សូមកុំឲ្យអ្វីធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឲ្យសោះ
«ចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្ដិនៅថ្ងៃនេះចុះ»។—យ៉ូស. ២៤:១៥
សូមខំរកចម្លើយ
តើអ្នកអាចមានទស្សនៈត្រឹមត្រូវចំពោះការងាររបស់អ្នកយ៉ាងដូចម្ដេច?
តើតាមរបៀបណាអ្នកអាចមានតុល្យភាពស្តីអំពីការកម្សាន្ត?
ប្រសិនបើសមាជិកក្នុងក្រុមគ្រួសាររបស់អ្នក បោះបង់ចោលព្រះយេហូវ៉ា តើអ្នកអាចស៊ូទ្រាំនឹងការឈឺចាប់យ៉ាងដូចម្ដេច?
១-៣. (ក) ហេតុអ្វីយ៉ូស្វេជាគំរូល្អស្តីអំពីអ្នកដែលបានធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិត? (ខ) ពេលធ្វើការសម្រេចចិត្ត តើយើងគួរចាំអំពីអ្វី?
ការ«រើសយក»ឬការជ្រើសរើសគឺជាពាក្យដែលមានឥទ្ធិពលខ្លាំង។ បុគ្គលម្នាក់អាចមានជម្រើស ហើយអាចកំណត់នូវអ្វីដែលកើតឡើងក្នុងជីវិតរបស់គាត់បានមួយកម្រិត។ ជាឧទាហរណ៍: សូមស្រមៃគិតថាបុរសម្នាក់ដែលកំពុងដើរនៅលើផ្លូវមួយ ស្រាប់តែគាត់ឃើញផ្លូវនោះបែកជាពីរ។ តើគាត់ត្រូវរើសយកផ្លូវមួយណា? ប្រសិនបើគាត់មានគោលដៅទៅទីណា នោះគាត់ទំនងជាជ្រើសរើសផ្លូវជិតជាងដែលនាំគាត់ទៅដល់កន្លែងនោះ ជាជាងផ្លូវដែលនាំគាត់ទៅកាន់តែឆ្ងាយពីកន្លែងនោះ។
២ គម្ពីរមានគំរូជាច្រើនរបស់មនុស្សដែលជួបនឹងស្ថានភាពស្រដៀងគ្នានេះ។ ជាឧទាហរណ៍ កាអ៊ីនត្រូវសម្រេចចិត្តថាប្រព្រឹត្តតាមកំហឹងរបស់គាត់ឬក៏ទប់កំហឹងនោះ។ (លោ. ៤:៦, ៧) យ៉ូស្វេត្រូវសម្រេចចិត្តរវាងការបម្រើព្រះពិតនិងការគោរពបូជាព្រះមិនពិត។ (យ៉ូស. ២៤:១៥) គោលដៅរបស់យ៉ូស្វេគឺនៅជិតព្រះយេហូវ៉ា។ ហេតុនេះគាត់បានជ្រើសរើសផ្លូវមួយដែលនាំគាត់ទៅដល់គោលដៅនោះ។ កាអ៊ីនមិនមានគោលដៅបែបនេះទេ ហើយគាត់បានជ្រើសរើសផ្លូវដែលនាំគាត់ទៅកាន់តែឆ្ងាយពីព្រះយេហូវ៉ា។
៣ ជួនកាល យើងប្រហែលជាជួបនឹងផ្លូវបែកជាពីរក្នុងន័យធៀប។ បើអ្វីនោះកើតឡើង សូមនឹកចាំអំពីទិសដៅឬគោលដៅរបស់អ្នក ពោលគឺយើងធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើង ហើយយើងជៀសចេញពីអ្វីទាំងអស់ដែលបណ្ដាលឲ្យយើងឃ្លាតឆ្ងាយពីលោក។ (សូមអាន ហេប្រឺ ៣:១២) ក្នុងអត្ថបទនេះនិងនៅអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីសកម្មភាព៧យ៉ាងក្នុងជីវិតដែលយើងមិនគួរអនុញ្ញាតឲ្យវាធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឡើយ។
ការងារនិងអាជីព
៤. ហេតុអ្វីការរកស៊ីចិញ្ចឹមជីវិតគឺជាអ្វីដែលសំខាន់?
៤ គ្រិស្តសាសនិកមានកាតព្វកិច្ចចិញ្ចឹមខ្លួននិងក្រុមគ្រួសារ។ គម្ពីរបញ្ជាក់ថាប្រសិនបើមានអ្នកណាដែលមិនចង់ទំនុកបម្រុងសមាជិកក្រុមគ្រួសាររបស់ខ្លួន អ្នកនោះអាក្រក់ជាងអ្នកដែលមិនជឿទៅទៀត។ (២ថែ. ៣:១០; ១ធី. ៥:៨) ច្បាស់ណាស់ ការងារចិញ្ចឹមជីវិតគឺជាអ្វីដែលសំខាន់ក្នុងជីវិត ប៉ុន្តែប្រសិនបើអ្នកមិនប្រុងប្រយ័ត្នទេ ការងារនិងអាជីពអាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ តើតាមរបៀបណា?
៥. តើអ្នកគួរគិតអំពីអ្វីខ្លះ មុននឹងទទួលយកការងារណាមួយ?
៥ ឧបមាថាអ្នកកំពុងស្វែងរកការងារ។ ប្រសិនបើអ្នករស់នៅក្នុងប្រទេសដែលមិនសូវមានការងារធ្វើ អ្នកប្រហែលជាចង់ទទួលយកការងារណាក៏ដោយដែលគេផ្ដល់ឲ្យអ្នក។ ប៉ុន្តែ ចុះយ៉ាងណាបើការងារបែបនោះប្រឆាំងនឹងគោលការណ៍គម្ពីរ? ឬបើពេលម៉ោងធ្វើការនិងការធ្វើដំណើរទៅកន្លែងធ្វើការនោះរំខានដល់សកម្មភាពគ្រិស្តសាសនិករបស់អ្នក ឬធ្វើឲ្យអ្នកមិនអាចចំណាយពេលជាមួយនឹងក្រុមគ្រួសាររបស់អ្នក? តើអ្នកគួរទទួលយកការងារនោះដោយគិតថា មានការងារមិនល្អគឺប្រសើរជាងគ្មានការងារឬទេ? សូមចាំថា ការសម្រេចចិត្តខុសអាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ (ហេ. ២:១) ទោះជាអ្នកកំពុងស្វែងរកការងារ ឬកំពុងគិតផ្លាស់ប្ដូរការងាររបស់អ្នកក៏ដោយ តើអ្នកអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃយ៉ាងដូចម្ដេច?
៦, ៧. (ក) តើគោលដៅអ្វីខ្លះដែលបុគ្គលម្នាក់ប្រហែលជាមានស្តីអំពីការងារ? (ខ) តើគោលដៅអ្វី ដែលនឹងនាំអ្នកទៅកាន់តែជិតព្រះយេហូវ៉ា ហើយហេតុអ្វី?
៦ ដូចបានរៀបរាប់ខាងលើ សូមចាំជានិច្ចអំពីគោលដៅរបស់អ្នក។ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំធ្វើការដើម្បីអ្វី?›។ ប្រសិនបើអ្នកចាត់ទុកការងារជាមធ្យោបាយសម្រាប់ចិញ្ចឹមជីវិត ពោលគឺដើម្បីផ្គត់ផ្គង់ខ្លួននិងក្រុមគ្រួសារ និងដើម្បីឲ្យអ្នកអាចបម្រើព្រះយេហូវ៉ា នោះលោកនឹងឲ្យពរចំពោះការព្យាយាមរបស់អ្នក។ (ម៉ាថ. ៦:៣៣) ព្រះយេហូវ៉ាដឹងអំពីរបៀបជួយអ្នកនៅពេលដែលអ្នកបាត់បង់ការងារភ្លាមៗឬពេលមានបញ្ហាសេដ្ឋកិច្ច។ (អេ. ៥៩:១) លោក«ចេះសង្គ្រោះមនុស្សដែលមានភក្ដីភាពចំពោះលោកឲ្យរួចពីទុក្ខលំបាក»។—២ពេ. ២:៩
៧ ផ្ទុយទៅវិញ ចុះយ៉ាងណាបើអ្នកធ្វើការដោយមានគោលដៅដើម្បីក្លាយទៅជាអ្នកមាន? ប្រហែលជាអ្នកអាចធ្វើដូច្នេះបាន។ ប៉ុន្តែបើអ្នកធ្វើការដើម្បីឲ្យបានធ្វើជាអ្នកមានប៉ុណ្ណោះ នេះនាំឲ្យអ្នកជួបទុក្ខលំបាក។ (សូមអាន ធីម៉ូថេទី១ ៦:៩, ១០) ការឲ្យតម្លៃហួសហេតុពេកទៅលើទ្រព្យសម្បត្ដិនិងអាជីពរបស់អ្នក នឹងធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។
៨, ៩. តើឪពុកម្ដាយគួរសួរខ្លួននូវសំណួរអ្វីខ្លះស្តីអំពីការងារ ឬអាជីព? ហេតុអ្វី?
៨ ប្រសិនបើអ្នកជាឪពុកម្ដាយ សូមគិតអំពីរបៀបដែលគំរូរបស់អ្នកមានឥទ្ធិពលលើកូនរបស់អ្នក។ តើពួកគេនឹងគិតថាអ្វីគឺសំខាន់បំផុតចំពោះអ្នក ការងាររបស់អ្នកឬក៏ចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ា? ប្រសិនបើពួកគេឃើញថា ឋានៈ មុខមាត់និងទ្រព្យសម្បត្ដិជាអ្វីដែលសំខាន់ក្នុងជីវិតរបស់អ្នក តើពួកគេប្រហែលជានឹងធ្វើតាមរបៀបរស់នៅបែបនេះឬទេ? តើពួកគេអាចលែងគោរពអ្នកជាឪពុកម្ដាយរបស់ពួកគេមួយកម្រិតឬទេ? គ្រិស្តសាសនិកវ័យក្មេងម្នាក់និយាយថា៖ «តាមខ្ញុំចាំបាន ឪពុកខ្ញុំជាប់រវល់ហួសហេតុពេកនឹងការងាររបស់គាត់។ មុនដំបូងមើលទៅដូចជាគាត់ខំប្រឹងធ្វើការដោយសារគាត់ចង់ឲ្យគ្រួសារយើងមានអ្វីដែលល្អបំផុត។ គាត់ចង់ឲ្យយើងមានអ្វីៗដែលយើងត្រូវការ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំនេះ មានអ្វីមួយបានផ្លាស់ប្ដូរ។ គាត់ធ្វើការជាប់រហូត ហើយបន្ទាប់មកគាត់ទិញរបស់ថ្លៃៗជាជាងអ្វីដែលសំខាន់ចាំបាច់ក្នុងជីវិត។ ជាលទ្ធផល យើងត្រូវបានគេស្គាល់ថាជាក្រុមគ្រួសារដែលមានលុយច្រើន ជាជាងជាក្រុមគ្រួសារដែលលើកទឹកចិត្តអ្នកឯទៀតឲ្យមានគោលដៅក្នុងការគោរពប្រណិប័តន៍ព្រះ។ ខ្ញុំចង់ឲ្យឪពុកខ្ញុំជួយក្រុមគ្រួសារឲ្យមានចំណងមិត្តភាពជាមួយព្រះ ជាជាងខំធ្វើការដើម្បីរកលុយសម្រាប់ក្រុមគ្រួសារ»។
៩ ឪពុកម្ដាយទាំងឡាយ សូមកុំឃ្លាតឆ្ងាយពីព្រះយេហូវ៉ាដោយឲ្យតម្លៃហួសហេតុពេកចំពោះការងាររបស់អ្នក។ សូមបង្ហាញកូនថាអ្នកពិតជាជឿថាការមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាគឺសំខាន់ជាងលុយនិងរបស់របរផ្សេងៗឆ្ងាយណាស់។—ម៉ាថ. ៥:៣
១០. តើយុវជនម្នាក់ប្រហែលជាពិចារណាអំពីអ្វី ពេលជ្រើសរើសអាជីពមួយ?
១០ ប្រសិនបើអ្នកនៅក្មេង ហើយកំពុងគិតអំពីការងារបែបណាដែលអ្នកនឹងធ្វើពេលអ្នកធំឡើង តើតាមរបៀបណាអ្នកអាចធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ? ដូចដែលបានពិចារណារួចហើយ អ្នកត្រូវដឹងអំពីគោលដៅនៃជីវិតរបស់អ្នក។ តើការទទួលការបង្ហាត់បង្រៀននិងការងារដែលអ្នកកំពុងពិចារណា អនុញ្ញាតឲ្យអ្នកចូលរួមកិច្ចការរាជាណាចក្រឲ្យបានច្រើនជាង ឬក៏ធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាវិញ? (២ធី. ៤:១០) តើអ្នកចង់ធ្វើដូចមនុស្សក្នុងពិភពលោក ដែលសប្បាយតែពេលដែលពួកគេមានលុយច្រើនប៉ុណ្ណោះឬ? ឬតើអ្នកនឹងសម្រេចចិត្តធ្វើដូចដាវីឌដែលបង្ហាញទំនុកចិត្តលើព្រះឬទេ? គាត់បានសរសេរថា៖ «យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ»។ (ទំនុក. ៣៧:២៥) សូមចាំថាផ្លូវមួយនឹងធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា រីឯផ្លូវមួយទៀតនាំឲ្យអ្នកមានជីវិតប្រសើរបំផុត។ (សូមអាន សុភាសិត ១០:២២; ម៉ាឡាគី ៣:១០) តើអ្នកនឹងរើសយកផ្លូវមួយណា?a
ការកម្សាន្ត
១១. តើគម្ពីរបង្រៀនយ៉ាងណាអំពីការកម្សាន្ត ប៉ុន្តែតើយើងគួរចាំអំពីអ្វី?
១១ គម្ពីរមិនប្រឆាំងនឹងការកម្សាន្តសប្បាយទេ ហើយក៏មិនបានចែងថានេះនាំឲ្យខាតពេលវេលាដែរ។ ប៉ូលបានសរសេរទៅធីម៉ូថេថា៖ «ការហ្វឹកហាត់ខ្លួនប្រាណមានប្រយោជន៍បន្ដិចបន្តួច»។ (១ធី. ៤:៨) គម្ពីរថែមទាំងចែងថា មាន«ពេលសើច»និង«ពេលសំរាប់លោតកញ្ឆេង» ហើយគម្ពីរក៏លើកទឹកចិត្តយើងឲ្យសម្រាកឲ្យបានគ្រប់គ្រាន់ដែរ។ (សាស្ដ. ៣:៤; ៤:៦) ប៉ុន្តែ ប្រសិនបើអ្នកមិនប្រុងប្រយ័ត្ន ការកម្សាន្តអាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ តើតាមរបៀបណា? មានចំណុចសំខាន់ពីរយ៉ាងស្តីអំពីការកម្សាន្តដែលច្រើនតែនាំឲ្យមានគ្រោះថ្នាក់គឺប្រភេទនៃការកម្សាន្តនិងពេលវេលាដែលអ្នកចំណាយទៅលើការកម្សាន្ត។
១២. តើអ្នកត្រូវពិចារណាអំពីកត្ដាអ្វីខ្លះស្តីអំពីប្រភេទនៃការកម្សាន្តដែលអ្នកជ្រើសរើស?
១២ មុនដំបូងសូមពិចារណាអំពីប្រភេទនៃការកម្សាន្ត។ សូមមានទំនុកចិត្តថាអ្នកអាចរកបានការកម្សាន្តល្អដែលនាំឲ្យទទួលការលើកទឹកចិត្ត។ ប៉ុន្តែមានការកម្សាន្តជាច្រើនដែលលើកតម្កើងអ្វីៗដែលព្រះស្អប់ ដូចជាអំពើហិង្សា ការទាក់ទងជាមួយនឹងពួកវិញ្ញាណអាក្រក់ និងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ហេតុនេះ អ្នកត្រូវពិនិត្យមើលឲ្យបានហ្មត់ចត់អំពីប្រភេទនៃការកម្សាន្តដែលអ្នកចូលរួម។ តើការកម្សាន្តនោះមានឥទ្ធិពលយ៉ាងណាមកលើអ្នក? តើការកម្សាន្តនោះលើកទឹកចិត្តអ្នកឲ្យប្រព្រឹត្តអំពើហិង្សា មានចិត្តគំនិតឃោរឃៅ ប្រកួតប្រជែងគ្នា ឬមានគំនិតជាតិនិយមឬទេ? (សុភ. ៣:៣១) តើការកម្សាន្តនោះធ្វើឲ្យអ្នកខ្ជះខ្ជាយលុយកាក់ឬទេ? ហើយតើវាអាចធ្វើឲ្យអ្នកឯទៀតជំពប់ដួលឬទេ? (រ៉ូម ១៤:២១) តើការកម្សាន្តដែលអ្នកបានជ្រើសរើសនាំឲ្យអ្នកសេពគប់ជាមួយមនុស្សបែបណា? (សុភ. ១៣:២០) តើការកម្សាន្តនេះនាំឲ្យអ្នកចង់ប្រព្រឹត្តអំពើខុសឆ្គងឬទេ?—យ៉ា. ១:១៤, ១៥
១៣, ១៤. ស្តីអំពីពេលវេលាដែលអ្នកចំណាយទៅលើការកម្សាន្ត តើអ្នកត្រូវពិចារណាអំពីអ្វី?
១៣ សូមពិចារណាផងដែរថាអ្នកចំណាយពេលច្រើនប៉ុន្មានទៅលើការកម្សាន្ត។ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំចំណាយពេលច្រើនដល់ម្ល៉េះទៅលើការកម្សាន្ត បានជាខ្ញុំមានពេលតែបន្ដិចបន្តួចសម្រាប់សកម្មភាពដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះឬទេ?›។ ប្រសិនបើអ្នកសម្រេចចិត្តចំណាយពេលច្រើនហួសហេតុពេកទៅលើការកម្សាន្ត អ្នកនឹងដឹងថាការកម្សាន្តនោះមិននាំឲ្យអ្នកទទួលការលើកទឹកចិត្តដូចដែលអ្នកនឹកស្មាននោះឡើយ។ តាមការពិតអ្នកដែលប្រុងប្រយ័ត្នដោយមិនចំណាយពេលច្រើនពេកទៅលើការកម្សាន្ត សប្បាយនឹងការកម្សាន្តរបស់ពួកគេច្រើនជាង។ ហេតុអ្វី? ពីព្រោះពួកគេដឹងថាពួកគេបានធ្វើ«ការអ្វីដែលសំខាន់ជាង»ជាមុន ដូច្នេះពួកគេមិនចាំបាច់មានអារម្មណ៍ថាខ្លួនខុសដោយសារបានកម្សាន្តសប្បាយខ្លះ។—សូមអាន ភីលីព ១:១០, ១១
១៤ ទោះជាការចំណាយពេលច្រើនក្នុងសកម្មភាពកម្សាន្តប្រហែលជាមើលទៅគួរឲ្យទាក់ទាញចិត្តក្ដី ការធ្វើដូច្នោះអាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ ប្អូនស្រីម្នាក់ដែលមានអាយុ២០ឆ្នាំឈ្មោះគីម ធ្លាប់ធ្វើដូច្នេះ។ នាងនិយាយថា៖ «ខ្ញុំធ្លាប់ចូលរួមការជប់លៀងទាំងអស់។ រាល់ចុងសប្ដាហ៍ ពោលគឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គេរៀបចំកម្មវិធីកម្សាន្តធំៗ។ ប៉ុន្តែ ឥឡូវនេះខ្ញុំដឹងថាមានអ្វីសំខាន់ជាងជាច្រើនដែលខ្ញុំត្រូវធ្វើ។ ជាឧទាហរណ៍ ជាអ្នកត្រួសត្រាយ ខ្ញុំភ្ញាក់ឡើងនៅម៉ោង៦ព្រឹកដើម្បីទៅផ្សព្វផ្សាយ ដូច្នេះខ្ញុំមិនអាចចូលរួមកម្សាន្តរហូតដល់ម៉ោងមួយ ឬម៉ោងពីរយប់ទេ។ ខ្ញុំដឹងថាការចូលរួមកម្មវិធីកម្សាន្តផ្សេងៗមិនមែនអាក្រក់ទាំងអស់ទេ ប៉ុន្តែអ្វីទាំងនេះអាចបំបែរអារម្មណ៍យ៉ាងខ្លាំង។ ដូចអ្វីៗផ្សេងទៀតដែរ យើងត្រូវមានទស្សនៈត្រឹមត្រូវចំពោះការកម្សាន្ត»។
១៥. តើតាមរបៀបណាដែលឪពុកម្ដាយអាចជួយកូនរបស់ពួកគេឲ្យមានការកម្សាន្តដែលធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ?
១៥ ឪពុកម្ដាយមានភារកិច្ចផ្គត់ផ្គង់ខ្លួននិងកូនៗរបស់ពួកគេខាងសម្ភារ ខាងការគោរពប្រណិប័តន៍ព្រះ និងខាងផ្លូវចិត្ត។ នេះរួមបញ្ចូលការរៀបចំឲ្យមានការកម្សាន្តដែលធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ។ បើអ្នកជាឪពុកម្ដាយ សូមកុំចាត់ទុកថាការកម្សាន្តទាំងអស់សុទ្ធតែអាក្រក់ឡើយ។ នៅដំណាលគ្នានោះ សូមប្រុងប្រយ័ត្ននឹងអ្វីដែលមានឥទ្ធិពលមិនល្អ។ (១កូ. ៥:៦) បើអ្នកគិតឲ្យបានហ្មត់ចត់ អ្នកអាចរកឃើញការកម្សាន្តដែលពិតជាធ្វើឲ្យគ្រួសាររបស់អ្នកមានកម្លាំងចិត្តឡើងវិញ។b តាមរបៀបនេះ អ្នកនិងកូនរបស់អ្នកនឹងជ្រើសរើសផ្លូវដែលនឹងនាំអ្នកទៅកាន់តែជិតព្រះយេហូវ៉ា។
ទំនាក់ទំនងក្នុងក្រុមគ្រួសារ
១៦, ១៧. តើមានស្ថានភាពអ្វីដែលនាំឲ្យឪពុកម្ដាយជាច្រើនឈឺចាប់ ហើយតើតាមរបៀបណាយើងអាចដឹងថាព្រះយេហូវ៉ាយល់អំពីការឈឺចាប់របស់ពួកគាត់?
១៦ សេចក្ដីស្រឡាញ់រវាងឪពុកម្ដាយនិងកូនគឺជាចំណងដ៏រឹងមាំដល់ម្ល៉េះបានជាព្រះយេហូវ៉ាប្រើទំនាក់ទំនងនេះជាគំរូដើម្បីបញ្ជាក់អំពីស្រឡាញ់របស់លោកចំពោះរាស្ត្ររបស់លោក។ (អេ. ៤៩:១៥) ដូច្នេះ ជាការធម្មតាដែលយើងកើតទុក្ខយ៉ាងខ្លាំង ពេលដែលសមាជិកជាទីស្រឡាញ់ណាម្នាក់ក្នុងគ្រួសារបោះបង់ចោលព្រះយេហូវ៉ា។ បងស្រីម្នាក់ដែលមានកូនស្រីដែលបានត្រូវបណ្ដាច់មិត្តភាពនិយាយថា៖ «ខ្ញុំពិបាកចិត្តខ្លាំងណាស់។ ខ្ញុំឆ្ងល់ថា ‹ហេតុអ្វីនាងបោះបង់ចោលព្រះយេហូវ៉ា?›។ ខ្ញុំមានអារម្មណ៍ថាខ្លួនខុស ហើយខ្ញុំបន្ទោសខ្លួនខ្ញុំ»។
១៧ ព្រះយេហូវ៉ាយល់អំពីការឈឺចាប់របស់អ្នក។ លោក«មានព្រះហឫទ័យព្រួយ»ពេលដែលសមាជិកដំបូងនៃក្រុមគ្រួសាររបស់លោក ហើយក្រោយមកពេលដែលមនុស្សភាគច្រើនដែលរស់នៅមុនពេលទឹកជំនន់នៅសម័យណូអេ បានបះបោរប្រឆាំងនឹងលោក។ (លោ. ៦:៥, ៦) ពួកអ្នកដែលមិនធ្លាប់មានសមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាព ពិបាកយល់នូវទំហំនៃការឈឺចាប់នេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរឲ្យការប្រព្រឹត្តមិនត្រឹមត្រូវរបស់សមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាព ធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឡើយ។ ប៉ុន្តែតើតាមរបៀបណាអ្នកអាចស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងក្រៃលែង ដែលបណ្ដាលមកពីសមាជិកម្នាក់ក្នុងក្រុមគ្រួសារបោះបង់ចោលព្រះយេហូវ៉ា?
១៨. ហេតុអ្វីឪពុកម្ដាយមិនគួរបន្ទោសខ្លួនគាត់ ប្រសិនបើកូនបោះបង់ចោលព្រះយេហូវ៉ា?
១៨ សូមកុំបន្ទោសខ្លួនអ្នកចំពោះអ្វីដែលបានកើតឡើង។ ព្រះយេហូវ៉ាឲ្យមនុស្សមានជម្រើស ហើយសមាជិកក្នុងក្រុមគ្រួសារម្នាក់ៗដែលបានប្រគល់ខ្លួនជូនព្រះ ហើយបានទទួលការជ្រមុជទឹក ត្រូវ«ទទួលភារៈរបស់ខ្លួន»។ (កាឡ. ៦:៥) នៅទីបំផុត ព្រះយេហូវ៉ាចាត់ទុកថាអ្នកដែលធ្វើអំពើខុសឆ្គងនោះជាអ្នកទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន មិនមែនអ្នកទេ។ (អេស. ១៨:២០) កុំបន្ទោសអ្នកឯទៀតផងដែរ។ ចូរគោរពការរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការប្រដៅ។ ចូរតតាំងនឹងមេកំណាច មិនមែននឹងពួកគង្វាលដែលព្យាយាមការពារក្រុមជំនុំទេ។—១ពេ. ៥:៨, ៩
១៩, ២០. (ក) តើឪពុកម្ដាយដែលមានកូនដែលបានត្រូវបណ្ដាច់មិត្តភាពអាចធ្វើអ្វី ដើម្បីស៊ូទ្រាំនឹងការឈឺចាប់របស់ពួកគាត់? (ខ) តើឪពុកម្ដាយទាំងនោះនៅតែមានសេចក្ដីសង្ឃឹមអ្វី?
១៩ ម្យ៉ាងទៀត ប្រសិនបើអ្នកខឹងនឹងព្រះយេហូវ៉ាស្តីអំពីរឿងនេះ នោះអ្នកនឹងឃ្លាតឆ្ងាយពីលោក។ អ្វីដែលសមាជិកក្នុងក្រុមគ្រួសារជាទីស្រឡាញ់របស់អ្នកត្រូវឃើញ គឺជំហររឹងមាំរបស់អ្នកក្នុងការចាត់ទុកព្រះយេហូវ៉ាថាសំខាន់ជាងអ្វីៗទាំងអស់ រួមទាំងទំនាក់ទំនងក្នុងក្រុមគ្រួសារផងដែរ។ ដូច្នេះដើម្បីស៊ូទ្រាំនឹងស្ថានភាពនេះ សូមព្យាយាមរក្សាចំណងមិត្តភាពរឹងមាំជាមួយព្រះ។ សូមកុំឈប់សេពគប់ជាមួយនឹងបងប្អូនប្រុសស្រីដែលជាគ្រិស្តសាសនិកស្មោះត្រង់ឡើយ។ (សុភ. ១៨:១) តាមរយៈសេចក្ដីអធិដ្ឋាន សូមប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់អ្នក។ (ទំនុក. ៦២:៧, ៨) សូមកុំរកលេសដើម្បីទាក់ទងជាមួយសមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាពឡើយ ជាឧទាហរណ៍តាមរយៈការផ្ញើអ៊ីមែល។ (១កូ. ៥:១១) សូមបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះ។ (១កូ. ១៥:៥៨) បងស្រីដែលបានរៀបរាប់ខាងលើនិយាយថា «ខ្ញុំដឹងថាខ្ញុំត្រូវបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយរក្សាខ្លួនឲ្យមានចំណងមិត្តភាពរឹងមាំជាមួយលោក ដើម្បីពេលដែលកូនស្រីរបស់ខ្ញុំត្រឡប់មករកព្រះយេហូវ៉ាវិញ ខ្ញុំនឹងអាចជួយនាងបាន»។
២០ គម្ពីររៀបរាប់ថាសេចក្ដីស្រឡាញ់«សង្ឃឹមលើអ្វីៗទាំងអស់»។ (១កូ. ១៣:៤, ៧) មិនមែនជាការខុសទេដែលយើងនៅតែសង្ឃឹមថាបុគ្គលជាទីស្រឡាញ់របស់យើងនឹងត្រឡប់មករកព្រះយេហូវ៉ាវិញ។ ជារៀងរាល់ឆ្នាំបុគ្គលជាច្រើននាក់ដែលបានធ្វើខុសបានប្រែចិត្ត ហើយត្រឡប់មកអង្គការរបស់ព្រះយេហូវ៉ាវិញ។ ព្រះយេហូវ៉ាមិននៅតែខឹង ក្រោយពេលដែលពួកគេបានប្រែចិត្តឡើយ។ ផ្ទុយទៅវិញលោក«បំរុងតែនឹងអត់ទោស»។—ទំនុក. ៨៦:៥
សូមធ្វើការសម្រេចចិត្តឲ្យបានល្អ
២១, ២២. ពេលដែលអ្នកប្រើចិត្តសេរីរបស់អ្នក តើអ្នកតាំងចិត្តធ្វើអ្វី?
២១ ព្រះយេហូវ៉ាបានផ្ដល់ឲ្យមនុស្សជាតិដែលលោកបានបង្កើតនូវចិត្តសេរី។ (សូមអាន ចោទិយកថា ៣០:១៩, ២០) ប៉ុន្តែនេះមានន័យថាយើងមានភារកិច្ចធ្វើការសម្រេចចិត្តឲ្យបានល្អ។ គ្រិស្តសាសនិកម្នាក់ៗគួរសួរខ្លួនថា ‹តើខ្ញុំដើរតាមផ្លូវមួយណា? តើខ្ញុំអនុញ្ញាតឲ្យអាជីព ការកម្សាន្ត ឬទំនាក់ទំនងក្នុងក្រុមគ្រួសារធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឬទេ?›។
២២ សេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះរាស្ត្ររបស់លោកមិនរង្គោះរង្គើឡើយ។ មានតែអ្វីមួយប៉ុណ្ណោះដែលអាចធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ា គឺបើយើងសម្រេចចិត្តដើរតាមផ្លូវខុស។ (រ៉ូម ៨:៣៨, ៣៩) ប៉ុន្តែ អ្វីនោះមិនត្រូវកើតឡើងទេ! សូមតាំងចិត្តកុំឲ្យអ្វីធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឡើយ។ អត្ថបទបន្ទាប់នឹងពិភាក្សាអំពីសកម្មភាពបួនយ៉ាងទៀត ដែលអ្នកអាចបង្ហាញថាអ្នកតាំងចិត្តធ្វើដូច្នេះ។
[កំណត់សម្គាល់]
a ដើម្បីបានព័ត៌មានថែមទៀតស្តីអំពីការជ្រើសរើសអាជីពមួយ សូមមើលជំពូកទី៣៨នៃសៀវភៅសំណួរទាំងឡាយដែលយុវជនសួរ និងចម្លើយដែលមានប្រសិទ្ធភាព (Questions Young People Ask—Answers That Work) ភាគទី២។
b ដើម្បីបានយោបល់ថែមទៀត សូមមើលទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ១៧-១៩។
[រូបភាពនៅទំព័រ១២]
[រូបភាពនៅទំព័រ១៤]
ការកម្សាន្តដែលល្អ ហើយមិនចំណាយពេលច្រើនហួសហេតុពេក នាំឲ្យមានកម្លាំងចិត្តឡើងវិញ
[រូបភាពនៅទំព័រ១៦]
មិនមែនជាការខុសទេដែលយើងនៅតែសង្ឃឹមថាបុគ្គលជាទីស្រឡាញ់របស់យើងនឹងត្រឡប់មករកព្រះយេហូវ៉ាវិញ