អត្ថបទអំពីក្របទស្សនាវដ្ដី | ហេតុអ្វីគួរប្រព្រឹត្តទៀងត្រង់?
តើការប្រព្រឹត្តទៀងត្រង់នៅតែមានប្រយោជន៍ឬទេ?
នៅប្រទេសជប៉ុន បុរសម្នាក់ឈ្មោះហ៊ីតូហ្ស៊ីជាបុគ្គលិកផ្នែកគណនេយ្យក្នុងក្រុមហ៊ុនមួយដែលជួយស្វែងរកការងារធ្វើ។ ពេលដែលគាត់កំពុងពិនិត្យមើលឡើងវិញនូវបញ្ជីគណនេយ្យជាមួយនឹងប្រធានរបស់គាត់ ប្រធានបានប្រាប់ឲ្យគាត់ធ្វើរបាយការណ៍ក្លែងក្លាយមួយ។ ហ៊ីតូហ្ស៊ីបានប្រាប់ប្រធានថា គាត់មិនមានអារម្មណ៍ស្រួលទេពេលដែលធ្វើអ្វីដែលមិនទៀងត្រង់។ ពេលឮដូចនោះ ប្រធានរបស់ហ៊ីតូហ្ស៊ីបានគំរាមបញ្ឈប់គាត់ពីការងារ ហើយនៅទីបំផុតប្រធាននោះបានបញ្ឈប់គាត់មែន។
អស់ប៉ុន្មានខែក្រោយពីនោះ ហ៊ីតូហ្ស៊ីបានធ្លាក់ទឹកចិត្តដោយសារពិបាករកការងារធ្វើ។ ជាឧទាហរណ៍ ក្នុងពេលសម្ភាសការងារថ្មីមួយ គាត់បានបញ្ជាក់ថាគាត់មិនអាចធ្វើការងារអ្វីដែលមិនទៀងត្រង់ទេ។ អ្នកសម្ភាសគាត់បានឆ្លើយថា៖ «ម៉េចក៏លោកមានគំនិតប្លែកពីគេម្ល៉េះ!»។ ក្រុមគ្រួសាររបស់ហ៊ីតូហ្ស៊ីនិងមិត្តភក្ដិរបស់គាត់ បានលើកទឹកចិត្តគាត់ឲ្យបន្តប្រព្រឹត្តទៀងត្រង់តាមការតាំងចិត្តរបស់គាត់។ ប៉ុន្តែដោយសារអ្វីដែលបានកើតឡើងចំពោះគាត់ ធ្វើឲ្យគាត់ចាប់ផ្ដើមមានការសង្ស័យ ដូចជា៖ «តើការប្រព្រឹត្តទៀងត្រង់តាមជំនឿរបស់ខ្ញុំមានប្រយោជន៍ឬទេ?»។
បទពិសោធន៍របស់ហ៊ីតូហ្ស៊ីរំលឹកយើងថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែឲ្យតម្លៃទៅលើភាពទៀងត្រង់នោះទេ។ អ្នកខ្លះរហូតដល់គិតថា បើទៀងត្រង់ពេកអាចនាំឲ្យមានបញ្ហាដល់ខ្លួន ជាពិសេសក្នុងរឿងរកស៊ី។ បុគ្គលិកស្រីម្នាក់នៅប្រទេសអាហ្វ្រិកខាងត្បូងបាននិយាយថា៖ «ពេលដែលមនុស្សជុំវិញយើងសុទ្ធតែប្រព្រឹត្តមិនទៀងត្រង់ នោះងាយស្រួលឲ្យយើងតាមគេណាស់»។
ភាពមិនទៀងត្រង់មួយដែលមានកាន់តែច្រើននៅសព្វថ្ងៃនេះ គឺការនិយាយកុហក។ ប៉ុន្មានឆ្នាំមុន នៅសកលវិទ្យាល័យMassachusetts Amherst អ្នកចិត្តវិទ្យាម្នាក់ឈ្មោះរ៉ូបឺត ហ្វែលមេន បានសិក្សាស្រាវជ្រាវឃើញថាក្នុងចំណោមមនុស្សពេញវ័យ ៦០ភាគរយបានកុហកយ៉ាងហោចណាស់ម្ដងក្នុងការសន្ទនា១០នាទី។ លោកហ្វែលមេនបាននិយាយថា៖ «នេះជាលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ យើងមិនដែលគិតសោះថាមនុស្សនិយាយកុហកជារៀងរាល់ថ្ងៃបែបនេះ!»។ គឺពិតជាចម្លែកមែនដែលមនុស្សទូទៅស្អប់ណាស់ ពេលដែលអ្នកឯទៀតកុហកខ្លួន តែពួកគេភាគច្រើនបែរជាកុហកទៅវិញ។
ហេតុអ្វីនៅសព្វថ្ងៃនេះមនុស្សចូលចិត្តកុហក លួចបន្លំ និងប្រព្រឹត្តមិនទៀងត្រង់ច្រើនម្ល៉េះ? តើការប្រព្រឹត្តមិនទៀងត្រង់មានឥទ្ធិពលយ៉ាងណាទៅលើសង្គមមនុស្ស? សំខាន់ជាងនេះទៅទៀត តើយើងអាចជៀសវាងការប្រព្រឹត្តមិនទៀងត្រង់បែបនេះយ៉ាងដូចម្ដេច?