បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១២ ទំ. ២២-២៦
  • ‹ចូរធ្វើដូច្នេះដើម្បីរំលឹកពីខ្ញុំ›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរធ្វើដូច្នេះដើម្បីរំលឹកពីខ្ញុំ›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • វត្ថុ​តំណាង
  • វត្ថុ​តំណាង​ដែល​មាន​អត្ថ​ន័យ
  • ការ​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត
  • ហេតុអ្វីយើងគួរធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • អាហារល្ងាចរបស់ព្រះអម្ចាស់ជាពិធីមួយដែលលើកកិត្ដិយសថ្វាយព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ហេតុអ្វីសាក្សីព្រះយេហូវ៉ាធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ខុសពីរបៀបដែលសាសនាឯទៀតធ្វើ?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • មូលហេតុដែលយើងធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១២ ទំ. ២២-២៦

‹ចូរ​ធ្វើ​ដូច្នេះ​ដើម្បី​រំលឹក​ពី​ខ្ញុំ›

​«​[​លោក​]អរគុណ​ព្រះ រួច​កាច់​នំ​ប៉័ង​នោះ ហើយ​មាន​ប្រសាសន៍​ថា​៖ ‹នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ ដើម្បី​អ្នក​រាល់​គ្នា។ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ពី​ខ្ញុំ›​»។—១កូ. ១១:២៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​ថ្ងៃ​នៃ​ពិធី​រំលឹក​បាន​ត្រូវ​កំណត់​ទុក​ជា​មុន​យ៉ាង​ដូច​ម្ដេច?

  • តើ​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ជា​តំណាង​អ្វី?

  • ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​អ្វី​ក៏​ដោយ ហេតុ​អ្វី​ការ​មាន​វត្តមាន នៅ​ពិធី​រំលឹក​ជា​ការ​សំខាន់?

១, ២​. តើ​ពួក​សាវ័ក​ប្រហែលជា​បាន​គិត​អំពី​អ្វី​មុន​លោក​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ជា​លើក​ចុង​ក្រោយ?

‹ពេល​ដែល​ពពក​រសាត់​អស់​ទៅ យើង​អាច​ឃើញ​លោក​ខែ​មួយ​ចំណិត។ យប់​មិញ អ្នក​យាម​នៅ​ក្រុង​យេរូសាឡិម​ច្បាស់​ជា​បាន​ឃើញ​លោក​ខែ​មួយ​ចំណិត​ជា​លើក​ដំបូង។ ពេល​ដែល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​បាន​ដឹង​អំពី​រឿង​នេះ ពួក​គេ​ប្រកាស​ថា​ខែ​ថ្មី​ដែល​ជា​ខែ​ណែសាន​បាន​ចាប់​ផ្ដើម​ហើយ។ បន្ទាប់​មក​គេ​ដុត​ភ្លើង​ជា​សញ្ញា​ឬ​អ្នក​នាំ​សារ​ចេញ​ទៅ​ផ្សាយ​ដំណឹង​នេះ ហើយ​ដំណឹង​នេះ​ក៏​បាន​ឮ​ដល់​កន្លែង​ដែល​យើង​នៅ​ផង​ដែរ។ លោក​យេស៊ូ​ច្បាស់​ជា​ចង់​ចេញ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​អាច​ទៅ​ដល់​ទី​នោះ​មុន​បុណ្យ​រំលង›។

២ យើង​អាច​ស្រមៃ​គិត​ថា​សាវ័ក​ខ្លះ​ប្រហែលជា​បាន​គិត​ដូច​ខាង​លើ​នេះ ពេល​ពួក​គាត់​រួម​ដំណើរ​ជា​មួយ​លោក​យេស៊ូ​ពី​ស្រុក​ភេរៀ (​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់​) ទៅ​ក្រុង​យេរូសាឡិម​ជា​លើក​ចុង​ក្រោយ។ (​ម៉ាថ. ១៩:១; ២០:១៧, ២៩; ម៉ាក. ១០:១, ៣២, ៤៦​) ពេល​ដែល​ថ្ងៃ​ទី​១​នៃ​ខែ​ណែសាន​ដែល​ជា​ខែ​របស់​ជន​ជាតិ​យូដា​បាន​ត្រូវ​កំណត់ បុណ្យ​រំលង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​១៣​ថ្ងៃ​ក្រោយ​មក ក្រោយ​ពេល​ថ្ងៃ​លិច​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន។

៣​. ហេតុ​អ្វី​ជា​ការ​ត្រឹម​ត្រូវ​ដែល​គ្រិស្ត​សាសនិក​ចាប់​អារម្មណ៍​នឹង​ថ្ងៃ​នៃ​បុណ្យ​រំលង?

៣ ថ្ងៃ​នៃ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ ដែល​ត្រូវ​គ្នា​នឹង​ថ្ងៃ​នៃ​បុណ្យ​រំលង គឺ​ថ្ងៃ​ទី​១៤ ខែ​មេ​សា ឆ្នាំ​២០១៤ ក្រោយ​ពេល​ថ្ងៃ​លិច។ ថ្ងៃ​នោះ​នឹង​ជា​ថ្ងៃ​ពិសេស​សម្រាប់​គ្រិស្ត​សាសនិក​ពិត​និង​អ្នក​ចាប់​អារម្មណ៍។ ហេតុ​អ្វី? ដោយ​សារ​កូរិនថូសទី១ ១១:២៣​-​២៥​ចែង​ថា​៖ ​«​នៅ​យប់​ដែល​លោក​ម្ចាស់​យេស៊ូ​ត្រូវ​គេ​ក្បត់ លោក​បាន​យកនំ​ប៉័ង​មួយ​ដុំ អរគុណ​ព្រះ រួច​កាច់​នំ​ប៉័ង​នោះ ហើយ​មាន​ប្រសាសន៍​ថា​៖ ‹នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ ដើម្បី​អ្នក​រាល់​គ្នា។ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ពី​ខ្ញុំ›។ . . . លោក​ក៏​យក​ពែង​នោះ​ធ្វើ​បែប​ដូច្នោះ​ដែរ​»។

៤​. (​ក​) ស្តី​អំពី​ពិធី​រំលឹក តើ​មាន​សំណួរ​អ្វី​ខ្លះ? (​ខ​) តើ​ថ្ងៃ​នៃ​ពិធី​រំលឹក​បាន​ត្រូវ​កំណត់​ទុក​យ៉ាង​ដូច​ម្ដេច​ជា​រៀង​រាល់​ឆ្នាំ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ពិធី​រំលឹក​ឆ្នាំ​២០១៤​»​)។

៤ អ្នក​ច្បាស់​ជា​នឹង​មាន​វត្តមាន​នៅ​ពិធី​តែ​មួយ​គត់​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​អ្នក​កាន់​តាម​លោក​គួរ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។ មុន​ពិធី​នោះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ល្ងាច​នោះ? តើ​វត្ថុ​អ្វី​ខ្លះ​នឹង​ត្រូវ​ប្រើ? តើ​ពិធី​នោះ​នឹង​ដំណើរ​ការ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​ពិធី​នោះ​និង​វត្ថុ​តំណាង​គួរ​មាន​អត្ថ​ន័យ​យ៉ាង​ណា​សម្រាប់​ខ្ញុំ?›។

វត្ថុ​តំណាង

៥​. តើ​លោក​យេស៊ូ​បាន​ឲ្យ​ពួក​សាវ័ក​រៀបចំ​អ្វី​ខ្លះ​សម្រាប់​បុណ្យ​រំលង​ជា​លើក​ចុង​ក្រោយ​ជា​មួយ​ពួក​គាត់?

៥ ពេល​លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​ឲ្យ​រៀបចំ​បន្ទប់​សម្រាប់​ពិសា​អាហារ​បុណ្យ​រំលង លោក​មិន​បាន​ប្រាប់​អំពី​ការ​តុបតែង​យ៉ាង​ប្រណីត​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ទំនង​ជា​ចង់​បាន​បន្ទប់​មួយ​ដែល​សមរម្យ ស្អាត ដែល​មាន​កន្លែង​គ្រប់​គ្រាន់​សម្រាប់​ភ្ញៀវ​ដែល​លោក​បាន​អញ្ជើញ។ (​សូម​អាន ម៉ាកុស ១៤:១២​-​១៦​) ពួក​សាវ័ក​នឹង​រៀបចំ​ទុក​ជា​ស្រេច​នូវ​អ្វី​ផ្សេង​ៗ​សម្រាប់​អាហារ​នោះ រួម​ទាំង​នំ​ប៉័ង​ឥត​ដំបែ​និង​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម។ ក្រោយ​ពី​ពិសា​អាហារ​បុណ្យ​រំលង លោក​យេស៊ូ​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​វត្ថុ​តំណាង​ទាំង​ពីរ​នោះ។

៦​. (​ក​) ក្រោយ​អាហារ​បុណ្យ​រំលង តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​នំ​ប៉័ង? (​ខ​) តើ​យើង​ប្រើ​នំ​ប៉័ង​បែប​ណា​នៅ​ពិធី​រំលឹក?

៦ សាវ័ក​ម៉ាថាយ​បាន​មាន​វត្តមាន​នៅ​ពិធី​នោះ ហើយ​ក្រោយ​មក​គាត់​បាន​សរសេរ​ថា​៖ ​«​លោក[​យេស៊ូ​]យកនំ​ប៉័ង​មួយ​ដុំ អធិដ្ឋាន រួច​កាច់ ហើយ​ឲ្យ​ដល់​ពួក​គាត់ ដោយ​ពោល​ថា​៖ ‹ចូរ​យក​ពិសា​ចុះ›​»។ (​ម៉ាថ. ២៦:២៦​) ​«​នំ​ប៉័ង​»​នោះ​ជា​នំ​ប៉័ង​ឥត​ដំបែ ដូច​នំ​ប៉័ង​ដែល​គេ​ប្រើ​សម្រាប់​បុណ្យ​រំលង​ដែរ។ (​និក្ខ. ១២:៨; ចោ. ១៦:៣​) នំ​ប៉័ង​នោះ​បាន​ធ្វើ​ពី​ម្សៅ​ស្រូវ​សាលី​និង​ទឹក​ដោយ​មិន​ដាក់​ដំបែ​ឬ​ថែម​គ្រឿង​ផ្សំ ដូច​ជា​អំបិល​ឡើយ។ ដោយ​សារ​នំ​ប៉័ង​នេះ​គ្មាន​ដំបែ នោះ​វា​មិន​ឡើង​ទេ។ នំ​ប៉័ង​នេះ​សាប ស្ងួត ស្រួយ ហើយ​ងាយ​កាច់។ នៅ​សព្វ​ថ្ងៃ​នេះ មុន​ពិធី​រំលឹក អ្នក​ចាស់​ទុំ​ប្រហែលជា​សុំ​នរណា​ម្នាក់​ឲ្យ​ធ្វើ​នំ​ប៉័ង​បែប​នេះ​ពី​ម្សៅ​ស្រូវ​សាលី​និង​ទឹក ហើយ​ចម្អិន​វា​លើ​ខ្ទះ​សំប៉ែត​ដោយ​ដាក់​ប្រេង​បន្ដិច (​ប្រសិនបើ​គ្មាន​ម្សៅ​ស្រូវ​សាលី​ទេ គេ​អាច​ប្រើ​ម្សៅ​អង្ករ ម្សៅ​គ្រីធី ម្សៅ​ពោត​ឬ​ម្សៅ​ធ្វើ​ពី​ធញ្ញជាតិ​ឯ​ទៀត​ដែល​ស្រដៀង​គ្នា​នេះ​)។

៧​. តើ​នៅ​ក្នុង​ពែង​ដែល​លោក​យេស៊ូ​ប្រើ​នៅ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​មាន​ស្រា​ប្រភេទ​ណា? តើ​យើង​អាច​ប្រើ​ស្រា​ទំពាំង​បាយ​ជូរ​ប្រភេទ​ណា​នៅ​ពិធី​រំលឹក?

៧ ម៉ាថាយ​បាន​បន្ត​ថា​៖ ​«​លោក[​យេស៊ូ​]ក៏​បាន​យក​ពែង​មួយ អរគុណ​ព្រះ រួច​ឲ្យ​ដល់​ពួក​គាត់ ដោយ​ពោល​ថា​៖ ‹ចូរ​អ្នក​ទាំង​អស់​គ្នា​ពិសា​ពី​ពែង​នេះ›​»។ (​ម៉ាថ. ២៦:២៧, ២៨​) អ្វី​ដែល​លោក​យេស៊ូ​បាន​កាន់​នៅ​ដៃ​គឺ​ជា​ពែង​មួយ​ដែល​មាន​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម។ (​ស្រា​នេះ​មិន​មែន​ជា​ទឹក​ទំពាំង​បាយ​ជូរ​ថ្មី​ទេ ដោយ​សារ​ហួស​រដូវ​ប្រមូល​ផល​ទំពាំង​បាយ​ជូរ​ជា​យូរ​មក​ហើយ​) ពេល​នៅ​ស្រុក​អេស៊ីប ជន​ជាតិ​អ៊ីស្រាអែល​មិន​ពិសា​ស្រា​នៅ​អាហារ​បុណ្យ​រំលង​លើក​ដំបូង​ឡើយ ប៉ុន្តែ​លោក​យេស៊ូ​មិន​បាន​ជំទាស់​មិន​ឲ្យ​ពិសា​ស្រា​នៅ​ពិធី​នោះ​ឡើយ។ លោក​ថែម​ទាំង​បាន​ប្រើ​ស្រា​ខ្លះ​ក្នុង​អំឡុង​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ ដូច្នេះ​គ្រិស្ត​សាសនិក​ប្រើ​ស្រា​ទំពាំង​បាយ​ជូរ​សម្រាប់​ពិធី​រំលឹក។ តើ​គួរ​ប្រើ​ស្រា​ប្រភេទ​ណា? ស្រា​ដែល​ប្រើ​នៅ​ពិធី​រំលឹក​មិន​គួរ​មាន​អ្វីបន្ថែម​ឡើយ ដូច​ជា​ជាតិ​ស្រា​ប្រេនឌី​និង​គ្រឿង​ផ្សំ​ផ្សេង​ទៀត។ មិន​ត្រូវ​បន្ថែម​អ្វី​ទៅ​លើ​ឈាម​របស់​លោក​យេស៊ូ​ដើម្បី​ធ្វើ​ឲ្យ​ឈាម​នោះ​មាន​តម្លៃ​ជាង​ឡើយ។ ដូច្នេះ យើង​គួរ​ប្រើ​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​សុទ្ធ ដែល​ធ្វើ​នៅ​ផ្ទះ ឬ​ស្រា​ដែល​លក់​នៅ​ផ្សារ​ដូច​ជា​ស្រា​បូសូឡេ (​Beaujolais​) ស្រា​បូហ្គិនឌី (​Burgundy​) និង​ស្រា​គីអានធី (​Chianti​)។

វត្ថុ​តំណាង​ដែល​មាន​អត្ថ​ន័យ

៨​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ចង់​ដឹង​អត្ថ​ន័យ​នៃ​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ?

៨ សាវ័ក​ប៉ូល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រៅ​ពី​ពួក​សាវ័ក គ្រិស្ត​សាសនិក​ឯ​ទៀត ក៏​ត្រូវ​បន្ត​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ដែរ។ គាត់​បាន​សរសេរ​ទៅ​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​ម្ចាស់ ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា គឺ​ថា . . . លោក[​យេស៊ូ​]បាន​យកនំ​ប៉័ង​មួយ​ដុំ អរគុណ​ព្រះ រួច​កាច់​នំ​ប៉័ង​នោះ ហើយ​មាន​ប្រសាសន៍​ថា​៖ ‹នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ ដើម្បី​អ្នក​រាល់​គ្នា។ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ពី​ខ្ញុំ›​»។ (​១កូ. ១១:២៣, ២៤​) ដូច្នេះ តាំង​ពី​ពេល​នោះ​រហូត​ដល់​សព្វ​ថ្ងៃ គ្រិស្ត​សាសនិក​ធ្វើ​ពិធី​ពិសេស​នេះ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ពួក​គាត់​ចង់​ដឹង​អត្ថ​ន័យ​នៃ​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ។

៩​. តើ​មនុស្ស​ខ្លះ​មាន​ទស្សនៈ​ខុស​យ៉ាង​ណា​អំពី​នំ​ប៉័ង​ដែល​លោក​យេស៊ូ​បាន​ប្រើ?

៩ សមាជិក​ខ្លះ​នៃ​វិហារ​លើក​ឡើង​នូវ​អត្ថ​ន័យ​ត្រង់​នៃ​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ ពោល​គឺ ‹នេះ​ជា​រូប​កាយ​របស់​ខ្ញុំ›។ ដូច្នេះ​ពួក​គេ​ជឿ​ថា ដោយ​អព្ភូតហេតុ នំ​ប៉័ង​នោះ​បាន​ក្លាយ​ទៅ​ជា​សាច់​មែនទែន​របស់​លោក​យេស៊ូ។ ប៉ុន្តែ ចំណុច​នេះ​គឺ​ផ្ទុយ​ពី​ការ​ពិត។a រូប​កាយ​របស់​លោក​យេស៊ូ​នៅ​ខាង​មុខ​ពួក​សាវ័ក​ស្មោះ​ត្រង់​របស់​លោក ហើយ​នំ​ប៉័ង​ឥត​ដំបែ​ដែល​ពួក​គេ​នឹង​បរិភោគ គឺ​នៅ​ខាង​មុខ​ពួក​គេ​ដែរ។ ដូច្នេះ លោក​យេស៊ូ​ច្បាស់​ជា​និយាយ​ក្នុង​ន័យ​ធៀប ដូច​លោក​ធ្លាប់​និយាយ​ជា​ច្រើន​ដង។—យ៉ូន. ២:១៩​-​២១; ៤:១៣, ១៤; ១០:៧; ១៥:១

១០​. តើ​នំ​ប៉័ង​ដែល​យើង​ប្រើ​ក្នុង​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ជា​តំណាង​អ្វី?

១០ នំ​ប៉័ង​ដែល​ពួក​សាវ័ក​អាច​ឃើញ ហើយ​នឹង​បរិភោគ​នៅ​ពេល​បន្ដិច​ទៀត ជា​តំណាង​រូប​កាយ​របស់​លោក​យេស៊ូ។ តើ​រូប​កាយមួយ​ណា? នៅ​ពេល​មួយ អ្នក​បម្រើ​របស់​ព្រះ​បាន​គិត​ថា ដោយ​សារ​លោក​យេស៊ូ​បាន​កាច់​នំ​ប៉័ង ប៉ុន្តែ​គ្មាន​ឆ្អឹង​មួយ​ណា​របស់​លោក​បាន​ត្រូវ​បំបាក់​ទេ នោះ​នំ​ប៉័ង​ជា​តំណាង​«​រូប​កាយ​របស់​គ្រិស្ត​»​ ពោល​គឺ​ក្រុម​ជំនុំ​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ (​អេភ. ៤:១២; រ៉ូម ១២:៤, ៥; ១កូ. ១០:១៦, ១៧; ១២:២៧​) ប៉ុន្តែ ក្រោយ​មក ពួក​គាត់​បាន​យល់​ថា​គឺ​សម​ហេតុ​សម​ផល​ដែល​នំ​ប៉័ង​ជា​តំណាង​រូប​កាយ​សាច់​ឈាម​របស់​លោក​យេស៊ូ ដែល​បាន​ត្រូវ​រៀបចំ​ឲ្យ​លោក ហើយ​នេះ​ក៏​សម​ស្រប​នឹង​អ្វី​ដែល​បទ​គម្ពីរ​ចែង​ដែរ។ លោក​យេស៊ូ​«​បាន​រង​ទុក្ខ​ពេល​ដែល​លោក​ជា​មនុស្ស​»​ ហើយ​គេ​ថែម​ទាំង​បាន​ព្យួរ​លោក។ ដូច្នេះ​នៅ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ នំ​ប៉័ង​ជា​តំណាង​រូប​កាយ​សាច់​ឈាម​របស់​លោក​យេស៊ូ​ដែល​«​បាន​ផ្ទុក​ការ​ខុស​ឆ្គង​របស់​យើង​»។—១ពេ. ២:២១​-​២៤; ៤:១; យ៉ូន. ១៩:៣៣​-​៣៦; ហេ. ១០:៥​-​៧

១១, ១២​. (​ក​) តើ​លោក​យេស៊ូ​បាន​និយាយ​អ្វី​អំពី​ស្រា​ទំពាំង​បាយ​ជូរ? (​ខ​) តើ​ស្រា​ទំពាំង​បាយ​ជូរ​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ជា​តំណាង​អ្វី?

១១ នេះ​ជួយ​យើង​ឲ្យ​យល់​នូវ​អ្វី​ដែល​លោក​យេស៊ូ​បាន​និយាយ​បន្ទាប់​មក​អំពី​ស្រា​ទំពាំង​បាយ​ជូរ។ យើង​អាន​ថា​៖ ​«​បន្ទាប់​ពី​បាន​ពិសា​អាហារ​ល្ងាច​ហើយ លោក​ក៏​យក​ពែង​នោះ​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ប្រសាសន៍​ថា​៖ ‹ពែង​នេះ​ជា​តំណាង​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ›​»។ (​១កូ. ១១:២៥​) គម្ពីរ​ជា​ច្រើន​មាន​ពាក្យ​ស្រដៀង​គ្នា​នឹង​សេចក្ដី​បក​ប្រែ​តាម​ន័យ​ត្រង់​ដោយ​រ៉ូបឺត យាំង​ដែល​ថា​៖ ​«​ពែង​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ​»។ (​យើង​កែ​ជា​អក្សរ​ទ្រេត​) តើ​ពែង​ដែល​លោក​យេស៊ូ​បាន​កាន់​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ឬ? មិន​មែន​ទេ។ ពាក្យ​ថា​«​ពែង​»​សំដៅ​លើ​អ្វី​ដែល​នៅ​ក្នុង​ពែង​នោះ ពោល​គឺ​ស្រា​ទំពាំង​បាយ​ជូរ។ តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ស្រា​ទំពាំង​បាយ​ជូរ​មាន​ន័យ​យ៉ាង​ណា​ឬ​ជា​តំណាង​អ្វី? ស្រា​នេះ​ជា​តំណាង​ឈាម​របស់​លោក​ដែល​បាន​ត្រូវ​បង្ហូរ​ចេញ។

១២ ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាកុស យើង​ឃើញ​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ស្រា​នេះ​ជា​តំណាង‹ឈាម​របស់​ខ្ញុំ​ដែល​សម្រាប់​កិច្ច​ព្រមព្រៀង›។ ឈាម​នោះ​នឹង​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន​»។ (​ម៉ាក. ១៤:២៤​) មែន​ហើយ ឈាម​របស់​លោក​យេស៊ូ​នឹង​ត្រូវ​«​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ខ្លួន​»។ (​ម៉ាថ. ២៦:២៨​) ដូច្នេះ ជា​ការ​សមរម្យ​ដែល​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​ជា​តំណាង​ឈាម​មែនទែន​របស់​លោក​យេស៊ូ។ ឈាម​របស់​លោក​យេស៊ូ​បាន​ផ្ដល់​ជា​ថ្លៃ​លោះ​ដើម្បី​ឲ្យ​យើង​អាច​«​ទទួល​ការ​អភ័យ​ទោស​ចំពោះ​កំហុស​របស់​យើង​»។—សូម​អាន អេភេសូរ ១:៧

ការ​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត

១៣​. សូម​រៀប​រាប់​អំពី​ដំណើរ​ការ​នៃ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ។

១៣ ប្រសិនបើ​អ្នក​នឹង​ចូល​រួម​ពិធី​រំលឹក​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង តើ​អ្នក​នឹង​ឃើញ​អ្វី? ការ​ជួប​ជុំ​គ្នា​នោះ​ទំនង​ជា​នឹង​ធ្វើ​ឡើង​នៅ​កន្លែង​ដែល​មាន​ការ​រៀបចំ​យ៉ាង​ល្អ ស្អាត ហើយ​អ្នក​ចូល​រួម​ទាំង​អស់​អាច​អង្គុយ​ស្ដាប់​យ៉ាង​ស្រួល។ នៅ​ទី​នោះ​ប្រហែលជា​មាន​ដាក់​ផ្កា​ខ្លះ ប៉ុន្តែ​អ្នក​នឹង​មិន​បាន​ត្រូវ​បំបែរ​អារម្មណ៍​ដោយ​គ្រឿង​តុបតែង​ដែល​មាន​ព័ណ៌​ភ្លឺ​ចាំង​ទេ។ នៅ​ទី​នោះ​មិន​មាន​បរិយាកាស​ដូច​ពិធី​ជប់​លៀង​ឡើយ។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​នឹង​ថ្លែង​សុន្ទរកថា​មួយ​យ៉ាង​ច្បាស់ ហើយ​ថ្លៃ​ថ្នូរ តាម​អ្វី​ដែល​គម្ពីរ​ចែង​ស្តី​អំពី​ពិធី​នោះ។ គាត់​នឹង​ជួយ​អ្នក​ស្ដាប់​ទាំង​អស់​ឲ្យ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ដែល​គ្រិស្ត​បាន​ធ្វើ​សម្រាប់​យើង។ លោក​បាន​លះ​បង់​ជីវិត​ទុក​ជា​ថ្លៃ​លោះ​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​អាច​ទទួល​ជីវិត។ (​សូម​អាន រ៉ូម ៥:៨​-​១០​) អ្នក​ថ្លែង​សុន្ទរកថា​នឹង​ពន្យល់​អំពី​សេចក្ដី​សង្ឃឹម​ពីរ​យ៉ាង​ខុស​គ្នា​ដែល​បាន​ត្រូវ​ចែង​ក្នុង​គម្ពីរ សម្រាប់​គ្រិស្ត​សាសនិក។

១៤​. តើ​សេចក្ដី​សង្ឃឹម​អ្វី​ខ្លះ​នឹង​ត្រូវ​ពិចារណា​ក្នុង​សុន្ទរកថា​នៅ​ពិធី​រំលឹក?

១៤ សេចក្ដី​សង្ឃឹម​មួយ​គឺ​ជា​ការ​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​នៅ​ស្ថាន​សួគ៌ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​កាន់​តាម​គ្រិស្ត​មួយ​ចំនួន​តូច​មាន ដូច​ជា​ពួក​សាវ័ក​ស្មោះ​ត្រង់​ជា​ដើម។ (​លូក. ១២:៣២; ២២:១៩, ២០; បប. ១៤:១​) សេចក្ដី​សង្ឃឹម​មួយ​ទៀត​គឺ​សម្រាប់​គ្រិស្ត​សាសនិក​ភាគ​ច្រើន​ដែល​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​នៅ​សម័យ​យើង។ ពួក​គាត់​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត​នៅ​ផែន​ដី ក្នុង​សួន​ឧទ្យាន​ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ។ ពេល​នោះ​គោល​បំណង​របស់​ព្រះ​នឹង​បាន​សម្រេច​នៅ​ផែន​ដី​ដូច​នៅ​ស្ថាន​សួគ៌ នោះ​ជា​អ្វី​ដែល​គ្រិស្ត​សាសនិក​បាន​អធិដ្ឋាន​សុំ​ជា​យូរ​យារ​មក​ហើយ។ (​ម៉ាថ. ៦:១០​) បទ​គម្ពីរ​រៀប​រាប់​អំពី​ជីវិត​ដ៏​អស្ចារ្យ​ដែល​ពួក​គេ​នឹង​ទទួល​ជា​រៀង​រហូត។—អេ. ១១:៦​-​៩; ៣៥:៥, ៦; ៦៥:២១​-​២៣

១៥, ១៦​. តើ​អ្វី​នឹង​ត្រូវ​ធ្វើ​ចំពោះ​នំ​ប៉័ង​ក្នុង​អំឡុង​អាហារ​ល្ងាច​របស់​លោក​ម្ចាស់?

១៥ នៅ​ជិត​ចុង​បញ្ចប់​នៃ​សុន្ទរកថា​នោះ អ្នក​ថ្លែង​នឹង​ប្រាប់​ថា ដល់​ពេល​ដែល​យើង​ធ្វើ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​ឲ្យ​ធ្វើ។ ដូច​បាន​រៀប​រាប់​ខាង​លើ វត្ថុ​តំណាង​ពីរ​គឺ​នំ​ប៉័ង​ឥត​ដំបែ​និង​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​នឹង​ត្រូវ​ប្រើ។ វត្ថុ​តំណាង​ទាំង​ពីរ​នេះ​ប្រហែលជា​នៅ​លើ​តុ​ដែល​នៅ​ជិត​អ្នក​ថ្លែង​សុន្ទរកថា។ គាត់​នឹង​ទាញ​អារម្មណ៍​អ្នក​ស្ដាប់​ទៅ​លើ​កំណត់​ហេតុ​ក្នុង​គម្ពីរ​ដែល​រៀប​រាប់​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​និយាយ ហើយ​ធ្វើ ពេល​លោក​ចាប់​ផ្ដើម​ពិធី​នេះ។ ជា​ឧទាហរណ៍ ក្នុង​កំណត់​ហេតុ​របស់​ម៉ាថាយ យើង​អាន​ថា​៖ ​«​លោក[​យេស៊ូ​]យកនំ​ប៉័ង​មួយ​ដុំ អធិដ្ឋាន រួច​កាច់ ហើយ​ឲ្យ​ដល់​ពួក​គាត់ ដោយ​ពោល​ថា​៖ ‹ចូរ​យក​ពិសា​ចុះ។ នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ›​»។ (​ម៉ាថ. ២៦:២៦​) លោក​យេស៊ូ​បាន​កាច់​នំ​ប៉័ង​ឥត​ដំបែ ដើម្បី​អាច​ហុច​ឲ្យ​សាវ័ក​ដែល​អង្គុយ​សង​ខាង​លោក។ អ្នក​នឹង​ឃើញ​ថា​នៅ​កិច្ច​ប្រជុំ​នោះ នា​ថ្ងៃ​ទី​១៤ ខែ​មេ​សា មាន​នំ​ប៉័ង​ឥត​ដំបែ​ដែល​បាន​កាច់​ជា​ដុំ​ៗ​ដាក់​លើ​ចាន។

១៦ ក្នុង​ពិធី​នោះ​នឹង​មាន​ចាន​គ្រប់​គ្រាន់​សម្រាប់​ប្រើ ដើម្បី​អាច​ហុច​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ទី​នោះ ក្នុង​រយៈ​ពេល​សមរម្យ។ នេះ​នឹង​មិន​ធ្វើ​ឡើង​តាម​ក្បួន​ច្បាប់​ដ៏​ស្មុគ​ស្មាញ​ខាង​សាសនា​ឡើយ។ សេចក្ដី​អធិដ្ឋាន​ដ៏​ខ្លី​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង បន្ទាប់​មក​យើង​នឹង​ហុច​ចាន​តាម​របៀប​រៀប​រយ ហើយ​សម​ស្រប​នឹង​កន្លែង​នោះ។ បង​ប្អូន​មួយ​ចំនួន​តូច (​ឬ​ប្រហែលជា​គ្មាន​នរណា​ម្នាក់​) នឹង​ពិសា​នំ​ប៉័ង​នោះ ដូច​នៅ​ក្រុម​ជំនុំ​ភាគ​ច្រើន ពេល​ដែល​នំ​ប៉័ង​បាន​ត្រូវ​ហុច​ក្នុង​ពិធី​នេះ​នៅ​ឆ្នាំ​២០១៣។

១៧​. នៅ​ពិធី​រំលឹក តើ​តាម​របៀប​ណា​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ​ស្តី​អំពី​ស្រា​ទំពាំង​បាយ​ជូរ?

១៧ បន្ទាប់​មក​អ្នក​ថ្លែង​សុន្ទរកថា​នឹង​ទាញ​អារម្មណ៍​អ្នក​ស្ដាប់​ទៅ​លើ​អ្វី​ដែល​ម៉ាថាយ​បាន​បន្ត​រៀប​រាប់​ថា​៖ ​«​លោក[​យេស៊ូ​]ក៏​បាន​យក​ពែង​មួយ អរគុណ​ព្រះ រួច​ឲ្យ​ដល់​ពួក​គាត់ ដោយ​ពោល​ថា​៖ ‹ចូរ​អ្នក​ទាំង​អស់​គ្នា​ពិសា​ពី​ពែង​នេះ ព្រោះ​នេះ​ជា​តំណាង​«​ឈាម​របស់​ខ្ញុំ​ដែល​សម្រាប់​កិច្ច​ព្រមព្រៀង​»។ ឈាម​នោះ​នឹង​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ខ្លួន›​»។ (​ម៉ាថ. ២៦:២៧, ២៨​) ស្រប​តាម​គំរូ​នោះ នឹង​មាន​សេចក្ដី​អធិដ្ឋាន​មួយ​ទៀត ហើយ​បន្ទាប់​មក​«​ពែង​»​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​នឹង​ត្រូវ​ហុច​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ទី​នោះ។

១៨​. ទោះ​ជា​មាន​តែ​មនុស្ស​មួយ​ចំនួន​តូច ឬ​គ្មាន​អ្នក​ណា​សោះ​បរិភោគ​វត្ថុ​តំណាង​ក៏​ដោយ ហេតុ​អ្វី​នៅ​តែ​សំខាន់​ដែល​យើង​មាន​វត្តមាន​នៅ​ពិធី​រំលឹក?

១៨ មាន​តែ​ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ ដែល​នឹង​ពិសា​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ។ ដូច្នេះ​មនុស្ស​ភាគ​ច្រើន​ដែល​មាន​វត្តមាន​នៅ​ពិធី​រំលឹក​នឹង​គ្រាន់តែ​ហុច​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​ទៅ​អ្នក​ដែល​អង្គុយ​បន្ទាប់​គាត់​ប៉ុណ្ណោះ។ (​សូម​អាន លូកា ២២:២៨​-​៣០; ២ធី. ៤:១៨​) ទោះ​ជា​គ្រិស្ត​សាសនិក​ភាគ​ច្រើន​មិន​ពិសា​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​ក៏​ដោយ គឺ​នៅ​តែ​សំខាន់​ដែល​ពួក​គាត់​មាន​វត្តមាន​នៅ​ពិធី​រំលឹក។ ហេតុ​អ្វី? ពីព្រោះ​ការ​មាន​វត្តមាន​នៅ​ពិធី​នេះ​បង្ហាញ​ថា​ពួក​គាត់​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ ក្នុង​អំឡុង​ពិធី​រំលឹក ពួក​គាត់​អាច​រំពឹង​គិត​អំពី​ពរ​ដែល​ពួក​គាត់​អាច​ទទួល​ដោយ​ផ្អែក​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ។ ពួក​គាត់​មាន​សេចក្ដី​សង្ឃឹម​ស្ថិត​នៅ​ក្នុង​ចំណោម​«​មនុស្ស​មួយ​ក្រុម​ធំ​»​ ដែល​រួច​ជីវិត​ពី​«​គ្រា​ទុក្ខវេទនា​ដ៏​ខ្លាំង​»​ដែល​ជិត​មក​ដល់។ ពួក​គាត់​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ដែល​នឹង​«​បោក​សម្អាត​អាវ​វែង​របស់​ពួក​គេ​ឲ្យ​ស​ក្នុង​ឈាម​របស់​កូន​ចៀម​»។—បប. ៧:៩, ១៤​-​១៧

១៩​. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ ហើយ​តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ពី​ពិធី​នេះ?

១៩ សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ផែន​ដី​ត្រៀម​លក្ខណៈ​សម្រាប់​កិច្ច​ប្រជុំ​ដ៏​ពិសេស​នេះ។ ច្រើន​សប្ដាហ៍​មុន​ពិធី​នេះ យើង​នឹង​ចូល​រួម​ក្នុង​ការ​អញ្ជើញ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​ឲ្យ​មក​ពិធី​នេះ។ ប៉ុន្មាន​ថ្ងៃ​មុន​កិច្ច​ប្រជុំ​ពិសេស​នេះ យើង​អាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​ស្តី​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ និង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អំឡុង​ថ្ងៃ​ទាំង​នោះ មុន​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​នៅ​ឆ្នាំ​៣៣។ យើង​នឹង​ចាត់​ចែង​កិច្ច​ការ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​រួច​រាល់​ដើម្បី​អាច​ប្រាកដ​ថា​យើង​អាច​មាន​វត្តមាន​នៅ​ពិធី​នោះ។ ជា​ការ​ល្អ​ដែល​យើង​មក​មុន​ចម្រៀង​បើក​កម្ម​វិធី​និង​សេចក្ដី​អធិដ្ឋាន ដើម្បី​ឲ្យ​យើង​អាច​ទទួល​ស្វាគមន៍​ភ្ញៀវ ហើយ​បន្ទាប់​មក​ផ្ចង់​អារម្មណ៍​លើ​កម្ម​វិធី​ទាំង​អស់។ យើង​ទាំង​អស់​គ្នា​ដែល​ជា​សមាជិក​ក្រុម​ជំនុំ​និង​ភ្ញៀវ នឹង​ទទួល​ប្រយោជន៍​ច្រើន​បើ​យើង​បើក​បទ​គម្ពីរ​ផ្ទៀង​តាម ពេល​ដែល​អ្នក​ថ្លែង​លើក​ចំណុច​ផ្សេង​ៗ​ពី​បទ​គម្ពីរ។ សំខាន់​បំផុត ពេល​យើង​មាន​វត្តមាន​នៅ​ពិធី​រំលឹក នេះ​នឹង​បង្ហាញ​នូវ​ចិត្ត​ដឹង​គុណ​ដ៏​ស្មោះ​អស់ពី​ចិត្ត​របស់​យើង​ចំពោះ​គ្រឿង​បូជា​របស់​លោក​យេស៊ូ ហើយ​នឹង​បង្ហាញ​ថា​យើង​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែល​ថា​៖ ​«​ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ពី​ខ្ញុំ​»។—១កូ. ១១:២៤

a បណ្ឌិត​ជន​ជាតិ​អាឡឺម៉ង់​ឈ្មោះ​ហែនរិច ម៉ីយើ​បាន​និយាយ​ថា​៖ ​«​ដោយ​សារ . . . រូប​កាយ​របស់​លោក​យេស៊ូ​នៅ​ទាំង​មូល (​នៅ​មាន​ជីវិត​) ហើយ​ឈាម​របស់​លោក​មិន​បាន​ត្រូវ​បង្ហូរ​នៅ​ឡើយ​ទេ គ្មាន​ភ្ញៀវ​ណា​ម្នាក់[​ពួក​សាវ័ក​]គិត​ថា . . . ពួក​គេ​បាន​បរិភោគ​សាច់​មែនទែន ហើយ​ពិសា​ឈាម​មែនទែន​របស់​លោក​ម្ចាស់​ឡើយ។ [​ដូច្នេះ​]លោក​យេស៊ូ​មិន​ចង់​ឲ្យ​គេ​យល់​ច្រឡំ​អំពី​ពាក្យ​សាមញ្ញ​របស់​លោក​ទេ​»។

ពិធី​រំលឹក​ឆ្នាំ​២០១៤

លោក​ខែ​វិល​ជុំ​វិញ​ផែន​ដី​ជា​រៀង​រាល់​ខែ។ ដំណើរ​រង្វិល​មួយ​ជុំ​ៗ​នេះ​នាំ​ឲ្យ​មាន​ពេល​មួយ​ដែល​លោក​ខែ​នៅ​ចន្លោះ​ផែន​ដី​និង​ព្រះអាទិត្យ។ ដំណើរ​នេះ​ហៅ​ថា​«​ពេល​ចូល​ខែ​ថ្មី​»។ នៅ​ពេល​នោះ បើ​មើល​ពី​ផែន​ដី យើង​មិន​អាច​ឃើញ​លោក​ខែ​ឡើយ រហូត​ដល់​១៨​ទៅ​៣០​ម៉ោង​ក្រោយ​មក។

នៅ​ឆ្នាំ​២០១៤ ពេល​ចូល​ខែ​ថ្មី​ដែល​ជិត​ជាង​គេ​នឹង​ពេល​ដែល​មាន​ថ្ងៃ​និង​យប់​ស្មើ​គ្នា​នា​រដូវ​ផ្កា​រីក គឺ​ថ្ងៃ​ទី​៣០ ខែ​មីនា​នៅ​ម៉ោង​៨:៤៥​យប់ (​ម៉ោង​២០:៤៥​) ម៉ោង​នៅ​ក្រុង​យេរូសាឡិម។ ថ្ងៃ​លិច​បន្ទាប់​នៅ​ក្រុង​យេរូសាឡិម (​ថ្ងៃ​ទី​៣១ ខែ​មីនា​) នឹង​មក​ដល់​ប្រហែលជា​២១​ម៉ោង​ក្រោយ​មក។ លោក​ខែ​មួយ​ចំណិត​ជា​លើក​ដំបូង​ទំនង​ជា​មិន​អាច​មើល​ឃើញ​ទេ​នៅ​ពេល​នោះ។ ថ្ងៃ​លិច​លើក​ដំបូង​ដែល​គេ​អាច​ឃើញ​លោក​ខែ​មួយ​ចំណិត​នៅ​ក្រុង​យេរូសាឡិម​គឺ​នៅ​ថ្ងៃ​ទី១ ខែ​មេ​សា។ ដោយ​ប្រើ​វិធី​ដែល​ជន​ជាតិ​យូដា​សម័យ​បុរាណ​ធ្លាប់​ប្រើ ថ្ងៃ​នោះ​ត្រូវ​ជា​ខែ​ទី១ (​ថ្ងៃ​ទី១ ខែ​ណែសាន​) ដែល​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ថ្ងៃ​លិច។

ដូច្នេះ ក្រុម​ជំនុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ផែន​ដី​បាន​ទទួល​ដំណឹង​ថា ថ្ងៃ​ទី​១៤ ខែ​ណែសាន​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មេ​សា ឆ្នាំ​២០១៤ នៅ​ពេល​ថ្ងៃ​លិច។ ពេល​នោះ​គឺ​ជិត​ដល់​ពេល​ដែល​លោក​ខែ​ពេញ​វង់ (​ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​របៀប​គណនា​អំពី​ថ្ងៃ​នោះ សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៧៧ ទំព័រ​៣៨៣​-​៣៨៤ ជា​ភាសា​អង់គ្លេស​)។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក