តើការឲ្យនាំឲ្យមានប្រយោជន៍អ្វីខ្លះ?
«ឡានក្រុងនេះចេញទៅបាន តែបុរសជនជាតិចិននេះនៅទីនេះហើយ!»។ អាឡិចសាន់ត្រាបានឮពាក្យសម្ដីនេះកាលដែលនាងកំពុងអង្គុយចាំក្នុងឡានក្រុង ដើម្បីឆ្លងកាត់ព្រំដែនពីប្រទេសមួយទៅប្រទេសមួយទៀតនៅទ្វីបអាម៉េរិកខាងត្បូង។ នាងបានចុះពីឡានក្រុងដើម្បីមើលថាមានអ្វីកំពុងកើតឡើង ហើយនាងបានឃើញបុរសវ័យក្មេងជនជាតិចិនម្នាក់កំពុងនិយាយភាសាអេស្ប៉ាញយ៉ាងរដិបរដុប ដើម្បីព្យាយាមពន្យល់អំពីស្ថានភាពពិបាករបស់គាត់ដល់អ្នកយាមតាមព្រំដែន។ ដោយសារអាឡិចសាន់ត្រាបានចូលរួមក្រុមជំនុំជាភាសាចិនរបស់សាក្សីព្រះយេហូវ៉ា នោះនាងបានស្ម័គ្រចិត្តជួយធ្វើជាអ្នកបកប្រែ។
អាឡិចសាន់ត្រាបានជួយបកប្រែអ្វីដែលបុរសជនជាតិចិននោះបាននិយាយ ដែលថាគាត់គឺជាអ្នកស្នាក់នៅស្របច្បាប់ ប៉ុន្តែឯកសារនិងលុយរបស់គាត់បានត្រូវគេលួច។ ដំបូងមន្ត្រីនោះមិនព្រមជឿរឿងនេះទេ ហើយថែមទាំងសង្ស័យថាអាឡិចសាន់ត្រាមានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សទៀតផង។ ទីបំផុត គាត់បានទទួលយកការបកស្រាយរបស់បុរសនោះ ប៉ុន្តែបុរសនោះត្រូវបង់ពិន័យដោយសារមិនមានឯកសារត្រឹមត្រូវ។ ដោយសារគាត់គ្មានលុយ អាឡិចសាន់ត្រាបានឲ្យគាត់ខ្ចី២០ដុល្លារ។ បុរសនោះដឹងគុណនាងខ្លាំងណាស់ ហើយបាននិយាយថាគាត់នឹងសងនាងវិញច្រើនជាង២០ដុល្លារ។ អាឡិចសាន់ត្រាពន្យល់ថានាងមិនមែនចង់បានសគុណទេ តែនាងសប្បាយចិត្តជួយដោយសារនាងមានអារម្មណ៍ថានេះជាអ្វីដែលត្រឹមត្រូវ។ នាងបានឲ្យសៀវភៅខ្លះៗដែលមានមូលដ្ឋានលើគម្ពីរដល់បុរសនោះ ហើយបានលើកទឹកចិត្តគាត់ឲ្យសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។
ពិតជាគួរឲ្យសរសើរមែន ពេលឮបទពិសោធន៍អំពីការបង្ហាញចិត្តសប្បុរសដោយមិនស្ទាក់ស្ទើរចំពោះមនុស្សដែលមិនធ្លាប់ស្គាល់។ មិនថាមនុស្សដែលកាន់សាសនាណាក៏ដោយ ឬមនុស្សដែលមិនកាន់សាសនាក្ដីក៏ធ្វើដូច្នេះដែរ។ តើអ្នកសុខចិត្តលះបង់ប្រយោជន៍ខ្លួនដូចនេះឬទេ? សំណួរនេះគួរឲ្យចាប់អារម្មណ៍មែន ដោយសារលោកយេស៊ូបានមានប្រសាសន៍ថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ (សកម្មភាព ២០:៣៥) សូម្បីតែខាងវិទ្យាសាស្ត្រក៏ចាប់អារម្មណ៍ដែរ ដោយសារអ្នកស្រាវជ្រាវបានរកឃើញថាការឲ្យគេគឺមានប្រយោជន៍សម្រាប់ខ្លួន។ តើតាមរបៀបណា? សូមយើងពិចារណា។
«អ្នកដែលឲ្យដោយចិត្តសប្បាយ»
បទពិសោធន៍ផ្សេងៗបានបង្ហាញថាសុភមង្គលគឺច្រើនតែជាប់ទាក់ទងនឹងការឲ្យ។ សាវ័កប៉ូលបានសរសេរថា៖ «ព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»។ គាត់កំពុងសំដៅលើគ្រិស្តសាសនិកដែលបានបង្ហាញចិត្តសប្បុរសដោយដាក់វិភាគទានដើម្បីផ្ដល់ជំនួយដល់គ្រិស្តសាសនិកគ្នីគ្នាដែលមានទុក្ខលំបាក។ (កូរិនថូសទី២ ៨:៤; ៩:៧) ប៉ូលមិនមែនចង់និយាយថាពួកគេឲ្យដោយសារពួកគេសប្បាយរីករាយទេ។ ប៉ុន្តែ តាមពិតពួកគេសប្បាយដោយសារពួកគេអាចឲ្យបាន។
យោងទៅតាមការសិក្សាមួយបង្ហាញថា ការឲ្យ«ធ្វើឲ្យមានអារម្មណ៍សប្បាយ ទំនាក់ទំនងល្អនៅក្នុងសង្គម ការទុកចិត្ត និងចិត្តស្កប់»។ តាមការសិក្សាមួយទៀតបានរកឃើញថា«ពេលមនុស្សឲ្យលុយដល់អ្នកឯទៀត នោះធ្វើឲ្យមានសុភមង្គលច្រើនជាងពេលគេប្រើលុយនោះសម្រាប់ខ្លួនឯង»។
តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមិនអាចឲ្យបានច្រើនដោយសារតែស្ថានភាពរបស់អ្នកឬទេ? ការពិតគឺថាមនុស្សគ្រប់គ្នាអាច«ឲ្យដោយចិត្តសប្បាយ»។ ការឲ្យដោយមានបំណងចិត្តត្រឹមត្រូវ មិនចាំបាច់ទាល់តែជាលុយច្រើននោះទេ។ សាក្សីព្រះយេហូវ៉ាម្នាក់បានសរសេរសំបុត្រដល់អ្នកបោះពុម្ពទស្សនាវដ្ដីនេះដោយមានភ្ជាប់ជាមួយនឹងវិភាគទាន។ សំបុត្រនោះរៀបរាប់ថា៖ «អស់ជាច្រើនឆ្នាំហើយដែលខ្ញុំមិនអាចឲ្យអ្វីច្រើនទេ ក្រៅពីលុយបន្ដិចបន្តួចដែលខ្ញុំអាចឲ្យជាវិភាគទាននៅឯសាលប្រជុំ»។ នាងបានបន្តទៀតថា៖ «ព្រះយេហូវ៉ាបានឲ្យខ្ញុំវិញច្រើនជាងខ្ញុំបានឲ្យលោកទៅទៀត។ . . . ខ្ញុំមានចិត្តកតញ្ញូដែលខ្ញុំអាចជូនអំណោយនេះ នោះសម្រាលទុក្ខខ្ញុំមែន»។
ការឲ្យមិនគ្រាន់តែជាលុយប៉ុណ្ណោះទេ។ មានរបៀបជាច្រើនទៀតដើម្បីឲ្យ។
ការឲ្យមានប្រយោជន៍ចំពោះសុខភាពរបស់អ្នក
ការឲ្យមានប្រយោជន៍ចំពោះអ្នកនិងអ្នកឯទៀត
គម្ពីរចែងថា៖ «អ្នកមានចិត្តសប្បុរស តែងតែធ្វើឲ្យខ្លួនមានសុភមង្គល រីឯមនុស្សឃោរឃៅរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនា»។ (សុភាសិត ១១:១៧, ខ.ស.) មនុស្សសប្បុរសគឺមានចិត្តទូលាយ ហើយសុខចិត្តឲ្យអ្នកឯទៀតនូវកម្លាំង ពេលវេលា ការយកចិត្តទុកដាក់ និងអ្វីផ្សេងៗទៀត។ នេះធ្វើឲ្យពួកគេទទួលប្រយោជន៍តាមរបៀបផ្សេងៗ ប្រយោជន៍មួយដែលមកពីចិត្តសប្បុរសបែបនោះគឺល្អចំពោះសុខភាពរបស់ពួកគេ។
តាមការសិក្សាផ្សេងៗលើកឡើងថាពួកអ្នកដែលស្ម័គ្រចិត្តជួយអ្នកឯទៀតបានកាត់បន្ថយពីជំងឺផ្លូវចិត្ត និងការឈឺចាប់មួយចំនួននៃរូបកាយ។ ជាទូទៅ ពួកគេមានសុខភាពល្អជាង។ ម្យ៉ាងទៀត មនុស្សខ្លះដែលមានជំងឺប្រចាំកាយដូចជាជំងឺខូចសរសៃ ឬជំងឺអេដស៍ (HIV) ពេលពួកគេបង្ហាញចិត្តសប្បុរសដោយឲ្យអ្នកឯទៀត នោះជួយឲ្យជំងឺរបស់ពួកគេធូរស្រាលជាងដែរ។ ការសិក្សាទាំងនោះក៏បានបង្ហាញដែរថាពេលដែលបុគ្គលម្នាក់កំពុងព្យាយាមផ្ដាច់ការញៀនស្រាជួយអ្នកឯទៀត នោះធ្វើឲ្យគាត់មិនសូវមានការតានតឹងចិត្តទេ ហើយក៏ជួយគាត់កាន់តែងាយស្រួលជាងមិនវិលទៅរកទម្លាប់ចាស់វិញ។ ហេតុអ្វីដូច្នេះ?
មូលហេតុគឺដោយសារ«ចិត្តមេត្ដា ចិត្តទូលាយ និងចិត្តសប្បុរសជួយកាត់បន្ថយអារម្មណ៍មិនល្អ»។ ការឲ្យក៏អាចកាត់បន្ថយការតានតឹងចិត្តនិងសម្ពាធឈាមដែរ។ ម្យ៉ាងទៀត បុគ្គលដែលបានបាត់បង់គូអាពាហ៍ពិពាហ៍ដោយសារស្លាប់ អាចជាសះស្បើយពីបញ្ហាផ្លូវចិត្តលឿនជាងបើពួកគេជួយអ្នកឯទៀត។
យើងឃើញយ៉ាងច្បាស់ថាការឲ្យគឺមានប្រយោជន៍ចំពោះខ្លួន។
ការឲ្យគឺមានទៅមានមក
លោកយេស៊ូបានដាស់តឿនអ្នកកាន់តាមលោកថា៖ «ចូរទម្លាប់ឲ្យគេ ហើយគេនឹងឲ្យអ្នករាល់គ្នា។ ពួកគេនឹងវាល់ឲ្យអ្នកនូវរង្វាល់មួយពេញ ទាំងសង្កត់ រលាក់ និងថែមឲ្យហៀរទៀត រួចចាក់ចូលថ្នក់អាវរបស់អ្នក។ ព្រោះអ្នកវាល់ឲ្យគេប៉ុណ្ណា នោះគេនឹងវាល់ឲ្យអ្នកប៉ុណ្ណឹងដែរ»។ (លូកា ៦:៣៨) ពេលអ្នកឲ្យអ្នកឯទៀត នោះទំនងជាជំរុញចិត្តពួកគេចង់តបស្នងអ្នកវិញ ហើយទៅជាមនុស្សដែលមានចិត្តសប្បុរសដែរ។ ការឲ្យពង្រឹងការសហការនិងចំណងមិត្តភាព។
ការឲ្យពង្រឹងការសហការនិងចំណងមិត្តភាព
អ្នកស្រាវជ្រាវដែលសិក្សាអំពីទំនាក់ទំនងរបស់មនុស្សបានកត់សម្គាល់ថាគំរូរបស់«មនុស្សដែលតែងតែជួយអ្នកឯទៀត ក៏បានលើកទឹកចិត្តគេឲ្យចង់ធ្វើដូច្នេះដែរ»។ តាមពិត «គ្រាន់តែការអានអំពីបទពិសោធន៍ស្តីអំពីការប្រព្រឹត្តដោយសប្បុរសក៏ធ្វើឲ្យមនុស្សកាន់តែចង់មានចិត្តសប្បុរសដែរ»។ ហេតុនេះ យោងទៅតាមការសិក្សាមួយ «មនុស្សម្នាក់ៗអាចមានឥទ្ធិពលទៅលើមនុស្សជាច្រើននាក់ ខ្លះជាមនុស្សដែលមិនធ្លាប់ស្គាល់ឬមិនដែលជួប»។ ការបង្ហាញចិត្តសប្បុរសសូម្បីតែម្ដង ក៏អាចមានឥទ្ធិពលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ពេញសហគមន៍។ អ្នកច្បាស់ជាចង់រស់នៅកន្លែងបែបនោះ មែនទេ? មែនហើយ បើមនុស្សកាន់តែច្រើនមានទម្លាប់ឲ្យគេ នោះនាំឲ្យមានប្រយោជន៍ជាច្រើន។
មានបទពិសោធន៍មួយពីរដ្ឋហ្ល័ររីដា សហរដ្ឋអាម៉េរិកដែលបង្ហាញអំពីលទ្ធផលល្អដែលមកពីការឲ្យ។ សាក្សីព្រះយេហូវ៉ាមួយក្រុមបានស្ម័គ្រចិត្តធ្វើកិច្ចការផ្ដល់ជំនួយក្រោយការបំផ្លិចបំផ្លាញពីព្យុះសង្ឃរា។ កាលដែលពួកគេកំពុងរង់ចាំទទួលសម្ភារៈជួសជុលនៅផ្ទះដែលពួកគេត្រូវជួសជុល ពួកគេបានកត់សម្គាល់ឃើញថារបងផ្ទះរបស់អ្នកជិតខាងម្នាក់បានខូច ដូច្នេះពួកគេបានសុំជួយជួសជុលឲ្យ។ មួយរយៈពេលក្រោយមក អ្នកជិតខាងនោះបានសរសេរសំបុត្រទៅមន្ទីរចាត់ការពិភពលោករបស់សាក្សីព្រះយេហូវ៉ាថា៖ «ខ្ញុំនឹងដឹងគុណរហូត។ ខ្ញុំយល់ថាពួកគេទាំងនេះគឺជាមនុស្សដ៏ល្អណាស់ដែលខ្ញុំធ្លាប់ជួប»។ ដោយសារចិត្តដឹងគុណរបស់គាត់ នោះបានជំរុញចិត្តគាត់ឲ្យផ្ញើវិភាគទានសម្រាប់កិច្ចការដែលគាត់ហៅថាកិច្ចការដ៏ល្អប្រសើររបស់សាក្សីព្រះយេហូវ៉ា។
ចូរធ្វើតាមគំរូដ៏ប្រសើរបំផុតអំពីការឲ្យ
ការរកឃើញដ៏គួរឲ្យចាប់អារម្មណ៍មួយពីការស្រាវជ្រាវខាងវិទ្យាសាស្ត្រគឺថា«ធាតុពិតរបស់មនុស្សគឺចង់ជួយអ្នកឯទៀត»។ ការសិក្សាមួយរៀបរាប់ថាក្មេង«ចេះប្រព្រឹត្តដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន សូម្បីតែមុនពេលពួកគេចេះនិយាយ»។ ហេតុអ្វី? គម្ពីរប្រាប់ចម្លើយពេលដែលចែងថាមនុស្សបានត្រូវបង្កើត«ឲ្យដូចរូបអង្គទ្រង់» ពោលគឺមានគុណសម្បត្ដិដូចព្រះ។—លោកុប្បត្តិ ១:២៧
គុណសម្បត្ដិមួយក្នុងចំណោមគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាដែលជាអ្នកបង្កើតរបស់យើង គឺចិត្តសប្បុរស។ លោកផ្ដល់ឲ្យយើងនូវជីវិតនិងអ្វីទាំងអស់ដែលយើងត្រូវការដើម្បីធ្វើឲ្យយើងសប្បាយរីករាយ។ (សកម្មភាព ១៤:១៧; ១៧:២៦-២៨) យើងអាចស្គាល់បិតារបស់យើងដែលនៅស្ថានសួគ៌និងគោលបំណងរបស់លោកដែលប្រកបដោយសេចក្ដីស្រឡាញ់ចំពោះយើង តាមរយៈការសិក្សាគម្ពីរដែលជាបណ្ដាំរបស់លោក។ គម្ពីរក៏បង្ហាញដែរថាព្រះបានចាត់វិធានការដើម្បីសុភមង្គលរបស់យើងនាពេលអនាគត។a (យ៉ូហានទី១ ៤:៩, ១០) ដោយសារព្រះយេហូវ៉ាគឺជាប្រភពនៃចិត្តសប្បុរស ហើយយើងបានត្រូវបង្កើតឲ្យមានគុណសម្បត្ដិដូចលោក នោះមានន័យថាការឲ្យគឺជាការយកតម្រាប់ព្រះ។ ការឲ្យគឺមានប្រយោជន៍ចំពោះអ្នកផ្ទាល់ ហើយក៏នាំឲ្យទទួលការពេញចិត្តពីព្រះដែរ។—ហេប្រឺ ១៣:១៦
តើអ្នកចាំអាឡិចសាន់ត្រាដែលបានរៀបរាប់នៅដើមអត្ថបទនេះទេ? តើអ្វីដែលបានកើតឡើងនោះមានលទ្ធផលយ៉ាងណា? ទោះជាអ្នករួមដំណើរជាមួយនឹងនាងក្នុងឡានក្រុងបាននិយាយប្រាប់នាងថាអ្វីដែលនាងធ្វើគឺគ្មានប្រយោជន៍ក្ដី តែពេលឡានក្រុងនោះឈប់នៅក្រុងមួយ បុរសដែលនាងបានជួយនោះបានទាក់ទងជាមួយនឹងមិត្តភក្ដិរបស់គាត់ដែលនៅក្រុងនោះដើម្បីគាត់អាចសងលុយ២០ដុល្លារដល់អាឡិចសាន់ត្រាវិញ។ លើសពីនេះទៅទៀត បុរសនោះបានធ្វើតាមសំណើររបស់អាឡិចសាន់ត្រា ហើយបានចាប់ផ្ដើមសិក្សាគម្ពីរ។ បីខែក្រោយមក នាងសប្បាយចិត្តណាស់ដែលបានជួបគាត់ម្ដងទៀតនៅមហាសន្និបាតភាសាចិនរបស់សាក្សីព្រះយេហូវ៉ានៅប្រទេសប៉េរូ។ ដើម្បីបង្ហាញអំណរគុណចំពោះអ្វីទាំងអស់ដែលអាឡិចសាន់ត្រាបានធ្វើសម្រាប់គាត់ បុរសនោះបានអញ្ជើញនាងនិងអ្នកដែលរួមដំណើរជាមួយនឹងនាងឲ្យមកភោជនីយដ្ឋានរបស់គាត់។
ការឲ្យនិងការជួយអ្នកឯទៀតនាំឲ្យមានអំណរខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកជួយមនុស្សឯទៀតឲ្យស្គាល់ព្រះយេហូវ៉ាដែលជាប្រភពនៃគ្រប់ទាំងអំណោយដ៏ល្អឥតខ្ចោះ! (យ៉ាកុប ១:១៧) តើអ្នកកំពុងទទួលប្រយោជន៍ដែលមកពីការឲ្យឬទេ?
a ដើម្បីអានព័ត៌មានថែមទៀត សូមមើលសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? ដែលបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា ហើយអ្នកក៏អាចអានតាមប្រព័ន្ធអ៊ីនធឺណិត។ សូមចូលគេហទំព័រwww.jw.org/km ចុច«សៀវភៅផ្សេងៗ» ▸ «សៀវភៅផ្សេងៗ»។