បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 ឧសភា ទំ. ២១-២៦
  • «តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្វីៗទាំងនេះទេ?»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្វីៗទាំងនេះទេ?»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ
  • ទស្សនៈ​របស់​យើង​ចំពោះ​ការ​លម្ហែ​កាយ​និង​ការ​កម្សាន្ត
  • យើង​ត្រូវ​ខំ​តយុទ្ធ​នឹង​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ
  • តើអ្នកទទួលប្រយោជន៍ពីការកម្សាន្ដរបស់អ្នកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • សូមកុំឲ្យអ្វីធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះយេហូវ៉ាឲ្យសោះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ការកំសាន្ដល្អដែលធ្វើឲ្យមានកម្លាំងចិត្ដកម្លាំងកាយឡើងវិញ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចូរជ្រើសរើសការកម្សាន្ដដែលព្រះយេហូវ៉ាពេញចិត្ត
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 ឧសភា ទំ. ២១-២៦
បងប្រុសម្នាក់កំពុងធ្វើការថែមម៉ោង ក្មេងប្រុសម្នាក់កំពុងលេងហ្គេមអេឡិចត្រូនិក បងស្រីម្នាក់កំពុងដើរទិញអីវ៉ាន់

​«​តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​អ្វី​ៗ​ទាំង​នេះ​ទេ?​»​

​«​ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​អ្វី​ៗ​ទាំង​នេះ​ទេ?​»។—យ៉ូហាន ២១:១៥

ចម្រៀង​លេខ: ៣២, ៤៥

តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ . . .

  • ការ​ងារ?

  • ការ​កម្សាន្ត?

  • វត្ថុ​ទ្រព្យ?

១, ២​. តើ​ពេត្រុស​ទាញ​យក​មេ​រៀន​អ្វី ក្រោយ​ពី​គាត់​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​ដើម្បី​នេសាទ​ត្រី?

អ្នក​កាន់​តាម​លោក​យេស៊ូ​៧​នាក់​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​ដើម្បី​នេសាទ​ត្រី​នៅ​សមុទ្រ​កាលីឡេ។ ប៉ុន្តែ ពួក​គាត់​មិន​បាន​ត្រី​សោះ។ លុះ​ដល់​ព្រឹក​ឡើង លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ឈរ​នៅ​ឆ្នេរ ហើយ​លោក​មើល​ពួក​គាត់។ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​‹ចូរ​ទម្លាក់​អួន​នៅ​ខាង​ស្ដាំ​ទូក ហើយ​អ្នក​នឹង​រក​បាន›។ ពួក​គាត់​ក៏​ទម្លាក់​អួន​ទៅ តែ​មិន​អាច​ទាញ​ឡើង​វិញ​បាន​ឡើយ ដោយ​សារ​ជាប់​បាន​ត្រី​សន្ធឹក​ណាស់​»។—យ៉ូហាន ២១:១​-​៦

២ លោក​យេស៊ូ​បាន​យក​នំ​ប៉័ង​និង​ត្រី​ចែក​ដល់​អ្នក​កាន់​តាម​លោក​ជា​អាហារ​ពេល​ព្រឹក។ រួច​លោក​បាន​បែរ​ទៅ​រក​ស៊ីម៉ូន​ពេត្រុស ហើយ​សួរ​ថា​៖ ​«​ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​អ្វី​ៗ​ទាំង​នេះ​ទេ?​»។ លោក​យេស៊ូ​បាន​ដឹង​ថា​ពេត្រុស​ចូល​ចិត្ត​នេសាទ​ត្រី​ខ្លាំង​ណាស់។ ប្រហែល​ជា​លោក​យេស៊ូ​កំពុង​សួរ​ពេត្រុស​ថា តើ​គាត់​ស្រឡាញ់​លោក​យេស៊ូ​និង​សេចក្ដី​បង្រៀន​របស់​លោក​ច្រើន​ជាង​គាត់​ស្រឡាញ់​មុខ​របរ​នេសាទ​ត្រី​របស់​គាត់​ឬ​ទេ? ពេត្រុស​បាន​ឆ្លើយ​ទៅ​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក​»។ (​យ៉ូហាន ២១:១៥​) ពេត្រុស​បាន​ទាញ​យក​មេ​រៀន​មួយ​ថា​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​គ្រិស្ត​គួរ​តែ​សំខាន់​ជាង​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​អ្វី​ៗ​ផ្សេង​ទៀត។ ចាប់​ពី​ថ្ងៃ​នោះ​មក គាត់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្រិស្ត​ដោយ​បន្ត​ជាប់រវល់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​គាត់​បាន​ក្លាយ​ទៅ​ជា​សមាជិក​ដ៏​សំខាន់​ម្នាក់​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។

៣​. តើ​គ្រិស្ត​សាសនិក​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី?

៣ តើ​យើង​អាច​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​ទៅ​កាន់​ពេត្រុស? យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្រិស្ត​រសាយ​ទៅ​ឡើយ។ លោក​យេស៊ូ​បាន​ដឹង​ថា​ជីវិត​ក្នុង​របៀប​របប​ពិភព​លោក​នេះ​នឹង​មាន​ការ​តាន​តឹង​ចិត្ត ហើយ​ថា​យើង​នឹង​ប្រឈម​មុខ​នឹង​ការ​ពិបាក​និង​កង្វល់​ផ្សេង​ៗ។ នៅ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​អ្នក​សាប​ព្រោះ លោក​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​ខ្លះ​នឹង​ទទួល​យក​«​បណ្ដាំ​ស្តី​អំពី​រាជាណាចក្រ​»​ ហើយ​មាន​ចិត្ត​ខ្នះ​ខ្នែង​នៅ​ដើម​ដំបូង។ ប៉ុន្តែ​ក្រោយ​មក ​«​ការ​ខ្វល់​ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ​នេះ និង​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ​»​នឹង​«​គ្រប​បាំង​បណ្ដាំ​នោះ​ជិត​»​ ហើយ​មនុស្ស​ទាំង​នោះ​នឹង​បាត់​បង់​ចិត្ត​ខ្នះ​ខ្នែង​របស់​ពួក​គេ។ (​ម៉ាថាយ ១៣:១៩​-​២២; ម៉ាកុស ៤:១៩​) បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ កង្វល់​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​អាច​រា​រាំង​កិច្ច​បម្រើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ ដូច្នេះ លោក​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​ថា​៖ ​«​កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ក្រែង​ការ​ផឹក​និង​ការ​បរិភោគ​ហួស​ប្រមាណ និង​កង្វល់​អំពី​ជីវិត​ពង្វក់​ចិត្ត​អ្នក​រាល់​គ្នា​»។—លូកា ២១:៣៤

៤​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្រិស្ត​នៅ​មាំ​មួន? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៤ ដូច​ពេត្រុស យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​គ្រិស្ត​ដោយ​ចាត់​ទុក​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បន្ត​ធ្វើ​ដូច្នេះ? យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ចូល​ចិត្ត​អ្វី​ជាង​គេ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ? តើ​អំណរ​របស់​ខ្ញុំ​មក​ពី​សកម្មភាព​ដែល​ទាក់​ទង​នឹង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឬ​មក​ពី​សកម្មភាព​ផ្សេង​ទៀត?›។ ដើម្បី​ជួយ​យើង​ឆ្លើយ​សំណួរ​ទាំង​នេះ សូម​យើង​ពិចារណា​អំពី​អ្វី​បី​យ៉ាង​ក្នុង​ជីវិត​ដែល​អាច​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្រិស្ត​រសាយ​ទៅ។ អ្វី​ទាំង​នេះ​គឺ​៖ ការ​ងារ ការ​កម្សាន្ត និង​វត្ថុ​ទ្រព្យ។

ចូរ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ

៥​. តើ​មេ​គ្រួសារ​មាន​ភារកិច្ច​អ្វី?

៥ ចំពោះ​ពេត្រុស ការ​នេសាទ​ត្រី​មិន​គ្រាន់​តែ​ជា​អ្វី​ដែល​គាត់​ចូល​ចិត្ត​ធ្វើ​ប៉ុណ្ណោះ​ទេ នោះ​ជា​ការ​ងារ​ដែល​គាត់​បាន​ធ្វើ​ដើម្បី​ទំនុក​បម្រុង​ក្រុម​គ្រួសារ​របស់​គាត់។ ដូច​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ឲ្យ​មេ​គ្រួសារ​នូវ​ភារកិច្ច​ទំនុក​បម្រុង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ (​ធីម៉ូថេ​ទី១ ៥:៨​) ពួក​គេ​ត្រូវ​ខំ​ប្រឹង​ដើម្បី​ធ្វើ​ដូច្នេះ។ ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ​នេះ ការ​ងារ​អាច​នាំ​ឲ្យ​មាន​កង្វល់​ជា​ច្រើន។

៦​. ហេតុ​អ្វី​ការ​ងារ​អាច​នាំ​ឲ្យ​មាន​ការ​តាន​តឹង​ចិត្ត?

៦ តាម​ធម្មតា មាន​ការ​ងារ​តិច​ជាង​មនុស្ស​ដែល​ត្រូវ​ការ​ការ​ងារ។ ដូច្នេះ​មនុស្ស​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការ​ស្វែង​រក​ការ​ងារ។ មនុស្ស​ជា​ច្រើន​គិត​ថា​ពួក​គេ​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង ទោះ​ជា​ជួន​កាល​ពួក​គេ​ទទួល​ប្រាក់​ឈ្នួល​តែ​បន្ដិច​បន្តួច​ក៏​ដោយ។ ក្រុម​ហ៊ុន​ផ្សេង​ៗ​ព្យាយាម​ផលិត​ទំនិញ​ច្រើន​ជាង​ដោយ​មាន​បុគ្គលិក​តិច​ជាង​បុគ្គលិក​ដែល​គេ​ធ្លាប់​មាន​ពី​មុន។ ហេតុ​នេះ បុគ្គលិក​ប្រហែល​ជា​មាន​ការ​តាន​តឹង​ចិត្ត អស់​កម្លាំង​ជា​ខ្លាំង និង​ថែម​ទាំង​ឈឺ​ទៀត​ផង។ មនុស្ស​ជា​ច្រើន​បារម្ភ​ថា​ពួក​គេ​នឹង​បាត់​បង់​ការ​ងារ បើ​ពួក​គេ​មិន​ធ្វើ​តាម​អ្វី​ដែល​ចៅហ្វាយ​របស់​ពួក​គេ​តម្រូវ។

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត

៧, ៨​. (​ក​) តើ​យើង​មាន​ភក្ដី​ភាព​ចំពោះ​អ្នក​ណា​ជាង​គេ​បំផុត? (​ខ​) តើ​បង​ប្រុស​នៅ​ប្រទេស​ថៃ​បាន​ទាញ​យក​មេ​រៀន​ដ៏​មាន​តម្លៃ​អ្វី​អំពី​ការ​ងារ​របស់​គាត់?

៧ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត រួម​ទាំង​ចៅហ្វាយ​របស់​យើង​ផង​ដែរ។ (​លូកា ១០:២៧​) ការ​ងារ​របស់​យើងគឺ​ជា​វិធី​ដែល​យើង​អាច​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​យើង​និង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ ប៉ុន្តែ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន ការ​ងារ​អាច​រា​រាំង​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ យើង​អាច​ទាញ​យក​មេ​រៀន​ពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ថៃ។ គាត់​បាន​និយាយ​ថា​៖ ​«​ពី​មុន​ខ្ញុំ​ជា​អ្នក​ជួស​ជុល​កុំព្យូទ័រ ហើយ​ខ្ញុំ​ជក់​ចិត្ត​នឹង​ការ​ងារ​នោះ​ណាស់។ ប៉ុន្តែ​ការ​ងារ​នោះ​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ច្រើន​ម៉ោង។ ជា​លទ្ធផល ខ្ញុំ​មិន​សូវ​មាន​ពេល​សម្រាប់​រឿង​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ទេ។ នៅ​ទី​បំផុត ខ្ញុំ​បាន​យល់​ថា​ដើម្បី​ស្វែង​រក​រាជាណាចក្រ​ព្រះ​ជា​មុន ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​ការ​ងារ​របស់​ខ្ញុំ​»។ តើ​បង​ប្រុស​នេះ​បាន​ធ្វើ​អ្វី?

៨ បង​ប្រុស​នេះ​រៀប​រាប់​ថា​៖ ​«​ក្រោយ​ពី​បាន​រៀប​ចំ​គម្រោង​ប្រហែល​ជា​មួយ​ឆ្នាំ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​លក់​ការ៉េម​តាម​ចិញ្ចើម​ថ្នល់។ ពេល​ចាប់​ផ្ដើម​ដំបូង ខ្ញុំ​មាន​បញ្ហា​លុយ​កាក់ ហើយ​ធ្លាក់​ទឹក​ចិត្ត។ ពេល​ខ្ញុំ​បាន​ជួប​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ ពួក​គេ​សើច​ចំអក​ឲ្យ​ខ្ញុំ ហើយ​បាន​សួរ​អំពី​មូលហេតុ​ដែល​ខ្ញុំ​គិត​ថា​ការ​លក់​ការ៉េម​គឺ​ល្អ​ជាង​ការ​ជួស​ជុល​កុំព្យូទ័រ​នៅ​ក្នុង​បន្ទប់​ដែល​មាន​ម៉ាស៊ីន​ត្រជាក់។ ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ ហើយ​សម្រេច​គោល​ដៅ​របស់​ខ្ញុំ​ដែល​ចង់​មាន​ពេល​ច្រើន​ជាង​សម្រាប់​សកម្មភាព​ខាង​កិច្ច​បម្រើ​ព្រះ។ មិន​យូរ​ក្រោយ​មក អ្វី​ៗ​បាន​ចាប់​ផ្ដើម​ល្អ​ប្រសើរ​ជាង។ ខ្ញុំ​កាន់​តែ​ស្គាល់​ចំណង់​ចំណូល​ចិត្ត​របស់​ភ្ញៀវ ហើយ​មាន​ជំនាញ​ច្រើន​ជាង​ក្នុង​ការ​ធ្វើ​ការ៉េម។ មិន​យូរ​ក្រោយ​មក​ទៀត ខ្ញុំ​លក់​ការ៉េម​របស់​ខ្ញុំ​ដាច់​អស់​រាល់​ថ្ងៃ។ តាម​ពិត​ទៅ ពេល​ខ្ញុំ​លក់​ការ៉េម​ខ្ញុំ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​ខាង​ជួស​ជុល​កុំព្យូទ័រ​ទៅ​ទៀត។ ខ្ញុំ​សប្បាយ​ចិត្ត​ជាង​ដោយ​សារ​ខ្ញុំ​មិន​មាន​ការ​តាន​តឹង​ចិត្ត​និង​កង្វល់​ដែល​ខ្ញុំ​ធ្លាប់​មាន​ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​ពី​មុន​ទេ។ សំខាន់​បំផុត ឥឡូវ​ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​»។—សូម​អាន ម៉ាថាយ ៥:៣, ៦

តើ​ខ្ញុំ​រំភើប​ចិត្ត​និង​ជក់​ចិត្ត​នឹង​ការ​ងារ​របស់​ខ្ញុំ​ជាង​កិច្ច​បម្រើ​របស់​ខ្ញុំ​ចំពោះ​ព្រះ​ឬ​ទេ?

៩​. តើ​តាម​របៀប​ណា​យើង​អាច​បន្ត​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ?

៩ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​មនុស្ស​ដែល​ឧស្សាហ៍​ធ្វើ​កិច្ច​ការ។ ការ​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​គឺ​មាន​ប្រយោជន៍។ (​សុភាសិត ១២:១៤​) ប៉ុន្តែ យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​ងារ​របស់​យើង​មិន​ទៅ​ជា​អ្វី​ដែល​សំខាន់​ជាង​កិច្ច​បម្រើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង​ថា​៖ ​«​ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក​»។ (​ម៉ាថាយ ៦:៣៣​) ប៉ុន្តែ តើ​តាម​របៀប​ណា​យើង​អាច​ដឹង​ថា​យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ​របស់​យើង? យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​រំភើប​ចិត្ត​និង​ជក់​ចិត្ត​នឹង​ការ​ងារ​របស់​ខ្ញុំ តែ​មាន​អារម្មណ៍​ថា​ការ​បម្រើ​ព្រះ​គឺ​ជា​អ្វី​ដែល​មិន​សូវ​រំភើប​ចិត្ត​ឬ​ថែម​ទាំង​ធុញ​ទ្រាន់​ឬ​ទេ?›។ ការ​គិត​អំពី​សំណួរ​នេះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ច្បាស់​អំពី​អ្វី​ដែល​យើង​ពិត​ជា​ស្រឡាញ់។

១០​. តើ​លោក​យេស៊ូ​បាន​បង្រៀន​មេ​រៀន​ដ៏​មាន​តម្លៃ​អ្វី?

១០ លោក​យេស៊ូ​បាន​បង្រៀន​យើង​អំពី​អ្វី​ដែល​យើង​គួរ​ចាត់​ទុក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ ពេល​មួយ លោក​បាន​ទៅ​ផ្ទះ​របស់​ម៉ារៀ​និង​ម៉ាថា​ដែល​ជា​បង​ប្អូន​ស្រី​ពីរ​នាក់។ ភ្លាម​ៗ ម៉ាថា​បាន​ចាប់​ផ្ដើម​រៀប​ចំ​ម្ហូប​អាហារ​សម្រាប់​លោក​យេស៊ូ ប៉ុន្តែ​ម៉ារៀ​បាន​អង្គុយ​ជិត​លោក ហើយ​បាន​ស្ដាប់​លោក​បង្រៀន។ ម៉ាថា​បាន​ត្អូញត្អែរ​ថា​ម៉ារៀ​មិន​បាន​ជួយ​គាត់។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​ម៉ាថា​ថា​៖ ‹ម៉ារៀ​បាន​រើស​យក​ចំណែក​ល្អ ហើយ​ចំណែក​នោះ​នឹង​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ›។ (​លូកា ១០:៣៨​-​៤២​) នៅ​ពេល​នោះ លោក​យេស៊ូ​បាន​បង្រៀន​មេ​រៀន​មួយ​ដ៏​មានតម្លៃ។ ដើម្បី​ជៀស​វាង​ពី​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​ផ្ទាល់​ខ្លួន​និង​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្រិស្ត យើង​ត្រូវ​តែ​រើស​យក​«​ចំណែក​ល្អ​»។ នេះ​មាន​ន័យ​ថា​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ត្រូវ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ជា​និច្ច។

ទស្សនៈ​របស់​យើង​ចំពោះ​ការ​លម្ហែ​កាយ​និង​ការ​កម្សាន្ត

១១​. តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​សម្រាក​និង​ការ​លម្ហែ​កាយ?

១១ ជីវិត​របស់​យើង​គឺ​រវល់​ណាស់ ដូច្នេះ​ពេល​ខ្លះ​យើង​ត្រូវ​ការ​ការ​សម្រាក​និង​ការ​លម្ហែ​កាយ។ គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី​ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក​រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង​»។ (​សាស្ដា ២:២៤​) លោក​យេស៊ូ​បាន​ដឹង​ថា​ការ​សម្រាក​គឺ​សំខាន់​សម្រាប់​អ្នក​កាន់​តាម​លោក។ ជា​ឧទាហរណ៍ ក្រោយ​ពី​ពួក​គេ​បាន​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ លោក​យេស៊ូ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​សូម​អ្នក​រាល់​គ្នា​មក​ជា​មួយ​នឹង​ខ្ញុំ​ដោយ​ឡែក ទៅ​កន្លែង​ឆ្ងាយ​ពី​គេ ហើយ​សម្រាក​បន្ដិច​»។—ម៉ាកុស ៦:៣១, ៣២

១២​. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លម្ហែ​កាយ​និង​ការ​កម្សាន្ត? សូម​លើក​ឧទាហរណ៍​មួយ។

១២ ការ​លម្ហែ​កាយ​និង​ការ​កម្សាន្ត​អាច​ជួយ​យើង​ឲ្យ​សម្រាក​និង​លម្ហែ​អារម្មណ៍។ ប៉ុន្តែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​ការ​សប្បាយ​ទៅ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ នៅ​សតវត្សរ៍​ទី១ មនុស្ស​ជា​ច្រើន​មាន​ចិត្ត​គំនិត​ដែល​ថា​៖ ​«​ចូរ​ឲ្យ​យើង​ស៊ី​ផឹក​ទៅ ព្រោះ​ស្អែក​យើង​ត្រូវ​ស្លាប់​»។ (​កូរិនថូស​ទី១ ១៥:៣២​) មនុស្ស​ជា​ច្រើន​ក៏​មាន​ចិត្ត​គំនិត​បែប​នេះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ជា​ឧទាហរណ៍ នៅ​ភាគ​ខាង​លិច​នៃ​ទ្វីប​អឺរ៉ុប​បុរស​វ័យ​ក្មេង​ម្នាក់​បាន​ចាប់​ផ្ដើម​ទៅ​កិច្ច​ប្រជុំ​របស់​យើង​ជា​គ្រិស្ត​សាសនិក។ ប៉ុន្តែ គាត់​ចូល​ចិត្ត​ការ​កម្សាន្ត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ឈប់​ទាក់​ទង​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ ក្រោយ​មក គាត់​បាន​ទទួល​ស្គាល់​ថា​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​កម្សាន្ត​បាន​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​ជា​ច្រើន។ គាត់​ចាប់​ផ្ដើម​រៀន​គម្ពីរ​ម្ដង​ទៀត ហើយ​ក្រោយ​មក គាត់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ បន្ទាប់​ពី​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក គាត់​បាន​និយាយ​ថា​៖ ​«​ការ​សោក​ស្ដាយ​តែ​មួយ​គត់​ដែល​ខ្ញុំ​មាន គឺ​ខ្ញុំ​បាន​ខាត​ពេល​ជា​ច្រើន​មុន​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ជាង​ការ​កម្សាន្ត​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ​»។

១៣​. (​ក​) សូម​ឲ្យ​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​អំពី​មូលហេតុ​ដែល​ការ​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​ការ​លម្ហែ​កាយ​និង​ការ​កម្សាន្ត​គឺ​មិន​ល្អ។ (​ខ​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​លម្ហែ​កាយ​និង​ការ​កម្សាន្ត?

១៣ ការ​កម្សាន្ត​គួរ​តែ​ជា​អ្វី​ដែល​ជួយ​យើង​ឲ្យ​សម្រាក​និង​ទទួល​កម្លាំង​ឡើង​វិញ។ ដូច្នេះ តើ​យើង​គួរ​ចំណាយ​ពេល​ច្រើន​ប៉ុណ្ណា​ទៅ​លើ​ការ​កម្សាន្ត? ដើម្បី​ជួយ​យើង​ឆ្លើយ​សំណួរ​នេះ យើង​អាច​គិត​អំពី​ឧទាហរណ៍​នេះ។ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញ៉ាំ​បង្អែម​ឬ​អ្វី​ដែល​ផ្អែម​ៗ។ ប៉ុន្តែ យើង​ដឹង​ថា​បើ​យើង​ញ៉ាំ​របស់​ទាំង​នេះ​រាល់​ដង នោះ​នឹង​បង្ខូច​សុខភាព​របស់​យើង។ បើ​យើង​ចង់​មាន​សុខភាព​ល្អ យើង​ត្រូវ​បរិភោគ​ម្ហូប​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​យើង។ ស្រដៀង​គ្នា​ដែរ បើ​យើង​ចំណាយ​ពេល​ភាគ​ច្រើន​របស់​យើង​ទៅ​លើ​ការ​លម្ហែ​កាយ​និង​ការ​កម្សាន្ត នេះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​កម្សាន្ត? អ្វី​មួយ​ដែល​យើង​អាច​ធ្វើ​គឺ​យើង​អាច​កត់​ទុក​ចំនួន​ម៉ោង​ដែល​យើង​ចំណាយ​ក្នុង​សប្ដាហ៍​ណា​មួយ​សម្រាប់​សកម្មភាព​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ដូច​ជា​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក កិច្ច​ការ​ផ្សព្វ​ផ្សាយ និង​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​ព្រម​ទាំង​ជា​មួយ​នឹង​ក្រុម​គ្រួសារ។ រួច​មក​យើង​អាច​កត់​ទុក​ចំនួន​ម៉ោង​ដែល​យើង​ចំណាយ​ក្នុង​សប្ដាហ៍​ដដែល​នោះ​ទៅ​លើ​ការ​កម្សាន្ត​ដូច​ជា​ការ​លេង​កីឡា ការ​មើល​ទូរទស្សន៍ ឬ​ការ​លេង​វីដេអូ​ហ្គេម។ ពេល​យើង​ប្រៀប​ធៀប​ចំនួន​ម៉ោង​ទាំង​ពីរ​នោះ តើ​យើង​រៀន​អ្វី? តើ​យើង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ឬ​ទេ?—សូម​អាន អេភេសូរ ៥:១៥, ១៦

១៤​. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជ្រើស​រើស​ការ​លម្ហែ​កាយ​និង​ការ​កម្សាន្ត​ល្អ?

១៤ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​ជ្រើស​រើស​ការ​កម្សាន្ត ហើយ​មេ​គ្រួសារ​ក៏​អាច​ជ្រើស​រើស​ការ​កម្សាន្ត​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែរ។ នៅ​ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​គោល​ការណ៍​ដែល​បង្ហាញ​អំពី​ទស្សនៈ​របស់​លោក។ គោល​ការណ៍​ទាំង​នោះ​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។a (​សូម​មើល​កំណត់​សម្គាល់​) ការ​កម្សាន្ត​ល្អ​គឺ​ជា​«​អំណោយ​ទាន​»​របស់​ព្រះ។ (​សាស្ដា ៣:១២, ១៣​) ជា​ការ​ពិត​ដែល​មនុស្ស​ចូល​ចិត្ត​ការ​កម្សាន្ត​ខុស​ៗ​គ្នា។ (​កាឡាទី ៦:៤, ៥​) ប៉ុន្តែ មិន​ថា​យើង​ជ្រើស​រើស​ការ​កម្សាន្ត​បែប​ណា​ក៏​ដោយ យើង​នៅ​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក​យេស៊ូ​ដែល​ជា​ស្តេច​របស់​យើង ជំរុញ​ចិត្ត​យើង​ឲ្យ​គិត និយាយ និង​ប្រព្រឹត្ត​តាម​របៀប​ដែល​បង្ហាញ​ថា​រាជាណាចក្រ​គឺ​ជា​អ្វី​ដែល​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់។—ភីលីព ១:៩, ១០

យើង​ត្រូវ​ខំ​តយុទ្ធ​នឹង​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ

១៥, ១៦​. (​ក​) តើ​តាម​របៀប​ណា​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ​អាច​ទៅ​ជា​អន្ទាក់​សម្រាប់​យើង? (​ខ​) ស្តី​អំពី​វត្ថុ​ទ្រព្យ តើ​លោក​យេស៊ូ​បាន​ឲ្យ​យោបល់​ដ៏​ឈ្លាស​វៃ​អ្វី?

១៥ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​គិត​ថា​ពួក​គេ​ត្រូវ​មាន​សម្លៀក​បំពាក់​ដែល​ទាន់​សម័យ​បំផុត ហើយ​ទូរស័ព្ទ​ដៃ​និង​កុំព្យូទ័រ​ស៊េរី​ថ្មី​ជា​ដើម។ ពួក​គេ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ ពោល​គឺ​ពួក​គេ​មាន​របៀប​រស់​នៅ​ដែល​ចាត់​ទុក​ថា​សំ​ភារៈ​និង​លុយ​កាក់​ជា​អ្វី​ដែល​សំខាន់​ជាង​អ្វី​ៗ​ផ្សេង​ទៀត។ ក្នុង​នាមជា​គ្រិស្ត​សាសនិក តើ​អ្វី​គឺ​សំខាន់​បំផុត​សម្រាប់​អ្នក? សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ចំណាយ​ពេល​គិត​អំពី​ម៉ូតូ​ស៊េរី​ថ្មី​ឬ​សម្លៀក​បំពាក់​ទាន់​សម័យ ច្រើន​ជាង​ចំណាយ​ពេល​សម្រាប់​រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ឬ​ទេ? តើ​ខ្ញុំ​រវល់​ពេក​ក្នុង​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចំណាយ​ពេល​តិច​ជាង​ក្នុង​ការ​អធិដ្ឋាន​ឬ​ការ​អាន​គម្ពីរ​ឬ​ទេ?›។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រព្យ​សម្បត្ដិ​អាច​ទៅ​ជា​សំខាន់​ជាង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្រិស្ត។ យើង​គួរ​គិត​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ‹ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ការ​លោភ​លន់​គ្រប់​យ៉ាង›។ (​លូកា ១២:១៥​) ហេតុ​អ្វី​លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ?

យើង​មិន​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ផង ហើយ​នៅ​ពេល​ដំណាល​គ្នា​នោះ ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​ល្អ​បំផុត​បាន​ទេ

១៦ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ​»។ លោក​ក៏​បន្ថែម​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ឡើយ​»។ យើង​មិន​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ផង ហើយ​នៅ​ពេល​ដំណាល​គ្នា​នោះ ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​ល្អ​បំផុត​បាន​ទេ។ លោក​យេស៊ូ​បាន​ពន្យល់​ថា​យើង​នឹង​«​ស្រឡាញ់​ម្ចាស់​មួយ​ហើយ​ស្អប់​ម្ចាស់​មួយ​»​ឬ​«​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ​ហើយ​មើល​ងាយ​ម្ចាស់​មួយ​»។ (​ម៉ាថាយ ៦:២៤​) ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ត្រូវ​បន្ត​យក​ឈ្នះ​«​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​រួម​ទាំង​ការ​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ​ផង​ដែរ។—អេភេសូរ ២:៣

១៧​. (​ក​) ហេតុ​អ្វី​អ្នក​ខ្លះ​ពិបាក​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​វត្ថុ​ទ្រព្យ? (​ខ​) តើ​អ្វី​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ?

១៧ មនុស្ស​ជា​ច្រើន​ផ្ដោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សប្បាយ​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពួក​គេ​រហូត​ដល់​ពួក​គេ​ពិបាក​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​វត្ថុ​ទ្រព្យ។ (​សូម​អាន កូរិនថូស​ទី១ ២:១៤​) ដោយ​សារ​ពួក​គេ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ ពួក​គេ​ប្រហែល​ជា​ពិបាក​សម្គាល់​អ្វី​ដែល​ខុស​នឹង​អ្វី​ដែល​ត្រូវ។ (​ហេប្រឺ ៥:១១​-​១៤​) សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពួក​គេ​ចំពោះ​វត្ថុ​ទ្រព្យ​ប្រហែល​ជា​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ ហើយ​កាល​ណា​ពួក​គេ​មាន​របស់​របរ​កាន់​តែ​ច្រើន នោះ​ពួក​គេ​កាន់​តែ​ចង់​មាន​ថែម​ទៀត។ (​សាស្ដា ៥:១០​) ប៉ុន្តែ មាន​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​យក​ឈ្នះ​របៀប​គិត​គូរ​បែប​នេះ។ ការ​អាន​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់​នឹង​ជួយ​ពង្រឹង​កម្លាំង​ចិត្ត​យើង​ដើម្បី​យើង​អាច​ទប់​ទល់​នឹង​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ។ (​ពេត្រុស​ទី១ ២:២​) លោក​យេស៊ូ​បាន​រំពឹង​គិត​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ជួយ​លោក​ឲ្យ​ទប់​ទល់​នឹង​ការ​ល្បួង​របស់​មេ​កំណាច។ (​ម៉ាថាយ ៤:៨​-​១០​) ដូច​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ បើ​យើង​ចង់​ទប់​ទល់​នឹង​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ យើង​ត្រូវ​ធ្វើ​តាម​គោល​ការណ៍​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ជីវិត​របស់​យើង។ ការ​ធ្វើ​ដូច្នេះ​នឹង​បង្ហាញ​លោក​យេស៊ូ​ថា​យើង​ស្រឡាញ់​លោក​ច្រើន​ជាង​ទ្រព្យ​សម្បត្ដិ។

ក្រុមគ្រួសារមួយកំពុងរៀនគម្ពីរជាមួយគ្នា

តើ​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក? (​សូម​មើល​វគ្គ​១៨​)

១៨​. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ ពេល​ដែល​លោក​យេស៊ូ​បាន​សួរ​ពេត្រុស​ថា​៖ ​«​តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​អ្វី​ៗ​ទាំង​នេះ​ទេ?​»​ លោក​កំពុង​បង្រៀន​ពេត្រុស​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ឈ្មោះ​របស់​ពេត្រុស​មាន​ន័យ​ថា​«​ថ្ម​»។ ពេត្រុស​មាន​គុណ​សម្បត្ដិ​ដែល​ប្រៀប​ដូច​ជា​ថ្ម។ (​សកម្មភាព ៤:៥​-​២០​) នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​ចង់​មាន​សេចក្ដី​ស្រឡាញ់​ដ៏​មាំ​មួន​ចំពោះ​គ្រិស្ត​ដែរ។ ដូច្នេះ យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​ងារ ការ​កម្សាន្ត និង​វត្ថុ​ទ្រព្យ​មិន​មែន​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ទេ។ យ៉ាង​នេះ យើង​អាច​និយាយ​ដូច​ពេត្រុស​ថា​៖ ​«​លោក​ម្ចាស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក​»។

a សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​អ្នក​ទទួល​ប្រយោជន៍​ពី​ការ​កម្សាន្ត​របស់​អ្នក​ឬ​ទេ?​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០១១ ទំព័រ​១១​-​១៤ វគ្គ​៦​-​១៥។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក