តើព្រះមានក្ដីអាណិតអាសូរឬទេ?
តើអ្វីៗដែលព្រះបានបង្កើត បង្រៀនយើងអ្វីខ្លះ?
ក្ដីអាណិតអាសូរបានត្រូវពិពណ៌នាជា«សមត្ថភាពយល់អារម្មណ៍ឬបទពិសោធន៍របស់បុគ្គលណាម្នាក់ ដោយស្រមៃថាខ្លួនស្ថិតក្នុងស្ថានភាពរបស់បុគ្គលនោះ»។ អ្នកជំនាញសុខភាពផ្លូវចិត្តម្នាក់ឈ្មោះរីក ហេនសុន រៀបរាប់ថា៖ «យើងកើតមកគឺមានសមត្ថភាពចេះបង្ហាញក្ដីអាណិតអាសូរ»។
សូមពិចារណា: ហេតុអ្វីយើងចេះបង្ហាញក្ដីអាណិតអាសូរ ជាគុណសម្បត្តិដែលភាវរស់ឯទៀតគ្មាន? គម្ពីរពន្យល់ថាព្រះបានបង្កើតមនុស្សឲ្យមានភាពដូចលោក។ (ដើមកំណើត ១:២៦) យើងបានត្រូវបង្កើតមកឲ្យមានភាពដូចព្រះក្នុងន័យថាយើងអាចមានបុគ្គលិកលក្ខណៈដូចលោក ហើយអាចបង្ហាញគុណសម្បត្តិដូចលោកបានមួយកម្រិត។ ក្ដីអាណិតអាសូរអាចជំរុញចិត្តមនុស្សឲ្យជួយអ្នកឯទៀត។ ពេលពួកគេធ្វើដូច្នោះ នោះពួកគេប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំងអំពីក្ដីអាណិតអាសូររបស់អ្នកបង្កើតដែលមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ពោលគឺព្រះយេហូវ៉ា។—សុភាសិត ១៤:៣១
តើគម្ពីរបង្រៀនយើងអ្វី អំពីក្ដីអាណិតអាសូររបស់ព្រះ?
ព្រះអាណិតអាសូរយើង ហើយលោកមិនចង់ឃើញយើងរងទុក្ខទេ។ សូមគិតអំពីបណ្ដាជនអ៊ីស្រាអែលសម័យបុរាណ ដែលបានរងទុក្ខវេទនាក្រៃលែងជាទាសករក្នុងស្រុកអេហ្ស៊ីប ក្រោយមករស់នៅយ៉ាងលំបាកអស់៤០ឆ្នាំក្នុងតំបន់ស្ងាត់ជ្រងំ។ គម្ពីរចែងថា៖ «រាល់វេលាដែលពួកគេរងទុក្ខ លោកក៏រងទុក្ខដែរ»។ (អេសាយ ៦៣:៩) សូមកត់សម្គាល់ថាព្រះមិនគ្រាន់តែដឹងអំពីទុក្ខព្រួយរបស់ពួកគេប៉ុណ្ណោះទេ តែលោកក៏រងទុក្ខជាមួយពួកគេដែរ។ ព្រះមានប្រសាសន៍ថា៖ «ខ្ញុំដឹងច្បាស់នូវទុក្ខវេទនាទាំងអស់របស់ពួកគេ»។ (ដំណើរចាកចេញ ៣:៧) លោកមានប្រសាសន៍ទៀតថា៖ «អ្នកណាក៏ដោយដែលប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាពាល់ប្រស្រីភ្នែករបស់ខ្ញុំដែរ»។ (សាការី ២:៨) ពេលអ្នកឯទៀតធ្វើឲ្យយើងឈឺចិត្ត លោកឈឺចិត្តជាមួយយើង។
ទោះជាយើងប្រហែលជាមានអារម្មណ៍បន្ទោសខ្លួន និងមានអារម្មណ៍ថាខ្លួនមិនសមនឹងទទួលក្ដីអាណិតអាសូរពីព្រះក្ដី គម្ពីរពង្រឹងទំនុកចិត្តយើងថា៖ «ព្រះធំជាងចិត្តរបស់យើង ហើយក៏ជ្រាបគ្រប់ទាំងអស់»។ (យ៉ូហានទី១ ៣:១៩, ២០) ព្រះស្គាល់យើងជាងយើងស្គាល់ខ្លួនឯងទៅទៀត។ លោកដឹងច្បាស់អំពីស្ថានភាព គំនិត និងអារម្មណ៍ទាំងអស់របស់យើង។ លោកមានក្ដីអាណិតអាសូរចំពោះយើង។
យើងអាចស្វែងរកការសម្រាលទុក្ខ ប្រាជ្ញា និងការគាំទ្រពីព្រះ ព្រោះយើងដឹងថាលោកនឹងជួយអ្នកដែលមានទុក្ខលំបាក
បទគម្ពីរពង្រឹងទំនុកចិត្តយើង
«ពេលអ្នកហៅរកព្រះយេហូវ៉ា លោកនឹងឆ្លើយ ពេលអ្នកស្រែកសុំជំនួយ លោកនឹងតបថា៖ ‹ខ្ញុំនៅទីនេះហើយ!›»។—អេសាយ ៥៨:៩
«ព្រះយេហូវ៉ាប្រកាសថា៖ ‹ព្រោះខ្ញុំដឹងច្បាស់នូវគំនិតដែលខ្ញុំកំពុងគិតចំពោះអ្នករាល់គ្នា គឺខ្ញុំចង់ឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត មិនមែនសេចក្ដីវេទនាទេ ហើយចង់ឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមនិងអនាគតល្អប្រសើរ។ ពេលដែលអ្នករាល់គ្នាហៅរកខ្ញុំនិងអធិដ្ឋានមកខ្ញុំ ខ្ញុំនឹងស្ដាប់អ្នករាល់គ្នា›»។—យេរេមា ២៩:១១, ១២
«សូមលោកប្រមូលទឹកភ្នែកខ្ញុំដាក់ក្នុងថង់ស្បែករបស់លោក តើលោកមិនបានកត់ទុកតំណក់ទឹកភ្នែកខ្ញុំក្នុងសៀវភៅរបស់លោកទេឬ?»។—ចម្រៀងសរសើរព្រះ ៥៦:៨
ព្រះចាប់អារម្មណ៍ យល់ និងអាណិតអាសូរយើង
តើការដឹងថាព្រះអាណិតអាសូរយើងជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកឬទេ? សូមពិចារណាអំពីបទពិសោធន៍របស់ម៉ារៀ:
«ក្រោយពីខ្ញុំបានបាត់បង់កូនប្រុសអាយុ១៨ឆ្នាំ ខ្ញុំឈឺចិត្តយ៉ាងខ្លាំង ហើយនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាជីវិតគឺពិបាកនិងអយុត្ដិធម៌ណាស់។ កូនប្រុសខ្ញុំបានស្លាប់បន្ទាប់ពីគាត់បានរងទុក្ខដោយសារជំងឺមហារីកអស់ពីរឆ្នាំ។ ខ្ញុំខឹងនឹងព្រះយេហូវ៉ាដែលមិនធ្វើអន្តរាគមន៍ និងមិនធ្វើឲ្យគាត់ជាសះស្បើយ។
«៦ឆ្នាំក្រោយមក មិត្តម្នាក់ដែលប្រកបដោយក្ដីស្រឡាញ់និងអាណិតអាសូរនៅក្នុងក្រុមជំនុំ បានស្ដាប់ខ្ញុំប្រាប់អំពីអារម្មណ៍របស់ខ្ញុំដែលថាព្រះយេហូវ៉ាមិនស្រឡាញ់ខ្ញុំទេ។ ក្រោយស្ដាប់ខ្ញុំអស់ជាច្រើនម៉ោងដោយមិននិយាយកាត់ខ្ញុំ បងស្រីនោះបានដកស្រង់ខគម្ពីរមួយដែលមានឥទ្ធិពលលើចិត្តខ្ញុំ។ ខគម្ពីរនោះគឺយ៉ូហានទី១ ៣:១៩, ២០ ដែលចែងថា៖ ‹ព្រះធំជាងចិត្តរបស់យើង ហើយក៏ជ្រាបគ្រប់ទាំងអស់›។ គាត់បានពន្យល់ថាព្រះយេហូវ៉ាយល់អំពីទុក្ខព្រួយរបស់យើង។
«ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំនៅតែពិបាកលះចោលកំហឹងរបស់ខ្ញុំ! រួចមក ខ្ញុំអានចម្រៀងសរសើរព្រះ ៩៤:១៩ ដែលប្រាប់ថា៖ ‹ពេលកង្វល់កង្វាយញាំញីចិត្តខ្ញុំ លោកបានសម្រាលទុក្ខខ្ញុំ ហើយធ្វើឲ្យខ្ញុំសប្បាយចិត្តឡើងវិញ›។ ខ្ញុំមានអារម្មណ៍ថាខគម្ពីរនេះហាក់បីដូចជាសរសេរសម្រាប់ខ្ញុំតែម្ដង! នៅទីបំផុត ខ្ញុំអាចមានអារម្មណ៍ស្រួលនិយាយទៅកាន់ព្រះយេហូវ៉ាអំពីទុក្ខព្រួយរបស់ខ្ញុំ ដោយដឹងថាលោកស្ដាប់និងយល់អំពីខ្ញុំ»។
ដោយដឹងថាព្រះយល់និងអាណិតអាសូរចំពោះយើង យើងទទួលការសម្រាលទុក្ខណាស់! ប៉ុន្តែ ហេតុអ្វីមានទុក្ខវេទនាច្រើនម្ល៉េះ? តើដោយសារព្រះកំពុងដាក់ទោសយើងព្រោះយើងធ្វើខុសឬ? តើព្រះនឹងបញ្ឈប់ទុក្ខវេទនាឬទេ? សំណួរទាំងនេះនឹងត្រូវពិចារណាក្នុងអត្ថបទបន្តបន្ទាប់។