អត្ថបទអំពីក្របទស្សនាវដ្ដី | លោកអ្នកអាចមានមិត្តភាពជាមួយនឹងព្រះ
តើលោកអ្នកស្គាល់នាមព្រះហើយប្រើនាមលោកឬទេ?
បើលោកអ្នកមានមិត្តភក្ដិជិតស្និទ្ធ លោកអ្នកច្បាស់ជាស្គាល់ឈ្មោះរបស់គាត់ មែនទេ? ស្ត្រីជនជាតិប៊ុលហ្គារីម្នាក់ឈ្មោះអ៊ីរីណាបាននិយាយថា៖ «បើអ្នកមិនស្គាល់នាមព្រះ អ្នកមិនអាចមានភាពជិតស្និទ្ធជាមួយនឹងលោកបានទេ»។ ដូចអត្ថបទមុនបានបញ្ជាក់ នេះពិតជាគួរឲ្យរីករាយណាស់ដែលព្រះចង់ឲ្យលោកអ្នកមានមិត្តភាពជិតស្និទ្ធជាមួយនឹងលោក។ ហេតុនេះ ព្រះបានប្រាប់នាមរបស់លោកឲ្យលោកអ្នកស្គាល់ ដោយមានប្រសាសន៍ថា៖ ‹ខ្ញុំជាយេហូវ៉ា នេះហើយជាឈ្មោះរបស់ខ្ញុំ›។—អេសាយ ៤២:៨
តាមរយៈគម្ពីរបរិសុទ្ធ ព្រះបានប្រាប់នាមរបស់លោកឲ្យលោកអ្នកស្គាល់ ដោយមានប្រសាសន៍ថា៖ ‹ខ្ញុំជាយេហូវ៉ា នេះហើយជាឈ្មោះរបស់ខ្ញុំ›។—អេសាយ ៤២:៨
ទោះជាលោកអ្នកស្គាល់ឬមិនស្គាល់ ហើយប្រើឬមិនប្រើនាមព្រះយេហូវ៉ាក្ដី តើនេះពិតជាសំខាន់ចំពោះលោកឬទេ? ដើម្បីដឹង សូមពិចារណាដូចតទៅនេះ: នាមរបស់ព្រះបានត្រូវសរសេរជាអក្សរហេប្រឺបួនតួដែលគេហៅថាតេត្រាក្រាម។ នាមរបស់ព្រះមាននៅក្នុងបទគម្ពីរភាសាហេប្រឺជិត៧.០០០ដង ហើយបានត្រូវកត់ទុកច្រើនជាងឈ្មោះឯទៀតដែលមានក្នុងគម្ពីរបរិសុទ្ធ។ ដូច្នេះ នេះជាភ័ស្តុតាងច្បាស់ថា ព្រះយេហូវ៉ាចង់ឲ្យយើងស្គាល់នាមរបស់លោក ហើយប្រើនាមនោះ។a
មិត្តភាពច្រើនតែចាប់ផ្ដើមដោយការស្គាល់ឈ្មោះគ្នា។ តើលោកអ្នកស្គាល់នាមរបស់ព្រះឬទេ?
ក៏ប៉ុន្តែ អ្នកខ្លះប្រហែលជាមានអារម្មណ៍ថា ដោយសារព្រះបរិសុទ្ធ ហើយមានឫទ្ធានុភាពខ្លាំងក្លាបំផុត ដូច្នេះបើពួកគេនិយាយឬប្រើនាមរបស់ព្រះ នោះមិនបង្ហាញការគោរពចំពោះនាមរបស់លោកឡើយ។ ពិតជាការខុសមែន បើនាមរបស់ព្រះបានត្រូវប្រើតាមរបៀបដែលមិនបង្ហាញការគោរពនោះ។ លោកអ្នកច្បាស់ជាមិនប្រើឈ្មោះមិត្តភក្ដិដែលលោកអ្នកស្រឡាញ់ក្នុងផ្លូវខុសទេ មែនទេ? ក៏ប៉ុន្តែ ព្រះយេហូវ៉ាមានបំណងប្រាថ្នាចង់ឲ្យអ្នកដែលស្រឡាញ់លោក លើកកិត្ដិយសនាមលោក ព្រមទាំងធ្វើឲ្យមនុស្សឯទៀតស្គាល់នាមរបស់លោក។ (ទំនុកតម្កើង ៦៩:៣០, ៣១; ៩៦:២, ៨) ជាឧទាហរណ៍ លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា៖ «ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។ ហេតុនេះ យើងអាចរួមចំណែកធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ ដោយប្រាប់អ្នកឯទៀតអំពីនាមរបស់លោក។ ការធ្វើដូច្នេះនឹងជួយយើងឲ្យមានមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះ។—ម៉ាថាយ ៦:៩
គម្ពីរបរិសុទ្ធបញ្ជាក់ថា ព្រះយេហូវ៉ាបង្ហាញចំណាប់អារម្មណ៍ជាពិសេសចំពោះ«ពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់»។ (ម៉ាឡាគី ៣:១៦) ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះមនុស្សបែបនោះ ហើយសន្យាថា៖ ‹ខ្ញុំនឹងតាំងឡើងយ៉ាងខ្ពស់ ពីព្រោះគេបានស្គាល់ឈ្មោះខ្ញុំ គេនឹងអំពាវនាវដល់ខ្ញុំ ហើយខ្ញុំនឹងឆ្លើយតប ខ្ញុំនឹងនៅជាមួយនឹងគេក្នុងគ្រាទុក្ខលំបាក›។ (ទំនុកតម្កើង ៩១:១៤, ១៥) បើយើងចង់មានមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា គឺជាការសំខាន់ដែលយើងគួរស្គាល់នាមរបស់លោក ហើយប្រើនាមនោះ។
a គួរឲ្យស្ដាយណាស់ថា ក្នុងសេចក្ដីបកប្រែនៃសៀវភៅគម្ពីរជាច្រើនមិនបានដាក់បញ្ចូលនាមរបស់ព្រះទេ ទោះជានាមរបស់លោកមានច្រើនដងក្នុងបទគម្ពីរភាសាហេប្រឺ ដែលគេហៅថាសញ្ញាចាស់ក្ដី។ ផ្ទុយទៅវិញ សៀវភៅគម្ពីរទាំងនោះសរសេរនាមរបស់ព្រះថា៖ «ព្រះអម្ចាស់»ឬ«ព្រះ»។ ដើម្បីបានព័ត៌មានថែមទៀតអំពីរឿងនេះ សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ២២៥-២២៧ បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។