តើសេចក្ដីស្លាប់នឹងត្រូវបំផ្លាញចោលយ៉ាងដូចម្ដេច?
ទោះជាមនុស្សជាតិមានភាពខុសឆ្គងនិងសេចក្ដីស្លាប់ ដោយសារអាដាមនិងអេវ៉ាដែលជាឪពុកម្ដាយដំបូងរបស់យើងមិនបានស្ដាប់បង្គាប់ព្រះក៏ដោយ តែព្រះមិនបានផ្លាស់ប្ដូរគោលបំណងរបស់លោកសម្រាប់ក្រុមគ្រួសារមនុស្សជាតិឡើយ។ ក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះ លោកបញ្ជាក់ម្ដងហើយម្ដងទៀតថាគោលបំណងរបស់លោកមិនប្រែប្រួលទេ។
«ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកតម្កើង ៣៧:២៩
«ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។—អេសាយ ២៥:៨
«សត្រូវចុងក្រោយដែលនឹងត្រូវបំផ្លាញឲ្យសាបសូន្យគឺសេចក្ដីស្លាប់»។—កូរិនថូសទី១ ១៥:២៦
«សេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ»។—ការបើកបង្ហាញ ២១:៤
តើព្រះនឹង«បំផ្លាញសេចក្ដីស្លាប់»ឲ្យ«សាបសូន្យ»ទៅយ៉ាងដូចម្ដេច? ដូចបានកត់ទុកខាងលើ គម្ពីរបញ្ជាក់យ៉ាងច្បាស់ថា៖ «ពួកអ្នកសុចរិត . . . នឹងនៅក្នុងស្រុកនោះជានិច្ច»ឬរស់ជារៀងរហូត។ ប៉ុន្តែគម្ពីរក៏ចែងដែរថា៖ ‹គ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបនោះទេ›។ (សាស្ដា ៧:២០) តើនេះមានន័យថាលោកនឹងផ្លាស់ប្ដូរខ្នាតតម្រារបស់លោក ដើម្បីឲ្យមនុស្សមិនល្អឥតខ្ចោះអាចរស់ជារៀងរហូតឬ? លោកមិនធ្វើដូច្នេះទាល់តែសោះ! ដោយសារ«ព្រះ . . . មិនអាចកុហក»។ (ទីតុស ១:២) បើដូច្នេះ តើព្រះនឹងធ្វើអ្វីដើម្បីសម្រេចគោលបំណងដើមរបស់លោកសម្រាប់មនុស្សជាតិ?
ព្រះ«នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប»។—អេសាយ ២៥:៨
ការបំផ្លាញចោលសេចក្ដីស្លាប់ដោយបង់ថ្លៃលោះ
ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ារៀបចំវិធីដើម្បីរំដោះមនុស្សជាតិពីសេចក្ដីស្លាប់ គឺដោយបង់ថ្លៃលោះ។ ថ្លៃលោះគឺជាតម្លៃដែលត្រូវបង់ឲ្យស្មើនឹងថ្លៃខូចខាត ឬដើម្បីបង្ហាញយុត្ដិធម៌។ ដោយសារមនុស្សជាតិទាំងឡាយមានភាពខុសឆ្គងនិងបានត្រូវកាត់ទោសឲ្យស្លាប់ នោះគម្ពីរចែងចំៗថា៖ «គ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ ដ្បិតដំឡៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ ឥតដែលអាចនឹងលោះបានឡើយ»។—ទំនុកតម្កើង ៤៩:៧, ៨
ពេលមនុស្សមិនល្អឥតខ្ចោះស្លាប់ គាត់អាចទូទាត់ឲ្យជ្រះស្រឡះពីភាពខុសឆ្គងរបស់ខ្លួនប៉ុណ្ណោះ គាត់មិនអាចរំដោះខ្លួនគាត់ពីសេចក្ដីស្លាប់ឬទូទាត់សងនូវអំពើខុសឆ្គងរបស់អ្នកឯទៀតបានទេ។ (រ៉ូម ៦:៧) យើងត្រូវការបុគ្គលម្នាក់ដែលល្អឥតខ្ចោះនិងគ្មានភាពខុសឆ្គងដើម្បីផ្ដល់ជីវិតជាថ្លៃលោះ មិនមែនសម្រាប់អំពើខុសឆ្គងរបស់គាត់ទេ តែសម្រាប់អំពើខុសឆ្គងរបស់យើងវិញ។—ហេប្រឺ ១០:១-៤
នេះពិតជាអ្វីដែលព្រះបានរៀបចំឲ្យយើង។ លោកបានចាត់លោកយេស៊ូដែលជាបុត្ររបស់លោក ពីស្ថានសួគ៌ឲ្យកើតនៅផែនដីជាមនុស្សល្អឥតខ្ចោះ ដែលគ្មានភាពខុសឆ្គង។ (ពេត្រុសទី១ ២:២២) លោកយេស៊ូមានប្រសាសន៍ថាលោកបានមកដើម្បី«ឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើន»។ (ម៉ាកុស ១០:៤៥) លោកបានស្លាប់ដើម្បីទូទាត់សងនូវភាពខុសឆ្គងរបស់យើង និងរំដោះយើងពីសេចក្ដីស្លាប់ ដើម្បីឲ្យយើងអាចមានជីវិត។—យ៉ូហាន ៣:១៦
តើសេចក្ដីស្លាប់នឹងត្រូវបំផ្លាញចោលនៅពេលណា?
សព្វថ្ងៃនេះយើងរស់នៅក្នុងគ្រា«លំបាកណាស់»ស្របទៅតាមទំនាយក្នុងគម្ពីរ ដែលបញ្ជាក់ថាយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់»នៃរបៀបរបបដ៏ទុច្ចរិតនេះ។ (ធីម៉ូថេទី២ ៣:១) គ្រាចុងក្រោយបង្អស់នឹងត្រូវបញ្ចប់ដោយ«ថ្ងៃវិនិច្ឆ័យទោសមនុស្សទុច្ចរិតហើយបំផ្លាញពួកគេចោល»។ (ពេត្រុសទី២ ៣:៣, ៧) ប៉ុន្តែមនុស្សដែលស្រឡាញ់ព្រះនឹងរួចរស់ពីការបំផ្លាញចោលនោះ ហើយទទួលពរដែលជា«ជីវិតដែលគ្មានទីបញ្ចប់»។—ម៉ាថាយ ២៥:៤៦
លោកយេស៊ូបានមកដើម្បី«ឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើន»។—ម៉ាកុស ១០:៤៥
ពេលព្រះប្រោសមនុស្សរាប់លាននាក់ឯទៀតឲ្យរស់ឡើងវិញ ពួកគេនឹងមានឱកាសទទួលជីវិតដែលគ្មានទីបញ្ចប់។ លោកយេស៊ូបានប្រោសមនុស្សឲ្យរស់ឡើងវិញ ពេលលោកបានទៅក្រុងណេអ៊ីន។ នៅក្រុងនោះ កូនប្រុសតែមួយគត់របស់ស្ត្រីមេម៉ាយម្នាក់បានស្លាប់ ហើយលោកយេស៊ូ«មានចិត្តក្ដួលអាណិត» ហេតុនេះ លោកបានប្រោសគាត់ឲ្យរស់ឡើងវិញ។ (លូកា ៧:១១-១៥) សាវ័កប៉ូលក៏បាននិយាយដែរថា៖ «ខ្ញុំមានសេចក្ដីសង្ឃឹមលើព្រះ . . . ថា មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។ សេចក្ដីសង្ឃឹមដ៏មុតមាំនេះគឺជាការបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះចំពោះមនុស្សជាតិ។—សកម្មភាព ២៤:១៥
មនុស្សរាប់ពាន់លាននាក់អាចរស់ជារៀងរហូតបាន។ គម្ពីរចែងថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកតម្កើង ៣៧:២៩) នៅពេលនោះ ពួកគេនឹងសប្បាយរីករាយ ហើយនឹងទទួលការលើកទឹកចិត្តដោយឃើញការសម្រេចនៃពាក្យរបស់សាវ័កប៉ូលដែលបានសរសេរប្រហែល២.០០០ឆ្នាំមុនថា៖ «សេចក្ដីស្លាប់អើយ តើជ័យជម្នះរបស់អ្នកនៅឯណា? សេចក្ដីស្លាប់អើយ តើទ្រនិចរបស់អ្នកនៅឯណា?»។ (កូរិនថូសទី១ ១៥:៥៥) សេចក្ដីស្លាប់ដែលជាសត្រូវដ៏ខ្លាំងក្លារបស់មនុស្សបានត្រូវបំផ្លាញចោលហើយ!