បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w11 ១/១០ ទំ. ៧-៩
  • ការបកអាក្រាតអ្នកគ្រប់គ្រងពិភពលោកនេះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបកអាក្រាតអ្នកគ្រប់គ្រងពិភពលោកនេះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​បង្ហាញ​ថា​ខ្លួន​ជា​អ្នក​ណា
  • អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​ប្រគល់​អំណាច​ឲ្យ​គ្នីគ្នា​របស់​វា
  • អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​បង្ហាញ​មុខ​មាត់​ពិត
  • ទី​បញ្ចប់​របស់​មេកំណាច
  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ហេតុអ្វីលោកយេស៊ូរងការឈឺចាប់ហើយស្លាប់?
  • ចូរ«តស៊ូនឹងអារក្ស»ដូចព្រះយេស៊ូបានធ្វើចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរតស៊ូនឹងសាតាំង នោះវានឹងរត់ចេញពីយើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
w11 ១/១០ ទំ. ៧-៩

ការ​បក​អាក្រាត​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ

នៅ​ពេល​មួយ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​បណ្ដា​ជន​ថា​៖ ​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​នឹង​ត្រូវ​បណ្ដេញ​ចោល​»។ ក្រោយ​មក លោក​បាន​បន្ថែម​ថា​៖ ‹អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​មិន​មាន​អំណាច​លើ​ខ្ញុំ​ទេ› ហើយ​ថា​៖ ​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​បាន​ត្រូវ​វិនិច្ឆ័យ​ហើយ​»។ (​យ៉ូហាន ១២:៣១; ១៤:៣០; ១៦:១១​) តើ​លោក​យេស៊ូ​ចង់​សំដៅ​ទៅ​លើ​អ្នក​ណា?

ការ​ពិចារណា​នូវ​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​មិន​ចង់​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​លោក​នោះ​ទេ។ ដូច្នេះ តើ​អ្នក​ណា​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​? តើ​អ្នក​គ្រប់​គ្រង​នោះ​នឹង​ត្រូវ​«​បណ្ដេញ​ចោល​»​ ហើយ​ត្រូវ​«​វិនិច្ឆ័យ​»​យ៉ាង​ដូច​ម្ដេច?

​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​បង្ហាញ​ថា​ខ្លួន​ជា​អ្នក​ណា

ដូច​មេ​ឧក្រិដ្ឋជន​ដែល​ច្រើន​តែ​អួត​អំពី​អំណាច​របស់​ខ្លួន នោះ​មេ​កំណាច​ក៏​ធ្វើ​ដូច្នេះ​ដែរ ពេល​ដែល​វា​ល្បួង​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ។ ក្រោយ​ពី​បាន​បង្ហាញ​លោក​យេស៊ូ​នូវ​«​រាជាណាចក្រ​ទាំង​ឡាយ​»​នៅ​ផែនដី សាថាន​បាន​និយាយ​ទៅ​លោក​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​អ្នក​នូវ​អំណាច​លើ​រាជាណាចក្រ​ទាំង​អស់​នេះ និង​ភាព​រុងរឿង​របស់​រាជាណាចក្រ​ទាំង​នេះ ពីព្រោះ​អ្វី​ៗ​ទាំង​នោះ​បាន​ត្រូវ​ប្រគល់​មក​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​អាច​ឲ្យ​អ្នក​ណា​ក៏​ដោយ​ស្រេច​នឹង​ចិត្ត​ខ្ញុំ។ ដូច្នេះ ប្រសិនបើ​អ្នក​ក្រាប​ប្រណិប័តន៍​ខ្ញុំ​ម្ដង អ្វី​ៗ​ទាំង​អស់​នោះ​នឹង​ទៅ​ជា​របស់​អ្នក​»។—លូកា ៤:៥​-​៧

បើ​មេកំណាច​គ្រាន់តែ​ជា​ទំនោរ​ចិត្ត​អាក្រក់​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ដូច​មនុស្ស​ខ្លះ​អះអាង​នោះ តើ​យើង​អាច​ពន្យល់​អំពី​ការ​ល្បួង​នេះ​យ៉ាង​ដូច​ម្ដេច? តើ​លោក​យេស៊ូ​បាន​ត្រូវ​ល្បួង​ដោយ​គំនិត​អាក្រក់ ឬ​ដោយ​អារម្មណ៍​ច្របូកច្របល់​ក្នុង​ខ្លួន​ដែល​លោក​មាន​ក្រោយ​ពី​ការ​ជ្រមុជ​ទឹក​របស់​លោក​ឬ? បើ​ដូច្នេះ​មែន តើ​យើង​អាច​និយាយ​យ៉ាង​ដូច​ម្ដេច​ថា​«​លោក​គ្មាន​ភាព​ខុស​ឆ្គង​សោះ​ឡើយ​»​? (​យ៉ូហានទី១ ៣:៥​) ជា​ជាង​បដិសេធ​អំណាច​របស់​មេកំណាច​ទៅ​លើ​មនុស្ស លោក​យេស៊ូ​បាន​ទទួល​ស្គាល់​អំណាច​នោះ​ដោយ​ចាត់​ទុក​វា​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​ ហើយ​លោក​ក៏​បាន​ពណ៌​នា​ថា​វា​ជា​«​ឃាតករ​»​ និង​ជា​«​អ្នក​ភូត​ភរ​»​ទៀត​ផង។—យ៉ូហាន ១៤:៣០; ៨:៤៤

ជាង​៦០​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​ជួប​នឹង​មេកំណាច សាវ័ក​យ៉ូហាន​បាន​រំលឹក​ពួក​គ្រិស្ត​សាសនិក​អំពី​ឥទ្ធិពល​នៃ​អំណាច​របស់​មេ​កំណាច ដោយ​និយាយ​ថា​៖ ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។ យ៉ូហាន​ក៏​និយាយ​ទៀត​ថា​វា​«​ជា​អ្នក​ដែល​កំពុង​បំភាន់​ពិភព​លោក​ទាំង​មូល​»។ (​យ៉ូហានទី១ ៥:១៩; ការ​បើក​បង្ហាញ ១២:៩​) យ៉ាង​ច្បាស់​ណាស់ គម្ពីរ​បាន​ចែង​អំពី​បុគ្គល​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ​នេះ​ថា​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»។ ប៉ុន្តែ តើ​វា​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ជាតិ​ខ្លាំង​ប៉ុណ្ណា​ទៅ?

អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​ប្រគល់​អំណាច​ឲ្យ​គ្នីគ្នា​របស់​វា

សាវ័ក​ប៉ូល​បាន​សរសេរ​អំពី​ការ​ប្រយុទ្ធ​ដើម្បី​ការពារ​ជំនឿ​របស់​ពួក​គ្រិស្ត​សាសនិក ហើយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អ្នក​ណា​ជា​សត្រូវ​ដ៏​កាច​សាហាវ​របស់​ពួក​គេ។ គាត់​បាន​និយាយ​យ៉ាង​ចំ​ៗ​ថា​៖ ​«​យើង​មាន​ការ​ប្រយុទ្ធ មិន​មែន​ប្រយុទ្ធ​នឹង​សាច់​ឈាម​ទេ តែ​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​ទាំង​ឡាយ ពួក​អាជ្ញាធរ ពួក​អ្នក​គ្រប់​គ្រង​ពិភព​លោក​ងងឹត​នេះ ពួក​វិញ្ញាណ​ទុច្ចរិត​នៅ​ស្ថាន​សួគ៌​»។ (​អេភេសូរ ៦:១២​) ដូច្នេះ នេះ​មិន​មែន​ជា​ការ​ប្រយុទ្ធ​នឹង​មនុស្ស​ជាតិ​ឡើយ ពីព្រោះ​បទ​គម្ពីរ​ចែង​ថា ការ​ប្រយុទ្ធ​នេះ​«​មិន​មែន​ប្រយុទ្ធ​នឹង​សាច់​ឈាម​ទេ​»​ ប៉ុន្តែ ជា​ការ​ប្រយុទ្ធ​នឹង​«​ពួក​វិញ្ញាណ​ទុច្ចរិត​»​វិញ។

យោង​ទៅ​តាម​សេចក្ដី​បក​ប្រែ​ភាគ​ច្រើន​នៅ​សម័យ​ទំនើប​នេះ ពាក្យ​«​ពួក​វិញ្ញាណ​ទុច្ចរិត​»​នេះ មិន​មែន​សំដៅ​ទៅ​លើ​អំពើ​អាក្រក់​ដែល​នៅ​ក្នុង​ខ្លួន​យើង​នោះ​ទេ តែ​សំដៅ​ទៅ​លើ​បុគ្គល​វិញ្ញាណ​អាក្រក់​ដែល​មាន​អំណាច​ខ្លាំងក្លា​វិញ។ ដូច្នេះ នេះ​បាន​សេចក្ដី​ថា​មេកំណាច​បាន​ប្រើ​អំណាច​របស់​វា​តាម​រយៈ​ពួក​ទេវតា​ឯ​ទៀត​ដែល​បាន​បះបោរ​ប្រឆាំង​ព្រះ ហើយ​បោះបង់​ចោល​«​ស្ថាន​ដែល​ខ្លួន​ត្រូវ​នៅ​»​ ពោល​គឺ​ស្ថាន​សួគ៌។—យូដាស ៦

សៀវភៅ​ដានីយ៉ែល​ដែល​ជា​សៀវភៅ​ទំនាយ​មួយ​ក្នុង​គម្ពីរ​បាន​បង្ហាញ​អំពី​របៀប​ដែល​«​ពួក​អ្នក​គ្រប់​គ្រង​ពិភព​លោក​»​នេះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​តាំង​ពី​សម័យ​បុរាណ​មក។ ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​អំពី​ជន​ជាតិ​យូដា​ដែល​បាន​ចាក​ចេញ​ពី​ក្រុង​បាប៊ីឡូន ទៅ​ក្រុង​យេរូសាឡិម​វិញ​ក្នុង​ឆ្នាំ​៥៣៧ មុន​គ.ស. ហើយ​គាត់​បាន​អធិដ្ឋាន​ឲ្យ​ពួក​គេ​អស់​រយៈ​ពេល​បី​សប្ដាហ៍។ ព្រះ​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ទៅ​ពង្រឹង​កម្លាំង​របស់​ដានីយ៉ែល ប៉ុន្តែ​ទេវតា​នោះ​មិន​បាន​មក​ជួប​គាត់​ភ្លាម​ៗ​ទេ។ ទេវតា​នោះ​បាន​ប្រាប់​អំពី​មូលហេតុ​ដែល​ខ្លួន​មក​យឺត​ដោយ​និយាយ​ថា​៖ ​«​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើ​ស៊ី បាន​ឃាត់​យើង​អស់​២១​ថ្ងៃ​»។—ដានីយ៉ែល ១០:២, ១៣

តើ​«​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើ​ស៊ី​»​នេះ​ជា​អ្នក​ណា? ទេវតា​នោះ​មិន​បាន​សំដៅ​ទៅ​លើ​ស្តេច​ពើ​ស៊ី​ឈ្មោះ​ស៊ី​រូស​ទេ ព្រោះ​នៅ​សម័យ​នោះ​ស្តេច​ពើ​ស៊ី​ពេញ​ចិត្ត​នឹង​ដានីយ៉ែល​និង​ជន​រួម​ជាតិ​របស់​គាត់។ ម្យ៉ាង​ទៀត គម្ពីរ​បាន​បញ្ជាក់​ថា ទេវតា​តែ​មួយ​រូប​អាច​សម្លាប់​ទាហាន​ចំនួន​១៨៥.០០០​នាក់​ក្នុង​មួយ​យប់​បាន ដូច្នេះ​តើ​ស្តេច​ដែល​ជា​មនុស្ស​អាច​ឃាត់​បុគ្គល​វិញ្ញាណ​មួយ​រូប​អស់​រយៈ​ពេល​បី​សប្ដាហ៍​យ៉ាង​ដូច​ម្ដេច​បាន? (​អេសាយ ៣៧:៣៦​) ដូច្នេះ សត្រូវ​ដែល​ជា​«​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើ​ស៊ី​»​នេះ​ជា​ភ្នាក់ងារ​របស់​មេកំណាច ពោល​គឺ​វិញ្ញាណ​កំណាច​មួយ​រូប​ដែល​បាន​ទទួល​អំណាច​ដើម្បី​កាន់កាប់​លើ​ចក្រភព​ពើ​ស៊ី។ ក្រោយ​មក​នៅ​ក្នុង​កំណត់​ហេតុ​នេះ ទេវតា​របស់​ព្រះ​បាន​និយាយ​ថា ខ្លួន​នឹង​ត្រូវ​ប្រយុទ្ធ​នឹង​«​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើ​ស៊ី​»​ម្ដង​ទៀត និង​វិញ្ញាណ​កំណាច​មួយ​រូប​ទៀត​ដែល​ជា​«​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ក្រេក​»។—ដានីយ៉ែល ១០:២០

ដូច្នេះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​ពី​កំណត់​ហេតុ​នេះ? គឺ​ថា​ប្រាកដជា​មាន​«​ពួក​អ្នក​គ្រប់​គ្រង​ពិភព​លោក​»​នេះ​មែន ពោល​គឺ​វិញ្ញាណ​កំណាច​ដែល​យើង​មើល​មិន​ឃើញ។ ពួក​គេ​កាន់កាប់​លើ​ពិភព​លោក​នេះ​ក្រោម​អំណាច​នៃ​មេកំណាច​សាថាន​ដែល​ជា​មេ​របស់​ពួក​គេ។ ប៉ុន្តែ រហូត​មក​ដល់​ឥឡូវ​នេះ តើ​ពួក​គេ​មាន​បំណង​ធ្វើ​អ្វី?

អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​បង្ហាញ​មុខ​មាត់​ពិត

ក្នុង​សៀវភៅ​ចុង​ក្រោយ​នៃ​គម្ពីរ​បរិសុទ្ធ​ដែល​គេ​ហៅ​ថា​ការ​បើក​បង្ហាញ សាវ័ក​យ៉ូហាន​បាន​រៀប​រាប់​អំពី​របៀប​ដែល​លោក​យេស៊ូ​ក្នុង​នាម​ជា​មី​កែ​ល​ដែល​ជា​មហា​ទេវតា បាន​យក​ជ័យ​ជម្នះ​លើ​មេកំណាច​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា ហើយ​ក៏​បាន​ប្រាប់​អំពី​លទ្ធផល​ដ៏​អាក្រក់​ដែល​មក​ពី​ការ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្ថាន​សួគ៌​ដែរ។ បទ​គម្ពីរ​ចែង​ថា​៖ ​«​វេទនា​ដល់​ផែនដី . . . ពីព្រោះ​មេកំណាច​បាន​ចុះ​ទៅ​ឯ​អ្នក​រាល់​គ្នា​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច​»។—ការ​បើក​បង្ហាញ ១២:៩, ១២

តើ​មេកំណាច​បាន​បង្ហាញ​កំហឹង​យ៉ាង​ខ្លាំង​តាម​របៀប​ណា? តាម​ធម្មតា​ឧក្រិដ្ឋជន​ដែល​អស់​សង្ឃឹម​មាន​គំនិត​ថា​បើ​ខ្លួន​ត្រូវ​ស្លាប់ អ្នក​ឯ​ទៀត​ក៏​ត្រូវ​ស្លាប់​ជា​មួយ​ខ្លួន​ដែរ។ ដូច​គ្នា​ដែរ មេកំណាច​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​តាំង​ចិត្ត​បំផ្លាញ​ផែនដី និង​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​ទាំង​អស់​ស្លាប់​ជា​មួយ​នឹង​ពួក​វា​ដែរ។ ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច នោះ​មេកំណាច​បាន​ប្រើ​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​សង្គម​ដែល​វា​កំពុង​កាន់កាប់ គឺ​ស្ថាប័ន​ជំនួញ​ធំ​ៗ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​វក់​នឹង​ការ​ប្រើ​ប្រាស់​និង​ទិញ​ទំនិញ ដែល​នាំ​ឲ្យ​បង្ហិន​បង្ហោច​នូវ​ធនធាន​ធម្មជាតិ ហើយ​ក៏​បំពុល​បរិយាកាស​នៅ​ទូ​ទាំង​ពិភព​លោក​ផង​ដែរ។ ការ​ធ្វើ​ដូច្នេះ​បាន​គំរាម​កំហែង​ដល់​ជីវិត​របស់​មនុស្ស​ជាតិ។—ការ​បើក​បង្ហាញ ១១:​១៨; ១៨:១១​-​១៧

តាំង​ពី​ដើម​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​ជាតិ ការ​ស្រេក​ឃ្លាន​អំណាច​របស់​មេកំណាច​ក៏​មាន​នៅ​ក្នុង​ស្ថាប័ន​នយោបាយ និង​សាសនា​ផង​ដែរ។ សៀវភៅ​ការ​បើក​បង្ហាញ​ពណ៌​នា​អំពី​អំណាច​របស់​ស្ថាប័ន​នយោបាយ​ដូច​ជា​សត្វ​សាហាវ​ដែល​មេកំណាច​បាន​ឲ្យ​«​អំណាច​យ៉ាង​ធំ​»​ដល់​សត្វ​នោះ។ សៀវភៅ​នោះ​ក៏​បាន​ពណ៌​នា​អំពី​ទំនាក់​ទំនង​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​ប្រៀប​ដូច​ជា​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​រវាង​ស្ថាប័ន​នយោបាយ និង​សាសនា។ (​ការ​បើក​បង្ហាញ ១៣:២; ១៧:១, ២​) សូម​គិត​អំពី​ការ​គាបសង្កត់ ទុក្ខវេទនា សង្គ្រាម និង​ទំនាស់​ផ្សេង​ៗ​ទៀត​ដែល​មាន​អស់​រាប់​សតវត្សរ៍​មក​ហើយ ដែល​នាំ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​បាត់បង់​ជីវិត។ បើ​យើង​គិត​អំពី​ព្រឹត្ដិការណ៍​ដែល​មិន​គួរ​ឲ្យ​ជឿ និង​ភាព​រន្ធត់​ដែល​កើត​ឡើង​ក្នុង​ទំព័រ​ប្រវត្ដិសាស្ត្រ តើ​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​និយាយ​ថា​នេះ​ជា​សកម្មភាព​ធម្មតា​របស់​មនុស្ស​ឬ​ទេ? ឬ​ក៏​មាន​ពួក​វិញ្ញាណ​កំណាច​ដែល​យើង​មើល​មិន​ឃើញ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​សកម្មភាព​ទាំង​នោះ​វិញ?

គម្ពីរ​បាន​បង្ហាញ​និង​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​បុគ្គល​មួយ​រូប​ដែល​នៅ​ពី​ក្រោយ​ខ្នង​អ្នក​គ្រប់​គ្រង​មនុស្ស​ជាតិ និង​ប្រទេស​ដែល​ជាម​ហា​អំណាច។ មិន​ថា​ដឹង​ខ្លួន​ឬ​ក៏​មិន​ដឹង​ក៏​ដោយ សង្គម​មនុស្ស​បាន​បង្ហាញ​នូវ​ចិត្ត​គំនិត​របស់​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ និង​គំនិត​ដែល​ថា​បើ​ខ្លួន​ត្រូវ​ស្លាប់ អ្នក​ឯ​ទៀត​ក៏​ត្រូវ​ស្លាប់​ជា​មួយ​ខ្លួន​ដែរ។ ប៉ុន្តែ តើ​មនុស្ស​ជាតិ​នឹង​ត្រូវ​រង​ទុក្ខវេទនា​ក្រោម​ការ​គ្រប់​គ្រង​របស់​មេកំណាច​យូរ​ប៉ុណ្ណា​ទៀត?

ទី​បញ្ចប់​របស់​មេកំណាច

នៅ​សតវត្សរ៍​ទី​១ សកម្មភាព​របស់​លោក​យេស៊ូ​នៅ​ផែនដី ជា​ទី​សម្គាល់​ដែល​បញ្ជាក់​ថា​មេកំណាច​និង​ពួក​វិញ្ញាណ​កំណាច​ជិត​មក​ដល់​ទី​បញ្ចប់​ហើយ។ ពេល​ពួក​អ្នក​កាន់​តាម​របស់​លោក​យេស៊ូ​រៀប​រាប់​អំពី​របៀប​ដែល​ពួក​គេ​បាន​បណ្ដេញ​ពួក​វិញ្ញាណ​កំណាច​ចេញ នោះ​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​សាថាន​ធ្លាក់​ដូច​ផ្លេកបន្ទោរ​ពី​ស្ថាន​សួគ៌​រួច​ហើយ​»។ (​លូកា ១០:១៨​) ដោយ​និយាយ​ពាក្យ​ទាំង​នេះ លោក​យេស៊ូ​បាន​មាន​អំណរ​ចំពោះ​ជ័យ​ជម្នះ​របស់​លោក​នៅ​ពេល​អនាគត​ទៅ​លើ​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ។ ជ័យ​ជម្នះ​នេះ​នឹង​កើត​មាន​ឡើង ពេល​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌​ក្នុង​នាម​ជា​មី​កែ​ល​ដែល​ជាម​ហា​ទេវតា។ (​ការ​បើក​បង្ហាញ ១២:៧​-​៩​) ការ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ​ឲ្យ​បាន​សព្វ​គ្រប់​បាន​បង្ហាញ​ថា​ជ័យ​ជម្នះ​នោះ​បាន​កើត​ឡើង​នៅ​ស្ថាន​សួគ៌​ក្នុង​ឬ​មិន​យូរ​ក្រោយ​ពី​ឆ្នាំ​១៩១៤។a

តាំង​ពី​ឆ្នាំ​នោះ មេកំណាច​បាន​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច​ទេ មុន​ព្រះ​បំផ្លាញ​វា។ ទោះ​ជា​‹ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​វា›​ក៏​ដោយ ក៏​មនុស្ស​រាប់​លាន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ​មិន​ចាញ់​បោក​អ្វី​ៗ​ដែល​វា​ប្រើ​ដើម្បី​កាន់កាប់​លើ​ពួក​គេ​ឡើយ។ គម្ពីរ​បាន​បំភ្លឺ​ភ្នែក​របស់​ពួក​គេ​ឲ្យ​ឃើញ​ពី​អត្តសញ្ញាណ​ពិត​របស់​វា រួម​ទាំង​កិច្ចការ​របស់​វា​ដែរ។ (​កូរិនថូសទី២ ២:១១​) ពួក​គេ​បាន​ទទួល​សេចក្ដី​សង្ឃឹម​ពី​ពាក្យ​របស់​ប៉ូល​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​រួម​ជំនឿ​ថា​៖ ​«​បន្ដិច​ទៀត​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​នឹង​កិន​កម្ទេច​សាថាន​ក្រោម​ជើង​របស់​អ្នក​រាល់​គ្នា​»។b—រ៉ូម ១៦:២០

បន្ដិច​ទៀត មេកំណាច​នឹង​គ្មាន​ទៀត​ទេ! ក្រោម​ការ​គ្រប់​គ្រង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត មនុស្ស​នឹង​ធ្វើ​ឲ្យ​ផែនដី​ដែល​ប្រៀប​ដូច​ជា​កំណល់​កល់​ជើង​របស់​ព្រះ ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។ អំពើ​ហិង្សា ការ​ស្អប់​គ្នា និង​ចិត្ត​លោភ​លន់​នឹង​លែង​មាន​ជា​រៀង​រហូត។ គម្ពីរ​បាន​ចែង​ថា​៖ ​«​របស់​ពី​មុន​ៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត​»។ (​អេសាយ ៦៥:១៧​) ពេល​យើង​រួច​ផុត​ពី​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​និង​អំណាច​របស់​វា នោះ​ពិត​ជា​នាំ​ឲ្យ​យើង​ធូរ​ស្បើយ​មែន!

[​កំណត់​សម្គាល់​]

a ដើម្បី​ទទួល​ព័ត៌​មាន​បន្ថែម​អំពី​ឆ្នាំ​នេះ សូម​មើល​ការ​ពន្យល់​បន្ថែម​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា នៅ​ទំព័រ​២៤៧​ដល់​២៤៩។

b ពាក្យ​របស់​ប៉ូល​នៅ​ខ​នេះ​លើក​ឡើង​នូវ​ទំនាយ​ដំបូង​ក្នុង​គម្ពីរ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​លោកុប្បត្តិ ៣:១៥។ ទំនាយ​នោះ​បាន​បង្ហាញ​អំពី​សេចក្ដី​ហិន​វិនាស​ដែល​មេកំណាច​នឹង​ជួប​នៅ​ទី​បំផុត។ ដើម្បី​ពណ៌​នា​ព្រឹត្ដិការណ៍​នោះ ប៉ូល​បាន​ប្រើ​ពាក្យ​ភាសា​ក្រិច​មួយ​ដែល​មាន​ន័យ​ថា ​«​បំបែក ញាប់​ញ័រ និង​កិន​ឲ្យ​បែក​ខ្ទេចខ្ទី​»​ (​Vine’s Complete Expository Dictionary of Old and New Testament Words​)។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៩​]

ក្រោម​ការ​គ្រប់​គ្រង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត មនុស្ស​សុចរិត​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក