អត្ថបទអំពីក្របទស្សនាវដ្ដី | តើលោកយេស៊ូសង្គ្រោះយើងពីអ្វី?
ហេតុអ្វីយើងត្រូវការសេចក្ដីសង្គ្រោះ?
«មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរឡើយ»។—យ៉ូប ១៤:១, ២
តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃនេះ មនុស្សតែងស្រមៃគិតថា បើពួកគេអាចរស់នៅដោយមានសុខភាពល្អ ហើយនៅក្មេងរហូត នោះពិតជាការអស្ចារ្យមែន។ ប៉ុន្តែ គួរឲ្យស្ដាយណាស់ ការពិតយើងម្នាក់ៗមិនអាចជៀសផុតពីសេចក្ដីស្លាប់បានឡើយ។ ដូច្នេះ ពាក្យរបស់យ៉ូបនៅខាងលើ ដែលបានចែងទុកជាង៣.០០០ឆ្នាំមុន នៅតែជាការពិតនាសព្វថ្ងៃនេះ។
មនុស្សទាំងអស់ប្រាថ្នាចង់រស់ជារៀងរហូតយ៉ាងខ្លាំង។ គម្ពីរប្រាប់យើងថាព្រះបានធ្វើឲ្យយើងមានបំណងចិត្តចង់រស់ជារៀងរហូត។ (សាស្ដា ៣:១១) ហេតុនេះ បើព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ធ្វើឲ្យយើងមានបំណងចិត្តដែលមិនអាចសម្រេចបាន តើនេះជាការសមហេតុសមផលឬទេ? បើអ្នកឆ្លើយថាទេ អ្នកឆ្លើយត្រូវមែន។ បណ្ដាំរបស់ព្រះហៅសេចក្ដីស្លាប់ថាជាសត្រូវ ហើយលោកសន្យាថាសត្រូវនោះ«នឹងត្រូវបំផ្លាញឲ្យសាបសូន្យ»។—កូរិនថូសទី១ ១៥:២៦
សេចក្ដីស្លាប់គឺពិតជាសត្រូវរបស់យើងមែន។ តាមធម្មតា គ្មានមនុស្សណាម្នាក់ចង់ជួបសត្រូវនោះទេ។ ពេលយើងជិតជួបនឹងគ្រោះថ្នាក់ យើងតែងតែរត់គេច ឬពួនខ្លួន។ ពេលយើងឈឺ យើងរកវិធីព្យាបាល។ យើងខំធ្វើអស់ពីសមត្ថភាពដើម្បីជៀសវាងពីអ្វីៗដែលអាចនាំឲ្យយើងស្លាប់។
តើមានមូលហេតុអ្វីខ្លះឲ្យយើងជឿថាសត្រូវនេះនឹងត្រូវបំផ្លាញចោល? គឺពិតជាមានមូលហេតុមែន។ ព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើង មិនបានបង្កើតយើងមកដើម្បីឲ្យរស់តែប៉ុន្មានឆ្នាំ ហើយស្លាប់ទៅវិញនោះទេ។ តាំងពីដំបូង ព្រះមិនដែលមានគោលបំណងចង់ឲ្យមនុស្សស្លាប់នោះទេ។ លោកមានគោលបំណងឲ្យមនុស្សរស់ជារៀងរហូតនៅផែនដី ហើយលោកតែងតែសម្រេចគោលបំណងរបស់លោក។—អេសាយ ៥៥:១១
ដូច្នេះ តើតាមរបៀបណាសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ? ក្នុងប្រវត្ដិសាស្ត្រ មនុស្សខំព្យាយាមរកវិធីផ្សេងៗដើម្បីគេចផុតពីសេចក្ដីស្លាប់ តែពួកគេមិនបានសម្រេចឡើយ។ នៅសម័យទំនើបនេះ មនុស្សកំពុងខំព្យាយាមរកវិធីគេចផុតពីសេចក្ដីស្លាប់ដែរ។ ជាឧទាហរណ៍ ពួកអ្នកវិទ្យាសាស្ត្របានផលិតវ៉ាក់សាំងនិងថ្នាំពេទ្យផ្សេងៗ ដើម្បីទប់ស្កាត់ជំងឺខ្លះ។ ពួកគេបានសិក្សាអំពីហ្សែនរបស់ជីវិតទាំងឡាយ ដើម្បីរកវិធីឲ្យមនុស្សរស់បានយូរជាង។ នៅប្រទេសជាច្រើន ជាមធ្យមមនុស្សសព្វថ្ងៃនេះរស់បានយូរជាងមនុស្សនៅ១០០ឆ្នាំមុន។ ទោះជាយ៉ាងនោះក៏ដោយ មនុស្សនៅតែស្លាប់។ ដូចគម្ពីរបានចែងថា៖ «ទាំងអស់ . . . ត្រូវត្រឡប់ទៅឯធូលីដីវិញ»។—សាស្ដា ៣:២០
ប៉ុន្តែ មានដំណឹងល្អមួយគឺថាយើងមិនចាំបាច់ពឹងផ្អែកទៅលើប្រាជ្ញារបស់មនុស្សដែលខំព្យាយាមរកវិធីផ្សេងៗដើម្បីគេចផុតពីសេចក្ដីស្លាប់នោះទេ។ ព្រះយេហូវ៉ាបានរៀបចំឲ្យយើងទទួលសេចក្ដីសង្គ្រោះ ឬសង្គ្រោះយើងពីសេចក្ដីស្លាប់ ហើយបុគ្គលសំខាន់ក្នុងការរៀបចំនោះគឺលោកយេស៊ូគ្រិស្ត។