អត្ថបទអំពីក្របទស្សនាវដ្ដី | លោកអ្នកអាចមានមិត្តភាពជាមួយនឹងព្រះ
តើលោកអ្នកប្រស្រ័យទាក់ទងជាមួយនឹងព្រះឬទេ?
ជាញឹកញយ មិត្តភក្ដិជិតស្និទ្ធប្រស្រ័យទាក់ទងគ្នាដោយផ្ទាល់ ឬតាមទូរស័ព្ទ អ៊ីមែល សំបុត្រ ឬតាមអ៊ីនធឺណិត បើកាលៈទេសៈរបស់ពួកគេអនុញ្ញាត។ ស្រដៀងគ្នាដែរ យើងត្រូវប្រស្រ័យទាក់ទងជាមួយនឹងព្រះយ៉ាងទៀងទាត់ ដើម្បីឲ្យយើងមានមិត្តភាពជិតស្និទ្ធជាមួយនឹងលោក។ ប៉ុន្តែ តើតាមរបៀបណា?
យើងអាចប្រស្រ័យទាក់ទងជាមួយនឹងព្រះយេហូវ៉ាតាមរយៈសេចក្ដីអធិដ្ឋាន។a ប៉ុន្តែ សេចក្ដីអធិដ្ឋានទៅព្រះមិនដូចជាការសន្ទនាជាមួយនឹងមិត្តភក្ដិយើងនោះទេ។ ពេលយើងអធិដ្ឋាន យើងត្រូវចាំថាយើងកំពុងនិយាយទៅកាន់ព្រះដែលជាអ្នកបង្កើតដ៏ខ្ពង់ខ្ពស់បំផុតលើសកលលោក។ ចំណុចនេះគួរជំរុញចិត្តយើងឲ្យអធិដ្ឋានទៅព្រះដោយបង្ហាញការគោរពយ៉ាងជ្រាលជ្រៅ។ ដើម្បីឲ្យព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង យើងក៏គួរធ្វើតាមតម្រូវការខ្លះរបស់លោកដែរ។ សូមឲ្យយើងពិចារណាតម្រូវការបីយ៉ាង។
ទី១ យើងគួរអធិដ្ឋានទៅព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ មិនមែនអធិដ្ឋានទៅលោកយេស៊ូ «ពួកបព្វជិត» ឬរូបព្រះណាឡើយ។ (និក្ខមនំ ២០:៤, ៥) គម្ពីរបញ្ជាក់យ៉ាងច្បាស់ថា៖ «អធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់»។ (ភីលីព ៤:៦) ទី២ យើងគួរអធិដ្ឋានទៅព្រះយេហូវ៉ាក្នុងនាមលោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោក។ លោកយេស៊ូផ្ទាល់បានពន្យល់ថា៖ «គ្មានអ្នកណាអាចមកឯបិតានៅស្ថានសួគ៌បានឡើយ លើកលែងតែអ្នកនោះមកតាមខ្ញុំ»។ (យ៉ូហាន ១៤:៦) ទី៣ យើងគួរអធិដ្ឋានឲ្យស្របតាមបំណងប្រាថ្នារបស់ព្រះ។ គម្ពីរចែងថា៖ «អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង»។—យ៉ូហានទី១ ៥:១៤
មិត្តភក្ដិជិតស្និទ្ធប្រស្រ័យទាក់ទងគ្នា ជាញឹកញយបំផុតតាមដែលអាចធ្វើបាន
ពិតមែន មិត្តភាពរវាងមនុស្សពីរនាក់នឹងមិនស្ថិតស្ថេរឡើយ បើគ្រាន់តែភាគីម្ខាងជាអ្នកនិយាយរហូតនោះ។ ដូចមិត្តជិតស្និទ្ធដែលនិយាយគ្នាហើយស្ដាប់គ្នា នោះយើងគួរឲ្យព្រះនិយាយមកកាន់យើង ហើយយើងក៏គួរស្ដាប់លោកដែរ។ តើលោកអ្នកដឹងទេថា ព្រះនិយាយមកកាន់យើងយ៉ាងដូចម្ដេច?
សព្វថ្ងៃនេះ ព្រះយេហូវ៉ា«និយាយ»មកកាន់យើងតាមរយៈគម្ពីរបរិសុទ្ធដែលជាបណ្ដាំរបស់លោក។ (ធីម៉ូថេទី២ ៣:១៦, ១៧) ហេតុអ្វីយើងអាចនិយាយដូច្នេះ? ឧទាហរណ៍ សូមស្រមៃគិតថាលោកអ្នកបានទទួលសំបុត្រពីមិត្តភក្ដិជិតស្និទ្ធម្នាក់។ ក្រោយពីលោកអ្នកបានអានសំបុត្រនោះហើយ លោកអ្នកប្រហែលជាប្រាប់អ្នកឯទៀតដោយចិត្តរំភើបថា៖ «ខ្ញុំទើបតែឮពីមិត្តរបស់ខ្ញុំ!»។ ប៉ុន្តែ មិត្តភក្ដិរបស់លោកអ្នកបានទាក់ទងតាមរយៈសំបុត្រ មិនមែននិយាយមកកាន់លោកអ្នកឡើយ។ ស្រដៀងគ្នាដែរ គម្ពីរបរិសុទ្ធគឺប្រៀបដូចជាសំបុត្រដែលមកពីព្រះ។ ដូច្នេះ ពេលយើងអានគម្ពីរ នោះហាក់ដូចជាយើងឲ្យព្រះយេហូវ៉ានិយាយមកកាន់យើង។ ជីណាដែលបានរៀបរាប់ក្នុងអត្ថបទមុន បាននិយាយថា៖ «ខ្ញុំគិតថាបើខ្ញុំចង់ឲ្យព្រះចាត់ទុកខ្ញុំជាមិត្តរបស់លោក ខ្ញុំត្រូវតែអាន‹សំបុត្រ›របស់លោកដែលជាគម្ពីរ។ ការអានគម្ពីរជារៀងរាល់ថ្ងៃជួយខ្ញុំឲ្យមានមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ»។ តើលោកអ្នកឲ្យព្រះយេហូវ៉ានិយាយមកកាន់លោកអ្នក ដោយអានគម្ពីរដែលជាបណ្ដាំរបស់លោកជារៀងរាល់ថ្ងៃឬទេ? បើលោកអ្នកធ្វើដូច្នេះ លោកអ្នកនឹងមានមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ។
a ដើម្បីដឹងព័ត៌មានថែមទៀតអំពីការចូលទៅជិតព្រះតាមរយៈការអធិដ្ឋាន សូមមើលជំពូកទី១៧ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។