ពួកអ្នកដែលមានចិត្តទូលាយគឺមានសុភមង្គល
«ការឲ្យគេ នោះនឹងផ្ដល់សុភមង្គល»។—សកម្មភាព ២០:៣៥
១. តើអ្វីបង្ហាញថាព្រះយេហូវ៉ាមានចិត្តទូលាយ?
នៅដើមដំបូងមានតែព្រះយេហូវ៉ាប៉ុណ្ណោះ។ ក្រោយមក លោកបានសម្រេចចិត្តផ្ដល់ជីវិតជាអំណោយដល់ទេវតានិងមនុស្សជាតិ។ ព្រះយេហូវ៉ាដែលជា«ព្រះដែលមានសេចក្ដីសប្បាយ» ចូលចិត្តឲ្យអ្វីល្អៗដល់អ្នកឯទៀត។ (ធីម៉ូថេទី១ ១:១១; យ៉ាកុប ១:១៧) ដោយសារព្រះយេហូវ៉ាចង់ឲ្យយើងមានសេចក្ដីសប្បាយដូចលោក លោកបង្រៀនយើងឲ្យមានចិត្តទូលាយ។—រ៉ូម ១:២០
២, ៣. (ក) ហេតុអ្វីការមានចិត្តទូលាយនាំឲ្យយើងមានសុភមង្គល? (ខ) តើយើងនឹងរៀនអ្វីខ្លះក្នុងអត្ថបទនេះ?
២ ព្រះបានបង្កើតមនុស្សជាតិឲ្យមានភាពដូចលោក។ (លោកុប្បត្តិ ១:២៦) នេះមានន័យថាព្រះយេហូវ៉ាបង្កើតយើងឲ្យមានគុណសម្បត្ដិដូចលោក។ យើងត្រូវធ្វើតាមគំរូរបស់ព្រះយេហូវ៉ាដើម្បីមានសុភមង្គលពិតប្រាកដ និងទទួលពរពីលោក។ យើងត្រូវយកចិត្តទុកដាក់ចំពោះអ្នកឯទៀត ហើយឲ្យដល់អ្នកឯទៀតដោយចិត្តទូលាយ។ (ភីលីព ២:៣, ៤; យ៉ាកុប ១:៥) ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានលក្ខណៈធម្មជាតិបែបនេះ។ ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី យើងអាចយកតម្រាប់ព្រះយេហូវ៉ា ហើយក៏អាចមានចិត្តទូលាយដែរ។
៣ ឥឡូវយើងនឹងរៀនមេរៀនមួយចំនួនដែលមានក្នុងគម្ពីរស្តីអំពីចិត្តទូលាយ។ យើងនឹងរៀនអំពីមូលហេតុដែលព្រះយេហូវ៉ាពេញចិត្តពេលយើងមានចិត្តទូលាយ។ យើងក៏នឹងរៀនអំពីរបៀបដែលចិត្តទូលាយជួយយើងឲ្យធ្វើកិច្ចការដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើង ហើយមូលហេតុដែលការមានចិត្តទូលាយនាំឲ្យយើងមានសុភមង្គល។ ម្យ៉ាងទៀត យើងនឹងរៀនអំពីមូលហេតុដែលយើងគួរមានចិត្តទូលាយជានិច្ច។
ព្រះយេហូវ៉ាពេញចិត្តពេលយើងមានចិត្តទូលាយ
៤, ៥. តើព្រះយេហូវ៉ានិងលោកយេស៊ូបានបង្ហាញចិត្តទូលាយយ៉ាងដូចម្ដេច ហើយហេតុអ្វីយើងគួរយកតម្រាប់លោកទាំងពីរ?
៤ ព្រះយេហូវ៉ាចង់ឲ្យយើងយកតម្រាប់លោក ដូច្នេះលោកសប្បាយចិត្តពេលយើងមានចិត្តទូលាយ។ (អេភេសូរ ៥:១) ព្រះយេហូវ៉ាក៏ចង់ឲ្យមនុស្សសប្បាយរីករាយដែរ។ យើងដឹងដូច្នេះ ដោយសារលោកបានបង្កើតយើងយ៉ាងអស្ចារ្យ ហើយលោកបានបង្កើតផែនដីដ៏សែនស្អាតនិងអ្វីៗលើផែនដីដើម្បីឲ្យយើងសប្បាយ។ (ទំនុកតម្កើង ១០៤:២៤; ១៣៩:១៣-១៦) ដូច្នេះ យើងលើកកិត្ដិយសព្រះយេហូវ៉ាពេលយើងព្យាយាមធ្វើឲ្យអ្នកឯទៀតសប្បាយ។
៥ យើងក៏យកតម្រាប់លោកយេស៊ូដែលបានទុកគំរូដ៏ល្អឥតខ្ចោះអំពីរបៀបដែលមនុស្សអាចមានចិត្តទូលាយ។ លោកបានមានប្រសាសន៍ថា៖ ‹កូនមនុស្សមិនបានមកដើម្បីឲ្យគេបម្រើលោក តែបានមកដើម្បីបម្រើគេវិញ ហើយឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើនផង›។ (ម៉ាថាយ ២០:២៨) សាវ័កប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកថា៖ «ចូររក្សាឲ្យមានចិត្តគំនិតបែបនេះជានិច្ច គឺចិត្តគំនិតដូចគ្រិស្តយេស៊ូ . . . លោកបានលះបង់អ្វីៗទាំងអស់ ហើយយកសណ្ឋានជាខ្ញុំបម្រើ»។ (ភីលីព ២:៥, ៧) ដូច្នេះ យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំអាចធ្វើតាមគំរូរបស់លោកយេស៊ូឲ្យបានដិតដល់ជាងឬទេ?›។—សូមអាន ពេត្រុសទី១ ២:២១
៦. តើលោកយេស៊ូបានបង្រៀនចំណុចអ្វីក្នុងឧទាហរណ៍របស់លោកស្តីអំពីជនជាតិសាម៉ារីដែលជាអ្នកជិតខាងល្អ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៦ ព្រះយេហូវ៉ាពេញចិត្តពេលយើងធ្វើតាមគំរូដ៏ល្អឥតខ្ចោះដែលលោកនិងលោកយេស៊ូបានទុកឲ្យយើង។ យើងធ្វើដូច្នេះដោយយកចិត្តទុកដាក់ចំពោះអ្នកឯទៀត ហើយដោយស្វែងរកវិធីដើម្បីជួយពួកគេ។ លោកយេស៊ូបានបង្ហាញថានេះគឺសំខាន់យ៉ាងណា ពេលលោកបានប្រាប់ឧទាហរណ៍អំពីជនជាតិសាម៉ារីដែលជាអ្នកជិតខាងល្អ។ (សូមអាន លូកា ១០:២៩-៣៧) លោកបានបង្រៀនអ្នកកាន់តាមលោកថាពួកគេត្រូវជួយអ្នកឯទៀត ទោះជាអ្នកនោះជាអ្នកណាឬមកពីណាក្ដី។ តើអ្នកចាំអំពីមូលហេតុដែលលោកយេស៊ូបានលើកឧទាហរណ៍នេះឬទេ? នេះគឺដោយសារបុរសជនជាតិយូដាម្នាក់បានសួរលោកថា៖ «តើអ្នកណាទៅ ជាអ្នកជិតខាងរបស់ខ្ញុំ?»។ ចម្លើយរបស់លោកយេស៊ូបង្រៀនយើងថា បើយើងចង់ឲ្យព្រះយេហូវ៉ាពេញចិត្តនឹងយើង យើងត្រូវមានចិត្តទូលាយដូចជនជាតិសាម៉ារីម្នាក់នោះ។
៧. តើយើងអាចបង្ហាញយ៉ាងណាថាយើងជឿជាក់ថាអ្វីដែលព្រះយេហូវ៉ាសុំយើងឲ្យធ្វើគឺតែងតែល្អបំផុត? សូមពន្យល់។
៧ មូលហេតុមួយទៀតឲ្យយើងមានចិត្តទូលាយ គឺជាប់ទាក់ទងនឹងអ្វីដែលបានកើតឡើងនៅសួនអេដែន។ សាថានបានអះអាងថាអាដាមនិងអេវ៉ានឹងសប្បាយជាង បើពួកគេមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយគិតតែអំពីខ្លួនឯងប៉ុណ្ណោះ។ អេវ៉ាគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយចង់ឲ្យខ្លួនគាត់ដូចព្រះ។ អាដាមក៏គិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយចង់បំពេញចិត្តអេវ៉ាជាជាងព្រះ។ (លោកុប្បត្តិ ៣:៤-៦) នេះនាំឲ្យមានលទ្ធផលដ៏អាក្រក់ក្រៃលែង។ យើងអាចឃើញច្បាស់ថា គ្មានអ្នកណាម្នាក់អាចមានចិត្តសប្បាយបានទេ ពេលគាត់គិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែ ពេលយើងមានចិត្តទូលាយនិងមិនគិតប្រយោជន៍ផ្ទាល់ខ្លួន យើងបង្ហាញថាយើងជឿជាក់ថាអ្វីដែលព្រះយេហូវ៉ាសុំយើងឲ្យធ្វើគឺតែងតែល្អបំផុត។
ចូរធ្វើកិច្ចការដែលព្រះបានផ្ដល់ឲ្យយើង
៨. ហេតុអ្វីអាដាមនិងអេវ៉ាគួរគិតអំពីអ្នកឯទៀត?
៨ ទោះជាមានតែអាដាមនិងអេវ៉ាប៉ុណ្ណោះក្នុងសួនអេដែនក្ដី ពួកគេគួរគិតអំពីអ្នកឯទៀត។ ហេតុអ្វី? ព្រះយេហូវ៉ាបានផ្ដល់កិច្ចការដល់ពួកគេ។ លោកបានប្រាប់ពួកគេឲ្យបង្កើតកូនឲ្យមានពេញពាសលើផែនដី ហើយធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។ (លោកុប្បត្តិ ១:២៨) អាដាមនិងអេវ៉ាគួរតែមានចិត្តចង់ឲ្យកូនៗរបស់ពួកគេដែលនឹងកើតនៅពេលក្រោយមកសប្បាយរីករាយ ដូចដែលព្រះយេហូវ៉ាចង់ឲ្យពួកគេសប្បាយរីករាយដែរ។ ពួកគេនឹងធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យផែនដីទាំងមូលក្លាយទៅជាសួនឧទ្យាន។ នេះជាកិច្ចការដ៏ធំមួយ!
៩. ហេតុអ្វីការធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យាននឹងនាំឲ្យមនុស្សសប្បាយ?
៩ បើអាដាមនិងអេវ៉ាមិនបានប្រព្រឹត្តអំពើខុសឆ្គង ផែនដីទាំងមូលនឹងពេញទៅដោយមនុស្សល្អឥតខ្ចោះ។ ដើម្បីធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យាន ហើយធ្វើឲ្យគោលបំណងរបស់ព្រះយេហូវ៉ាបានសម្រេច មនុស្សល្អឥតខ្ចោះទាំងនោះក៏ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងលោកដែរ។ យ៉ាងនេះ ពួកគេនឹងចូលក្នុងការសម្រាករបស់លោក។ (ហេប្រឺ ៤:១១) សូមស្រមៃគិតថាកិច្ចការនោះនឹងនាំឲ្យពួកគេស្កប់ចិត្តនិងសប្បាយចិត្តខ្លាំងយ៉ាងណាទៅ! ព្រះយេហូវ៉ានឹងឲ្យពរជាបរិបូរ បើពួកគេមិនគិតប្រយោជន៍ផ្ទាល់ខ្លួននិងយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។
១០, ១១. តើអ្វីនឹងជួយយើងឲ្យផ្សព្វផ្សាយនិងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ?
១០ សព្វថ្ងៃនេះ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវកិច្ចការដ៏ពិសេសមួយ។ លោកចង់ឲ្យយើងផ្សព្វផ្សាយនិងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ ដើម្បីធ្វើកិច្ចការនេះ យើងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្ស។ តាមពិតទៅ យើងអាចបន្តធ្វើកិច្ចការនេះបានលុះត្រាតែយើងមានបំណងចិត្តត្រឹមត្រូវ ពោលគឺស្រឡាញ់ព្រះយេហូវ៉ានិងស្រឡាញ់អ្នកឯទៀត។
១១ ប៉ូលបាននិយាយថាគាត់និងគ្រិស្តសាសនិកឯទៀតនៅសតវត្សរ៍ទី១គឺជា«អ្នករួមការងារជាមួយនឹងព្រះ» ដោយសារពួកគេបានផ្សព្វផ្សាយនិងបង្រៀនសេចក្ដីពិតដល់មនុស្ស។ (កូរិនថូសទី១ ៣:៦, ៩) សព្វថ្ងៃនេះ យើងក៏អាចធ្វើជា«អ្នករួមការងារជាមួយនឹងព្រះ» ពេលយើងប្រើពេលវេលា កម្លាំង និងធនធានរបស់យើងដោយចិត្តទូលាយ ដើម្បីធ្វើកិច្ចការផ្សព្វផ្សាយដែលព្រះបានផ្ដល់ឲ្យយើង។ នេះគឺជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់!
ការជួយបុគ្គលណាម្នាក់ឲ្យរៀនសេចក្ដីពិតនឹងនាំឲ្យអ្នកមានអំណរយ៉ាងខ្លាំង (សូមមើលវគ្គ១២)
១២, ១៣. តើការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូនាំឲ្យទទួលពរអ្វី?
១២ ការប្រើពេលវេលានិងកម្លាំងរបស់យើងដោយចិត្តទូលាយនៅពេលយើងផ្សព្វផ្សាយនិងបង្រៀនមនុស្ស នាំឲ្យមានអំណរយ៉ាងខ្លាំង។ បងប្អូនជាច្រើនដែលមានឱកាសដឹកនាំការសិក្សាគម្ពីរនិយាយដូច្នេះ។ យើងសប្បាយចិត្តយ៉ាងខ្លាំងកាលដែលយើងឃើញសិស្សគម្ពីររំភើបចិត្តពេលពួកគេយល់អ្វីដែលគម្ពីរបង្រៀន បណ្ដុះឲ្យមានជំនឿពិតប្រាកដ ធ្វើការផ្លាស់ប្ដូរផ្សេងៗក្នុងជីវិតរបស់ពួកគេ ហើយចាប់ផ្ដើមប្រាប់អ្នកឯទៀតអំពីអ្វីដែលពួកគេបានរៀន។ លោកយេស៊ូក៏បានសប្បាយចិត្តជាខ្លាំង ពេលអ្នកផ្សាយ៧០នាក់ដែលលោកបានចាត់ឲ្យទៅផ្សព្វផ្សាយ«បានវិលត្រឡប់មកវិញទាំងមានអំណរ» ដោយសារលទ្ធផលល្អដែលពួកគេបានទទួល។—លូកា ១០:១៧-២១
១៣ បងប្អូនរបស់យើងនៅទូទាំងពិភពលោកមានអំណរពេលពួកគេឃើញរបៀបដែលដំណឹងល្អពីគម្ពីរជួយមនុស្សឲ្យមានជីវិតល្អប្រសើរជាង។ ជាឧទាហរណ៍ បងអាណាដែលជាបងស្រីវ័យក្មេងម្នាក់ដែលនៅលីវ ចង់បង្កើនកិច្ចបម្រើព្រះយេហូវ៉ា។a (សូមមើលកំណត់សម្គាល់) ដូច្នេះ គាត់បានរើទៅតំបន់ដែលត្រូវការអ្នកផ្សាយច្រើនជាងនៅទ្វីបអឺរ៉ុបខាងកើត។ គាត់បានសរសេរថា៖ «នៅទីនេះ មានឱកាសជាច្រើនដើម្បីដឹកនាំការសិក្សាគម្ពីរ ហើយខ្ញុំចូលចិត្តធ្វើកិច្ចការនេះខ្លាំងណាស់។ កិច្ចបម្រើនៅទីនេះធ្វើឲ្យខ្ញុំមានអំណរយ៉ាងខ្លាំង។ ពេលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំមិនមានពេលគិតច្រើនពេកអំពីខ្លួនឯងទេ។ ខ្ញុំគិតអំពីពួកអ្នកដែលរៀនគម្ពីរជាមួយខ្ញុំ ជាពិសេសខ្ញុំគិតអំពីបញ្ហានិងការខ្វល់ខ្វាយរបស់ពួកគេ។ ខ្ញុំក៏គិតអំពីរបៀបលើកទឹកចិត្តនិងជួយពួកគេដែរ។ ឥឡូវខ្ញុំជឿជាក់ថា៖ ‹ការឲ្យគេ នោះផ្ដល់សុភមង្គលច្រើនជាងការទទួល›»។—សកម្មភាព ២០:៣៥
ទោះជាមនុស្សមានប្រតិកម្មយ៉ាងណាក្ដី ការផ្សព្វផ្សាយអំពីដំណឹងរបស់ព្រះធ្វើឲ្យយើងសប្បាយចិត្ត
១៤. តើអ្នកអាចធ្វើអ្វីដើម្បីមានអំណរក្នុងកិច្ចបម្រើផ្សាយ ទោះជាមនុស្សមិនស្ដាប់ក៏ដោយ?
១៤ ទោះជាមនុស្សមិនស្ដាប់យើងពេលយើងផ្សព្វផ្សាយក៏ដោយ យើងអាចមានអំណរដោយសារយើងបានបើកឱកាសឲ្យពួកគេឮដំណឹងល្អ។ ព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើដូចអ្វីដែលលោកបានសុំឲ្យអេសេគាលធ្វើ ពោលគឺ«ត្រូវឲ្យឯងថ្លែងពាក្យរបស់អញប្រាប់ដល់គេ ទោះបើគេនឹងព្រមស្ដាប់ឬមិនព្រមក្ដី»។ (អេសេគាល ២:៧; អេសាយ ៤៣:១០) ដូច្នេះ ទោះជាមនុស្សមានប្រតិកម្មយ៉ាងណាក្ដី ព្រះយេហូវ៉ាឲ្យតម្លៃចំពោះការខំប្រឹងរបស់យើង។ (សូមអាន ហេប្រឺ ៦:១០) បងប្រុសម្នាក់បាននិយាយអំពីកិច្ចបម្រើផ្សាយរបស់គាត់ថា៖ «យើងបានដាំ បានស្រោច ហើយបានអធិដ្ឋានដោយមានសង្ឃឹមថាព្រះយេហូវ៉ានឹងធ្វើឲ្យចំណាប់អារម្មណ៍របស់អ្នកស្ដាប់ដុះលូតលាស់»។—កូរិនថូសទី១ ៣:៦
ពេលយើងទៅគ្រប់ផ្ទះទាំងអស់នៅក្នុងតំបន់ផ្សាយរបស់យើង យើងផ្ដល់ឱកាសឲ្យមនុស្សឮដំណឹងអំពីរាជាណាចក្រ (សូមមើលវគ្គ១៤)
របៀបដែលយើងអាចមានសុភមង្គល
១៥. តើយើងគួរមានចិត្តទូលាយតែពេលដែលអ្នកឯទៀតឲ្យតម្លៃចំពោះអ្វីដែលយើងបានធ្វើឬទេ? សូមពន្យល់។
១៥ លោកយេស៊ូចង់ឲ្យយើងមានចិត្តទូលាយដោយសារនេះធ្វើឲ្យយើងសប្បាយចិត្ត។ ពេលយើងបង្ហាញចិត្តទូលាយដល់អ្នកឯទៀត មនុស្សជាច្រើននឹងបង្ហាញចិត្តទូលាយដល់យើងវិញ។ ដូច្នេះ លោកលើកទឹកចិត្តយើងថា៖ «ចូរទម្លាប់ឲ្យគេ ហើយគេនឹងឲ្យអ្នករាល់គ្នា។ ពួកគេនឹងវាល់ឲ្យអ្នកនូវរង្វាល់មួយពេញ ទាំងសង្កត់ រលាក់ និងថែមឲ្យហៀរទៀត រួចចាក់ចូលថ្នក់អាវរបស់អ្នក។ ព្រោះអ្នកវាល់ឲ្យគេប៉ុណ្ណា នោះគេនឹងវាល់ឲ្យអ្នកប៉ុណ្ណឹងដែរ»។ (លូកា ៦:៣៨) ប៉ុន្តែពេលយើងបង្ហាញចិត្តទូលាយ មិនមែនមនុស្សទាំងអស់នឹងឲ្យតម្លៃចំពោះអ្វីដែលយើងបានធ្វើទេ។ ទោះជាយ៉ាងនោះក៏ដោយ សូមបន្តបង្ហាញចិត្តទូលាយ។ យើងមិនដឹងថាអំពើល្អណាមួយដែលយើងធ្វើដោយចិត្តទូលាយអាចមានលទ្ធផលល្អយ៉ាងណាទេ។
១៦. តើយើងគួរមានចិត្តទូលាយចំពោះអ្នកណា ហើយហេតុអ្វី?
១៦ មនុស្សដែលមានចិត្តទូលាយពិតប្រាកដ មិនឲ្យអ្វីមួយដល់អ្នកឯទៀតដោយរំពឹងថានឹងទទួលអ្វីមកវិញឡើយ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ពេលដែលអ្នករៀបចំភោជនាហារ ចូរអញ្ជើញអ្នកក្រ អ្នកខ្វិន អ្នកពិការ អ្នកងងឹតភ្នែក ហើយអ្នកនឹងមានសុភមង្គល ពីព្រោះពួកគេមិនអាចតបស្នងបានឡើយ»។ (លូកា ១៤:១៣, ១៤) គម្ពីរក៏ចែងដែរថា៖ «មនុស្សមានចិត្តសប្បុរសតែងតែទទួលព្រះពរ» ហើយថា៖ «មានពរហើយ អ្នកណាដែលមានអធ្យាស្រ័យដល់ពួកមនុស្សក្រីក្រ»។ (សុភាសិត ២២:៩, ខ.ស.; ទំនុកតម្កើង ៤១:១) យើងគួរបង្ហាញចិត្តទូលាយដោយសារយើងពិតជាចង់ជួយអ្នកឯទៀត។
១៧. តើមានអ្វីខ្លះដែលយើងអាចឲ្យអ្នកឯទៀត?
១៧ ពេលប៉ូលដកស្រង់ពាក្យរបស់លោកយេស៊ូដែលថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល» គាត់មិនមែននិយាយអំពីការគ្រាន់តែឲ្យទ្រព្យសម្បត្ដិប៉ុណ្ណោះទេ។ យើងក៏អាចផ្ដល់ឲ្យអ្នកឯទៀតនូវការលើកទឹកចិត្ត យោបល់ពីគម្ពីរ និងជំនួយផ្សេងទៀត។ (សកម្មភាព ២០:៣១-៣៥) តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់គាត់ ប៉ូលបង្រៀនយើងថាការបង្ហាញចិត្តទូលាយដោយប្រើពេលវេលា កម្លាំង ការយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់របស់យើងគឺសំខាន់ណាស់។
១៨. តើអ្នកស្រាវជ្រាវជាច្រើននិយាយយ៉ាងណាអំពីការមានចិត្តទូលាយ?
១៨ អ្នកស្រាវជ្រាវខាងចិត្តវិទ្យាក៏បានរកឃើញថាការឲ្យអ្នកឯទៀតធ្វើឲ្យមនុស្សសប្បាយចិត្ត។ យោងទៅតាមអត្ថបទមួយ មនុស្សនិយាយថាពួកគេមានអារម្មណ៍សប្បាយជាងក្រោយពីពួកគេធ្វើល្អដាក់អ្នកឯទៀត។ អ្នកស្រាវជ្រាវនិយាយថាពេលយើងជួយអ្នកឯទៀត យើងមានអារម្មណ៍ថាជីវិតរបស់យើងមានន័យខ្លឹមសារនិងមានគោលបំណង។ ដូច្នេះ អ្នកជំនាញការខ្លះលើកទឹកចិត្តឲ្យធ្វើកិច្ចការស្ម័គ្រចិត្តដើម្បីមានសុខភាពល្អជាងនិងសប្បាយចិត្តជាង។ អ្វីដែលពួកគេបានរកឃើញមិនធ្វើឲ្យយើងភ្ញាក់ផ្អើលទេ ដោយសារព្រះយេហូវ៉ាដែលជាអ្នកបង្កើតដែលប្រកបដោយសេចក្ដីស្រឡាញ់ បានមានប្រសាសន៍ថាការឲ្យគេនាំឲ្យយើងមានសុភមង្គល។—ធីម៉ូថេទី២ ៣:១៦, ១៧
ចូរបន្តមានចិត្តទូលាយ
១៩, ២០. ហេតុអ្វីអ្នកចង់មានចិត្តទូលាយ?
១៩ យើងប្រហែលជាពិបាកបន្តមានចិត្តទូលាយ ពេលមនុស្សនៅជុំវិញយើងគិតតែអំពីខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែ លោកយេស៊ូបានរំលឹកយើងថាបញ្ញត្ដិសំខាន់បំផុតពីរគឺត្រូវស្រឡាញ់ព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយ ហើយត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង។ (ម៉ាកុស ១២:២៨-៣១) យើងបានរៀនក្នុងអត្ថបទនេះថាពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា យកតម្រាប់លោក។ ព្រះយេហូវ៉ានិងលោកយេស៊ូមានចិត្តទូលាយ ហើយក៏លើកទឹកចិត្តយើងឲ្យធ្វើតាមគំរូរបស់លោកទាំងពីរ ដោយសារលោកទាំងពីរដឹងថានេះនឹងធ្វើឲ្យយើងមានសុភមង្គលពិតប្រាកដ។ បើយើងមានចិត្តទូលាយចំពោះព្រះនិងអ្នកជិតខាងរបស់យើង យើងនឹងលើកកិត្ដិយសព្រះយេហូវ៉ា ហើយទាំងយើងទាំងអ្នកឯទៀតនឹងទទួលប្រយោជន៍។
២០ អ្នកច្បាស់ជាកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីបង្ហាញចិត្តទូលាយនិងជួយអ្នកឯទៀត ជាពិសេសបងប្អូនរួមជំនឿ។ (កាឡាទី ៦:១០) បើអ្នកបន្តធ្វើដូច្នេះ មនុស្សនឹងស្រឡាញ់និងដឹងគុណអ្នក ហើយអ្នកក៏នឹងសប្បាយចិត្តដែរ។ គម្ពីរចែងថា៖ «មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ»។ (សុភាសិត ១១:២៥) ក្នុងជីវិតនិងក្នុងកិច្ចបម្រើរបស់យើង យើងមានវិធីជាច្រើនដែលយើងអាចឲ្យគេដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបង្ហាញចិត្តសប្បុរសនិងចិត្តទូលាយ។ ក្នុងអត្ថបទបន្ទាប់យើងនឹងរៀបរាប់អំពីវិធីមួយចំនួននេះ។
a ឈ្មោះបានត្រូវផ្លាស់ប្ដូរ។