដិការណ៍​ទាំងនេះ និង​ព្រឹត្ដិការណ៍​ឯ​ទៀត​នៅ​ថ្ងៃ​មុខ​ដែល​នឹង​ត្រូវ​សម្រេច​តាម​ទំនាយ​ក្នុង​គម្ពីរ។

[កំណត់​សម្គាល់]

a បើ​ចង់​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​បទ​ទំនាយ​ដែល​ត្រូវ​បាន​សម្រេច​ចំពោះ​ព្រះ​យេស៊ូ សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិតជា​បង្រៀន​យ៉ាង​ណា? ទំព័រ​២៣១ បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[រូបភាព​នៅ​ទំព័រ​៤]

​«នាង​ព្រហ្មចារី . . . ប្រសូត្រ​បាន​បុត្រា​មួយ»

[រូបភាព​នៅ​ទំព័រ​៥]

‹ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស​ទេ›

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក