អត្ថបទសិក្សា ៦
ចូររក្សាចិត្តស្មោះឥតងាករេ!
«ខ្ញុំមិនព្រមលះចោល[«ចិត្តស្មោះឥតងាករេ»]ដរាបដល់ខ្ញុំស្លាប់!»។—យ៉ូប ២៧:៥; ព.ថ.
ចម្រៀងលេខ៣៤ ចូររក្សាចិត្តស្មោះគ្រប់លក្ខណៈជានិច្ច
សេចក្ដីសង្ខេបa
១. តើសាក្សីព្រះយេហូវ៉ាបីនាក់ដែលបានរៀបរាប់ក្នុងវគ្គនេះបានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
សូមស្រមៃគិតអំពីស្ថានភាពបីដែលសាក្សីព្រះយេហូវ៉ាជួបប្រទះដូចតទៅនេះ៖ (១) នៅថ្ងៃមួយពេលក្មេងស្រីម្នាក់នៅសាលា គ្រូបង្រៀនបានសុំសិស្សឲ្យចូលរួមធ្វើកម្មវិធីដែលជាប់ទាក់ទងនឹងពិធីបុណ្យមួយ។ ក្មេងស្រីនោះដឹងថាព្រះយេហូវ៉ាមិនពេញចិត្តនឹងពិធីបុណ្យនោះទេ ដូច្នេះដោយបង្ហាញការគោរព គាត់បដិសេធមិនព្រមចូលរួមពិធីនោះទេ។ (២) ក្មេងប្រុសម្នាក់ដែលជាមនុស្សអៀនខ្មាសផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ គាត់ដឹងថាផ្ទះបន្ទាប់ជាផ្ទះរបស់សិស្សម្នាក់នៅសាលារបស់គាត់ ហើយសិស្សនោះធ្លាប់សើចចំអកសាក្សីព្រះយេហូវ៉ា។ ប៉ុន្តែគាត់នៅតែទៅផ្ទះនោះ ហើយគោះទ្វារផ្ទះរបស់សិស្សម្នាក់នោះដើម្បីផ្សព្វផ្សាយដល់គាត់។ (៣) បងប្រុសម្នាក់ខំប្រឹងធ្វើការដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ ហើយនៅថ្ងៃមួយចៅហ្វាយរបស់គាត់បានសុំគាត់ឲ្យធ្វើអ្វីមួយដែលមិនទៀងត្រង់ឬខុសច្បាប់។ ទោះជាគាត់អាចបាត់បង់ការងារក្ដី បងប្រុសនោះពន្យល់ថាគាត់ត្រូវរក្សាភាពទៀងត្រង់និងធ្វើតាមច្បាប់ ដោយសារព្រះតម្រូវឲ្យអ្នកបម្រើរបស់លោកធ្វើដូច្នេះ។—រ៉ូម ១៣:១-៤; ហេ. ១៣:១៨
២. តើយើងនឹងពិចារណាអំពីសំណួរអ្វីខ្លះ ហើយហេតុអ្វី?
២ តើអ្នកឃើញថាបងប្អូនទាំងបីនាក់នោះមានគុណសម្បត្ដិអ្វី? អ្នកប្រហែលជាឃើញគុណសម្បត្ដិមួយចំនួន ដូចជាចិត្តក្លាហាននិងភាពទៀងត្រង់។ ប៉ុន្តែ គុណសម្បត្ដិមួយដែលពិសេសនិងលេចធ្លោ គឺចិត្តស្មោះឥតងាករេ។ ពួកគេម្នាក់ៗបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយក៏មិនព្រមបំពានខ្នាតតម្រារបស់លោកដែរ។ ចិត្តស្មោះឥតងាករេជំរុញចិត្តពួកគេឲ្យប្រព្រឹត្តដូច្នេះ។ ដោយសារពួកគេបង្ហាញគុណសម្បត្ដិនោះ ព្រះយេហូវ៉ាប្រាកដជាមានមោទនភាពចំពោះពួកគេម្នាក់ៗ។ យើងក៏ចង់ធ្វើឲ្យបិតារបស់យើងដែលនៅស្ថានសួគ៌មានមោទនភាពចំពោះយើងដែរ។ ដូច្នេះ សូមយើងពិចារណាសំណួរដូចតទៅនេះ៖ តើចិត្តស្មោះឥតងាករេមានន័យអ្វី? ហេតុអ្វីយើងត្រូវមានចិត្តស្មោះឥតងាករេ? តើតាមរបៀបណាយើងអាចតាំងចិត្តកាន់តែខ្លាំងដើម្បីរក្សាចិត្តស្មោះនៅគ្រាដ៏ពិបាកនេះ?
តើចិត្តស្មោះឥតងាករេមានន័យអ្វី?
៣. (ក) តើចិត្តស្មោះឥតងាករេមានអត្ថន័យយ៉ាងណាចំពោះយើង? (ខ) តើឧទាហរណ៍អ្វីជួយយើងឲ្យយល់ថាអ្វីដែលគ្រប់លក្ខណៈឬឥតខ្ចោះគឺសំខាន់ចំពោះយើង?
៣ ពេលសំដៅលើអ្នកបម្រើរបស់ព្រះ ចិត្តស្មោះឥតងាករេមានអត្ថន័យថាការមានសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះព្រះយេហូវ៉ានិងភក្ដីភាពដែលកាត់ផ្ដាច់ពុំបានចំពោះលោក។ ជាលទ្ធផល ពួកគេតែងតែធ្វើអ្វីដែលនាំឲ្យលោកពេញចិត្ត។ សូមពិចារណាអំពីព័ត៌មានខ្លះៗស្តីអំពីរឿងនេះ។ ក្នុងគម្ពីរអត្ថន័យមួយសម្រាប់ពាក្យ«ចិត្តស្មោះឥតងាករេ»គឺឥតខ្ចោះ គ្រប់លក្ខណៈ ឬទាំងមូល។ ជាឧទាហរណ៍ ជនជាតិអ៊ីស្រាអែលបានជូនសត្វជាគ្រឿងបូជាទៅព្រះយេហូវ៉ា ហើយច្បាប់ម៉ូសេចែងថាសត្វនោះត្រូវតែឥតខ្ចោះ។b (លេវី. ២២:១៨-២០, ២២) រាស្ត្ររបស់ព្រះមិនបានត្រូវអនុញ្ញាតឲ្យជូនសត្វដែលកំបុតជើង ដាច់ត្រចៀក ឬខ្វាក់ភ្នែកឡើយ។ ពួកគេក៏មិនបានត្រូវអនុញ្ញាតឲ្យជូនសត្វដែលមានជំងឺដែរ។ ចំពោះព្រះយេហូវ៉ាគឺសំខាន់ណាស់ដែលសត្វនោះគឺគ្រប់លក្ខណៈ ឥតខ្ចោះ ឬទាំងមូល។ (ម៉ាឡ. ១:៦-៩) យើងអាចយល់អំពីមូលហេតុដែលព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះភាពឥតខ្ចោះឬគ្រប់លក្ខណៈ។ ពេលយើងទិញអ្វីមួយមិនថាវាជាផ្លែឈើ សៀវភៅ ឬឧបករណ៍ណាមួយ យើងមិនចង់ឲ្យអ្វីនោះមានប្រហោងឬខ្វះផ្នែកណាមួយឡើយ យើងចង់បានអ្វីដែលឥតខ្ចោះ គ្រប់លក្ខណៈ ឬទាំងមូល។ ព្រះយេហូវ៉ាមានទស្សនៈស្រដៀងនឹងនេះស្តីអំពីសេចក្ដីស្រឡាញ់និងភក្ដីភាពដែលយើងមានចំពោះលោក គឺត្រូវតែឥតខ្ចោះ ឬគ្រប់លក្ខណៈ។
៤. (ក) ហេតុអ្វីមនុស្សមិនល្អឥតខ្ចោះអាចមានចិត្តស្មោះឥតងាករេ? (ខ) យោងទៅតាមទំនុកតម្កើង ១០៣:១២-១៤ តើព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើអ្វី?
៤ តើយើងគួរគិតថាដើម្បីមានចិត្តស្មោះឥតងាករេ យើងត្រូវជាមនុស្សល្អឥតខ្ចោះឬទេ? យើងប្រហែលជាមានអារម្មណ៍ថាយើងមិនល្អឥតខ្ចោះទេ ឬមានអារម្មណ៍ថាយើងមានកំហុសជាច្រើន។ សូមយើងពិចារណាអំពីមូលហេតុពីរដែលយើងមិនគួរគិតថាយើងត្រូវជាមនុស្សល្អឥតខ្ចោះ ដើម្បីមានចិត្តស្មោះឥតងាករេ។ ទី១ ព្រះយេហូវ៉ាមិនផ្ដោតអារម្មណ៍ទៅលើចំណុចខ្សោយរបស់យើងទេ។ បណ្ដាំរបស់លោកចែងថា៖ «ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់ទាំងអំពើទុច្ចរិតនោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន?»។ (ទំនុក. ១៣០:៣) លោកដឹងថាយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយលោកអភ័យទោសឲ្យយើងដោយចិត្តទូលាយ។ (ទំនុក. ៨៦:៥) ទី២ ព្រះយេហូវ៉ាដឹងអំពីកម្រិតសមត្ថភាពរបស់យើង ហើយលោកមិនតម្រូវឲ្យយើងធ្វើលើសពីអ្វីដែលយើងអាចធ្វើបាននោះទេ។ (សូមអាន ទំនុកតម្កើង ១០៣:១២-១៤) ដូច្នេះ តើយើងអាចមានភាពគ្រប់លក្ខណៈ ឬឥតខ្ចោះចំពោះលោកយ៉ាងដូចម្ដេច?
៥. ហេតុអ្វីអ្នកបម្រើរបស់ព្រះយេហូវ៉ាត្រូវការសេចក្ដីស្រឡាញ់ ដើម្បីមានចិត្តស្មោះឥតងាករេ?
៥ អ្នកបម្រើព្រះយេហូវ៉ាត្រូវការសេចក្ដីស្រឡាញ់ ដើម្បីមានចិត្តស្មោះឥតងាករេ។ សេចក្ដីស្រឡាញ់និងចិត្តស្មោះភក្ដីរបស់យើងចំពោះព្រះដែលជាបិតារបស់យើងនៅស្ថានសួគ៌ ត្រូវតែគ្រប់លក្ខណៈ ពេញលេញ ឬឥតខ្ចោះជានិច្ច។ បើយើងបន្តមានសេចក្ដីស្រឡាញ់បែបនេះ ទោះជានៅពេលដែលយើងបានត្រូវល្បងលក្ដី នោះបង្ហាញថាយើងមានចិត្តស្មោះឥតងាករេ។ (១រប. ២៨:៩; ម៉ាថ. ២២:៣៧) សូមគិតអំពីសាក្សីបីនាក់ដែលបានត្រូវរៀបរាប់នៅខាងលើ។ ហេតុអ្វីពួកគេធ្វើអ្វីទាំងនោះ? តើក្មេងស្រីនោះមិនចង់លេងសប្បាយនៅសាលាឬទេ ឬតើក្មេងប្រុសនោះចង់អាម៉ាស់មុខឬ? ឬតើបងប្រុសដែលមានគ្រួសារចង់បាត់បង់ការងាររបស់គាត់ឬទេ? ប្រាកដជាមិនមែនទេ។ ផ្ទុយទៅវិញ ពួកគេដឹងថាព្រះយេហូវ៉ាមានខ្នាតតម្រាដ៏សុចរិត ហើយពួកគេផ្ដោតអារម្មណ៍ទៅលើអ្វីដែលធ្វើឲ្យលោកដែលជាបិតានៅស្ថានសួគ៌ពេញចិត្ត។ ដោយសារពួកគេស្រឡាញ់លោក ពួកគេតែងតែគិតអំពីខ្នាតតម្រាដ៏សុចរិតរបស់លោកមុននឹងពួកគេធ្វើការសម្រេចចិត្តណាមួយ។ ដោយធ្វើដូច្នេះ ពួកគេបង្ហាញថាពួកគេមានចិត្តស្មោះឥតងាករេ។
មូលហេតុដែលយើងត្រូវមានចិត្តស្មោះឥតងាករេ
៦. (ក) ហេតុអ្វីអ្នកត្រូវការចិត្តស្មោះឥតងាករេ? (ខ) តើតាមរបៀបណាអាដាមនិងអេវ៉ាមិនបានបង្ហាញចិត្តស្មោះភក្ដី?
៦ ហេតុអ្វីចិត្តស្មោះឥតងាករេគឺសំខាន់ចំពោះយើងម្នាក់ៗ? ពីព្រោះសាថានបានចោទប្រកាន់ព្រះយេហូវ៉ា ហើយវាក៏ចោទប្រកាន់អ្នកដែរ។ ទេវតាដែលបះបោរនោះបានក្លាយជាសាថាន ឬ«អ្នកប្រឆាំង»នៅសួនអេដែន។ វាបានព្យាយាមបង្ខូចកេរ្ដិ៍ឈ្មោះរបស់ព្រះយេហូវ៉ាដោយនិយាយបញ្ឆិតបញ្ឆៀងថាព្រះជាអ្នកគ្រប់គ្រងមិនល្អ គិតតែប្រយោជន៍ផ្ទាល់ខ្លួន និងមិនទៀងត្រង់។ គួរឲ្យស្ដាយណាស់ អាដាមនិងអេវ៉ាបានរួមដៃជាមួយនឹងសាថានក្នុងការបះបោរប្រឆាំងនឹងព្រះយេហូវ៉ា។ (លោ. ៣:១-៦) ពេលរស់នៅក្នុងសួនអេដែន ពួកគេមានឱកាសជាច្រើនដើម្បីពង្រឹងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ ប៉ុន្តែ នៅពេលសាថានបានចោទប្រកាន់ព្រះ ពួកគេមិនមានសេចក្ដីស្រឡាញ់ដែលគ្រប់លក្ខណៈឬពេញខ្នាតចំពោះព្រះទេ។ ក្រោយមកមានសំណួរមួយទៀតគឺថា តើនឹងមានមនុស្សណាម្នាក់អាចរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាដោយសារគាត់ស្រឡាញ់លោកឬទេ? បើនិយាយឲ្យស្រួលយល់ តើមនុស្សអាចបង្ហាញចិត្តស្មោះឥតងាករេបានឬទេ? សំណួរនេះបានត្រូវលើកឡើងក្នុងករណីយ៉ូប។
៧. យោងទៅតាមយ៉ូប ១:៨-១១ តើព្រះយេហូវ៉ានិងសាថានមានទស្សនៈយ៉ាងណាចំពោះចិត្តស្មោះរបស់យ៉ូប?
៧ យ៉ូបបានរស់នៅសម័យដែលជនជាតិអ៊ីស្រាអែលរស់នៅស្រុកអេស៊ីប។ នៅពេលនោះ គ្មានមនុស្សណាម្នាក់មានចិត្តស្មោះដូចគាត់ទេ។ គាត់ជាមនុស្សមិនល្អឥតខ្ចោះដូចយើងដែរ។ យ៉ូបចេះធ្វើខុស ប៉ុន្តែព្រះយេហូវ៉ាស្រឡាញ់គាត់ដោយសារគាត់មានចិត្តស្មោះឥតងាករេ។ តាមមើលទៅសាថានទំនងជាធ្លាប់ធ្វើឲ្យមានការសង្ស័យទៅលើភាពស្មោះត្រង់របស់មនុស្សចំពោះព្រះយេហូវ៉ារួចហើយ ហើយបានលើករឿងនេះឡើងដើម្បីប្រមាថព្រះ។ ដូច្នេះ ព្រះយេហូវ៉ាលើកបញ្ជាក់ប្រាប់សាថានអំពីយ៉ូប។ ដំណើរជីវិតរបស់បុរសនោះបានបង្ហាញថាសាថានជាអ្នកភូតភរ! សាថានបានទាមទារល្បងលចិត្តស្មោះរបស់យ៉ូប។ ព្រះយេហូវ៉ាទុកចិត្តយ៉ូបដែលជាមិត្តសម្លាញ់របស់លោក ដូច្នេះលោកបានអនុញ្ញាតឲ្យសាថានល្បងលគាត់។—សូមអាន យ៉ូប ១:៨-១១
៨. តើសាថានវាយប្រហារយ៉ូបយ៉ាងដូចម្ដេច?
៨ សាថានគ្មានមេត្ដា ហើយវាជាឃាតករ។ វាបានវាយប្រហារយ៉ូប ដោយបង្ហិនបង្ហោចនិងបណ្ដាលឲ្យគេប្លន់យកទ្រព្យសម្បត្ដិរបស់គាត់។ វាបានសម្លាប់អ្នកបម្រើរបស់គាត់ ព្រមទាំងបានបង្ខូចកេរ្ដិ៍ឈ្មោះរបស់គាត់។ វាក៏បានវាយប្រហារលើក្រុមគ្រួសាររបស់យ៉ូបដែរ ដោយធ្វើឲ្យកូនជាទីស្រឡាញ់ទាំង១០នាក់របស់គាត់ស្លាប់។ បន្ទាប់មក វាបានវាយប្រហារលើរូបកាយរបស់យ៉ូប ដោយធ្វើឲ្យគាត់មានជំងឺយ៉ាងធ្ងន់ធ្ងរ គឺកើតដំបៅដែលនាំឲ្យឈឺចាប់ពេញខ្លួន។ ប្រពន្ធរបស់យ៉ូបកើតទុក្ខជាខ្លាំង ហើយគាត់ប្រាប់យ៉ូបឲ្យប្រមាថព្រះ ឈប់ព្យាយាម និងស្លាប់ទៅចុះ។ យ៉ូបផ្ទាល់ក៏ចង់ស្លាប់ដែរ ប៉ុន្តែគាត់នៅតែបានរក្សាចិត្តស្មោះឥតងាករេ។ បន្ទាប់មក សាថានបានសាកល្បងវិធីផ្សេងទៀតដើម្បីវាយប្រហារយ៉ូប។ វាបានប្រើបុរសបីនាក់ដែលជាមិត្តរបស់យ៉ូប។ បុរសទាំងនោះបានទៅលេងយ៉ូបអស់ជាច្រើនថ្ងៃ តែពួកគេមិនបានសម្រាលទុក្ខគាត់សោះ។ ផ្ទុយទៅវិញ ពួកគេបានស្តីបន្ទោសនិងរិះគន់គាត់ដោយគ្មានមេត្ដា។ ពួកគេអះអាងថាព្រះជាអ្នកបង្កឲ្យគាត់រងទុក្ខលំបាក ហើយថាលោកមិនយកចិត្តទុកដាក់សោះចំពោះចិត្តស្មោះឥតងាករេរបស់គាត់។ ពួកគេក៏និយាយថាយ៉ូបជាមនុស្សអាក្រក់ដែលសមនឹងមានបញ្ហាដ៏ខ្លោចផ្សាទាំងនោះ!—យ៉ូប ១:១៣-២២; ២:៧-១១; ១៥:៤, ៥; ២២:៣-៦; ២៥:៤-៦
៩. ទោះជាយ៉ូបប្រឈមមុខនឹងទុក្ខលំបាកក្ដី តើគាត់មិនព្រមធ្វើអ្វី?
៩ តើយ៉ូបមានប្រតិកម្មយ៉ាងណាចំពោះទុក្ខលំបាកទាំងនោះ? ប្រតិកម្មរបស់គាត់មិនមែនល្អឥតខ្ចោះទេ។ ដោយកំហឹង គាត់បានស្តីបន្ទោសពួកអ្នកសម្រាលទុក្ខមិនពិត ហើយគាត់ក៏បាននិយាយអ្វីដែលគាត់ទទួលស្គាល់ក្រោយមកថាជាការនិយាយឥតបើគិត។ គាត់បាននិយាយការពារខ្លួនថាគាត់ជាមនុស្សសុចរិតច្រើនជាងគាត់បាននិយាយថាព្រះសុចរិត។ (យ៉ូប ៦:៣; ១៣:៤, ៥; ៣២:២; ៣៤:៥) ក៏ប៉ុន្តែ សូម្បីតែនៅពេលដ៏ពិបាកបំផុតសម្រាប់យ៉ូប ក៏គាត់មិនព្រមប្រឆាំងនឹងព្រះយេហូវ៉ាឡើយ។ គាត់មិនព្រមជឿពាក្យកុហករបស់មិត្តក្លែងក្លាយទាំងនោះទេ។ គាត់និយាយថា៖ «ខ្ញុំគ្មានថ្ងៃទទួលស្គាល់ថាសម្ដីរបស់ពួកអ្នកត្រឹមត្រូវឡើយ! រហូតដល់ថ្ងៃស្លាប់ ខ្ញុំនឹងមិនព្រមឲ្យអ្វីណាមួយធ្វើឲ្យខ្ញុំលែងមានចិត្តស្មោះឥតងាករេចំពោះព្រះជាដាច់ខាត!»។ (យ៉ូប ២៧:៥, ព.ថ.) ពាក្យទាំងនេះបង្ហាញថាទោះជាមានអ្វីកើតឡើងក៏ដោយ យ៉ូបបានតាំងចិត្តរក្សាចិត្តស្មោះឥតងាករេ។ ដូចយ៉ូបមិនព្រមឈប់ព្យាយាម យើងក៏អាចធ្វើដូចគាត់ដែរ។
១០. តើការចោទប្រកាន់របស់សាថានចំពោះយ៉ូបជាប់ទាក់ទងនឹងអ្នកយ៉ាងដូចម្ដេច?
១០ តើរឿងដែលសាថានចោទប្រកាន់យ៉ូបជាប់ទាក់ទងនឹងយើងម្នាក់ៗយ៉ាងដូចម្ដេច? គឺហាក់ដូចជាវានិយាយថាអ្នកមិនសូវស្រឡាញ់ព្រះយេហូវ៉ាទេ ហើយថាអ្នកនឹងឈប់បម្រើលោកដើម្បីរក្សាជីវិតខ្លួន។ វាក៏ថាអ្នកនឹងមិនរក្សាចិត្តស្មោះឡើយ! (យ៉ូប ២:៤, ៥; បប. ១២:១០) តើការចោទប្រកាន់បែបនេះនាំឲ្យអ្នកមានអារម្មណ៍យ៉ាងណា? នេះធ្វើឲ្យអ្នកឈឺចិត្ត មែនទេ? ប៉ុន្តែសូមគិតអំពីចំណុចនេះ ព្រះយេហូវ៉ាទុកចិត្តអ្នកខ្លាំងណាស់បានជាលោកផ្ដល់ឱកាសដ៏អស្ចារ្យដល់អ្នក ពោលគឺព្រះយេហូវ៉ាអនុញ្ញាតឲ្យសាថានសាកល្បងចិត្តស្មោះរបស់អ្នក។ ព្រះយេហូវ៉ាមានទំនុកចិត្តថាអ្នកអាចរក្សាចិត្តស្មោះឥតងាករេ ហើយរួមចំណែកក្នុងការបង្ហាញថាសាថានជាអ្នកភូតភរ។ ម្យ៉ាងទៀត លោកសន្យាថាលោកនឹងជួយអ្នកឲ្យធ្វើដូច្នេះ។ (ហេ. ១៣:៦) គឺជាឯកសិទ្ធិមែនដែលអ្នកគ្រប់គ្រងសកលលោកទុកចិត្តអ្នក! តើអ្នកឃើញអំពីមូលហេតុដែលការមានចិត្តស្មោះឥតងាករេគឺសំខាន់ចាំបាច់ឬទេ? នេះជួយយើងឲ្យបង្ហាញថាពាក្យសម្ដីរបស់សាថានគឺមិនមែនជាការពិត ហើយគាំទ្រនាមដ៏ល្អរបស់បិតាយើងនិងរបៀបគ្រប់គ្រងរបស់លោក។ តើយើងអាចធ្វើអ្វីដើម្បីបង្កើនគុណសម្បត្ដិដ៏សំខាន់ចាំបាច់នេះ?
របៀបយើងអាចរក្សាចិត្តស្មោះឥតងាករេនៅឥឡូវនេះ
១១. តើយើងអាចរៀនអ្វីពីគំរូរបស់យ៉ូប?
១១ នៅ«គ្រាចុងក្រោយបង្អស់»ដ៏លំបាកនេះ សាថានកាន់តែវាយប្រហារលើរាស្ត្ររបស់ព្រះ។ (២ធី. ៣:១) តើយើងអាចពង្រឹងកម្លាំងរបស់យើង ដើម្បីយើងអាចរក្សាចិត្តស្មោះឥតងាករេនៅក្នុងគ្រាដ៏ពិបាកបែបនេះយ៉ាងដូចម្ដេច? យើងអាចរៀនច្រើនពីគំរូរបស់យ៉ូប។ យ៉ូបបានរក្សាចិត្តស្មោះឥតងាករេអស់ជាច្រើនឆ្នាំមុនដែលគាត់បានត្រូវល្បងល។ សូមពិចារណាអំពីមេរៀនបីដែលយើងអាចរៀនពីគាត់ស្តីអំពីរបៀបដែលយើងអាចពង្រឹងកម្លាំងរបស់យើង ដើម្បីយើងអាចរក្សាចិត្តស្មោះឥតងាករេ។
តើយើងអាចពង្រឹងកម្លាំងរបស់ខ្លួនដើម្បីរក្សាចិត្តស្មោះឥតងាករេតាមរបៀបណាខ្លះ? (សូមមើលវគ្គ១២)c
១២. (ក) ដូចដែលបានត្រូវចែងនៅយ៉ូប ២៦:៧, ៨, ១៤ តើយ៉ូបបានធ្វើអ្វីដើម្បីកាន់តែគោរពនិងកោតស្ងើចព្រះយេហូវ៉ា? (ខ) តើយើងអាចធ្វើអ្វីដើម្បីកាន់តែកោតស្ងើចព្រះ?
១២ យ៉ូបបានពង្រឹងសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ាដោយបង្កើនការកោតស្ងើចចំពោះលោក។ យ៉ូបចំណាយពេលរំពឹងគិតអំពីអ្វីៗដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានបង្កើត។ (សូមអាន យ៉ូប ២៦:៧, ៨, ១៤) គាត់កោតស្ងើចពេលគាត់គិតអំពីផែនដី ផ្ទៃមេឃ ពពក ផ្គរនិងរន្ទះ។ ប៉ុន្តែគាត់ទទួលស្គាល់ថាគាត់មិនសូវដឹងអំពីអ្វីៗដែលព្រះបានបង្កើតទេ។ គាត់ក៏ស្ងើចសរសើរចំពោះប្រសាសន៍របស់ព្រះយេហូវ៉ាដែរ។ យ៉ូបបាននិយាយអំពីប្រសាសន៍របស់លោកថា៖ «ខ្ញុំបានខំប្រមូលទុកព្រះបន្ទូលនៃព្រះឱស្ឋទ្រង់»។ (យ៉ូប ២៣:១២) យ៉ូបកោតស្ងើចចំពោះព្រះយេហូវ៉ានិងគោរពលោកយ៉ាងជ្រាលជ្រៅ។ គាត់ស្រឡាញ់បិតារបស់គាត់ ហើយចង់ធ្វើឲ្យលោកពេញចិត្ត។ ជាលទ្ធផល យ៉ូបតាំងចិត្តកាន់តែខ្លាំងដើម្បីរក្សាចិត្តស្មោះឥតងាករេ។ យើងក៏ត្រូវធ្វើដូចយ៉ូបដែរ។ យើងដឹងអំពីអ្វីៗដ៏អស្ចារ្យដែលព្រះបានបង្កើតច្រើនជាងមនុស្សដែលរស់នៅសម័យរបស់យ៉ូប។ ម្យ៉ាងទៀត យើងមានគម្ពីរទាំងមូលដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះយេហូវ៉ាដើម្បីជួយយើងឲ្យស្គាល់លោកច្បាស់។ អ្វីៗដែលយើងរៀនអាចជួយយើងឲ្យកាន់តែកោតស្ងើចលោក។ ការកោតស្ងើចនិងការគោរពរបស់យើងចំពោះព្រះយេហូវ៉ានឹងជំរុញចិត្តយើងឲ្យស្រឡាញ់និងស្ដាប់បង្គាប់លោក ហើយនឹងពង្រឹងការតាំងចិត្តរបស់យើងឲ្យរក្សាចិត្តស្មោះឥតងាករេ។—យ៉ូប ២៨:២៨
យើងពង្រឹងកម្លាំងរបស់ខ្លួនដើម្បីរក្សាចិត្តស្មោះឥតងាករេ ដោយជៀសចេញពីការមើលរូបអាសអាភាស (សូមមើលវគ្គ១៣)d
១៣-១៤. (ក) យោងទៅតាមយ៉ូប ៣១:១ តើយ៉ូបបានបង្ហាញយ៉ាងណាថាគាត់ស្ដាប់បង្គាប់ព្រះ? (ខ) តើយើងអាចធ្វើតាមគំរូរបស់យ៉ូបយ៉ាងដូចម្ដេច?
១៣ យ៉ូបបានពង្រឹងកម្លាំងរបស់គាត់ដើម្បីរក្សាចិត្តស្មោះឥតងាករេដោយស្ដាប់បង្គាប់ព្រះក្នុងគ្រប់ការទាំងអស់។ យ៉ូបបានដឹងថាការមានចិត្តស្មោះតម្រូវឲ្យគាត់ស្ដាប់បង្គាប់ព្រះយេហូវ៉ា។ តាមពិត រាល់ដងដែលយើងស្ដាប់បង្គាប់ព្រះ នោះពង្រឹងការតាំងចិត្តរបស់យើងឲ្យបន្តរក្សាចិត្តស្មោះឥតងាករេ។ យ៉ូបខំព្យាយាមស្ដាប់បង្គាប់ព្រះក្នុងជីវិតប្រចាំថ្ងៃ។ ជាឧទាហរណ៍ គាត់ប្រព្រឹត្តដោយប្រុងប្រយ័ត្នចំពោះមនុស្សភេទផ្ទុយ។ (សូមអាន យ៉ូប ៣១:១) ក្នុងនាមជាបុរសដែលបានរៀបការរួចហើយ គាត់ដឹងថាគឺមិនសមត្រឹមត្រូវឲ្យគាត់យកចិត្តទុកដាក់ចំពោះស្ត្រីផ្សេងទៀតក្រៅពីប្រពន្ធរបស់គាត់ក្នុងបំណងមានទំនាក់ទំនងស្នេហាទេ។ សព្វថ្ងៃនេះ យើងរស់នៅក្នុងពិភពលោកដែលតែងតែព្យាយាមទាក់ទាញចិត្តយើងឲ្យចង់រួមភេទ។ ដូចយ៉ូប តើយើងនឹងមិនព្រមបង្ហាញការយកចិត្តទុកដាក់មិនសមរម្យចំពោះបុគ្គលដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួនឬទេ? ម្យ៉ាងទៀត តើយើងនឹងជៀសចេញពីការមើលរូបអាសអាភាសគ្រប់បែបយ៉ាងឬទេ? (ម៉ាថ. ៥:២៨) បើយើងខំព្យាយាមទប់ចិត្តជារៀងរាល់ថ្ងៃ យើងនឹងពង្រឹងកម្លាំងដើម្បីរក្សាចិត្តស្មោះឥតងាករេ។
យើងពង្រឹងកម្លាំងរបស់ខ្លួនដើម្បីរក្សាចិត្តស្មោះឥតងាករេ ដោយមានទស្សនៈត្រឹមត្រូវចំពោះទ្រព្យសម្បត្ដិ (សូមមើលវគ្គ១៤)e
១៤ ទស្សនៈរបស់យ៉ូបចំពោះទ្រព្យសម្បត្ដិក៏បង្ហាញដែរថាគាត់ស្ដាប់បង្គាប់ព្រះយេហូវ៉ា។ យ៉ូបយល់ថាបើគាត់ទុកចិត្តលើទ្រព្យសម្បត្ដិ គាត់នឹងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយសមនឹងទទួលទោស។ (យ៉ូប ៣១:២៤, ២៥, ២៨) សព្វថ្ងៃនេះ យើងរស់នៅក្នុងពិភពលោកមួយដែលឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ។ បើយើងមានទស្សនៈត្រឹមត្រូវចំពោះលុយនិងទ្រព្យសម្បត្ដិដូចដែលគម្ពីរដាស់តឿនយើង យើងនឹងពង្រឹងការតាំងចិត្តរបស់យើងដើម្បីរក្សាចិត្តស្មោះឥតងាករេ។—សុភ. ៣០:៨, ៩; ម៉ាថ. ៦:១៩-២១
យើងពង្រឹងកម្លាំងរបស់ខ្លួនដើម្បីរក្សាចិត្តស្មោះឥតងាករេ ដោយរក្សាសេចក្ដីសង្ឃឹមរបស់យើង (សូមមើលវគ្គ១៥)f
១៥. (ក) តើអ្វីបានជួយយ៉ូបឲ្យរក្សាចិត្តស្មោះឥតងាករេ? (ខ) ហេតុអ្វីការចាំជានិច្ចអំពីសេចក្ដីសង្ឃឹមរបស់យើងអាចជួយយើង?
១៥ យ៉ូបបានរក្សាចិត្តស្មោះឥតងាករេដោយផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមដែលគាត់មាន ដែលថាព្រះនឹងផ្ដល់រង្វាន់ឲ្យគាត់។ គាត់ជឿជាក់ថាព្រះឲ្យតម្លៃចំពោះចិត្តស្មោះរបស់គាត់។ (យ៉ូប ៣១:៦) ទោះជាយ៉ូបរងទុក្ខវេទនាក្ដី គាត់ជឿជាក់ថាព្រះយេហូវ៉ានឹងឲ្យរង្វាន់ដល់គាត់នៅពេលក្រោយមក។ ការជឿជាក់បែបនោះ ប្រាកដជាបានជួយគាត់ឲ្យរក្សាចិត្តស្មោះឥតងាករេ។ ព្រះយេហូវ៉ាពេញចិត្តនឹងយ៉ូបជាខ្លាំងដោយសារគាត់មានចិត្តស្មោះឥតងាករេ ដូច្នេះលោកឲ្យពរជាបរិបូរដល់គាត់ ទោះជាគាត់ជាមនុស្សមិនល្អឥតខ្ចោះក្ដី! (យ៉ូប ៤២:១២-១៧; យ៉ា. ៥:១១) ម្យ៉ាងទៀត យ៉ូបនឹងទទួលពរដ៏អស្ចារ្យជាងនេះទៅទៀតនៅថ្ងៃអនាគត។ តើអ្នកមានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថាព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ឲ្យអ្នកដោយសារអ្នកមានចិត្តស្មោះឥតងាករេឬទេ? ព្រះរបស់យើងមិនបានប្រែប្រួលឡើយ។ (ម៉ាឡ. ៣:៦) បើយើងចាំថាលោកឲ្យតម្លៃចំពោះចិត្តស្មោះរបស់យើង យើងអាចរក្សាសេចក្ដីសង្ឃឹមនៅក្នុងចិត្តរបស់យើងចំពោះអនាគតដ៏អស្ចារ្យ។—១ថែ. ៥:៨, ៩
១៦. តើយើងគួរតាំងចិត្តធ្វើអ្វី?
១៦ ចូរតាំងចិត្តរក្សាចិត្តស្មោះជានិច្ច! ជួនកាល អ្នកប្រហែលជាមានអារម្មណ៍ថាមានតែអ្នកប៉ុណ្ណោះដែលធ្វើដូច្នេះ តែមិនមានតែអ្នកប៉ុណ្ណោះទេ។ អ្នកនឹងនៅក្នុងចំណោមបងប្អូនដ៏ស្មោះត្រង់រាប់លាននាក់នៅទូទាំងពិភពលោកដែលបានរក្សាចិត្តស្មោះឥតងាករេ។ អ្នកក៏នឹងចូលក្នុងក្រុមបុរសស្ត្រីដ៏ស្មោះត្រង់នៅអតីតកាលដែលបានរក្សាភក្ដីភាពចំពោះព្រះ ទោះជាពួកគេស្ថិតក្នុងស្ថានភាពដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតក្ដី។ (ហេ. ១១:៣៦-៣៨; ១២:១) សូមយើងទាំងអស់គ្នាតាំងចិត្តមានរបៀបរស់នៅដែលសមស្របតាមពាក្យរបស់យ៉ូប ពេលដែលគាត់និយាយថា៖ «ខ្ញុំមិនព្រមលះចោល[«ចិត្តស្មោះឥតងាករេ»]»។ យើងចង់ឲ្យចិត្តស្មោះឥតងាករេរបស់យើងនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើងជារៀងរហូត!
ចម្រៀងលេខ១២៤ ចូរមានភក្ដីភាពជានិច្ច
a តើចិត្តស្មោះឥតងាករេមានន័យអ្វី? ពេលអ្នកបម្រើរបស់ព្រះយេហូវ៉ាបង្ហាញចិត្តស្មោះឥតងាករេ ហេតុអ្វីនេះមានតម្លៃចំពោះលោក? ហេតុអ្វីចិត្តស្មោះឥតងាករេគឺសំខាន់ចំពោះយើងម្នាក់ៗ? អត្ថបទនេះនឹងជួយយើងឲ្យរកឃើញចម្លើយពីគម្ពីរចំពោះសំណួរទាំងនេះ។ អត្ថបទនេះក៏នឹងជួយយើងឲ្យយល់ច្បាស់អំពីរបៀបដែលយើងអាចពង្រឹងកម្លាំងដើម្បីយើងអាចរក្សាចិត្តស្មោះឥតងាករេជារៀងរាល់ថ្ងៃ។ ការធ្វើដូច្នេះ នឹងនាំឲ្យយើងទទួលពរជាបរិបូរ។
b ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ឥតខ្ចោះ»សម្រាប់សត្វណាមួយ ជាប់ទាក់ទងនឹងពាក្យ«ចិត្តស្មោះឥតងាករេ»ដែលបានត្រូវប្រើសម្រាប់មនុស្ស។
c ការពណ៌នាអំពីរូបភាព: ក្នុងនាមជាឪពុកវ័យក្មេង យ៉ូបបង្រៀនកូនៗរបស់គាត់អំពីអ្វីៗដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានបង្កើត។
d ការពណ៌នាអំពីរូបភាព: បងប្រុសម្នាក់បដិសេធមិនមើលរូបអាសអាភាសជាមួយនឹងអ្នករួមការងារ។
e ការពណ៌នាអំពីរូបភាព: បងប្រុសម្នាក់ទប់ចិត្តមិនព្រមទិញទូរទស្សន៍ធំនិងថ្លៃដែលគាត់មិនត្រូវការ ហើយដែលហួសពីលទ្ធភាពរបស់គាត់។
f ការពណ៌នាអំពីរូបភាព: បងប្រុសម្នាក់លៃទុកពេលដើម្បីអធិដ្ឋាន ព្រមទាំងរំពឹងគិតអំពីសេចក្ដីសង្ឃឹមរបស់គាត់អំពីសួនឧទ្យាន។