បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/១ ទំ. ១២-១៣
  • «សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្នក​គួរ​ខឹង​ឬ​ទេ?
  • តើ​តាម​របៀប​ណា​សតិបញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង?
  • តើគម្ពីរចែងយ៉ាងណាអំពីកំហឹង?
    សំណួរនិងចម្លើយពីគម្ពីរ
  • អ័ប៊ីកែលនិងដាវីឌ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/១ ទំ. ១២-១៣

​«​សតិបញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង​»​

គ្រូ​បង្ហាត់​បាល់​បោះ​ម្នាក់​បាន​បាត់​បង់​ការ​ងារ ដោយ​សារ​គាត់​មិន​ចេះ​ទប់​កំហឹង។

កូន​ក្មេង​ម្នាក់​ស្រែក​យំ​ឡូឡា ដោយ​សារ​មិន​បាន​អ្វី​មួយ​តាម​ចិត្ត។

ម្ដាយ​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​កូន​ប្រុស ដោយ​សារ​កូន​មិន​បាន​សំ​អា​ត​បន្ទប់។

យើង​ទាំង​អស់​គ្នា​ធ្លាប់​ឃើញ​អ្នក​ឯ​ទៀត​ខឹង ហើយ​យើង​ផ្ទាល់​ក៏​ច្បាស់​ជា​ធ្លាប់​ខឹង​ដែរ។ យើង​ប្រហែល​ជា​គិត​ថា​ការ​ខឹង​ជា​អារម្មណ៍​មួយ​មិន​ល្អ​ទេ ដូច្នេះ ពេល​យើង​ខឹង យើង​ព្យាយាម​ទប់​កំហឹង​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​រឿយ​ៗ​យើង​ខឹង​ដោយ​មាន​មូលហេតុ​ត្រឹម​ត្រូវ ជា​ពិសេស នៅ​ពេល​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​អយុត្ដិធម៌។ ស្តី​អំពី​រឿង​នេះ អត្ថបទ​ខាង​ចិត្ត​វិទ្យា​មួយ​បាន​សរសេរ​ថា​៖ ​«​កំហឹង​គឺ​ជា​អារម្មណ៍​ធម្មតា​របស់​មនុស្ស ហើយ​ក៏​នាំ​ឲ្យ​មាន​ឥទ្ធិពល​ល្អ​ដែរ​»​ (​The American Psychological Association​)។

ទស្សនៈ​បែប​នេះ​ប្រហែល​ជា​មើល​ទៅ​សម​ហេតុ​សម​ផល ពេល​យើង​ពិចារណា​អំពី​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ប៉ូល​បាន​ទទួល​ស្គាល់​ថា ប្រហែល​ជា​នៅ​ពេល​ខ្លះ​យើង​ទាំង​អស់​គ្នា​ខឹង ហើយ​គាត់​ប្រាប់​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ខឹង កុំ​ធ្វើ​ខុស។ កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​ឡើយ​»។ (​អេភេសូរ ៤:២៦​) ដោយ​នឹក​ចាំ​អំពី​ចំណុច​នេះ តើ​យើង​គួរ​បញ្ចេញ​កំហឹង​ឬ​ក៏​យើង​គួរ​ព្យាយាម​ទប់​កំហឹង​វិញ?

តើ​អ្នក​គួរ​ខឹង​ឬ​ទេ?

ពេល​ប៉ូល​ឲ្យ​ការ​ណែនាំ​អំពី​កំហឹង គាត់​ទំនង​ជា​ចាំ​ពាក្យ​របស់​អ្នក​តែង​ទំនុក​តម្កើង ដែល​បាន​សរសេរ​ថា​៖ ​«​ចូរ​មាន​ចិត្ត​ញ័រ[​ឬ​ខឹង​]ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ​»។ (​ទំនុក​តម្កើង ៤:៤​) ប៉ុន្តែ តើ​អ្វី​ជា​គោល​បំណង​នៃ​ការ​ដាស់​តឿន​របស់​ប៉ូល? គាត់​បាន​ពន្យល់​បន្ថែម​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​គំនុំ កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ការ​ស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ​ជា​មួយ​នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​»។ (​អេភេសូរ ៤:៣១​) តាម​ពិត ប៉ូល​កំពុង​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ពិត​ឲ្យ​ជៀស​វាង​ពី​ការ​បញ្ចេញ​កំហឹង។ នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ដោយ​សារ​អត្ថបទ​ខាង​ចិត្ត​វិទ្យា​ដដែល​នោះ​បាន​សរសេរ​ថា​៖ ​«​ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា តាម​ពិត​ការ​បញ្ចេញ​កំហឹង​នាំ​ឲ្យ​មាន​ជម្លោះ​និង​អំពើ​ហិង្សា ហើយ​មិន​អាច​ជួយ . . . ដោះ​ស្រាយ​បញ្ហា​សោះ​»។

ដូច្នេះ តើ​តាម​របៀប​ណា​យើង​អាច​«​បោះ​បង់​ចោល​»​កំហឹង​និង​បញ្ហា​ដែល​មក​ពី​ការ​ខឹង​អ្នក​ឯ​ទៀត? ស្តេច​ដែល​មាន​ប្រាជ្ញា​ម្នាក់​ឈ្មោះ​សាឡូម៉ូន ជា​ស្តេច​របស់​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ បាន​សរសេរ​ថា​៖ ​«​សតិបញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ​»។ (​សុភាសិត ១៩:១១​) ពេល​មនុស្ស​ម្នាក់​ខឹង​យ៉ាង​ខ្លាំង តើ​«​សតិបញ្ញា​»​របស់​គាត់​អាច​ជួយ​គាត់​តាម​របៀប​ណា?

តើ​តាម​របៀប​ណា​សតិបញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង?

សតិបញ្ញា​សំដៅ​ទៅ​លើ​សមត្ថភាព​យល់​ធ្លុះ​នូវ​ស្ថានភាព​ណា​មួយ។ ពេល​មនុស្ស​ម្នាក់​មាន​សតិបញ្ញា គាត់​នឹង​គិត​ពិចារណា​យ៉ាង​ល្អិត​ល្អន់​អំពី​ស្ថានភាព​នោះ។ ដូច្នេះ ពេល​យើង​ខឹង តើ​សតិបញ្ញា​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

ពេល​យើង​ឃើញ​អំពើ​អយុត្ដិធម៌ យើង​ប្រហែល​ជា​ខឹង។ ប៉ុន្តែ បើ​យើង​ប្រព្រឹត្ត​តាម​អារម្មណ៍​របស់​យើង ហើយ​ប្រើ​អំពើ​ហិង្សា យើង​អាច​ធ្វើ​ឲ្យ​ខ្លួន​យើង​ឬ​អ្នក​ឯ​ទៀត​រង​របួស។ ដូច​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ដែល​បំផ្លាញ​ផ្ទះ នោះ​ការ​បញ្ចេញ​កំហឹង​អាច​បំផ្លាញ​កេរ្ដិ៍​ឈ្មោះ​និង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត ជា​ពិសេស​អាច​បំផ្លាញ​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ។ ដូច្នេះ ពេល​យើង​មាន​អារម្មណ៍​ថា​យើង​មាន​កំហឹង​កាន់​តែ​ខ្លាំង នេះ​ជា​ពេល​ដែល​យើង​ត្រូវ​គិត​ពិចារណា​យ៉ាង​ល្អិត​ល្អន់​អំពី​ស្ថានភាព​នោះ។ ពេល​យើង​យល់​សព្វ​គ្រប់​អំពី​រឿង​ដែល​បាន​កើត​ឡើង នេះ​នឹង​ជួយ​យើង​ឲ្យ​ចេះ​ទប់​កំហឹង។

ស្តេច​ដាវីឌ​ដែល​ជា​បិតា​របស់​សាឡូម៉ូន ហៀបនឹង​មាន​ទោស​ចំពោះ​ឈាម ដោយ​សារ​បុរស​ម្នាក់​ឈ្មោះ​ណាបាល តែ​គាត់​មិន​បាន​សម្លាប់​ណាបាល​ទេ ពី​ព្រោះ​ដាវីឌ​បាន​ត្រូវ​ជួយ​ឲ្យ​យល់​សព្វ​គ្រប់​អំពី​រឿង​ដែល​បាន​កើត​ឡើង។ មុន​ហេតុ​ការណ៍​នេះ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​ជួយ​ការពារ​ចៀម​របស់​ណាបាល​នៅ​តំបន់​ស្ងាត់​ជ្រងំ​ក្នុង​ស្រុក​យូដា។ ពេល​រដូវ​កាត់​រោម​ចៀម​មក​ដល់ ដាវីឌ​បាន​សុំ​អាហារ​ខ្លះ​ពី​ណាបាល។ ប៉ុន្តែ ពេល​នោះ​ណាបាល​បាន​ឆ្លើយ​តប​ថា​៖ ​«​តើ​ត្រូវ​ឲ្យ​អញ​យកនំ​ប៉័ង​របស់​អញ ព្រម​ទាំង​ទឹក នឹង​សាច់​ដែល​អញ​បាន​សំឡាប់ សំ​រាប់​ពួក​ជាង​កាត់​រោម​ចៀម ទៅ​ចែក​ដល់​ពួក​មនុស្ស ដែល​អញ​មិន​ដឹង​ជា​មក​ពី​ណា​ផង​ឬ​អី​»។ នេះ​ពិត​ជា​សម្ដី​មើល​ងាយ​មែន! ពេល​ដាវីឌ​បាន​ឮ​ដូច្នេះ គាត់​និង​ពួក​បុរស​ប្រហែល​ជា​៤០០​នាក់​បាន​ចេញ​ទៅ​បំផ្លាញ​ណាបាល​និង​ក្រុម​គ្រួសារ​របស់​គាត់។—សាំយូអែល​ទី១ ២៥:៤​-​១៣

ប្រពន្ធ​របស់​ណាបាល​ឈ្មោះ​អ័ប៊ីកែល​បាន​ដឹង​អំពី​ហេតុ​ការណ៍​នោះ ហើយ​បាន​ចេញ​ទៅ​ជួប​ដាវីឌ។ នៅ​ពេល​អ័ប៊ីកែល​បាន​ជួប​ដាវីឌ​និង​ពួក​បុរស​របស់​គាត់ នាង​លំឱន​កាយ​នៅ​ជិត​ជើង​ដាវីឌ ហើយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ជំ​រាប​ជូន​លោក​ស្ដាប់​បន្ដិច ហើយ​សូម​ទទួល​ស្ដាប់​ពាក្យ​របស់​បាវ​ស្រី​លោក​សិន​»។ បន្ទាប់​មក នាង​បាន​ពន្យល់​ដាវីឌ​ថា ណាបាល​ជា​មនុស្ស​មិន​ចេះ​ពិចារណា ហើយ​នាង​បាន​បញ្ជាក់​ថា​ដាវីឌ​នឹង​ស្ដាយ​ក្រោយ បើ​គាត់​សង​សឹក​ហើយ​កំចាយ​ឈាម​នោះ។—សាំយូអែល​ទី១ ២៥:២៤​-​៣១

តើ​ពាក្យ​របស់​អ័ប៊ីកែល​បាន​ជួយ​ដាវីឌ​ឲ្យ​យល់​សព្វ​គ្រប់​អំពី​រឿង​នោះ ហើយ​បញ្ឈប់​ការ​កំចាយ​ឈាម​យ៉ាង​ដូច​ម្ដេច? មូលហេតុ​ទី១​គឺ ដាវីឌ​បាន​ដឹង​ថា​ណាបាល​ជា​មនុស្ស​មិន​ចេះ​ពិចារណា​តាំង​ពី​កំណើត ហើយ​មូលហេតុ​ទី២​គឺ ដាវីឌ​បាន​យល់​ថា បើ​គាត់​សង​សឹង នោះ​គាត់​នឹង​អាច​មាន​ទោស​ចំពោះ​ឈាម។ ដូច​ដាវីឌ​ដែរ អ្នក​ប្រហែល​ជា​ខឹង​ដោយ​សារ​រឿង​ណា​មួយ។ ប៉ុន្តែ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា? ស្តី​អំពី​ការ​គ្រប់​គ្រង​កំហឹង គ្លីនិក​មួយ​បាន​ឲ្យ​យោបល់​ថា​៖ ​«​សូម​ផ្អាក​ដើម្បី​ដក​ដង្ហើម​វែង​ៗ ហើយ​រាប់​ដល់​១០​»​ (​Mayo Cl​in​ic​)។ ពិត​មែន​ហើយ អ្នក​អាច​ផ្អាក​ហើយ​គិត​អំពី​មូលហេតុ​នៃ​រឿង​នោះ ហើយ​គិត​ថា​បើ​អ្នក​ប្រព្រឹត្ត​តាម​កំហឹង​របស់​អ្នក តើ​នឹង​មាន​លទ្ធផល​អ្វី។ សូម​ឲ្យ​សតិបញ្ញា​របស់​អ្នក​នាំ​អ្នក​ឲ្យ​យឺត​នឹង​ខឹង ថែម​ទាំង​បញ្ឈប់​កំហឹង​ផង។—សាំយូអែល​ទី១ ២៥:៣២​-​៣៥

ស្រដៀង​គ្នា​ដែរ មនុស្ស​ជា​ច្រើន​បាន​ត្រូវ​ជួយ​ឲ្យ​គ្រប់​គ្រង​កំហឹង​របស់​ពួក​គេ។ បុរស​ម្នាក់​ឈ្មោះ​ស៊ីបាសស្ទៀន​បាន​ពន្យល់​ថា កាល​ដែល​គាត់​មាន​អាយុ​២៣​ឆ្នាំ គាត់​បាន​ជាប់​គុក​នៅ​ប្រទេស​ប៉ូឡូញ ហើយ​គាត់​បាន​រៀន​ឲ្យ​ចេះ​គ្រប់​គ្រង​អារម្មណ៍​និង​កំហឹង​របស់​គាត់​តាម​រយៈ​ការ​សិក្សា​គម្ពីរ។ គាត់​បាន​និយាយ​ថា​៖ ​«​មុន​ដំបូង ខ្ញុំ​គិត​ឲ្យ​បាន​សព្វ​គ្រប់​អំពី​រឿង​ដែល​ខ្ញុំ​ខឹង។ បន្ទាប់​មក ខ្ញុំ​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ។ ខ្ញុំ​បាន​ដឹង​ថា​គម្ពីរ​គឺ​ជា​សៀវភៅ​ណែនាំ​ដ៏​ល្អ​បំផុត​»។

បុរស​ម្នាក់​ឈ្មោះ​សេតស៊ូអូ​ក៏​បាន​ធ្វើ​តាម​វិធី​ដូច​គ្នា​ដែរ។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ស្រែក​គំហក​ឲ្យ​អ្នក​រួម​ការ​ងារ​នៅ​ពេល​ខ្ញុំ​ខឹង។ ឥឡូវ តាំង​ពី​ខ្ញុំ​បាន​រៀន​គម្ពីរ​មក ជា​ជាង​ស្រែក​គំហក​ឲ្យ​អ្នក​ឯ​ទៀត ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ‹តើ​នេះ​ជា​កំហុស​របស់​អ្នក​ណា? តើ​ខ្ញុំ​ជា​អ្នក​បង្ក​រឿង​ឬ?›​»។ ពេល​គាត់​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​នេះ នោះ​ជួយ​គាត់​ឲ្យ​យឺត​នឹង​ខឹង​ឬ​ជួយ​គាត់​មិន​ឲ្យ​ឆាប់​ខឹង ហើយ​ក៏​អាច​ជួយ​គាត់​ឲ្យ​ចេះ​គ្រប់​គ្រង​អារម្មណ៍​ពុះ​កញ្ជ្រោល​ក្នុង​ចិត្ត​របស់​គាត់​ដែរ។

ពេល​អ្នក​មាន​អារម្មណ៍​ខឹង​ខ្លាំង អ្នក​ប្រហែល​ជា​ពិបាក​ទប់​កំហឹង​នោះ តែ​សូម​ចាំ​ថា​ការ​ណែនាំ​ពី​បណ្ដាំ​របស់​ព្រះ​គឺ​ខ្លាំង​ជាង​អារម្មណ៍​របស់​អ្នក។ បើ​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​គម្ពីរ ហើយ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ អ្នក​ក៏​អាច​ឲ្យ​សតិបញ្ញា​របស់​អ្នក​នាំ​អ្នក​ឲ្យ​យឺត​នឹង​ខឹង​ឬ​គ្រប់​គ្រង​កំហឹង​របស់​អ្នក​បាន​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក