បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១២ ទំ. ១៣-១៧
  • រក្សាចិត្ដស្មោះគ្រប់លក្ខណៈ ដោយមូលហេតុអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រក្សាចិត្ដស្មោះគ្រប់លក្ខណៈ ដោយមូលហេតុអ្វី?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​អ្វី?
  • ១​. ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង និង​ការ​គ្រប់គ្រង​របស់​ព្រះ
  • ២​. ជា​មូលដ្ឋាន​នៃ​ការ​ជំនុំជម្រះ​របស់​ព្រះ
  • ៣​. សំខាន់​ចាំបាច់​សម្រាប់​សេចក្ដី​សង្ឃឹម​របស់​យើង
  • តើអ្នកនឹងកាន់ខ្ជាប់តាមចិត្ដស្មោះគ្រប់លក្ខណៈរបស់អ្នកទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូររក្សាចិត្តស្មោះឥតងាករេ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ចូរដើរដោយមានចិត្ដគ្រប់ល័ក្ខណ៍
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • យើងនឹងប្រព្រឹត្តដោយចិត្តស្មោះគ្រប់លក្ខណៈ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១២ ទំ. ១៣-១៧

រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ដោយ​មូលហេតុ​អ្វី?

​«ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ទ្រង់​ជំនុំ​ជំ​រះ​ទូល​បង្គំ តាម . . . សេចក្ដី​ទៀងត្រង់[«ឬ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ»]​របស់​ទូល​បង្គំ»។—ទំនុក. ៧:៨; ព.ថ.

១, ២​. តើ​មាន​ស្ថានការណ៍​ណាខ្លះ​ដែល​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​ពិបាក​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ?

សូម​ស្រមៃ​គិត​អំពី​ស្ថានការណ៍​បី​យ៉ាង​ផ្សេងៗ​ពី​គ្នា។ សិស្ស​រួម​ថ្នាក់​ខ្លះ​របស់​ក្មេង​ប្រុស​ម្នាក់​កំពុង​តែ​រករឿង​គាត់។ ពួក​គេ​ខំ​ធ្វើ​ឲ្យ​គាត់​ខឹង ប្រហែលជា​ចង់​ឲ្យ​គាត់​និយាយ​ពាក្យ​ជេរ​ប្រមាថ ឬ​ប្រតាយ​ប្រតប់​គ្នា។ តើ​គាត់​នឹង​តប​ត ឬ​ទប់ចិត្ត​ហើយ​ដើរ​ចេញ​ពី​ទី​នោះ? ស្វាមី​នៅ​ផ្ទះ​តែ​ម្នាក់ឯង​ហើយ​កំពុង​តែ​ប្រើ​កុំព្យូទ័រ​ស្វែងរក​ព័ត៌មាន​ខ្លះ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត។ ស្រាប់តែ​ឃើញ​គេហទំព័រ​មួយ​ដែល​ផ្សាយ​អំពី​រឿង​អាស​អាភាស។ តើ​គាត់​មានចិត្ត​ចង់​មើល​គេហទំព័រ​នោះ ឬ​ក៏​បដិសេធ​ជា​ដាច់ខាត? បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​កំពុង​តែ​និយាយ​គ្នា​ជា​មួយ​បង​ស្រី​រួម​ជំនឿ​ខ្លះៗ​ឯ​ទៀត។ ប៉ុន្តែ គេ​និយាយ​អំពី​រឿង​មិន​ល្អ ហើយ​ចាប់ផ្ដើម​និយាយដើម​បង​ស្រី​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ តើ​គាត់​នឹង​ចូល​រួម​ក្នុង​ការ​និយាយដើម​គេ ឬ​ក៏​និយាយ​អំពី​អ្វី​ដែល​ល្អ​វិញ?

២ ទោះ​បើ​ស្ថានការណ៍​ទាំងនោះ​គឺ​ផ្សេង​ពី​គ្នា​ក៏​ពិតមែន ប៉ុន្តែ នៅ​តែ​មាន​លក្ខណៈ​មួយ​ដែល​ដូច​គ្នា។ ស្ថានការណ៍​ទាំងអស់​នោះ​ទាក់ទង​នឹង​ការ​ព្យាយាម​ដើម្បី​រក្សា​ឲ្យ​មានចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​គ្រិស្ត​សាសនិក។ ពេល​ដែល​អ្នកមាន​កង្វល់ សេចក្ដី​ត្រូវការ និង​គោលដៅ​ដែល​បាន​កំណត់​ក្នុង​ជីវិត តើ​អ្នក​គិត​អំពី​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​ខ្លួន​ទេ? រៀង​រាល់​ថ្ងៃ មនុស្ស​គិត​អំពី​អាការ​ក្រៅ​របស់​ខ្លួន សុខភាព ការ​ពិបាក​រកស៊ី​ចិញ្ចឹម​ជីវិត មិត្តភាព​ដែល​ម្ដង​សប្បាយ​ម្ដង​ទុក្ខ ហើយ​ប្រហែលជា​គិត​អំពី​រឿង​ស្នេហា​ផង។ យើង​ប្រហែលជា​គិត​ច្រើន​អំពី​រឿង​បែប​នេះ។ ប៉ុន្តែ ពេល​ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​ចិត្ត​របស់​យើង តើ​អ្វី​សំខាន់​ចំពោះ​ទ្រង់? (ទំនុក. ១៣៩:២៣, ២៤) អ្វី​ដែល​សំខាន់​ចំពោះ​ទ្រង់​គឺ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង។

៣​. តើ​មាន​ជម្រើស​ពិសេស​មួយ​ណា​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​ជ្រើស​រើស? តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ក្នុង​អត្ថបទ​នេះ?

៣ ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ផ្ដល់‹គ្រប់​ទាំង​របស់​ដ៏​ល្អ នឹង​អស់ទាំង​អំណោយទាន​ដ៏​គ្រប់លក្ខណ៍›។ ទ្រង់​បាន​ប្រគល់​ឲ្យ​យើង​ម្នាក់ៗ​មាន​អំណោយ​ទាន​ផ្សេងៗ។ (យ៉ា. ១:១៧) ដោយសារ​ទ្រង់ យើង​មាន​រូប​កាយ ចិត្តគំនិត សុខភាព​ល្អ ព្រម​ទាំង​សមត្ថភាព​ផ្សេងៗ​ទៀត។ (១កូ. ៤:៧) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បង្ខំ​យើង​ឲ្យ​បង្ហាញ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ឡើយ។ ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ជ្រើសរើស​ដោយ​ខ្លួនឯង​ថា យើង​បណ្ដុះ​ឲ្យ​មាន​ឬ​មិន​មាន​លក្ខណៈ​នេះ។ (ចោទិ. ៣០:១៩) បើ​ដូច្នេះ យើង​ត្រូវ​ពិនិត្យ​មើល​ថា តើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​អ្វី? យើង​ក៏​នឹង​ពិចារណា​មូលហេតុ​បី​យ៉ាង​ដែល​ពន្យល់​ថា​លក្ខណៈ​នេះ​គឺ​សំខាន់​ចាំ​បាច់​ណាស់។

តើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​អ្វី?

៤​. តើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​រួម​បញ្ចូល​អ្វីខ្លះ? តើ​យើង​អាច​រៀន​អ្វី​ពី​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​យញ្ញ​បូជា​សត្វ?

៤ មនុស្ស​ជា​ច្រើន​មិន​យល់​ច្បាស់​អំពី​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​អ្វី​ទេ។ ជា​ឧទាហរណ៍ ពេល​អ្នក​នយោបាយ​អួត​អំពី​ចិត្ត​ស្មោះ​របស់​ខ្លួន ជា​ញយ​ដង​ពួក​គេ​សំដៅ​ទៅ​លើ​សេចក្ដី​ទៀង​ត្រង់​របស់​ខ្លួន​វិញ។ សេចក្ដី​ទៀង​ត្រង់​ជា​លក្ខណៈ​សំខាន់​មែន ប៉ុន្តែ​លក្ខណៈ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ចិត្ត​ស្មោះ​ប៉ុណ្ណោះ។ ដូច​បាន​ប្រើ​ក្នុង​គម្ពីរ ចិត្ត​ស្មោះ​រួម​បញ្ចូល​ភាព​គ្រប់​លក្ខណៈ​ខាង​សីលធម៌។ ពាក្យ​ជា​ភាសា​ហេព្រើរ​ដែល​ទាក់ទង​នឹង​«ចិត្ត​ស្មោះ» គឺ​មក​ពី​ពាក្យ​ដែល​មាន​ន័យ​ថា​ត្រឹមត្រូវ គ្រប់​លក្ខណៈ ឬ​ឥត​ខ្ចោះ។ ពាក្យ​មួយ​ក្នុង​ចំណោម​ពាក្យ​ទាំងនេះ ត្រូវ​បាន​ប្រើ​ពេល​ទាក់ទង​នឹង​យញ្ញ​បូជា​ដែល​ត្រូវ​ផ្ដល់​ជូន​ព្រះ​យេហូវ៉ា។ អ្នក​ថ្វាយ​ត្រូវ​តែ​ថ្វាយ​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​ឬ​គ្រប់​លក្ខណៈ ទើបបាន​គាប់ចិត្ត​ទ្រង់។ (សូម​អាន លេវីវិន័យ ២២:១៩, ២០) ព្រះ​យេហូវ៉ា​ស្តី​បន្ទោស​យ៉ាង​ខ្លាំង​អស់អ្នក​ដែល​មើល​ងាយ​ច្បាប់​របស់​ទ្រង់​ដោយ​ថ្វាយ​សត្វ​ខ្ញើច ឈឺ ឬ​ខ្វាក់​ជា​យញ្ញ​បូជា។—ម៉ាឡ. ១:៦​-​៨

៥, ៦​. (ក) តើ​ឧទាហរណ៍​ណាខ្លះ​ដែល​បង្ហាញ​ថា​ជា​រឿយៗ​យើង​ឲ្យ​តម្លៃ​ដល់​អ្វី​ដែល​គ្រប់​លក្ខណៈ​ឬ​ពេញលេញ? (ខ) ស្តី​អំពី​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ តើ​ត្រូវ​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ដើម្បី​មានចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ទេ? សូម​ពន្យល់។

៥ ការ​ស្វែងរក​និង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​គ្រប់​លក្ខណៈ​ឬ​ពេញ​លេញ​មិន​ជា​ការ​ចម្លែក​ឡើយ។ សូម​ស្រមៃ​គិត​ពី​អ្នក​ប្រមូល​សៀវភៅ​ចាស់ៗ​ម្នាក់ បន្ទាប់​ពី​បាន​ចំណាយ​ពេល​យ៉ាង​យូរ គាត់​ក៏​រក​ឃើញ​សៀវភៅ​ដែល​មាន​តម្លៃ​មួយ​ក្បាល។ ស្រាប់តែ​ក្រោយមក គាត់​ឃើញ​ថា​សៀវភៅ​នោះ​បាត់​ទំព័រ​សំខាន់ៗ​មួយ​ចំនួន។ នេះ​ធ្វើ​ឲ្យ​គាត់​ខកចិត្ត ហើយ​ប្រហែល​ជា​គាត់​ដាក់​សៀវភៅ​នោះ​ទៅ​លើ​ធ្នើរ​វិញ។ ឬ​ក៏​សូម​គិត​ក្នុង​ចិត្ត​អំពី​ស្ត្រី​ម្នាក់​ដែល​ទៅ​ផ្សារ​ទិញ​ពងមាន់។ មាន​ពងមាន់​ជា​ច្រើន តែ​តើ​គាត់​នឹង​រើស​យក​ពងមាន់​មួយ​ណា? គឺ​ពិតជា​ពងមាន់​ដែល​ល្អ​ហើយ​គ្មាន​ស្នាម​ប្រេះ។ ស្រ​ដៀង​គ្នា​ដែរ ព្រះ​កំពុង​តែ​ស្វែងរក​មនុស្ស​ដែល​មានចិត្ត​ស្មោះត្រង់​ឬ​គ្រប់​លក្ខណៈ​ចំពោះ​ទ្រង់។—២របា. ១៦:៩

៦ ប្រហែលជា​អ្នក​ឆ្ងល់​ថា តើ​ត្រូវ​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ដើម្បី​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ឬ​ទេ? ដោយសារ​យើង​មាន​ភាព​ខុសឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ យើង​ប្រហែល​ជា​គិត​ថា​ខ្លួន​ដូច​ជា​សៀវភៅ​ដែល​ខ្វះ​ទំព័រ ឬ​ពងមាន់​ដែល​មាន​ស្នាម​ប្រេះ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច​នេះ​ម្ដង​ម្កាល​ទេ? សូម​ជឿជាក់​ថា ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ដាច់ខាត​ឡើយ។ ទ្រង់​មិន​តម្រូវ​អ្វី​លើស​ពី​សមត្ថភាព​របស់​យើង​ទេ។a (ទំនុក. ១០៣:១៤; យ៉ា. ៣:២) យ៉ាង​ណា​ក៏​ដោយ ទ្រង់​តម្រូវ​ឲ្យ​យើង​រក្សា​ចិត្ត​ស្មោះ។ បើ​ដូច្នេះ តើ​ល្អ​ឥត​ខ្ចោះ​និង​ចិត្ត​ស្មោះ​មាន​ភាព​ខុស​គ្នា​ទេ? ពិត​ជា​មាន​មែន។ ជា​ឧទាហរណ៍ បុរស​ម្នាក់​ស្រឡាញ់​ស្ត្រី​ដែល​គាត់​ចង់​រៀប​ការ​ជាមួយ។ គាត់​ពិតជា​មិន​តម្រូវ​ឲ្យ​នាង​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​ទេ។ ក៏​ប៉ុន្តែ គាត់​នឹង​តម្រូវ​ឲ្យ​នាង​ស្រឡាញ់​គាត់​អស់​ពី​ដួង​ចិត្ត ពោល​គឺ​មាន​សេចក្ដី​ស្នេហា​ចំពោះ​គាត់​តែ​ម្នាក់​គត់។ ស្រ​ដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា‹ជា​ព្រះ​ដែល​មាន​សេចក្ដី​ប្រច័ណ្ឌ› ឬ​តម្រូវ​ឲ្យ​យើង​មាន​ភក្ដីភាព​ផ្ដាច់មុខ។ (និក្ខ. ២០:៥) ទ្រង់​មិន​តម្រូវ​ឲ្យ​យើង​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​ទេ តែ​តម្រូវ​ឲ្យ​យើង​ស្រឡាញ់​ទ្រង់​អស់​ពី​ដួង​ចិត្ត ហើយ​ថ្វាយបង្គំ​ទ្រង់​តែ​មួយ​អង្គ​ប៉ុណ្ណោះ។

៧, ៨​. (ក) តើ​ព្រះ​យេស៊ូ​បាន​តាំង​គំរូ​យ៉ាង​ណា​ស្តី​អំពី​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ? (ខ) បើ​គិត​អំពី​កិច្ច​បម្រើ​ព្រះ តើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​មាន​ន័យ​អ្វី?

៧ ប្រហែល​ជា​យើង​នៅ​ចាំ​ចម្លើយ​របស់​ព្រះ​យេស៊ូ ពេល​គេ​សួរ​ទ្រង់​អំពី​ច្បាប់​មួយ​ណា​ដែល​សំខាន់​បំផុត។ (សូម​អាន ម៉ាកុស ១២:២៨​-​៣០) ព្រះ​យេស៊ូ​មិន​គ្រាន់តែ​ផ្ដល់​ចម្លើយ​ប៉ុណ្ណោះ​ទេ តែ​បាន​រស់នៅ​ស្រប​តាម​អ្វី​ដែល​ទ្រង់​បាន​ឆ្លើយ។ ទ្រង់​បាន​តាំង​គំរូ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​អស់ពី​ចិត្ត ពី​ព្រលឹង ពី​គំនិត និង​អស់​អំពី​កម្លាំង។ ទ្រង់​បាន​បង្ហាញ​ថា ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​មិន​សម្ដែង​ដោយ​ពាក្យ​តែ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ប្រព្រឹត្ត​ដែល​ផុស​ពី​បំណង​ចិត្ត​ដ៏​ល្អ។ ដើម្បី​ឲ្យ​យើង​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ នោះ​យើង​ត្រូវ​តែ​កាន់​តាម​លំ​អាន​ដាន​របស់​ព្រះ​យេស៊ូ។—១ពេ. ២:២១

៨ ដូច្នេះ បើ​គិត​អំពី​កិច្ច​បម្រើ​ព្រះ ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​មាន​ន័យ​ថា យើង​មាន​ភក្ដីភាព​ដ៏​អស់​ពី​ដួង​ចិត្ត​ចំពោះ​ព្រះ​យេហូវ៉ា​តែ​មួយ​គត់ ព្រម​ទាំង​ចំពោះ​បំណង​ប្រាថ្នា​និង​គោល​បំណង​របស់​ទ្រង់។ ការ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​មាន​ន័យ​ថា ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ យើង​នឹង​ខំ​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា​មុន​គេ​បង្អស់។ យើង​នឹង​ចាត់​ទុក​អ្វី​ដែល​សំខាន់​ក្នុង​ជីវិត​ទៅ​តាម​ទស្សនៈ​របស់​ទ្រង់។ សូម​ឲ្យ​យើង​ពិចារណា​មូលហេតុ​បី​យ៉ាង​ដែល​ការ​ធ្វើ​ដូច្នេះ​ពិតជា​សំខាន់​ម្ល៉េះ។

១​. ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង និង​ការ​គ្រប់គ្រង​របស់​ព្រះ

៩​. តើ​ចិត្ត​ស្មោះ​របស់​យើង​ទាក់ទង​នឹង​រឿង​ស្តី​អំពី​អ្នក​ណា​មាន​សិទ្ធិ​គ្រប់គ្រង​សកល​លោក​ទាំងមូល​យ៉ាង​ដូច​ម្ដេច?

៩ ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​មិន​ពឹងផ្អែក​ទៅ​លើ​ចិត្ត​ស្មោះ​របស់​យើង​ទេ។ ការ​គ្រប់គ្រង​របស់​ទ្រង់​គឺ​ប្រកប​ដោយ​យុត្ដិធម៌ គ្មាន​ទី​បញ្ចប់ និង​គ្មាន​កំណត់។ មិន​ថា​មនុស្ស​និង​ទេវតា​ណាមួយ​និយាយ ឬ​ធ្វើ​អ្វី​ក៏​ដោយ ការ​គ្រប់គ្រង​របស់​ទ្រង់​នឹង​ស្ថិតស្ថេរ​ដូច​នេះ​រហូត។ ក៏​ប៉ុន្តែ ការ​គ្រប់គ្រង​របស់​ព្រះ​ត្រូវ​បាន​គេ​និយាយ​បង្កាច់​នៅ​ស្ថាន​សួគ៌​និង​ផែនដី​ផង។ យ៉ាង​នេះ គឺ​ចាំ​បាច់​ឲ្យ​មនុស្ស​និង​ទេវតា​ទាំងឡាយ​ទទួល​ស្គាល់​ថា ទ្រង់​មាន​សិទ្ធិ​គ្រប់គ្រង ហើយ​ការ​គ្រប់​គ្រង​របស់​ទ្រង់​គឺ​ត្រឹមត្រូវ ព្រម​ទាំង​ប្រកប​ដោយ​យុត្ដិធម៌ និង​សេចក្ដី​ស្រឡាញ់។ ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ស្វែងរក​ឱកាស​ដើម្បី​និយាយ​ជាមួយ​អស់អ្នក​ដែល​ចង់​ស្ដាប់ អំពី​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ​ទៅ​លើ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត។ ប៉ុន្តែ តើ​យើង​អាច​បង្ហាញ​ថា យើង​គាំទ្រ​ការ​គ្រប់គ្រង​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? តើ​យើង​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​មហាក្សត្រ​របស់​យើង​យ៉ាង​ដូច​ម្ដេច? យើង​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​មហាក្សត្រ​របស់​យើង ដោយ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ។

១០​. ស្តី​អំពី​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​មនុស្ស តើ​អ្វី​ដែល​សាតាំង​បាន​ចោទ​ប្រកាន់? ចំពោះ​ការ​ចោទ​ប្រកាន់​នោះ តើ​អ្នក​ចង់​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

១០ សូម​ពិចារណា​នូវ​របៀប​ដែល​ចិត្ត​ស្មោះ​របស់​អ្នក​ជាប់​ទាក់ទង​នឹង​ការ​គ្រប់គ្រង​របស់​ព្រះ។ បើ​និយាយ​ឲ្យ​ចំ សាតាំង​បាន​អះអាង​ថា គ្មាន​មនុស្ស​ណា​នឹង​គាំទ្រ​ការ​គ្រប់គ្រង​របស់​ព្រះ ហើយ​គ្មាន​នរណា​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​សុខចិត្ត​លះបង់​ប្រយោជន៍​ខ្លួន​ឡើយ។ នៅ​ចំពោះ​បណ្ដា​ទេវតា​ជា​ច្រើន​រូប នោះ​មេ​កំណាច​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​ថា​៖ «ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​នឹង​សុខចិត្ត​លះបង់​ទាំងអស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់នៅ»។ (យ៉ូប ២:៤) សូម​កត់​សម្គាល់​ថា សាតាំង​មិន​គ្រាន់តែ​ចោទ​រឿង​នេះ​ដល់​យ៉ូប​ដែល​ជា​បុរស​ដ៏​សុចរិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដល់​មនុស្ស​ជាតិ​ជា​ទូទៅ​ដែរ។ ដូច្នេះ​ហើយ គម្ពីរ​ហៅ​សាតាំង​ថា​ជា​អ្នក​«ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា»។ (វិវរ. ១២:១០) វា​តិះដៀល​ព្រះ​យេហូវ៉ា​ដោយ​អះអាង​ថា​គ្រិស្ត​សាសនិក ដែល​រួម​ទាំង​រូប​អ្នក​ផ្ទាល់ នឹង​មិន​នៅ​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​ឡើយ។ សាតាំង​អះអាង​ថា អ្នក​នឹង​ក្បត់​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​បាន​ជីវិត​គង់នៅ។ តើ​អ្នកមាន​អារម្មណ៍​យ៉ាង​ណា​ស្តី​អំពី​ការ​ចោទ​ប្រកាន់​របស់​សាតាំង​មក​លើ​អ្នក? អ្នក​ពិតជា​ចង់​មាន​ឱកាស​ដើម្បី​បង្ហាញ​ថា​សាតាំង​ជា​អ្នក​ភូតភរ មែន​ទេ? ដោយ​រក្សា​ឲ្យ​មានចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ នោះ​អ្នក​អាច​បង្ហាញ​ថា​សាតាំង​ជា​អ្នក​ភូតភរ​មែន។

១១, ១២​. (ក) តើ​ឧទាហរណ៍​ណាខ្លះ​បង្ហាញ​ថា របៀប​ដែល​ការ​សម្រេច​ចិត្ត​អំពី​រឿង​ប្រចាំ​ថ្ងៃ ទាក់ទង​នឹង​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង? (ខ) ហេតុ​អ្វី​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​ឯកសិទ្ធិ​មួយ?

១១ យ៉ាង​នេះ ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​អ្នក​ដែល​នាំ​ឲ្យ​មាន​កិរិយា​ប្រព្រឹត្ត និង​ធ្វើការ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ​គឺ​សំខាន់​ណាស់។ សូម​ពិចារណា​ម្ដង​ទៀត​អំពី​ស្ថានការណ៍​បី​យ៉ាង​ដែល​បាន​លើក​នៅ​ដើម​អត្ថ​បទ​នេះ។ តើ​ក្មេង​ប្រុស ស្វាមី និង​បង​ស្រី​នោះ​រក្សា​ឲ្យ​មានចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​យ៉ាង​ដូច​ម្ដេច? ក្មេង​ប្រុស​ដែល​សិស្ស​រួម​ថ្នាក់​កំពុង​តែ​រក​រឿង​នោះ ប្រហែល​ជា​ចង់​បញ្ចេញ​កំហឹង​ដល់​ពួក​គាត់។ ប៉ុន្តែ​គាត់​ចាំ​ការ​ដាស់តឿន​មួយ​នេះ​ដែល​ថា​៖ «ឱ​ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​សងសឹក​ឡើយ ចូរ​ថយ​ចេញពី​សេចក្ដី​កំហឹង​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹ព្រះ​អម្ចាស់ ទ្រង់​មាន​បន្ទូល​ថា ការ​សងសឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ›»។ (រ៉ូម ១២:១៩) ដូច្នេះ គាត់​ដើរ​ចេញពី​សិស្ស​រួម​ថ្នាក់។ ស្វាមី​ដែល​កំពុង​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​អាច​មើល​គេហទំព័រ​ដែល​មាន​រូប​អាសអាភាស​នោះ​បាន។ ក៏​ប៉ុន្តែ គាត់​នឹក​ចាំ​គោលការណ៍​ដែល​យ៉ូប​បាន​ពោល ដែល​ថា​៖ «ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ។ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ​ដោយ​ចាប់​ចិត្ត​បាន»។ (យ៉ូប ៣១:១) ស្រ​ដៀង​គ្នា​ដែរ បុរស​នេះ​មិន​ព្រម​មើល​រូបភាព​ដ៏​អាក្រក់​នោះ​ឡើយ ហើយ​គាត់​បដិសេធ​មិន​មើល​រូបភាព​បែប​នោះ​ដោយ​ទុក​ដូច​ជា​ថ្នាំ​ពុល។ បង​ស្រី​ដែល​កំពុង​តែ​និយាយ​គ្នា​ជាមួយ​បង​ស្រី​រួម​ជំនឿ​ខ្លះ​ទៀត ប្រហែល​ជា​ឮ​ការ​និយាយ​ដើម​គេ តែ​គាត់​ទប់ខ្លួន​ដោយ​នឹក​ចាំ​ការ​ណែនាំ​មួយ​ដែល​ថា​៖ «ត្រូវ​ឲ្យ​យើង​ទាំងអស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិតខាង​ខ្លួន សំ​រាប់​ជា​សេចក្ដី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង»។ (រ៉ូម ១៥:២) ពាក្យ​ដែល​គាត់​បាន​ឮ​នោះ មិន​ស្អាង​ចិត្ត​ទេ​បើ​គាត់​ប្រាប់​ត​ទៅ​អ្នក​ឯ​ទៀត។ ការ​និយាយ​ដើម​គេ​នោះ គឺ​មិន​ល្អ​ចំពោះ​បង​ស្រី​គ្រិស្ត​សាសនិក​របស់​គាត់​ទេ ហើយក៏​មិន​ផ្គាប់ចិត្ត​បិតា​នៅ​ស្ថាន​សួគ៌​ដែរ។ ដូច្នេះ គាត់​សម្រេច​ចិត្ត​មិន​ចូល​រួម​ក្នុង​ការ​និយាយ​ដើម​គេ ហើយ​និយាយ​អំពី​រឿង​ល្អ​វិញ។

១២ ក្នុង​ករណី​នីមួយៗ​នោះ គ្រិស្ត​សាសនិក​ទាំង​បី​នាក់​បាន​សម្រេច​ចិត្ត​ថា ‹ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង់​របស់​ខ្ញុំ។ ស្តី​អំពី​រឿង​នេះ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​អ្វី​ដែល​ទ្រង់​ពេញចិត្ត›។ ពេល​ធ្វើការ​ជ្រើសរើស​និង​ការ​សម្រេច​ចិត្ត តើ​អ្នក​ខំ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញចិត្ត​ដែរ​ទេ? ប្រសិនបើ​អ្នក​ធ្វើ​ដូច្នេះ​មែន នោះ​អ្នក​ពិត​ជា​ធ្វើ​តាម​ពាក្យ​ដែល​ប្រកប​ដោយ​ភាព​កក់​ក្ដៅ ដូច​បាន​កត់​ទុក​ក្នុង​សុភាសិត ២៧:១១ ដែល​ថា​៖ «កូន​អើយ! ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីករាយ​ចុះ! ដើម្បី ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល​តិះ​ដល់​អញ»។ ពិតជា​ឯក​សិទ្ធិ​មែន! ដែល​យើង​អាច​នាំ​ឲ្យ​ព្រះ​មានចិត្ត​រីករាយ។ ការ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ពិតជា​មាន​ប្រយោជន៍ មែន​ទេ?

២​. ជា​មូលដ្ឋាន​នៃ​ការ​ជំនុំជម្រះ​របស់​ព្រះ

១៣​. ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​មូលដ្ឋាន​ដែល​ព្រះ​យេហូវ៉ា​ជំនុំជម្រះ​យើង តើ​ពាក្យ​របស់​យ៉ូប​និង​ដាវីឌ​បង្ហាញ​យ៉ាង​ដូច​ម្ដេច?

១៣ យើង​យល់​ឃើញ​ថា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​នាំ​ឲ្យ​យើង​គាំទ្រ​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ នេះ​ជា​មូលដ្ឋាន​ដែល​ព្រះ​អាច​ជំនុំជម្រះ​យើង។ យ៉ូប​យល់​ច្បាស់​ពី​សច្ចភាព​នៃ​រឿង​នេះ។ (សូម​អាន យ៉ូប ៣១:៦) យ៉ូប​ដឹង​ថា ព្រះ​ថ្លឹង​មនុស្ស​ជាតិ​ទាំង​ឡាយ​ដោយ​«ជញ្ជីង​ត្រឹមត្រូវ» ហើយ​ប្រើ​យុត្ដិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់​ដើម្បី​ជ្រាប​ថា យើង​រក្សា​ឬ​មិន​រក្សា​ចិត្ត​ស្មោះ​របស់​យើង។ ស្រ​ដៀង​គ្នា​ដែរ ដាវីឌ​មាន​ប្រសាសន៍​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​តែង​ជំនុំ​ជំ​រះ​បណ្ដា​ជន​ទាំងឡាយ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ទ្រង់​ជំនុំ​ជំ​រះ​ទូល​បង្គំ តាម​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទៀងត្រង់​របស់​ទូល​បង្គំ​ផង . . . ដ្បិត​ព្រះ​ដ៏​សុចរិត​ទ្រង់​សាក​ល​ចិត្ត​ថ្លើម»។ (ទំនុក. ៧:៨, ៩) យើង​ដឹង​ថា​ព្រះ​អាច​មើល​ក្នុង​ជម្រៅ​ចិត្ត​របស់​យើង ពោល​គឺ​«ចិត្តថ្លើម»​របស់​យើង​តែ​ម្ដង។ ប៉ុន្តែ យើង​ត្រូវ​តែ​ចង​ចាំ​អំពី​អ្វី​ដែល​ទ្រង់​ខំ​ស្វែងរក។ ព្រះ​យេហូវ៉ា​ជំនុំជម្រះ​យើង​យោង​ទៅ​តាម​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង ដូច​ដាវីឌ​បាន​មាន​ប្រសាសន៍។

១៤​. ហេតុ​អ្វី​យើង​មិន​គួរ​ស្មានថា ភាព​មិន​ល្អ​ឥត​ខ្ចោះ​បង្ការ​យើង​ពី​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ?

១៤ សូម​ស្រមៃ​គិត​ថា​ព្រះ​យេហូវ៉ា​កំពុង​តែ​ស្ទង់​ចិត្ត​មនុស្ស​ជាតិ​រាប់​ពាន់​លាន​នាក់​សព្វថ្ងៃ​នេះ។ (១របា. ២៨:៩) តើ​ទ្រង់​ឃើញ​មនុស្ស​ច្រើន​កំពុង​តែ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​ទេ? ពិតជា​កម្រ​មាន​ណាស់! យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​ស្មានថា ភាព​មិន​ល្អ​ឥត​ខ្ចោះ​បង្ការ​យើង​ពី​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ឡើយ។ ផ្ទុយ​ទៅ​វិញ ដូច​ដាវីឌ​និង​យ៉ូប យើង​មាន​មូល​ហេតុ​ល្អ​ដើម្បី​ទុកចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ឃើញ​ថា​យើង​ជា​មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ទោះ​បើ​យើង​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ។ សូម​ចាំ​ថា ភាព​ល្អ​ឥត​ខ្ចោះ​មិន​ធានា​ថា​យើង​នឹង​រក្សា​ឲ្យ​មានចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ឡើយ។ មាន​តែ​មនុស្ស​ល្អ​ឥត​ខ្ចោះ​បី​នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់​រស់នៅ​ផែនដី ហើយ​ពីរ​នាក់ ពោល​គឺ​អ័ដាម​និង​អេវ៉ា​មិន​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ទេ។ យ៉ាង​ណា​ក៏​ដោយ មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​រាប់​លាន​នាក់​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ។ អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។

៣​. សំខាន់​ចាំបាច់​សម្រាប់​សេចក្ដី​សង្ឃឹម​របស់​យើង

១៥​. ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​គឺ​ចាំបាច់​សម្រាប់​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​អនាគត តើ​ដាវីឌ​បាន​បង្ហាញ​យ៉ាង​ណា?

១៥ ដោយសារ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​មូលដ្ឋាន​នៃ​ការ​ជំនុំ​ជម្រះ​របស់​ព្រះ នោះ​ចិត្ត​ស្មោះ​គឺ​សំខាន់​ចាំបាច់​សម្រាប់​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​អនាគត។ ដាវីឌ​យល់​នូវ​សច្ចភាព​នៃ​ចំណុច​នេះ។ (សូម​អាន ទំនុកដំកើង ៤១:១២) ចំពោះ​សេចក្ដី​សង្ឃឹម​ថា​ព្រះ​យក​ចិត្ត​ទុកដាក់​នឹង​គាត់​ជា​រៀង​រហូត គឺជា​អ្វី​ដែល​ដាវីឌ​ចាត់​ទុក​ថា​មាន​តម្លៃ​ណាស់។ ដាវីឌ​សង្ឃឹម​ថា​នឹង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​ចូល​កាន់តែ​ជិត​ព្រះ​យេហូវ៉ា​ក្នុង​កាល​ដែល​បម្រើ​ទ្រង់ ដូច​គ្រិស្ត​សាសនិក​ពិត​សព្វថ្ងៃ​នេះ​ដែរ។ ដាវីឌ​យល់​ឃើញ​ថា ខ្លួន​ត្រូវ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ទើប​សេចក្ដី​សង្ឃឹម​នោះ​នឹង​សម្រេច​បាន។ ស្រ​ដៀង​គ្នា​ដែរ នៅ​ពេល​ដែល​យើង​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ នោះ​ព្រះ​យេហូវ៉ា​នឹង​គាំទ្រ​យើង បង្រៀន ណែនាំ និង​ផ្ដល់​ពរ​ឲ្យ​យើង។

១៦, ១៧​. (ក) ហេតុ​អ្វី​បានជា​អ្នក​តាំងចិត្ត​កាន់ខ្ជាប់​តាម​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​អ្នកជា​និច្ច? (ខ) តើ​អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ណាខ្លះ?

១៦ សេចក្ដី​សង្ឃឹម​គឺ​សំខាន់​ចាំបាច់​ដើម្បី​ឲ្យ​យើង​មាន​សុភមង្គល​សព្វ​ថ្ងៃ​នេះ។ នេះ​គឺ​ដោយ​សារ​សេចក្ដី​សង្ឃឹម​ដែល​អាច​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​ពេល​យើង​ជួប​ប្រទះ​នឹង​គ្រា​លំបាក។ ណាមួយ​ទៀត សេចក្ដី​សង្ឃឹម​អាច​ការពារ​គំនិត​របស់​យើង​ដែរ។ គម្ពីរ​ប្រៀប​សេចក្ដី​សង្ឃឹម​ទៅ​នឹង​មួក​សឹក។ (១ថែ. ៥:៨) ដូច​ជា​មួក​សឹក​ការពារ​ក្បាល​របស់​ទាហាន​ក្នុង​ចម្បាំង នោះ​សេចក្ដី​សង្ឃឹម​ការពារ​ចិត្ត​គំនិត​របស់​យើង​ពី​គំនិត​អាក្រក់​ដែល​សាតាំង​បាន​តម្កើង​ក្នុង​ពិភព​លោក​នេះ។ ជីវិត​នឹង​គ្មាន​ន័យ​ខ្លឹមសារ​បើ​យើង​មិន​មាន​សេចក្ដី​សង្ឃឹម។ យើង​ត្រូវ​ពិនិត្យ​មើល​ខ្លួន​ឯង​ដោយ​ស្មោះ និង​យក​ចិត្ត​ទុកដាក់ ថា​តើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​និង​សេចក្ដី​សង្ឃឹម​របស់​យើង​ខ្លាំង​ប៉ុណ្ណា? សូម​នឹក​ចាំ​រហូត​ថា ដោយ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ នោះ​អ្នក​នឹង​គាំទ្រ​ការ​គ្រប់​គ្រង់​របស់​ព្រះ​យេហូវ៉ា និង​ការពារ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​របស់​អ្នក​ចំពោះ​អនាគត។ សូម​ឲ្យ​អ្នក​កាន់​ខ្ជាប់​តាម​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​អ្នកជា​និច្ច!

១៧ ដោយសារ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​គឺ​សំខាន់​ដល់​ម្ល៉េះ នោះ​យើង​ត្រូវ​ពិចារណា​សំណួរ​ថែម​ទៀត។ តើ​យើង​អាច​បណ្ដុះ​ឲ្យ​មានចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​យ៉ាង​ដូច​ម្ដេច? តើ​យើង​អាច​រក្សា​ឲ្យ​មានចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​យ៉ាង​ដូច​ម្ដេច? ណាមួយ​ទៀត បើ​បុគ្គល​ម្នាក់​មិន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​អស់​មួយ​រយៈ តើ​គាត់​អាច​ធ្វើ​អ្វី? អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ទាំងនេះ។

[កំណត់​សម្គាល់]

a ពិតមែន ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់លក្ខណ៍ ដូច​ជា​ព្រះ​វរបិតា​នៃ​អ្នក ដែល​គង់នៅ​ស្ថាន​សួគ៌ ទ្រង់​គ្រប់លក្ខណ៍​ដែរ»។ (ម៉ាថ. ៥:៤៨) តាម​មើល​ទៅ ទ្រង់​យល់​ថា​សូម្បី​តែ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​អាច​ទៅ​ជា​គ្រប់​លក្ខណៈ ឬ​ល្អ​ឥត​ខ្ចោះ​ក្នុង​មួយ​កម្រិត​មែន។ យើង​អាច​ធ្វើ​តាម​សេចក្ដី​បង្គាប់​ដែល​ប្រាប់​ថា​ឲ្យ​ស្រឡាញ់​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​សទ្ធា ហើយ​ជា​លទ្ធផល​ព្រះ​ក៏​ពេញចិត្ត​នឹង​យើង។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​គឺ​ល្អ​ឥត​ខ្ចោះ​បំផុត។ ពេល​ទាក់ទង​នឹង​ព្រះ​យេហូវ៉ា ពាក្យ​«ចិត្ត​ស្មោះ» ក៏​រួម​បញ្ចូល​ភាព​ល្អ​ឥត​ខ្ចោះ​ផង​ដែរ។—ទំនុក. ១៨:៣០

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​អ្វី?

• តើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ទាក់ទង​នឹង​រឿង​ស្តី​អំពី​អ្នក​ណា​ដែល​មាន​សិទ្ធិ​គ្រប់គ្រង​សកល​លោក​ទាំងមូល​យ៉ាង​ដូច​ម្ដេច?

• តើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​នាំ​យើង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​១៥]

ជីវិត​ប្រចាំ​ថ្ងៃ​នាំ​ឲ្យ​យើង​ពិបាក​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក