បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp16 លេខ ៣ ទំ. ៥-៦
  • វិធីដែលជួយអ្នកឲ្យរសាយទុក្ខ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • វិធីដែលជួយអ្នកឲ្យរសាយទុក្ខ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • អត្ថបទស្រដៀងគ្នា
  • អ្វីដែលនឹងកើតឡើង
    ភ្ញាក់រឭក! ២០១៨
  • «ចូរយំជាមួយនឹងអ្នកដែលកំពុងយំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ការលួងចិត្ដពី«ព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់»
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ពេលមនុស្សជាទីស្រឡាញ់ស្លាប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
wp16 លេខ ៣ ទំ. ៥-៦

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់

វិធី​ដែល​ជួយ​អ្នក​ឲ្យ​រសាយ​ទុក្ខ

ស្តី​អំពី​ការ​កើត​ទុក្ខ មាន​យោបល់​ផ្សេង​ៗ​ជា​ច្រើន​ដែល​ជួយ​ឲ្យ​រសាយ​ទុក្ខ។ ប៉ុន្តែ មិន​មែន​យោបល់​ទាំង​អស់​សុទ្ធតែ​មាន​ប្រយោជន៍​ឡើយ។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​ឃើញ​ថា​មនុស្ស​ខ្លះ​ប្រាប់​អ្នក​ថា​កុំ​យំ ឬ​កុំ​បញ្ចេញ​អារម្មណ៍​ឲ្យ​សោះ។ ប៉ុន្តែ អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​ជំរុញ​អ្នក​ឲ្យ​បញ្ចេញ​អារម្មណ៍​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ចិត្ត។ យ៉ាង​ណា​ក្ដី គម្ពីរ​មាន​យោបល់​សម​ហេតុ​សម​ផល​ជាង ហើយ​ស្រប​តាម​ការ​ស្រាវ​ជ្រាវ​នៅ​ពេល​ថ្មី​ៗ​នេះ។

តាម​ទម្លាប់​នៅ​ប្រទេស​ខ្លះ គេ​ចាត់​ទុក​មនុស្ស​ប្រុស​ដែល​យំ​ថា​ជា​ប្រុស​ទន់​ជ្រាយ​និង​គួរ​ឲ្យ​ខ្មាស​គេ​ណាស់។ ប៉ុន្តែ តើ​ការ​យំ​គឺ​ពិត​ជា​គួរ​ឲ្យ​ខ្មាស​គេ​មែន​ឬ សូម្បី​តែ​យំ​នៅ​មុខ​អ្នក​ឯ​ទៀត? អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ត​និយាយ​ថា ការ​យំ​គឺ​ជា​ទង្វើ​ធម្មតា​របស់​មនុស្ស​ដែល​មាន​ទុក្ខ។ ម្យ៉ាង​ទៀត នៅ​ពេល​ក្រោយ​មក ការ​បង្ហាញ​អារម្មណ៍​សោកសៅ​អាច​ជួយ​អ្នក​ឲ្យ​ធូរ​ស្រាល​ក្នុង​ចិត្ត ទោះ​ជា​អ្នក​មាន​ទុក្ខ​ដ៏​ធ្ងន់​យ៉ាង​ណា​ក្ដី។ ផ្ទុយ​ទៅ​វិញ ការ​ខំ​លាក់​អារម្មណ៍​កើត​ទុក្ខ​ប្រហែល​ជា​មិន​ធ្វើ​ឲ្យ​អ្នក​ធូរ​ស្រាល​ក្នុង​ចិត្ត​ឡើយ។ គម្ពីរ​មិន​គាំ​ទ្រ​គំនិត​ដែល​ថា​ការ​ដែល​មនុស្ស​ប្រុស​យំ​កើត​ទុក្ខ​ជា​ការ​ខុស​ឬ​ទន់​ជ្រាយ​នោះ​ទេ។ សូម​គិត​អំពី​លោក​យេស៊ូ ទោះ​ជា​លោក​ដឹង​ថា​លោក​មាន​ឫទ្ធានុភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ក៏​ដោយ តែ​លោក​នៅ​តែ​ស្រក់​ទឹក​ភ្នែក​នៅ​មុខ​អ្នក​ឯ​ទៀត​កាល​ដែល​ឡាសា​ជា​សម្លាញ់​របស់​លោក​បាន​ស្លាប់!—យ៉ូហាន ១១:៣៣​-​៣៥

ជា​ការ​ធម្មតា​ទេ ក្នុង​គ្រា​ដែល​មនុស្ស​ម្នាក់​កើត​ទុក្ខ គាត់​ឆាប់​ផ្ទុះ​កំហឹង ជា​ពិសេស​ពេល​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់​ភ្លាម​ៗ។ មាន​មូលហេតុ​ជា​ច្រើន​ដែល​មនុស្ស​កើត​ទុក្ខ​ប្រហែល​ជា​ឆាប់​ខឹង ដូច​ជា​ពេល​អ្នក​ដែល​គួរ​ឲ្យ​គោរព​និយាយ​ដោយ​មិន​ចេះ​គិត ឬ​និយាយ​ពាក្យ​ដែល​មិន​សម​ហេតុ​សម​ផល​សោះ។ ឧទាហរណ៍ បុរស​ម្នាក់​ឈ្មោះ​ម៉ៃក៍​នៅ​អាហ្វ្រិក​ខាង​ត្បូង​និយាយ​ថា​៖ ​«​ឪ​ពុក​ខ្ញុំ​បាន​ស្លាប់​ពេល​ខ្ញុំ​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ពិធី​បុណ្យ​សព គ្រូ​គង្វាល​ម្នាក់​នៅ​វិហារ​អានគ្លីគិន​បាន​ប្រាប់​ខ្ញុំ​ថា​ព្រះ​ត្រូវ​ការ​មនុស្ស​ល្អ​ហើយ​យក​ពួក​គេ​មុន​អាយុ។a ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង ពី​ព្រោះ​យើង​ពិត​ជា​ត្រូវ​ការ​ឪ​ពុក​របស់​យើង​ណាស់។ ឥឡូវ​ខ្ញុំ​អាយុ​៦៣​ឆ្នាំ​ហើយ តែ​ខ្ញុំ​នៅ​តែ​ឈឺ​ចិត្ត​អំពី​រឿង​នោះ​»។

ចុះ​យ៉ាង​ណា​អំពី​ការ​បន្ទោស​ខ្លួន? ជា​ពិសេស​ពេល​ដែល​សេចក្ដី​ស្លាប់​កើត​ឡើង​ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន។ អ្នក​ដែល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ប្រហែល​ជា​គិត​ម្ដង​ហើយ​ម្ដង​ទៀត​ថា ‹បើ​ខ្ញុំ​បាន​ធ្វើ​នេះ​ឬ​ធ្វើ​នោះ គាត់​ប្រហែល​ជា​មិន​ស្លាប់​ទេ›។ ប្រហែល​ជា​លើក​ចុង​ក្រោយ​ដែល​អ្នក​ជួប​គាត់ អ្នក​បាន​ឈ្លោះ​គ្នា​ជា​មួយ​នឹង​គាត់។ តាម​ពិត ការ​គិត​ដូច្នេះ​អាច​ធ្វើ​ឲ្យ​អ្នក​បន្ទោស​ខ្លួន​កាន់​តែ​ខ្លាំង។

បើ​អ្នក​បន្ត​មាន​អារម្មណ៍​ខឹង​និង​បន្ទោស​ខ្លួន ជា​ការ​សំខាន់​ដែល​អ្នក​មិន​លាក់​ទុក​អារម្មណ៍​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សូម​និយាយ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ដែល​ចង់​ស្ដាប់​អ្នក ហើយ​សម្រាល​ទុក្ខ​អ្នក​ថា​ការ​មាន​អារម្មណ៍​ដូច​នោះ គឺ​ធម្មតា​សម្រាប់​មនុស្ស​ដែល​បាន​បាត់​បង់​អ្នក​ជា​ទី​ស្រឡាញ់។ គម្ពីរ​រំលឹក​យើង​ថា​៖ ​«​មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំ​រាប់​គ្រា​លំបាក​ដែរ​»។—សុភាសិត ១៧:១៧

អ្នក​ដែល​កើត​ទុក្ខ​អាច​មាន​មិត្ត​ភក្ដិ​ដ៏​ល្អ​បំផុត​បាន គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត។ សូម​អធិដ្ឋាន​ប្រាប់​អំពី​អារម្មណ៍​ទាំង​អស់​របស់​អ្នក​ដល់​ព្រះ​យេហូវ៉ា ពី​ព្រោះ​«​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។ (​ពេត្រុស​ទី១ ៥:៧​) បន្ថែម​ទៅ​ទៀត ព្រះ​សន្យា​ថា​អស់​អ្នក​ដែល​ធ្វើ​ដូច្នេះ នឹង​ទទួល‹សេចក្ដី​សុខ​សាន្ត​របស់​លោក​ដែល​ហួស​ពី​ការ​នឹក​ស្មាន›ដែល​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​ទស្សនៈ​ល្អ​ជាង និង​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង។ (​ភីលីព ៤:៦, ៧​) ម្យ៉ាង​ទៀត សូម​ទុក​ឱកាស​ឲ្យ​ព្រះ​ជួយ​អ្នក​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ សូម​ធ្វើ​បញ្ជី​អំពី​បទ​គម្ពីរ​មួយ​ចំនួន​ដែល​សម្រាល​ទុក្ខ​អ្នក។ (​សូម​មើលប្រអប់​) អ្នក​ប្រហែល​ជា​ចង់​ទន្ទេញ​ចាំ​បទ​គម្ពីរ​ខ្លះ។ ការ​រំពឹង​គិត​អំពី​បទ​គម្ពីរ​ទាំង​នេះ​អាច​ជួយ​អ្នក​បាន ជា​ពិសេស​នៅ​ពេល​យប់ ពេល​ដែល​អ្នក​នៅ​តែ​ម្នាក់​ឯង​ហើយ​ពិបាក​គេង​លក់។—អេសាយ ៥៧:១៥

នៅ​ថ្មី​ៗ​នេះ បុរស​ម្នាក់​ដែល​យើង​ហៅ​ថា​ជេ​ក អាយុ​៤០​ឆ្នាំ បាន​បាត់​បង់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​ដោយ​សារ​ជំងឺ​មហា​រីក។ បង​ជេ​ក​និយាយ​ថា​ពេល​ខ្លះ​គាត់​មាន​អារម្មណ៍​ឯកោ​ខ្លាំង​ណាស់។ ប៉ុន្តែ គាត់​ឃើញ​ថា​សេចក្ដី​អធិដ្ឋាន​បាន​ជួយ​គាត់ ដោយ​ប្រាប់​ថា​៖ ​«​ពេល​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ខ្ញុំ​លែង​មាន​អារម្មណ៍​ឯកោ​ទៀត។ ខ្ញុំ​ច្រើន​តែ​ភ្ញាក់​នៅ​ពេល​យប់ ហើយ​មិន​អាច​ចូល​គេង​វិញ​បាន​ទេ។ តែ​ក្រោយ​ពី​អាន​គម្ពីរ​និង​រំពឹង​គិត​អំពី​ខ​ដែល​សម្រាល​ទុក្ខ រួច​អធិដ្ឋាន​អស់​ពី​ចិត្ត​ជម្រាប​ព្រះ ខ្ញុំ​ក៏​មាន​ចិត្ត​ស្ងប់ ហើយ​សេចក្ដី​សុខ​សាន្ត​ដ៏​លើស​លប់​ពី​លោក​បាន​ជួយ​ខ្ញុំ​មិន​ឲ្យ​គិត​ច្រើន​ពេក នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គេង​លក់​ស្រួល​»។

ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​វ៉ាន់នេសា បាន​បាត់​បង់​ម្ដាយ​ដោយ​សារ​ជំងឺ។ នាង​ក៏​ធ្លាប់​ពិសោធន៍​នូវ​អានុភាព​នៃ​សេចក្ដី​អធិដ្ឋាន​ដែរ។ នាង​និយាយ​ថា​៖ ​«​នៅ​គ្រា​ពិបាក​បំផុត ខ្ញុំ​គ្រាន់​តែ​ហៅ​នាម​របស់​ព្រះ ហើយ​យំ​ប៉ុណ្ណោះ។ ព្រះ​យេហូវ៉ា​បាន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ ហើយ​លោក​តែង​តែ​ផ្ដល់​កម្លាំង​ដែល​ខ្ញុំ​ត្រូវ​ការ​ជា​និច្ច​»។

អ្នក​ផ្ដល់​ឱវាទ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ បាន​ជូន​យោបល់​ថា​ពួក​អ្នក​ដែល​កើត​ទុក្ខ​អស់​រយៈ​ពេល​យូរ គួរ​ចូល​រួម​ធ្វើ​កិច្ច​ការ​ដែល​ជួយ​ដល់​មនុស្ស​ឯ​ទៀត ឬ​ស្ម័គ្រ​ចិត្ត​ជួយ​កិច្ច​ការ​ក្នុង​សង្គម​ជា​ដើម។ ការ​ធ្វើ​ដូច្នេះ​អាច​នាំ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត​និង​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង។ (​សកម្មភាព ២០:៣៥​) គ្រិស្ត​សាសនិក​ជា​ច្រើន​ដែល​ធ្លាប់​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ឃើញ​ថា កិច្ច​ការ​ជួយ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​ពួក​គេ​ទទួល​ការ​សម្រាល​ទុក្ខ​ក្រៃ​លែង។—កូរិនថូស​ទី២ ១:៣, ៤

a នេះ​មិន​មែន​ជា​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ទេ។ គម្ពីរ​ប្រាប់​មូលហេតុ​បី​យ៉ាង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់។—សាស្ដា ៩:១១; យ៉ូហាន ៨:៤៤; រ៉ូម ៥:១២

ខ​គម្ពីរ​ដែល​សម្រាល​ទុក្ខ

  • ព្រះ​យល់​អំពី​អារម្មណ៍​ឈឺ​ចាប់​របស់​អ្នក។—ទំនុក​តម្កើង ៥៥:២២; ពេត្រុស​ទី១ ៥:៧

  • ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បម្រើ​លោក​ដោយ​យក​ចិត្ត​ទុក​ដាក់។—ទំនុក​តម្កើង ៨៦:៥; ថែស្សាឡូនិច​ទី១ ៥:១៧

  • ព្រះ​នឹក​អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ។—យ៉ូប ១៤:១៣​-​១៥

  • ព្រះ​សន្យា​ថា​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។—អេសាយ ២៦:១៩; យ៉ូហាន ៥:២៨, ២៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក