តើគម្ពីរចែងយ៉ាងណាអំពីកំហឹង?
ចម្លើយពីគម្ពីរ
គម្ពីរបង្រៀនថា ការមិនចេះទប់កំហឹង នាំឲ្យមានលទ្ធផលអាក្រក់ ចំពោះបុគ្គលនោះផ្ទាល់ និងមនុស្សដែលនៅជុំវិញគាត់។ (សុភាសិត ២៩:២២) ទោះជាជួនកាល ការខឹងគឺត្រឹមត្រូវក៏ដោយ ប៉ុន្តែ គម្ពីរចែងថាពួកអ្នកដែលតែងតែ«ច្រឡោតខឹង» នឹងមិនទទួលសេចក្ដីសង្គ្រោះទេ។ (កាឡាទី ៥:១៩-២១) ក្នុងគម្ពីរមានគោលការណ៍ផ្សេងៗដែលអាចជួយបុគ្គលម្នាក់ឲ្យចេះទប់កំហឹង។
តើការខឹងតែងតែខុសឬ?
មិនមែនទេ។ ក្នុងករណីខ្លះការខឹងអាចជាអ្វីដែលត្រឹមត្រូវ។ ជាឧទាហរណ៍ ពេលនេហេមាដែលជាបុរសមានជំនឿមាំមួន បានដឹងថាបងប្អូនរួមជំនឿរបស់គាត់បានត្រូវគេគាបសង្កត់ គាត់និយាយថា៖ «ខ្ញុំក្ដៅក្រហាយជាខ្លាំង»។—នេហេមី[នេហេមា] ៥:៦, ខ.ស.
មានពេលដែលព្រះយេហូវ៉ាខឹង។ ជាឧទាហរណ៍ ពេលដែលរាស្ត្ររបស់លោកនៅសម័យបុរាណ មិនបានធ្វើតាមពាក្យសន្យារបស់ពួកគេដែលថានឹងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ ហើយចាប់ផ្ដើមគោរពព្រះមិនពិត នោះ«ព្រះយេហូវ៉ាក៏កើតមានសេចក្ដីខ្ញាល់»នឹងពួកគេ។ (ពួកចៅហ្វាយ ២:១៣, ១៤) ទោះជាយ៉ាងនេះក៏ដោយ កំហឹងមិនមែនជាលក្ខណៈលេចធ្លោរបស់ព្រះយេហូវ៉ាទេ។ ពេលព្រះយេហូវ៉ាខឹង លោកតែងតែមានមូលហេតុត្រឹមត្រូវ ហើយលោកចេះទប់កំហឹងរបស់លោក។—និក្ខមនំ ៣៤:៦; អេសាយ ៤៨:៩
តើពេលណាដែលការខឹងគឺខុស?
កំហឹងអាចជាអ្វីដែលខុស នៅពេលយើងខឹងដោយគ្មានមូលហេតុត្រឹមត្រូវ ឬយើងមិនចេះទប់កំហឹង។ ការខឹងបែបនេះច្រើនតែកើតឡើងចំពោះយើងដែលជាមនុស្សមិនល្អឥតខ្ចោះ។ ជាឧទាហរណ៍:
កាអ៊ីនមានចិត្ត«ក្ដៅក្រហាយ»ពេលដែលព្រះបដិសេធមិនទទួលយកគ្រឿងបូជារបស់គាត់។ កាអ៊ីនអនុញ្ញាតឲ្យកំហឹងរបស់គាត់មានកាន់តែខ្លាំងឡើង រហូតដល់សម្លាប់ប្អូនប្រុសរបស់គាត់។—លោកុប្បត្តិ ៤:៣-៨
យ៉ូណាសបាន«ខឹង» ពេលដែលព្រះបង្ហាញចិត្តមេត្ដាករុណាដល់អ្នកក្រុងនីនីវេ។ ព្រះបានកែតម្រង់យ៉ូណាស ដោយប្រាប់ថាមិន‹ត្រឹមត្រូវទេដែល[គាត់]ខឹងដូច្នេះ› ហើយថាគាត់គួរមានចិត្តមេត្ដាដល់ពួកអ្នកដែលបានប្រែចិត្តពីអំពើខុសឆ្គងរបស់ខ្លួន។—យ៉ូណាស ៣:១០–៤:១, ៤, ១១a
ឧទាហរណ៍ទាំងនេះ បង្ហាញមនុស្សមិនល្អឥតខ្ចោះថា«កំហឹងរបស់មនុស្សមិននាំឲ្យបានសេចក្ដីសុចរិតរបស់ព្រះទេ»។—យ៉ាកុប ១:២០
តើអ្នកអាចទប់កំហឹងយ៉ាងដូចម្ដេច?
ទទួលស្គាល់គ្រោះថ្នាក់ដែលមកពីការមិនទប់កំហឹង។ មនុស្សខ្លះប្រហែលជាគិតថាបើពួកគេបញ្ចេញកំហឹង នេះបង្ហាញថាពួកគេជាមនុស្សខ្លាំង។ តាមការពិត បើអ្នកណាម្នាក់មិនចេះទប់កំហឹង នោះបង្ហាញថាគាត់ជាមនុស្សដែលទន់ខ្សោយ។ «បើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង»។ (សុភាសិត ២៥:២៨; ២៩:១១) ផ្ទុយទៅវិញ ពេលដែលយើងចេះទប់កំហឹង នេះបង្ហាញថាយើងមានភាពរឹងមាំ និងមានសមត្ថភាពយល់ដឹងពិតប្រាកដ។ (សុភាសិត ១៤:២៩) គម្ពីរចែងថា៖ «អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកំឡាំងខ្លាំង»—សុភាសិត ១៦:៣២
សូមទប់កំហឹង មុននឹងអ្នកធ្វើអ្វីដែលនាំឲ្យស្ដាយក្រោយ។ ទំនុកតម្កើង ៣៧:៨ចែងថា៖ «ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្ដៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ»។ សូមចាំថា ពេលយើងខឹង យើងមានជម្រើស ពោលគឺយើងអាចជ្រើសរើសថាបោះបង់ចោលកំហឹងនោះ មុនយើង«ប្រព្រឹត្តអាក្រក់»។ ដូចអេភេសូរ ៤:២៦ចែង៖ «ពេលដែលអ្នករាល់គ្នាខឹង កុំធ្វើខុស»។
បើអាចធ្វើបាន សូមចាកចេញពីទីនោះមុនកំហឹងរបស់អ្នកផ្ទុះឡើង។ គម្ពីរចែងថា៖ «ការចាប់ផ្ដើមប្រកាន់គ្នា នោះប្រៀបដូចជាបើកទំនប់ទឹក ដូច្នេះ ចូរលើកការទាស់គ្នា ចេញមុនដែលកើតមានការប្រឈ្លោះគ្នាផង»។ (សុភាសិត ១៧:១៤) ម្យ៉ាងទៀត ជាការឈ្លាសវៃដែលឆាប់ដោះស្រាយបញ្ហានោះជាមួយអ្នកឯទៀត។ តែដំបូង អ្នកនិងបុគ្គលម្នាក់នោះត្រូវត្រជាក់ចិត្តសិន មុននឹងអ្នកទាំងពីរអាចពិគ្រោះគ្នាអំពីបញ្ហានោះដោយស្លូតបូត។
សូមស្វែងយល់ការពិត។ សុភាសិត ១៩:១១ចែងថា៖ «សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង»។ យើងប្រព្រឹត្តដោយប្រាជ្ញា បើយើងស្វែងយល់នូវការពិតទាំងអស់ មុនសន្និដ្ឋានអ្វីមួយ។ ពេលយើងស្ដាប់ដោយយកចិត្តទុកដាក់នូវព័ត៌មានទាំងអស់មុនសិន នោះយើងកំពុងកាត់បន្ថយការខឹងដែលមិនសមហេតុសមផល។—យ៉ាកុប ១:១៩
អធិដ្ឋានសុំឲ្យមានសន្ដិភាពក្នុងចិត្ត។ ការអធិដ្ឋានអាចជួយអ្នកឲ្យមាន«សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន»។ (ភីលីព ៤:៧) ការអធិដ្ឋានគឺជារបៀបដ៏ល្អបំផុតដែលយើងអាចទទួលសកម្មពលបរិសុទ្ធពីព្រះ ហើយសកម្មពលនោះអាចជួយយើងបង្កើតឲ្យមានគុណសម្បត្ដិដូចជា សេចក្ដីសុខសាន្ត ចិត្តធ្ងន់ និងការចេះទប់ចិត្ត។—លូកា ១១:១៣; កាឡាទី ៥:២២, ២៣
ជ្រើសរើសការសេពគប់ដោយប្រុងប្រយ័ត្ន។ យើងច្រើនតែប្រព្រឹត្តដូចមនុស្សដែលយើងសេពគប់។ (សុភាសិត ១៣:២០; កូរិនថូសទី១ ១៥:៣៣) មានមូលហេតុត្រឹមត្រូវ ដែលគម្ពីរព្រមានយើងថា៖ «កុំឲ្យចងជាមិត្រ នឹងមនុស្សណាដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ»។ ហេតុអ្វី? «ក្រែងឯងទំលាប់តាមអំពើរបស់គេ ហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯង»។—សុភាសិត ២២:២៤, ២៥
a តាមមើលទៅ យ៉ូណាសបានទទួលយកការកែតម្រង់ពីព្រះ ហើយគាត់បានបោះបង់ចោលកំហឹង។ យើងយល់ដូច្នេះ ដោយសារព្រះបានបន្តប្រើគាត់ ហើយគាត់មានឯកសិទ្ធិសរសេរផ្នែកមួយនៃគម្ពីរ ដែលមានឈ្មោះថា យ៉ូណាស ជាឈ្មោះរបស់គាត់ផ្ទាល់។