អត្ថបទអំពីក្របទស្សនាវដ្ដី | លោកអ្នកអាចមានមិត្តភាពជាមួយនឹងព្រះ
តើលោកអ្នកធ្វើអ្វីដែលព្រះសុំឲ្យធ្វើឬទេ?
តើលោកអ្នកធ្លាប់និយាយឬទេថា «បើមានអ្វីដែលខ្ញុំអាចជួយបាន សូមប្រាប់ខ្ញុំ ខ្ញុំសប្បាយចិត្តនឹងជួយ»? លោកអ្នកប្រហែលជាមិនហ៊ាននិយាយពាក្យដូចនោះទៅកាន់មនុស្សដែលលោកអ្នកមិនសូវស្គាល់ឬមិនស្គាល់ទាល់តែសោះ មែនទេ? ក៏ប៉ុន្តែ លោកអ្នកទំនងជានឹងមិនស្ទាក់ស្ទើរនិយាយពាក្យដូចនោះទៅកាន់មិត្តជិតស្និទ្ធឡើយ។ ជាធម្មតា មិត្តជិតស្និទ្ធតែងតែធ្វើតាមសំណូមពររបស់គ្នាទៅវិញទៅមក។
គម្ពីរប្រាប់ថាព្រះយេហូវ៉ាតែងតែធ្វើនូវអ្វីដែលលោកដឹងថា នឹងនាំឲ្យអ្នកគោរពប្រណិប័តន៍លោកមានចិត្តរីករាយ។ ជាឧទាហរណ៍ ស្តេចដាវីឌដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ បានរៀបរាប់ថា៖ «ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង . . . នោះមានច្រើនហួសកំណត់នឹងរាប់បាន!»។ (ទំនុកតម្កើង ៤០:៥) ព្រះយេហូវ៉ាមិនគ្រាន់តែធ្វើអ្វីៗសម្រាប់អ្នកគោរពប្រណិប័តន៍លោកប៉ុណ្ណោះទេ តែលោកក៏ធ្វើអ្វីៗចំពោះអ្នកដែលមិនទាន់បានស្គាល់លោកដែរ ដោយ‹ឲ្យអាហារជាបរិបូរនិងធ្វើឲ្យចិត្តរបស់ពួកគេពោរពេញទៅដោយក្ដីរីករាយ›។—សកម្មភាព ១៤:១៧
យើងសប្បាយចិត្តជួយអ្នកដែលយើងគោរពស្រឡាញ់
ព្រះយេហូវ៉ាពេញចិត្តធ្វើអ្វីដែលនាំឲ្យអ្នកឯទៀតសប្បាយចិត្ត។ ដូច្នេះ នេះច្បាស់ជាមូលហេតុដ៏សមរម្យមួយដែលលោករំពឹងថា អស់អ្នកដែលចង់ធ្វើជាមិត្តរបស់លោក ក៏នឹងធ្វើអ្វីដែលនាំឲ្យលោក«រីករាយ»ដែរ។ (សុភាសិត ២៧:១១) ប៉ុន្តែ តើលោកអ្នកអាចធ្វើអ្វីដើម្បីឲ្យព្រះពេញចិត្ត? គម្ពីរប្រាប់ថា៖ «កុំភ្លេចធ្វើការល្អ ហើយចែករំលែកដល់អ្នកឯទៀត ព្រោះព្រះពេញចិត្តនឹងគ្រឿងបូជាបែបនេះ»។ (ហេប្រឺ ១៣:១៦) តើនេះមានន័យថាការធ្វើអំពើល្អនិងការចែករំលែកដល់អ្នកឯទៀត គឺគ្រប់គ្រាន់ដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្តឬ?
គម្ពីរចែងថា៖«បើគ្មានជំនឿ មិនអាចធ្វើឲ្យព្រះពេញចិត្តបានឡើយ»។ (ហេប្រឺ ១១:៦) គួរឲ្យកត់សម្គាល់ថា ក្រោយពី«អាប្រាហាំបានជឿព្រះយេហូវ៉ា» ទើបគាត់បានត្រូវហៅថា«សម្លាញ់របស់ព្រះយេហូវ៉ា»។ (យ៉ាកុប ២:២៣) លោកយេស៊ូក៏បានបញ្ជាក់ដែរថា បើយើងចង់ទទួលពរពីព្រះ យើងត្រូវ«បង្ហាញជំនឿលើព្រះ»។ (យ៉ូហាន ១៤:១) ដូច្នេះ ព្រះតម្រូវឲ្យអ្នកដែលចង់ធ្វើជាមិត្តរបស់លោកមានជំនឿ។ តើតាមរបៀបណាលោកអ្នកអាចមានជំនឿលើព្រះ? មុនដំបូង លោកអ្នកអាចសិក្សាគម្ពីរដែលជាបណ្ដាំរបស់ព្រះជាទៀងទាត់។ ពេលលោកអ្នកធ្វើដូច្នេះ លោកអ្នកនឹងមាន«ចំណេះត្រឹមត្រូវអំពីបំណងប្រាថ្នារបស់លោក» ហើយក៏ស្គាល់របៀបដែល«ធ្វើឲ្យលោកពេញចិត្តទាំងស្រុង»ដែរ។ បន្ទាប់មក ពេលលោកអ្នកមានចំណេះត្រឹមត្រូវអំពីព្រះយេហូវ៉ាកាន់តែច្រើន ហើយធ្វើតាមតម្រូវការដ៏សុចរិតរបស់លោក នោះជំនឿរបស់លោកអ្នកនឹងកាន់តែមាំមួន។ នៅទីបំផុត ព្រះនឹងចូលមកកាន់តែជិតលោកអ្នក។—កូឡុស ១:៩, ១០