បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/១ ទំ. ១៤-១៥
  • តើខ្ញុំគួរខ្ចីលុយឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើខ្ញុំគួរខ្ចីលុយឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ចាំ​បាច់​ខ្ចី​លុយ​ឬ​ទេ?
  • គម្ពីរ​មាន​ការ​ណែនាំ​ដ៏​ល្អ
  • ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ
    ភ្ញាក់រឭក! ២០១៥
  • ចាយវាយដោយចេះគិត
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/១ ទំ. ១៤-១៥

តើ​ខ្ញុំ​គួរ​ខ្ចី​លុយ​ឬ​ទេ?

​«​ការ​ខ្ចី​លុយ​គឺ​ដូច​ជា​ការ​រៀប​ការ តែ​ការ​សង​លុយ​គឺ​ដូច​ជា​ការ​កាន់​ទុក្ខ​»​ (​សុភាសិត​របស់​ជន​ជាតិ​អាហ្វ្រិក​)។

សុភាសិត​នេះ​បាន​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​នៅ​ទ្វីប​អាហ្វ្រិក​ខាង​កើត ហើយ​មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ផ្សេង​ៗ​ក៏​ពិត​ជា​យល់​ស្រប​នឹង​សុភាសិត​នេះ​ដែរ។ តើ​អ្នក​មាន​អារម្មណ៍​បែប​នេះ​នៅ​ពេល​អ្នក​ខ្ចី​លុយ​ពី​មិត្ត​ភក្ដិ​ឬ​ពី​អ្នក​ឯ​ទៀត​ទេ? ទោះ​បី​ជា​ពេល​ខ្លះ​អ្នក​ប្រហែល​ជា​ត្រូវ​ការ​ខ្ចី​លុយ​ក៏​ដោយ តើ​នេះ​ជា​ដំណោះ​ស្រាយ​ល្អ​ឬ​ទេ? តើ​ការ​ខ្ចី​លុយ​នាំ​ឲ្យ​មាន​បញ្ហា​អ្វី​ខ្លះ?

សុភាសិត​មួយ​ទៀត​របស់​ជន​ជាតិ​អាហ្វ្រិក​បាន​ពន្យល់​ថា​ការ​ខ្ចី​លុយ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ធំ ដោយ​និយាយ​ថា​៖ ​«​ការ​ខ្ចី​លុយ​និង​ការ​សង​បំណុល​នាំ​ឲ្យ​មិត្តភាព​ប្រេះ​ឆា​»។ ពិត​ណាស់ បំណុល​អាច​បង្ខូច​ទំនាក់​ទំនង​និង​ចំណង​មិត្តភាព​របស់​មនុស្ស។ ទោះ​បី​ជា​អ្នក​បាន​រៀបចំ​គម្រោង​ល្អ​បំផុត ហើយ​មាន​បំណង​ធ្វើ​តាម​ការ​សន្យា​ដើម្បី​សង​បំណុល​វិញ​ក៏​ដោយ តែ​អ្នក​ក៏​អាច​ជួប​បញ្ហា​ដែល​មិន​អាច​ដឹង​ទុក​ជា​មុន​ដែរ។ ឧទាហរណ៍ បើ​អ្នក​មិន​អាច​សង​ប្រាក់​តាម​ការ​សន្យា ម្ចាស់​បំណុល​អាច​ខឹង​នឹង​អ្នក។ ជា​លទ្ធផល អាច​នាំ​ឲ្យ​មាន​ការ​អន់​ចិត្ត​គ្នា ហើយ​មិត្តភាព​រវាង​អ្នក​ខ្ចី​និង​ម្ចាស់​បំណុល​ប្រហែល​ជា​ប្រេះ​ឆា សូម្បី​តែ​រវាង​សមាជិក​ក្រុម​គ្រួសារ​ក្ដី។ ដោយ​សារ​ការ​ខ្ចី​លុយ​អាច​នាំ​ឲ្យ​មាន​ជម្លោះ ដូច្នេះ យើង​ចង់​ចាត់​ទុក​ការ​ខ្ចី​លុយ​ជា​ជម្រើស​ចុង​ក្រោយ​បំផុត មិន​មែន​ជា​ដំណោះ​ស្រាយ​ដំបូង​ចំពោះ​បញ្ហា​ខាង​លុយ​កាក់​ទេ។

ការ​ខ្ចី​លុយ​ក៏​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​មនុស្ស​ម្នាក់​ជា​មួយ​នឹង​ព្រះ​ដែរ។ តើ​តាម​របៀប​ណា? មុន​ដំបូង គម្ពីរ​និយាយ​ថា​បើ​មនុស្ស​ណា​ម្នាក់​ខ្ចី​ប្រាក់​គេ តែ​គ្មាន​បំណង​សង​វិញ​ទេ អ្នក​នោះ​ជា​មនុស្ស​អាក្រក់។ (​ទំនុក​តម្កើង ៣៧:២១​) បន្ថែម​ទៀត គម្ពីរ​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ ​«​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ​»។ (​សុភាសិត ២២:៧​) ដូច្នេះ អ្នក​ខ្ចី​ប្រាក់​ត្រូវ​ទទួល​ស្គាល់​ថា គាត់​មាន​ភារកិច្ច​សង​ប្រាក់​ឲ្យ​អស់​ទៅ​ម្ចាស់​បំណុល​វិញ។ សុភាសិត​មួយ​ទៀត​របស់​ជន​ជាតិ​អាហ្វ្រិក​និយាយ​ថា​៖ ​«​បើ​អ្នក​ខ្ចី​ជើង​របស់​បុគ្គល​ណា​ម្នាក់ អ្នក​ត្រូវ​ដើរ​ទៅ​តាម​បង្គាប់​របស់​បុគ្គល​នោះ​»។ សុភាសិត​នេះ​មាន​ន័យ​ថា អ្នក​ណា​ដែល​ជំពាក់​បំណុល​គេ​ច្រើន អ្នក​នោះ​លែង​មាន​សេរី​ភាព​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ​ទៀត​ហើយ។

ដូច្នេះ អ្នក​ដែល​ជំពាក់​បំណុល​គេ​ត្រូវ​ចាត់​ទុក​ការ​សង​ប្រាក់​គេ​វិញ​ជា​អ្វី​ដ៏​សំខាន់​បំផុត។ បើ​មិន​ដូច្នេះ​ទេ គាត់​ទំនង​ជា​នឹង​មាន​ការ​ពិបាក​ច្រើន។ ការ​ជំពាក់​បំណុល​គេ​កាន់​តែ​ច្រើន ក៏​នឹង​នាំ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ច្រើន​ដែរ​ដូច​ជា ការ​ព្រួយ​បារម្ភ ការ​សម្រាន្ត​មិន​លក់ ការ​ធ្វើ​ការ​ងារ​ច្រើន ការ​មាន​ជម្លោះ​រវាង​គូ​អាពាហ៍ពិពាហ៍ ការ​លែង​លះ​គ្នា ការ​ប្ដឹង​ផ្ដល់​គ្នា និង​ការ​ជាប់​គុក​ជា​ដើម។ ស្តី​អំពី​រឿង​នេះ ពាក្យ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​នៅ រ៉ូម ១៣:៨ ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ជំពាក់​អ្វី​អ្នក​ណា​ទេ សូម្បី​តែ​អ្វី​មួយ​ក៏​ដោយ ក្រៅ​ពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»។

តើ​ចាំ​បាច់​ខ្ចី​លុយ​ឬ​ទេ?

យោង​ទៅ​តាម​អ្វី​ដែល​បាន​បក​ស្រាយ​ខាង​លើ ជា​ការ​ឈ្លៀស​វៃ​ឲ្យ​យើង​គិត​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ មុន​យើង​ខ្ចី​លុយ​គេ ដោយ​សួរ​ខ្លួន​យើង​ថា តើ​ខ្ញុំ​ពិត​ជា​ត្រូវ​ការ​ខ្ចី​ប្រាក់​មែន​ឬ? តើ​ខ្ញុំ​ខ្ចី​ប្រាក់​ដើម្បី​ជួយ​មុខ​របរ​ខ្ញុំ​ឲ្យ​ដំណើរ​ការ​វិញ និង​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ​ខ្ញុំ​ឬ? តើ​ខ្ញុំ​គ្រាន់​តែ​មាន​ចិត្ត​លោភ​លន់ ហើយ​ចង់​ទិញ​អ្វី​ដែល​ខ្ញុំ​គ្មាន​សមត្ថភាព​ទិញ​ឬ? ក្នុង​ករណី​ជា​ច្រើន គឺ​ជា​ការ​ល្អ​ជាង​ឲ្យ​យើង​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន ជា​ជាង​ជំពាក់​បំណុល​គេ។

ពិត​ណាស់ មាន​ស្ថានភាព​បន្ទាន់​ខ្លះ​ដែល​តម្រូវ​ឲ្យ​យើង​ខ្ចី​លុយ​គេ ហើយ​យើង​គ្មាន​ជម្រើស​ណា​ក្រៅ​ពី​នោះ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បើ​បុគ្គល​ម្នាក់​សម្រេច​ចិត្ត​ខ្ចី​ប្រាក់​គេ គាត់​គួរ​បង្ហាញ​ថា​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់​និង​គួរ​ឲ្យ​ទុក​ចិត្ត។ តើ​គាត់​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

មុន​ដំបូង យើង​មិន​ត្រូវ​កេង​ប្រយោជន៍​ពី​អ្នក​ណា​ម្នាក់ ដោយ​សារ​យើង​ដឹង​ថា​គាត់​ជា​មនុស្ស​មាន​លុយ​ឬ​ទ្រព្យ​ច្រើន​ជាង​អ្នក​ឯ​ទៀត​នោះ​ទេ។ យើង​ក៏​មិន​គួរ​មាន​អារម្មណ៍​ថា អ្នក​ដែល​មើល​ទៅ​ដូច​ជា​មាន​លុយ​ឬ​ទ្រព្យ​ច្រើន​នោះ ត្រូវ​តែ​ជួយ​យើង​ខាង​លុយ​កាក់​ដែរ។ បន្ថែម​ទៀត យើង​មិន​គួរ​គិត​ថា ដោយ​សារ​គាត់​មាន​លុយ​ច្រើន យើង​មិន​ចាំ​បាច់​សង​ប្រាក់​ដែល​យើង​ជំពាក់​គាត់​នោះ​តាម​ពាក្យ​សន្យា​ទេ។ ម្យ៉ាង​ទៀត យើង​មិន​ត្រូវ​ច្រណែន​នឹង​អ្នក​ដែល​ហាក់​ដូច​ជា​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​នោះ​ឡើយ។—សុភាសិត ២៨:២២

បន្ទាប់​មក សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​នឹង​សង​ប្រាក់​ដែល​អ្នក​បាន​ខ្ចី​តាម​ពាក្យ​សន្យា។ បើ​ម្ចាស់​បំណុល​មិន​និយាយ​ច្បាស់​លាស់​អំពី​ពេល​ដែល​អ្នក​ត្រូវ​សង​ប្រាក់​វិញ​ទេ អ្នក​គួរ​ប្រាប់​គាត់​អំពី​ពេល​ដែល​អ្នក​នឹង​សង​ប្រាក់​គាត់​វិញ ហើយ​សូម​ធ្វើ​តាម​ពាក្យ​សន្យា​នោះ។ ជា​ការ​ល្អ​ឲ្យ​អ្នក​ចុះ​កិច្ច​សន្យា​ជា​លាយ​លក្ខណ៍​អក្សរ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នឹង​គ្នា។ (​យេរេមា ៣២:៩, ១០​) បន្ថែម​ទៀត បើ​អ្នក​អាច​ធ្វើ​បាន សូម​សង​ប្រាក់​ទៅ​ម្ចាស់​បំណុល​វិញ​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ដើម្បី​អ្នក​អាច​អរគុណ​គាត់​ដោយ​ផ្ទាល់។ បើ​អ្នក​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​សង​ប្រាក់​គេ​វិញ អ្នក​នឹង​មាន​មិត្តភាព​ល្អ​ជា​មួយ​នឹង​អ្នក​ដែល​ឲ្យ​ខ្ចី។ លោក​យេស៊ូ​បាន​ប្រាប់​គោល​ការណ៍​ដ៏​ល្បី​ល្បាញ​មួយ​ថា​៖ ​«​គ្រាន់​តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា‹មែន› គឺ​មែន បើ​ថា‹ទេ› គឺ​ទេ​»។ (​ម៉ាថាយ ៥:៣៧​) បន្ថែម​ទៀត សូម​ចាំ​គោល​ការណ៍​ដ៏​ល្បី​ល្បាញ​មួយ​ទៀត​ដែល​ថា​៖ ​«​ម្ល៉ោះ​ហើយ អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ​»។—ម៉ាថាយ ៧:១២

គម្ពីរ​មាន​ការ​ណែនាំ​ដ៏​ល្អ

នៅ​ពេល​ដែល​យើង​ចង់​ខ្ចី​ប្រាក់​គេ គម្ពីរ​ដាស់​តឿន​ថា​៖ ​«​តាម​ការ​ពិត ភក្ដី​ភាព​ចំពោះ​ព្រះ ជា​មួយ​នឹង​ការ​ស្កប់​ចិត្ត នាំ​ឲ្យ​បាន​ផល​ប្រយោជន៍​ច្រើន​ក្រៃ​លែង​មែន​»។ (​ធីម៉ូថេ​ទី១ ៦:៦​) បើ​និយាយ​ឲ្យ​ចំ​ទៅ ខ​គម្ពីរ​នេះ​មាន​ន័យ​ថា​ការ​ចេះ​ស្កប់​ចិត្ត​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ដែល​ជួយ​យើង​ឲ្យ​ជៀស​ចេញ​ពី​ផល​វិបាក​ដែល​មក​ពី​ការ​ខ្ចី​ប្រាក់​គេ។ ប៉ុន្តែ យើង​ដឹង​ថា​ការ​មាន​ចិត្ត​ស្កប់​ក្នុង​ពិភព​លោក​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ពី​ព្រោះ​មនុស្ស​ចេះ​តែ​ចង់​បាន​អ្វី​ភ្លាម​ៗ​តាម​ចិត្ត​ប្រាថ្នា​របស់​ខ្លួន។ ដូច្នេះ​ហើយ ការ​មាន​«​ភក្ដី​ភាព​ចំពោះ​ព្រះ​»​គឺ​សំខាន់។ ហេតុ​អ្វី?

សូម​គិត​អំពី​ឧទាហរណ៍​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ទ្វីប​អាស៊ី។ កាល​ពួក​គេ​នៅ​ក្មេង ពួក​គេ​គោរព​កោត​ស្ងើច​អ្នក​ដែល​អាច​ទិញ​ផ្ទះ​ធំ​ដោយ​ខ្លួន​ឯង។ ដូច្នេះ ពួក​គេ​បាន​សម្រេច​ចិត្ត​ទិញ​ផ្ទះ​មួយ​ដោយ​ប្រើ​ប្រាក់​សន្សំ​របស់​ខ្លួន ព្រម​ទាំង​ខ្ចី​លុយ​ពី​ធនាគារ​និង​ពី​សាច់​ញាតិ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួក​គេ​មាន​អារម្មណ៍​ថា ការ​សង​ប្រាក់​បំណុល​ដ៏​ច្រើន​ជា​រៀង​រាល់​ខែ​គឺ​ជា​បន្ទុក​ធ្ងន់​មួយ។ ដើម្បី​សង​បំណុល​វិញ ពួក​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ច្រើន​ជាង ដែល​នាំ​ឲ្យ​ពួក​គេ​មិន​សូវ​មាន​ពេល​សម្រាប់​កូន​ៗ​របស់​ពួក​គេ​ទេ។ បុរស​ដែល​ជា​ប្ដី​បាន​និយាយ​ថា​៖ ​«​ការ​តាន​តឹង​ចិត្ត ការ​ព្រួយ​បារម្ភ និង​ការ​គេង​មិន​លក់ ហាក់​ដូច​ជា​ដុំ​ថ្ម​ដ៏​ធ្ងន់​មួយ​នៅ​លើ​ក្បាល​ខ្ញុំ ហើយ​នេះ​ប្រៀប​ដូច​ជា​អ្វី​មួយ​មក​រឹត​ក​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ដក​ដង្ហើម​»។

​«​ការ​មាន​ទស្សនៈ​ដូច​ព្រះ​ក្នុង​រឿង​ទ្រព្យ​សម្បត្ដិ​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​បញ្ហា​»

ក្រោយ​មក ពួក​គេ​បាន​នឹក​ចាំ​បទ​គម្ពីរ​នៅ ធីម៉ូថេ​ទី១ ៦:៦ ហើយ​បាន​សម្រេច​ចិត្ត​ថា ដំណោះ​ស្រាយ​តែ​មួយ​គត់​គឺ​លក់​ផ្ទះ​របស់​ពួក​គេ។ ពីរ​ឆ្នាំ​ក្រោយ​ពី​បាន​លក់​ផ្ទះ​នោះ ទើប​ពួក​គេ​បាន​សង​បំណុល​អស់។ តើ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​ពួក​គេ? ពួក​គេ​បាន​និយាយ​ថា​៖ ​«​ការ​មាន​ទស្សនៈ​ដូច​ព្រះ​ក្នុង​រឿង​ទ្រព្យ​សម្បត្ដិ​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​បញ្ហា​»។

មនុស្ស​ជា​ច្រើន​ស្គាល់​សុភាសិត​របស់​ជន​ជាតិ​អាហ្វ្រិក​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នេះ​មិន​បាន​នាំ​ឲ្យ​ពួក​គេ​ឈប់​ខ្ចី​លុយ​ទេ។ ប៉ុន្តែ គោល​ការណ៍​គម្ពីរ​ខ្លះ​ដែល​បាន​ត្រូវ​ពន្យល់​នៅ​ខាង​លើ ជួយ​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន​ពេល​ខ្ចី​លុយ​គេ មែន​ទេ? អាស្រ័យ​ហេតុ​នេះ មុន​យើង​ខ្ចី​លុយ​គេ យើង​គួរ​ពិចារណា​យ៉ាង​ល្អិត​ល្អន់​អំពី​សំណួរ​ថា តើ​ខ្ញុំ​គួរ​ខ្ចី​លុយ​ឬ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក